យកឆ្នាំថ្មីជាឱកាស យកឆ្នាំចាស់ជាមេរៀន

យកឆ្នាំថ្មីជាឱកាស យកឆ្នាំចាស់ជាមេរៀន

ព្រះពុទ្ធត្រាស់ថា ការកើតជាមនុស្សចាត់ជាការកើតបានដោយកម្រ

ការកើតជាមនុស្សចាត់ជាឱកាសសំខាន់បំផុតក្នុងការសាងបារមីឲ្យដល់ជីវិត ក្នុងរង្វង់គោចរនៃសង្សារវដ្ត មិនប្រាកដថា យើង​មាន​ឱកាសបានកើតជាមនុស្សណាស់ ពេលខ្លះក៏កើតក្នុងអបាយភូមិ ពេលខ្លះក៏កើតក្នុងទេវភូមិ ប៉ុន្តែមនុស្សភូមិនេះប្រសើរ​ជាងភពភូមិ​ដទៃក្នុងការសាងបុណ្យបារមី ហេតុនេះ ការបានអត្តភាពជា​មនុស្ស​ហើយទើបមិនគួរប្រមាទក្នុងជីវិត ។

អ្នកខ្លះកើតមកហើយមានឱកាសប្រសើរជាងអ្នកដទៃ ប៉ុន្តែត្រឡប់​ជា​បំផ្លាញភាពជាមនុស្សរបស់ខ្លួនឯងក្នុងខណៈដែលអ្នកខ្លះ​ខ្វល់​ខ្វាយកសាងសន្សំបុណ្យបារមីដើម្បីប្រស់ព្រំជីវិតនេះឲ្យពេញលេញ ។

លើលោកនេះ ឃើញមានតែរបស់គ្រើម របស់រឹង ឬ របស់ច្រាញ មានសភាពមិនទៀងទាត់តាមកាលវេលា ផ្ទុយទៅវិញ ធម្មជាត គឺ ចិត្តប៉ុណ្ណោះទើបល្អិតល្អន់និងអាចសន្សំទុកនូវបុណ្យបារមីបាន ចិត្តចក្រវាលមានវិសាលគមធំធេងជាងសុរិយចក្រវាល ព្រោះសុរិយចក្រវាលពោរពេញទៅដោយរបស់គ្រើម របស់រឹង ឬ​ របស់​ច្រាញមានរូបរាង ប៉ុន្តែចិត្តចក្រវាលជាធម្មជាតល្អិតជ្រាលជ្រៅ ជានាមធម៌ សម្លឹងមើលដោយភ្នែកទទេមិនឃើញ ប៉ុន្តែមាន​អានុភាព​ខ្លាំងក្លាក្រៃលែង មានការធ្វើដំណើរទៅបានឆ្ងាយ រហ័សរហួន មួយប៉ព្រិចភ្នែកក៏ដល់គោលដៅ ។

ការដែលកម្មត្រូវសន្សំទុកក្នុងចិត្ត ស្មើនឹងចិត្តមានកម្មជាស្បៀង ពោលគឺ ជាកម្លាំងកំណត់ទិសទៅរបស់ចិត្តថានឹងទៅកាន់ទីខ្ពស់ ឬ ទីទាប ប្រសិនបើចិត្តសន្សំទុកកម្មអាក្រក់ច្រើនជាង កម្លាំងបាប​ក៏រុញ​ច្រានចិត្តឲ្យស្ទុះទៅកើតក្នុងអបាយភូមិ ប៉ុន្តែបើចិត្ត​សន្សំ​ទុកកម្ម​ល្អ​ច្រើនជាង កម្លាំងបុណ្យក៏រុញច្រានចិត្តឲ្យ​ស្ទុះទៅ​កើត​ក្នុងសុគតិភូមិ ដូចជា កើតជាមនុស្សមានរូបសម្បត្តិល្អ មានសតិ​បញ្ញាល្អ មាន​ទ្រព្យ​ជាដើម ។

ដើម្បីផុតរង្វង់គោចរនៃសង្សារវដ្ត ផុតភពភូមិនៃត្រៃលោក ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្រៀនវិធីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន​ដែល​ជាគោលដៅខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា និព្វាន បើកម្រិតសង្គម គឺ សុខសន្តិភាព បើកម្រិតបរមត្ថ មានន័យថា ធ្វើសភាពដែលកិលេស កម្ម វិបាក ឲ្យមានតម្លៃជាសុញ្ញាកាស ចិត្តក្នុងសភាពនិព្វានគ្មានការតាក់តែងដោយកិលេស កម្ម និង វិបាកទេ គួរនាដូចជាភ្លើងក្នុងអណ្តាត​ទៀន​ឆេះ​ទ្រោលបានព្រោះ​តុល្យភាពនៃអាកាស ប្រេង និងប្រឆេះ បើអស់អាកាស ប្រេងនិង​ប្រឆេះហើយ ភ្លើងក៏ឆេះទ្រោលទៀតមិនបាន ។

សភាពនិព្វាន បានដល់ សភាវៈដែលកម្មទាំងពួងជាអហោសិ គឺ  គ្មានផលឆ្លងភពភូមិតទៅទៀត ។

កម្មនិងការឲ្យផលរបស់​កម្ម​ត្រូវត្រដោះចោលដោយទង្វើសមមូល​របស់ក្រិត្យក្រមនៃធម្មជាតិតាមគោលត្រៃលក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា និង ធាតុ ៤ គឺ ដី ទឹក ភ្លើង ខ្យល់ ។

នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៧ នេះ សូមឲ្យប្រជាជនកម្ពុជា​ទូទាំង​សកលលោកធ្វើអំពើល្អទៅរកគ្នា និង កាត់បន្ថយកម្មពៀរវេរា​រវាង​គ្នា​និងគ្នាដើម្បីសម្រេច​គោលបំណង គឺ សុខសន្តិភាពក្នុងចំណោម​ជន​ជាតិ​ខ្មែរតរៀងទៅ ។

               កំណាព្យជូនពរនាឱកាសឆ្នាំថ្មី ២០១៧

២០១៧ ឆ្នាំថ្មីមកដល់               ពិចារណ៍ឈ្វេងយល់មង្គលជីវិត

ដឹងស្គាល់បញ្ហាដែលកើតមានពិត    ស្រាយដោយគំនិតឥតធ្វេស​ប្រហែស ។

 ដឹងថាអ្វីទៅជាហេតុនៃទុក្ខ           បញ្ហាគ្រប់មុខដែលបានចាក់ស្រែះ

រួបរឹតច្របាច់ជីវិតពេកណាស់       យល់ប្រភពច្បាស់ដោយបញ្ញាវៃ ។

ឆ្នាំថ្មីវឹងវិលមកជួយរំឭក                  ដាស់តឿនចិត្តស្ពឹកឲ្យនឹកប្រពៃ

និយាយល្អ ធ្វើល្អឲ្យជានិស្ស័យ         នាំជីវិតថ្មីឲ្យថ្លៃជាងមុន ។

២០១៧ ឆ្នាំថ្មីនេះណា                   អស់ជនខេមរាកុំនៅទម្រន់

តស៊ូពុះពារការងារស្រាលធ្ងន់          កង្វល់ឆ្នាំមុនត្រូវតែរលាយ ។

ឆ្នាំថ្មីពួតដៃព្រមព្រឺសប្រមុំ               ប្រមូលចងក្រុមជួបជុំមិនរាយ

សហការស្រុះស្របទាំងចិត្តទាំងកាយ    ការងារទាំងឡាយត្រូវតែ​សម្រេច ។

  សិរីសួស្តីមានដល់ខេមរា                ក្សេមក្សាន្តគ្រប់គ្នានាឆ្នាំដំណាច់

ដំណើរជីវិតសម្បូរសម្បាច់              គ្រប់គ្នាសម្រេចគោលដៅទៅ​ហោង ។

បាងកក ៣០ ឆ្នូ ២០១៦

ព្រះមហាភិរម្យ សុវណ្ណបញ្ញោ

1,107 total views, 2 views today

Facebook Comments