សង្ខេបរឿងសាមកុក

សង្ខេបរឿងសាមកុក

ហេតុការណ៍ក្នុងសាមកុកបាន​ចាប់ផ្តើមឡើងតាំងពីសម័យព្រះចៅឡេនតេ មហាក្សត្រអង្គទី ១១ នៃរាជវង្សហ័ន(Han Dinasty) គ្រងរាជ្យក្នុង គ.ស.១៦៧ ពេលនោះ អាមាត្យខ្ទើយវាតទី​អំណាច​ក្នុងរាជ​សម្នាក់ ប្រទេសជាតិកើតចលាចល ព្រោះមហាក្សត្រ​មិន​តាំងនៅក្នុងគុណធម៌ ផ្ទុយទៅវិញ ទ្រង់ត្រចៀកស ជឿ​ស្តាប់​ជនពាល ជាពិសេស ពួក​អាមាត្យ​ទាំង ១០ មន្រ្តីអាក្រក់បានល្អ មន្ត្រីល្អបានអាក្រក់ ប្រជាជន​រងការជិះ​ជាន់ ទុក្ខក្តៅ​ក្រហាយ​សព្វកន្លែង ព្រោះ​ហេតុ​នោះ ទើបកើតឧទ្ទាមឈ្នួតលឿង​ឡើង​ទូទាំងនគរ តាមពិត ឧទ្ទាមទាំងនេះ គឺជា​ចលនា​បដិវត្តន៍​ប្រជាជនដែលត្រូវការរើបម្រះ​ចេញពី​នឹមត្រួតត្រារបស់​អ្នកដឹកនាំអាក្រក់ និមិត្តសញ្ញានៃ ការតស៊ូ គឺ ឈ្នួត​លឿង (Yellow Turban) អ្នកដឹកនាំចលនា គឺ ទៀវកុក ជាអ្នកផ្តួច​ផ្តើម​គំនិតជួយ​ប្រជាជន​ឲ្យ​ដោះ​នឹម​ចេញ​ពីរបបគ្រប់គ្រងអាក្រក់ ចលនាបដិវត្តន៍ប្រជាជននេះ​ចាប់​ផ្តើម​មាន​ចំនួន​ច្រើន​ឡើងជា​រឿយ ៗ ពាសពេញផ្ទៃ​ប្រទេស​រហូតដល់អំណាចរាជសម្នាក់រង្គោះរង្គើ

ក្នុង​កំលុង​​​កលិយុគនោះ វីរបុរស ៣ នាក់ គឺ ឡៅពី កួនអ៊ូ ទៀវហ៊ុយ បានធ្វើពិធី​សម្បថ​ជា​បង​ប្អូន​ស្លាប់​រស់​ក្នុងចម្ការព្រួន​ដើម្បី​តស៊ូរំដោះ​ប្រទេស​ជាតិ​ក្នុង​គ.ស. ១៨៤ ។

បរាជ័យនៃចលនាបដិវត្តន៍

ចំណេរកាលតមក ដោយសារការពួតដៃគ្នារបស់ចលនាស្ម័គ្រចិត្តពីភូមិភាគផ្សេង ៗ និងមន្រ្តីមួយ​ចំនួន គាប់​ជួន​នឹងទៀវកុកបាត់បង់ជីវិត ហើយក្រុមបដិវត្តន៍ឈ្នួតលឿងកើតជម្លោះផ្ទៃក្នុង ភាគីរដ្ឋទើប​អាច​បង្រ្កាប​ចលនា​នោះ​បានយ៉ាងរាបទាប ក្រុមបដិវត្តន៍ឈ្នួតលឿងឬដែលភាគីរដ្ឋហៅថា ឧទាម​ឈ្នួត​លឿង ក៏ដល់​ចំណុច​អវសាន ។

បញ្ហាមិនទាន់ចប់ទេ កាលដែលព្រះចៅឡេនតេប្រឈួនខ្លាំងនិងក្ស័យព្រះជន្ម ពួកអាមាត្យខ្ទើយ​កាន់​តែ​ឆ្មើង​កន្រ្ទើង​ឡើងក្នុងរាជវាំង ហោជិន ជាអ្នកកាន់ទាហានក្នុងវាំង សម្រេចចិត្តដោះស្រាយបញ្ហាដោយការ​កោះហៅមេទ័ពពីភូមិភាគផ្សេង ៗឲ្យចូលមករាជធានីដើម្បីបង្រ្កាបពួកអាមាត្យខ្ទើយទាំង ១០ ទោះបីត្រូវ​ជំទាស់​យ៉ាង​ខ្លាំង​ពីចូឆូ​ដែលកាលនោះជាមន្រ្តីថ្នាក់ទាបយ៉ាងណាក៏ដោយ ។

បីសាចបង្ហាញកាយ

តាំងតុះជាចៅហ្វាយក្រុងស៊ីលៀង ជាជនដំបូងដែលលើកទ័ពមកដល់រាជធានី ហើយត្រូវហោជិន​បើក​ផ្លូវឲ្យចូលក្រុងបាន ដោយសន្តានកក្ខឡៈ តាំងតុះក៏ឆក់ឱកាសក្តោបក្តាប់អំណាចក្នុងរាជសម្នាក់ និង​ធ្វើកក្ខឡកម្មជាច្រើន គំរាមកំហែងមន្រ្តីល្អ សម្លាប់មនុស្សយ៉ាងរង្គាល យកនាងស្នំរបស់​ព្រះចៅឡេនតេមក​បំពារ​​បំពាន​តាមអំពើចិត្ត ។

នៅទីបំផុត តាំងតុះក៏ប្រើអំណាចទម្លាក់ហង់ជូពៀនជាព្រះរាជបុត្រ​ច្បងហើយតាំងហង់ជូយៀប​ជា​ក្សត្រ​​វិញនៅគ.ស.១៨៩ ។

ចូឆូត្រូវការបង្រ្កាបតាំងតុះទើបរួបរួមកងទ័ពទាំង ១៨ នគរ តាំងតុះកាលឃើញថា មិនអាចតស៊ូ​បាន ក៏ដុតក្រុងឡុកអៀងចោលហើយផ្លាស់ទៅនៅក្រុងតៀងអាន់នៅគ.ស. ១៩០ ចំណែកឯមេទ័ពទាំង ១៨ នគរបាន​បាក់​​បែក​ឈ្លោះប្រកែកគ្នា ទើបមិនអាចបង្រ្កាបតាំងតុះបាន ។

ល្បិចស្រីឈ្នះអ្វីគ្រប់យ៉ាង

តមក អងអ៊ុនបានប្រើល្បិចស្រីស្អាតដោយឲ្យនាងតៀវសៀនជាកូនធម៌ស្រឡាញ់លិប៉ោផង ស្រឡាញ់​តាំងតុះផង រហូត​​ដល់អ្នកទាំងពីរ​ឈ្លោះ​​ប្រកែកគ្នាដណ្តើមនាង នៅទីបំផុត លិប៉ោក៏សម្លាប់តាំងតុះចោល ចាត់ជាការបិទ​ឆាក​ជន​ផ្តាច់​ការ​​តាំងតុះដែលត្រូវមហាជន​ជេរប្រមាថ​ទូទាំងនគរ ។

ក្រោយពីយុគសម័យតាំងតុះ អងអ៊ុនបានក្តាប់អំណាចក្នុងរយៈពេលខ្លី តមក ក៏ចាញ់ល្បិចលីឆុយ កុយគី ជាអតីតៈដៃស្តាំរបស់តាំងតុះ ផែនដីទើបស្ថិតនៅក្នុងកណ្តាប់ដៃចោរម្តងទៀត លុះលីឆុយ កុយគីបាក់​បែក​ឈ្លោះប្រកែកគ្នា ព្រះចៅហៀនតេទើបយាងត្រឡប់ទៅក្រុងឡុកអៀង និងហៅចូឆូឲ្យចូលមកក្នុងនគរ​ថ្វាយ​ការរក្សាការពារ ចូឆូចូលក្តាប់ស្ថានការណ៍ក្នុងរាជធានីបាន ចលាចលទើបស្ងប់ស្ងាត់ ចូឆូទើបយាង​ព្រះចៅ​ហៀនតេទៅក្រុងហ៊ូតូជារាជធានីថ្មីនៅគ.ស.១៩៦ ។

អួនសៀវពង្រីកឥទ្ធិពល

សម្រាប់ស្ថានការណ៍ក្នុងទីក្រុងភាគខាងជើង អួនសៀវជាមេទ័ពសក្តិភូមិដែលមានឥទ្ធិពលបំផុត​បានប្រយុទ្ធ​ឈ្នះកងស៊ុនចានជាមិត្រចាស់របស់ឡៅពី ហើយបានគ្រប់គ្រងដែនដីភាគខាងជើងស្ទើរទាំងស្រុង​នៅគ.ស. ១៩៩ ។

ក្រោយមក ស៊ុនសេកជាចៅពញានៃនគរកាំងតាំងដែលមាននាមថា សៀវប៉ាអង អ្នករួបរួម ៨១​ នគរភាគខាងកើតនៃទន្លេយែងស៊ីកៀងជាឯកភាព និងដែលបានសាងអាណាចក្ររបស់ខ្លួនឯងឡើង បានត្រូវ​កូន​​ទាហាន​​លបធ្វើឃាត ស៊ុនកួនជាប្អូនប្រុសទើបឡើងកាន់តំណែងជំនួសនៅគ.ស. ២០០ ។

(ឆាវឆាវ) ចូឆូឈ្នះអួនសៀវ

ក្នុងឆ្នាំដដែល ចូឆូបានប្រយុទ្ធឈ្នះអួនសៀវក្នុងសមរភូមិកួ-ត ដ៏ល្បីល្បាញ ទោះបីចូឆូមានកម្លាំងទ័ពតិច​ជាងអួន សៀវដល់ទៅ ១ ភាគ ១០ ធ្វើឲ្យចូឆូកាន់កាប់ដែនដីភាគខាងជើងស្ទើរទាំងស្រុងនៅគ.ស. ២០០ ក្លាយជាមេទ័ពលេខមួយជំនួសអួន សៀវ ដោយបានទទួលកម្លាំងទ័ពបន្ថែមជាច្រើន មុនពេលពង្រីកឥទ្ធិពល​បន្តទៅ​បង្រ្កាបមេទ័ពល្បីជាច្រើនទៀត ដូចជា អួន ស៊ុត លីប៉ោ ជាដើម ហើយបានគ្រប់គ្រងភូមិភាគខាង​ជើង​ទាំងស្រុងនៅគ.ស.២០៧ ។

 

84 total views, 2 views today

Facebook Comments