១៣.សត្រូវដែលក្លាយជាមិត្រ

ម្នាលលោកដ៏មានអាយុទាំងឡាយ ! ក្រោយពីដើរផ្លូវស្នាក់សំចតអស់ពេលមួយខែគត់មក ខ្ញុំព្រះ ករុណានិងញោមប្រុសក៏បានមកដល់ក្រុងសាវត្ថីហើយបានចូលស្នាក់អាស្រ័យក្នុងវត្តជេតវ័ន មហាវិហារជាមួយនឹងព្រះបរមសាស្តានិងភិក្ខុសង្ឃទាំងពួង ញោមប្រុសរបស់ខ្ញុំព្រះករុណាបាន បួសក្នុងពេលតមក លោកជាភិក្ខុមានវ័យចាស់ ខ្នះខ្នែងបំពេញព្យាយាមដើម្បីធ្វើទីបំផុតនៃទុក្ខ រហូតដល់អ្នកណាក៏ទទួលស្គាល់ជាទូទៅក្នុងជេតវ័ន ពេលនេះ ខ្ញុំព្រះករុណាធូរស្បើយចិត្ត គ្មាន បលិពោធកង្វល់ដូចពីមុនទេ ត្បិតថាញោមស្រីរបស់ខ្ញុំព្រះករុណាបានស្លាប់ទៅហើយ ញោម ប្រុសរបស់ខ្ញុំព្រះករុណាក៏បានឧបសម្ប័ទហើយ គ្មានអ្នកណាដែលខ្ញុំព្រះករុណាត្រូវខ្វល់រំពល់ ចិត្តដល់ទៀតទេ ខ្ញុំព្រះករុណាខិតខំសិក្សាកម្មដ្ឋានអំពីព្រះបរមសាស្តាដរាបដល់ចាំបានថ្នឹក ស្ទាត់រត់មាត់ រួចក៏ចូលកាន់សេនាសនៈស្ងាត់ប្រារព្ធព្យាយាមយ៉ាងស្វាហាប់ដូចគ្នានឹងភិក្ខុ ជាញោមប្រុសរបស់ខ្ញុំព្រះករុណាដែរ នៅខណៈដែលចិត្តរបស់ខ្ញុំព្រះករុណាកំពុងតែមូលស្លុង តែមួយចំពោះបដិបទាវត្ដដើម្បីសេចក្តីរួចផុតស្រឡះចាកទុក្ខនោះឯង ហេតុការណ៍មួយក៏បាន កើតឡើង វាជាហេតុការណ៍ថ្មីដែលបន្តមកពីហេតុការណ៍ក្នុងរឿងចាស់របស់ខ្ញុំព្រះករុណាហ្នឹង ឯង ខ្ញុំព្រះករុណាចង់ហៅវាថាជាហេតុការណ៍អាក្រក់ជាងហេតុការណ៍ល្អ ពីព្រោះវាបានចូល មកបំផ្លាញសមាធិរបស់ខ្ញុំព្រះករុណាធ្វើឲ្យសេចក្តីព្យាយាមរបស់ខ្ញុំព្រះករុណាដែលកំពុងតែរីក ចម្រើនជឿនលឿនទៅមុខ ត្រូវទច់ងក់ដោយអស់ជើង ខ្ញុំព្រះករុណានឹងនិទានប្រាប់ដូចតទៅ សូមលោកអ្នកមានអាយុទាំងឡាយតាំងចិត្តត្រងត្រាប់ស្តាប់ចុះ
នៅល្ងាចថ្ងៃនោះ ក្នុងខណៈដែលព្រះបរមសាស្តាទ្រង់កំពុងតែសម្តែងព្រះធម៌ក្នុងធម្មសាលា ត្រង់កណ្តាលបរិស័ទទាំង ៤ ខ្ញុំព្រះករុណាបានអង្គុយនៅចុងផុតជួរនៃភិក្ខុបរិស័ទប៉ែកខាង ស្តាំព្រះហស្ថរបស់ព្រះសក្យមុនី ត្រង់កន្លែងដែលខ្ញុំព្រះករុណាអង្គុយនោះនៅទល់មុខនឹង កន្លែងអង្គុយរបស់ឧបាសកឧបាសិកា គ្រាន់តែចោលក្រសែភ្នែកទៅមុខប៉ុណ្ណោះ ក៏អាចមើល ឃើញទាយកទាយិកាបានយ៉ាងច្បាស់ក្រឡែត ពីព្រោះកន្លែងគង់របស់ភិក្ខុសង្ឃខ្ពស់ជាងពួក ពុទ្ធបរិស័ទ ប៉ុន្តែជាប្រក្រតីភិក្ខុសង្ឃច្រើនតែបោះក្រសែភ្នែកចុះទាបត្រងត្រាប់ស្តាប់ព្រះធម្ម ទេសនា គ្មានអង្គណាហ៊ានសម្លឹងមើលទៅខាងឧបាសកឧបាសិកាទេ ខ្ញុំព្រះករុណាបានបដិបត្តិ តាមទំនៀមទម្លាប់នោះយ៉ាងផ្ចិតផ្ចង់ ប៉ុន្តែក្នុងល្ងាចថ្ងៃនោះ ខ្ញុំព្រះករុណាភ្នកនឹកហាក់ដូចជា មានអំណាចអ្វីម្យ៉ាងមកធ្វើឲ្យខ្ញុំព្រះករុណាចង់សម្លឹងមើលទៅខាងឃរាវាសខ្លះ ទើបបោះក្រសែ ភ្នែកទៅខាងក្រុមទាយកទាយិកា ភ្លាមនោះឯង ក្រសែភ្នែករបស់ខ្ញុំព្រះករុណាបានទៅប៉ះចំនឹង ក្រសែភ្នែករបស់ស្រីក្រុមុំម្នាក់ដែលកំពុងតែសម្លឹងមើលមកដែរ ខ្ញុំព្រះករុណាក្តុកចិត្តព្រើត ប្រញាប់ដកក្រសែភ្នែកបកមកវិញ ឱនមុខចុះទាបដូចដើមវិញ ប៉ុន្តែរូបភាពនៃទម្រង់មុខរបស់ នាងបានថតជាប់ក្នុងកែវភ្នែកនិងក្រអៅដួងចិត្តរបស់ខ្ញុំព្រះករុណាទៅហើយ ខ្ញុំព្រះករុណាបាន ព្យាយាមបំភ្លេចវាចោលដោយខំនឹកភ្នកទៅរករូបភាពផ្សេងៗ ប៉ុន្តែមិនអាចធ្វើទៅបានទេ លុះស្តាប់ព្រះធម្មទេសនាទៅមួយស្របក់ទៀត ដោយចិត្តរសាប់រសល់វិលវល់ ខ្ញុំព្រះករុណា ទើបនឹកចង់នឹងសម្លឹងមើលទោស្រីក្រមុំនោះទៀត ចម្លែកមែនទែន លោកដ៏មានអាយុទាំង ឡាយ នាងកំពុងតែសម្លឹងមើលមកខ្ញុំព្រះករុណាដូចគ្រាមុនដដែល ខ្ញុំព្រះករុណាសម្លឹងមើល មុខនាងជាច្រើនដងរហូតដល់ព្រះបរមសាស្តាទ្រង់សម្តែងព្រះធម៌ចប់ គ្រប់ពេលវេលាដែល ប្រទះឃើញ នាងកំពុងតែសម្លឹងមើលមកខ្ញុំព្រះករុណារហូត មើលកិរិយាឫកពារបស់នាងទៅ ហាក់បីដូចជាចាប់ចិត្តដិតអារម្មណ៍ចំពោះខ្ញុំព្រះករុណាមែនទែន ។
ម្នាលលោកដ៏មានអាយុទាំងឡាយ ! តាមរយៈការសង្កេតមើលអស់រយៈពេលដ៏ខ្លីនោះ ខ្ញុំព្រះ ករុណាយល់ឃើញថានាងជាស្រីក្រមុំដែលស្រស់ស្អាតម្នាក់តាមដែលខ្ញុំព្រះករុណាធ្លាប់បានជួប ប្រទះមក សម្រស់របស់នាងធ្វើឲ្យខ្ញុំព្រះករុណាញាប់ញ័ររំពើករំពើងក្នុងចិត្តខ្លះដែរ ខ្ញុំព្រះករុណា ព្យាយាមផ្ចង់មើលរូបនោះឲ្យជាអសុភៈជាសាកសពជាភាជនៈដីដែលពេញទៅដោយរបស់ពុក ផុយស្អុយរលួយតាមដែលព្រះធម្មាចារ្យធ្លាប់បានបង្ហាត់បង្រៀនមក ប៉ុន្តែចិត្តមិនសូវជាយល់ ឃើញតាមនោះទេ វានៅតែមើលឃើញថាជារបស់ស្អាតល្អដដែល រាត្រីថ្ងៃនោះខ្ញុំព្រះករុណារាយ មាយរសេមរសាមពេញមួយយប់ ។
លុះថ្ងៃព្រឹកឡើង ខ្ញុំព្រះករុណាត្រាច់ដើរបិណ្ឌបាតក្នុងក្រុងសាវត្ថីតាមប្រក្រតី ប៉ុន្តែវាជាថ្ងៃស៊យ ក៏មិនដឹង ទើបមិនសូវមានគេដាក់បាត្រខ្ញុំព្រះករុណាសោះ ខ្ញុំព្រះករុណាសម្រេចចិត្តដើរចេញ ទៅឆ្ងាយជាងកន្លែងដែលធ្លាប់ដើរទៅ ខ្ញុំព្រះករុណាដើរទៅមួយៗដោយអាការសម្រួម ចោល ក្រសែភ្នែកទៅមុខចម្រាយ ២ ម៉ែត្រតាមបែបបទព្រះអរិយវង្ស រំពេចនោះស្រាប់តែខ្ញុំព្រះករុណា បានឮឧបាសិកាម្នាក់ស្រែកនិមន្ត
“សូមព្រះគុណម្ចាស់និមន្តចូលមកទ្រង់បាត្រខាងណេះសិន”
ខ្ញុំព្រះករុណាងើបមុខសម្លឹងទៅកន្លែងនោះភ្លាម ប្រទះឃើញស្រីក្រមុំម្នាក់កំពុងតែឈរនៅក្បែរ ទ្វារប្រាសាទខ្នងធំ ក្នុងដៃរបស់នាងមានភាជនៈដាក់រណ្តាប់អាហាររាប់បាត្រ ខ្ញុំព្រះករុណាស្លន់ ចិត្តរអាក់រអាំបន្តិចព្រោះនៅចាំបានថាស្រីក្រមុំម្នាក់នោះជាមនុស្សតែមួយនឹងស្រីក្រមុំដែលខ្ញុំ ព្រះករុណាបានឃើញនៅឯធម្មសាលាកាលពីល្ងាចថ្ងៃម្សិលមិញ ប៉ុន្តែខ្ញុំព្រះករុណាបានរចល់ ខ្វល់ចិត្តទ្វេឡើងទៀតកាលបើនៅចាំបានថាប្រាសាទខ្នងនោះជាគេហដ្ឋានរបស់លោកសុមង្គលគ្រហបតីដែលខ្ញុំព្រះករុណាធ្លាប់មកជ្រកអាស្រ័យកាលពីនោះក្មេង ហេតុការណ៍ក្នុងអតីត កាលទាំងអស់បានវិលប្រាកដដល់ខ្ញុំព្រះករុណាម្តងទៀត ខ្ញុំព្រះករុណាមានអារម្មណ៍មិន សប្បាយចិត្តសោះ កាលបើដឹងថាខ្លួនកំពុងត្រឡប់មករស់នៅក្បែរៗនាងគ្រហបតានី និង កណិការ ប៉ុន្តែក៏នឹកសប្បាយចិត្តខ្លះដែរដែលបានវិលត្រឡប់មករស់នៅក្បែរ “លីលាវតី” ទៀត ខ្ញុំព្រះករុណាទទួលបិណ្ឌបាតពីស្រីក្រមុំនោះដោយដៃញាក់ញ័រ ទទួលរួចហើយក៏ ប្រញាប់ចេញដើរតទៅមុខទៀត ប៉ុន្តែទៅមិនបានឆ្ងាយប៉ុន្មាន ខ្ញុំព្រះករុណាក៏សម្រេចចិត្តបក ក្រោយវិញព្រោះថ្ងៃខ្ពស់ណាស់ហើយ គ្រាន់តែបែរត្រឡប់ក្រោយវិញ ខ្ញុំព្រះករុណាបានសង្កេត ឃើញស្រីក្រមុំម្នាក់នោះនៅឈរត្រង់កន្លែងដើមដដែល នាងតាមសម្លឹងមើលខ្ញុំព្រះករុណា គ្រប់ជំហាន ខ្ញុំព្រះករុណាមានអារម្មណ៍ពុំសប្បាយចិត្តសោះដែលត្រូវដើរកាត់មុខនាងម្តងទៀត ប៉ុន្តែចាំបាច់ត្រូវតែដើរកាត់មុខ ព្រោះគ្មានផ្លូវផ្សេង កាលបើខ្ញុំព្រះករុណាដើរមកដល់ខាងមុខ នាង ហើយនាងបានពោលនិមន្តថា “ស្អែកនេះ សូមព្រះតេជគុណនិមន្តមកទទួលបិណ្ឌបាត ទីនេះទៀត” ខ្ញុំព្រះករុណាទទួលពាក្យនិមន្តដោយតុណ្ហីភាព រួចក៏ដើរចេញទៅ ភ្លាមនោះបាន មានសម្លេងស្រែកហៅចេញមកពីខាងក្នុងគេហដ្ឋានថា
“លីលាវតី ! កូនឯងដាក់បាត្រហើយឬនៅ?”
“ដាក់រួចហើយ ម៉ាក់ ! ” សម្លេងស្រីក្រមុំដែលឈរនៅឯទ្វារឆ្លើយតប ។
លុះស្តាប់ឮការសន្ទនាគ្នាតែប៉ុណ្ណេះ ខ្ញុំព្រះករុណាក៏ដឹងច្បាស់ថា ស្រីក្រមុំម្នាក់នោះ មិនមែនអ្នក ណាផ្សេងនោះទេ ប៉ុន្តែ គឺ លីលាវតី កូនស្រីពៅរបស់លោកគ្រហបតីដែលធ្លាប់មាន ឧបការគុណចំពោះខ្ញុំព្រះករុណាហ្នឹងឯង ខ្ញុំព្រះករុណាបែរទៅសម្លឹងមើលនាងម្តងទៀត ប៉ុន្តែនាង បានចូលទៅក្នុងផ្ទះបាត់ទៅហើយ អស់ពេលជាច្រើនឆ្នាំដែលយើងបែកគ្នា លីលាវតីបានផ្លាស់ប្តូរ ទៅច្រើនណាស់រហូតដល់ខ្ញុំព្រះករុណាចាំនាងមិនបាន ហើយយល់ ថានាងប្រហែលជាចាំខ្ញុំព្រះ ករុណាមិនបានដូចគ្នាដែរ ឥឡូវនេះ ខ្ញុំព្រះករុណាបានឃើញ និង ស្គាល់នាងហើយ ប៉ុន្តែនាងនៅមិនទាន់ស្គាល់ខ្ញុំព្រះករុណាទេ ដូច្នេះ ខ្ញុំព្រះករុណាជាភាគីបាន ប្រៀប ប៉ុន្តែយ៉ាងណាក៏ដោយ នៅ រាត្រីថ្ងៃនោះ ចិត្តរបស់ខ្ញុំព្រះករុណារសេមរសាមសល់វល់ ជាងថ្ងៃមុនៗ ខ្ញុំព្រះករុណាព្យាយាមបង្ក្រាបវាដោយឧបាយវិធីផ្សេងៗ ប៉ុន្តែបានផលតិចតួច ណាស់ ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាតាំងចិត្តថានឹងខំព្យាយាមបិទបាំងមិនឲ្យ លីលាវតីដឹងថា ខ្ញុំព្រះករុណាជាអ្នកណាទេ ព្រោះបើនាងដឹង សម្ពន្ធភាពរវាងយើងទាំងពីរនឹង ត្រូវផ្លាស់ប្តូរមិនខាន រឿងបែបហ្នឹងអាចជាឧបសគ្គរាំងស្ទាក់ចំពោះការប្រតិបត្តិធម៌របស់ខ្ញុំព្រះ ករុណាក៏បាន ប៉ុន្តែសេចក្តីតាំងចិត្តរបស់ខ្ញុំព្រះករុណាមិនបានសម្រេចដូចបំណងទេ ត្បិតព្រឹក ថ្ងៃនោះ លីលាវតីពុំបានរងចាំដាក់បាត្រនៅមុខទ្វារផ្ទះដូចមុនទេ នាងនិមន្តខ្ញុំព្រះករុណាឲ្យចូល ទៅឆាន់ចង្ហាន់ខាងក្នុងប្រាសាទ(វិល្លា) ខ្ញុំព្រះករុណាជំទាស់មិនទទួលពាក្យនិមន្តក៏មិនកើត ព្រោះជីវិតសមណៈប្រហែលដូចជាយើងនេះត្រូវពឹងពាក់អាស្រ័យអ្នកស្រុក គិតបានដូច្នេះ ខ្ញុំព្រះករុណាទើបទទួលនិមន្តនាងដើម្បីរក្សាទេយ្យសទ្ធាមិនឲ្យអាប់ឱន លុះអង្គុយចុះលើ អាសនៈដែលចាត់ក្រាលទុកក្នុងបន្ទាប់ជាន់ក្រោមរបស់ប្រាសាទហើយ លីលាវតីក៏យកបាត្រ របស់ខ្ញុំព្រះករុណាទៅដាក់ចង្ហាន់ដែលមានរសជាតិដ៏ប្រណីតផ្សេងៗមកប្រគេន នៅពេល ដែលខ្ញុំព្រះករុណាកំពុងតែឆាន់នោះ នាងក៏អង្គុយសម្លឹងមើលខ្ញុំព្រះករុណានៅក្បែរៗខាង មួយអន្លើដោយនាងព្រាហ្មណីនិងនាងទាសី ម្នាក់ៗក៏សម្លឹងមើលខ្ញុំព្រះករុណាជាភ្នែកតែមួយ ប៉ុន្តែខ្ញុំព្រះករុណាធ្វើជាមិនអើពើឱនមុខឆាន់ជារហូត តាំងចិត្តថាឆាន់រួចក៏អនុមោទនា និង ប្រញាប់ប្រញាល់វិលត្រឡប់ទៅវិញភ្លាមព្រោះស្អុះស្អាប់ចិត្តណាស់ បរិយាកាសឯប្រាសាទ នោះធ្វើឲ្យខ្ញុំព្រះករុណានឹកឃើញថាខ្លួនឯងត្រឹមតែជាក្មេងចណ្ឌាលរហូតមក ខ្ញុំព្រះករុណា ព្យាយាមរម្ងាប់លំនឹកគិតបែបនោះ ហើយធ្វើកិរិយាមារយាទឲ្យជាប្រក្រតីដើម្បីមិនឲ្យជាទីសន្ទិះ សង្ស័យរបស់អ្នកទាំងនោះ រឿងមួយដែលខ្ញុំព្រះករុណាខ្លាចបំផុត គឺ លោកគ្រហបតីបានឃើញ រឿងរបស់ខ្ញុំព្រះករុណានឹងលេចប្រាកដច្បាស់មិនខាន ព្រោះលោកជាក់ជាចាំខ្ញុំព្រះករុណាបាន យ៉ាងពិតប្រាកដ ។
“បពិត្រព្រះតេជគុណដ៏ចម្រើន ! ” នាងគ្រហបតានីមានប្រសាសន៍ឡើង “ព្រះតេជគុណបួស ជាភិក្ខុប្រមាណជាប៉ុន្មានវស្សាហើយ សូមមេត្តាប្រាប់កណាម្ចាស់ផង”
“បាន ៧ វស្សាហើយ ញោម ! ” ខ្ញុំព្រះករុណាឆ្លើយដោយមិនសម្លឹងមើលមុខអ្នកសួរ
“មុនបួស ព្រះតេជគុណជាអ្នកក្រុងសាវត្ថីនេះឬជាអ្នកក្រុងផ្សេង” នាងគ្រហបតានីសួរដេញ ដោលរកការពិតអ្វីម្យ៉ាង
“អាត្មាជាអ្នកក្រុងសាវត្ថីនេះឯង” ខ្ញុំព្រះករុណាសង្កេតឃើញនាងគ្រហបតានីបែរទៅមើលមុខ លីលាវតីទាំងសើចញឹមៗហើយសួរខ្ញុំព្រះករុណាតទៅទៀតថា
“មែនហ្នឹងណៈ ខ្ញុំណាដូចជាប្រហាក់ប្រហែលមុខ ដូចជាធ្លាប់បានឃើញព្រះតេជគុណត្រង់ កន្លែងណាមួយ ប៉ុន្តែចាំមិនច្បាស់ថាជាកន្លែងណាទេ សូមប្រទានទោស ខ្ញុំកណាសូមសួរ ថាកាលពីនៅជាឃរាវាស ព្រះតេជគុណស្ថិតនៅក្នុងវណ្ណៈណា ហើយផ្ទះសម្បែងរបស់ព្រះ តេជគុណនៅត្រង់ម្តុំណា? ”
ខ្ញុំព្រះករុណានៅភាំំងមីងមាំងមួយស្របក់ព្រោះមិនដឹងថានឹងត្រូវឆ្លើយតបយ៉ាងម៉េច បើខ្ញុំព្រះករុណាប្រាប់ការពិត កោលាហលជ្រួលជ្រើមទៀងតែនឹងកើតឡើងមិនខាន ប៉ុន្តែបើមិន ប្រាប់វិញ ក៏មិនដឹងថានឹងរកវិធីគេចវេះដូចម្តេចបាន នៅទីបំផុត ខ្ញុំព្រះករុណាក៏សម្រេចចិត្តឆ្លើយ ថា “អាត្មាជាមនុស្សគ្មានវណ្ណៈ គ្មានផ្ទះសម្បែងទេ” នាងគ្រហបតានីសម្លឹងមើលខ្ញុំព្រះករុណាដោយមិនយល់អត្ថន័យហើយក៏បែរទៅសម្លឹងមើល មុខកូនក្រមុំដែលកំពុងតែសម្លឹងមើលខ្ញុំព្រះករុណាដែរ អស់ពេលជាច្រើនឆ្នាំដែលបែកគ្នា ខ្ញុំព្រះករុណាមុខជាផ្លាស់ប្តូរច្រើនណាស់ ទាំងរូបរាងមុខមាត់ កិរិយាមារយាទ និង និស្ស័យចិត្ត គំនិតរហូតដល់ពីរនាក់ម៉ែកូនភ្លេចភ្លាំងអស់ នៅពេល នោះចិត្តរបស់ខ្ញុំព្រះករុណារសាប់រសល់ វិលវល់ស្ទើរឆាន់ចង្ហាន់មិនបាន ខ្លាចក្រែងលោកគ្រហបតីអញ្ជើញមកឃើញ
“បពិត្រព្រះតេជគុណដ៏ចម្រើន ! ចម្លើយរបស់ព្រះតេជគុណធ្វើឲ្យខ្ញុំកណាងឿងឆ្ងល់ណាស់ ព្រះតេជគុណឆ្លើយតបថាគ្មានផ្ទះគ្មានសម្បែងទេ មានន័យថាដូចម្តេច? សូមព្រះតេជគុណ មេត្តាបំភ្លឺប្រាប់ខ្ញុំកណាផង”នាងគ្រហបតានីចាប់ផ្តើមជជីកសួរទៀត
“កុំសួរដេញដោលព្រះតេជគុណច្រើនពេក ម៉ាក់ ! “លីលាវតីនិយាយកាត់
“ព្រះតេជគុណមុខជាអៀនប្រៀនមិនហ៊ានប្រាប់យើងទេ ជួនកាល វណ្ណៈត្រកូលលោកមុខជា ទាបពេកទេដឹង”
“ត្រឹមត្រូវហើយ អាត្មាកើតក្នុងត្រកូលចណ្ឌាលក្នុងភូមិចណ្ឌាលក្បែរទ្វារក្រុងសាវត្ថី” ខ្ញុំព្រះ ករុណាប្រាប់ការពិតភ្លាម ធ្វើឲ្យពីរនាក់ម៉ែកូនសម្តែងអាការរំភើបឡើងខ្លះ
“សូមប្រទានទោស ព្រះតេជគុណមានឈ្មោះថាដូចម្តេច?”លីលាវតីសួរ
“អាត្មាឈ្មោះ រេវត្តៈ” ខ្ញុំព្រះករុណាឆ្លើយ ទាំងពីរនាក់ម៉ែកូនស្រែក “ឱហោ ! ” ឡើងព្រមគ្នា នាងព្រាហ្មណីមានទឹកមុខប្រែជាក្រហមដោយចិត្តគិតរសាប់រសល់វិលវល់ ផ្ទុយ នឹងលីលាវតីដែលសម្តែងអាការត្រេកអរកខិបកខុប
“ខ្ញុំកណាជឿជាក់ថាព្រះតេជគុណជារេវត្តៈដែលធ្លាប់មករស់នៅទីនេះច្រើនឆ្នាំមុន មែនទេ?”
លីលាវតីសួរយ៉ាងរហ័ស
“មែនហើយ”ខ្ញុំព្រះករុណាឆ្លើយតាមការពិត
ភ្លាមនោះ ហេតុការណ៍ដែលនឹកស្មានមិនដល់ក៏កើតឡើង នាងព្រាហ្មណីទ្រោបក្បាលចុះទៀប បាទមូលរបស់ខ្ញុំព្រះករុណាហើយពោលថា
“ពុទ្ធោអើយ ! រេវត្តៈ !​ ញោមមិននឹកស្មានថា បានជួបលោកកូនក្នុងភិនភាគបែបនេះទេ ញោម ត្រេកអរណាស់ដែលបានជួបលោកកូនទៀត ចូរឲ្យអភ័យទោសដល់ញោមផងសម្រាប់រឿង អតីតកាលកន្លងមក ញោមបានបៀតបៀនលោកកូនយ៉ាងសាហាវឃោរឃៅព្រោះ សេចក្តីឆោតល្ងង់មិនដឹងការពិត ឥឡូវនេះញោមស្មាលាទោសស្គាល់កំហុសខ្លួនឯងហើយ សូម មេត្តាអភ័យទោសដល់ញោមផង” ។
នាងព្រាហ្មណីនិយាយទាំងសសឹកសុំខមាទោសខ្ញុំព្រះករុណាដោយសម្លេងស្អកស្អាគួរឲ្យអាណិតអាសូរ នាងបាននិយាយអ្វីៗជាច្រើនទៀត តែខ្ញុំព្រះករុណាចាំមិនបាន ពីព្រោះចិត្តរបស់ខ្ញុំព្រះ ករុណាពេលនោះសល់វ៉ល់ខ្មួលខ្មាញ់ដែរ រីឯលីលាវតីវិញបានលូនចូលមកទ្រោបយំក្បែរៗខ្ញុំព្រះ ករុណា ប៉ុន្តែនាងយំសសឹកដោយសោមនស្សចិត្តត្រេកអរច្រើនជាងទោមនស្សចិត្ត ព្រោះនាងគ្មាន អតីតកាលជូរចត់ជាមួយនឹងខ្ញុំព្រះករុណាទេ
“ក្រោកឡើងចុះ ឧបាសិកា ! “ខ្ញុំព្រះករុណាពោលឡើងបន្ទាប់ពីអង្គុយភាំងមីងមាំងមកអស់ពេល ជាយូរ “អាត្មាសុខចិត្តឲ្យ អភ័យទោសដល់ញោមហើយ រឿងរ៉ាវអតីតកាលសូមឲ្យវាកន្លងហួសទៅចុះ កុំបាច់គិតរំលឹក សើរើនាំឲ្យចិត្តសៅហ្មងធ្វើអី អាត្មាត្រេកអរឲ្យអភ័យទោសគ្រប់បែបយ៉ាង”
ពីរនាក់ម្តាយកូនក្រោកឡើងអង្គុយដូចដើមវិញ ហើយលើកជាយសំពត់ភូសាឡើងជូតផ្តិតទឹក ភ្នែកទាំងសម្លឹងសម្លក់មើលខ្ញុំព្រះករុណាពីលើដល់ក្រោមយ៉ាងផ្ចិតផ្ចង់
“ខ្ញុំកណានៅគិតសង្ស័យតាំងពីថ្ងៃដំបូងមកម្លេះដែលបានឃើញព្រះតេជគុណនៅឯធម្មសាលា គ្រាន់តែមកដល់ផ្ទះវិញ ក៏តំណាលឲ្យអ្នកម៉ាក់ស្តាប់ អ្នកម៉ាក់ត្រេកអរណាស់ ចង់ឲ្យជារេវត្តៈពិត មែន ន្អាលនឹងមានឱកាសក្រាបសុំខមាទោសចំពោះកំហុសខុសឆ្គងកន្លងមក”
បន្ទាប់ពីនោះមក ពីរនាក់ម្តាយកូនក៏បានតំណាលរឿងរ៉ាវផ្សេងៗឲ្យខ្ញុំព្រះករុណាស្តាប់ចាប់តាំង ពីខ្ញុំព្រះករុណាចាកចេញទៅរហូតដល់ពេលឥឡូវនេះ ខ្ញុំព្រះករុណានឹកសង្វេគចិត្តពន់ពេក ណាស់នៅពេលបានដំណឹងថាលោកគ្រហបតីក្រោយពីត្រឡប់មកដល់គេហដ្ឋានមិនយូរប៉ុន្មាន ក៏ធ្លាក់ខ្លួនឈឺដាបនិងទទួលអនិច្ចកម្មនៅពេលតមក កណិការបងស្រីរបស់លីលាវតីក្រោយពី រៀបអាពាហមង្គលហើយ ក៏ទៅរស់នៅឯត្រកូលស្វាមីក្នុងក្រុងសាកេតុ រួមសេចក្តីមក ខាងក្នុង មហាប្រាសាទរបស់លោកគ្រហបតីនៅសល់តែលីលាវតីនិងម្តាយព្រមទាំងខ្ញុំបម្រើប៉ុណ្ណោះ ។
“ជីវិតញោមពោរពេញទៅដោយសំណោកសោកសៅកម្សត់ និងទុក្ខទោម្នេញ ប៉ុន្តែលុះបានជួប លោកកូននិងបានសុំខមាទោសហើយ ក៏ស្មើនឹងលើកដុំថ្មចេញពីទ្រូង តពីនេះទៅ ញោមនឹង មានសេចក្តីសុខកាយសប្បាយចិត្ត ញោមនិងលីលាវតីសូមនិមន្តលោកកូនមកឆាន់ចំហាន់នៅ ទីនេះជាប្រចាំ ចូរចាត់ទុកផ្ទះនេះបីដូចជាផ្ទះរបស់លោកកូនចុះ ចូរប្រកាន់យកញោមបីដូចជា ញោមស្រីរបស់លោកកូនចុះ និងចូរប្រកាន់យកលីលាវតីបីដូចជាប្អូនស្រីផ្ទៃតែមួយ ញោមព្រម ទាំងប្អូនស្រីនឹងធ្វើជាឧបដ្ឋាយិកាទំនុកបម្រុងលោកកូនដោយបច្ច័យ ៤ លុះត្រាតែអស់ជីវិត”
ខ្ញុំព្រះករុណាទទួលឆ្លងសទ្ធារបស់អ្នកទាំងពីរដោយមោនភាព ហើយក៏ត្រឡប់ទៅវត្តជេតវ័ន វិញនៅពេលថ្ងៃខ្ពស់ណាស់ទៅហើយ ។

loading…

184 total views, 1 views today

Facebook Comments