សង្គមត្រូវផ្លាស់ប្តូរ ជំហរត្រូវប្រែប្រួល

ធម្មជាតិទាំងពួងទាំងជីវវត្ថុនិងអជីវវត្ថុត្រូវប្រែប្រួលទៅជារឿយ ៗដោយឥតឈប់ឈរ ពាក្យថា​ ធម្មជាតិទាំងពួង បានដល់ អ្វីៗដែលមានជីវិតនិងឥតជីវិត មនុស្ស សត្វ ជាដើមហៅថា ជីវវត្ថុ គឺ វត្ថុដែលមានជីវិត រុក្ខជាតិ ផ្ទះសម្បែង  ជាដើម ហៅថា អជីវវត្ថុ គឺ វត្ថុដែលឥតជីវិត  ការដែលហៅថា មានជីវិត ព្រោះអាចដកដង្ហើម និង សោយដឹងអ្វីៗបានដោយចិត្ត និយាយរួមថា អ្វីៗដែលមានជីវិត សំដៅដល់ អ្វីៗដែលមានវិញ្ញាណគ្រប់គ្រងនោះឯង ដែលហៅជា​ភាសាបាលីថា ឧបាទិន្នកសង្ខារ

ការដែលហៅថា ឥតជីវិត ព្រោះមិនអាចដកដង្ហើមនិងសោយដឹង​អ្វីៗបានដោយចិត្ត និយាយរួមថា​ អ្វីៗដែលឥតជីវិត សំដៅ​ដល់ អ្វីៗដែលគ្មានវិញ្ញាណគ្រប់គ្រងនោះឯង ដូចជា ដើមឈើ ផ្ទះសម្បែង ជាដើម ហៅជាភាសាបាលីថា អនុបាទិន្នកសង្ខារ ។  សារពើវត្ថុក្នុងលោកសុទ្ធតែកើតចេញពីការតាក់តែងផ្សំផ្គុំគ្នាទាំងអស់(សព្វេ សង្ខារា) កាលបើផ្សំផ្គុំគ្នាបានជារូបរាងហើយ រូបរាងនោះ​ក៏តាំង​នៅជាបណ្តោះអាសន្ន នាខណៈដែលរូបរាងតំាងនៅនោះ ស្ថានភាពនៃរូបរាងក៏ប្រែប្រួលផ្លាស់ប្តូរទៅជាលំដាប់ ប្រែប្រួល​ចេញ​ពីថ្មីឬក្មេងទៅជាចាស់គ្រាំគ្រាំឬសឹករិចរិល ពាក្យថា ចាស់គ្រាំគ្រាំ សឹករិចរិល ទ្រុឌទ្រោមសុទ្ធតែជាសញ្ញាបង្ហាញឲ្យឃើញថាសង្ខារ​ទំាំងពួង​មិនបានឈរឈប់នៅនឹងកន្លែងដើមទេ ត្រូវហូរទៅតាម​ក្រសែនៃធម្មជាតិ ។

ពាក្យថា សង្ខារ សំដៅដល់ គ្រឿងផ្សំផ្គុំគ្រប់ប្រភេទ ផ្ទះសម្បែងដែល​មនុស្សនៅអាស្រ័យក៏ហៅថា សង្ខារ ដែរ ព្រោះផ្ទះសម្បែង កើត​ចេញ​ពីការផ្សំផ្គុំគ្នានៃទព្វសម្ភារៈជាច្រើនមានឈើ ថ្ម ឥដ្ឋជាដើម ។

ฺពាក្យថា សង្គម ក៏មានអត្ថន័យស្រដៀងនឹងសង្ខារដែរ ព្រោះត្រូវ​ប្រមូល​ផ្តុំដោយហ្វូងមនុស្សឬសត្វលាយចម្រុះចូលគ្នាបានជា សហគមឬសង្គមឡើង កាលបើមនុស្សត្រូវរស់នៅរួមគ្នាច្រើន ត្រូវមានរបបគ្រប់គ្រងដែលបម្រើផលប្រយោជន៍របស់សមាជិក ដូចជា ការការពារ(protection) ការបន្តវេន(continuity) សន្តិសុខ(security) និង អត្តសញ្ញាណជាតិ(national identity) ជាដើម ។

របបគ្រប់គ្រងដែលសមាជិកសង្គមសាងឡើងក៏ដើម្បីបម្រើប្រយោជន៍សាធារណៈនោះឯង បើសមាជិករបស់សង្គមពិចារណាឃើញថា របបគ្រប់គ្រងចាស់នោះមិនបម្រើផលប្រយោជន៍រួមរបស់សមាជិកទេ សមាជិកសង្គមត្រូវតែផ្លាស់ប្តូររបបគ្រប់គ្រងចាស់បង់ម្សៀត​នោះ​ចោល ការផ្លាស់ប្តូររបបគ្រប់គ្រងចាស់ គឺ ការផ្លាស់ប្តូររបបជីវិតរបស់​សមាជិកខ្លួនឯង តាមធម្មតា​ ផ្ទះដែលចាស់ទ្រុឌទ្រោម បើយើងមិន​រុះរើ​ជួសជុលថ្មីទេ ផ្ទះនោះនឹងដួលរលំទៅនៅទីបំផុត គ្រោះថ្នាក់អាច​នឹងកើតឡើងដល់ ម្ចាស់ផ្ទះក៏បានដោយ​សារតែការដួល​រលំនៃផ្ទះ​នោះ ហេតុនោះបើម្ចាស់ផ្ទះត្រូវការផ្ទះថ្មី ត្រូវតែសម្រេចចិត្តរុះរើ​ផ្ទះ​ចាស់ចោល យ៉ាងណាមិញ របបគ្រប់គ្រងដែលចាស់​គំរិលដែល​មិន​ទាន់សម័យទំនើបសេរីនិយម បើឃើញថាមិនផ្តល់ផលប្រយោជន៍ សាធារណៈទូទៅទេ សមាជិករបស់សង្គមដែល​ជាអ្នកសាងរបប​គ្រប់​គ្រងនោះក៏ត្រូវតែសម្រេចចិត្តផ្លាស់ប្តូរបបនោះចោល ដើម្បីឈោង​យក​របបថ្មីដែលទាន់សម័យនិងទំនើបជាង ។

ការស៊ូទ្រាំនៅក្នុងផ្ទះចាស់កន្ត្រេកកន្ត្រាក គឺ ការស៊ូទ្រាំនៅ​ក្នុងសភាព​ដុន​ដាបក្រីក្រនោះឯង ដើម្បីកែប្រែវិថីជីវិតថ្មី គេចចេញពីសភាពដុន​ដាប​ក្រីក្រនោះ ម្ចាស់ផ្ទះត្រូវតែហ៊ានរុះរើផ្ទះចាស់កសាងផ្ទះថ្មី ដើម្បី​ការ​រស់នៅបានប្រសើរជាងមុន ។

ការផ្លាស់ប្តូរគឺជាចំណុចចាប់ផ្តើមនៃរបស់ថ្មីទំនើប ។ ការផ្លាស់ប្តូរគឺជារឿងធម្មតារបស់អ្វីៗទាំងពួង សមដូចព្រះតម្រាស់​ថា សព្វេ សង្ខារា អនិច្ចា អ្វីៗដែលកើតឡើងពីការ​ផ្សំផ្គុំគ្នា​សុទ្ធតែ​ប្រែ​ប្រួលទៅជារឿយ ៗ ប្រៀបដូចជាក្រសែទឹកដែលហូរចាក់បណ្តោយ​ទៅតាមដងអូរដូច្នោះ ។

បើសមាជិករបស់សង្គមមិនព្រមកែប្រែរបៀបរស់នៅរបស់ខ្លួនឯងទេ មានន័យថា សមាជិករបស់សង្គមនោះសុខចិត្តទ្រាំរស់នៅក្នុង​ស្ថាន​ភាព​ដុនដាបដដែលៗនោះទៅជារឿយ ៗ ទុក្ខក្តៅក្រហាយ​ក៏ចេះតែ​កើតឡើងដោយឥតស្រាកស្រាន្ត ជាការបដិសេធ​ក្រសែប្រែប្រួល​នៃ​ធម្មជាតិនៅជុំវិញខ្លួន ដើរផ្ទុយស្រឡះនឹង​ព្រះតម្រាស់ដែល​ព្រះសម្មា​សម្ពុទ្ធជាម្ចាស់ ត្រាស់ថា  សព្វេ សង្ខារា ទុក្ខា មានន័យថា  អ្វីៗទាំង​ពួង​ដែលផ្សំផ្គុំគ្នាសុទ្ធតែមិនស្ថិតនៅក្នុងស្ថានភាពដើមដដែល ៗ គឺ ផ្លាស់ប្តូរទៅជារឿយ ៗ ។

ហេតុនោះ ដើម្បីការរីកចម្រើននិងជីវភាពប្រសើរឡើង សមាជិក​របស់សង្គមត្រូវតែហ៊ានផ្លាស់ប្តូរជំហរឲ្យងាកចេញពីរបបគ្រប់គ្រង​ចាស់ដែលខ្វះតម្លាភាពនិងប្រសិទ្ធិភាពនោះចោល ។

 

loading…

1,200 total views, 1 views today

Facebook Comments