កូនប្រុសរបស់អ្នកនាង កែវ ពេជ្រចិន្តា សូមបួសសងគុណម្តាយនៅថ្ងៃខួបកំណើត

ចាត់ជារឿងគួរអនុមោទនា និង កោតសរសើរកូនប្រុសរបស់អ្នកនាង កែវ ពេជ្រចិន្តា ដែលមានចិត្តលំឱន​ចូល​ក្នុងព្រះរតនត្រ័យដែលជាសាសនាប្រចាំជាតិនិងមានអាយុកាលរាប់ពាន់ឆ្នាំដើម្បីសាបព្រោះបណ្តុះពូជបុណ្យទុក​ក្នុងចិត្តសន្តាន និង តបស្នងសងគុណម្តាយដែលបាន​បង្កើតខ្លួនឲ្យឃើញ​ពន្លឺថ្ងៃ​ក្នុងលោក ។

សូមអានសំណេររបស់អ្នកនាង កែវ ពេជ្រចិន្តា ដែលបង្ហាញអារម្មណ៍របស់ខ្លួននៅពេល​ដឹងថាកូនចង់សាងផ្អួសដើម្បីសងគុណ ។

ព្រះតេជគុណ Chhun Bann បានសរសេរកំណាព្យចំពោះការបួសនេះយ៉ាងគួរឲ្យជក់ចិត្ត

ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ

I. ទឹកភ្នែកម្តាយហូរឭសូរវាចា ​ កូនប្រុសជ្រះថ្លា ក្នុងពុទ្ធសាសនាប្រាថ្នាសាងផ្នួស វ័យវឌ្ឍនាការធម៌អាថ៌សង្គ្រោះ តបគុណព្រះរស់ ធម្មទានរៀនឆ្ពោះគុណត្រៃរតនា។

II. ញាតិកោរកេសាជ្រះថ្លាអន័គ្ឃ ក្នុងថ្នាលពុទ្ធចក្រ ឥន្ទ្រិយ៍គ្រប់ថ្នាក់ស្ម័គ្រត្រៃសិក្ខា នាគតូចកូនម្តាយនិស្ស័យទេវតា លើកយសគ្រួសារ សង្គ្រោះមាតាចាកកម្មវេរា ។

R. ដៃម៉ែកាន់ផ្កាកេសាទូលត្រៃ បុញ្ញសម័យ បានភ្ជាប់និស្ស័យនិងព្រះភគវា នាមជាធម្មញាតិឥតឃ្លាតសទ្ធា ឱនកាយវន្ទា អានិសង្សបព្វជ្ជាសួគ៌ាសម្បត្តិ។

III. ទឹកភ្នែកម្តាយហូរឮកូនវន្ទា យល់ព្រះឧបជ្ឈាយ៍ គ្រងកាយបុត្រភ្ងាដោយទង់អរហត្ត ល្អដូចសាវ័កនៃព្រះឆោមក្សត្រ បាបធម៌ប្រឹងកាត់ ផលផ្នួសនាំសត្វដល់និព្វានហោង ។

សមដូចពុទ្ធភាសិតថា

និមិត្តំ សាធុរូបានំ កតញ្ញូកតវេទិតា ។

កតញ្ញូនិងកតវេទីជានិមិត្តរូបនៃមនុស្សល្អ ។

កូនប្រុសរបស់អ្នកនាង កែវ ពេជ្រចិន្តាចាត់ជាមនុស្សល្អតាមពុទ្ធភាសិតនេះ ព្រោះមាននិស្ស័យដុះ​ចេញតាំង​ពីកុមារភាព ដែលគួរលើកសរសើរនៅទីនេះ ។

សូមឲ្យបុណ្យកុសលដែលសាមណេរបានសាងផ្នួសនេះកើតជាអានិសង្សរំដោះកម្មពៀរវេរារបស់ញោមស្រីរបស់សាមណេរដូចសេចក្តីប្រាថ្នាកុំបីខាន ។

 

អត្ថបទដោយព្រះមហាភិរម្យ មហា ៨ ប្រយោគ

180 total views, 3 views today

Facebook Comments