១៦.វីរកម្មរបស់លីលាវតី

ម្នាលលោកដ៏មានអាយុទាំងឡាយ ! ខ្ញុំព្រះករុណានឹកស្មានថាខ្លួនឯងបានស្លាប់ទៅហើយតាំង តែពីត្រូវភ្លើងឆួលឆេះនៅឯព្រះលានហ្លួងមក ព្រោះគ្រាន់តែបានឮសម្លេងភ្លើងរោលរាលចូលមកជិតប៉ុណ្ណោះ ខ្ញុំព្រះករុណាក៏លែងដឹងខ្លួនតទៅទៀតហើយ គិតថាគ្រាអវសាននៃជីវិតបានមកដល់ហើយ ប៉ុន្តែនៅទីបំផុត ឃើញថា ខ្លួននៅមិនទាន់ស្លាប់ទេ សូមតាំងចិត្តស្តាប់មើលថា តើខ្ញុំព្រះករុណាបានរស់រានមានជីវិតមកដូចម្តេច
ការដឹងខ្លួនបានត្រឡប់មករកខ្ញុំព្រះករុណាបន្តិចម្តងៗហាក់នឹងថាកំពុងភ្ញាក់ពីសិង ត្រចៀកចាប់ ផ្តើមស្តាប់ឮសម្លេងផ្សេងៗច្បាស់ឡើងជាបណ្តើរៗ ដឹងខ្លួនគួរនាដូចជាកំពុងសិងលើសយនា ដ៏ទន់ល្វតល្វៃជួសនឹងឈរនៅឯព្រះលានហ្លួង ប៉ុន្តែខ្ញុំព្រះករុណាមិនហ៊ានបើកភ្នែកមើលទេ ខ្លាចឃើញរូបភាពគួរស្ងើបគួរស្បើមផ្សេងៗក្នុងឋានខ្មោច ខ្ញុំព្រះករុណាសាកល្បងកម្រើកចុង ដៃចុងជើងមើលដើម្បីឲ្យដឹងច្បាស់ថាខ្លួននៅមានរាងកាយជាមនុស្សដូចដើមឬទេ រំពេចនោះ មានអារម្មណ៍ហាក់ដូចជាមានដៃទន់ល្វន់មកស្ទាបត្រង់ថ្ងាស ត្រង់ដើមទ្រូង និងតាមដើមដៃ ធ្វើឲ្យខ្ញុំព្រះករុណានឹកចម្លែកចិត្តចង់ដឹងចង់ឃើញកាន់តែខ្លាំងឡើង ខ្ញុំព្រះករុណាទើបសម្រេច ចិត្តបើកត្របកភ្នែកឡើងមើលព្រឹមៗរហូតដល់បើកក្រឡង់ដូចយ៉ាងមនុស្សមនាកំពុងភ្ញាក់ពីដេក ម្នាលលោកដ៏មានអាយុ ! បើលោកជាខ្ញុំព្រះករុណាវិញ លោកមុខជាចម្លែកចិត្តស្ទើរតែមិន ជឿភ្នែកខ្លួនឯងមិនខាន ព្រោះថារូបភាពដែលនៅជុំវិញខ្លួនដែលខ្ញុំព្រះករុណាបានឃើញនៅ ពេលដែលបើកភ្នែកឡើងនោះជាបន្ទប់ល្វែងល្វឹងល្វើយស្រស់ស្អាត ភ្លឺស្វាង ពព្រោងពព្រាយ ដោយពន្លឺភ្លើងគោមជ្វាលារហូតដល់ខ្ញុំព្រះករុណាភាំងស្រវាំងភ្នែក ខ្ញុំព្រះករុណាប្រញាប់ជ្រែងកាយក្រោកឡើង អង្គុយសម្លឹងមើលទៅជុំវិញខ្លួនដោយចម្លែកចិត្តជាទីបំផុត ខាងក្នុងបន្ទប់គ្មានអ្នកណានៅទេ សូម្បីតែម្ចាស់ដៃដ៏ទន់ល្វតល្វន់ ដែលស្ទាបអង្អែលថ្ងាសរបស់ខ្ញុំព្រះករុណា ក៏ ប្រាកដឃើញថាបាត់សូន្យទៅហើយ ខ្ញុំព្រះករុណាឈ្ងោកមុខសម្លឹងមើលរូបកាយខ្លួនឯង ឃើញថាអ្វីៗស្ថិតនៅក្នុងសភាពដើមទាំងអស់មិនផ្លាស់ប្តូរទេ រឹតតែឆ្ងល់វីមវាមខ្លាំងឡើងថា “ខ្លួនឯងមិនបានស្លាប់ទេឬឬថាស្លាប់ហើយមកកើតថ្មីក្នុងឋានសួគ៌”ខ្ញុំព្រះករុណាគិតប្រារព្ធនឹងខ្លួនឯង សម្លឹងមើលទៅក្រៅតាមប្រឡោះបង្អួច មិនឃើញអ្វីក្រៅតែពីភាពងងឹតអន្ធការនោះទេ កម្សួលខ្យល់បក់រំហើយរសៀកចូលមកតាមប្រឡោះបង្អួច ធ្វើឲ្យមានអារម្មណ៍ស្រស់បស់ឡើង ខ្ញុំព្រះករុណាព្យាយាមក្រោកឡើងដើម្បីដើរទៅមើលឯបង្អួច ប៉ុន្តែឈឺពើតត្រង់ជើងយ៉ាងខ្លាំង ត្រូវអង្គុយចុះវិញ ខ្ញុំព្រះករុណាយកដៃទាំងសងខាងរឺតច្របាច់ដើម្បីបន្ទោបង់ពំនើត ទាំងគិតរំលឹករំលើងស្មារតីចងចាំក្នុងហេតុការណ៍កន្លងមក ក្រោយពីរឺតច្របាច់អស់ពេលជាយូរមក ខ្ញុំព្រះករុណាសាកល្បងក្រោកឡើងម្តងទៀត ពេលនេះទោះបីជាឈឺពើតប៉ុនណាក៏ល្មមនឹងស៊ូទ្រាំបាន ទើបចុះពីលើគ្រែដើរខ្ចាក់ខ្ចើកទៅឯបង្អួច ឰដ៏ខាងមុខឆ្ងាយពីប្រាសាទទៅ ខ្ញុំព្រះករុណាបានសង្កេតឃើញដំបូលផ្ទះជាច្រើនខ្នង ខ្ពស់​ខ្លះទាបខ្លះ មានរូបសណ្ឋានផ្សេងៗ គ្នាឈរនៅស្ទុងៗក្នុងទីងងឹតនៃរាត្រីកាល ប្រហែលជាមិនយប់ជ្រៅប៉ុន្មានទេ ព្រោះនៅមានពន្លឺ ចាំងចេញមកពីបង្អួចផ្ទះខ្នងខ្លះ ហើយបានឮសូរតូរ្យតន្ត្រី និង ចម្រៀងល្វើយៗមកពីកន្លែងខ្លះ ជិតៗនឹងកន្លែងដែលខ្ញុំព្រះករុណាឈរហ្នឹងឯង ខ្ញុំព្រះករុណាអៀងត្រចៀកស្តាប់ចម្រៀងនោះ ដោយតំណាំងចិត្តភ្លាមដើម្បីឲ្យច្បាស់ដល់ចិត្តថាវាមានដំណើរសេចក្តីដូចម្តេច ដូចដែលធ្លាប់បានស្តាប់មកឬទេ ចម្រៀងនោះឮរងំមកយ៉ាងច្បាស់ថា
“កូនអើយកូនតូច សូមកូនកុំខូច គេងលក់ទៅរ៉ា
លុះកូនធំឡើង ប្រឹងប្រែងសិក្សា កសាងអាត្មា
គ្រួសារកម្សត់ ។
ម្តាយនៅនែបនិត្យ ជួយថែជីវិត តាមកាលកំណត់
ចូរខំរៀនសូធ្យ ដោយចិត្តអត់ធ្មត់ ជីវិតជូរចត់
ប្រាកដលែងមាន “
ស្តាប់ឮមកបានប៉ុណ្ណេះ ខ្ញុំព្រះករុណាក៏ដឹងបានភ្លាមថា វាជាចម្រៀងបំពេរកូនបុរាណដែលខ្ញុំព្រះ ករុណាធ្លាប់បានស្តាប់រាប់ដងមិនអស់ក្នុងទីក្រុងសាវត្ថីមកពីមុន បើដូច្នេះកន្លែងដែលខ្ញុំព្រះករុណា នៅឥឡូវនេះ ​មិនមែនជាឋានខ្មោចទេ ប៉ុន្តែជាទីក្រុងសាវត្ថីយ៉ាងពិតប្រាកដ នៅខណៈដែលខ្ញុំព្រះ ករុណាកំពុងតែស្តាប់ចម្រៀងយ៉ាងភ្លឹកភ្លើននៅឯបង្អួចនោះ ស្រាប់តែមានដៃក្តៅឧណ្ហៗមកប៉ះ ត្រង់ស្មាទាំងសងខាង ខ្ញុំព្រះករុណាប្រញាប់បែរភ្លែតទៅសម្លឹងមើលដោយស្លន់ចិត្ត រូបភាពដែល នៅចំពោះមុខខ្ញុំព្រះករុណា ធ្វើឲ្យខ្ញុំព្រះករុណាយល់ថាខ្លួនបានស្លាប់មកកើតក្នុងឋានសួគ៌ ព្រោះ បុគ្គលដែលឈរនៅទល់មុខខ្ញុំព្រះករុណានោះ គឺជាស្រីក្រមុំមានរូបស្រស់សម្រស់ឆើតឆោម រូហានដូចជាទេពកញ្ញាក្នុងរឿងព្រេងបុរាណដែលធ្វើឲ្យខ្ញុំព្រះករុណាទាំងភ័យទាំងអររអឹករអាំ​ ទាល់តែភ្លេចភាពឈឺចាប់អស់ដែលបានឃើញស្រីក្រមុំនោះ នាងពុំមែនជាទេពអប្សរទេ ប៉ុន្តែជា លីលាវតី ហ្នឹងឯង
“លីលាវតី ! “ខ្ញុំព្រះករុណាឧទានចេញមកក្រោយពីមិងមាំងមួយសន្ទុះ
“ត្រឹមត្រូវហើយ លីលាវតីរបស់លោកបងហ្នឹងឯង”លីលាវតីនិយាយទាំងឈានជើងចូលមក ប្រកៀកខ្លួនខ្ញុំព្រះករុណា
“កុំចូលមកជិតអាត្មា ណៈ លីលាវតី ! កុំភ្លេចថាអាត្មានៅជាភិក្ខុនៅឡើយ”ខ្ញុំព្រះករុណាពោល ហាមទាំងដើរសសៀរទៅខាងៗដើម្បីឲ្យនៅឆ្ងាយពីលីលាវតី
“លីលាវតីមិនជឿទេ លោកបងជាភិក្ខុយ៉ាងម៉េចបាន បើសំពត់កាសាវពស្ត្រមួយផ្ទាំងគ្មាន ដណ្តប់កាយសោះអញ្ចឹង មានតែសម្លៀកបំពាក់របស់ឃរាវាស លោកបងបានសឹកពីភិក្ខុភាវៈ ហើយដោយស្វ័យប្រវត្តិ”
“អាត្មាត្រូវគេបង្ខំឲ្យសឹក មិនមែនសឹកដោយចិត្តឯងទេ សីលរបស់អាត្មានៅបរិសុទ្ធ អាត្មានៅជា ភិក្ខុនៅឡើយ”
“មិនជឿទេ” នាងនិយាយហើយដើរញញឹមចូលមករកខ្ញុំព្រះករុណា ខ្ញុំព្រះករុណាដើរគេចទៅ ដោយរហ័សទាល់តែភ្លេចថាខ្លួនកំពុងឈឺជើងដួលច្រូសស្បែបនៅផ្ទៃក្តារនៃបន្ទប់ លីលាវតី បានឱកាសស្ទុះចូលមកចាប់ខ្លួនខ្ញុំព្រះករុណាហើយគ្រាហ៍ខ្ញុំព្រះករុណាទៅអង្គុយលើគ្រែដូច មុនវិញ
“សូមអភ័យទោសឲ្យលីលាវតីផង ណៈលោកងបង ! លីលាវតីធ្វើនេះដោយសេចក្តីស្រឡាញ់ និងគោរពយ៉ាងស្មោះអស់ពីចិត្ត គ្មានចេតនាធ្វើឲ្យសីលរបស់លោកបងសៅហ្មងទេ លីលាវតី ព្រមទទួលភាវៈជាភិក្ខុរបស់លោកបងដូចដើមវិញ នាងនិយាយឡើងក្នុងខណៈដែលកំពុង អង្គុយនៅក្បែរជើងខ្ញុំព្រះករុណា ខ្ញុំព្រះករុណាមិនបានឆ្លើយតបនាងមួយម៉ាត់ទេ ព្រោះឈឺ ពើតផ្សាត្រង់ជើងនិងចង្កេះយ៉ាងខ្លាំង”
“លោកបងមុខជាឈឺពើតណាស់ហើយ លីលាវតីនឹងទៅយកថ្នាំមកលាបឲ្យ និង រឺតច្របាច់ឲ្យ” នាងនិយាយទាំងរកកល់នឹងក្រោកឡើង
ខ្ញុំព្រះករុណាឃាត់នាងថា “មិនបាច់ទេ លីលាវតី ! តំណាលរឿងរ៉ាវឲ្យអាត្មាស្តាប់ប្រសើរជាង ថាតើរួចរស់មកយ៉ាងម៉េចបាន ហេតុអីបានជាមកដល់កន្លែងនេះ អាត្មាមិនស្លាប់ព្រោះត្រូវភ្លើង ឆេះរោលនៅឯព្រះលានហ្លួងទេឬ?”
លីលាវតីអង្គុយចុះរាបទាបដូចដើមវិញហើយក៏តំណាលវីរកម្មរបស់នាងឲ្យខ្ញុំព្រះករុណាស្តាប់ ថា
“គ្រាន់តែបានឮសម្លេងក្បួនហែលាន់ឮគគ្រឹកគគ្រេងមកតាមថ្នល់ ខ្ញុំកណាប្រញាប់ទៅឈរ មើលតាមបង្អួចដូចដែលធ្លាប់ធ្វើមក ដំបូងឡើយ នឹកស្មានថាជាក្បួនហែមង្គលការ ឬ បុណ្យសព ប៉ុន្តែគ្រាន់តែដឹងថាជាការហែអាក្រោសពួកចោរ ខ្ញុំកណាកាន់តែចាប់អារម្មណ៍ខ្លាំង ឡើង ខ្ញុំកណាស្លន់ចិត្តស្ទើរបាត់ស្មារតី កាលបើបានដំណឹងថាលោកបងជាចោរម្នាក់ក្នុង ចំណោមពួកចោរដែលបញ្ជិះលើខ្នងលានោះ ខ្ញុំកណាមិនគិតអ្វីទាំងអស់ ប្រញាប់ចុះពីលើ ប្រាសាទហើយចូលទៅប្រជ្រៀតហ្វូងមនុស្សឆ្ពោះទៅរកលោកបង តពីនោះមក ខ្ញុំកណា សន្លប់សន្លិនបាត់ស្មារតីមិនដឹងខ្លួនទេ ព្រោះតែអាណិតអាសូរលោកបងពេក គួបផ្សំនឹងការតក់ ស្លត់រន្ធត់ចិត្តនិងសេចក្តីនឿយហត់ព្រោះការរត់ផង ខ្ញុំកណាមកដឹងខ្លួននៅមានមនុស្សនាំមក ដល់ផ្ទះហើយ ខ្ញុំកណាតំណាលរឿងនេះឲ្យអ្នកម៉ាក់ស្តាប់ប្រាប់ឲ្យគាត់ប្រញាប់ទៅជួយជីវិត លោកបង អ្នកម៉ាក់យកប្រាក់ ១ ម៉ីនកហាបណៈម្នីម្នាទៅព្រះលានហ្លួង ចូលជួបមេកងរាជបុរស សូមលោះយកខ្លួនលោកបងមកវិញ ដំបូងឡើយ គេមិនយល់ព្រមទេ អ្នកម៉ាក់ត្រូវនិយាយចរចា អស់ពេលជាយូរហើយថែមប្រាក់ ១ ម៉ីនកហាបណៈទៀត ទើបគេសុខចិត្តដោះលែងលោកបង នៅខណៈដែលភ្លើងកំពុងឆេះហ្នឹងឯង រាជបុរសបានរត់ចូលទៅអូសខ្លួនលោកបងចេញពីរណ្តៅ រត់កាត់ភ្លើងចេញមក បើយឺតតែបន្តិចប៉ុណ្ណោះ ជីវិតរបស់លោកបងមុខជាមិនរស់ទេ តពីនោះ មកអ្នកម៉ាក់ក៏នាំលោកបងឡើងជិះរទេះសេះត្រឡប់មកផ្ទះវិញ ឲ្យលោកបងសិងសម្រាកនៅ ក្នុងបន្ទប់នេះ រឿងនេះដូចដូច្នេះឯងបានជាលោកបងមិនត្រូវភ្លើងឆេះសុគត”
ម្នាលលោកដ៏មានអាយុ ! លុះបានស្តាប់រឿងរ៉ាវដែលលីលាវតីជួយស្រោចស្រង់ជីវិត របស់ខ្ញុំព្រះករុណាចប់ហើយ ខ្ញុំព្រះករុណាស្ទើរតែទប់ទឹកភ្នែកខ្លួនឯងមិនបានព្រោះតែអាណិត ខ្លួនឯង និងជ្រួតជ្រាបទាំងរំជួលចិត្តចំពោះអំពើល្អរបស់លីលាវតី នាងស្រឡាញ់អាណិតខ្ញុំព្រះ ករុណាដោយចិត្តបរិសុទ្ធពិតមែន នាងជួយខ្ញុំព្រះករុណាឲ្យរួចផុតពីការលំបាកតោកយ៉ាក តាំងពីពេលដែលខ្ញុំព្រះករុណានៅជាក្មេងចណ្ឌាលរស់នៅក្នុងផ្ទះរបស់នាង ពេលនោះនាងបាន ជួយប្រស់ជីវិតរបស់ខ្ញុំព្រះករុណាទៀត លីលាវតីកើតមកដើម្បីជួយយឹតយោងជីវិតខ្ញុំព្រះ ករុណាដោយពិត ។
“លីលាវតីស្រីស្មោះអើយ ! នាងពិតជាមានសន្តានចិត្តល្អចំពោះអាត្មាមែនទែន នាងកើតមកដើម្បី ជួយសង្គ្រោះអាត្មាឲ្យរួចផុតចាកទុក្ខខ្លោចផ្សាដោយពិត នាងមានព្រះគុណចំពោះអាត្មាយ៉ាង លើសលន់់ អាត្មាមិនដឹងជាធ្វើដូចម្តេចទេទើបសមគួរដល់ឧបការគុណរបស់នាងដែលបានជួយ ជីវិតអាត្មាតាំងពីដើមមក”
លីលាវតីងើយមុខសម្លឹងមើលខ្ញុំព្រះករុណាដោយកែវភ្នែកសម្តែងសេចក្តីអាណិតអាសូរ ហើយ ពោលថា “ខ្ញុំកណាជួយលោកបងដោយសេចក្តីស្រឡាញ់និងគោរពយ៉ាងស្មោះអស់ពីដួងចិត្ត ព្រោះជីវិតរបស់លោកបងគឺជីវិតរបស់ខ្ញុំកណា កាលណាខ្ញុំកណាជួយជីវិតលោកបង ក៏ស្មើនឹង ជួយជីវិតខ្លួនឯង សេចក្តីសុខរបស់លោកបងគឺជាសេចក្តីសុខរបស់ខ្ញុំកណា កាលបើលោកបង មានសេចក្តីសុខ ខ្ញុំកណាក៏មានសេចក្តីសុខដែរ ប៉ុន្តែនៅពេលដែលលោកបងទទួលរងទុក្ខ ខ្ញុំកណាទទួលរងទុក្ខច្រើនជាងលោកបងសែនទ្វេ បពិត្រលោកបងជាទីស្រឡាញ់ ! លោកបង យល់ចិត្តលីលាវតីខ្លះហើយឬនៅ?”
“អាត្មាយល់ចិត្តលីលាវតីជានិច្ចទាំងយល់ចិត្តមកយូរហើយតាំងពីគ្រាដែលអាត្មានៅជាក្មេង ចណ្ឌាលអាស្រ័យនៅក្នុងខ្ទមតូចកណ្តាលសួនច្បារក្រោយគេហដ្ឋានរបស់នាងម្លេះ”
“លោកបងចេះតែនិយាយជានិច្ចថាយល់ចិត្តៗ ប៉ុន្តែពាក្យថាយល់ចិត្ត នេះឯងធ្វើឲ្យ ខ្ញុំកណាទឹកភ្នែកជួតក្បាលជង្គង់មកប៉ុន្មានលើកប៉ុន្មាសាហើយ មើលទៅពាក្យហ្នឹងពិតជាមាន ន័យខ្លាំងណាស់”លីលាវតីសម្តែងអាការង៉ិកង៉ក់ម្ង៉ិកម្ង៉ក់បន្តិច
“ចុះលីលាវតីឲ្យអាត្មាធ្វើយ៉ាងម៉េច ប្រាប់មកចុះ ជីវិតដែលជាចំណែករបស់អាត្មាបានចប់ទៅ ហើយនៅឯព្រះលានហ្លួង ជីវិតដែលរស់នៅឥឡូវនេះជាជីវិតដែលកើតមកពីការធ្វើពលិកម្ម របស់លីលាវតី លីលាវតីជាម្ចាស់នៃជីវិតនេះទាំងស្រុង ជីវិតរបស់អាត្មានេះស្ថិតនៅក្នុង កណ្តាប់ដៃរបស់លីលាវតីហើយ នាងនឹងចាត់ការជាមួយនឹងជីវិតរបស់អាត្មានេះយ៉ាងម៉េច ក៏បានដែរតាមតែចិត្តចុះ”
លីលាវតីអង្គុយសំឡក់មើលខ្ញុំព្រះករុណាយ៉ាងងឿងឆ្ងល់ នាងមុខជាចម្លែកចិត្តមិនខាន នៅពេលបានស្តាប់ឮសម្តីដ៏ក្លាហានរបស់ខ្ញុំព្រះករុណា
“លោកបងកុំគិតឆ្ងាយដល់ម្លឹងពេក លោកបងនៅជាតួខ្លួនរបស់ខ្លួននៅឡើយ ខ្ញុំកណាគ្មានសិទ្ធិ អ្វីនឹងជាម្ចាស់របស់លោកបងទេ នឹងមិនប្រាថ្នាជាម្ចាស់ឡើយ ខ្ញុំកណានៅស្រឡាញ់គោរពនិង បូជាលោកបងដូចជាព្រះទេវៈលើឋានសួគ៌ដដែល ខ្ញុំកណាគ្រាន់តែជាសត្វតូចមួយនៅលើផែន ដីដែលសូធ្យអង្វរព្រះទេវៈអង្គនោះរាល់ព្រឹករាល់ល្ងាចដើម្បីសូមសេចក្តីយល់ចិត្តអាណិតអាសូរ ប៉ុន្តែព្រះទេវៈអង្គនោះមិនពិតពិលរមិលរមើលសោះ”
“លីលាវតីអើយ ! នាងឲ្យកិត្តិយសអាត្មាខ្ពស់ពេកហើយ នាងយកអាត្មាទៅប្រៀបធៀបនឹងព្រះ ទេវៈលើសគ្គាល័យ កិត្តិយសនោះធំធេងណាស់ អាត្មាមិនអាចទទួលយកបានទេ ការពិត អាត្មាគ្រាន់តែជាដុំគ្រួសមួយដុំប៉ុណ្ណោះក្នុងកណ្តាប់ដៃរបស់នាង ប៉ុន្តែព្រះគុណរប​ស់នាងដែល មានចំពោះអាត្មាធំធេងបីដូចជាភ្នំហេមពាន្ត ផ្ទុយទៅវិញបើនាងត្រូវការសេចក្តីយល់ចិត្ត អាណិតអាសូរពីដុំគ្រួសនេះ អាត្មាសុខចិត្តនឹងឲ្យហើយឥឡូវនេះ ចូរជ្រាបថាអាត្មាឲ្យហើយ”
លីលាវតីឱនចុះក្រាបទៀបបាទមូលរបស់ខ្ញុំព្រះករុណាហើយនិយាយថា
“បពិត្រលោកបងជាទីស្រឡាញ់ ! សម្តីរបស់លោកបងធ្វើឲ្យខ្ញុំកណាមានសេចក្តីសុខជាទីបំផុត ក្នុងជីវិត”នាងនិយាយបណ្តើរលាតដៃទាំងពីរបណ្តើរមកឱបរឹតជើងទាំងសងខាងរបស់ខ្ញុំព្រះ ករុណាដែលសំយុងចុះពីលើគ្រែ
ខ្ញុំព្រះករុណាភ័យរអឹករអំាខំព្យាយាមរួបរួមសតិឲ្យមូលមកវិញ ហើយនិយាយនឹងនាងយ៉ាង សំណំសំនួនថា “ហឺយ ! លីលាវតី ! សូមកុំភ្លេចថាអាត្មានៅជាភិក្ខុណៈ អាត្មាស្រឡាញ់ លីលាវតីខ្លាំងជាងជីវិតទៅទៀតសឹងតែលេបយកលីលាវតីទៅទុកក្នុងដើមទ្រូងនៅអែបខាង បេះដូងរបស់អាត្មា ចូរចេញទៅឲ្យឆ្ងាយពីអាត្មាណៈ កុំបង្ខំឲ្យអាត្មាប្រព្រឹត្តកន្លងសីលរបស់ព្រះ បរមសាស្តា” ។
លីលាវតីចេញទៅភ្លាម ប៉ុន្តែសង្កេតឃើញទឹកមុខរបស់នាងប្រែជាស្រងូតស្រងំក្រៀមក្រំមួយ រំពេច កាលបើនាងក្រោកឡើងដើរទៅឈរឯបង្អួចចោលកែវភ្នែកសម្លឹងមើលចេញទៅកាន់ ភាពងងឹតអន្ធការនៅខាងក្រៅ ខ្ញុំព្រះករុណាតាមសម្លឹងមើលកិរិយាអាការរបស់នាងដោយចិត្ត កន្ទះរា បរិយាកាសនៅក្នុងបន្ទប់ពោរពេញទៅដោយបំណាត់សម្លេងនិងតំណានតំណឹង លីលាវតីបែរមុខត្រឡប់មកខាងខ្ញុំព្រះករុណាម្តងទៀត ឈរយកខ្នងផ្អែករបាបង្អួចបោះក្រសែ ភ្នែកចុះទាបប្រហែលដូចយ៉ាងមនុស្សដែលកំពុងតែត្រិះរិះនូវអ្វីម្យ៉ាង ក្នុងឥរិយាបទនោះ លីលាវតីមើលទៅស្អាតឆើតឆោមពេកណាស់ សមន្ធភាពដែលជាឆាកក្រោយនៃពន្លឺភ្លើងដែល ជះទៅមុខធ្វើឲ្យរូបឆោមរបស់លីលាវតីស្អាតស្អានដូចជាព្រះហេមរង្សីដែលកំពុងតែរះផុស ចេញពីស្រទាប់មេឃ ខ្ញុំព្រះករុណាភ្លឹកគន់មើលសម្រស់របស់នាងទាល់តែភ្លេចភាពឈឺចាប់ អស់រលីង លីលាវតីដើរមកឈរនៅចំពោះមុខរបស់ខ្ញុំព្រះករុណាម្តងទៀត ហើយនិយាយហៅ ខ្ញុំព្រះករុណាដោយសម្លេងស្រទន់ថា “បពិត្រលោកបងជាទីស្រឡាញ់ ! ឥឡូវនេះលោកបង កំពុងតែគង់នៅចំពោះមុខលីលាវតី ប៉ុន្តែក្នុងផ្នត់គំនិតរបស់ខ្ញុំកណាហាក់បីដូចជាលោកបងគង់ នៅឆ្ងាយដល់កណ្តាប់ចក្រវាល ខ្ញុំកណាស្រងេះស្រងោចណាស់ ប៉ុន្តែណ្ហើយចុះ ខ្ញុំកណាមិន ទាន់ទម្លាយសីលរបស់លោកបងនៅពេលនេះទេលុះត្រាតែដល់ពេលដ៏សមគួរ ថ្មើរណេះ យប់ ជ្រៅណាស់ហើយ លោកបងមុខជានឿយហត់ខ្លាំងហើយ ចូរសិងសម្រាកចុះ ស្អែកនេះខ្ញុំ កណានឹងមកជួបលោកបងទៀត ខ្ញំកណាលាទៅសិនហើយ”
លីលាវតីលើកដៃសំពះខ្ញុំព្រះករុណាហើយក៏ដើរចេញតាមទ្វារទៅ ខ្ញុំព្រះករុណាតាមសម្លឹង មើលនាងទាល់តែបាត់ភ្លឹបពីទ្វារហើយក៏ផ្តួលខ្លួនចុះសិងលក់បាត់ទៅ ។

 

loading…

81 total views, 2 views today

Facebook Comments