អធិប្បាយសព្ទ អដ្ឋកថាធម្មបទ ភាគ ១ ទំព័រ ៣ វគ្គ ១

អធិប្បាយសព្ទក្នុងធម្មបទដ្ឋកថា ភាគ ១

ទំព័រ ៣ វគ្គ ១

យមកវគ្គវណ្ណនា វាចាជាគ្រឿងពណ៌នានូវសេចក្តីនៃវគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងដ៏ជាគូ

.តតិយាតប្បុរិស មជ្ឈេលោប

យមកេន (វត្ថុនា សល្លក្ខិតោ ) វគ្គោ យមកវគ្គោ វគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងដ៏ជាគូ (លុប វត្ថុ និង សល្លក្ខិត)

.ឆដ្ឋីតប្បុរិស

យមកវគ្គស្ស អត្ថោ យមកវគ្គត្ថោ សេចក្តីនៃវគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងដ៏ជាគូ

វណ្ណនា វាចាជាគ្រឿងពណ៌នា

រូបវិគ្គហៈ កត្តុរូប កត្តុវាចក

វិ. វណ្ណេតិ ឯតាយាតិ វណ្ណនា (វាចា)

ប្រែថា បណ្ឌិតោ រីបណ្ឌិត វណ្ណេតិ តែងពណ៌នា ឯតាយ វាចាយ ដោយវាចានេះ ឥតិ ព្រោះហេតុនោះ អយំ វាចា រីវាចានេះ វណ្ណនា ឈ្មោះថាជាគ្រឿងពណ៌នា

.ឆដ្ឋីកម្មតប្បុរិស

យមកវគ្គត្ថស្ស វណ្ណនា យមកវគ្គវណ្ណនា (លុប អត្ថ)

 

ចក្ខុបាលត្ថេរវត្ថុ រឿងនៃព្រះថេរៈឈ្មោះថាចក្ខុបាល

.វិសេសនបុព្វបទ កម្មធារយ

ចក្ខុបាលោ ថេរោ ចក្ខុបាលត្ថេរោ ព្រះថេរៈឈ្មោះថាចក្ខុបាល

.ឆដ្ឋីតប្បុរិស

ចក្ខុបាលត្ថេរស្ស វត្ថុ ចក្ខុបាលត្ថេរវត្ថុ រឿងនៃព្រះថេរៈឈ្មោះថាចក្ខុបាល

មនោបុព្វង្គមា  មានចិត្តជាសភាវៈដល់មុន

ឆដ្ឋីពហុព្វីហិ

មនោ បុព្វង្គមោ យេសំ តេ មនោបុព្វង្គមា (ធម្មា)

មនោសេដ្ឋា មានចិត្តប្រសើរបំផុត

ឆដ្ឋីពហុព្វីហិ

មនោ សេដ្ឋោ យេសំ តេ មនោសេដ្ឋា (ធម្មា)

មនោមយា សម្រេចហើយអំពីចិត្ត

មយ-បច្ច័យក្នុងបកតិតទ្ធិ ជំនួសសព្ទថា និប្ផន្ន ប្រែថា សម្រេចហើយ

មនសា និប្ផន្នា = មនោមយា (ធម្មា)

កិរិយាកិតកៈ​ ត-បច្ច័យ

បទុដ្ឋ (ប + ទុស + ត) ដែលត្រូវទោសប្រទូស្តហើយ ផ្លាស់ ស និង ត ជា ដ្ឋ

តតោ តិវិធទុច្ចរិតតោ ព្រោះទុច្ចរិតដ៏មានប្រការ ៣ យ៉ាងនោះ

ទុច្ចរិត ៣ យ៉ាង គឺ កាយទុច្ចរិត វចីទុច្ចរិត និង មនោទុច្ចរិត

.ឆដ្ឋីពហុព្វីហិ

តយោ វិធា យេសំ តានិ តិវិធានិ (ទុច្ចរិតានិ)

.វិសេសនបុព្វបទ កម្មធារយ

តិវិធានិ ច តានិ ទុច្ចរិតានិ ចាតិ តិវិធិទុច្ចរិតានិ

តោ-បច្ច័យក្នុងវិភត្តិបច្ចយវិធាន គឺ វិធីរបស់បច្ច័យចុះក្រោយនាម ឬ សព្វនាម សម្រេចរូបជា តតិយាវិភត្តិខ្លះ បញ្ចមីវិភត្តិខ្លះ សត្តមីវិភត្តិខ្លះ នៅទីនេះចុះក្រោយនាម គឺ តិវិធទុច្ចរិត + តោ = តិវិធិទុច្ចរិតតោ ប្រែថា​ ព្រោះទុច្ចរិតដ៏មានប្រការ ៣ យ៉ាងនោះ ជាបញ្ចមីវិភត្តិ ។

 

អន្វេតិ អនុ + ឥ + តិ  រមែងទៅតាម ឬ រមែងអន្ទោលតាម

ព្រឹទ្ធិ ឧ ត្រង់ នុ ជា ឱ ហើយផ្លាស់ ឱ​ ជា អវ បានជា អន្វ ផ្លាស់ ឥ ធាតុ ជា ឯ បានជា អន្វេ ថែម តិ វត្តមានាវិភត្តិ សម្រេចរូបជា អន្វេតិ ប្រែថា រមែងទៅតាម ឥ-ធាតុ ប្រែថា​ ទៅ ប្រព្រឹត្តទៅ ដល់ ។

អន្ត-បច្ច័យក្នុងកិរិយាកិតកៈ

អន្វេន្តោ = អន្វ + អន្ត ប្រែថា កំពុងទៅតាម ឬ កាលទៅតាម

ពលិវទ្ទោ បុំ. គោមានកម្លាំងដ៏ចម្រើន

loading…

តទស្សត្ថិតទ្ធិត បច្ច័យ

ពលំ អស្ស អត្ថីតិ ពលី (គោណោ)

កម្លាំងរបស់គោនោះមាន ព្រោះហេតុនោះ គោនោះ ឈ្មោះថា តួមានកម្លាំង ។

វិសេសនុត្តរបទ កម្មធារយសមាស

ពលី ច វទ្ទោ ចាតិ ពលិវទ្ទោ គោមានកម្លាំងដ៏ចម្រើន

វហ-ធាតុ ប្រែថា នាំទៅ អូសទៅ ដឹកទៅ

អន្ត-បច្ច័យក្នុងកិរិយាកិតកៈ

វហ + អន្ត = វហន្តោ ចែកដូច ភវន្ត នៅទីនេះជាឆដ្ឋីវិភត្តិ​ ទើបមានរូបជា វហតោ

វហតោ = វហន្តស្ស កំពុងអូសទៅ ឬ កាលអូសទៅ

ភាស-ធាតុ ប្រែថា និយាយ សម្តែង ថ្លែង ពោល

ភាសតិ = ភាស + អ + តិ រមែងនិយាយ ភូវាទិគណៈ

ភាសិតា = ភាស + ឥ-អាគម + ត-បច្ច័យក្នុងកិរិយាកិតកៈ សម្តែងហើយ

ករ-ធាតុ ប្រែថា​ ធ្វើ ក សាង

ករោតិ = ករ + ឱ + តិ  រមែងធ្វើ តនាទិគណៈ

រភ-ធាតុ ប្រែថា ប្រារព្ភ ផ្តើម ចាប់ផ្តើម

អារព្ភ = អា + រភ + តូនាទិបច្ច័យ ផ្លាស់ តូនាទិបច្ច័យ ជា​ យ ផ្លាស់ យ និង ភ ជា ព្ភ បានរូបជា អារព្ភ ប្រែថា ប្រារព្ធហើយ នៅទីនេះ អារព្ភ ជា សមានកាលកិរិយា ពេលប្រែមិនបញ្ចេញសំនៀងបច្ច័យទេ ប្រែថា ទ្រង់ប្រារព្ធ

 

114 total views, 3 views today

Facebook Comments