១០.អ្នកបង្វែរចិត្តចោរ

ពន្លឺបំព្រាងស្រាងៗឯទិសបូព៌កំពុងបញ្ជះបញ្ចាំងឡើងកាន់ក្រហែងមេឃឰដ៏ប្រាចីនទិសជា សញ្ញាបា្រប់អស់សព្វសត្វឲ្យដឹងថាថ្ងៃថ្មីកំពុងឈានចូលមក ហ្វូងសត្វព្រៃច្រើនក្រាស់ក្រៃបាន ស្រែកយំរងំច្រៀវច្រៃពាសពេញព្រៃព្រឹក្សាហាក់នឹងថាដាស់តឿនគ្នីគ្នាឲ្យត្រៀមខ្លួនចេញ ដំណើរទៅរកចំណី នៅខណៈដែលធម្មជាតិកំពុងពេញទៅដោយសេចក្តីភ្ញាក់កាយ និង ភាពស្រស់បំព្រងនាពេលបឋមោទ័យនោះឯង ដួងចិត្តរបស់លោក គ្រហបតីបែរជាស្រពាប់ស្រពោនទុក្ខព្រួយរងួយចិត្ត លោកសោយអារម្មណ៍ល្ហិតល្ហៃទាំងកាយនិងចិត្តត្បិតតែសម្រាន្ត មិនលក់ពេញមួយរាត្រី សម្លេងស្រែកយំ របស់សត្វតាវ៉ៅឮល្វេងល្វើយមកពីចម្ងាយ នាំឲ្យ លោកគិតដល់ជាតិភូមិ គិតដល់ ភរិយា និង​ បុត្រដែលនៅឯទីក្រុងសាវត្ថី ប្រសិនបើពួកគេដឹង ថា លោកត្រូវបានពួកចោរប្លន់ហើយចាប់ខ្លួនយកមកបង្ខាំងទុកក្នុងព្រៃ គេមិនដឹងជាគិតយ៉ាង ណាទេហ្ន ! សម្លេងសត្វទោចយំថ្ងួចថ្ងូរនៅក្នុងព្រៃនោះ ធ្វើឲ្យលោកគិតដល់ជ័យសេនកូនប្រុស តែម្នាក់គត់របស់លោកតាំងពីត្រូវពួកចោរហៃរិកប្លន់ទៅនៅយប់នោះមក ពីរនាក់ឪកូនមិនបានជួបគ្នាទៀតឡើយ មិនដឹងថាស្លាប់រស់យ៉ាងណាទេ ។
ចំណែកខាងរេវត្តៈឯណេះវិញ លុះភ្ញាក់ពីគេងហើយ ក៏ប្រញាប់ប្រញាល់ត្រៀមខ្លួនចេញដំណើរទៅ ពីព្រោះនាយចោរបានដាក់កំហិតដល់គេថាក្នុងកំឡុងថ្ងៃនេះ គេត្រូវតែទៅរកចាប់មនុស្ស ឲ្យបានម្នាក់ដើម្បីយកមកអារ-កបូជាយញ្ញដល់មេ-សកាលី ប្រសិនបើរកមិនបានទេ លោក គ្រហបតីនឹងត្រូវចាប់អារ-កសម្រក់ឈាមបូជាយញ្ញមិនខាន រេវត្តៈធ្វើដំណើរចេញឆ្ពោះទៅដង ផ្លូវដែលពុះកាត់កណ្តាលដងព្រៃដើម្បីស្ទាក់ចាប់ថ្មើរជើងដែលធ្វើដំណើរទៅមក ដើម្បីមើលឃើញច្បាស់ពីចម្ងាយ គេសួឡើងទៅអង្គុយចាំមើលនៅលើដើមឈើក្បែចិញ្ចើមផ្លូវ សម្លឹងមើលទៅខាងណេះបន្តិចខាងណោះបន្តិចដើម្បីរេរកថ្មើរជើង គេអង្គុយនៅរងចាំភក្ខជន (ជនរងគ្រោះ)តាំងពីព្រឹកដល់ថ្ងៃត្រង់ ក៏នៅតែមិនទាន់ឃើញនរណាដើរឆ្លងកាត់មកសោះ ព្រះទិវាករចាប់ផ្តើមបាក់រសៀលជ្រេលជ្រេទៅតាមលំដាប់ ប៉ុន្តែក៏នៅតែមិនទាន់ឃើញអ្នកណា ដើរឆ្លងកាត់មកទៀត រេវត្តៈចាប់ផ្តើមច្រាស់ច្រាល់ចិត្ត គិតរាយមាយសល់វ៉ល់ ព្រោះបើមិនបានមនុស្សយកទៅបូជាយញ្ញជំនួសខ្លួនទេ គេនឹងត្រូវត្រឡប់ទៅឲ្យពួកចោរអារ-ក បូជាមេ-សកាលីនៅវេលាល្ងាចថ្ងៃនេះ នៅពេលនឹកគិតដល់រូបភាពដ៏ស្រយុតស្រយង់នោះ ហើយ គេក៏មានសេចក្តីព្រឺព្រួចពន់ពេក ជួនកាលគេគិតចង់គេចយករួចខ្លួន ព្រោះគេអាចធ្វើបានយ៉ាងនិរន្តរាយ ប៉ុន្តែបើគេធ្វើយ៉ាងនោះ លោកគ្រហបតីដែលស្ថិតនៅក្នុងកណ្តាប់ដៃរបស់ ពួកចោរនឹងត្រូវចាប់អារ-កមិនខាន គេមិនហ៊ានក្បត់ទុយ៌សចំពោះលោកអ្នកមានគុណដល់ថ្នាក់នោះទេ ទោះបីជាគេមិនបានអ្នកណាម្នាក់ក្នុងថ្ងៃនេះក៏ដោយ គេក៏សុខចិត្តទៅស្លាប់ជំនួសលោកគ្រហបតី ប្តេជ្ញាចិត្តទុកដូច្នេះហើយ គេក៏នៅអង្គុយរងចាំតទៅ ។
នៅខណៈដែលព្រះទិនករកំពុងជ្រៀលជ្រេទេរចុះ ហៀបនឹងលិចចុងឈើព្រមទាំងសេចក្តីសង្ឃឹម របស់គេចាប់ផ្តើមក្រៀមក្រោះទៅនោះ រេវត្តៈមៀងភ្នែកមើលទៅក៏ប្រទះឃើញមនុស្សម្នាក់កំពុង ដើរទើលងើលមកតាមផ្លូវម្នាក់ឯង គេមានអារម្មណ៍ត្រេកអរណាស់រហូតដល់ញ័រដៃញ័រជើង ដែល បានប្រទះឃើញភក្ខជនសមដូចបំណង គេស្រវេស្រវាចុះពីលើដើមឈើទៅឈរអែបនៅខាងក្រោម ហូតដាវចេញពីស្រោមមកក្តាប់ទុកក្នុងកញ្ចប់ដៃយ៉ាងមាំ រេវត្តៈបណ្តោយឲ្យប្រុសអ្នក ដំណើរនោះដើរមកដល់កន្លែងដែលគេឈប់នៅ ហើយទើបស្រែកសម្លុតដោយសម្លេងម៉ឹងម៉ាត់ថា
“ឈប់សិន អ្នកដើរផ្លូវ !”
ថ្នើរជើងនោះក៏ទច់ងក់ភ្លាម បែរមុខទៅសម្លឹងមើលរេវត្តៈដែលកំពុងកាន់ដាវដើរស្លៅសំដៅមក រកខ្លួន ថ្វីបើកំពុងប្រឈមមុខនឹងសប្បដិភ័យបែបនោះក៏ដោយ ថ្មើរជើងចម្លែកនោះក៏ពុំសម្តែង អាការភ័យតក់ស្លត់រន្ធត់ចិត្តអ្វីបន្តិចសោះ គេឈប់ឈរនៅយ៉ាងស្ងប់ស្ងៀមគត់មត់ កែវភ្នែក សម្លឹងមើលទៅរេវត្តៈដោយប្រក្រតីភាព
“លោកកំពុងទៅណា?” រេវត្តៈដណ្តឹងសួរទាំងសម្លឹងមើលទៅថ្មើរជើងនោះតាំងពីក្រោមដល់លើ មើលកិរិយាឫកពាទៅ ប្រុសម្នាក់ហ្នឹងមិនមែនជាសាមញ្ញជនធម្មតាទេ ព្រោះគេមានក្បាល ត្រងោល ស្លៀកដណ្តប់សំពត់ជ្រលក់ទឹកអម្ចត់ពណ៌ខ្មៅស្រគាំទាំងស្ពាយបាត្រទៀតផង បញ្ជាក់ប្រាប់លក្ខណៈថាជាអ្នកបួសក្នុងសាសនាណាមួយ
“អាចក្តីកំពុងទៅក្រុងសាវត្ថី” ប្រុសស្លៀកសំពត់ជ្រលក់ទឹកអម្ចត់ឆ្លើយដោយសម្លេងធម្មតា
“លោកដើរផ្លូវមកក្នុងព្រៃតែម្នាក់ឯង មិនខ្លាចទេឬ?”
“អាចក្តីនឹងត្រូវខ្លាចអ្វីឬ?” ប្រុសចម្លែកសួរបកវិញ
“ខ្លាចវត្ថុនេះ នែ !”រេវត្តៈឆ្លើយទាំងលើកដាវដ៏មុតស្រាវឡើងចង្អុលមុខស្រមណ៍ត្រងោលផង
“អាចក្តីមិនខ្លាចទេ”គេឆ្លើយតបយ៉ាងម៉ឹងម៉ាត់
“ចម្លែកមែនទែន” រេវត្តៈឧទានឡើងដោយចម្លែកចិត្ត “លោកហាក់ដូចជាក្លាហានពេកហើយ លោកកុំនិយាយក្អេងក្អាងពេក ដាវរបស់យើងមិនដែលប្រណីអ្នកណាទេ បើលោកស្លាប់ហើយ កូនប្រពន្ធរបស់លោកនឹងពិបាក ណៈ ! ”
“អាចក្តីជាអនាគារិក គ្មានផ្ទះសម្បែង គ្មានប្រពន្ធកូនទេ ព្រោះហេតុនោះបានជាគ្មានអ្វីដែលត្រូវ ខ្វល់រំពល់ចិត្ត សូម្បីតែជីវិត អាចក្តីក៏មិនខ្វល់ព្រួយដែរ បើលោកត្រូវការនឹងសម្លាប់ជីវិតអាចក្តី ក៏រៀបរបសម្លាប់មកចុះ”
សម្តីដ៏ក្លាហានរបស់ស្រមណ៍ត្រងោលនោះធ្វើឲ្យរេវត្តៈចម្លែកចិត្តជាខ្លាំង គេធ្លាប់ជួបប្រទះ មនុស្សមកជាច្រើនហើយ ប៉ុន្តែមិនដែលឃើញអ្នកណាក្លាហានបែបនេះទេ
“មិនបាច់កំញើញបបួលទេ លោកសមណៈ !លោកនឹងត្រូវអស់ជីវិតនៅល្ងាចនេះឯង ខ្ញុំគ្មាន ពេលជជែកជាមួយនឹងលោកច្រើនទេ មក៍ ! ទៅជាមួយនឹងខ្ញុំដោយស្រួលឥឡូវនេះ ”
រេវត្តៈបណ្តើរសមណៈត្រងោលនោះចូលទៅក្នុងព្រៃ ដល់ទីកន្លែងដែលប្រារព្ធធ្វើពិធីបូជាយញ្ញ
“នែរេវត្តៈ ! ឈ្លើយសឹករបស់ឯងមើលទៅដូចជាមិនមែនជាសាមញ្ញជនធម្មតាទេ មើល អាកប្បកិរិយាទៅ ទំនងជាអ្នកបួសក្នុងសាសនាណាមួយមិនខាន” នាយចោរនិយាយប្រារព្ធ នឹងរេវត្តៈដែលនាំឈ្លើយសឹកមកដល់
“គេប្រាប់ថាជាអនាគារិក គ្មានផ្ទះសម្បែង គ្មានប្រពន្ធកូនទេ”
នាយចោរនិងចោរទាំងអស់គ្នាម្នាក់ៗសម្លឹងមើលទៅឈ្លើយសឹកថ្មីដែលរេវត្តៈបានចាប់ខ្លួនមកជា ក្រសែភ្នែកតែមួយ កាលបើឃើញលោកគង់នៅដោយមោនភាពស្ងប់ស្ងាត់ មានឥរិយាបទហំហែង សង្ហា មិនញាប់ញ័រនឹងងសប្បដិភ័យចំពោះមុខបែបនេះ ម្នាក់ៗក៏នឹកចម្លែកចិត្តគិតញញើតព្រឺព្រួចជាខ្លាំង ភ្លាមនោះនាយចោរសួរឡើងថា
“បពិត្រឈ្លើយសឹកអ្នកក្លាហាន ! បុគ្គលដែលកោរក្បាលស្លៀកដណ្តប់ក្រណាត់ជ្រលក់ទឹកអម្ចត់ អម្បាលយ៉ាងលោកនេះគេហៅឈ្មោះថាដូចម្តេច?”
“ម្នាលនាយចោរ ! អម្បាលយ៉ាងអាចក្តីនេះ អ្នកផងហៅថា បព្វជិត ក៏បាន សមណៈ ក៏បាន ភិក្ខុ ក៏បាន”
នាយចោរពាលពាក្យផ្ទួនសម្តីតិចៗជាឧបាយគិតសញ្ជឹង
“ចុះពាក្យថា បព្វជិត ហ្នឹងមានអត្ថន័យថាដូចម្តេច?”
“ពាក្យថា បព្វជិត មានអត្ថន័យថា អ្នកវៀរបង់ហើយ”
“វៀរបង់អីទៅ?”នាយចោរឈ្លេចសួរ
“វៀរបង់ចាកទង្វើអាក្រក់ វៀរបង់ចាកសម្តីអាក្រក់ វៀរបង់ចាកគំនិតអាក្រក់ មូលហេតុដែលត្រូវវៀរបង់ព្រោះពិចារណាឃើញថា ទង្វើអាក្រក់ធ្វើឲ្យខ្លួនឯងក្តៅក្រហាយ ថែមទាំងធ្វើឲ្យអ្នកដទៃក្តៅក្រហាយទៀតផង ចិត្តដែលគិតរឿងអាក្រក់ជាចិត្តក្តៅ វាចាដែល និយាយពាក្យអាក្រក់ជាវាចាក្តៅ កាយដែលធ្វើអំពើអាក្រក់ជាកាយក្តៅ កាលបើធ្វើអាក្រក់ទាំង ៣ យ៉ាងក៏ប្រៀបដូចជាមានភ្លើង ៣ ភ្នក់គរដុតខ្លួនឯង ហើយភ្លើងទាំង ៣ ភ្នក់នេះនឹងឆាបរោលរាលទៅឆេះគេឯងទៀតផង បុគ្គលដែលត្រូវភ្លើងដល់ទៅ ៣ ភ្នក់ឆេះរោលជានិច្ចបែបនេះ តើនៅមានសេចក្តីសុខទេ? ”
“សម្តីដែលលោកនិយាយនេះពីរោះគួរឲ្យចង់ស្តាប់មែនទែន” នាយចោរនិយាយឡើងទាំងងក់ក្បាលសម្តែងថាយល់ស្របផងដែរ
“ចុះពាក្យថា សមណៈ មានអត្ថន័យថាដូចម្តេច?”
“ម្នាលនាយចោរ ! សមណៈ មានអត្ថន័យថា អ្នកស្ងប់រម្ងាប់ ព្រោះពន្លត់ភ្លើងនៃអំពើអាក្រក់ខាងកាយវាចាចិត្តបានអស់ហើយ ហេតុនោះបានជាមានឈ្មោះថា អ្នកស្ងប់រម្ងាប់គត់មត់ស្រគត់ស្រគំ មានសស្រ្តាវុធដែលទម្លាក់ចុះហើយ មិនបង្កកម្មពៀរវេរាជាមួយនឹង អ្នកផងទាំងពួងសូម្បីដោយបរិវិតក្កៈ ជាអ្នកអស់ព្យសន៍ពុតត្បុតហើយ បីដូចជាខ្លាត្រូវគេដកយកចង្កូម ឬ ក្រញាំក្រចកចេញហើយ”
“ពីរោះណាស់ លោកសមណៈ ! ”
“ចុះពាក្យថា ភិក្ខុ មានអត្ថន័យថាដូចម្តេច?”
“ពាក្យថា ភិក្ខុ មានអត្ថន័យ ២ យ៉ាង ន័យទី ១ មានដំរួយសេចក្តីថា អ្នកឃើញភ័យ ន័យទី ២ មានដំរួយសេចក្តីថា អ្នកសូមស្មូម
“ឰយ៉ា ! យ៉ាងម៉េចអញ្ចេះ អម្បាញ់មិញនេះ លោកប្រាប់ថា ជាអ្នកមិនមានភ័យបីដូចជាខ្លាត្រូវ គេដកយកចង្កូមឬក្រញាំក្រចកអស់ហើយ ស្រាប់តែឥឡូវនេះ លោកបែរជានិយាយថាអ្នក ឃើញភ័យទៅវិញ ចុះវានឹងមិនខ្វែងគ្នាទេឬ?”នាយចោរប្រកែក
“មិនខ្វែងគ្នាទេ នាយចោរ ! ភ័យ ក្នុងន័យនេះ អាចក្តីចង់និយាយដល់ភ័យរបស់វដ្តសង្សារ ពិភពលោកយើងនេះពោរពេញទៅដោយភ័យដែលគួរឲ្យភ័យតក់ស្លុតរន្ធត់ចិត្តជា ច្រើន ប៉ុន្តែមនុស្សភាគច្រើនមិនសូវមើលឃើញទេ អញ្ចឹងហើយបានជាដក់ជាប់នៅក្នុងវដ្ត លោកយើងនេះ នៅទីបញ្ចប់ ពួកគេក៏ត្រូវសេ្តចមច្ចុរាជអូសយកទៅព្រោះភ័យនោះឯង ភ័យ ដូចពោលមកនេះ គឺ ជាតិភ័យ ភ័យ គឺ ការកើត ព្រោះតែមានការកើត យើងទើបពើបពះប្រទះនឹងភ័យផ្សេងទៀត ការកើតទើបជាបុព្វហេតុនៃភ័យទាំងពួង ជរាភ័យ ភ័យ គឺ ការចាស់ យើងម្នាក់ៗកំពុងតែប្រឈមមុខនឹងមហាភ័យនេះ ឥឡូវ នេះយើងកំពុងតែចាស់ជរាគ្រាំគ្រារាល់ខ្យល់ដកដង្ហើមចេញចូល ព្យាធិភ័យ ភ័យ គឺ ជម្ងឺឈឺថ្កាត់ សង្ខារ គឺ រាងកាយរបស់មនុស្សយើងពោរពេញទៅដោយរោគផ្សេងៗជាច្រើន ទោះបីជា គ្មានជម្ងឺមកបៀតបៀនក៏មែនពិត ប៉ុន្តែរាងកាយនេះក៏កើតជម្ងឺដោយខ្លួនឯង ប្រសិនបើលោក អង្គុយយូរពេក លោកក៏នឹងឈឺចុកចង្កេះ ស្រពន់ជើង ឈរយូរពេកក៏ឈឺ ដើរយូរពេកក៏ឈឺ តោងតែផ្លាស់ប្តូរឥរិយាបទមួយៗថ្ងៃជាច្រើនដង ដើម្បីបន្ទោបង់សេចក្តីឈឺចាប់តាមគន្លាក់ និង អវយៈផ្សេងៗ មរណភ័យ ភ័យ គឺ សេចក្តីស្លាប់ ហ្នឹងជាភ័យចុងក្រោយដែលសត្វរាល់ រូបតែងតក់ស្លុតរន្ធត់ញាប់ញ័ររាល់ថ្ងៃ មួយថ្ងៃ ៗ គឺ ជំហានមួយៗរបស់ជីវិត មួយថ្ងៃកន្លងទៅ មានន័យថា យើងកំពុងតែដើរខិតចូលជិតសេចក្តីស្លាប់មួយជំហានដែរ ព្រោះអាចក្តីមើល ឃើញភ័យទាំងអស់នេះឯងបានជាមានឈ្មោះថាជាអ្នកឃើញភ័យ”
“ម្នាលនាយចោរ ! ភិក្ខុ ដែលមានន័យថា អ្នកសូម នោះ សំដៅដល់ មធ្យោបាយចិញ្ចឹមជីវិតរបស់អាចក្តី អាចក្តីប្រើបាត្រនេះជាភាជនៈគូជីវិតត្រាច់ចរយាត្រាសូម ភិក្ខាហារអំពីអ្នកស្រុកចិញ្ចឹមជីវិត”
“បើអញ្ចឹង មានន័យថា លោកជាអ្នកសូមទានមែនទេ?”នាយចោរនិយាយកាត់ឡើង
“ពិតមែនហើយ នាយចោរ ! អាចក្តីជាមនុស្សសូមទាន ប៉ុន្តែការសូមទានរបស់អាចក្តីចម្លែកប្លែកពី ការសូមទានរបស់អ្នកដទៃ គឺថា នៅពេលព្រឹក អាចក្តីឱបបាត្រនេះដើរចូលទៅកាន់ភូមិដោយឥរិយាបថសម្រួមរវាំង អ្នកស្រុកប្រទះភ្នែក ឃើញដឹងថាអាចក្តីត្រូវការចង្ហាន់ គេក៏យកដុំបាយ និង អាហារវត្ថុផ្សេងៗទៀតមកដាក់ក្នុង បាត្រដោយអាចក្តីពុំបានហាមាត់សូមមួយម៉ាត់ឡើយ កាលបើបានអាហារល្មាក់ល្មមហើយ អាចក្តីក៏ចេញពីភូមិនោះទៅអង្គុយឆាន់ត្រង់កន្លែងណាមួយ ថ្ងៃខ្លះ អាចក្តីមិនបានចង្ហាន់សោះ ក៏មាន ទុកជាម្លឹងក៏ដោយ អាចក្តីក៏សុខចិត្តទ្រាំហេវ អាចក្តីមិនព្រមរំខានឆាឆៅអ្នកស្រុកជាដាច់ ខាត ហេតុដូច្នេះបានជាគ្មានអ្នកណាម្នាក់ត្រូវក្តៅក្រហាយ ឬ រំខានធុញទ្រាន់ព្រោះអាជីពរបស់ អាចក្តី គ្មានអ្នកណាក្រីក្រចុះដោយសារតែឲ្យដុំបាយដល់អាចក្តីនោះទេ អ្នកស្រុកអ្នកភូមិតែង ស្គាល់ប្រមាណរបស់ខ្លួនច្បាស់ ប្រសិនបើគេយល់ថា ការឲ្យទានដល់អាចក្តីនឹងញ៉ាំងឲ្យគេអស់ បាយដាច់ពោះស្លាប់ គេមុខជានឹងមិនឲ្យជាដាច់ខាត គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិត និង សាច់ឈាម ឬសូម្បីតែទឹកភ្នែកព្រោះតែអាជីពរបស់អាចក្តីឡើយ ទាំងគ្មានអ្នកណាម្នាក់ត្រូវភិត ភ័យស្លន់ស្លោ លោះព្រលឹងសឹងបាត់ស្មារតីព្រោះតែការបង្ហាញខ្លួនរបស់អាចក្តីឡើយ ហេតុដូច្នេះអាជីពរបស់អាចក្តីទើបចាត់ជាអាជីពដ៏បរិសុទ្ធហ្មត់ចត់” ។

loading…

លុះបានស្តាប់សម្តីសំដៅដ៏មានហេតុផលមុខគួរឲ្យស្តាប់របស់សមណៈរូបនេះហើយ ចោរទាំង ពួងក៏កើតមានសទ្ធាជ្រះថ្លា ពួកគេចាប់ផ្តើមមើលឃើញពន្លឺភ្លឺស្វាងនៃសេចគ្រេចខុសត្រូវខ្លះ ហើយ ជាពិសេសជាងគេ គឺ នាយចោរដល់ថ្នាក់អង្គុយនៅស្ងៀមស្រមៀនអស់ពេលជាយូរ “គ្មានអ្នកណាម្នាក់ត្រូវបាត់បង់ជីវិត និង សាច់ឈាម ឬសូម្បីតែទឹកភ្នែកព្រោះតែអាជីពរបស់ អាចក្តីឡើយ ទាំងគ្មានអ្នកណាម្នាក់ត្រូវភិតភ័យស្លន់ស្លោលោះព្រលឹងសឹងបាត់ស្មារតីព្រោះ តែការបង្ហាញខ្លួនរបស់អាចក្តីឡើយ” ពាក្យសម្តីទំាងនេះបានដក់ជាប់នៅក្នុងសោតប្រសាទ របស់គេ វាដាស់តឿនក្រើនរំលឹកឲ្យគេនឹកឃើញដល់អាជីពរបស់គេ មើលទៅវាពិតជាផ្សេងពីអាជីពរបស់សមណៈរូបនេះមែនទែន ផ្សេងគ្នាហាក់នឹងថាមេឃនិងដីដូច្នោះ ។
“បពិត្រលោកនាយ ! ឥឡូវនេះ ដល់ឫក្សយាមដែលយើងត្រូវប្រកបយញ្ញពិធីសែនព្រេន ម្ចាស់ម៉ែហើយ”ចោរអ្នកប្រកបពិធីបានពោលក្រើនរំលឹក ធ្វើឲ្យនាយចោរភ្ញាក់ព្រើតពីភវង្គចិត្ត នាយចោរបែរមុខទៅសម្លឹងមើលរូបសំណាក់មេ-សកាលីដែលកំពុងឈរញែកចង្កូម ភ្នែក លៀនថ្លែនៅលើក្តារហ៊ឹងបូជាហាក់បីដូចជាស្រែកសន្ធប់ប្រាប់នាយចោរថាអង្កាល់ទៅបាន យកឈាមមនុស្សឲ្យអញបរិភោគ នាយចោរមិនចង់ធ្វើគុតសមណៈវាគ្មិនដែលមានថេរដីកាពីរោះ គួរឲ្យចង់ស្តាប់រូបនេះបូជាមេ-សទេ ប៉ុន្តែកាលបើនឹកភ្នកដល់បំណន់ដែលខ្លួនបានបន់ស្រន់ នៅចំពោះមុខម្ចាស់ម៉ែហើយ គេក៏ទន់ចិត្តទៅតាមនោះ គេងាកមុខទៅខាងភិក្ខុដែលជាឈ្លើយ សឹកហើយពោលថា “បពិត្រលោកអ្នកឃើញភ័យ ! ខ្ញុំសូមអភ័យទោសដែលត្រូវពិឃាតលោក ដើម្បីយកឈាមក្នុងគល់កទៅបូជាលាបំណន់ម្ចាស់ម៉ែកាលី ពីព្រោះពួកយើង ទាំងអស់គ្នាបាន ទទួលជ័យជម្នះក្នុងការប្លន់គ្រានេះដោយសារតែអានុភាពនៃម្ចាស់ម៉ែកាលី សូមមេត្តាអភ័យទោសឲ្យពួកយើងផង”
“ម្នាលនាយចោរ ! អាចក្តីនៅសង្ស័យចំពោះពាក្យសម្តីដែលលោកនិយាយថាលោកបានទទួលជ័យជម្នះក្នុការប្លន់គ្រានេះព្រោះអាស្រ័យយាយទែព មានន័យថា យាយទែពដែលកំពុងតែ ឈរនេះបានកាន់សស្ត្រាវុធទៅចូលរួមកាប់សម្លាប់ពួកឈ្មួញពាណិជ្ជករដណ្តើមយកទ្រព្យ សម្បត្តិមកព្រមជាមួយនឹងលោកអញ្ចឹងឬ?”ភិក្ខុជាឈ្លើយសឹកសួរ
“មិនមែនមានន័យថាអញ្ចឹងទេ ម្ចាស់ម៉ែមិនបានទៅចូលរួមប្លន់ជាមួយនឹងពួកយើងទេ”
“ឬថា នៅពេលដែលពួកលោកលើកកម្លាំងពលទៅដល់ក្រុមរទេះរបស់ពួកឈ្មួញ ហើយពួក លោកក៏ឈរនៅស្ងៀមៗ រួចយាយទែពក៏ខាបឬបញ្ជាឲ្យពួកឈ្មួញទាំងនោះនាំរបស់អម្រស់ អម្រមកប្រគល់ឲ្យដោយស្រួល ហើយក៏នាំគ្នាដេកដួលស្លាប់ ឬ ភៀសខ្លួនទៅដោយឯកឯង ពួកលោកមិនបានរៀបរបប្លន់បន្តិចសោះ អញ្ចឹងឬ? ”
“មិនមែនអញ្ចឹងទេ លោកសមណៈ ! ខ្ញុំត្រូវនាំបក្សពួកចូលកាប់ប្រហារពួកឈ្មួញទាំងនោះ ហើយទើបដណ្តើមយកទ្រព្យសម្បត្តិរបស់ពួកគេមកដោយសេចក្តីលំបាកអន្តេបអន្តាបណាស់”
“បើអញ្ចឹងជាការសមហេតុសមផលហើយឬ ដែលលោកនិយាយថាបានទទួលជ័យជម្នះក្នុង ការប្លន់គ្រានេះព្រោះអាស្រ័យអានុភាពរបស់យាយទែព អាចក្តីពិចារណាឃើញថា សមិទ្ធផល គ្រានេះកើតឡើងព្រោះអាស្រ័យលោក និង បរិវាររបស់លោក ប្រសិនបើលោកមិនធ្វើអ្វីដោយ ដៃរបស់ខ្លួនឯងទេ ទោះបីជាបួងសួងសំបូងសង្រូងយាយទែពយ៉ាងណាក៏ដោយ ក៏មុខជានឹង គ្មានថ្ងៃណាបានទទួលសំរិទ្ធិជ័យអ្វីឡើយ ពីព្រោះយាយទែពនេះមិនដឹងងោះអ្វី ទាំងអស់ ទាំងមិនអាចធ្វើអ្វីៗឲ្យអ្នកណាមួយបានឡើយ សមដូចដែលលោកដឹងស្រាប់ហើយ ហេតុដូច្នេះការដែលលោកសម្លាប់អាចក្តីយកទៅបូជាលាបំណន់យាយទែពនោះ អាចក្តីយល់ ឃើញថានឹងជាការឲ្យរង្វាន់ខាន់ខៅដ៏មានតម្លៃខ្ពស់ក្រៃលែងដល់អ្នកដែលមិនបានធ្វើអ្វីសោះ”
ចិត្តវិញ្ញាណរបស់នាយចោរបានងាកចូលទៅកាន់ហេតុផលម្តងទៀត គេបែរទៅសម្លឹងមើលរូប សំណាកមេ-សកាលីដោយទាំងសទ្ធាចាប់ផ្តើមរលស់រង្គោះរង្គើប៉ុន្តែនៅមានការតស៊ូគ្នាយ៉ាងស្វិត ស្វាញរវាងជំនឿដើមនិងហេតុផល
“ម្នាលនាយចោរ !”ភិក្ខុរូបនោះពោលតទៅទៀតនៅពេលដែលឃើញនាយចោរអង្គុយនៅស្ងៀម ស្រមឹម “រាល់ពេលវេលាដែលលោកចេញទៅប្លន់ លោកតែងតែធ្វើការបន់ស្រន់ដល់យាយទែព ជានិច្ចកាលឬទេ?”
“មិនជានិច្ចទេ ជួនកាលក៏បន់ ជួនកាលក៏មិនបន់ ប៉ុន្តែនៅពេលដែលមានការប្លន់សំខាន់ៗ យើងតែងតែបន់ស្រន់មុនជានិច្ច”នាយចោរឆ្លើយតប
“ចុះរាល់លើកដែលបន់ស្រន់យាយទែពមុនពេលចេញទៅប្លន់នោះ តើលោកបានទទួលជ័យ ជម្នះជានិច្ចឬទេ?”
“មិនជានិច្ចទេ ជួនកាលក៏សម្រេចបានដោយស្រួល ជួនកាលក៏សម្រេចបានដោយលំបាក”
“ហ្នឹងជាសញ្ញាសម្តែងឲ្យឃើញថា អំណាចប្រភាសរបស់យាយទែពកាលីនេះពុំមាន សេចក្តីសក្តិសិទ្ធិដាច់ខាតទេ គ្មាននិយតភាពិតប្រាកដល្មមនឹងជឿទុកចិត្តបានទេ ប្រសិនបើ មានសេចក្តីសក្តិសិទ្ធិដាច់ខាតមែន លោកមិនចាំបាច់ប្រថុយប្រថានចូលតស៊ូប្រយុទ្ធ ប្លន់គេមកចិញ្ចឹមជីវិតនោះទេ គ្រាន់តែក្រាបសំពះបូជាយាយទែពនេះដោយយកចិត្តទុកដាក់ ប៉ុណ្ណោះ យាយទែពនេះនឹងជបអ្វីៗឲ្យលោកមានទ្រព្យសម្បត្តិមាសប្រាក់តាមសេចក្តីត្រូវការ របស់លោកជាក់ជាមិនខាន ប៉ុន្តែនេះព្រោះតែយាយទែពគ្មានសេចក្តីសក្តិសិទ្ធិដាច់ខាតហ្នឹង ឯងបានជាលោកត្រូវប្លន់គេចិញ្ចឹមជីវិត កាលបើលោកធ្វើការងារដោយដៃខ្លួនឯង បានទទួល ផលនៃការងារនោះដោយខ្លួនឯងបែបនេះ នឹងពោលថាយាយទែពនេះបានជួយដឹកនាំពាំយួរ លោកដូចម្តេចបាន? មួយវិញសោត បើឧបមាថាយាយទែពនេះមានសេចក្តីសក្តិសិទ្ធិពិត ប្រាកដមែន រាល់ពេលវេលាដែលលោកធ្វើការបន់ស្រន់មុនហើយទើបចេញទៅប្លន់នោះ លោកគួរតែទទួលបានជោគជ័យយ៉ាងល្អត្រកាលរាល់លើករាល់គ្រាទៅ នេះក៏ព្រោះតែតេជះ ចេស្តារបស់យាយទែពនេះគ្មាននិយតភាពពិតប្រាកដហ្នឹងឯងបានជាលោកឈ្នះខ្លះចាញ់ខ្លះ ដូច្នោះ ការដែលលោកផ្ទុកផ្តាក់ជំនឿទុកចិត្ត លោកគួរតែជឿទុកចិត្តលើខ្លួនឯង និងជឿជាក់លើ អំពើរបស់ខ្លួនឯង”
“ម្នាលនាយចោរ ! ធម្មតា ការឲ្យអំណោយអ្វីដល់អ្នកណាម្នាក់ កាលបើអ្នកនោះត្រេកអរសាទរ នឹងទទួលយកសឹមឲ្យ ការឲ្យអំណោយនោះទើបមានផលច្រើន ហើយគួរតែឲ្យអំណោយណា ដែលមានប្រយោជន៍ដល់បដិគ្គាហកៈអ្នកទទួលប៉ុណ្ណោះ លោហិតក្នុងបំពង់ករបស់អាចក្តីនឹង មានប្រយោជន៍អ្វីដល់យាយទែពខ្លះ និយាយអញ្ចឹង កាលដែលលោកចាប់មនុស្ស ឬ សត្វដទៃ មកបង្អារ-កឲ្យលោហិតបាញ់បញ្ចូលមាត់យាយទែពនោះ ធ្លាប់ដែលឃើញខ្លះទេថាយាយទែព នេះត្របាក់លេបឆីលោហិតទាំងនោះដោយមោនភាព មិនព្រមឲ្យលោហិតស្រក់ចោលសូម្បី មួយតំណក់ឡើយ”
“មិនធ្លាប់ឃើញទេ លោកសមណៈ ! ធ្លាប់ឃើញតែឈាមនោះហៀរចេញពីមាត់ម្ចាស់ម៉ែដាប ពេញដងខ្លួន ទៅកកគរលើផ្ទៃដីភាយក្លិនស្អុយឆ្អាបអសោចពាសពេញទាំងបរិវេណកន្លែងនោះ

“ហ្នឹងសម្តែងឲ្យឃើញថាយាយទែពនេះមិនត្រេកអរនឹងបរិភោគលោហិតទាំងនោះទេ ពីព្រោះលោហិតទាំងនោះគ្មានប្រយោជន៍អ្វីដល់យាយទែពឡើយ ផ្ទុយទៅវិញ មានតែធ្វើឲ្យ យាយទែពគគ្រិចគគ្រក់ កខ្វិកកខ្វក់ និង ប្រឡាក់ប្រឡូកទទេៗប៉ុណ្ណោះ ហេតុដូច្នេះ ការដែល លោកយកលោហិតចេញពីបំពង់ករបស់មនុស្សឬសត្វដទៃមកបូជាលាបំណន់យាយទែពនោះ ទើបមិនកើតជាប្រយោជន៍អ្វីទេ ម្យ៉ាងវិញទៀត អាចក្តីសូមសួរថា ការដែលលោកចាប់មនុស្ស ឬ សត្វដទៃមកអារ-កនោះ គេយល់ព្រមឲ្យលោកធ្វើដោយស្រួលដែរឬទេ? ”
“អត់ទេ លោកសមណៈ ! គេមិនសុខចិត្តឲ្យខ្ញុំធ្វើដោយស្រួលទេ ប៉ុន្តែខំតស៊ូរើបម្រះ ទាល់តែ អស់កម្លាំងសមត្ថភាព”
“ម្នាលនាយចោរ ! ចុះលោកមានដឹងទេថា គេតស៊ូរើបម្រះហ្នឹងព្រោះហេតុអ្វី?”
“ខ្ញុំគិតថា គេប្រហែលជាខ្លាចស្លាប់ទេដឹង ! ”
“ត្រឹមត្រូវហើយ នាយចោរ ! សត្វរាល់រូបដែលកើតមកហើយក្នុងលោកនេះ សុទ្ធតែភ័យតក់ ស្លុតចំពោះសេចក្តីស្លាប់ទាំងអស់ សត្វទាំងឡាយតែងតែប្រាថ្នានូវសេចក្តីសុខគ្រប់ៗរូប ស្អប់ស្អាយនឿយណាចំពោះសេចក្តីទុក្ខវេទនា អ្វីដែលសត្វលោកស្រឡាញ់ជាទីបំផុត គឺ ជីវិត អ្វីដែលសត្វលោកស្អប់ជាទីបំផុត គឺ មច្ចុរាជ ពោលគឺ សេចក្តីស្លាប់ មនុស្សយើងសុខចិត្តលះបង់អ្នកដទៃ ទ្រព្យសម្បត្តិដទៃរហូតដល់អវយវៈវោការខ្លះក៏ដើម្បីឲ្យ ជីវិតនៅឋិតថេរបាន រស់នៅក្នុងលោកនេះតទៅទៀតបាន ការដែលលោកដណ្តើមយកប្រពន្ធកូនរបស់គេ ក៏ឈ្មោះថាដណ្តើមយកប្រពន្ធកូនរបស់គេប៉ុណ្ណោះ ការដែលលោកប្លន់យកទ្រព្យសម្បត្តិរបស់គេ ក៏ឈ្មោះថាប្លន់យកតែទ្រព្យសម្បត្តិគេប៉ុណ្ណោះ ប៉ុន្តែបើលោកប្លន់យកជីវិតរបស់គេវិញ មានន័យថា លោកប្លន់យកអ្វីៗទាំងអស់របស់គេ ជីវិតមានតម្លៃខ្ពង់ខ្ពស់ណាស់ បុគ្គលដែលយើងស្រឡាញ់ជាទីបំផុត គឺ បុគ្គលដែលឲ្យជីវិតដល់យើង បានដល់ មាតាបិតា បុគ្គលដែលយើងស្អប់ជាទីបំផុត គឺ បុគ្គលដែលប្លន់យកជីវិតរបស់យើងទៅ យើងតែងនឹក សោមនស្សស្រស់ស្រាយចិត្តនៅពេលបានឲ្យវត្ថុអ្វីមួយដល់អ្នកដទៃ ប៉ុន្តែយើងនឹងរឹតតែរីករាយ សោមនស្សខ្លាំងឡើងទៀត នៅពេលដែលយើងបានឲ្យជីវិតដល់អ្នកដទៃ… ” ។


កាលបើភិក្ខុរូបនោះបានមានសង្ឃដីកាមកដល់ត្រង់ណេះ សទ្ធាជ្រះថ្លារបស់នាយចោរបានឡើង ដល់កម្រិតចុងប៉ូច គេឱនក្បាលចុះក្រាបទៀបបាទមូលរបស់លោកដោយសេចក្តីលំអុតលំឱន ទាំងពោលដោយសម្លេងញ័រចំប្រប់ថា “បពិតលោកសមណៈ ! វាចារបស់លោកពិតជាមានហេតុ ផលនិងពីរោះក្បោះក្បាយអីម្លេះទេ ខ្ញុំមិនដែលបានស្តាប់អ្នកណាសម្តែងហេតុផលច្បាស់លាស់ បែបនេះមកពីមុនទេ បើខ្ញុំបានស្តាប់បែបនេះមកពីមុន ខ្ញុំគង់នឹងមិនក្លាយជាចោរប្លន់ជីវិត និង ទ្រព្យ សម្បត្តិរបស់អ្នកដទៃដើម្បីចិញ្ចឹមជីវិតនោះទេ អនិច្ចា ! ជីវិតក្នុងអតីតកាលរបស់ខ្ញុំពិតជាគគ្រិច គគ្រក់ងងឹតងងល់មែនទែន លោកជាអ្នកនាំពន្លឺគឺហេតុផលចូលមកកាន់ចិត្តដ៏ងងឹតឈ្លប់របស់ខ្ញុំ ដោយពិត បពិត្រលោកដ៏ចម្រើន ! ចាប់តាំងពីថ្ងៃនេះជាដើមទៅ ខ្ញុំព្រមទាំងបរិវារទាំងអស់នេះ សូមលះបង់ចោលអាជីពចោរហើយប្រគល់កាយថ្វាយខ្លួនជាសិស្ស នឹងដើរទៅតាម ប្រណិប័តន៍លោកសព្វទីកន្លែងកន្លុក” ។
ភិក្ខុរូបនោះបានសម្តែងធម៌ប្រោសពួកចោរស្ទើរតែពេញមួយយប់រហូតដល់រួមទាំងចោរម្នាក់ៗ រួមទាំងរេវត្តៈផងជាអ្នកមានសទ្ធាដ៏រឹងមាំក្នុងព្រះពុទ្ធសាសនា ព្រះភិក្ខុបានឲ្យពួកចោរបេជ្ញាខ្លួន ដល់ព្រះរតនត្រ័យ និង ឲ្យសមាទានសីល ៥ គ្រប់ៗគ្នា បន្ទាយចោរក្នុងរាត្រីថ្ងៃនេះ បានប្រែ ក្លាយជាបន្ទាយរបស់អ្នកទ្រទ្រង់សីល អ្នកមានអាវុធដែលទម្លាក់ចុះហើយ អ្នកស្ងប់រម្ងាប់ចាក អកុសលកម្មទាំងពួងហើយ បរិយាកាសក្នុងបន្ទាយចោរស្ងប់ស្ងាត់បាត់សម្លេងសូន្យដែលផ្ទុយ គ្នាស្រឡះទៅនឹងយប់កន្លងមកដែលពោរពេញទៅដោយសម្លេងរឡូរឡា អឺងកង សម្លេងរាំរែក ស្រែកច្រៀងរបស់ពួកចោរដែលស្រវឹងងងល់ងងក់ ។
លុះដល់ថ្ងៃព្រឹកឡើង ព្រះថេរៈក៏នាំពួកចោរដែលក្រឡាស់ចិត្តទាំងនោះចេញពីព្រៃធំទៅកាន់ ភូមិឋានរបស់មនុស្សបោះបង់ចោលបន្ទាយចោរព្រមទាំងសស្រ្តាវុធនិងរូបសំណាកមេ-សកាលី ដោយឥតអាឡោះអាល័យ នៅទីបំផុត ពួកគេក៏មកដល់ភូមិមួយក្បែរមាត់ផ្លូវចូលទៅដល់ដង ព្រៃ ពួកអ្នកស្រុកនៅពេលបានឃើញក្រុមចោរលើកកម្លាំងពលមកក៏នាំគ្នាផ្អើលឈូឆររត់ ប្រសេចប្រសាចច្រួលច្រាល់ ប៉ុន្តែក្រោយមក កាលបើបានដឹងថាក្រុមចោរទាំងនោះអស់ ព្យសន៍ពុតត្បុតហើយក៏នាំគ្នាត្រឡប់មកធ្វើបដិសណ្ឋារកិច្ចយ៉ាងចៅរ៉ៅ ព្រះថេរៈ បានឲ្យចោរ ទាំងអស់ឧបសម្ប័ទជាភិក្ខុដោយតិសរណគមនូបសម្បទា ហើយក៏គង់ នៅចាំវស្សាឯភូមិនោះ តាមពាក្យអារាធនារបស់អ្នកស្រុករហូតដល់មួយត្រៃមាសនោះ ព្រះថេរៈបានបង្ហាត់បង្រៀន ពាក្យប្រៀនប្រដៅដល់អ្នកស្រុកឲ្យតាំងនៅក្នុងសីលធម៌ដ៏ស្អាតស្អំ ហើយបានអប់រំភិក្ខុសង្ឃ ដែលជាបរិវាររបស់ខ្លួនឲ្យតម្កល់ខ្លួននៅក្នុងសម្មាបដិបត្តិយ៉ាងប្រិតប្រៀងឲ្យឃើញភ័យក្នុងវដ្តសង្សាររវៀសរវៃប្រតិបត្តិតាមអរិយមគ្គឆ្ពោះទៅកាន់សេចក្តីរួចផុតចាកទុក្ខ ភិក្ខុទាំងឡាយក៏នាំគ្នា តាំងនៅក្នុងសាសនោវាទរបស់លោកដោយល្អ អង្គខ្លះក៏បានសម្រេចមគ្គផលជាន់ទាប អង្គខ្លះ ក៏នៅជាកណ្យាណបុថុជ្ជនតាមសមគួរដល់ឧបនិស្ស័យនិងបារមីដែលខ្លួនបានអប់រំបន្ទំនិស្ស័យ មកពីបុព្វជាតិ ។
ចំណែកខាងលោកសុមង្គលៈគ្រហបតីព្រមទាំងបរិវារខ្លះដែលនៅមានជីវិតរស់កាលដែល ពួកចោរដោះលែងឲ្យមានសេរីភាពហើយក៏រូតរះចេញដំណើរឆ្ពោះទៅកាន់ក្រុងសាវត្ថី ដើម្បីជួបមុខប្រពន្ធកូនដែលកំពុងតែទន្ទឹងរងចាំមើលផ្លូវនៅឯផ្ទះ លោកគ្រហបតីមិនបានឧបសម្ប័ទជាមួយនឹងពួកចោរទេ ព្រោះនៅមានពលិពោធកង្វល់រឿងគ្រួសារ មុននឹងចាកចេញ ពីដងព្រៃនោះ លោកបានទៅកន្លែងដែលត្រូវចោរប្លន់ ប្រមែប្រមូលរួបរួមសាពសពកូនឈ្មួញ ជាបរិវាររួមទាំងជ័យសេនកូនប្រុសតែម្នាក់គត់របស់លោកផង ធ្វើឈាបនកិច្ចខាងក្នុងព្រៃនោះ ឯងហើយទើបធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញដោយទាំងចិត្តសញ្ជប់សញ្ជឹង ។

173 total views, 2 views today

Facebook Comments