១៥.កម្មសងកម្ម

ម្នាលលោកដ៏មានអាយុ ! លោកដឹងហើយថាក្នុងកំឡុងពេលដែលខ្ញុំព្រះករុណានៅធ្វើជាចោរឯ ក្នុងព្រៃប៉ែកខាងជើងនៃដែនកោសលនោះ ខ្ញុំព្រះករុណាបានធ្វើឧក្រិដ្ឋកម្មយ៉ាងឃោរឃៅ រាល់ ពេលវេលាដែលចិត្តរបស់ខ្ញុំព្រះករុណានឹកភ្នកដល់អំពើទាំងនោះ ខ្ញុំព្រះករុណាមានវិប្បសារចិត្ត ជាខ្លាំង នៅពេលដែលខ្ញុំព្រះករុណាចូលទៅកាន់វិវេកដ្ឋាន អង្គុយសមាធិស្មិងស្មាធិ៍ សម្រួលចិត្តឲ្យ មូលស្លុងក្នុងអារម្មណ៍តែមួយនោះ រូបស្រមោលដ៏ឃោរឃៅផ្សេងៗដែលខ្ញុំព្រះករុណាបាន ប្រព្រឹត្តទុក បានមកបញ្ជះបញ្ចាំងក្នុងចិត្តរបស់ខ្ញុំព្រះករុណាភ្លាម ខ្ញុំព្រះករុណាប្រញាប់ដកចិត្តចេញ ពីសមាធិនោះដើម្បីគេចឲ្យផុតពីនិមិត្តដ៏សាហាវនោះ ។
ฺព្រះបរមសាស្តាត្រាស់ថា “បុគ្គលព្រោះពួជទុកបែបណា តែងបានទទួលផលនៃពូជបែបនោះ” ធ្វើឲ្យមានចិត្តផ្អូកផ្អឹះថានៅថ្ងៃណាមួយ អំពើដែលខ្ញុំព្រះករុណាបានព្រោះពូជទុក នឹងចេញផ្លែ ផ្កាឲ្យខ្ញុំព្រះករុណាឃើញមិនខាន ពិតដូច្នោះមែន តមកមិនយូរប៉ុន្មាន ហេតុការណ៍អាក្រក់ក៏ បានកើតឡើងក្នុងមជ្ឈដ្នាននៃជីវិតរបស់ខ្ញុំព្រះករុណាទៀត សូមលោកដ៏មានអាយុទាំងឡាយ ត្រងត្រាប់ស្តាប់តាមពាក្យដែលខ្ញុំព្រះករុណានឹងតំណាលដូចតទៅ
ខ្ញុំព្រះករុណានៅចាំបានថា ពេលនោះជាដើមខែផល្គុនក្នុងគិម្ហសម័យ អាកាសធាតុពេលថ្ងៃ ក្តៅស្អុះស្អាប់ ប៉ុន្តែត្រជាក់ស្រេងនៅរាត្រីកាល ឰដ៏ផ្ទៃនភាកាសពីលើក្រុងសាវត្ថីគ្មាពពកមួយ ដុំសោះ ទុកជាម្លឹងក៏ដោយ ផ្ទៃនភាកាសក៏មិនស្រឡះស្រឡំដូចយ៉ាងនៅក្នុងវស្សានរដូវនោះទេ កាលបើសម្លឹងមើលទៅក្រហែងមេឃក្នុងទិសានុទិស ឃើញតែផ្សែងអ័ព្ទដែលកើតចេញពីភ្លើង ឆេះព្រៃនិងលំអងធុលីហុយចេញពីផ្ទៃផែនដីគ្របដណ្តប់ពាសពេញទូទៅ
នៅសម័យនោះ ព្រះបរមសាស្តាបានសេ្តចយាងទៅក្រុងសាកេតុតាមពាក្យនិមន្តរបស់ សេដ្នីម្នាក់ ព្រះភិក្ខុសង្ឃជាច្រើនអង្គបាននិមន្តទៅតាមព្រះអង្គដែរ ព្រះជេតវ័នមហាវិហារដែល ធ្លាប់ស្ងាត់មកពីមុនក៏រឹតតែស្ងាត់ច្រងំជាងនោះទៅទៀត ប៉ុន្តែជាទីសប្បាយរីករាយសម្រាប់ ខ្ញុំព្រះករុណាពីព្រោះខ្ញុំព្រះករុណាចូលចិត្តភាពស្ងប់ស្ងាត់តាំងពីណាពីណីមក ។
ថ្ងៃកើតរឿងធំនោះជាថ្ងៃមានអាកាសធាតុក្តៅខុសប្រក្រតីហាក់ដូចជាប្រផ្នូលប្រាប់ឲ្យខ្ញុំព្រះ ករុណាដឹងថារឿងក្តៅក្រហាយកំពុងនឹងកើតឡើងដល់ខ្លួនខ្ញុំព្រះករុណាខ្ញុំព្រះករុណាចុះពីលើ កុដិទៅគង់លេងនៅលើផ្ទាំងថ្មក្រោមម្លប់ដើមជ្រៃពួរក្បែរកុដិដើម្បីសម្រន់កម្តៅខ្លះ រំពេចនោះ ស្រាប់ខ្ញុំព្រះករុណាបានសង្កេតឃើញហ្វូងមនុស្សប្រហែល ២០ នាក់មានអាវុធគ្រប់ដៃដើរចូល មកក្នុងវត្ត ពួកគេមុខជាសម្លឹងឃើញខ្ញុំព្រះករុណាកំពុងតែអង្គុយនៅតែម្នាក់ឯងត្រង់ទីកណ្តាល វាល ទើបដើរស្លៅសំដៅមករកខ្ញុំព្រះករុណា នៅពេលដើរចូលមកក្នុងរយៈជិតហើយ ខ្ញុំព្រះករុណាក៏ស្គាល់ពួកជនទាំងនោះពីសម្លៀកបំពាក់ឯកសណ្ឋានថាជាទាហានរបស់ព្រះបាទបសេនទិកោសល លុះដើរមកដល់កន្លែងដែលខ្ញុំព្រះករុណាកំពុងអង្គុយ មេកងទាហានមាឌធំ ស្រមាក់ម្នាក់ លើកដៃសំពះខ្ញុំព្រះករុណាហើយនិយាយឡើងដោយសម្លេងខ្ទ័រខ្ទារថា
“បពិត្រព្រះតេជគុណដ៏ចម្រើន ! ខ្ញុំកណាមកទីនេះដោយព្រះរាជកិច្ចរបស់ព្រះករុណាជាម្ចាស់ ជីវិតតម្កល់លើត្បូង តើព្រះតេជគុណមានស្គាល់ភិក្ខុរេវត្តៈទេ?”
“អាត្មាហ្នឹងឯងជារេវត្តៈភិក្ខុ” ខ្ញុំព្រះករុណាឆ្លើយចេញមុខ
“អញ្ចឹងល្អហើយ” មេកងនិយាយឡើង “ខ្ញុំកណានឹកស្មានថាមិនបានជួបព្រះតេជគុណទេ ពួកយើងស៊ើបសួររកព្រះតេជគុណទូទាំងដែនកោសល ទើបតែបានជួបនៅថ្ងៃនេះឯង”
គេឈប់ស្ងៀមនៅមួយស្របក់ទាំងសម្តែងអាការអាងខ្នាងហ៊ីងហ៊ាង ខ្ញុំព្រះករុណាសម្លឹងមើល មុខគេគ្រប់ចង្វាក់ដោយអាការភ័យអរ គេចាប់ផ្តើមនិយាយឡើងយ៉ាងម៉ឺងម៉ាត់ថា
“បពិត្រព្រះតេជគុណដ៏ចម្រើន ! ខ្ញុំកណាចាំបាច់ត្រូវតែអនុវត្តតាមភារកិច្ច ជួនកាល ការអនុវត្ត របស់ខ្ញុំព្រះករុណាអាចនឹងធ្ងន់ធ្ងរខ្លះ សូមព្រះតេជគុណមេត្តាខន្តីអភ័យទោស គឺថា….ខ្ញុំកណា ស្នើសុំឲ្យព្រះតេជគុណសិក្ខចេញពីភេទជាភិក្ខុឥឡូវនេះ” ។
គ្រាន់តែស្តាប់ឮពាក្យប៉ុណ្ណេះខ្ញុំព្រះករុណាក៏គគាតក្រោកឡើងឈរដោយសញ្ជាតញាណក្នុងភាវៈជាចោរក្នុងអតីតកាលជម្រុញឲ្យខ្ញុំព្រះករុណាធ្វើបែបនោះ
“នែឧបាសក ! អាត្មានៅមិនយល់សម្តីរបស់លោកសោះ”
មេកងរាជបុរសមាឌធំនិយាយផ្ទួនប្រយោគដើមដោយសម្លេងដាច់ខាតថា
“ខ្ញុំកណាស្នើសុំឲ្យព្រះតេជគុណសឹកឥឡូវនេះ”
“អាត្មាមិនសឹកទេ អាត្មាគ្មានទោសកំហុសអីទេ លោកមានអំណាចអីមកបង្គាប់ឲ្យអាត្មាសឹក”
សម្លេងរបស់ខ្ញុំព្រះករុណាចាប់ផ្តើមរឹងក្រអាងដូចមុន មេយោធាបែរទៅឲ្យសញ្ញាដល់កូន ទាហានឈររៀងរាយគ្នានៅជុំវិញខ្ញុំព្រះករុណា ពួកគេស្ទុះឈូចូលមករកខ្ញុំព្រះករុណាភ្លាម ធ្វើឲ្យខ្ញុំព្រះករុណាក្តៅឆេវ ភ្លេចសមណសញ្ញាអស់រលីង ខ្ញុំព្រះករុណាទាំងដាល់ទះទាត់ធាក់ ការពារខ្លួនយ៉ាវីវក់ ប៉ុន្តែទីបំផុត ក៏ស៊ូកម្លាំងមនុស្ស ១០ នាក់មិនបាន ស្បង់ចីពររបស់ខ្ញុំព្រះករុ ណាត្រូវដោះចេញទាំងអស់ហើយសម្លៀកបំពាក់គ្រហស្ថដែលគេត្រៀមមកក៏ត្រូវបំពាក់ចូល ទៅជំនួសវិញ ខ្ញុំព្រះករុណាត្រូវគេចងដៃក្រពាត់ទៅក្រោយយ៉ាងមាំ ខ្ញុំព្រះករុណាអង្គុយហត់ ត្រហបនៅលើផែនថ្មដោយចិត្តក្តៅក្រហល់ក្រហាយព្រោះភ្លើងទោសៈ កាលបើមៀងភ្នែកមើល ទៅគំនរសំពត់កាសាវពស្ត្រដែលគរទុកនៅក្បែរខាងៗ ខ្ញុំព្រះករុណានឹកសោកស្តាយពន់ពេក ខ្ញុំព្រះករុណាព្យាយាមរម្ងាប់ចិត្តដោយនឹករលឹកដល់ព្រះបរមសាស្តាហើយប្តេជ្ញាចំពោះរាជបុរសថា
“ពួកលោកធ្វើនឹងអាត្មាយ៉ាងនេះព្រៃផ្សៃណាស់ អាត្មាត្រូវបង្ខំឲ្យសឹកដោយគ្មានកំហុស អាត្មា នៅជាសមណៈយ៉ាងបរិបូរណ៍”
មេកងរាជបុរសពោលថា “ទោះលោកជាសមណៈឬគ្រហស្ថក៏ដោយ ប៉ុន្តែគ្រាមួយនោះ លោកធ្លាប់ធ្វើជាចោរប្លន់ពិឃាតប្រជាពលរដ្ឋស្លូតត្រង់ចិញ្ចឹមជីវិត លោកបានប្រព្រឹត្តខុសឆ្គង ចំពោះច្បាប់ប្រទេសជាតិច្រើនណាស់ ឥឡូវនេះដល់ពេលដែលលោកត្រូវសងកម្មនោះវិញ ហើយ” ។
សម្តីរបស់មេកងរាជបុរសធ្វើឲ្យចិត្តរបស់ខ្ញុំព្រះករុណាទន់រងោករងួយភ្លាម ព្រោះគ្រាមួយនោះ ខ្ញុំព្រះករុណាធ្លាប់ធ្វើជាចោរបំផ្លាញសន្តិភាពនិងសន្តិសុខរបស់ប្រទេសជាតិដែលជាជនល្មើសច្បាប់ផែនដី ឥឡូវនេះបាបកម្មបានដេញតាមមកឲ្យផលដល់ខ្ញុំព្រះករុណាហយ ខ្ញុំព្រះករុណា គ្មានវាចាអ្វីនឹងជជែកតវ៉ាជាមួយនឹងពួករាជបុរសទាំងនោះទៀតទេ ការដែលពួកគេធ្វើហ្នឹងពិត ជាត្រឹមត្រូវតាមតួនាទីហើយ ។
នៅទីបំផុត ខ្ញុំព្រះករុណាត្រូវគេនាំខ្លួនចូលទៅកាន់ក្រុងសាវត្ថី កំឡុងពេលធ្វើដំណើរ ពួក រាជបុរសនិយាយចេរចាសាសងគ្នាថាពួកគេបានទទួលព្រះរាជឱង្ការពីព្រះភូបាលឲ្យបង្ក្រាប ប្រាបប្រាមពួកយើងឲ្យបាន បើបង្ក្រាបមិនបានទេ ទាហានពួកនោះទាំងកងពលនឹងដាក់ ទណ្ឌកម្មធ្ងន់ ពួកគេទើបលើកកម្លាំងពលចូលវាយបន្ទាយរបស់ពួកយើងក្នុងព្រៃធំប៉ែកទិសឧត្តរ នៃដែនកោសល នៅពេលបានដំណឹងថាពួកយើងនាំគ្នាភៀសខ្លួនទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនាអស់ហើយ ពួកគេក៏នៅតែស៊ើបសួររកចាប់ខ្លួនដដែលព្រោះខ្លាចក្រែង រអែងចំពោះព្រះរាជអាជ្ញារបស់ព្រះភូវនាថ ខ្ញុំព្រះករុណាត្រូវបានគេនាំខ្លួនទៅពន្ធនាគារហើយ នៅកន្លែងនោះបានជួបមិត្រចោរប្រមាណជា ១០ នាក់ ដែលពួករាជបុរសតាមចាប់ខ្លួនបាន ម្នាក់ៗនៅមានសក់ប៉ើងរ៉ើងប៉ិញរ៉ិញនៅឡើយព្រោះទើបនឹងត្រូវចាប់ផ្សឹកមកថ្មីៗដូចរូបខ្ញុំព្រះករុណាដែរ ម្នាក់ៗមានទឹកមុខស្រពាប់ស្រពោនព្រោះដឹងច្បាស់ថាខ្លួននឹងបានទទួលទោសកម្រិត ណា ការប្រហារជីវិតបែបជីករណ្តៅកប់ត្រឹម-ក យកចំបើងរោយលុបហើយបញ្ឆួលភ្លើងឲ្យ ស្លាប់នោះជាវិធីប្រហារជីវិតដ៏សាកសមសម្រាប់ពួកចោរ ហើយតែងតែអនុវត្តយ៉ាងនេះជាទូទៅ
កាលបើស្លាប់ហើយ ក៏មានភ្នាក់ងារនាំគោទឹមនង្គ័លមកភ្ជួរក្បាលឲ្យដាច់ចេញពីខ្លួនទៀត ។
រសៀលថ្ងៃនោះ យើងទាំងអស់ត្រូវគេនាំខ្លួនឲ្យឡើងជិះលើខ្នងលានាំចូលក្បួនហែអាក្រោសទៅ តាមដងវិថីផ្សេងៗ ក្នុងក្រុងសាវត្ថីមានភ្នាក់ងារវាយគងទួងស្គរប្រកាសអំពើគម្រក់ និង អំពើឃោរ ឃៅរបស់ពួកយើងដើរនៅខាងមុខ ប្រជារាស្ត្រដែលជាអ្នកទីក្រុងបានចេញមកចោមរោមមើលពួក យើងតាមចិញ្ចើមថ្នល់ពាសពេញទាំងសងខាងផ្លូវ ខ្ញុំព្រះករុណានិងមិត្រចោរទាំងអស់នាំគ្នាឱនមុខ ចុះអង្គុយលើខ្នងលាដោយលជ្ជាភាពអៀនខ្មាសកំប្រោនក្រញោន ខ្ញុំព្រះករុណាហាក់ដូចជាស្លាប់ ពាក់កណ្តាលខ្លួនទៅហើយ សម្លេងប្រជាជនទាំងសងខាងផ្លូវស្រែកជេរប្រទេចផ្តាសាពួកយើង យ៉ាងទ្រហឹងអឺងកង ។
ក្នុងខណៈដែលស្ថិតនៅក្នុងមហាទុក្ខព្រួយនោះឯង ខ្ញុំព្រះករុណានឹកភ្នកដល់លីលាវតី ខ្ញុំព្រះករុណាពោលហ៊ឹមៗនឹងខ្លួនឯងថា
“លាសិនហើយ លីលាវតីស្រីជាទីស្រឡាញ់អើយ ! អាត្មាលែងមានឱកាសនឹងបានឃើញនាង និងតបស្នងបំណងល្អរបស់នាងទៀតហើយ” នៅទីបំផុត ក្បួនហែរបស់ពួកយើងក៏បានឆ្លងកាត់ មុខគេហដ្ឋានរបស់លោកសុមង្គលគ្រហបតី ហ្វូងមនុស្សគ្រប់ភេទគ្រប់វ័យឈរនៅជុំជិតកក កុញតាមចិញ្ចើមថ្នល់ ចាត់ជាលើកដំបូងហើយដែលខ្ញុំព្រះករុណាងើយមុខមើលហ្វូងមនុស្ស គោលបំណង គឺ ដើម្បីរកមើលមុខលីលាវតី សម្លឹងមើលមុខនាងជាការលាកលាចុងក្រោយ ប៉ុន្តែពុំបានឃើញស្រមោលលីលាវតីឡើយ ចិត្តរបស់ខ្ញុំព្រះករុណាក្រៀមក្រំសែនទ្វេ ខ្ញុំព្រះ ករុណាអើត-កសម្លឹងមើលទៅខាងប្រាសាទខាងលើដោយបំណងថា ជួនកាលអាចនឹងបាន ឃើញលីលាវតី ប៉ុន្តែខ្ញុំព្រះករុណាក៏នៅមានសំណាងដែរ ព្រោះលីលាវតីកំពុងឈរសម្លឹងមើល ក្បួនហែនៅប្រឡោះបង្អួចក្បែរខាងម្តាយរបស់នាង ខ្ញុំព្រះករុណាប្រញាប់ឱនមុខចុះភ្លាមព្រោះ ខ្លាចនាងចាំបាន ប៉ុន្តែនាងមុខជាចាំមិនបានទេ ព្រោះគ្រឿងតែងកាយនិងឃ្នាងដែលនៅជុំវិញ ខ្លនខ្ញុំព្រះករុណាមុខជាធ្វើឲ្យខ្ញុំព្រះករុណាមើលទៅប្លែកណាស់ លុះក្បួនហែឆ្លងផុតទៅ ខ្ញុំព្រះករុណាពេញចិត្តណាស់ដែលបានឃើញមុខលីលាវតីជាលើកចុងក្រោយ ទោះជាអស់ រយៈពេលខ្លីក៏ដោយ ។
ម្នាលលោកដ៏មានអាយុ ! នៅពេលដែលក្បួនហែរបស់ពួកយើងអង្រៀតនឹងដល់ព្រះលានហ្លួង ដែលជាទីប្រហារជីវិតរបស់ពួកយើងនោះឯង ត្រចៀករបស់ខ្ញុំព្រះករុណាលោបានស្តាប់ឮ សម្លេងស្រែកហៅល្វើយៗថា “លោកបងរេវត្តៈ ! លោកបងរេវត្តៈ ! “លាន់ឭមកខាងក្រោយ ខ្ញុំព្រះករុណាបែរសម្លឹងទៅមើលហើយក៏បានឃើញអ្វីដែលមិននឹកស្មានថាបានឃើញ ខ្ញុំព្រះករុណាស្ទើរតែមិនជឿភ្នែកខ្លួនឯង លីលាវតីកំពុងតែរត់កាត់ជ្រែកហ្វូងមនុស្សតាមមកខាង ក្រោយ ទាំងស្រែកហៅឈ្មោះខ្ញុំព្រះករុណាថា “លោកបងរេវត្តៈ ! លោងបងរេវត្តៈ ! “ជាប់មិន ដាច់ពីមាត់ នាងរត់ទាំងយំមកតោងកជើងខ្ញុំព្រះករុណានៅកណ្តាលសភាពភាំងស្រឡាំងកាំង របស់ហ្វូងមហាជន និង ភ្នាក់ងារឃុំឃាំង នាងនិយាយជាពាក្យចុងក្រោយថា “លោកបងរេវត្តៈ ! ពុទ្ធោ ! លោកបងរេវត្តៈ ! ” ហើយក៏ដួលសន្លប់ជ្រប់ចុះស្តូកស្តឹងនៅនឹងដងផ្លូវ បេះដូងរបស់ ខ្ញុំព្រះករុណាស្ទើរតែបែកធ្លាយដោយសារអាណិតអាណោចលីលាវតីនិងខ្លួនឯងជាខ្លាំង មានមនុស្សសែងរាងកាយរបស់នាងត្រឡប់ទៅវិញ ហើយក្បួនហែរប​ស់ពួកយើងក៏ចូលទៅ ដល់ព្រះលានហ្លួង ពួកយើងចុះពីលើខ្នងលាដើម្បីបរិភោគអាហារយ៉ាងប្រណីតដែលគេត្រៀម ទុកម ចាត់ជាអាហារលើកចុងក្រោយដែលយើងនឹងបរិភោគក្នុងលោកនេះ ខ្ញុំព្រះករុណានិង មិត្ររួមវាសនាទាំងអស់ម្នាក់ៗគ្មានអ្នកណាប៉ះពាល់អាហារទាំងនោះទេ ព្រោះនឹងមាន ប្រយោជន៍អ្វីកាលបើយើងនឹងស្លាប់ទៅហើយក្នុងពេលមិនយូរទៀតនេះ ម្យ៉ាងទៀត ខ្ញុំព្រះករុណានៅប្តេជ្ញាខ្លួនថានៅជាភិក្ខុនៅឡើយមិនសុខចិត្តល្មើសព្រះវិន័យដោយឆាន់ ចំហាន់ក្នុងគ្រាវិកាលនោះទេ ទោះបីខ្លួននឹងស្លាប់ហើយក៏ដោយ លុះពិធីកម្មខ្លះចប់សព្វគ្រប់ ហើយ ពួកយើងត្រូវគេគ្រាហ៍ខ្លួនទៅបញ្ចុះក្នុងរណ្តៅដែលគេជីកត្រៀមទុកជាស្រេច អាជ្ញាធរ កៀរអាចម៍ដីកប់ខ្ពស់ឡើងត្រឹមផ្ចិត ហើយប្រើរបុកបុកបង្ហាប់ឲ្យណែនទាល់តែកម្រើករវើក មិនរួច ហើយក៏មានមនុស្សត្រកងចំបើងមករាយលុបពួកយើងទាល់តែលិចក្បាលបាត់ មិនប៉ុន្មានដង្ហើមទៀតទេ ព្រះអគ្គីដែលមិនធ្លាប់ត្រាប្រណីអ្នកណានឹងរោលរាលឆេះសម្លាប់ពួក យើងហើយ ខ្ញុំព្រះករុណារងចាំវារៈចុងក្រោយដោយចិត្តវិលវល់ សម្លេងយំយែកស្រែកទ្រហោ របស់លីលាវតីនៅដក់ឮកងរំពងខ្ទរខ្ទារក្នុងសោតប្បសាទរបស់ខ្ញុំព្រះករុណា ពេលវេលាកន្លង ទៅយូរគួរសម ប៉ុន្តែព្រះអគ្និនៅមិនទាន់ឆាបឆេះពួកយើងនៅឡើយទេ ខ្ញុំព្រះករុណាភាវនាក្នុង ចិត្តសូមឲ្យអាជ្ញាធរអុជបញ្ឆួលភ្លើងឲ្យបានឆាប់ៗន្នាលពួកយើងនឹងបានភៀសខ្លួនចេញពីលោកដ៏ពោរពេញទៅដោយទុក្ខទោម្នេញនេះ សេចក្តីប្រាថ្នារបស់ខ្ញុំព្រះករុណាសម្រេចហើយតើ ! ព្រោះឮសម្លេងប្រឹបៗកំពុងតែលាន់ចូលមកជិតខ្ញុំព្រះករុណា ជាសម្លេងអ្វីហ្ន ! បើមិនមែន ជាសម្លេងភ្លើងនោះទេ គ្រាន់តែស្តាប់ឮសម្លេងប៉ុណ្ណោះ វេទនារម្មណ៍ក៏ចាប់ផ្តើមរលត់បាត់សូន្យ ទៅតាមលំដាប់ លាសិនហើយ លីលាវតីស្រីជាទីស្រឡាញ់ ! លាសិនហើយពិភពលោកដែល ជាសមុទ្រទុក្ខ ! រូបភាពទឹកមុខរបស់ញោមស្រីបានប្រាកដភ្លែតមកភ្លាមក្នុងលំនឹកគិត ។
“បពិត្រអ្នកម្តាយ ! កូនកំពុងនឹងទៅរួមរស់ជាមួយនឹងអ្នកម្តាយឥឡូវនេះហើយ” ខ្ញុំព្រះករុណា និយាយចេញមកជាសម្តីចុងក្រោយក្នុងខណៈដែលព្រះអគ្គីដ៏ឃ្នើសឃ្នងកំពុងឆាបរាលចូលមក ជិតឡើងៗ លំនឹកដឹងខ្លួនរបស់ខ្ញុំព្រះករុណាក៏រលត់សូន្យទៅភ្លាម ។

loading…

75 total views, 2 views today

Facebook Comments