១៧.សង្គ្រាមដួងចិត្ត

ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាតើនឡើងនៅពេលព្រឹកដោយទន់ល្ងមល្ហិតល្ហៃអស់ដៃ អស់ជើង ឃើញថាការឈឺពើតត្រង់ជើងស្រាកស្រាលស្កាលចុះហើយ ខ្ញុំព្រះករុណាច្រត់ដៃ ឡើង អង្គុយហើយទៅឈរឯបង្អួចសម្លឹងមើលសកម្មភាពនៅលើដងផ្លូវ ខាងក្រៅសង្កេត ឃើញហ្វូងមនុស្សកំពុងដើរទៅមកប្រសេចប្រសាច សេដ្ឋីគ្រហបតីជិះលើរទេះសេះ សម្អិត សម្អាងយ៉ាងល្អ ត្រកាលកំពុងធ្វើដំណើរទៅកាន់កំពង់ទឹក ដើម្បីស្នានស្នានីយវារី(ងូតទឹក) ក្នុង ស្ទឹងអចិរវតីនាងកុម្ភទាសីស្រីទូលក្អមដែលលាបលនជើងដោយពណ៌ក្រហមមានត្របកភ្នែក ខ្មៅញូញកំពុងដើរជាហ្វូងជាហ្វាយ កងដៃកងជើងរបស់នាងកាលបើប៉ះខ្ទប់នឹងពន្លឺព្រះពាន់រង្សី ចាំងពន្លឺភ្លឺពា្រកៗផ្លីកផ្លេកមកចំកែវភ្នែក គង្វាលគោកំពុងកៀងគោចេញទៅបន្ស៊ីតិណជាតិតាម ក្សេត្រភូមិ ស្រែកដេញគោឮសូរហ៊ុយៗមួយដងមួយកាល ភិក្ខុ ២-៣ រូបកំពុងនិមន្តដើរទៅទ្រង់ បាត្រដោយអាការសម្រួមរវាំងយ៉ាងសមសួន ក្នុងក្រុងសាវត្ថីនាពេលព្រឹកព្រលឹមពោរពេញទៅ ដោយជីវិតរស់រវើក មនុស្សមនាម្នាក់ៗខំត្រដរតស៊ូក្រវើនក្រតើនដើម្បីទ្រទ្រង់ជីវភាពរបស់ខ្លួន និងគូស្នេហ៍ កាលបើស្តេចមច្ចុរាជយាងមកដល់ហើយក៏នាំគ្នាឈប់សម្រាក ខ្ញុំព្រះករុណា អង្គុយសម្លឹងមើលរូបភាពតាមដងផ្លូវនេះដោយភ្លឹកភ្លាំង រហូតដល់លីលាវតីលើករណ្តាប់ ចំហាន់មកប្រគេន លីលាវតីចាប់ផ្តើមសន្ទនាក្នុងកំឡុងពេលដែលខ្ញុំព្រះករុណាកំពុងឆាន់ ចំហាន់ថា
“បពិត្រលោកបងជាទីស្រឡាញ់ ! លោកបងស្រឡាញ់លីលាវតីមែនឬទេ?”
“មានអីទៀតឬលីលាវតីដែលនាងនៅមិនទាន់អស់ចិត្តចំពោះអាត្មា”
លីលាវតីអង្គុយឈ្ងោកមុខមួយសន្ទុះហើយនិយាយថា “បពិត្រលោកបងជាទីស្រឡាញ់ ! លីលាវតីស្នើសុំអ្វីម្យ៉ាង សង្ឃឹមថាលោកបងនឹងអនុគ្រោះបាន បើលោកបងបដិសេធសំណើ នេះ សូចិនាឲ្យឃើញថាលោកបងមិនស្រឡាញ់លីលាវតីពិតដូចពាក្យសម្តីទេ លីលាវតីនឹងរង ទុក្ខទ្រោមចិត្តរហូតមួយជីវិត”
“ប្រាប់មកចុះ លីលាវតី ! អាត្មាព្រមនឹងអនុគ្រោះនាងបាន”
លីលាវតីញញឹមចេញមកនៅគ្រាដំបូងយ៉ាងពេញទៅដោយសេចក្តីសង្ឃឹម ខ្ញុំព្រះករុណាក៏ចង់ ដឹងដែរថាតើនាងស្នើសុំអ្វី
“បពិតលោកបង ! រឿងដែលខ្ញុំកណាស្នើសុំនោះ គឺ សូមឲ្យលោកបងលាសិក្ខហើយមករស់ នៅជាមួយនឹងលីលាវតី ពួងយើងនឹងបានរួមរស់ជីវិតជាមួយគ្នាយ៉ាងមានសុភមង្គលតរៀងទៅ ទ្រព្យសម្បត្តិរបស់យើងមានច្រើនណាស់ ប៉ុន្តែខ្វះអ្នកចាត់ចែងគ្រប់គ្រង លោកប៉ាក៏ស្លាប់ទៅ ហើយ ជ័យសេនក៏ស្លាប់ទៅច្រើនឆ្នាំហើយដែរ នៅសល់ខ្ញុំកណានិងអ្នកម៉ាក់ដែលជាមនុស្ស ស្រីមិនមានសមត្ថភាពគ្រប់គ្រាន់នឹងចាត់ការទ្រព្យដ៏ច្រើនកខ្លេះកខ្លោញអម្បាយនោះបានទេ យើងមិនឃើញអ្នកណាល្មមជាទីពឹងពាក់បានទេក្រៅតែពីលោកបង ថាយ៉ាងម៉េចដែរ នឹងអនុគ្រោះលីលាវតីបានទេ?”
ម្នាលលោកដ៏មានអាយុ ! សំណូមពរបស់លីលាវតីធ្វើឲ្យខ្ញុំព្រះករុណាគិតគន់យ៉ាងខ្លាំងម្តង ទៀត លីលាវតីមុខជាប្រកាន់យកឱសានវាទចុងក្រោយសម្រាប់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាគិត ព្យាយាមរកផ្លូវចេញ ប៉ុន្តែងងឹតឈ្លប់គិតអ្វីមិនលេចសោះ
“លីលាវតីអើយ ! សំណើរបស់នាងជាបញ្ហាធំបន្ទាន់ណាស់សម្រាប់អាត្មា អាត្មាចង់នឹងឆ្លើយ ប្រាប់នាងឥឡូវនេះ ប៉ុន្តែអាត្មាមិនទាន់ឆ្លើយទេ អាត្មាសុំពេលដង្វិនគិតកាញ់មើលដោយល្អិត ល្អន់សិន លុះគិតគូរហ្មត់ចត់ហើយសឹមឆ្លើយប្រាប់ជាក្រោយ”
នាងសួរយ៉ាងតក់ក្រហល់ថា “ចុះអង្កាល់ណាបានឆ្លើយប្រាប់ខ្ញុំកណា លោកបង !”
“ក្នុងរយៈពេល ៣ ថ្ងៃ”
“ប៉ុន្តែលោកបងត្រូវផ្តល់ក្តីសង្ឃឹមដល់ខ្ញុំកណាណៈ”
រហូតពេញមួយថ្ងៃនោះ ខ្ញុំព្រះករុណានៅសិងសម្រាកកាយក្នុងគេហដ្ឋានរបស់លីលាវតី ព្រោះ នៅមិនទាន់ហ៊ានដើរទៅវត្តជេតវ៏នវិញនៅពេលថ្ងៃទេ ខ្លាចក្រែងមហាជនឃើញហើយចាំបាន ថាខ្ញុំព្រះករុណាជាចោរ ពេលល្ងាចលុះងងឹតស្ងាត់ហើយ ខ្ញុំព្រះករុណាទើបលាលីលាវតីនិង នាងគ្រហបតានីត្រឡប់ទៅវត្តជេតវ័នវិញ គ្រាន់តែផុតពីកំពែងក្រុងចូលដល់វាលស្រែ ខ្ញុំព្រះករុណាធូរចិត្តដូចជារូចផុតពីមន្ទីរឃុំឃាំងដើរកាត់វាលស្រែបន្តិច ក៏ចូលដល់វត្តជេតវ័ន ខណៈដែលដើរកាត់មុខព្រះគន្ធកុដិរបស់ព្រះបរមសាស្តាដែលព្រះអង្គនៅមិនទាន់យាងត្រឡប់ មកពីក្រុងសាកេតុនៅឡើយ ខ្ញុំព្រះករុណាលើកដៃទាំងពីរឡើងសំពះរលឹកនឹកដល់ព្រះ ពុទ្ធគុណហើយក៏ដើរកាត់មុខឧបដ្ឋានសាលានិងកុដិដែលនៅរៀងរាយគ្នាជាជួរជាបន្ទាត់តម្រង់ ទៅកុដិរបស់ខ្ញុំព្រះករុណាដែលនៅចុងវត្តខាងត្បូង…
ទិដ្ឋភាពវត្តជេតវ័នស្ងប់ស្ងាត់ដូចសព្វមួយដង ក្រៅតែពីឮសូរសម្លេងខ្យល់បក់ស្លឹកឈើ និង សម្លេងសត្វល្អិតដែលមើលមិនឃើញខ្លួនហើយគ្មានសម្លេងអ្វីផ្សេងទៀតទេ កាលទៅដល់កុដិ ហើយ ខ្ញុំព្រះករុណាបានឃើញព្រះថេរៈ ៣ អង្គកំពុងគង់សន្ទនាគ្នាលើផែនថ្មក្រោមដើមជ្រៃ នៅមុខកុដិ បណ្តាព្រះថេរៈ ៣ អង្គនោះ ព្រះភទ្ទិយត្ថេរៈជាព្រះឧបជ្ឈាយ៍របស់ខ្ញុំព្រះករុណាហ្នឹង ឯង លោកបាននិមន្តជាប់តាមហែហមព្រះបរមសាស្តាទៅក្រុងសាកេតុអស់ជាច្រើនថ្ងៃកន្លង មកហើយ លុះខ្ញុំព្រះករុណាទៅដល់ខាងមុខលោក ខ្ញុំព្រះករុណាក៏ថ្វាយបង្គំព្រះឧបជ្ឈាយ៍ ៣ ដង
“កាលបើបានដឹងថារេវត្តៈឯងត្រូវរាជបុរសចាប់ខ្លួនទៅ ខ្ញុំកូរណាក៏ប្រញាប់ថ្វាយបង្គំលាព្រះបរម សាស្តាត្រឡប់មកវិញភ្លាមដើម្បីធានារ៉ាប់រងភិក្ខុភាវៈរបស់លោក​ ខ្ញុំកូរណាដឹងច្បាស់ថាលោក នៅមានសីលបរិសុទ្ធទោះបីស្ថិតនៅក្នុងសម្ពាធដ្ឋានអាសន្នអន់ក្រយ៉ាងណាក៏ដោយ មុខជានៅ មានចិត្តមុតមាំចំពោះព្រះធម្មវិន័យ ដូច្នេះលោកនៅតែជាភិក្ខុក្នុងសាសនានេះដដែល” ព្រះឧបជ្ឈាយ៍មានថេរដីកាហើយក៏ឆ្ពាមយកសំពត់កាសាវពស្ត្រហុចឲ្យ ខ្ញុំព្រះករុណាទទួល យកមកស្លៀកដណ្តប់ជាបរិមណ្ឌល ហើយព្រះឧបជ្ឈាយ៍ក៏និមន្តចាកចេញទៅទាំងប្រាប់ប្រាម ខ្ញុំព្រះករុណាជាចុងក្រោយថា
“លោកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ណាស់ ចូរប្រយ័ត្នខ្លួនឲ្យមែនទែន”ខ្ញុំព្រះករុណា ចូលទៅក្នុងកុដិឃើញបរិក្ខារនៅគ្រប់ដូចដើមទាំងអស់ មួយរាត្រីនោះ ​ខ្ញុំព្រះករុណាស្ទើរសិង មិនលក់សោះ គំនិតរាត់រាយរត់ស្ទុះស្ទាទៅមកក្នុងខួរក្បាល សម្តីរបស់លីលាវតីថា “សូមឲ្យលោកបងលាសិក្ខហើយយើងនឹងរួមរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលតរៀងទៅ” នៅឮកងរំពងក្នុសោតប្បសាទហើយវាធ្វើឲ្យខ្ញុំព្រះករុណាត្រូវមកគិតច្រើនជាទីបំផុត ជួនកាល ខ្ញុំព្រះករុណាគិតចង់នឹងធ្វើតាមលីលាវតី សឹកទៅរស់នៅជាមួយនឹងនាងជាស្វាមីរបស់នាង ជាម្ចាស់ទ្រព្យដ៏ច្រើនមហាសាលដោយមិនបាច់ប្រឹងប្រែងធ្វើការអ្វី ក្នុងស្ថានភាពបែបនោះ ខ្ញុំព្រះករុណាមុខជាមានសុភមង្គលជាទីបំផុត ការមានភរិយារូបស្អាតដូចយ៉ាងលីលាវតី ការមានទ្រព្យសម្បត្តិមហាសាលសម្រាប់ចាយវាយ គឺជាអ្វីដែលបុរសក្នុងលោកប្រាថ្នាចង់បាន ហើយព្យាយាមត្រដរតស៊ូដើម្បីឲ្យបានមកនូវអ្វីទាំងអស់នេះ ប៉ុន្តែសម្រាប់ខ្ញុំព្រះករុណាវិញ មិនបាច់តស៊ូអ្វីទាំងអស់ មានអ្នកស្នើសុំឲ្យស្រាប់ បញ្ហានៅត្រង់ថាតើខ្ញុំព្រះករុណានឹងទទួល យកឬមិនទទួលយកប៉ុណ្ណោះឯង ចិត្តមួយចង់នឹងទទួលយកដែរ តែចិត្តមួយទៀតនៅសោក ស្តាយសន្តិសុខក្នុងភិក្ខុភាវៈពន់ពេក រវាងលោកិយសុខនិងសន្តិសុខក្នុងធម៌ តើខ្ញុំព្រះករុណាគួរ ជ្រើសរើសយកមួយណា? ពេលខ្លះខ្ញុំព្រះករុណាហៀបនឹងសម្រេចចិត្តយកលោកិយវិស័យ ប៉ុន្តែគំនិតនោះក៏លាដកថយទៅក្រោយវិញនៅពេលគំនិតគិតចង់យកធម្មវិស័យចូលមក ផ្លូវលោកនិងផ្លូវធម៌កំពុងតស៊ូគ្នាយ៉ាងស្វិតស្វាញប្រទាញប្រទង់គ្នាទៅវិញទៅមករហូតរាត្រី កាល នៅទីបំផុត ខ្ញុំព្រះករុណាក៏នៅសម្រេចចិត្តមិនទាន់បាន ។
៣ ថ្ងៃកន្លងផុតទៅដោយខ្ញុំព្រះករុណាមិនអាចសម្រេចចិត្តយកខាងណាបានទេ ប៉ុន្តែ កាលបរិច្ឆេទដែលនឹងផ្តល់ចម្លើយឲ្យលីលាវតីបានមកដល់ហើយ ខ្ញុំព្រះករុណាទើបទៅជួប លីលាវតីម្តងទៀត លីលាវតីចាប់ផ្តើមសួរថា
“ថាយ៉ាងម៉េចដែរ លោកបង ! លោកបងប្រហែលជាសម្រេចព្រះទ័យហើយទេដឹងក្នុងការដែល នឹងអនុគ្រោះខ្ញុំកណា និង អ្នកម៉ាក់ អង្កាល់បានលោកបងសឹក ខ្ញុំកណានឹងត្រៀមសម្លៀកបំពាក់ ឃរាវាសទុកឲ្យ”
ម្នាលលោកដ៏មានអាយុ ! នៅពេលនោះ ខ្ញុំព្រះករុណាអន្ទះអន្ទែងចិត្តជាទីបំផុត ខ្ញុំព្រះករុណាដឹងច្បាស់ថា ចម្លើយរបស់ខ្ញុំព្រះករុណាប្រាកដជានឹងធ្វើឲ្យលីលាវតីខុសបំណងដោយពិតប្រាកដ ព្រោះវាធ្វើ បាបដួងចិត្តរបស់ខ្ញុំព្រះករុណាដែរ
“លីលាវតីអើយ ! អាត្មាសូមប្រាប់នាងតាមត្រង់ទៅចុះថាអាត្មាមិនទាន់សម្រេចចិត្តថាសឹក ឬ មិនសឹកនៅឡើយទេ” ខ្ញុំព្រះករុណានិយាយបានត្រឹមប៉ុណ្ណេះ ហេតុការណ៍ដែលខ្ញុំព្រះករុណា នឹកស្មានមិនដល់ក៏កើតឡើង លីលាវតីមុខជូរព្រហួញចុះភ្លាម នាងបែរខ្នងឲ្យខ្ញុំព្រះករុណាទាំង ដកដង្ហើមធំយ៉ាងកណ្តុករអុកចិត្ត ហើយទឹកភ្នែករលីងរលោងរកកល់នឹងទ្រហ៊ោយំ លីលាវតី បែរមុខដ៏ស្រងូតស្រងាត់មកនិយាយនឹងខ្ញុំព្រះករុណាម្តងទៀតថា
“អនិច្ចាអើយ ! លីលាវតីកើតមកជាតិនេះពេញជាស្រីអភ័ព្វមែន លោកបងច្បាស់ជាមិនអាណិត លីលាវតីទេ លោកបងប្រហែលជាមិនស្រឡាញ់លីលាវតីពិតដូចសម្តីទេដឹង”
“លីលាវតីអើយ ! បេះដូងអាត្មាស្ទើរតែបែកធ្លាយទៅហើយដោយសារតែស្រឡាញ់និង អាណិតនាង ស្រឡាញ់នាងដោយចិត្តស្មោះ សំពត់កាសាវពស្ត្រនេះជាកសិណសាក្សី ប៉ុន្តែ សូមឲ្យនាងស្តាប់ហេតុផលរបស់អាត្មាសិន កុំភ្លេចថាត្រកូលរបស់នាងជាត្រកូលធំមានមនុស្ស គោរពរាប់អានទូទាំងដែនកោសល នាងកើតមកក្នុងត្រកូលព្រាហ្មណ៍មានកំណើតកើតមកពី ព្រះឱស្ឋរបស់ព្រះព្រហ្ម ចំណែកឯអាត្មាជាមនុស្សគ្មានវណ្ណៈជាចណ្ឌាល គ្មានជាតិគ្មានត្រកូល លើសពីនោះទៅទៀត អាត្មាធ្លាប់ធ្វើជាចោរអបលក្ខណ៍សាមាន្យត្រូវគេចាប់ហែអាក្រោស អ្នកផងទាំងពួងដឹងឮពេញទាំងស្រុកទេស ឋានៈរបស់នាងនិងឋានៈរបស់អាត្មាឆ្ងាយពីគ្នាដូច មេឃនិងដី កាលបើគេដឹងថានាងបានរៀបការជាមួយនឹងអាត្មា គេនឹងដាក់ប្រជាទណ្ឌដល់ ត្រកូលរបស់នាង នាងនឹងបានទទួលការថ្កោលទោសយ៉ាងដំណំ មនុស្សទាំងក្រុងនឹង ធ្វើអវមានមើលងាយត្រកូលរបស់នាង ហើយជីវិតសម្ពង្សរបស់យើងនឹងមានសេចក្តីសុខ ដូចម្តេចបាន?”
“ហេតុផលទាំងនេះខ្ញុំកណាបានគិតទុកមកមុនហើយ ទាំងឃើញថាវាជាហេតុផលរបស់អ្នក ដទៃ ដែលចំាតែបេះបួយជ្រែតជ្រែកក្នុងកិច្ចការបស់អ្នកផ្សេង ចាំតែចាប់ទោសអូសដំណើរ អ្នកនេះអ្នកនោះ ចាំតែតិះដៀលនិន្ទាឈ្នានីសត្រកូលនេះត្រកូលនោះ ចុះយើងនឹងបានអ្វីខ្លះពី មនុស្សពួកនេះ កាលបើយើងមានទុក្ខព្រួយ គេចាំតែជាន់បន្ថែម ពួកគេត្រូវការឲ្យអ្នកដទៃធ្វើ តាមពួកគេចង់បានយ៉ាងអត្តទត្ថភាពបំផុត កាលបើមិនសមតាមបំណងដែលចិត្តខ្លួនប៉ងប្រាថ្នា ក៏ថ្កោលទោសថាអាក្រក់ថោកទាបយ៉ាងនេះយ៉ាងនោះ ខ្ញុំកណាមិនមែនជាខ្ញុំកញ្ជះរបស់ មនុស្សពួកនោះទេ ខ្ញុំកណាមិនព្រមស្ថិតនៅក្នុងក្របខណ្ឌបញ្ជាការដែលមនុស្សពួកនោះ កំណត់ទុកនោះទេ ខ្ញុំកណាកើតមកម្នាក់ឯង ហើយស្លាប់ទៅក៏ម្នាក់ឯងដែរ ទើបសូមមាន សេរីភាពចំពោះខ្លួនឯងមួយជាតិ អ្នកណាថាម៉េចក៏ថាទៅ អ្វីមួយដែលខ្ញុំកណាឃើញថាសមគួរ ប្រពៃ ខ្ញុំកណាត្រូវតែធ្វើដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខរបស់ខ្លួនឯង” លីលាវតីនិយាយ ប្រយោគចុងក្រោយដោយសម្លេងម៉ឺងម៉ាត់ ហេតុផលរបស់នាងស្រួចស្រាល់ហួសពីអ្វីដែល ខ្ញុំព្រះករុណានឹកស្មានដល់ ធ្វើឲ្យខ្ញុំព្រះករុណាស្រឡាញ់និងបូជានាងកាន់តែខ្លាំងឡើង កាលបើឃើញខ្ញុំព្រះករុណានៅស្ងៀមមិនស្តី នាងក៏ទាញយកហេតុផលមកនិយាយទៀតថា
“បពិត្រលោកបង ! ខ្ញុំកណាដឹងច្បាស់ថា លោកបងជាចណ្ឌាលនិងធ្លាប់ធ្វើជាចោរ បើខ្ញុំកណា គិតដូចអ្នកដទៃវិញ ខ្ញុំកណាមិនស្រឡាញ់លោកបងទេ ប៉ុន្តែខ្ញុំកណាមិនគិតដូចអ្នកដទៃបានជា ស្រឡាញ់លោកបង ខ្ញុំកណារស់នៅក្នុងសង្គមមនុស្សត្រូវពឹងពាក់អាស្រ័យអ្នកដទៃក៏មែនពិត ប៉ុន្តែខាងផ្លូវចិត្តវិញ ខ្ញុំកណាមានអត្តិស្សរភាពជានិច្ច ខ្ញុំកណាមានសេរីភាពនឹងស្រឡាញ់លោក បង ក្នុងជាតិនេះ សូមស្រឡាញ់លោកបងតែម្នាក់គត់ ជួនកាលព្រះអាទិទេពអាចសាងខ្ញុំកណា មកសម្រាប់លោកបងក៏ថាបាន ខ្ញុំកណាកើតមកសម្រាប់លោកបងតែម្នាក់គត់ប៉ុណ្ណោះ បេះដូង ខ្ញុំកណាមានតែមួយ ខ្ញុំកណាមិនអាចចែករំលែកឲ្យអ្នកដទៃក្រៅពីលោកបងបានទេ សូមលោក បងយល់ត្រង់ចំណុចនេះ”
ម្នាលលោកដ៏មានអាយុ ! ការសន្ទនាគ្នានាថ្ងៃនោះ ខ្ញុំព្រះករុណាស្ទើរតែជាអ្នកស្តាប់រហូត លីលាវតីលើកយកហេតុផលផ្សេងៗមកនិយាយឲ្យខ្ញុំព្រះករុណាស្តាប់ ទាល់តែខ្ញុំព្រះករុណា ចិត្តទន់ ខ្ញុំព្រះករុណាជឿជាក់ដោយឥតសង្ស័យថាលីលាវតីកើតមកដើម្បីខ្ញុំព្រះករុណាតែម្នាក់ ប៉ុណ្ណោះ សង្រ្គាមដួងចិត្តរបស់ខ្ញុំព្រះករុណាបានចូលដល់កម្រិតបែកបាក់ហើយដោយ លោកិយវិស័យចាប់ផ្តើមបានប្រៀប ចំណែកលោកុត្តរវិស័យវិញចាប់ផ្តើមដកថយទៅយ៉ាង រប៉ាត់រប៉ាយ ខ្ញុំព្រះករុណាស្ទើរតែទទួលសម្តីរបស់លីលាវតីថានឹងសឹក ប៉ុន្តែនៅទីបំផុត ខ្ញុំព្រះករុណាក៏នាំខ្លួនឯងត្រឡប់មកវត្តវិញទាល់តែបាន
គ្រាន់តែមកដល់កុដិវិញ ខ្ញុំព្រះករុណាក៏សិងយកដៃគងថ្ងាសគិតគូសរូបភាពជីវិតអនាគតដ៏ ត្រចះត្រចង់ គិតបណ្តើរញញឹមបណ្តើរដោយបីតិសោមនស្ស គ្រាន់តែគិតប៉ុណ្ណោះ ខ្ញុំព្រះករុណាក៏មានសេចក្តីសុខទៅហើយ ចុះទម្រាំនឹងបានទៅរស់នៅក្នុងគេហដ្ឋានដ៏ ល្វឹងល្វើយទាំងមានលីលាវតីស្រីសែនស្អាតជាគូកៀកកើយព្រមទាំងទ្រព្យសម្បត្តិដ៏ច្រើន អនេកអនន្តទៀតនោះខ្ញុំព្រះករុណានឹងមានសេចក្តីសុខប៉ុនណាហ្ន ! អាណាចក្រនឹងមានជ័យជម្នះលើពុទ្ធចក្រពិតហើយឬ?

loading…

149 total views, 2 views today

Facebook Comments