គំនិតជាន់កែងឯង

 

គំនិតរបស់អ្នកសិក្សាអក្សរខ្មែរមួយចំនួនយល់ខុស អ្នកខ្លះមានគំនិតថា អក្សរខ្មែរដែលលាយឡំដោយពាក្យបាលី ឬ សំស្រ្កឹតនោះមិនមែនជាពាក្យខ្មែរសុទ្ធទេ ហេតុនោះ ត្រូវធ្វើយ៉ាង​ណាឲ្យក្លាយ​ជាពាក្យខ្មែរសុទ្ធ ការដែលចង់ឲ្យក្លាយជា​ពាក្យខ្មែរ​សុទ្ធនេះឯង ចាត់ទុកថា ខុស ខុសយ៉ាងដូចម្តេច? ខុសព្រោះ
ពាក្យបាលី ឬ សំស្រ្កឹតមែនទែនត្រូវផ្សំដោយវិភត្តិទើបមានន័យយល់សេចក្តីបាន ប៉ុន្តែអ្នកប្រាជ្ញខ្មែរមានសេចក្តីឈ្លាសវែបានកាត់វិភត្តិចោលហើយបំប្លែងសព្ទបាលីឬសំស្រ្កឹតទាំងនោះមកជាពាក្យខ្មែររួចជាស្រេច ក្លាយជារបស់ខ្មែរតាំងពីណាពីណីមក ប្រៀបដូចអង្គរវត្តទោះបីមានប្រភពកំណើតមកពីគម្ពីរព្រាហ្មណ៍ក៏ពិតមែន ប៉ុន្តែស្ថាបត្យករខ្មែរបានកសាងប្រាសាទអង្គរវត្តនោះក្លាយជារបស់ខ្មែរហើយ យើងមិនអាចនិយាយថា​ ប្រាសាទអង្គរវត្តឥណ្ឌា ប្រាសាទអង្គរវត្តហិណ្ឌូ ឬ ប្រាសាទអង្គរវត្តព្រាហ្មណ៍ទេ ទាំងអន្តរជាតិក៏ទទួលស្គាល់ថា ប្រាសាទអង្គរវត្តជារបស់ខ្មែរ យ៉ាងណាមិញ សិល្បៈ វប្បធម៌ អក្សរសាស្រ្តដែលត្រូវបានកែច្នៃហើយ ពុំមែនជារបស់ជនជាតិដើមកំណើតនោះទៀតទេទាំងជនជាតិដើមកំណើតនោះក៏មិនអាចទាមទារថាជារបស់ខ្លួនបានដែរ ហេតុនោះ មនុស្សខ្មែរត្រូវកែសម្រួលគំនិត ទស្សនៈ យោបល់ សាជាថ្មីដើម្បីលើកស្ទួយសិល្បៈ វប្បធម៌ អក្សរសាស្រ្តជាតិតរៀងទៅ ។

វត្ថុធាតុដើមកាលណាគេកែច្នៃហើយក៏ក្លាយជារបស់អ្នកនោះ ពាក្យបាលី ឬ សំស្រ្កឹតប្រៀបដូចជាវត្ថុធាតុដើម កាលណាខ្មែរកែច្នៃហើយក្លាយជារបស់ខ្មែរហើយ ។ ម្យ៉ាងទៀត ដើមឈើនាំចូលពីប្រទេសខ្មែរទៅកាន់ប្រទេសវៀតណាម កាលណាវៀតណាមកែច្នៃជាតុទូកៅអីហើយ ក្លាយជាតុទូកៅអីរបស់វៀតណាមហើយ យើងមិនអាចនៅតែនិយាយថា ឈើខ្មែរ តុទូខ្មែរ ជាដើមទៀតបានទេ ។ ហេតុនោះ វត្ថុធាតុដើមជារឿងសំខាន់ដែលប្រទេសនានាតែងតែត្រូវការទិញយកទៅកែច្នៃ ។

loading…

78 total views, 1 views today

Facebook Comments