១២.ទឹកភ្នែកញោមប្រុស


បរិយាកាសយប់ជ្រៅកាន់តែត្រជាក់ខ្លាំងឡើង រហូតដល់ភិក្ខុកម្លោះត្រូវលាលាតសង្ឃាដីមក ដណ្តប់ ទោះជាអស់កម្លាំងល្ងមពីការធ្វើដំណើរផ្លូវឆ្ងាយយ៉ាងណាក៏ដោយ លោកក៏នៅតែចង់នឹង សំណេះសំណាលជាមួយនឹងញោមប្រុសតទៅទៀត ចំណែកឯញោមប្រុសវិញក៏ហាក់ដូចជាចាប់ អារម្មណ៍ចំពោះភ្ញៀវរបស់ខ្លួនដែរ ត្បិតតែនៅក្មេងមែន ប៉ុន្តែក៏និយាយស្តីមានហេតុផលពីរោះ ក្បោះក្បាយគួរឲ្យចង់ស្តាប់ សម្តីរបស់ភិក្ខុកម្លោះធ្វើឲ្យគាត់ស្បើយគំនិតគិតអាល័យដល់កូនប្រុស យ៉ាងច្រើន
“ម្នាលឧបាសក ! ឧបមាថាកូនប្រុសរបស់ញោមនឹងមកទទួលញោមទៅនៅជាមួយឯទីក្រុងសាវត្ថី តើញោមនឹងទៅជាមួយនឹងគេទេ?”
“ខ្ញុំកណាត្រូវរិះគិតមើលសិន” ប្រុសចំណាស់ឆ្លើយដោយប្រើយោនិសោមនសិការ “បើការទៅ របស់ខ្ញុំកណាក្លាយជាឧបសគ្គឆាឆៅសេចក្តីសុខរបស់កូនទេ ខ្ញុំកណានឹងមិនទៅជាដាច់ខាត ព្រោះនៅទីនេះនឹងរកឧសបានងាយ តម្លៃថ្លៃគួរសម លក់ឧសមួយរទេះក៏ចិញ្ចឹមខ្លួនបានរាប់ខែ”
“បើឧបមាថា កូនប្រុសរបស់ញោមមកលេងញោមដល់ខ្ទមនេះ តើញោមសប្បាយចិត្តទេ” រេវត្តភិក្ខុសួរចាប់ផ្តើមបែរចូលរកផ្លូវនឹងបង្ហើបប្រាប់ខ្លួនឯង
“ឱ ! ពិតប្រាកដណាស់ លោកសមណៈ ! ខ្ញុំកណាពិតជាសប្បាយចិត្ត និងមានសេចក្តីសុខជាទី បំផុតក្នុងជីវិត នៅពេលដែលភរិយាកម្សត់របស់ខ្ញុំកណានៅមានជីវិតរស់ សេចក្តីស្រឡាញ់របស់ខ្ញុំកណាចែកជា ២ ភាគស្មើគ្នា មួយភាគនៅនឹងភរិយា មួយភាគទៀត នៅនឹងកូនប្រុស លុះភរិយារបស់ខ្ញុំកណាបែកកាយរម្លាយខន្ធទៅ សេចក្តីស្រឡាញ់ទាំងអស់ របស់ខ្ញុំកណាទៅនៅរួមនឹងកូនប្រុសតែម្នាក់គត់ វាទើបជាដួងជីវិតរបស់ខ្ញកណា ដរាបណា យើងរស់នៅបែកគ្នា ខ្ញុំកណារស់នៅដួចជាមនុស្សគ្មានចិត្តវិញ្ញាណអញ្ចឹង បើវាមកអើតងើតខ្ញុំ កណាមែន ស្មើនឹងថាចិត្តវិញ្ញាណរបស់ខ្ញុំកណាកបានវិលត្រឡប់មកវិញ”
“ឧបាសកអើយ ! ពេលនេះ ញោមបាននៅជិតកូនប្រុសរបស់ញោមហើយ “ប្រុសចំណាស់បែរ មកសម្លឹងមើលភិក្ខុកម្លោះដោយភ្នែកបើកធំៗទាំងពោលយ៉ាងតក់ក្រហល់ថា
“លោកចង់មានដីកាថាម៉េច? លោកសមណៈ ! លោកជួបវាឬ? ឬថាវាកំពុងតែធ្វើដំណើរមក អើតងើងខ្ញុំកណា”
“មិនមែនកំពុងធ្វើដំណើរមកទេ ប៉ុន្តែមកដល់ហើយ” ភិក្ខុកម្លោះឆ្លើយទាំងញញឹមជាតម្រុយ ប្រុសចំណាស់ស្ទុះមកចាប់ដៃភិក្ខុកម្លោះទាំងសងខាងអង្រួនទាំងសួរយ៉ាងរលះរលាំងថា
“ចុះពេលនេះវាស្នាក់នៅឯណា? លោកសមណៈ ! សូមមេត្តាប្រាប់ខ្ញុំកណាមក ខ្ញុំកណាប្រញាប់ នឹងទៅជួបវាឥឡូវនេះ”
“គេនៅចំពោះមុខញោមនេះហើយតើ ! ញោមកំពុងតែសន្ទនាជាមួយនឹងកូនប្រុសឥឡូវនេះ” ប្រុសចំណាស់សម្លឹងមើលមុខភិក្ខុកម្លោះយ៉ាងផ្ចិតផ្ចង់ដោយអង្គឺអង្គែរារែកក្នុងចិត្ត ហើយមាន ប្រសាសន៍ចេញមកយ៉ាងសស្លន់សស្លោថា “មានន័យថា លោកជារេវត្តៈកូនប្រុសរបស់ខ្ញុំ កណាមែនទេ?”
គាត់ឈ្ងោកមុខទៅសម្លឹងមើលផ្នែកខាងក្រោយរបស់ភិក្ខុកម្លោះហើយត្រួតពិនិត្យមើលត្រង់បរិ វេណក្បាលពយយ៉ាងហ្មត់ចត់ នៅទីបំផុត ក៏ប្រទះឃើញភិនភាគសំខាន់ប្រចាំខ្លួនកូនប្រុស គឺ ប្រជ្រុយ ១ គ្រាប់ត្រង់បរិវេណក្បាលពយ គ្រាន់តែឃើញប្រជ្រុយប៉ុណ្ណោះ ប្រុសជរាក៏ស្ទុះស្រវា ចូលឱបរឹតរេវត្តៈភិក្ខុយ៉ាងមាំ ជ្រប់ភ្ងប់មុខនឹងប្រឹស្នស្មារបស់កូនប្រុសហើយយំខ្សឹកខ្សួល ក្តុកក្តួលអួលដើមកជាទីបំផុតដែលមិនអាចនឹងទប់ទឹកភ្នែកបាន រេវត្តៈភិក្ខុយកដៃអង្អែកខ្នង ញោមប្រុសទៅមកដោយរំជួលចិត្តនិងអាណិតញោមប្រុសពន់ពេក ពីរនាក់ឪកូនឱបគ្នាយំ អណ្តឺតអណ្តកនៅកណ្តាលសេចក្តីស្ងាត់ច្រងំនិងភាពត្រជាក់ស្រេបនៃរាត្រីកាល កាលបើបាន សតិស្មារតីដឹងខ្លួនហើយ រេវត្តៈភិក្ខុពោលលួងលោមញោមប្រុសថា “ឈប់យំទៅ ញោមអើយ ! សូមសប្បាយចិត្តចុះ ដែលបានជួបកូនប្រុសហើយ ចាប់ពីពេលនេះតទៅ យើងនឹងមិនរស់នៅ បែកគ្នាទៀតទេ”
“លោកកូនអើយ ! ញោមពុំដែលនឹកស្មានសោះថានឹងបានជួបគ្នាក្នុងភិនភេទបែបនេះទេ “ប្រុសជរាពោលទាំងសសឹក “កាលបើបានឃើញព្រះភក្ត្រលោកកូន ញោមនឹករលឹកដល់ញោម ស្រីលោកកូន បើញោមស្រីលោកនៅមានជីវិតរស់ នាងមិនដឹងជាត្រេកអរប៉ុនណាទេ លោកកូណមកដល់យឺតពេក មិនទាន់ដង្ហើមញោមស្រី សុជានីអើយ ! វិញ្ញាណរបស់គេហ៍នៅ ឯណា? ឥឡូវនេះកូនប្រុសរបស់យើងមកដល់ហើយ មកមើលមុខកូនប្រុសរបស់យើងមើល៍” ប្រុសចំណាស់ដង្ហោយហៅវិញ្ញាណភរិយាដោយសម្លេងស្អកស្អា ភិក្ខុកម្លោះក្តុកក្តួលរំជួលចិត្តជាខ្លាំង លុះមិនដឹងថានឹងប្រលោមលួងលោមញោមប្រុសដូចម្តេចបាន ទើបបានត្រឹមតែយកដៃ អង្អែលខ្នមញោមប្រុសទៅមក កាលបើប្រមូលសតិស្មារតីត្រឡប់មកវិញហើយ ភិក្ខុកម្លោះបាន គ្រាហ៍ញោមប្រុសឲ្យអង្គុយចុះលើគ្រែ ហើយខ្លួនឯងបានអង្គុយនៅក្បែរៗនោះ
“រេវត្តៈកូន ! អស់ពេលជាច្រើនឆ្នាំដែលយើងបែកគ្នា លោកកូនផ្លាស់ប្តូរច្រើនណាស់” ប្រុសជរាមានប្រសាសន៍ទាំងយកដៃដ៏ត្រជាក់ស្រេបស្ទាបមុខស្ទាបក្រោយកូនប្រុសដោយអាណិតស្រឡាញ់ បើលោកកូនមិនបានប្រាប់ញោមទេ ញោមច្បាស់ជាមិនស្គាល់លោកកូនឡើយ សាកតំណាលប្រាប់ញោមមកមើល៍ថាតើលោកកូនទៅណាមកណាបានជាមកជួបញោមនៅកន្លែងនេះ ។

loading…

រេវត្តភិក្ខុបានតំណាលរឿងរ៉ាវទាំងអស់ឲ្យញោមប្រុសស្តាប់តាំងពីនៅក្រុងសាវត្ថីជាមួយនឹង លោកសុមង្គលគ្រហបតីរហូតដល់គេចចេញពីគេហដ្ឋានរបស់លោកទៅធ្វើជាចោរនៅកណ្តាលព្រៃ និង បានបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា “ឥឡូវនេះបានលះលោកិយវិស័យចេញបួសហើយ មិនទាក់ ទងនឹងលោកិយវិស័យទៀតទេ ជីវិតរបស់អាត្មាជាជីវិតមានឥស្សរភាពនិងសេរីភាព គ្មានចំណង ចងឆ្វាក់ណាៗទាំងអស់ អាត្មានៅជាសុខសប្បាយឆ្ងាយពីលោកីយ៍ រឿងមួយដែលអាត្មានៅព្រួយ ចិត្ត គឺ ញោមប្រុសហ្នឹងឯង អាត្មាមកទីនេះដោយគោលបំណង នឹងជួយស្រោចស្រង់ញោមប្រុសចេញពីអន្លង់មហាទុក្ខ ទុក្ខព្រោះទលិទ្ទភាពក្រកម្សត់ ទុក្ខ ព្រោះនិរាសព្រាត់ប្រាសចាកកូនចៅ ទុក្ខ ព្រោះនិរាសពីភរិយា បើញោមប្រុសរស់នៅក្នុង ស្ថានភាពបែបនេះតទៅទៀត ញោមនឹងគ្មានថ្ងៃ ណារួចផុតចាកអន្លង់ទុក្ខនោះបានទេ អញ្ជើញ មកតាមអាត្មាចុះ ញោមអើយ ! ទៅនៅជាមួយ នឹងអាត្មា អាត្មានឹងនាំញោមទៅកាន់ដែនដីនៃ បរមសុខ ដែនដីនៃសន្តិភាព ដែនដីនៃឥស្សរភាពនិងសេរីភាព” ។
ពីរនាក់ឪកូនជំនុំគ្នារហូតដល់ឈានចូលបច្ឆិមយាម ទើបញែកគ្នាទៅសម្រាក ប្រុសចំណាស់ ព្យាយាមអត់ចិត្តនឹងសម្រាន្តឲ្យលក់ ប៉ុន្តែមិនអាចធ្វើទៅបាន សេចក្តីរីករាយត្រេកអរចិត្តដែល បានជួបកូនប្រុសនៅតែកត់ដក់ទុកក្នុងអារម្មណ៍ ឯរេវត្តភិក្ខុវិញបានសិងលក់ទៅនៅពេលមិន យូរប៉ុន្មាន ព្រោះលោកនឿយហត់អស់កម្លាំងពីការធ្វើដំណើរផ្លូវឆ្ងាយ ខ្យល់ត្រជាក់ដែល ឈ្មៀតចូលមកតាមរន្ធប្រហោងជញ្ជាំងធ្វើឲ្យគាត់រងាញ័រញាក់ ហើយព្រួយបារម្ភពីកូនប្រុស ដែលកំពុងតែសិងលក់ស្កប់ស្កល់នៅលើគ្រែ គាត់ជ្រែងកាយក្រោកឡើង យកឧសដាក់ចូលទៅ ក្នុងភ្លើងទៀត ធ្វើឲ្យភ្លឺឆេះសន្ធោសន្ធៅឡើង កម្ចាត់សីតភាពចេញពីកូនខ្ទម ប្រុសជរាអង្គុយនៅ ក្បែរភ្នក់ភ្លើង បែរមុខទៅសម្លឹងមើលកូនប្រុសម្តងម្កាល កាលបើបានឃើញកូនប្រុស ប្រុសជរា ក៏កក់ក្តៅនៅក្នុងចិត្ត ប៉ុន្តែក្នុងពេលជាមួយគ្នានោះ គាត់ក៏ស្រងូតស្រងាត់ព្រោះនឹករលឹកដល់ ភរិយាកម្សត់ដែលបានបែកកាយរំលាយខន្ធទៅហើយ
“សុជានីអើយ ! អង្កាលដែលគេហ៍ហៀបនឹងដាច់ខ្យល់ គេហ៍ពោលមមីមមើស្រមើស្រមៃរកតែ កូនប្រុសទេ “ប្រុសជរាពោលរងាំរង៉ូវនៅម្នាក់ឯង “នៅពេលដែលកូនប្រុសមកដល់ហើយ គេហ៍ ត្រឡប់ជាមិនបានឃើញមុខកូនប្រុសទៅវិញ អនិច្ចា ! សុជានីកម្សត់អើយ ! គេហ៍នៅឯណា? ” ប្រុសជរាផ្ទប់មុខនៅនឹងបាតដៃហើយយំអង្គុកអង្គុលអួលដើម-កតែម្នាក់ឯងដោយគិតអាឡោះ អាល័យដល់ភរិយារបស់ខ្លួន ។
ភិក្ខុកម្លោះបានតើនឡើងនៅពេលពន្លឺភ្លឺបំព្រាងចាំងជះក្រហែងមេឃឰដ៏ប្រាចីនទិស កាលបើ ឃើញញោមប្រុសនៅអង្គុយកៀនភ្នក់ភ្លើងដូច្នេះ ទើបសួរឡើងថា
“ញោមភ្ញាក់យូរហើយឬ?”
“ញោមអង្គុយនៅទីនេះមួយយប់ហើយ មិនបានសម្រាកទេ” ប្រុសជរាឆ្លើយ
“ញោមសម្រាន្តចុះ មិនបាច់ខ្វល់ពីអាត្មាទេ ក្រែងលោមិនស្រួលខ្លួន”
“មិនអីទេ ខ្ញុំកណាស៊ាំទៅហើយ ជួនកាលមិនបានធ្មេចភ្នែកលក់ជាប់ៗគ្នា ២-៣ យប់ក៏មាន យប់នេះខ្ញុំកណាត្រេកអរពេកដែលបានជួបលោកកូន ខ្ញុំកណានឹកផ្អូកដូចជាស្លាប់ហើយកើត សាថ្មីអញ្ចឹង”ប្រុសជរាមានប្រសាសន៍ទាំងក្រោកឡើងទៅបើកទ្វារខ្ទមហើយដើរចេញទៅក្រៅបាត់ទៅ មួយស្របក់ធំតមក ទើបវិលត្រឡប់មកវិញ
“ព្រឹកថ្ងៃនេះ ញោមត្រូវដឹកឧសចូលទៅលក់ក្នុងក្រុង ព្រោះដល់ថ្ងៃកំណត់ហើយ ញោមនឹងជាវ ចង្ហាន់ប្រណីតមផ្ញើ សូមលោកកូនរងចាំញោមនៅទីនេះណៈ ” ប្រុសជរាចាត់ចែងសម្លៀក បំពាក់ហើយក៏ចេញទៅ មិនយូរប៉ុន្មាន សម្លេងរទេះឮក្រេតក្រតនៅខាងក្រៅខ្ទមក៏រសាត់បាត់ សម្លេងទៅបន្តិចម្តងៗក្នុងពេលងងឹតព្រិលៗនៃអរុណោទ័យ កាលបើភ្លឺច្បាស់ស្រឡះហើយ ភិក្ខុកម្លោះក៏និមន្តចេញពីខ្ទមទៅឈរពិនិត្យមើលភូមិប្រទេសនៅខាងក្រៅ សម្លឹងមើលឆ្ងាយ ចេញទៅខាងទិសឧត្តរ អាចមើលឃើញជួរភ្នំហេមពាន្ត មានកំពូលសម្បុរ-សក្បុសដោយទឹក កក ខ្ពស់ត្រដែតត្រដឹងស្កឹមស្កៃបានយ៉ាងច្បាស់ក្រឡាញ ជាទស្សនីភាពដ៏ស្រស់បំព្រងគួរឲ្យ ពិចពិលរមិលមើលណាស់សម្រាប់ពួកអ្នកនគរទក្សិណដែលមិនធ្លាប់ទស្សនា ចិញ្ចើមថ្នល់ ដែលពុះត្រង់ចូលកាន់ក្រុងបាវា មានខ្ទមរបស់មនុស្សក្រកម្សត់ទុគ៌តតាំងនៅរតេតរតូត ម្ចាស់ខ្ទមើលទៅដូចជាប្រកបរបរកាប់ឧសលក់ទាំងអស់ ពីព្រោះពួកគេកំពុងតែរៀបរទេះក៏មាន កំពុងបរទៅក៏មាន នៅពេលដល់វេលាបិណ្ឌបាតហើយ រេវត្តភិក្ខុក៏ឃ្លុំចីពរឱបបាត្រដើរតាមខ្ទម រតេតរតូតនោះ មនុស្សនៅម្តុំនោះមើលទៅហាក់ដូចជាមិនដែលឃើញភិក្ខុសង្ឃទេ ទើបបាននាំ គ្នាចោមរោមរេវត្តភិក្ខុជាហ្វូងធំ នៅពេលលោកនិមន្តដើរទៅណា ក៏ភ្លូកអ៊ូរអរដើរតាមទៅមើល អ្នកខ្លះក៏សួរដំណើរដើមទងគមនាគមនដ្ឋាន អ្នកខ្លះសួរថាត្រូវការអ្វី លុះដឹងថាលោកត្រូវការ ចង្ហាន់ក៏នាំគ្នាយកបាយនិងអាហារវត្ថុផ្សេងៗមកដាក់ក្នុងបាត្រ លុះបានចង្ហាន់ល្មមឆ្អែតពោះហើយ រេវត្តភិក្ខុក៏ត្រឡប់ទៅកាន់ខ្ទមរបស់ញោមប្រុសវិញ រំលែកអាហារទុកឲ្យញោមប្រុស មួយចំណែក ហើយមួយចំណែកទៀតក៏ឆាន់ខ្លួនឯង លុះឆាន់ហើយក៏លាងបាត្រផ្កាប់ទុកតាម យថាឋាន (កន្លែងដើម) ។
ទម្រាំនឹងប្រុសចំណាស់ម្ចាស់ខ្ទមត្រឡប់មកវិញក៏ពេលថ្ងៃខ្ពស់ណាស់ទៅហើយ គាត់ដោះគោ ចេញពីរទេះ លែងឲ្យវាដើរស៊ីស្មៅតាមសប្បាយ ហើយរូតរះចូលទៅក្នុងខ្ទម ចាត់ចែងចង្ហាន់ ប្រគេនកូនប្រុស ប៉ុន្តែនៅពេលដឹងថាកូនប្រុសឆាន់រួចហើយ ថែមទាំងបានរលែកអាហារទុកឲ្យ គាត់ទៀត ក៏នឹកចម្លែកចិត្តទើបសួរថា
“លោកកូនបានអាហារទាំងនេះមកពីណា?”
រេវត្តភិក្ខុឆ្លើយថា “អាត្មាបានមកពីការដើរបិណ្ឌបាត”ហើយក៏អធិប្បាយពន្យល់វិធីចិញ្ចឹមជីវិតរបស់ ភិក្ខុឲ្យញោមប្រុសបានស្តាប់ លុះញោមប្រុសពិសាភោជនាហាររួចហើយ ការសន្ទនារវាងកូន ប្រុសនិងញោមប្រុសក៏បានចាប់ផ្តើមឡើងម្តងទៀត
“ញោមប្រុសអើយ ! ក្នុងកំឡុងពេលដែលយើងនិរាសព្រាត់ប្រាសពីគ្នានោះ តើញោមប្រុសរស់នៅជាសុខសប្បាយឬទេ?”
“គ្មានសេចក្តីសុខទេ លោកកូនអើយ ! ញោមមិនដែលមានសេចក្តីសុខឡើយ កុំថាឡើយតែក្នុង កំឡុងពេលដែលយើងបែកគ្នានោះ តាំងពីកើតមក ញោមពុំដែលមានសេចក្តីសុខទេ”
“ចុះញោមគិតថាអ្នកណាខ្លះក្នុងលោកនេះដែលមានសេចក្តីសុខ?” ភិក្ខុកម្លោះសួរ
“ញោមគិតថា ពួកមនុស្សវណ្ណៈខ្ពស់ៗ ដូចជា ព្រាហ្មណ៍ ក្សត្រ ព្រៃងារ សេដ្ឋីគ្រហបតី អ្នកមាន ទ្រព្យសម្បត្តិស្តុកស្តម្ភ មានយសសក្តិបរិវារច្រើន មានកិត្តិយសធំធេង មុខជាមានសេចក្តីសុខ” ប្រុសជរាឆ្លើយតបទាំងគិតសញ្ជឹង
“តើញោមដែលឃើញមនុស្សវណ្ណៈខ្ពស់ទាំងនោះសើចហេហាកក្អាកក្អាយគ្រប់ពេលវេលាទេ? ឬជួនកាលឃើញពួកគេអង្គុយសំកុកមុខជូរ កើតទុក្ខអង្គុកអង្គុលស្រងូតស្រងាត់ខ្លះដែរ”
“ជួនកាលញោមក៏សង្កេតឃើញពួកគេកើតទុក្ខព្រួយស្រងូតស្រងាត់ខ្លះដែរ”
“ហ្នឹងហើយ ញោមអើយ ! គ្មានអ្នកណារស់នៅជាសុខតែម្យ៉ាងដោយគ្មានលាយទុក្ខនោះទេ ពីព្រោះវដ្តសង្សារយើងនេះពោរពេញទៅដោយសមុទ្រទុក្ខ គឺ ជរា ជម្ងឺ មរណៈ  ទុក្ខ គឺ សំណោកសោកសៅស្តាយស្រណោះអាឡោះអាល័យ ទុក្ខព្រោះនិរាសព្រាត់ប្រាសពីមនុស្ស ជាទីស្រឡាញ់ របស់ជាទីស្រឡាញ់ ទុក្ខព្រោះពើបពះប្រទះនឹងមនុស្សសម្អប់ និងអារម្មណ៍មិន ជាទីគាប់ចិត្ត ទុក្ខព្រោះមិនសមបំណងដែលប៉ងប្រាថ្នា សេចក្តីសុខពិតប្រាកដនោះគ្មានទេ ក្នុងលោកនេះ កាលបើសេចក្តីទុក្ខស្បើយចុះ ​មនុស្សក៏យល់ឃើញថាជាសេចក្តីសុខ ការពិត មិនមែនជាសេចក្តីសុខទេ វាគ្រាន់តែជាហេតុនៃទុក្ខថ្ងបចុះតិចប៉ុណ្ណោះឯង ព្រាហ្មណ៍ មហាសាល គ្រហបតីមហាសាលអ្នកមានទ្រព្យសម្បត្តិច្រើន មានប្រដាប់ប្រដាសម្រន់ទុក្ខ ច្រើន ទុក្ខរបស់គេក៏រលស់តិចចុះ ពួកគេក៏និយាយថា មានសេចក្តីសុខ តាមការពិត មិនមែន មានសេចក្តីសុខដូចដែលគេថានោះទេ វាគ្រាន់តែជាទុក្ខដែលទទួលបានការសម្រន់បង្អន់ ចុះទៅមួយគ្រាមួយរយៈប៉ុណ្ណោះ ដូចជាយើងបរិភោគអាហារសម្រន់ហេវបានមួយគ្រាមួយ ស្របក់ប៉ុណ្ណោះ មិនយូរប៉ុន្មាន យើងក៏ហេវទៀត មនុស្សក្នុងលោកយើងនេះយល់ឃើញថា សេចក្តីសុខកើតមានព្រោះមានទ្រព្យសម្បត្តិច្រើន ទើបនាំគ្នាស្វះស្វែងរកដោយឥតឈប់ឈរ លុះបានទ្រព្យសម្បត្តិមកហើយ ជួសនឹងឲ្យគេមានសេចក្តីសុខដូចដែលគេគិតស្មានទុក គេត្រឡប់ជាបានទទួលសេចក្តីទុក្ខកាន់តែច្រើនឡើង មានការព្រួយបារម្ភខ្វល់ខ្វាយកាន់តែ ច្រើនឡើង រឹតតែចង់បានកាន់តែច្រើនឡើង តស៊ូត្រដរត្រដាសស្វះស្វែងរកទ្រព្យសម្បត្តិទាំង ត្រដាបត្រដួសកាន់តែខ្លាំងដៃឡើង មនុស្សក្នុងលោកនេះចេះតែរត់ដេញតាមសេចក្តីសុខ ប៉ុន្តែ រត់ដេញតាមសេចក្តីសុខមិនដែលទាន់ម្តងណាឡើយ សេចក្តីសុខចេះតែរត់គេចចេញទៅនៅខាងមុខជារឿយៗ នៅទីបំផុត សេ្តចមច្ចុរាជក៏យាងមកអូសយកជីវិតគេបាត់ទៅ

ញោមអើយ បើមនុស្សយើងនៅតែរត់ដេញតាមសេចក្តីសុខនេះដដែលទេ មុខជាគ្មានថ្ងៃណានឹងបានជួប សេចក្តីសុខឡើយ បើយើងចង់បានសេចក្តីសុខនោះ យើងត្រូវតែលែងរត់ដេញតាមវា ឈប់ មានះតស៊ូជាមួយនឹងវា សេចក្តីសុខនឹងកើតមានដោយខ្លួនឯង ជីវិតសមណៈជាជីវិតដែល ឈប់រត់ដេញតាមសេចក្តីសុខ ឈប់ត្រដរតស៊ូនឹងសេចក្តីសុខ ជាជីវិតស្ងប់ស្ងៀមគត់មត់ ត្រជាក់ត្រជុំ មានឥស្សរភាព និង សេរីភាព គ្មានចំណងចងឆ្វាក់ទាំងផ្លូវកាយនិងផ្លូវចិត្ត សេចក្តី សុខបែបនេះអាត្មាកំពុតែសោយហើយ អាត្មាចង់ឲ្យញោមបានភ្លក់រសជាតិនៃសេចក្តីសុខបែប នេះខ្លះ ដូច្នេះ ចូរទៅជាមួយនឹងអាត្មាចុះ អាត្មានឹងនាំញោមទៅរកព្រះឧបជ្ឈាយ៍ឯដែន កោសលហើយអាត្មានឹងឲ្យញោមបានឧបសម្ប័ទជាសមណៈដូចយ៉ាងអាត្មានេះ”
ប្រុសជរា អង្គុយស្ងៀមសញ្ជឹងគិតអស់ពេលជាយូរ គិតដង្វិនមើលជីវិតរបស់ខ្លួន តាមដែល ធ្លាប់ឆ្លងកាត់មកក្នុងអតីតកាល ប្រៀបធៀបនឹងសម្តីរបស់កូនប្រុសមើល រកកល់នឹងយល់ស្រប តាមដែរ ប៉ុន្តែគាត់នៅខ្វល់ចិត្តរឿងទ្រព្យសម្បត្តិបន្តិចបន្តួចរបស់ខ្លួន
“បើញោមនឹងទៅជាមួយនឹងលោកកូន ចុះរទេះញោម គោញោម ខ្ទមញោម នឹងធ្វើយ៉ាងម៉េច ទៅវិញអញ្ចឹង”
“របស់ទាំងអស់នេះ ញោមកុំបាច់ខ្វល់ចិត្តឡើយ ចូរខ្វល់ដល់ខ្លួនឯងប្រសើរជាង រទេះ គោ ខ្ទម ទាំងអស់ហ្នឹងជាទ្រព្យខាងក្រៅខ្លួន យើងកើតមកបាតដៃទទេ មិនបានយកវាមកជាមួយទេ លុះបើយើងស្លាប់ទៅវិញ យើងក៏យកវាទៅជាមួយមិនបានដែរ យើងតោងតែលះលែងរវែង បង់ទុកឲ្យអ្នកដទៃប្រើប្រាស់តពីយើងទៅ ទោះបីអ្នកដទៃនោះស្លាប់ទៀត គេក៏យករបស់ទាំង នោះទៅមិនបានដែរ តោងតែបន្សល់ទុកឲ្យអ្នកដទៃទៀត បើអ្នកដទៃទៀតនោះស្លាប់ចោល អស់ របស់ទាំងនេះនឹងត្រូវបោះបង់ចោលនៅលើផែនដីនេះឯង ព្រោះវាជាទ្រព្យសម្បត្តិរបស់ ផែនដី យើងយោនយកកំណើតកើតមក យើងគ្រាន់តែខ្ចីរបស់ផែនដីនេះប្រើប្រាស់បណ្តោះ អាសន្នប៉ុណ្ណោះ កាលបើយើងឈប់ចាំបាច់លែងប្រើប្រាស់វា យើងក៏សងរបស់នោះដល់ផែនដី វិញ ហេតុដូច្នេះ ញោមនៅអាឡោះអាល័យធ្វើអ្វីនឹងអីវ៉ាន់របស់អ្នកដទៃ” ។
ភិក្ខុកម្លោះបានទេសនាអប់រំចិត្តញោមប្រុសពេញមួយថ្ងៃរហូតដល់ញោមប្រុសមើលឃើញជីវិត ឃរាវាសជាជីវិតចង្អៀតចង្អល់ ពោរពេញទៅដោយបន្ទុកចងឆ្វាក់គ្មានឥស្សរភាព ហើយមើល ឃើញជីវិតបែបសមណៈជាជីវិតទូលំទូលាយ អស់ភារកិច្ចកង្វល់ខ្វល់ខ្វក់ មានឥស្សរភាព សេរីភាព ស្ងប់ស្ងាត់គត់មត់ ប្រុសជរាមើលឃើញខ្ទម រទេះគោកម្សត់របស់ខ្លួនបីដូចជាដីមួយដុំ ដែលត្រូវបោះបង់ចោល នៅទីបំផុត គាត់ក៏សម្រេចចិត្តទៅតាមរេវត្តៈជាកូនប្រុសឆ្ពោះតម្រង់ ទៅដែនកោសលដើម្បីនឹងដើរចូលទៅកាន់អាណាចក្រនៃទង់ជ័យនៃព្រះនិព្វាន ។
លុះថ្ងៃបន្ទាប់មក ប្រុសជរាក៏ប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យជាទានដល់អ្នកស្រុកដែលត្រូវការ ហើយឪពុកកូនក៏ដើរផ្លូវទៅទិសខាងត្បូង មានមុខឆ្ពោះទៅកាន់ទីក្រុងសាវត្ថី ច្រើនថ្ងៃកន្លងទៅ ពីរនាក់ឪពុកកូនក៏ធ្វើដំណើរមកដល់មាត់ច្រកផ្លូវចូលព្រៃធំដែលរេវត្តភិក្ខុនិងព្រះឧបជ្ឈាយ៍ធ្លាប់ គង់នៅអស់ ៥ វស្សា នៅត្រង់កន្លែងនោះ លោកពុំបានជួបនឹងព្រះឧបជ្ឈាយ៍ទេ ទាំងសហធម្មិក ដែលធ្លាប់ធ្វើជាចោរជាមួយគ្នាក៏មិនជួបដែរ អ្នកស្រុកប្រាប់ថាភិក្ខុទាំងនោះបាននិមន្តចាកចេញ ពីភូមិរបស់ពួកគេទៅយូរហើយ ឮថានាំគ្នានិមន្តទៅក្រុងសាវត្ថី ដើម្បីចូលគាល់ព្រះបរមសាស្តា ពីព្រោះពេលនោះមានដំណឹងរហាក់រហៀងមកថា ព្រះសមណៈគោត្តមបានស្តេចយាងមក ប្រថាប់គង់នៅក្នុងវត្តជេតវ័នក្បែរទីក្រុងសាវត្ថីតាមពាក្យអារាធនារបស់អនាថបិណ្ឌិកមហាសេដ្ឋី លុះឮដំណឹងដូច្នេះ ពីរនាក់ឪពុកកូនក៏រវៀសរវៃខ្មីឃ្មាតធ្វើដំណើរដើរផ្លូវទៅកាន់ក្រុងសាវត្ថី ដើម្បីក្រាបថ្វាយបង្គំព្រះបរមសាស្តា នៅរាត្រីថ្ងៃមួយលើផ្ទាំងថ្មខាងក្រោមដើមជ្រៃធំខាងក្នុង បរិវេណវត្តជេតវ័ន ភិក្ខុជាច្រើនអង្គកំពុងគង់សន្ទនាធម៌គ្នា លុះធម្មសាកច្ឆាចប់ហើយ ភិក្ខុជា ច្រើនរូបក្នុងក្រុមនោះបានអារាធនារេវត្តភិក្ខុឲ្យតំណាលជីវប្បវត្តិរបស់លោកដែលគួរឲ្យចាប់ចិត្តដិតអារម្មណ៍ រេវត្តភិក្ខុទើបចាប់ផ្តើមរៀបរាប់អត្តប្បវត្តិរបស់ខ្លួនដូចតទៅនេះ

232 total views, 3 views today

Facebook Comments