១៩.ដំណើរទៅកាន់បុព្វារាម

“រេវត្តៈ ! បើលោកនៅទីនេះតទៅទៀត លោកនឹងត្រូវស្ត្រីភេទអុកឡុករំខាន”ព្រះឧបជ្ឈាយ៍កោះ ហៅខ្ញុំព្រះករុណាទៅដាស់តឿន “ចិត្តរបស់លោកនៅជាបុថុជ្ជនតែងញាប់ញ័រកម្រើករំពើកបាន ដោយងាយទៅតាមបរិដ្ឋានជុំវិញខ្លួន ពេលនេះលោកកំពុងតែធុញទ្រាន់នឹងលោកិយវិស័យ ដោយអំណាចនៃប៉ាឆាខ្មោចស្រស់ ប៉ុន្តែមិនយូរទៀតទេ លោកអាចនឹងរអើបរជើបបានទៀត ដោយអំណាចនៃគ្រឿងរំជែរំជួលជាហេតុ បើដូច្នេះ ចូរលោកភៀសចេញទៅឲ្យឆ្ងាយពីសត្រូវ របស់ព្រហ្មចារ្យ រូតរះបំពេញព្យាយាមឲ្យធ្ងន់ដៃឡើងទាល់តែចិត្តរឹងមាំហើយសឹមត្រឡប់មក វិញ”
ខ្ញុំព្រះករុណាបានបដិបត្តិតាមអនុសាសន៍របស់ព្រះឧបជ្ឈាយ៍ដោយប្រពៃ នៅល្ងាចថ្ងៃនោះ ខ្ញុំព្រះករុណាស្ពាយបាត្រនិងលីក្លស់ចេញពីវត្តជេតវ័នទៅកាន់វត្តបុព្វារាមដែលតាំងនៅលើ ច្រាំងស្ទឹងអចិរវតីប៉ែកទិសខាងកើតនៃក្រុងសាវត្ថី បុព្វារាមដែលនាងវិសាខាមហាឧបាសិកាជា អ្នកកសាងមានទិដ្ឋភាពត្រជាក់ត្រជំមិនចាញ់ជេតវ័នមហាវិហារប៉ុន្មានទេ ខ្ញុំព្រះករុណាបាននាវ យកកុដិតូច ១ ខ្នងប្របច្រាំងស្ទឹងអចិរវតីជាវសនដ្ឋានរបស់ខ្លួន នៅចំខាងមុខកុដិ គ្មានដើមជ្រៃ ដូចកុដិនៅ៝ឯវត្តជេតវ័នទេ ប៉ុន្តែមានដើមត្រចៀកប្រើសធំ ១ ដើម ដែលមានស្លឹកធំក្រាស់ឃ្មឹក សុបប្រឡុបម្លប់ត្រឈឹងត្រឈៃ មានផ្កាពណ៌សសំពោងជាចង្កោមសំយុងចុះមកខាងក្រោម មានក្លិនក្រអូបឈ្ងុយ ខ្ញុំព្រះករុណាសង្ខុញធ្វើភាវនាយ៉ាងរួសរាន់ដើម្បីដុសជម្រះចិត្តឲ្យស្អាត បរិសុទ្ធមុនពេលសរីរាង្គដ៏មិនទៀងទាត់នេះបែកធ្លាយរំលាយខន្ធទៅ ។
ខ្ញុំព្រះករុណាតើនពីព្រឹកព្រហាមលុបមុខលាងមាត់រួចហើយ ក៏ទៅអង្គុយធ្វើសមាធិ លុះបានឮ សម្រែកបក្សាបក្សីស្រែកយំខ្ញៀវខ្ញារទ្រហឹងអឺងកងចេញរកចំណីនៅពេលអរុណោទ័យ ទើប ចេញពីកន្លែងធ្វើសមាធិ បោសច្រាសជូតកុដិសម្អាតលំនៅរួចរាល់ហើយក៏ចូលទៅកាន់ភូមិ ដើម្បីបិណ្ឌបាត នៅពេលបានចង្ហាន់ល្មមឆាន់ឆ្អែតហើយក៏ត្រឡប់មកវិញ ឆាន់រួចក៏លាងបាត្រ បោសសម្អាតកន្លែងឆាន់ហើយក៏ទន្ទេញស្វាធ្យាយព្រះធម្មវិន័យដែលបានស្តាប់មកពីព្រះ ធម្មាចារ្យរហូតដល់ព្រះវិភាករជ្រាលជ្រេទេទៅទិសបស្ចឹម ទើបចុះទៅគង់នៅក្រោមម្លប់ដើម ត្រចៀកប្រើសដើម្បីសិងសម្រាក នៅខណៈដែលកំពុងតែទម្រេតខ្នងនោះឯង ក៏លើកយកធម៌ ១ វគ្គមកគិតពិចារណា ពេលខ្លះក៏សម្លឹងមើលទឹករលកក្នុងស្ទឹងអចិរវតីដែលហូររត់ចូលប៉ះទង្គិច ច្រាំង ហើយក៏ស្រកនាចទៅវិញ ទាំងគិតប្រៀបធៀបរលកទឹកនឹងជីវិតរបស់ខ្លួនតាមវិធីសាស្ត្រ ដែលព្រះឧទេ្ទសាចារ្យបង្ហាត់បង្រៀនមកពីការប្រទះឃើញវត្ថុណាក៏នាំយកវត្ថុនោះមកគិត ប្រៀបធៀបនឹងជីវិតរបស់ខ្លួនជានិច្ច ជីវិតមនុស្សយើងប្រៀបបីដូចជាទឹករលក ដែលត្រូវខ្យល់ គឺ ជរា បក់បោកចូលទៅរកច្រាំង គឺ មរណៈហើយក៏ក្សិណក្ស័យទៅ លុះព្រះទិវាករហៀបនឹង លឹបលិចដងព្រៃទើបបោសជម្រះទីធ្លាវត្តមួយអន្លើដោយភិក្ខុ សាមណេរទាំងពួង បន្ទាប់មក ក៏គ្រងចីពរទៅកាន់ធម្មសាលាស្តាប់អនុសាសនីរបស់ព្រះមហាថេរព្រមទាំងភិក្ខុសង្ឃរហូត ដល់បឋមយាមកន្លងទៅ ទើបត្រឡប់ទៅកុដិចូលកន្លែង អង្គុយសមាធិ ជួនកាលក៏ដើរចង្ក្រម លុះដល់មជ្ឈិមយាមទើបចេញពីសមាធិ ត្រួតពិនិត្យមើល កិច្ចវត្តប្រចាំថ្ងៃនិងសីលរបស់ខ្លួន បើនៅឃើញថាមានចំណុចណាលើសលស់ខ្វះខាត ក៏តាំង ចិត្តធ្វើជាថ្មីនៅថ្ងៃព្រឹកឡើង បើឃើញថាល្អឥតខ្ចោះហើយក៏តាំងចិត្តផ្សាយកុសលផលបុណ្យ ទៅដល់ញោមប្រុសញោម ស្រី គ្រូបាធ្យាយ ញាតិញោមអ្នកមានគុណូបការៈ និង សត្តនិករគ្រប់ជំពូក រួចហើយក៏ចូលសិង ដោយគិតថានឹងក្រោកឡើងអំពីព្រលឹម ខ្ញុំព្រះករុណាធ្វើដូច្នេះជាប្រចាំរាល់ថ្ងៃ មានចិត្តកាន់តែ សុខស្រួលឡើង គ្មានកង្វល់ខ្វល់ព្រួយដល់ខាងមុខខាងក្រោយទេ មានសេរីភាពគ្រប់បែបយ៉ាង នេះទេដឹង គឺ សេចក្តីសុខក្រោមម្លប់កាសាវពស្ត្រដែលព្រះ អរិយបុគ្គលតែងតែសរសើរនោះ ។
ពេលវេលាកន្លងផុតទៅសន្សឹមៗ ខ្ញុំព្រះករុណានៅតែគង់ក្រោមម្លប់ដើមត្រចៀកប្រើសប្រប ស្ទឹងអចិរវតីដដែល សម្លឹងមើលទឹករលកនាចជោរហើយក៏ប្រៀបធៀបនឹងជីវិត សោយ សន្តិសុខដ៏ត្រជាក់ស្រេបដែលកើតមកពីធម្មានុធម្មប្បដិបត្តិជារៀងរហូតមក ។
នៅទីបំផុត វស្សានរដូវក៏ឈានចូលមកដល់ រាល់ៗពេលល្ងាចតែងមានផ្ទាំងពពកធំតាំងផ្តួច ឡើងប៉ែកទិសនិរតី សម្លឹងមើលទៅឃើញជាដុំពពកចាក់ស្រេះគ្នារៀងរាយនៅជាជួរវែង អន្លាយជាប់នឹងមណ្ឌលមេឃគួរនាដូចជាជួរភ្នំធំមហិមា សញ្ញាផ្លេកបន្ទោរចាំំងភ្លឹបភ្លែតដាល ច្រវាត់ពីដុំពពកមួយទៅដុំពពកមួយទៀតយ៉ាងរអាករអាយ សម្លេងផ្គរលាន់ឮខ្ទររំពងកងដែន ពសុធា មិនយូរប៉ុន្មានទៀតទេព្រះទិនករដែលកំពុងតែនឹងអស្តង្គតនឹងត្រូវដុំពពកខ្មៅបាំងបិទ ជិតផ្ទៃផែនដីដ៏ក្រហមឆ្អិនឆ្អៅដោយពន្លឺថ្ងៃក្នុងសាយណ្ហសម័យក៏មីរស្រទំចុះភ្លាមពីលើព្រះ កេសរបស់ខ្ញុំព្រះករុណា ពពកពណ៌ខ្មៅអ៊ូញហូរគ្រឿនៗមកបិទបាំងផ្ទៃមេឃពណ៌ខៀវស្រងាត់ ព្រះពាយចាប់ផ្តើមបោកបក់ខ្លាំងឡើង ហើយព្រះពិរុណគ្រាប់ធំៗចាប់បង្អុរចុះមកដូចគេហែក មែក សម្លេងខ្យល់បក់វូៗលាយឡំដោយស្នូរភ្លៀងធ្លាក់និងសម្លេងផ្គរលាន់ៗឮគគ្រឹមគគ្រាំងមិន ដាច់សូរប្រៀបដូចជាព្រះអាទិទេពដែលខឹងសម្បាកំពុងដាក់ទោសទណ្ឌមនុស្សជាតិដោយ ប្រលែងឲ្យព្រះគង្គាសុរាល័យហូរហែកជ្រែកច្រាវចូលមកជន់លិចពិភពលោកដូច្នោះ
នៅត្រង់កណ្តាលភាពទ្រហឹងអឺងកងនៃធម្មជាតិនោះឯង ខ្ញុំព្រះករុណាអង្គុយនៅក្នុងកុដិតូចតែ ត្រមង់ម្នាក់ឯងដោយចិត្តអន្លង់អន្លោចស្រងូតស្រងាត់ខុសពីថ្ងៃមុន ។
លុះព្រះពាយនិងព្រះពិរុណស្រាកស្រាងរាំងចុះហើយ និស្សទ្ទភាពក៏ចូលមកគ្របដណ្តប់ បុព្វារាមដូចសព្វមួយដង ខ្ញុំព្រះករុណាចេញពីក្នុងកុដិមកបោសស្លឹកឈើដែលជ្រុះរតាត់រតាយ ដេរដាសពាសពេញនៅលើរបៀងកុដិ ដុះជួតទឹកដែលដក់នៅលើផ្ទៃក្តារឲ្យស្ងួតហើយក៏អង្គុយ ចុះស្តាប់សម្លេងផ្គរលាន់ឮមកម្តងម្កាល ក្នុងយាមបែបនេះ ចិត្តរបស់ខ្ញុំព្រះករុណាបានផ្អូកនឹក ដល់រឿងចាស់ទៀត លីលាវតីដែលខ្ញុំព្រះករុណាភ្លេចទៅអស់ពេលជាយូរមកហើយនោះបាន ប្រាកដលេចឡើងក្នុងលំនឹកគិតម្តងទៀត រាល់ពេលវេលាដែលនាងប្រាកដចូលមកក្នុងលំនឹក គិត ខ្ញុំព្រះករុណាមិនស្រួលចិត្តសោះ សង្គ្រាមដួងចិត្តដែលថ្ងបក្រាបមកជាយូរហើយនោះហាក់ ដូចជានឹងឆាបឆេះឡើងម្តងទៀត ខ្ញុំព្រះករុណាព្យាយាមបង្ក្រាបវាដោយការរលឹកដល់រូបភាព ស្មសានខ្មោចឆៅដែលព្រះឧបជ្ឈាយ៍បាននាំខ្ញុំព្រះករុណាទៅមើលមកយូរហើយ ប៉ុន្តែឥទ្ធិពល របស់ស្មសានខ្មោចឆៅមើលទៅដូចជាថមថយខ្សោយកម្លាំងចុះរាល់ថ្ងៃ ពីព្រោះវាមិនអាចធ្វើឲ្យ ខ្ញុំព្រះករុណាបំភ្លេចលីលាវតីបានទេ ។
ទិដ្នភាពវត្តបុព្វារាមពេលនោះស្ងប់ស្ងាត់បីដូចជាវត្តបុះ អាកាសធាតុក្រោយភ្លៀងធ្លាក់ពេញជា ស្រស់បស់និងត្រជាក់ស្រួលមែនទែន មិនយូរប៉ុន្មាន ព្រះសីតរង្សីក៏រះផុតជួរដុំពពកចាំងពន្លឺភ្លឺថ្លា ស្រស់ត្រជាក់ស្រេបពេញទាំងបរិវេណវត្តបុព្វារាម ដីរលីងណិលស្រឡះភ្នែកបានក្លាយជា ពពាលរឆេតរឆូតព្រោះតែស្រមោលដើមឈើ ខ្ញុំព្រះករុណានៅអង្គុយលើរបៀងកុដិ បណ្តែត អារម្មណ៍ឲ្យអណ្តែតលឿនលយទៅតាមសភាវៈរបស់វា ។
ម្នាលលោកដ៏មានអាយុ ! លោកអាចនឹងទាយបានថាចិត្តរបស់ខ្ញុំព្រះករុណានៅពេលនោះ អណ្តែតលឿនលយចូលទៅក្នុងក្រុងសាវត្ថីដល់ប្រាសាទលីលាវតី ទិដ្ឋភាពជុំវិញខ្លួនរបស់ ខ្ញុំព្រះ ករុណានាពេលនោះស្រដៀងនឹងយប់ដែលខ្ញុំព្រះករុណាបានជួបជាមួយនឹងលីលាវតី ជាលើកដំបូងកៀនមាត់ស្រះក្នុងសួនច្បារក្រោយគេហដ្ឋានកាលពីច្រើនឆ្នាំកន្លងមកហើយ ចំហួលខ្យល់ត្រជាក់បក់រសៀកមកម្តទៀត ញ៉ាំងឲ្យផ្កាត្រចៀកប្រើសជ្រុះពពាយលើផ្ទៃដី ផ្កាខ្លះហើរមកធ្លាក់លើផ្ទៃក្តារក្បែរៗខ្លួន ខ្ញុំព្រះករុណាឈោងចាប់វាមកហឺតមើលហើយក៏នឹក ផ្អូកដល់លីលាវតី បើនាងមករកខ្ញុំព្រះករុណាក្នុងពេលនោះ បើយើងអង្គុយសាសងគ្នាត្រង់ កណ្តាលសម្រស់ធម្មជាតិដ៏ឆើតឆាយបែបនោះ ខ្ញុំព្រះករុណាមុខជាមានសេចក្តីសុខជាទីបំផុត ក្នុងជីវិត ប៉ុន្តែនោះគ្រាន់តែជាគំនិតគិតរវើរវាយប៉ុណ្ណោះ លីលាវតីនឹងមករកខ្ញុំព្រះករុណាដូច ម្តេចបាន កាលបើខ្ញុំព្រះករុណាគេចវេះមកនៅទីនេះដោយមិនបានប្រាប់នាងឲ្យដឹងផង ថែមទាំងក្បត់ទុយ៌សចំពោះនាងទៀត ពីព្រោះមិនបានត្រឡប់ទៅប្រាប់តាមពាក្យសន្យាឲ្យនាង ដឹងក្នុងកំឡុងពេល ៣ ថ្ងៃ តាមកិច្ចសន្យា ថ្មើរណេះ នាងប្រហែលជាដេកកើតទុក្ខសន្ធឹកសន្ធៃ ក្នុងគេហដ្ឋានមិនខាន ជួនកាល នាងអាចនឹងកំពុងជេរខ្ញុំព្រះករុណាក៏ថាបាន គិតៗទៅគួរឲ្យ យល់ចិត្តលីលាវតីដែរ ។
ម្នាលលោកដ៏មានអាយុ ! បើខ្ញុំព្រះករុណានៅតែអង្គុយគិតត្រង់កន្លែងនោះតទៅទៀត ចិត្តរបស់ ខ្ញុំព្រះករុណាមុខជាក្លាយជាទាសករនៃស្នេហាយ៉ាងពិតប្រាកដ ខ្ញុំព្រះករុណាទើបចូលទៅក្នុង កុដិបិទទ្វារហើយអង្គុយធ្វើសមាធិដើម្បីរម្ងាប់ចិត្ត ប៉ុន្តែក្នងខណៈដែលចិត្តរបស់ខ្ញុំព្រះករុណា កំពុងឈានចូលភាពមូលស្លុងក្នុងអារម្មណ៍តែមួយនោះឯង ត្រចៀករបស់ខ្ញុំព្រះករុណាក៏ស្តាប់ ឮសម្លេងគោះទ្វារប៉ុកៗទាំងមានសម្លេងទន់ភ្លន់ហៅឈ្មោះខ្ញុំព្រះករុណាផងថា
“លោកបងរេវត្តៈ ! លោកបងរេវត្តៈ ! “ខ្ញុំព្រះករុណាភ្ញាក់ព្រើតពីភវង្គចិត្ត ហើយក៏អៀងត្រចៀក ស្តាប់ដោយចិត្តញ័រចំប្រប់ សម្លេងនោះបាត់ស្ងាត់ទៅមួយសន្ទុះ
“អ្នកណាគេហ្នមកហៅធ្វើអ្វីនៅពេលយប់ព្រលប់យ៉ាងនេះ ជួនកាលជាខ្មោចព្រាយបិសាច មកសាកល្បងចិត្តទេដឹង” ខ្ញុំព្រះករុណាគិតក្នុងចិត្តហើយក៏សម្ងំស្តាប់តទៅទៀត
“លោកបង ! លោកបង ! ” សម្លេងនោះបន្លឺឡើងទម្លាយនិស្សទ្ទភាព ជាសម្លេងតូចស្រួចឆ្មារ ប៉ុន្តែសុភាពទន់ភ្លន់គួរឲ្យចាប់ចិត្ត ខ្ញុំព្រះករុណានឹករំភើបចិត្តយ៉ាងចម្លែក នៅពេលគិតឃើញថា ទំនងជាសម្លេងលីលាវតីប៉ុន្តែអាចទៅរួចឬដែលនាងមករកខ្ញុំព្រះករុណាដល់វត្តបុព្វារាមក្នុង ពេលយប់យន់យ៉ាងនេះ ទោះខ្មោចឬមនុស្សក៏ដោយត្រូវតែពិសោធឲ្យឃើញការពិត ខ្ញុំព្រះករុណាគិតហើយក៏បើកទ្វារចេញទៅ
ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាភាំងស្រឡាំងកាំងមួយស្របក់ ដែលបានឃើញម្ចាស់ សម្លេងអម្បាញ់មិញនេះជាស្រីក្រមុំរូបស្អាតអង្គុយនៅលើផែនក្តារត្រង់កណ្តាលពន្លឺព្រះ នក្ខត្តរាជដែលភ្លឺល្មាក់ល្មមនឹងធ្វើឲ្យចាំបានថានាងជាអ្នកណា
“លីលាវតី ! ” ខ្ញុំព្រះករុណាឧទានសម្លេងឡើងរាងដូចជាឮបន្តិច
“ត្រូវហើយ ខ្ញុំកណាហ្នឹងឯងជាលីលាវតី”នាងឆ្លើយដោយកិរិយាអាការធម្មតា
“នាងមកទីនេះបានយ៉ាងម៉េច? នាងមកជាមួយនឹងអ្នកណា? “ខ្ញុំព្រះករុណាសួរនាងបណ្តើរ អង្គុយចុះបណ្តើរក្នុងរយៈចម្ងាយពីលីលាវតីប្រមាណជា ១ ព្យាម ទាំងអរកខិបកខុបដែលបាន ជួបលីលាវតីដោយនឹកស្មានមិនដល់
“នាងដឹងបានយ៉ាងម៉េចថាអាត្មានៅទីនេះ”
“ខ្ញុំកណាទន្ទឹងចាំស្តាប់ចម្លើយរបស់លោកបងដោយចិត្តអន្ទះសាលុះត្រាតែគ្រប់ ៣ ថ្ងៃ នៅពេលមិនឃើញលោកបងត្រឡប់មកប្រាប់ ខ្ញុំកណាក៏តាមទៅដល់វត្តជេតវ័ន លុះមិនឃើញ លោកបង ខ្ញុំកណាក៏ដើរឆ្លេឆ្លាត្រាច់ទោត្រាច់មកសួរព្រះសង្ឃក្នុងវត្តស្ទើរគ្រប់អង្គ ប៉ុន្តែគ្មាន អង្គណាប្រាប់ថាលោកបងនិមន្តទៅណាទេ លុះពេលថ្មីៗនេះនាងទាសីម្នាក់ប្រាប់ថាបានឃើញ លោកបងនៅឯបុព្វារាម នាងអះអាងថាស្គាល់លោកបងបានច្បាស់លាស់ណាស់ ខ្ញុំកណាទើប ឲ្យនាងនាំមកនៅយប់នេះ “លីលាវតីឈប់រៀបរាប់ទាំងហៅនាងទាសីនោះមកអង្គុយជាគ្នា
“អាត្មាត្រេកអរណាស់ដែលនាងមកអើតងើតអាត្មាដល់កន្លែងនេះ ប៉ុន្តែនាងគួរតែមកក្នុងពេលា ថ្ងៃ មកពេលថ្មើរណេះព្រលប់ទៅហើយ ឃើញថាមិនសមទេ” ខ្ញុំព្រះករុណាសង្កេតឃើញ លីលាវតីនិយាយជាមួយនឹងខ្ញុំព្រះករុណាដោយចិត្តច្រួលច្រាល់ នាងសម្លឹងមើលនាយមើល អាយហាក់ដូចជាខ្លាចញញើតអ្វីម្យ៉ាង
“ការដែលខ្ញុំកណាបណ្តោះខ្លួនមករកលោកបងបាននេះចាត់ទុកថាជាសំណាងល្អហើយ លោកបងនៅមិនទាន់ដឹងទេថាពេលនេះខ្ញុំកណាកំពុងស្ថិតក្នុងសភាពបែបណា”
“មានអ្វីខុសពីប្រក្រតីឬលីលាតី !”ខ្ញុំព្រះករុណាសួរដោយចំណាប់អារម្មណ៍ភ្លាម ហើយលីលាវតី ក៏ចាប់ផ្តើមតំណាលរឿងរ៉ាវរបស់នាងឲ្យខ្ញុំព្រះករុណាស្តាប់ដូចតទៅនេះ

loading…

171 total views, 3 views today

Facebook Comments