អ្វីទៅ គឺ កិរិយា​ និង បដិកិរិយា?

ទង្វើដែលគ្មានកិលេសជាទីតាំង ហៅថា កិរិយា រាល់កិរិយាដែល កើតឡើងសុទ្ធតែនាំឲ្យកើតផលទាំងអស់ ប៉ុន្តែផល​របស់កិរិយា​នោះ​គ្រាន់តែជាផលឡង គឺ  បដិកិរិយា ដែលកើតឡើងតាមសមគួរដល់ កិរិយានោះ ៗ និងកើតឡើងតាមធម្មជាតិ ដូចជា ភ្លៀង​ធ្លាក់ ចាត់ ជាកិរិយាមួយក្នុងធម្មជាតិ បដិកិរិយាផ្សេង ៗក៏កើតឡើងដោយសារ ភ្លៀងធ្លាក់នោះ ដូចជា ធ្វើឲ្យរុក្ខជាតិផ្សេង ៗ ចម្រើនលូតលាស់ ។

ការចម្រើនលូតលាស់នៃរុក្ខជាតិផ្សេង ៗនោះគ្រាន់តែជាបដិកិរិយា ដែលប្រព្រឹត្តទៅតាមធម្មជាតិរបស់ភ្លៀងប៉ុណ្ណោះ ក្នុងករណីនេះ យើងពុំចាត់ទុកថា ភ្លៀងធ្វើកុសលកម្ម គឺ អំពើល្អឡើយ បាតុភូត ផ្សេង ៗក្នុងធម្មជាតិសុទ្ធតែប្រព្រឹត្តទៅក្នុង​លក្ខណៈកិរិយា-បដិកិរិយា ទាំងអស់ មិនមានកិលេសឬចេតនាណា ៗជាបទដ្ឋានឡើយ ។
ទំនាញស្រូបទាញ ឬ រុញច្រានគ្នារវាងប្រូតន់(Proton) និង ឯឡិកត្រន់(Electron)ក្តី ការដែលបរមាណូរួមប្រចូល​គ្នាជាអណូ​ហើយ​បំភាយថាមពលចេញមកក្តី ទំនាញស្រូបទាញគ្នារវាងវត្ថុនិង វត្ថុផ្សេង ៗក្តី ការរីកសាយពូជនៃកោសិកា(cell)ក្តី ការដែល​បេះដូង​លោតរហូតដល់ការដែលផែនដីកើតឡើងនិងរលត់ទៅវិញក្តីសុទ្ធតែជាលក្ខណៈកិរិយា-បដិកិរិយាទាំងអស់ គ្មានអំណាច​សក្តិសិទ្ធិឬ អំណាចព្រះអាទិទេពណា ៗនិម្មិតឬបណ្តាលឲ្យកើតឡើងនោះ ឡើយ ។

ការដែលអវយវៈផ្សេង ៗខាងក្នុងរាងកាយមនុស្សធ្វើចលនា កម្រើក រំពើកសុទ្ធតែជាលក្ខណៈកិរិយា-បដិកិរិយាទាំងអស់ ឧ. ដូចជា សាច់ដុំខាងក្នុងរាងកាយមនុស្សតែងមានរំញ័រ(vibration)ក្នុងអត្រា ៧ ទៅ ១៣ ដងក្នុង ១ វិនាទីជាប្រចាំ  ហើយរំញ័រម្តង ៗតែងនាំឲ្យ កើតកម្តៅមួយចំនួន ធ្វើឲ្យសីតុណ្ហភាពរាងកាយរត់ស្មើ មានអវយវៈ មួយចំណែកក្នុងខួរក្បាលហៅថា Hypothalamus ស្ថិតនៅត្រង់បាត នៃសំណុំខួរក្បាលជួរមុខ(Cerebrum) ធ្វើមុខងារគ្រប់គ្រងរំញ័ររបស់ សាច់ដុំ ប្រសិនបើសីតុណ្ហភាពរាងកាយចុះថយ លោហិតដែលហូរ ស្រពទៅខួរក្បាលក៏ផ្តឹងឲ្យ Hypothalamus ទទួលដឹងហើយក៏បញ្ជា ឲ្យសាច់ដុំញ័រកន្ត្រាក់​ក្នុងអត្រាញាប់រន្ថើនឡើង ប្រសិនបើ សីតុណ្ហភាព​រាងកាយឡើងខ្ពស់ហួសពេក Hypothalamusក៏បញ្ចុះ អត្រាការញ័រកន្រ្តាក់​នោះ ការដែលមនុស្សយើងហាក់នឹងថាញ័រ ញាក់កន្រ្តាក់នៅពេលរងារខ្លាំង ក៏ព្រោះតែការគ្រប់គ្រងរបស់ Hypothalamus ត្រូវ​ការដំឡើងសីតុណ្ហភាពរាងកាយឲ្យខ្ពស់ឡើង ហ្នឹងឯង ។

loading…

ជីវវត្ថុគ្រប់យ៉ាងសុទ្ធតែមានចលនាទាំងខាងក្នុងទាំងខាងក្រៅគ្រប់ពេលវេលា ហើយចលនារបស់ជីវវត្ថុនោះឯងនាំឲ្យជីវវត្ថុនោះ ៗ ចម្រើន​លូតលាស់ និង រីកសាយពូជធារចេញទៅ អជីវវត្ថុ ដូចជា  គ្រឿងចក្រ គ្រឿងយន្ត អាចដើរឬធ្វើចលនា​ក្នុងលក្ខណៈ​កិរិយា-បដិកិរិយាបានដែរ ប៉ុន្តែចលនារបស់អជីវវត្ថ គឺ គ្រឿងចក្រ គ្រឿងយន្ត នោះ ៗមានតែធ្វើឲ្យគ្រឿងចក្រ គ្រឿងយន្ត នោះ ៗ ស្មុតទ្រុឌទ្រោម និង វិនាសបែកបាក់ទៅជាទីបំផុត ។

សរុបសេចក្តីថា សកម្មភាពគ្រប់យ៉ាងដែលប្រព្រឹត្តទៅតាមធម្មជាតិ ដោយគ្មានកិលេសចូលទៅពាក់ព័ន្ធមិនចាត់ទុកថាជា​កម្មតាម​គោលការណ៍ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់បង្រៀននោះទេ ប៉ុន្តែហៅថា កិរិយា និង ផលតបស្នង ឬ ផលឡងរបស់កិរិយា នោះ ៗ ហៅថា បដិកិរិយាប្រតិកិរិយា ហើយផលឡងនេះ មិន​ហុច​ផល​ឲ្យទៅកើតឆ្លងភពឆ្លងជាតិ​ដូច​យ៉ាង​កម្មដែលមាន​កិលេស​ជាទីតាំងនោះទេ ហេតុនេះបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់​ត្រាស់​ណែនាំពុទ្ធបរិស័ទឲ្យច្បាំងត​តាំង​នឹងកិលេសដែល​ជាទីតាំងនៃ​ការធ្វើទង្វើអាក្រក់ផ្សេង ៗ ការដែលកម្ចាត់បំបាត់​ដើមហេតុនៃ​កម្ម​អាក្រក់បានទើបជា​គោល​បំណងដែល​ព្រះសម្មាសម្ពុទ្ធជាម្ចាស់​ត្រាស់​បង្រៀនទុកយ៉ាងពិតប្រាកដ ។

791 total views, 2 views today

Facebook Comments