ប្រែលោតប្រយោគ បរាភវសូត្រ ២

ប្រែលោតប្រយោគ (សទ្ទត្ថន័យ)

៩៣. ឥតិ ហេតំ វិជានាម     បឋមោ សោ បរាភវោ

       ទុតិយំ ភគវា ព្រូហិ     កឹ បរាភវតោ មុខំ ។

[ទេវតា រីទេវតាទ. បុច្ឆឹសុ ទូលសួរហើយ ភគវន្តំ នូវព្រះដ៏មានព្រះភាគជាម្ចាស់] ថា

៩៣. ហិ ក៏ (មយំ) រីខ្ញុំព្រះអង្គទ. វិជានាម រមែងជ្រាបច្បាស់ តំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសនុះ ឥតិ តាមដែលព្រះអង្គត្រាស់មកយ៉ាងនេះ (តេសុ បរាភវមុខេសុ) ក្នុងចំណោមហេតុនៃសេចក្តីវិនាសនោះ (អម្ហេហិ បុច្ឆិតេសុ) ដែលខ្ញុំព្រះអង្គទ.ទូលសួរហើយ សោ បរាភវោ រីហេតុនៃសេចក្តីនោះ (ហោតិ) រមែងជា បឋមោ ជាហេតុដំបូង (តាវ) សិន ។

ភគវា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ (ត្វំ) រីព្រះអង្គ ព្រូហិ សូមត្រាស់ប្រាប់ ទុតិយំ (បរាភវំ) នូវហេតុនៃសេចក្តីវិនាសទី ២ ថា កឹ រីអ្វី (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ (បុរិសស្ស) នៃបុគ្គលវិនាស (ឥតិ) ដូច្នេះ (ឥតិ) ដូច្នេះ ។

៩៤. អសន្តស្ស បិយា ហោន្តិ              សន្តេ ន កុរុតេ បិយំ

        អសតំ ធម្មំ រោចេតិ           តំ បរាភវតោ មុខំ ។

[ភគវា រីព្រះដ៏មានព្រះភាគជាម្ចាស់ វិស្សជ្ជេសិ ទ្រង់ដោះស្រាយហើយ] ថា

៩៤. អសន្តោ រីអសប្បុរសទ. ហោន្តិ រមែងជា បិយា ជាទីស្រឡាញ់ អស្ស បរាភវតោ បុរិសស្ស របស់បុគ្គលវិនាសនោះ ន កុរុតេ តែងមិនធ្វើ សន្តេ នូវសប្បុរសទ. បិយំ ឲ្យជាទីស្រឡាញ់ រោចេតិ តែងចូលចិត្ត ធម្មំ នូវធម៌ អសតំ របស់អសប្បុរស តំ (អសន្តបិយតាទិ ទោសជាតំ)  រីទោសជាតមានភាវៈនៃបុគ្គលជាទីស្រឡាញ់របស់អសប្បុរសជាដើមនោះ (ហោតិ) រមែងជា មុខំ ជាហេតុ បរាភវតោ បុរិសស្ស នៃបុគ្គលវិនាស ឥតិ ដូច្នេះ ឥតិ ដូច្នេះ ។

អធិប្បាយសព្ទ

ឥតិ = យថាវុត្តំ តាមដែលត្រាស់មកយ៉ាងនេះ

អសន្តស្ស កាត់បទជា អសន្តោ និង អស្ស

ន កុរុតេ = ន សេវតិ មិនសេពគប់

បរាភវតោ = បរាភវន្តស្ស  

ធម៌ នៅទីនេះ សំដៅដល់ ទិដ្ឋិ ៦២​ និង អកុសលកម្មបថ ១០ ។

ប្រែដោយអត្ថ (វោហារត្ថន័យ)

[ពួកទេព្តាបានទូលសួរព្រះដ៏មានព្រះភាគជាម្ចាស់] ថា

៩៣.ពួកខ្ញុំព្រះអង្គជ្រាបច្បាស់ហេតុនៃសេចក្តីវិនាសនុះតាមដែលព្រះអង្គត្រាស់​ប្រាប់មកយ៉ាងនេះ បណ្តាហេតុនៃសេចក្តីវិនាសដែលពួកខ្ញុំព្រះអង្គទូលសួរនោះ ហេតុនៃសេចក្តីវិនាសនោះចាត់ជាហេតុដំបូងសិន ។

បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ សូមព្រះអង្គត្រាស់ប្រាប់ហេតុនៃសេចក្តីវិនាសទី ២ ថា អ្វីជាហេតុនៃបុគ្គលវិនាស ។

ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បានដោះស្រាយថា

៩៤.បុគ្គលវិនាសនោះរមែងស្រឡាញ់ពួកអសប្បុរស មិនសេពគប់ស្រឡាញ់​ពួកសប្បុរស ចូលចិត្តធម៌របស់អសប្បុរស ទោសជាតមានភាពជាអ្នកស្រឡាញ់អសប្បុរសជាដើមនោះរមែងជាហេតុនៃបុគ្គលវិនាស ។

ធម៌ នៅទីនេះ សំដៅដល់ មិច្ឆាទិដ្ឋិ ៦២ និង អកុសលកម្មបថ ១០ ។

loading…

192 total views, 2 views today

Facebook Comments