ឈ្វេងយល់ទេវតាតាមបរិបទសង្គម លើកយកអ្នកធំជាទេវតាមានគុណធម៌

ព្រះពុទ្ធសាសនាមិនបដិសេធរឿងទេវតាទេ  ទាំងក៏មិនមែន ជាបដិបក្សចំពោះទេវតាដែរ ផ្ទុយទៅវិញព្រះពុទ្ធសាសនាមាន គោលការណ៍បដិបត្តិចំពោះទេវតាយ៉ាងច្បាស់លាស់ ពោលគឺ បង្រៀនឲ្យមនុស្ស​រស់នៅរួមគ្នាជាមួយនឹងទេវតាដោយមេត្រីភាព ក្នុងឋានៈជាសមមិត្ត​រួមទុក្ខ គឺ កើត ចាស់ ឈឺ ស្លាប់ ដូចគ្នា គួរនាដូច​ជា​ញាតិសាលោហិតដូច្នោះ កាលបើប្រៀនប្រដៅមនុស្ស​ឲ្យតស៊ូ ពុះពារខ្សែជីវិត  បុគ្គលាធិដ្ឋានជាច្រើនត្រូវបាន​លើក​យកមកបង្ហាញ ដើម្បីបានជាគម្រូល្អដល់អ្នកស្តាប់ បុគ្គលដែលតែងតែលើកយកមក​ធ្វើជា​គម្រូ ភាគច្រើន គឺ ទេវតា ហេតុនោះ ទេវតាទើបក្លាយជាតួអង្គ នៃអំពើល្អដែល​ព្រះពុទ្ធសាសនា​​​និយមលើក​​យកមក​ជា​មេបែប​ក្នុង​ការ​ណែនាំ​មនុស្ស​ឲ្យ​យក​តម្រាប់​តាម សូម្បីតែអ្នកដេញពិណ ឲ្យតួអង្គសិទ្ធត្ថមុនត្រាស់ដឹងបានសតិពិចារណា​ឃើញផ្លូវនៃ​ពោធិញាណ ក៏ព្រះគន្ថរចនាចារ្យ​ហៅថា ទេវតា ដែរ ឃើញថា ទេវតាចែកជា ២ ប្រភេទ គឺ ទេវតា​ប្រភេទ​ជាមនុស្ស និងទេវតា ប្រភេទជាអមនុស្ស  ម្យ៉ាងទៀត បុគ្គលណានីមួយដែលធ្វើអំពើល្អ​តស៊ូ​ដោយ​​សុចរិត ព្រះគន្ធរចនាចារ្យក៏ហៅថាទេវតាដែរ ស្រដៀងនឹងអ្នកតស៊ុពុះពារដើម្បី​សេរីភាព​ខ្លួន​និងអ្នក​ដទៃដូច្នោះ  បើក្នុងមហាយាន ហៅបុគ្គលដែលធ្វើអំពើល្អតស៊ូដើម្បីអ្នកដទៃ ថា ជាព្រះពោធិសត្វ ធៀបនឹងយុគសម័យបច្ចុប្បន្នថា វីរជន សកម្មជន ជាដើម នៅក្នុងគម្ពីរជាតក មានរឿងរបស់បុគ្គលធ្វើ អំពើល្អតស៊ូ​ជាច្រើន​ដែលគប្បីសិក្សាឈ្វេងយល់ ប៉ុន្តែនៅទីនេះ សូមលើកយករឿង ៣ ដែលទាក់ទងនឹងទេវតា​ ។

រឿងទីមួយ គឺ រឿងមហាជនជាតក ឬមហាជនកក្នុងទសជាតិ មហាជនកបានបំពេញវិរិយបារមី សេចក្ដីព្យាយាមមុតមាំ មាននិទានដំណាលថា មហាជនកបានធ្វើដំណើរ​ដោយកប៉ាល់​ទៅក្នុងមហាសមុទ្រ ហើយកប៉ាល់ក៏បែកធ្លាយ ពេលកប៉ាល់ហៀប​នឹងលិចកណ្ដាលមហាសមុទ្រនោះ មនុស្សទំាងឡាយ​ក៏ជ្រួល​ច្របល់ ភិតភ័យចំពោះសេចក្ដីស្លាប់  មនុស្សមួយចំនួនខ្លះ​ក៏បានតែ​យំស្រែក សោកសង្រេង មួយចំនួនខ្លះទៀតក៏អស់សង្ឃឹមក្នុងជីវិត រង់ចាំតែសេចក្ដីស្លាប់មកដល់  មួយចំនួនក៏លើកដៃសំពះបួងសួង អង្វរករអាទិទេពដែលខ្លួនគោរបូជាឲ្យមកជួយ ប៉ុន្តែមហាជនក​ពោធិសត្វ មិនបានធ្វើដូច្នោះឡើយ   បានប្រើបញ្ញារបស់​មនុស្ស​ពិចារណា ថា កាលបើបញ្ហាកើតឡើងដូច្ឆេះ យើងគប្បីដោះស្រាយបញ្ហាយ៉ាងណា ? ហើយក៏ស្វែងរកវិធីសាស្ដ្រ ទីបំផុត ក៏រកបានក្ដារបន្ទះធំមួយមក ពេលដែលកប៉ាល់បែកធ្លាយ មិនយូរប៉ុន្មានមនុស្សទំាងឡាយក៏ស្លាប់អស់ ប៉ុន្តមហាជនក អាស្រ័យក្ដារនោះ  បណ្ដែតខ្លួនទៅក្នុងមហាសមុទ្រ

ព្យាយាមហែលទឹកទៅជារឿយ ៗដោយគ្មានកំណត់ រហូតដល់មាន​នាងមណីមេខលា ទេពធីតាប្រចាំនៅក្នុងមហាសមុទ្រ បានមើល​ឃើញ​និងតាមដានមើលព្រឹត្តិកម្មរបស់មហាជនកនេះថា ហេតុអ្វីទើបមានសេចក្ដីព្យាយាមដូច្នោះ ហើយក៏ធ្វើពើ​មកសាក​ល្បងសួរនាំថា “នរណាគេ ព្យាយាមហែលទឹកនៅ​កណ្ដាល​មហាសមុទ្រ ទំាងមើលមិនឃើញច្រាំង មិនឃើញកោះត្រើយ​យ៉ាងនេះ ទោះបីជាខំព្យាយាមយ៉ាងនេះតទៅ ក៏មិនឃើញទិស​ដៅដែរ ទីបំផុតក៏នឹងស្លាប់ទៅឥតប្រយោជន៍ទទេ?

មហាជនកពោធិសត្វក៏ឆ្លើយថា “យើងស្លាប់ក៏មិនថ្វីទេ ប្រសិនបើយើងបានព្យាយាមបំពេញតួនាទីរបស់មនុស្សហើយ ដល់ពេលស្លាប់ទៅ ក៏នឹងមិនចំពាក់គុណស្រ័យអ្នកដទៃ ប្រសិនបើបានធ្វើកិច្ចឬបំពេញតួនាទីជាកូនប្រុសហើយនោះ ទោះជាក្លាយទៅជាយ៉ាងណា ក៏ពុំត្រូវសោកស្ដាយ កើតទុក្ខ ក្តៅក្រហាយឡើយ

មហជនកពោលដូច្នោះ ហើយក៏សួរឆ្លើយគ្នាទៅវិញទៅមក ទីបំផុតនាងមណីមេខលា ក៏បានជួយនាំយកទៅដល់ច្រាំង នេះជារឿងទីមួយ

រឿងទី ២ មាន ក្សត្រ  ២ នគរ លើកកងទ័ពត្រៀមនឹងប្រយុទ្ធគ្នា ពេលនោះក៏មានពត៌មានជាពាក្យចចាមអារ៉ាមថា ឥសីម្នាក់ តំាងអាស្រមនៅជិតមាត់ស្ទឹងគង្គា មានសេចក្ដីស្និទ្ធស្នាល​ក្នុងការទាក់ទង់នឹងព្រះឥន្ទ្រ ហើយក៏សួរព្រះឥន្រ្ទថា “តើហេតុការណ៍ខាងមុខនឹងទៅជាយ៉ាងណា? “ កាលបើមានពាក្យចចាមអារ៉ាមផ្សាយទៅដូច្នោះ ក្សត្រទំាង ២ នគរក៏ចង់ដឹងថា តើនរណាជាអ្នកឈ្នះ នរណាជាអ្នកចាញ់ ហើយក្សត្រទំាង ២ នគរក៏នាំគ្នាទៅសួរឥសីនោះម្នាក់ម្ដង ពេលក្សត្រ ក ទៅសួរ ឥសីក៏ណាត់ឲ្យមកក្នុងថ្ងៃនោះថា ខ្ញុំនឹងទៅជួបព្រះ​ឥន្ទ្រ​សិន ហើយនឹងយកចម្លើយមកឲ្យ ដល់ពេលមកទទួលចម្លើយ  ឥសីក៏ប្រាប់ថា ក្សត្រ ក នឹងឈ្នះ បន្ទាប់មក ក្សត្រ ខ ក៏មកសួរម្ដង ឥសីក៏ប្រាប់ថា ព្រះអង្គនឹងចាញ់

ពេលនោះ ក្សត្រ ក បានទទួលពាក្យទំនាយថា នឹងឈ្នះហើយ ក៏ប្រកាសប្រាប់ពួកសេនា រាជបរិវាររបស់ខ្លួន ហើយក៏នាំសប្បាយ​ភ្លើតភ្លើន ចាត់ពិធីជប់លៀងយ៉ាងសម្បើមអាធិកអធ័ម ពួកសេនា មហាអាមាត្យទំាងឡាយ​ ក៏នាំគ្នាផឹកស្រាស្រវឹង​ដេកលក់ដូចត្រូវ​ថ្នាំសណ្ដំ  ចំណែកក្សត្រ ខ ដែលបានទទួលពាក្យទំនាយថា នឹងចាញ់ ប៉ុន្តែជាអ្នកមិនព្រមអស់សង្ឃឹម ក៏ប្រុងប្រយ័ត្នត្រៀម​ខ្លួនជានិច្ច ចាត់កងទ័ព រៀបកម្លំាងពលកាន់តែច្រើនឡើងទ្វេដង ព្យាយាមរៀបគម្រោងយុទ្ធសាស្រ្តដោយមិនធ្វេសប្រហែស  ដល់ពេលប្រយុទ្ធគ្នា ក៏ប្រាកដថា ក្សត្រ ខ ទទួលបានជ័យជំនះ ក្សត្រ ក  ត្រូវបរាជ័យ ហើយក៏មានសេចក្ដីទុក្ខព្រួយក្នុងព្រះទ័យ ទ្រង់ពិរោធក្រោធខឹងនឹងឥសីយ៉ាងខ្លាំងថា ឥសីនេះនិយាយភូតភរ កុហក បោកប្រាស ពេលបាក់ទ័ពក៏រត់ទៅតាមផ្លូវកាត់អាស្រមឥសី ក៏ស្រែកជេរឥសីថា អាឥសីភូតភរ កុហក បោកប្រាស

ចំណែកឥសីក៏តូចចិត្តថា ព្រះឥន្ទ្រហេតុអ្វីបានជាមកកុហកយើង ធ្វើឲ្យយើងខូចកេរ្ដិ៍ឈ្មោះក្នុងសង្គមមនុស្សអស់រលីងដូច្នេះ  ដល់ពេលព្រះឥន្ទ្រចុះមក ក៏តវ៉ាចំពោះឥន្ទ្រដោយប្រការផ្សេង ៗ

ព្រះឥន្ទ្រក៏ឆ្លើយទៅថា ” សេចក្ដីព្យាយាមរបស់មនុស្សនោះ  សូម្បីតែទេវតាក៏រារាំងមិនបានដែរ

នេះជាគតិផ្លូវព្រះពុទ្ធសាសនាក្នុងរឿងទេវតា

រឿងទី ៣ មានគ្រួសារមួយ គោរព រាប់អានព្រះពុទ្ធសាសនា ភិក្ខុដែលត្រកូលនោះទំនុកបម្រុងជាប្រចាំ  ក៏ទៅបដិបត្តិធម៌ក្នុងព្រៃ ទេវតាដែលនៅក្នុងបរិវេណនោះក៏មានសេចក្ដីលំបាកក្នុងចិត្ត ព្រោះអ្នកមានសីល ប្រកបដោយគុណធម៌មកអាស្រ័យនៅ ខ្លួននៅទីនោះ នឹងធ្វើអ្វីក៏មិនសូវស្រួល ក៏ស្វែងរកលេស​ដើម្បីដេញ​ភិក្ខុនោះឲ្យរត់ចេញទៅ តែត្រូវធ្វើឲ្យដាច់សីលសិន ទើបដេញបាន

ទីបំផុត ទេវតាក៏ប្រើវិធីធ្វើទុក្ខបុកម្នេញដល់គ្រួសារនោះ ដោយទៅ​សណ្ឋិតចូលក្នុងរាងកាយកូនប្រុសរបស់ត្រកូលនោះ ធ្វើឲ្យវៀចក ហើយក៏ប្រាប់ឧបាសកដែលជាមេគ្រួសារនោះថា

លោកត្រូវឲ្យភិក្ខុអង្គនោះធ្វើអ្វីមួយដែលជាទង្វើនាំឲ្យសៅហ្មងដល់សីល ហើយខ្ញុំនឹងប្រាប់ឧបាយដោះស្រាយ  ឧបាសកនោះក៏ជាអ្នកតំាងមំាក្នុងគុណធម៌ក៏មិនព្រមធ្វើតាម ទោះបីកូនស្លាប់ក៏ដោយ តែមិនព្រមប្រព្រឹត្តល្មើស​គុណធម៌​ជាដាច់ខាត  ទីបំផុត ដោយអានុភាពគុណធម៌ សេចក្ដីតំាងមាំ​ក្នុងធម៌របស់ឧបាសនោះ ទេវតាក៏ចុះចាញ់ទៅ

ម្យ៉ាងទៀត រឿងអនាថបិណ្ឌិកសេដ្ឋី ដែលជាសេដ្ឋីនិងជាឧបាសក​ធំបំផុតក្នុងសម័យពុទ្ធកាល មានទេវតាដែលអាស្រ័យ​នៅក្នុង​បរិវេណ​ផ្ទះរបស់សេដ្ឋី បានមកបញ្ចុះបញ្ចូលឲ្យឈប់ធ្វើបុណ្យ ឲ្យទាន សេដ្ឋីក៏មិនព្រម ហើយបានបណ្ដេញទេវតា​ឲ្យចាកចេញ​ពីបរិវេណផ្ទះរបស់ខ្លួន ទេវតានោះកើតសេចក្ដីទុក្ខលំបាក ក្ដៅក្រហាយព្រោះគ្មានកន្លែងស្នាក់នៅ ទីបំផុតត្រូវទៅ​សុំអង្វរករ​សេដ្ឋីដោយប្រការផ្សេងៗ សេដ្ឋីទើបអនុញ្ញាត​ឲ្យត្រឡប់​មក​ចូលនៅក្នុងបរិវេណនោះវិញ។

សរុបទស្សន:របស់ព្រះពុទ្ធសាសនាដែលមានចំពោះទេវតា មានដូចតទៅនេះ

ប្រការទី១  យើងត្រូវរស់នៅជាមួយនឹងទេវតាប្រៀបដូចមិត្តសម្លាញ់ រួមសុខរួមទុក្ខ រួមសង្គមជាមួយ ផ្សាយមេត្តាឲ្យ  មានមេត្រីភាពចំពោះគ្នា មិនបៀតបៀនគ្នា ឲ្យកិត្តិយស ផ្ដល់តម្លៃចំពោះគ្នា  គោរពរាប់អានប្រៀបដូចជាញាតិមិត្ត ឬអ្នកធំនឹងអ្នកតូច  ប៉ុន្តែមិនមែនឲ្យទៅពឹងពាក់ សុំអង្វរករគ្នាទេ មនុស្សត្រូវព្យាយាម ខិតខំប្រឹងប្រែង ស្វែងរកប្រយោជន៍​ដោយ​ប្រកបកិច្ចការរបស់ខ្លួន ធ្វើតួនាទី  បំពេញភារកិច្ចឲ្យបាន​គ្រប់គ្រាន់​ពេញលក្ខណ:ជាមនុស្ស  មិនចាំបាច់អង្គុយរង់ចាំតែសុំអង្វរករ ឬសង្ឃឹមលើទេវតាទេ  ប្រសិនបើទេវតាមាន​គុណធម៌ជាទេវតា​ល្អមែននោះ កាលបើឃើញមនុស្សសមគួរនឹងជួយ ទេវតានឹង​មកជួយដោយខ្លួនឯង  មិនបាច់យើងសុំអង្វរករទេ ព្រោះនុះជា​គុណធម៌ឬជារឿងរបស់ទេវតា ផ្ទុយទៅវិញ ប្រសិនបើទេវតាមិនល្អ គ្មានគុណធម៌វិញនោះ គ្មានទេវតាល្អណាមកជួយយើងទេ  យើងក៏ត្រូវព្យាយាមទៅជារឿយៗ ទាល់តែបានជោគជ័យ (វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា)

ដូចករណីមហាជនកជាគម្រូ  លោកបានបំពេញសេចក្ដីព្យាយាម​ទៅជារឿយ ៗ មិនគិតសង្ឃឹមទេវតាមកជួយអ្វីទំាងអស់ ព្រោះឃើញ​ថា​សមគួរ ត្រឹមត្រូវពិតប្រាកដហើយ ក៏ធ្វើទៅ នាងមណីមេខលាជា​ទេវតាដែលមានគុណធម៌ ក៏អត់ទ្រាំមិនបាន ក៏ត្រូវមកជួយ ត្រង់ចំណុចនេះជារឿងរបស់ទេវតាផ្ទាល់  កាលបើទេវតា​មាន​គុណធម៌ ក៏នឹងមកជួយ ផ្ទុយទៅវិញ ប្រសិបបើគ្មានគុណធម៌ទេ ក៏មិនមកជួយឡើយ ទោះបីខំប្រឹងអង្វរករយ៉ាងណាក៏ដោយ

ប្រការទី ២ ជាការពិតណាស់ក្នុងរឿងទី ២ គឺ រឿងសេចក្ដីព្យាយាម​របស់មនុស្សនោះ សូម្បីតែទេវតាក៏ពុំអាចមករារាំងបានឡើយ  សង្កេតមើលស្ថានភាពប្រទេសឥណ្ឌាក៏មិនខុសគ្នាពីសង្គមខ្មែរ      ហើយក៏ធ្វើឲ្យនឹកឃើញដល់ជនជាតិយីវ រឿងផ្នត់គំនិត សម្រាប់ត្រិះរិះពិចារណា អាចជារឿងពិតឬមិនពិតយ៉ាងណាក៏ដោយ ក៏គ្រាន់បានជាគតិមួយសម្រាប់ជំនួយគំនិត ជនជាតិយីវនោះ មានជំនឿយ៉ាងមុតមាំ និងមានសេចក្ដីសង្ឃឹម​លើការធ្វើ​របស់​មនុស្ស  ចំណែកប្រជាជនឥណ្ឌានិងខ្មែរវិញសង្ឃឹមពឹងផ្អែកលើទេវតា រង់ចាំការជួយឧបត្ថម្ភជ្រោមជ្រែងពីសម្នាក់ទេវតា

សួរថា សង្ឃឹមលើការធ្វើរបស់មនុស្សយ៉ាងណា ? ចម្លើយ គឺ សង្ឃឹម  ពឹងលើខ្លួនឯង(អត្តា ហិ អត្តនោ នាថោ)   ប្រជាជនក្នុងប្រទេសយីវ ខិតខំ ព្យាយាមហ្វឹកហាត់ អប់រំខ្លួនបានយ៉ាងល្អ មានសមត្ថភាពធ្វើអ្វី ៗ បានច្រើនយ៉ាង មិនថាស្រីឬប្រុសទេ ប្រសិបើចុះទូក ឡើងរថយន្ត ឬឡើងយន្តហោះក៏ចេះបើកបរ  ករណីត្រូវការជាង មកជួសជុលអ្វី ក៏អាចធ្វើបានដោយខ្លូនឯងគ្រប់យ៉ាង មានន័យថា មនុស្សម្នាក់ធ្វើបានដូចជាតិសាសន៍ដទៃ ១០ នាក់ កត្តានេះហើយ ពេលមានសង្គ្រាមត្រូវប្រយុទ្ធជាមួយបរទេសកើតឡើង ក៏មានកម្លំាងខ្លំាងជាងបរទេស ១០ ឬ ២០ ដង  ទើបគេអាចដណ្ដើមយកជ័យជំនះបានយ៉ាងងាយ ហើយការពារប្រទេសជាតិបាន គ្មានខ្មាំងសត្រូវ បច្ចាមិត្ត ជាតិសាសន៍ណាអាចមកធ្វើការឈ្លានពានបានឡើយ

តាមការពិត ជនជាតិយីវ ក៏គោរព រាប់អានទេវតាដូចគ្នា  ប៉ុន្តែទេវតាគឺ ព្រះយ:ហូវា បានឲ្យសន្យាទុកក្នុងកាលខាងមុខ​ទៀតយូរណាស់ ទើបនឹងមកជួយប្រជាជនយីវ   ដូច្នោះក្នុងកាល​អនាគត មិនដឹងថា រាប់ពាន់ រាប់ម៉ឺនឆ្នាំទៀតឬយ៉ាងណាទេ ទើបបាន​មកជួយនោះ   ប្រការនេះធ្វើឲ្យជនជាតិយីវត្រូវជួយខ្លួនឯងទៅសិន  ម្ល៉ោះហើយពួកគេក៏ខំប្រឹងប្រែង ព្យាយាមធ្វើអ្វីៗយ៉ាងពេញទំហឹង  ប្រើកម្លំាងកាយចិត្តរបស់មនុស្ស មិនទន្ទឹងរង់ចាំសេចក្ដីសម្រេច​ពី​ទេវតាទេ ព្រោះគេយល់ឃើញថា  អ្វីដែលសំខាន់នោះ គឺ មនុស្សត្រូវ​ព្យាយាមដោយខ្លួនឯង សង្ឃឹមពឹងផ្អែកលើការធ្វើរបស់ខ្លួនជាកត្តាចាំបាច់  ស្របតាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា   ក៏បានប្រៀនប្រដៅ  ឲ្យជឿលើការធ្វើ មិនមែនទៅ​ជឿ​លើការសុំអង្វរករ សង្ឃឹមលើកទេវតា ឬអាទិទេពទេ

ប្រការទី ៣  ក្នុងរឿងការបដិបត្តិចំពោះទេវតា គឺ ក្នុងចំណោមទេវតា​ទំាងឡាយនោះ អាចនឹងមានទេវតា​ដែលគ្មានគុណធម៌ ទេវតាមិច្ឆាទិដ្ឋិ​ជាដើម  ទេវតាពួកនោះអាចនឹងមកកុហក ភូតភរ បោកប្រាស់មនុស្ស ដឹកនំាឲ្យមនុស្សប្រព្រឹត្តខុសគន្លងធម៌ ឬអាចនឹងមកជួយមនុស្សដោយសម្លឹងឃើញតែគ្រឿងលាភ សក្ការៈ តង្វាយសំណែនសែនព្រេន ជាដើម ប្រសិនបើដូច្នោះមែន ក្នុងនាមជាពុទ្ធសាសនិកជន មិនត្រូវយល់ព្រមសុខចិត្តទេ ត្រូវប្រកាន់យកធម៌ជាធំ តម្កល់ខ្លួនឲ្យស្ថិតនៅមាំក្នុងគោលការណ៍ មិនទទួលចុះចាញ់ចុះញ៉មនឹងទង្វើបែបនោះឡើយ ទោះបីជា​ទេវតា​ក៏ដោយ ប្រសិនបើប្រព្រឹត្តប្រាសចាកគន្លងធម៌ នេះជាគតិរបស់​ព្រះពុទ្ធសាសនាក្នុងរឿងទេវតា  មិនមែនបដិសេធ​ថា​គ្មានទេវតាទេ ប៉ុន្តែត្រូវប្រព្រឹត្តបដិបត្តិចំពោះ​ទេវតាឲ្យបានត្រឹមត្រូវ

ព្រោះសេចក្ដីពិតនៃតំណែង តួនាទីរបស់ទេវតានោះ  ក៏ស្រដៀង​គ្នានឹង​តំណែងតួនាទីរបស់អ្នកដឹកនាំ  ក្នុងសង្គមជាតិនីមួយៗ ក៏មានអ្នកធំនិងអ្នកតូច ក្នុងទស្សន:នេះអ្នកធំក៏ប្រៀបដូចជាទេវតា  ប៉ុន្តែចែកទៅក៏មានអ្នកធំដែលជាទេវតាបែបក្រៅតម្រា នឹងអ្នកធំបែប​ទេវតាក្នុងព្រះពុទ្ធសាសនា  ប្រសិនបើអ្នកធំបែបទេវតាក្រៅតម្រា  ជាអ្នកធំដែលសម្លឹងរកតែគ្រឿងលាភ សក្ការៈ តង្វាយសំណែន សែនបួងសួង ហាក់បីដូចគ្រឿងសំណូកសូកប៉ាន់  ការអែបអប រណែបរណប លិតដៃលិតជើង ត្រូវការឲ្យមនុស្សអ្នកតូច  ធ្វើអ្វីដើម្បីផ្គាប់ចិត្ត ជាដើម  ចាត់ថាជាទេវតារង់ចាំគ្រឿងសែន ហៅថា ទេវតាសំណែន

តើទេវតាបែបព្រះពុទ្ធសាសនានោះយ៉ាងណា ?  ទេវតាបែបព្រះពុទ្ធសាសនាគឺជាទេវតាដែល សម្លឹងត្រួត ពិនិត្យមើល​ថា  នរណាធ្វើសេចក្ដីល្អខ្លះ អ្នកដែលធ្វើអំពើល្អ​ក៏នឹងចូលទៅ​ជួយ​គំាទ្រ  មិនត្រូវការនរណាមកអែបអប ផ្គាប់ចិត្តទេ

ដូចក្នុងរឿងមហាជនក បានឆ្លុះបញ្ចំាងឲ្យឃើញច្បាស់​ហើយអំពី​តំណែង តួនាទីរបស់អ្នកដឹនាំ ​ពោលគឺ អ្នកធំក្នុងទស្សន:​ពុទ្ធសាសនា​យ៉ាងណា ទេវតាដែលល្អត្រូវសម្លឹង រំពៃប្រមើលមើល​មនុស្សដែល​ធ្វើល្អ ហើយទៅជួយដោយខ្លួនឯង មិនមែនរង់ចំាឲ្យមនុស្ស​ទៅសុំ​អង្វរករ ឬក៏បួងសួង សែនព្រេនផ្គាប់ចិត្តទេ  ព្រោះហេតុនោះ អ្នកដឹកនាំ ឬ អ្នកធំក៏ដូចគ្នា ប្រសិនបើយកគតិតាមទេវតាសំណែន​នោះ  តទៅអ្នកដឹកនាំប្រទេសជាតិយើងក៏នឹងមានតែទេវតាអាក្រក់ បំផ្លាញសង្គមជាតិ គឺ រង់ចាំទទួលយកតែការអែបអប   ផ្គាប់ចិត្ត លើកបញ្ចើតបញ្ចើប៉ុណ្ណោះ ប្រសិនបើបដិបត្តិឲ្យបានត្រឹមត្រូវតាមគោលគន្លងនៃព្រះពុទ្ធសាសនា ប្រទេសជាតិយើងក៏នឹងមានអ្នកដឹកនាំក្នុងសង្គមប្រភេទទេវតាល្អ សម្លឹងចំាឃ្លំាមើលការធ្វើសេចក្ដីល្អរបស់មនុស្ស អ្នកតូច ហើយលើក​តម្កើង ជួយគាំទ្រទង្វើនោះ

សេចក្ដីនេះប្រៀបដូចជាចរន្តនៃបដិច្ចសមុប្បាទធម៌ ប្រទាក់ក្រឡាគ្នា​ជាប្រព័ន្ធ ប្រសិនបើមនុស្សនោះ រង់ចាំសង្ឃឹមលើទេវតា បួងសួង​បូជា បន្ទាប់មក សង្គមមនុស្សក៏មានតែ​ទេវតាប្រភេទចូលចិត្ត​គ្រឿង​តង្វាយ  សំណែនសែនសូក បង្កអំពើស៊ីសំណូក សូកប៉ាន់ ទុច្ចរិត ពុករលុយ ទាញយកសេចក្ដីវិនាស  ហិនហោចមកឲ្យនៅ​កាន់តែ​ជិត​មនុស្ស  ហើយទេវតាល្អ ៗ ដែលនឹងបម្រុងមកជួយ ជាអ្នកមាន​គុណធម៌ ក៏នឹងរត់ចោលយើងបាត់អស់ ឬអាចចូលមកមិនដល់  ព្រោះមានទេវតាអាក្រក់ច្រើនពេក ចំាទារស៊ីសំណែន​មិនទាន់បាត់​ស្រេកឃ្លាន   មនុស្សត្រូវសែនឲ្យវាស៊ីរហូតទាល់តែនឹងស្លាប់ខ្លួន  វានឹងក្លាយជាចរន្តវដ្ដចក្របែបនេះ

ពេលទេវតាមករង់ចាំតែគ្រឿងសែនហើយស៊ី  ទើបជួយនោះ ក៏រឹតតែ​ធ្វើឲ្យមនុស្សកាន់តែយកគ្រឿងសែន បួងសួងមកកាន់តែច្រើនឡើង ហើយទេវតាក៏ជួយដោយសម្លឹងឃើញគ្រឿងសែន សំណូកសូក​ប៉ាន់​នោះ មិនមែនជួយ​ព្រោះសម្លឹងឃើញ​សេចក្ដីល្អរបស់មនុស្សទេ  ទីបំផុត មនុស្សក៏នាំគ្នារអ៊ូរទំាថា ធ្វើល្អហើយក៏មិនបានល្អ មនុស្ស​អាក្រក់ ធ្វើបាប ប្រព្រឹត្តអំពើពុករលួយ ទុច្ចរិត ត្រឡប់ជា​បានល្អ ឯអ្នកល្អក៏ជួបគ្រោះវិបត្តិ វិប្បិរិតក្ដៅក្រហាយស្ទើរគ្រប់ទីកន្លែង  ដូច្នោះ ត្រូវសិក្សា ស្រាវជ្រាវ រាវរកវិធីសាស្រ្តដើម្បីកម្ចាត់ បំផ្លាញចោលនូវចរន្តបដិច្ចសមុប្បាទអាក្រក់បែបនេះចេញ

ក្នុងសង្គមខ្មែរសព្វថ្ងៃនេះ ក៏ដូចគ្នា ពេលអ្នកដឹកនាំ ឬអ្នកធំរង់ចាំតែ​ការផ្គាប់ចិត្ត រណែបរណប អែបអបហើយ ក៏ជាហេតុធ្វើឲ្យអ្នកតូច​មិន​ចូលចិត្តធ្វើការងារ ប្រើតែអណ្ដាតលិតដៃលិតជើងអ្នកដឹកនាំ អ្នកតូចចូលចិត្តផ្គាប់ចិត្តអ្នកធំ បន្ទាប់មក សង្គមក៏មានតែអ្នកដឹកនាំ ឬអ្នកធំដែលរង់ចាំតែការផ្គាប់ចិត្តរបស់អ្នកតូច វាជាចរន្តវិលវល់​ច្រំដែល​ជាប្រព័ន្ធបែបនេះ មុជមិនជ្រៅទៅមិនឆ្ងាយដូចសង្គមដទៃ សង្គមជាតិត្រូវជាប់ខ្នោះគាំងនៅនឹងកន្លែង  ហើយប្រជាជនក៏​មិន​អាចមើលឃើញស្រមោលនៃសេចក្ដីសុខ ឬសន្តិភាពបាន​ពិតប្រាក​ដទេ ទោះបីខំអួតអាងថា នឹងអភិវឌ្ឍអ្វីឬរក្សាការពារសន្តិភាព​បែប​ណាក៏គ្មានប្រយោជន៍ឡើយ ប្រសិនបើមិននាំគ្នាដោះស្រាយ កម្ចាត់ចរន្តមេរោគបំផ្លាញសង្គមជាតិប្រភេទនេះឲ្យអស់ទេនោះ ទំាងអស់នេះជារឿងរាវ ដើម្បីបានជាគតិទាក់ទងនឹងទេវតា

សរុបសេចក្ដីមក ឥណ្ឌាជាដែនដីនៃសែនកោដិទេវតា ព្រោះក្នុ្ងសម័យមុនពុទ្ធកាលនោះ ទេវតាមានអំណាច ឥទ្ធិពលខ្លំាង ជាចៅហ្វាយរបស់មនុស្ស លុះមកដល់សម័យពុទ្ធកាល ព្រះសម្មាសម្ពុទ្ធបានធ្វើឲ្យទេវតាបន្ទាបខ្លួនមកធ្វើជាមិត្តរបស់មនុស្ស  មករស់នៅជាមួយនឹងមនុស្សប្រៀបដូចជាញាតិសន្តាននឹងគ្នា

ប៉ុន្តែក្រោយពុទ្ធកាល​មកមិនយូរប៉ុន្មាន មិច្ឆាទស្សនៈរឿងទេវតា ក៏ចាប់កកើតមានចំនួនច្រើនឡើង ៗ ជាលំដាប់ហើយក៏មាន​អំណាច​ឥទ្ធិពលខ្លំាងរហូតដល់ទីបំផុត សូម្បីតែព្រះពុទ្ធជាម្ចាស់​ក៏ក្លាយជា​ព្រះនារាយណ៍អវតារមួយអង្គទៅ  កាលបើព្រះពុទ្ធជាម្ចាស់​បានត្រឹម​តែ​ជាអវតារមួយរបស់ព្រះនារាយណ៍ លទ្ធផលចុងក្រោយ សាសនាព្រាហ្មណ៍ក៏ប្រៀតប្រៀន រុញច្រានព្រះពុទ្ធសាសនាឲ្យធ្លាក់ខ្ចាត់ព្រាត់ចេញពីប្រទេសឥណ្ឌាទៅ ដូចដែលបានឃើញសភាពជាក់ស្ដែងក្នុងបច្ចុប្បន្ននេះ

មូលហេតុដូច្នោះ សូមឲ្យជួយគ្នាត្រិះរិះ គិតពិចារណាថា តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យយើងប្រព្រឹត្តបដិបត្តិបានត្រឹមត្រូវក្នុងរឿងទេវតាជាដើម  ដែលមានន័យដល់ ការបដិបត្តិចំពោះការរស់នៅជាមួយគ្នាក្នុងសង្គមកម្ពុជារវាងអ្នកដឹកនាំអ្នកធំ និងប្រជាជនអ្នកតូច កាលបើយើងទំាងអស់គ្នាបានប្រព្រឹត្តបដិបត្តិឲ្យមានតម្លាភាពល្អហើយ ប្រជាជនខ្មែរនឹងស្រឡាញ់ចូលចិត្តទេវតាជាអ្នកដឹកនាំប្រភេទមានគុណធម៌របស់សង្គមជាតិតទៅ ។

********************************

ព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ

ព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា​ ៨ ប្រយោគ

loading…

366 total views, 2 views today

Facebook Comments