គោលជំនឿ និង សារៈសំខាន់នៃថ្ងៃវិសាខបូជា​ ២

ទោះបីព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ចប់ពុទ្ធកិច្ចហើយក៏ដោយ  ក៏ទ្រង់បញ្ឈប់ទៅនៅខណៈដែលអមតធម៌មានវត្តមានសម្រាប់ផ្ដល់អមតប្រយោជន៍រួចហើយ ។

ការបរិនិព្វានជាការរលត់សូន្យក្នុងពេលដែលចប់កិច្ច ដូច្នេះ ការចូលដល់អមតធម៌និងសម្រេចអមតប្រយោជន៍ជាតួនាទីរបស់យើងទំាងឡាយត្រូវនាំគ្នាធ្វើ និង ជួយគ្នាធ្វើតទៅ ។

ឃើញថា បណ្ដាហេតុការណ៍សំខាន់ទាំង ៣ យ៉ាងក្នុងព្រះជន្មជីពរបស់ព្រះពុទ្ធជាម្ចាស់នោះ ការត្រាស់ដឹង ចាត់ទុកថាមានសេចក្ដីសំខាន់បំផុត ការចាប់ផ្ដើមនិងការអស់ជីវិតទៅ ដែលហៅថា ការកើត និង ការស្លាប់នោះ មនុស្សគ្រប់រូបមានដូចគ្នាទំាងអស់ ប៉ុន្តែចំណុចពិសេស គឺ ស្ថិតនៅត្រង់ជីវិតដែលប្រព្រឹត្តទៅក្នុងផ្លូវទំាងពីរ គឺ ចំណាប់ផ្ដើម និង ចំណប់ជីវិតនេះឯង ។

អ្វីដែលធ្វើឲ្យព្រះរាជកុមារសិទ្ធត្ថ: ក្លាយជាព្រះពុទ្ធជាម្ចាស់ និង ធ្វើឲ្យយើងគោរពបូជាព្រះអង្គ គឺ ការត្រាស់ដឹងដែលអាស្រ័យទៅលើសេចក្ដីព្យាយាមត្រូវ និងការបំពេញពុទ្ធកិច្ចផ្សេងៗអាស្រ័យលើការត្រាស់ដឹងនោះ ឯព្រះជន្មជីពរបស់ព្រះអង្គ ក៏ជាទីតាំងទីអាស្រ័យនៃការត្រាស់ដឹងនិងការបំពេញពុទ្ធកិច្ចទំាងនោះដែរ ហេតុនោះ ថ្ងៃប្រសូត និង ថ្ងៃបរិនិព្វានទើបក្លាយជាថ្ងៃដែលមានសេចក្ដីសំខាន់តាមនោះដែរ ។

ពុទ្ធភាពដែលកើតចេញពីតម្រាស់ដឹងនិងការបំពេញប្រយោជន៍ដល់សង្គមមនុស្ស នេះ ហៅថា “ពុទ្ធកិច្ច” ព្រោះហេតុនោះឯងទើបធ្វើឲ្យពុទ្ធសាសនិកជនគោរពបូជាព្រះអង្គ ទទួលយកព្រះអង្គជាសរណៈទីពឹងខាងចិត្តគំនិត ។

ខ្លឹមសារថ្ងៃវិសាខបូជាដែលបានពោលមកខាងលើនោះទាក់ទងនឹងដំណើរជីវិតរបស់ព្រះបរមសាស្ដាដែលជាស្ថាបនិករបស់ព្រះពុទ្ធសាសនា ម៉្យាងទៀត ថ្ងៃវិសាខបូជានេះឆ្លុះបញ្ចាំងដល់ដើមកំណើតនៃព្រះពុទ្ធសាសនាសមស្របតាមសេចក្ដីពិតថា ពុទ្ធុប្បាទ គឺ ការកើតឡើង​របស់ព្រះពុទ្ធជា​ម្ចាស់ គឺ ការកើតឡើងនៃ​ព្រះពុទ្ធសាសនា ប្រៀបដូចជាការ​កើត​ឡើង​នៃអ្នកវិទ្យាសាស្រ្ត គឺ ការកើតឡើងនៃវិទ្យាសាស្រ្តដូច្នោះឯង ចាត់ទុកថាជាជំហានឆ្ពោះកាន់យុគសម័យថ្មីនៃប្រវត្តិសាស្ដ្រមនុស្សជាតិ ​។

ការប្រសូតរបស់សិទ្ធត្ថកុមារ គឺ ការប្រកាសឯករាជ្យរបស់មនុស្ស​​ នៅខណៈប្រសូតនោះ ព្រះរាជកុមារបានប្រកាសអាសភិវាចាថា ខ្លួនជាបុគ្គលប្រសើរបំផុតក្នុងលោក ដែលការប្រកាសនេះផ្ទុយនឹងផ្នត់គំនិតមនុស្សនៅយុគសម័យនោះដែលមានជំនឿលើព្រះអាទិទេព គឺ ព្រះព្រហ្ម ។

មនុស្សនៅក្នុងយុគសម័យនោះមានជំនឿថា ជីវិតនិងសង្គមរបស់ខ្លួន  បានល្អ ឬអាក្រក់អាស្រ័យលើអំណាចចេស្តារបស់ព្រះព្រហ្មដែលកំណត់ទោស ឬ ប្រោសប្រទាន ដែលហៅថា ព្រហ្មលិខិត

កិច្ចដែលមនុស្សត្រូវធ្វើដើម្បីឲ្យកើតផលល្អដល់ជីវិត គ្រួសារ និង សង្គម គឺ ការព្រមទទួលយកទេវបញ្ជា ហើយត្រូវធ្វើការបូជា បួងសួង បន់ស្រន់ស្នើសុំសេចក្តីសុខសេចក្តីចម្រើនពីព្រះព្រហ្មនោះ ប៉ុន្តែតួអង្គព្រះពុទ្ធបានដើរផ្ទុយនឹងផ្នត់គំនិតនោះ ហើយព្យាយាមសិក្សាឈ្វេងយល់សភាពធម្មតារបស់ជីវិតរហូតដល់យល់ដឹងថា  មនុស្សជាសត្វប្រសើរ មានសក្យភាពអាចហ្វឹកហាត់ អប់រំ  អភិវឌ្ឍឲ្យប្រសើរខ្ពង់ខ្ពស់បាន ។ កាលបើមនុស្សហ្វឹកហាត់ អប់រំ អភិវឌ្ឍខ្លួន ឲ្យល្អប្រពៃនិងមានបញ្ញាញាណពេញបរិបូរណ៍ហើយ ក៏នឹងក្លាយជាបុគ្គលប្រសើរខ្ពង់ខ្ពស់បំផុត ដែលហៅថា “ពុទ្ធ:” ដែលអាទិទេពទំាងឡាយព្រមទាំងព្រះព្រហ្មក៏ត្រូវគោរព សក្ការៈ បូជា ដែរ ព្រោះហេតុនេះ មនុស្សដែលហ្វឹកហាត់ អប់រំ អភិវឌ្ឍខ្លួនឲ្យល្អប្រសើរ ខ្ពង់ខ្ពស់បំផុត គឺ “ពុទ្ធ:”នេះឯង  ដែលហៅថា អគ្គបុគ្គល ជេដ្ឋបុគ្គល និង សេដ្ឋបុគ្គល  មិនមែនជាអាទិទេព ឬ ព្រះព្រហ្មទេ ។

អាស្រ័យលើគោលការណ៍នេះ ព្រះពុទ្ធសាសនាទើបជម្រុញនិងបង្រៀនមនុស្សឲ្យងាករេបែរចេញពីឥទ្ធិពលព្រះអាទិទេពហើយមកផ្តោតចិត្តលើសក្យភាពដែលមានក្នុងខ្លួនឯង  ហើយបង្កើតមនសិការក្នុងការហ្វឹកហាត់ អប់រំ សិក្សា អភិវឌ្ឍជីវិត ជីវភាព ព្រឹត្តិកម្ម គុណធម៌ សតិបញ្ញារបស់ខ្លួនឯងវិញ ដោយការត្រិះរិះពិចារណាថា សន្តិសុខ និងឯករាជ្យនៃជីវិតនិងសង្គមរបស់ខ្លួន នឹងជោគជ័យឬបរាជ័យ ស្ថិតនៅលើការហ្វឹកហាត់ អប់រំ អភិវឌ្ឍខ្លួននេះឯង មិនមែនបណ្ដាលមកពីឥទ្ធិពលព្រះអាទិទេពទេ ។

ហេតុនោះ មនុស្សមិនគួររវល់គិតតែអង្វរករ យកចិត្តព្រះអាទិទេពនោះទេ ប៉ុន្តែគួរបែរមុខមកបំពេញសេចក្ដីព្យាយាម អប់រំ អភិវឌ្ឍខ្លួនឯងឲ្យមានសក្យភាព សមត្ថភាព​អាចកសាងស្ថាបនាជោគជ័យឬវត្ថុបំណងដោយអាស្រ័យលើសតិបញ្ញារបស់ខ្លួនឯងឲ្យបាន ។

ការប្រសូតរបស់ព្រះពុទ្ធជាម្ចាស់ ឬ ការឧប្បត្តិឡើងរបស់ព្រះពុទ្ធសាសនា ចាត់ទុកស្មើការបដិវត្តផ្នត់គំនិតក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ ដោយបំបែកអំណាចប្រមូលផ្តុំរបស់ព្រះអាទិទេពមកជាការកំណត់វាសនាជតាកម្មរបស់មនុស្សខ្លួនឯងវិញ គឺ ការហ្វឹកហាត់ អប់រំ អភិវឌ្ឍខ្លួន និង ចម្រើនបញ្ញាឲ្យយល់ឃើញតាមសេចក្ដីពិតរបស់ធម្មជាតិ លែងទុកចិត្តអំណាចចេស្តារបស់ព្រះអាទិទេពតទៅទៀត  ។

តម្រាស់ដឹងរបស់ព្រះពុទ្ធ គឺ ការប្រាកដឡើងនៃសាសនធម៌

សេរីភាពរបស់មនុស្សដែលទ្រង់ប្រកាសក្នុងថ្ងៃប្រសូតនោះ គឺ ធម្មប្បត្តិផល បានដល់ ផលចូលដល់សច្ចធម៌ ព្រោះមានការត្រាស់ដឹង ទើបមនុស្សមានសេចក្តីយល់ដឹងពំនិតរបស់ធម្មជាតិ ហើយក៏បដិបត្តិតាមគោលធម៌នោះ ដោយការហ្វឹកហាត់ អប់រំ អភិវឌ្ឍខ្លួនឲ្យមានបញ្ញាញាណ សីលធម៌ និង សង្គហធម៌ មនុស្សនោះទើបក្លាយជា “ពុទ្ធ:” អ្នកប្រសើរខ្ពង់ខ្ពស់បំផុត ។

តម្រាស់ដឹង គឺ ការផ្សាភ្ជាប់រវាងបញ្ញារបស់មនុស្ស និង សច្ចធម៌   នៅពេលបានត្រាស់ដឹងហើយព្រះពុទ្ធជាម្ចាស់ក៏ត្រាស់ថា “យទា ហវេ បាតុភវន្តិ ធម្មា” ជាដើម

មានសេចក្ដីថា “ពេលណា សច្ចធម៌ទំាងឡាយប្រាកដដល់បុគ្គលប្រសើរដែលមានសេចក្ដីព្យាយាមត្រូវទាំងពិនិត្យពិចារណា ពេលនោះ សេចក្ដីសង្ស័យទំាងឡាយ ក៏រលស់រលាយទៅ ព្រោះពាល់ត្រូវសច្ចធម៌  ព្រមទំាងហេតុរបស់សច្ចធម៌ ព្រោះយល់ដឹងសភាពអស់ទៅនៃបច្ច័យទំាងឡាយ កម្ចាត់មារនិងសេនាបាន បីដូចព្រះអាទិត្យបញ្ចាំងរស្មី ​កម្ចាត់ភាពងងឹតដូច្នោះ”  ។

សច្ចធម៌ គឺ សេចក្ដីពិតរបស់ធម្មជាតិហ្នឹងឯង មានអំណាចប្រសើរធំជាងគេ មិនមែនអាទិទេពឬអំណាចបណ្ដាលណានីមួយនោះទេ សូម្បីតែអាទិទេពទំាងឡាយក៏ត្រូវស្ថិតនៅក្រោមអំណាចសច្ចធម៌ដែលប្រព្រឹត្តទៅតាមហេតុបច្ច័យក្នុងធម្មជាតិដែរ  ធម៌នៅលើទេព មិនមែនទេពនៅលើធម៌ឬមានឥទ្ធិពលលើធម៌ទេ  កាលបើយល់ដឹងដូច្នេះហើយ មនុស្សក៏ត្រូវព្យាយាមហ្វឹកហាត់ អប់រំ អភិវឌ្ឍខ្លួនឲ្យយល់ដឹង និង បដិបត្តិឲ្យបានត្រឹមត្រូវតាមធម៌ ព្រោះមនុស្សមានបញ្ញាអាចអភិវឌ្ឍខ្លួនឲ្យសម្រេចធម៌បាន ។

កាលបើបានសម្រេចធម៌ហើយ ក៏មានឥស្សរភាពក្នុងការរស់នៅនិងធ្វើកិច្ចផ្សេងៗ ផ្សាភ្ជាប់នឹងធម៌បានដោយបញ្ញា គិត និយាយ ធ្វើទៅតាមច្បាប់ កតិកាយ៉ាងច្បាស់លាស់ ដោយមិនចំបាច់ផ្គាប់ចិត្ត រង់ចាំការបង្គាប់បញ្ជារបស់ទេវតាឬព្រហ្មដែលមិនដឹងពីវត្ថុបំណងយ៉ាងណា និងការដាក់ទោសឬប្រោសប្រទានអ្វីនៅពេលណានោះទេ ។

ការបរិនិព្វាន គឺ ការដាស់តឿនចិត្តឲ្យនឹកភ្នកដល់វិថីជីវិតដោយសេចក្ដីមិនប្រមាទ

ផ្នែកមួយនៃធម៌ឬសេចក្ដីពិតរបស់ច្បាប់ធម្មជាតិ គឺ សេចក្ដីមិនទៀងទាត់ មិនស្ថិតស្ថេរ តែងប្រែប្រួល ផ្លាស់ប្ដូរ ឬ ប្រព្រឹត្តទៅតាមហេតុបច្ច័យនៃវត្ថុទំាងឡាយ  ធម៌ គឺ សេចក្ដីពិតនេះតាំងនៅ ឬ គ្រប់គ្រងជីវិតមនុស្សគ្រប់រូប  ជាពិសេស ជីវិតនេះត្រូវបញ្ចប់ដោយសេចក្ដីស្លាប់។

សេចក្ដីពិតនៃធម៌ប្រាប់យើងថា  យើងត្រូវហ្វឹកហាត់ អប់រំ សិក្សា អភិវឌ្ឍខ្លួនឯងឲ្យមានគុណសម្បត្តិ ប្រកបដោយសមត្ថភាព និងបញ្ញាដែលត្រូវដឹងច្បាស់និងការបដិបត្តិទំាងឡាយឲ្យបានត្រឹមត្រូវតាមធម៌ គឺ ច្បាប់ធម្មជាតិ  ជីវិតរបស់យើងនឹងល្អប្រសើរ  ការទទួលបានសន្តិសុខនិងឥស្សរភាពពិតប្រាកដត្រូវមានបញ្ញាយល់ដឹងធម៌ច្បាស់  និង អាចធ្វើជីវិតនិងសង្គមឲ្យប្រព្រឹត្តទៅតាមធម៌នោះ  ធម៌ហ្នឹងឯងក៏គ្រប់គ្រងសេចក្ដីពិតថា ជីវិតនិងបរិស្ថានដែលនៅជុំវិញខ្លួនយើងគ្រប់យ៉ាងសុទ្ធសឹងមិនទៀងទាត់ មិនស្ថិតស្ថេរ មិនគង់វង្សគ្រប់ពេលវេលានោះទេ ត្រូវប្រែប្រួល ផ្លាស់ប្ដូរទៅតាមហេតុបច្ច័យ ព្រោះហេតុនោះ យើងមិនអាចសម្ងំនៅស្ងៀមបានទេ  ព្រោះប្រសិនបើរវល់តែសប្បាយភ្លើតភ្លើន វង្វេង ធ្វេសប្រហែស ជីវិតយើងអាចនឹងអស់ឱកាសសម្រាប់អភិវឌ្ឍឲ្យបានសម្រេចគុណតម្លៃនិងប្រយោជន៍ដែលគប្បីទទួលបានពីធម៌មិនខាន ។

ព្រោះហេតុនេះ ដើម្បីឲ្យធម៌ដែលព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងនិងប្រកាសដល់សត្វលោកនោះ  បានសម្រេចផលប្រយោជន៍ដល់ជីវិតនិងសង្គមរបស់យើងពិតប្រាកដទាំងដើម្បីឲ្យជីវិតនិងសង្គមប្រព្រឹត្តទៅដោយសេចក្ដីល្អប្រពៃ មានសន្តិសុខ និង ឥស្សរភាព ដែលគប្បីទទួលបានពីធម៌នោះ  យើងត្រូវរស់នៅដោយមិនប្រមាទឬដំណើរជីវិតគប្បីប្រព្រឹត្តទៅក្នុងវិថីនៃសេចក្ដីមិនប្រមាទ នៅពេលដែលព្រះពុទ្ធអង្គហៀបនឹងបរិនិព្វាន ព្រះអង្គបានត្រាស់ព្រះវាចាផ្ដាំផ្ញើចុងក្រោយ ដែលហៅថា បច្ឆិមវាចា ដែលជាសញ្ញានិងអត្ថន័យនៃការបរិនិព្វានថា  “វយធម្មា សង្ខារា អប្បមាទេន សម្បាទេថ” មានសេចក្តីថា “សង្ខារទាំងឡាយមានសេចក្តីសាបសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរបំពេញប្រយោជន៍ខ្លួន ប្រយោជន៍ញាតិ និង ប្រយោជន៍សង្គមដោយសេចក្តីមិនប្រមាទចុះ” ។

ការបូជាឲ្យសមនឹងគុណតម្លៃនៃថ្ងៃវិសាខ

ថ្ងៃវិសាខបូជានេះជួយរំលឹកយើងឲ្យរលឹកនឹកដល់អត្ថន័យការប្រសូត ត្រាស់ដឹង និង បរិនិព្វានរបស់ព្រះពុទ្ធជាម្ចាស់តាមគោលការណ៍របស់ព្រះពុទ្ធសាសនា និង ដាស់តឿនចិត្តយើងឲ្យនាំយកគោលការណ៍នោះមកប្រើដើម្បីប្រយោជន៍ដល់ជីវិតនិងសង្គម ឲ្យសាកសមនឹងគុណតម្លៃនៃថ្ងៃវិសាខបូជា  ប្រជាជនខ្មែរក៏នឹងឈានទៅរកយុគសម័យថ្មីនៃការហ្វឹកហាត់ អប់រំ អភិវឌ្ឍធនធានមនុស្សដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសទុកអស់រាប់ពាន់ឆ្នាំមកហើយយ៉ាងពិតប្រាកដ ម៉្យាងទៀត ក៏គួររលឹកនឹកគិត ពិចារណា ដល់ថ្ងៃកើត ថ្ងៃស្លាប់ របស់បុព្វបុរស បុព្វការីជន ដែលយើងគោរព រាប់អាន ព្រមទាំងញាតិមិត្តទាំងឡាយ មនុស្សទំាងឡាយនិយមធ្វើអ្វីនីមួយដើម្បីសម្ដែងសេចក្ដីគោរពរាប់អាននិងទឹកចិត្តមេត្រីភាពចំពោះបុព្វបុរសនោះ  ហេតុអ្វីក្នុងថ្ងៃវិសាខបូជា ដែលជាថ្ងៃរំលឹកនឹកដល់ការប្រសូត ត្រាស់ដឹងនិងបរិនិព្វានរបស់ព្រះពុទ្ធអង្គ  ពុទ្ធសាសនិកជននឹងមិនធ្វើការសម្ដែងសេចក្ដីគោរព សក្ការៈ បូជា ដើម្បីជាពុទ្ធបូជា ឬ ជាការសម្ដែងកតញ្ញូកតវេទិតាចំពោះព្រះបរមសាស្ដារបស់ខ្លួនមិនបាន?

ក្នុងថ្ងៃរំលឹកនឹកដល់បុគ្គលដែលមានសេចក្ដីសំខាន់របស់វង្សត្រកូលនៃក្រុមជន ឬសហគមមួយ ក៏នៅមានការចាត់ពិធីដែលរំលឹកឬការធ្វើបុណ្យ ហេតុអ្វីបានជាក្នុងថ្ងៃវិសាខបូជាដែលរំលឹកនឹកដល់ព្រះពុទ្ធអង្គ អ្នកបំពេញប្រយោជន៍ដល់មហាជន  ប្រជាជននឹងមិនចាត់ពិធីសម្ភោធឬធ្វើមហាបូជាឬ?  ពុទ្ធសាសនិកជនដែលត្រូវការសម្ដែងទឹកចិត្តចំពោះព្រះបរមសាស្ដា  យ៉ាងហោចណាស់ ក៏មានចិត្តស្ងប់ រលឹកនឹកដល់ពុទ្ធភាសិតឬពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គសូម្បីតែមួយបទ ក៏គង់បានឈ្មោះថា បានធ្វើអ្វីម្យ៉ាងជាពុទ្ធបូជាដែរ ។

ប្រសិនបើអាចពិចារណាតំាងចិត្តគិតឲ្យឃើញអត្ថន័យនៃថ្ងៃនេះផង ក៏រឹតតែឈ្មោះបានធ្វើពុទ្ធបូជាដែលមានន័យជ្រាលជ្រៅជាងនេះទៀត ប្រសិនបើមើលឃើញអត្ថន័យដែលនឹងត្រូវបដិបត្តិបានហើយនំាយកទៅធ្វើជាបែបយ៉ាងសម្រាប់​ប្រព្រឹត្តតាម ក៏រមែងបានឈ្មោះថាជាអ្នកធ្វើបដិបត្តិបូជា ដែលជាការបូជាយ៉ាងខ្ពង់ខ្ពស់ ដែលពុទ្ធសាសនិកជនគប្បីសម្ដែងចំពោះព្រះបរមសាស្ដារបស់ខ្លួន ចាត់ជាអានិសង្សយ៉ាងក្រៃលែងនៃថ្ងៃវិសាខបូជា ។

តាមការពិត ការដែលយើងបូជាព្រះពុទ្ធជាម្ចាស់នោះ ពុំមែនជាការធ្វើដើម្បីប្រយោជន៍ចំពោះព្រះអង្គ ទាំងព្រះអង្គក៏ពុំបានត្រូវការផលប្រយោជន៍អ្វីពីយើងនោះទេ ប៉ុន្តែពេលដែលយើងបូជាព្រះពុទ្ធអង្គ ផលល្អឬប្រយោជន៍ក៏កើតមានដល់ខ្លួនយើងដែលជាអ្នកបូជានោះឯង ទំាងដល់ជីវិតរបស់យើងនិងសង្គមទំាងមូលផង  ព្រោះកាលបើបូជាព្រះពុទ្ធជាម្ចាស់ ចិត្តសន្ដានរបស់យើងក៏បង្អោនទៅក្នុងផ្លូវកុសល ធ្វើឲ្យចិត្តស្រស់ថ្លា ចម្រើន  ត្រេកអរ  រីករាយដោយសេចក្ដីសុខ  ទោរទន់ទៅក្នុងពុទ្ធគុណ  ហើយនាំយកពុទ្ធគុណទំាងនោះដែលជាសេចក្ដីល្អរបស់ព្រះពុទ្ធជាម្ចាស់មកតម្កល់ទុកក្នុងចិត្តសន្ដាន ធ្វើឲ្យមានភាពរឹងមំា មិនញាប់ញ័រក្នុងដំណើរជីវិតដែលបរិបូរដោយកុសលនិងការបដិបត្តិតាមពុទ្ធចរិយារបស់ព្រះអង្គ ជាការដាស់តឿនចិត្តឲ្យរលឹកនឹកដល់ព្រះធម៌ទំាងឡាយដែលព្រះអង្គទ្រង់ត្រាស់ អប់រំ ទូន្មាន ប្រៀនប្រដៅ ដែលយើងត្រូវព្យាយាមបដិបត្តិបំពេញឲ្យបានរីកចម្រើនទៅមុខទាល់តែចប់សព្វគ្រប់បរិបូរណ៍ ។

ការដែលយើងទំាងឡាយនាំគ្នាគោរព សក្ការៈ បូជាព្រះពុទ្ធជាម្ចាស់ ក៏ជាសញ្ញានៃការគោរព លើកតម្កើង សរសើរ ចំពោះបុគ្គលដែលមានសេចក្ដីល្អប្រកបដោយធម៌ ហើយជាការគោរព លើកតម្កើងធម៌ដែលជាសេចក្ដីល្អ បរិសុទ្ធ និង សេចក្ដីពិត។​ ប្រសិនបើសង្គមខ្មែរប្រកាន់ភ្ជាប់ការបូជាយ៉ាងនេះ  សង្គមក៏អាចតាំងនៅរឹងមាំ ហើយរក្សាធម៌បាន ធម៌ក៏នឹងរក្សាសង្គមឲ្យមានសុខសន្ដិភាពយ៉ាងពិតប្រាកដ  ម៉្យាងទៀត ប្រសិនបើមិនអាចនឹកឬចាំពុទ្ធភាសិតសូម្បីមួយបទបានទាំងមិនអាចធ្វើអ្វីផ្សេងបាននោះ  ក៏គប្បីលះបង់ពេលវេលា ធ្វើចិត្តឲ្យបានស្ងប់ ហើយសិក្សា ស្ដាប់ពាក្យពោលសរសើរព្រះគុណរបស់ព្រះពុទ្ធជាម្ចាស់មួយឃ្លា ឬមួយបទ នក្នុងខណ:ដែលអានឬស្ដាប់ ស្រាប់តែកើតសេចក្ដីជ្រះថ្លា កើតបីតិប្រាមោទ្យត្រេកអរ រីករាយឡើង ឬមានចិត្តស្រស់ថ្លា ធូរស្រាល ស្រស់ស្រាយឡើង ក៏ចាត់ទុកបានថា បានចូលរួមចំណែកធ្វើពុទ្ធបូជាក្នុងថ្ងៃវិសាខនេះយ៉ាងពិតប្រាកដ ៕

សហនិពន្ធដោយ ព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ សហរដ្ឋអាមេរិក និង ព្រះមហាភិរម្យ មហា ៨ ប្រយោគ បាងកក ។

loading…

251 total views, 2 views today

Facebook Comments