គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា ១

ប្រទេសខ្មែរមានបាវចនាថា ជាតិ សាសនា​ ព្រះមហាក្សត្រ បណ្តាបាវចនាទាំង ៣ យ៉ាងនេះ ព្រះពុទ្ធសាសនាជាគោលជំនឿរបស់ប្រទេសជាតិ ហេតុនោះ​ ពលរដ្ឋគួរសិក្សាឈ្វេងយល់ថា ខ្លួនមានគោលជំនឿបែបណា និង គួរបដិបត្តិបែបណាតាមបាវចនារបស់ប្រទេសជាតិខ្លួនដើម្បីកែប្រែខ្លួនជាពលរដ្ឋរបស់ប្រទេសមួយដែលមានគោលជំនឿច្បាស់លាស់ដូចយ៉ាងជាតិសាសន៍ដទៃលើលោក ។

គោលជំនឿរបស់ប្រទេសជាតិមាន ៦ យ៉ាង គឺ

១.សាស្តា ពុទ្ធសាសនិកជនខ្មែរទទួលយកព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាស្ថាបនិកព្រះពុទ្ធសាសនាដោយពោលវាចាទទួលយកថា ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាម្ចាស់ថាជាទីពឹងទីរលឹក ។

២.សាសនធម៌ ទទួលស្គាល់ពាក្យប្រាមប្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ថាជាសច្ចធម៌ដែលគួរគោរព សក្ការៈ បូជា ដោយពោលវាចាទទួលយកថា ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះធម៌​ថាជា​ទីពឹង​ទីរលឹក ។

៣.សាសនបុគ្គល ទទួលស្គាល់ព្រះសង្ឃសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ថាជាអរិយបុគ្គល គឺ បុគ្គលល្អប្រសើរខាងសីលធម៌ ចរិយធម៌ ទាំងប្រកបដោយអង្គវិជ្ជាដែលគួរគោរព បូជា ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋ និងពោលវាចាទទួលយកថា សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះសង្ឃថាជាទីពឹងទីរលឹក ។

៤.សាសនស្ថាន ឧបត្ថម្ភ ជ្រោមជ្រែងទីកន្លែងសាសនា គឺ វត្តអារាម ដោយការធ្វើវិភាគទានកសាង ឬ ជួសជុលរហូតដល់ក្លាយជាសម្បត្តិសាសនានិងប្រទេសជាតិ ។

៥.សាសនវត្ថុ  គិត ផលិត ធ្វើ​ កសាង ឬ ទំនុកបម្រុង ផ្ចុងផ្តើមថាវរវត្ថុក្នុងសាសនា ដូចជា សាងព្រះពុទ្ធរូប ចម្លាក់ ចេតិយ ព្រះត្រៃបិដក ឬ សម្ភារវត្ថុណា ៗ ដែលទាក់ទងនឹងជំនឿសាសនាដែលខ្លួនគោរព បូជា លើកតម្កើង និង ឲ្យតម្លៃ ។

៦.សាសនពិធី  ចូលរួមពិធីកម្មខាងសាសនាយ៉ាងសស្រាក់សស្រាំរហូតដល់ក្លាយជាទំនៀមទម្លាប់ ប្រពៃណី របស់ប្រទេសជាតិជារៀងរហូតមក

ឃើញថា គោលជំនឿទាំង ៦ ប្រការនេះ ពលរដ្ឋខ្មែរគួរសិក្សាឈ្វេងយល់ និង ចងចាំទុកក្នុងចិត្តសម្រាប់ការបដិបត្តិរបស់ខ្លួនឯងផង និង សម្រាប់ជម្រាបប្រាប់ដល់ជនដទៃដែលត្រូវការចង់ដឹងថា ខ្មែរមានគោលជំនឿសាសនាបែបណាផង ។

នៅថ្ងៃទី ១០ ឧសភា ២០១៧ នេះ នឹងមានពិធីកម្មខាងសាសនាមួយ ហៅថា បុណ្យវិសាខបូជា ។

ដើម្បីចូលរួមចំណែកក្នុងការសិក្សាឈ្វេងយល់គោលជំនឿព្រះពុទ្ធសាសនា នឹងធ្វើបំណកស្រាយបុណ្យវិសាខបូជានេះដោយពិស្តារដូចតទៅ

ពាក្យថា “បុណ្យវិសាខបូជា”​ អានថា បុណ្យ-វិសាខៈ-បូជា ឬ “បុណ្យពិសាខបូជា” អានថា​ បុណ្យ-ពិសាខ-បូជា  ជាឈ្មោះសាសនពិធីមួយក្នុងព្រះពុទ្ធសាសនា ដែលនិយាយអំពីដំណើរជីវិត ៣ ដំណាក់កាលរបស់ស្ថាបនិកព្រះពុទ្ធសាសនា គឺ ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វាន មានន័យថា ថ្ងៃប្រសូត គឺ ថ្ងៃកើតរូបរាងជាមនុស្សដែលមានឈ្មោះក្នុងប្រវត្តិសាស្រ្តថា សិទ្ធត្ថៈ  ថ្ងៃត្រាស់ដឹង គឺ ថ្ងៃរកឃើញសាសនធម៌ ដែលហៅថាថ្ងៃទទួលងារជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ និង ថ្ងៃបរិនិព្វាន គឺ ថ្ងៃស្លាប់មុនគ្រិស្តសករាជ ៥៤៤ ឆ្នាំ ។

ចម្ងល់នៅត្រង់ថា វិសាខៈពិសាខ គឺ អ្វី? បូជា គឺ អ្វី?

វិសាខៈពិសាខ ជាឈ្មោះខែទី ៦ ខាងចន្ទគតិ ដោយរាប់ពីខែមិគសិរជាខែទី ១ និង កត្តិក ជាខែទី ១២ ថា មិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខ ជេស្ឋ អាសាឍ ស្រាពណ៍ ភទ្របទ អស្សុជ កត្តិក ធៀបនឹងខែខាងសុរិយគតិថា មិគសិរ = ធ្នូ បុស្ស = មករា មាឃ = កុម្ភៈ ផល្គុន = មីនា ចែត្រ = មេសា ពិសាខ = ឧសភា ជេស្ឋ = មិថុនា អាសាឍ = កក្កដា ស្រាពណ៍ = សីហា ភទ្របទ = កញ្ញា អស្សុជ = តុលា កត្តិក = វិច្ឆិកា សម្តែងថា ខែពិសាខខាងចន្ទគតិ ស្មើនឹងខែឧសភាខាងសុរិយគតិ ។

ពាក្យថា បូជា សំដៅដល់ គោរព សក្ការៈ និង បដិបត្តិក្នុងថ្ងៃ ១៥ កើតខែពិសាខ ។

សរុបពាក្យថា បុណ្យវិសាខបូជាបុណ្យពិសាខបូជា សំដៅដល់ ពិធីបុណ្យដែលពុទ្ធសាសនិកជនគោរព សក្ការៈ និង បដិបត្តិនៅថ្ងៃ ១៥ កើតខែ ៦​ ខាងចន្ទគតិ ។

ម្យ៉ាងទៀត ថ្ងៃពេញបូរមី ឬ ថ្ងៃពេញបូណ៌ សំដៅដល់ ថ្ងៃ ១៥ កើត នុះឯង ។

សង្កេតឃើញថា ថ្ងៃ ៣ ស្ថិតក្នុងខែតែ ១ គឺ ថ្ងៃកើត ថ្ងៃយល់ និង ថ្ងៃស្លាប់ ស្ថិតក្នុងខែពិសាខដូចគ្នា​ ចាត់ទុកថាជា ថ្ងៃអស្ចារ្យមួយសម្រាប់អច្ឆរិយបុគ្គលរបស់ព្រះពុទ្ធសាសនា​ គឺ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដែលខុសប្លែកពីមនុស្សទូទៅដែលច្រើនតែថ្ងៃកើត ថ្ងៃរៀនចប់ ថ្ងៃទទួលងារ ឬ ថ្ងៃទទួលសញ្ញាបត្រ និង ថ្ងៃស្លាប់មិនដូចគ្នាក្នុងខែតែមួយ ជួនកាលថ្ងៃដូចគ្នា តែខែខុសគ្នា​ ឬ ជួលកាល ខែដូចគ្នា តែថ្ងៃខុសគ្នា ។

សារៈសំខាន់នៃបុណ្យវិសាខបូជា

ថ្ងៃពិសាខបូជានេះមិនត្រឹមតែពុទ្ធសាសនិកជនគោរព សក្ការៈ បូជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានអង្គការសហប្រជាជាតិគោរព សក្ការៈ បូជាថែមទៀតទាំងអង្គការសហប្រជាជាតិក៏បានទទួលស្គាល់ថ្ងៃវិសាខបូជានេះនៅថ្ងៃទី ១៣ ធ្នូ ១៩៩៩ ថាជាថ្ងៃបុណ្យអន្តរជាតិដែលរដ្ឋសមាជិកត្រូវប្រារព្ធធ្វើរាល់ឆ្នាំតាមទីស្នាក់ការអង្គការសហប្រជាជាតិ  ។

ថ្ងៃវិសាខបូជាសឹងក្លាយជាថ្ងៃពេញនិយមទៅហើយសម្រាប់ប្រជាជនទូទាំងសកលលោកដែលតែងតែប្រារព្ធធ្វើយ៉ាងស្រុះស្របគ្នានៅថ្ងៃ ១៥ កើតខែពិសាខរហូតដល់ហៅថ្ងៃនេះថា The Buddha Day ថ្ងៃព្រះពុទ្ធ  ។

សារៈសំខាន់ និង អច្ឆរិយភាពនៃថ្ងៃនេះ គឺ ការចូលរួមចំណែក គោរព សក្ការៈ បូជាតាមសាសនស្ថានដែលស្ថិតនៅក្បែរខាងបំផុត ។

ការចូលរួមញ៉ាំងបរិយាកាសនៃបុណ្យពិសាខបូជានេះឲ្យគគ្រឹកគគ្រេងឡើង ឈ្មោះថា ចូលរួមបដិបត្តិសាសនធម៌ ព្រោះជាការអប់រំចម្រើនសាមគ្គីធម៌ក្នុងចំណោមមនុស្សភូមិផងរបងជាមួយ ។

ទោះបីហេតុការណ៍ក្នុងថ្ងៃវិសាខបូជាសំខាន់និងអស្ចារ្យយ៉ាងណា ប៉ុន្តែខ្លឹមសារនៅត្រង់ថា​ អ្នកចូលរួមបានទទួលប្រយោជន៍អ្វីខ្លះទាំងផ្នែកនាមធម៌ និង រូបធម៌

ផ្នែកនាមធម៌ ដូចជា យល់ដឹងដំណើរជីវិតរបស់ស្ថាបនិកព្រះពុទ្ធសាសនាថា មានជីវិតរស់នៅបែបណា បានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯង សម្រាប់សាច់ញាតិ  សម្រាប់សត្វលោក និង បានសមាទានសីល បដិបត្តិភាវនាក្នុងសាសនស្ថានដែលខ្លួនចូលរួម

ផ្នែករូបធម៌ ដូចជា ធ្វើបុណ្យដាក់ទាន និង បានទទួលវត្ថុអនុសាវរីយ៍ទាក់ទងនឹងថ្ងៃវិសាខបូជា មាន សៀវភៅទាក់ទងនឹងខ្សែជីវិតរបស់ស្ថាបនិកព្រះពុទ្ធសាសនាជាដើម

ម្យ៉ាងទៀត  អត្ថន័យស៊ីជម្រៅដែលផ្សាភ្ជាប់នឹងហេតុការណ៍ទំាង ៣ នោះ  គឺ ការរំលឹកដាស់តឿនចិត្តពុទ្ធសាសនិកជនឲ្យរលឹកនឹកដល់គោលធម៌ដែលព្រះបរមសាស្តាបានសម្តែងទុកហើយធ្វើការបូជាដោយការបដិបត្តិ ។  ព្រះពុទ្ធជាម្ចាស់ត្រាស់ដល់ “អាមិសបូជា”  គឺ ការបូជាដោយទេយ្យវត្ថុ ដូចជា ធូប ទៀន ផ្កា និង អាហារវត្ថុ ជាដើម និង ត្រាស់ដល់ “បដិបត្តិបូជា”  គឺ ការបូជាដោយការបដិបត្តិសាសនធម៌ ដែលចាត់ទុកថាជាការបូជាយ៉ាងខ្ពង់ខ្ពស់ទាំងមានសារៈសំខាន់ចំពោះអ្នកបដិបត្តិផងចំពោះសន្តិសុខសង្គមផង លើសពីនោះទៀត គឺ ការបន្តអាយុព្រះពុទ្ធសាសនាឲ្យស្ថិតស្ថេរចេរកាលតទៅ  ព្រោះថា បើបដិបត្តិបូជាមាន អាមិសបូជាក៏មាន ទាំង ២ យ៉ាងជាកម្លាំងជ្រោមជ្រែងគ្នានិងគ្នា  ផ្ទុយទៅវិញ បើគ្មានបដិបត្តិបូជាទេ អាមិសបូជាក៏គ្មានន័យអ្វីដែរ ។

ទស្សនគតិស្តីពីដំណើរជីវិតរបស់ព្រះបរមសាស្ដា

ការប្រសូត បានដាស់តឿនរំលឹកថា មនុស្សគ្រប់រូប បើទុកជាចាប់ផ្ដើមដោយដើមកំណើតជាមនុស្សដូចគ្នាក៏ដោយ ប៉ុន្តែបន្ទាប់ពីចំណាប់ផ្ដើមនោះ ក៏​បង្ហាញភាពជាបុគ្គលអាចហ្វឹកហាត់ អប់រំ អភិវឌ្ឍខ្លួនឲ្យដល់គោលដៅខ្ពង់ខ្ពស់បាន ពោលគឺ អាចហាត់ពត់លត់ដំខ្លួនទាំងផ្នែកសីលធម៌ ចរិយធម៌ទាំងផ្នែកអង្គវិជ្ជាការបានដោយអាស្រ័យសេចក្ដីព្យាយាមត្រូវ សិក្សាឈ្វេងយល់សភាពធម្មតារបស់ជីវិត​និងសង្គមរហូតដល់ថ្នាក់យល់ឃើញត្រូវ ពាល់ត្រូវដំណើរជីវិតសត្វលោកតាមសេចក្តីពិត ហើយក៏ចេញស្វែងរកឬពិសោធសេចក្តីពិតនោះតាមរយៈការលះបង់ផ្ទះសម្បែងចេញបួសរៀនរហូតដល់ក្លាយជាបុគ្គលជោគជ័យ ឬ បុគ្គលគម្រូសម្រាប់ពុទ្ធសាសនិកជនជំនាន់ក្រោយយកតម្រាប់តាម ឬ បដិបត្តិតាមជារៀងរហូតមក  ដែលយើងហៅថា ព្រះអង្គជាសាស្តាស្ថាបនិកនៃទេវតានិងមនុស្សទាំងពួងដែលជាគ្រឿងនាំមកនូវប្រយោជន៍សុខទាំងចំពោះព្រះអង្គឯង សាច់ញាតិ និង សត្វលោក  ។

ការប្រសូតរបស់ព្រះអង្គបង្រៀនយើងថា មនុស្សគ្រប់រូបអាចហ្វឹកហាត់ អភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សប្រសើរ ឬ បុគ្គលជៅគជ័យបានដោយសេចក្តីព្យាយាមត្រូវតាមកាលៈទេសៈដែលខ្លួនពាក់ព័ន្ធសមដូចព្រះពុទ្ធជាម្ចាស់ត្រាស់ថា វីរិយេន ទុក្ខមច្ចេតិ មនុស្សគ្រប់រូបអាចឆ្លងផុតបញ្ហាជីវិតបានដោយសេចក្តីព្យាយាមត្រូវរបស់ខ្លួន ។

ការត្រាស់ដឹង បានដាស់តឿនរំលឹកថា ជោគជ័យ ឬ វត្ថុបំណងដែលទទួលបានមិនមែនអាស្រ័យលើព្រះអាទិទេពអង្គណាមួយបណ្តាលឲ្យសម្រេចនោះទេ ប៉ុន្តែ​អាស្រ័យលើសេចក្ដីព្យាយាមត្រូវនិងសតិបញ្ញារបស់ខ្លួនឯង  ទាំងជោគជ័យដែលទទួលបាននោះមិនមែនសម្រាប់ផ្តេកផ្តួលយកសេចក្ដីសុខផ្ទាល់ខ្លួនទេ ប៉ុន្តែប្រើជោគជ័យនោះដើម្បីផ្តល់សេចក្តីសុខដល់អ្នកដទៃផង ចំណេះដឹង (បញ្ញា) សីលធម៌(វិសុទ្ធិ) សង្គហធម៌ (មហាការុញ្ញ)ដែលព្រះអង្គបានទទួលពីពោធិញាណនោះ ញុំាងឲ្យព្រះអង្គក្លាយជាសុក្រិតជនដែលនាំមកនូវប្រយោជន៍សុខដល់មនុស្សលោក  ពោលគឺ ធ្វើឲ្យព្រះរាជកុមារសិទ្ធត្ថ:ដែលជាមនុស្សបុថុជ្ជនក្លាយជាព្រះពុទ្ធជាម្ចាស់ឡើងក្នុងលោក ។

ពុទ្ធុប្បាទ គឺ ការកើតឡើងនៃព្រះពុទ្ធអង្គធ្វើឲ្យសាសនធម៌ប្រាកដឡើងក្នុងលោក កាលសាសនធម៌ប្រាកដឡើងហើយ ក៏រីកសាយភាយទៅបំភ្លឺផ្លូវដំណើរជីវិតរបស់ជនដទៃ​ ដឹកនាំគេឲ្យស្គាល់ប្រយោជន៍សុខនិងការរស់នៅរួមគ្នាយ៉ាងសុខដុមរមនា ។ ម្យ៉ាងទៀត ព្រះពុទ្ធជាម្ចាស់ត្រាស់ថា វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា កើតជាមនុស្សត្រូវព្យាយាមពុះពារលុះត្រាតែសម្រេចវត្ថុបំណង ពុទ្ធតម្រាស់នេះបានឆ្លុះបញ្ចាំងពីបទពិសោធន៍ជីវិតដែលព្រះអង្គបានឆ្លងកាត់តាមរយៈការសិក្សារៀនសូធ្យនៅក្នុងសាលា ការចេញសាងផ្នួសស្វែងរកមោក្ខធម៌ ហើយចុងក្រោយ គឺ ការធ្វើទុក្ករកិរិយាដោយពំនុះពំនាមោះមុតស្ទើរផុតរលត់ជីវិតរយៈពេល ៦ ឆ្នាំ   នៅពេលសម្រេចវត្ថុបំណង គឺ ពោធិញាណហើយ ព្រះអង្គក៏បានធ្វើមុខងារមួយទៀត គឺ ធ្វើជាគ្រូបង្រៀននាំយកចំណេះដឹង សីលធម៌ និង សង្គហធម៌ដែលព្រះអង្គត្រាស់ដឹងទៅអប់រំ ទូន្មាន ប្រៀនប្រដៅសង្គមឲ្យទទួលបានអ្វីដែលព្រះអង្គរកឃើញនោះ ព្រះអង្គត្រូវតស៊ូពុះពារការលំបាកគ្រប់យ៉ាងម្តងទៀតដែលខុសពីមុនគឺជាអ្នកសិក្សាស្រាវជ្រាវ ប៉ុន្តែដងនេះជាគ្រូជាសាស្តាត្រាច់ចរចារិកទៅសព្វកន្លែងភូមិ ឃុំ និគម ជនបទ ទោះបីជិតឬឆ្ងាយដាច់ស្រយ៉ាល ទុរកន្តារ យ៉ាងណាក៏ត្រូវពុះពារតស៊ូភយន្តរាយទៅដោយរំមោះរំមុត ។

ប្រការនេះអាចជាទិដ្ឋានុគតិសម្រាប់សង្គមការីដែលធ្វើការងារសង្គមដើម្បីប្រយោជន៍សុខដល់មហាជនដោយការលះបង់ អត់ធន់ មិនរុញរាតាមលំអានរបស់ព្រះពុទ្ធជាម្ចាស់ ។

ការបរិនិព្វាន មានន័យជាគ្រឿងដាស់តឿនរំលឹកថា ព្រះជន្មជីពរបស់ព្រះពុទ្ធអង្គ ក្នុងនាមជាជីវិតមនុស្ស កាលបើដល់គ្រាអវសាន ក៏តោងតែផុតរលត់ទៅតាមកាលវេលា ប៉ុន្តែសាសនធម៌ដែលព្រះអង្គបានរកឃើញ ប្រកាស សម្ដែង ធ្វើឲ្យបា្រកដហើយក្នុងលោក ក៏ក្លាយជាគោលការណ៍សម្រាប់ដំណើរជីវិតរបស់មនុស្សដទៃតទៅ គោលការណ៍នេះឯងជាធម្មជាតិល្អ បរិសុទ្ធ អមត: គ្មានប្រែប្រួល បែកធ្លាយ រលត់សាបសូន្យដូចជីវិតសង្ខារទេ ពៅលគឺ វាជួយបំភ្លឺផ្លូវឲ្យស្គាល់បញ្ហានានារបស់ជីវិតដើម្បីសម្រេចប្រយោជន៍សុខដល់សង្គមមនុស្ស ។

នៅខណៈដែលផុតរលត់ជីវិតសង្ខារនោះ ព្រះពុទ្ធអង្គពុំបានតែង​តាំងបុគ្គលណាជាប្រមុខគណៈសង្ឃដឹកនាំបំពេញសាសនកិច្ចឬកាន់តួនាទីជ្រោងប្រទីបសាសនធម៌ជំនួសព្រះអង្គទេ គ្រាន់តែត្រាស់ឲ្យយកសាសនធម៌ជាគោលការណ៍សម្រាប់ការសិក្សាបដិបត្តិ ។ អានត

សហនិពន្ធដោយ ព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ សហរដ្ឋអាមេរិក និង ព្រះមហាភិរម្យ មហា ៨ ប្រយោគ បាងកក ។

loading…

188 total views, 7 views today

Facebook Comments