២០.យុវកម្លោះមកពីក្រុងតក្កសិលា

ម្នាលលោកដ៏មានអាយុ ! កាលដែលខ្ញុំព្រះករុណាចាកចេញពីវត្តជេតវ័នទៅមិនយូរប៉ុន្មាន បុណ្យនក្ខត្តឫក្សគគ្រឹកគគ្រេងបានកើតឡើងក្នុងទីក្រុងសាវត្ថី ជាបុណ្យប្រចាំឆ្នាំ សប្បាយ កក្អាកកក្អាយជាទីបំផុត អ្នកក្រុងសាវត្ថីនាំគ្នាឈប់សម្រាកពីការងារ ៧ ថ្ងៃ ហើយនាំគ្នាដើរ លេងកំសាន្តមហោស្រពគ្រប់ប្រភេទទាំងយប់ទាំងថ្ងៃ ប្រជាជនគ្រប់ស្រទាប់វណ្ណៈស្អិតស្អាង ខ្លនដោយសំពត់ហូលផាមួងដ៏ស្អាតឆើតឆាយហើយក៏នាំគ្នាទៅងូតទឹកស្ទឹងអចិរវតី ទៅសាលា បុណ្យផ្សេងៗដើម្បីបូជាទេវតាឆ្នាំថ្មី ឬដើរមើលមហោស្រពដែលមាននៅគ្រប់ទីកន្លែង ទីក្រុង សាវត្ថីក្នុងកំឡុងពេល ៧ ថ្ងៃនោះអ៊ឹកធឹកគគ្រឹកគគ្រេងដោយសម្លេងតូរ្យតន្ត្រីចម្រៀង និង សម្លេងហ៊ោកញ្ច្រៀវដោយសប្បាយ រីករាយនៃហ្វូងមហាជន គ្រប់ទីកន្លែងទាំងអស់ពោរពេញ ទៅដោយបាច់ផ្កានិងទង់ទិវ រាជបុរីនៃកោសលរដ្ននាពេលនោះមានទិដ្ឋភាពមិនខុសពីឋាន តាវតឹង្សរបស់ព្រះឥន្ទ្រាធិរាជនោះទេ ។
ត្រង់ខ្លោងទ្វារនៃទេវាល័យដែលជាទីប្រកបពិធីកម្មរបស់ពួកអភិជនក្នុងទីក្រុងសាវត្ថី យុវកម្លោះ ១ ក្រុមកំពុងឈរគន់មើលមហាជនដែលដើរចូលដើរចេញយ៉ាងយកចិត្តទុកដាក់ បណ្តាយុវជនទាំងនោះ មានសុវឌ្ឍនកុមារដែលជាកូនប្រុសរបស់បុណ្ណសេដ្ឋីផងដែរ គេទើបនឹង បញ្ចប់ការសិក្សាមកពីក្រុងតក្កសិលាក្រោយពីបានទៅរស់នៅទីនោះអស់ពេលជាច្រើនឆ្នាំ លុះមកដល់ក្រុងសាវត្ថីវិញ ក៏ស្រាប់តែមានបុណ្យនក្ខត្តឫក្សនេះតែម្តង កម្លោះសុវឌ្ឍនៈមួយ អន្លើដោយមិត្តភក្តិរបស់គេកាន់ផួងផ្កាក្នុងដៃចាំក្រលៀសកែវភ្នែកគន់មើលក្រមុំៗដែលដើរ ត្រសងទៅមកថាអ្នកណាខ្លះគួរនឹងបានទទួលផួងផ្ការបស់ខ្លួន ។
ក្រោយពីរងចាំអស់ពេលជាយូរមក ស្រីក្រមុំដែលមានរូបសម្បត្តិត្រឹមត្រូវតាមបញ្ចកល្យាណីដើរ ល្គាយល្គងកាត់មកក្បែរខាងម្តាយរបស់នាងទាំងមានខ្ញុំបរិវារ ១ ហ្វូងធំហែហមអមដំណើរផង សម្រស់ដ៏ស្រស់ស្អាតរបស់នាងធ្វើឲ្យយុវកម្លោះពព្រើលពព្រើមទាំងនោះអាំងឡាំងភ័ន្តភាំង ហាមាត់ចង្គ្រង់ ម្នាក់ៗរេកែវភ្នែកសម្លឹងមើលនាងដោយឥតពព្រិចភ្នែក ទាល់តែនាងដើរចូលទៅ ក្នុងទេវាល័យបាត់ទៅ
“នៃសម្លាញ់ ! ក្រោយពីស្វះស្វែងរកគូស្នេហ៍មកអស់ពេលជាយូរ ពេលនេះ គ្នាបានជួបស្រី ស្រស់ក្នុងឧត្តមគតិសមដូចបំណងហើយ”សុវឌ្ឍនកុមារនិយាយប្រារព្ធនឹងមិត្តភក្តិយ៉ាងអរកខិបកខុប ។
“ប្រាប់គ្នាបន្តិចមើលថាតើស្រីស្រស់សម្រស់ឆើតឆោមម្នាក់នោះជាអ្នកណា ជាកូនចៅផៅពង្ស របស់អ្នកណា” សម្លាញ់ម្នាក់ដែលស្គាល់នាងច្បាស់បានឆ្លើយថា
“នាងឈ្មោះលីលាវតី ជាកូនស្រីពៅរបស់លោកសុមង្គលគ្រហបតី ប៉ុន្តែពេលនេះឪពុករបស់ នាងបានស្លាប់ទៅហើយ នៅសល់តែនាងនិងម្តាយប៉ុណ្ណោះ ស្តុកស្តម្ភទៀតផងណៈ បើឯងបាន នាងជាគូគ្រង ចាត់ទុកថាសំណាងខ្ពស់ណាស់ ” សុវឌ្ឍនកុមារនិយាយផ្ទួនពាក្យនោះតិចៗថា
“លីលាវតីឬ? ឈ្មោះនេះពីរោះណាស់ គ្នាត្រូវកូនសរកាមទេពចាក់ធ្លុះចំពោះបេះដូងហើយ សម្លាញ់អើយ ! សូមឲ្យគ្នាជាអ្នកប្រគល់កម្រងផ្កានេះដល់នាងចុះ” ។
និយាយហើយក៏ឈររងចាំនៅត្រង់ខ្លោងទ្វារដោយចិត្តអន្ទះសាខ្វារ-ក ពេលវេលាកន្លងផុតទៅ ដូចជាយូររាប់ឆ្នាំសម្រាប់សុវឌ្ឍនកុមារ មិនយូរប៉ុន្មាន លីលាវតីក៏ត្រឡប់ចេញមកពីទេវាល័យ មួយអន្លើដោយម្តាយនិងបរិវាររបស់នាង កម្លោះសុវឌ្ឍនកុមារក្តាប់កម្រងផ្កាទុកក្នុងដៃយ៉ាងមាំ ហើយគេក៏ហុចកម្រងផ្កាឲ្យលីលាវតីដោយដៃញ័រទទ្រើក លីលាវតីងាកសម្លឹងមើលម្ចាស់កម្រង ផ្កាមួយក្រឡេកភ្នែក ប៉ុន្តែមិនបានលូកដៃទទួលយកទេ ម្តាយនាងជាអ្នកទទួលយកជំនួស ហើយ ក៏ដើរហួសទៅ ការដែលលីលាវតីមិនទទួលកម្រងផ្កាពីដៃញ៉ាំងឲ្យសុវឌ្ឍនកុមារមុខ ស្ងួតចុះភ្លាម ពីព្រោះនុះ សម្តែងឲ្យឃើញថានាងមិនអើពើនឹងគេទេ មិនប្រាថ្នាធ្វើជាគូគ្រងរបស់ គេទេ សម្លាញ់ម្នាក់និយាយសសោះអន្ទងលួងលោមចិត្តថា “កុំតូចចិត្តអី សម្លាញ់អើយ ! ទោះបីនាងមិនបានទទួលយកដោយដៃខ្លួនឯងក៏ដោយ ម្តាយនាងក៏ទទួលយកជំនួសហើយ លទ្ធផលក៏ដូចតែគ្នាហ្នឹងឯង ធម្មតា ស្រីក្រមុំតែងតែញាប់ញ័ររន្ធត់អឹមអៀនមិនហ៊ានទទួលពីដៃ ប្រុសកម្លោះទេ”
សុវឌ្ឍនកុមារប្រញាប់ត្រឡប់ទៅផ្ទះវិញដោយទាំងអាក់អន់ស្រពន់ចិត្ត ចូលទៅក្នុងបន្ទប់ បិទ ទ្វារដេក មិននិយាយស្តីនឹងអ្នកណាទាំងអស់ រហូតដល់សេដ្ឋីជាឪពុកនិងនាងព្រាហ្មណីជា ម្តាយសង្កេតឃើញខុសពីប្រក្រតី អ្នកទាំងពីរបានទៅនិយាយប្រលោមលួងលោមហើយសាក សួរដំណើររឿងក្នុងចិត្ត
“មានរឿងអីកើតឡើងឬ សុវឌ្ឍនៈកូន ! ”
សុវឌ្ឍនកុមារឆ្លើយថា “កូនបានបាក់ចិត្តប្រតិព័ទ្ធចំពោះលីលាវតីកូនស្រីពៅរបស់លោកសុមង្គលគ្រហបតីទៅហើយ កូនចង់បាននាងមកធ្វើជាភរិយា បើមិនបាននាងទេ ជីវិតរបស់កូនទំនងជាមិនវែងឆ្ងាយតទៅ ទៀតទេ”
សុវឌ្ឍនកុមារនិយាយបានត្រឹមតែប៉ុណ្ណោះ ពិធីស្តីដណ្តឹងក៏បានផ្តួចឡើង ព្រាហ្មណ៍ ៨ នាក់ ជាអ្នកស្ទាត់ជំនាញក្នុងរឿងប្រពៃណីបុរាណទាំងជាជ័រជាតិញាតិសន្តានរបស់សុវឌ្ឍនកុមារ ត្រូវបានអញ្ជើញមកហាត់សមសេចក្តីយោគយល់គ្នា ហើយក៏បញ្ជូនទៅកាន់គេហដ្ឋានរបស់ លោកសុមង្គលគ្រហបតីដើម្បីចែចូវដណ្តឹង ក្នុងខណៈដែលពួកព្រាហ្មណ៍កំពុងតែចែចូវស្តី ដណ្តឹងដោយលើកយកគម្ពីរព្រះវេទនិងក្បួនធម្មសាស្ត្ររបស់ព្រះបាទមនុមកស្វាធ្យាយនឹង នាងគ្រហបតានីជាម្តាយនោះឯង លីលាវតីក៏អែបស្តាប់នៅក្នុងបន្ទប់បន្ទាប់ជាប់គ្នាដោយចិត្ត វិលវល់ ប៉ុន្តែក៏ធូរទ្រូងព្រោះម្តាយរបស់នាងមិនបានទទួលសម្តី យល់ព្រមនឹងព្រាហ្មណ៍ទាំង នោះទេ ប៉ុន្តែក៏មិនបដិសេធដែរ និយាយត្រឹមតែថា ចាំប្រឹក្សាសួរយោបល់សាច់ញាតិនិងកូនស្រី សិន នៅទីបំផុត ពួកព្រាហ្មណ៍ជាមេអណ្តើកក៏ត្រឡប់ទៅវិញ ។
“លីលាវតី ! ម៉ាក់ចង់ឲ្យកូនមានប្តីជាលក្ខជាឋាន”នាងព្រាហ្មណីនិយាយនឹងកូនស្រីក្នុងល្ងាចថ្ងៃ នោះ “ដរាបណាកូនមិនទាន់មានប្តី ម៉ាក់ដេកបិទភ្នែកមិនជិតទេ ព្រោះពេលនេះយើងរស់នៅជា មួយគ្នាដោយគ្មានទីពឹងដូចជាសំប៉ានគ្មានសំពៅអណ្តែតនៅកណ្តាលមហាសាគរដូច្នោះ ទ្រព្យសម្បត្តិរបស់យើងមានច្រើន ប៉ុន្តែខ្វះអ្នកចាត់ការថែរក្សា មួយថ្ងៃៗមានតែរង្គោះរលុះ រលាយទៅ ម៉ាក់ក៏ចាស់ណាស់ហើយ មិនដឹងជាពេលណាផុតរលត់ពីលោកនេះទេ មុននឹង ម៉ាក់ស្លាប់ ម៉ាក់ចង់ឲ្យកូនមានគ្រួសារសិន កូនថាយ៉ាងម៉េចដែរ”និយាយហើយក៏អង្គុយចាំស្តាប់ ចម្លើយកូនស្រីដោយតាំងចិត្ត
“កូនក៏ចង់តបស្នងបំណងល្អរបស់ម៉ាក់ដែរ”លីលាវតីឆ្លើយតប ធ្វើឲ្យម្តាយញញឹមចេញមកបាន
“ប៉ុន្តែប្រុសដែលនឹងមកជាកូនប្រសារបស់ម៉ាក់នោះ មិនដឹងជាមនុស្សល្អឬអាក្រក់យ៉ាងណាទេ បើយើងបានមនុស្សមិនល្អមកក៏ស្មើនឹងយកមកបំផ្លាញទ្រព្យសម្បត្តិរបស់យើងទទេៗ”
“អើ ! រឿងហ្នឹងកូនមិនបាច់ព្រួយទេ ម៉ាក់បានសួរគេដោយហ្មត់ចត់ហើយ គេជាមនុស្សល្អពិត មែន បើនិយាយដល់វង្សត្រកូល គេជាព្រាហ្មណ៍មហាសាល បើនិយាយដល់តម្រិះវិជ្ជា គេទើប នឹងបញ្ចប់ការសិក្សាមកពីសាលាទិសាបាមោក(មហាវិទ្យាល័យ)តក្កសិលា”
លីលាវតីអង្គុយឈ្ងោកមុខដោយចិត្តគិតរំពឹងនៅខណៈដែលម្តាយរបស់នាងកំពុងតែផ្តោតសម្លឹង មើលកិរិយាអាការរបស់កូនស្រីយ៉ាងផ្ចិតផ្ចង់
“ប៉ុន្តែម៉ាក់គ្រាន់តែបានឮពីមាត់របស់ពួកព្រាហ្មណ៍ទាំងនោះប៉ុណ្ណោះ មិនទាន់បានស្គាល់ជិត ស្និទ្ធជាមួយនឹងគេពិតទេ”លីលាវតីនិយាយជំទាស់ធ្វើឲ្យម្តាយសម្ងំស្តាប់ដែរ ហើយម្តាយក៏និយាយ ឡើងថា
“ណ្ហើយចុះ ! ទោះបីជានៅមិនទាន់បានស្គាល់គេច្បាស់ពិតមែន ប៉ុន្តែបើពិចារណាមើលឋានៈ ពូជពង្សរបស់គេទៅក៏ល្មមនឹងជឿជាក់បានថាគេជាមនុស្សល្អ ម្យ៉ាងទៀត ពួកព្រាហ្មណ៍ដែល មកស្តីដណ្តឹងនោះសុទ្ធសឹងតែជាចាស់ព្រឹទ្ធាចារ្យមានមនុស្សគោរពរាប់អានទូទាំងនគរ មុខជា មិនកុហកម៉ាក់ទេ”
នាងព្រាហ្មណីជាម្តាយបានពន្យុល់ហេតុផលបញ្ចុះបញ្ចូលកូនស្រីឲ្យសុខចិត្តសុខកាយនឹងចូល កាន់ពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែក៏មិនបានសម្រេច លីលាវតីនៅតែអះអាងដោយពាក្យសម្តីត្រឹម មួយម៉ាត់ថា “ចាំមើលសិន” ម្តាយរបស់នាងចូលដំណេកដោយកិរិយាអាការមួម៉ៅក្តៅចិត្តបន្តិច បន្តួច
លុះថ្ងៃព្រឹកឡើង នាងព្រាហ្មណីបានបញ្ចុះបញ្ចូលកុលធីតាកំពូលដួងចិត្តរបស់ខ្លួនម្តងទៀត
“គិតឲ្យស្រួលណៈ លីលាវតី ! ម៉ាក់ស្រឡាញ់កូននិងអាណិតកូន ទើបសួរសេចក្តីស្ម័គ្រចិត្ត ការពិត ម៉ាក់បង្គាប់កូនក៏បាន ប៉ុន្តែម៉ាក់មិនធ្វើទេព្រោះស្រឡាញ់កូន កូនគួរតែយល់ចិត្តម៉ាក់ខ្លះ ពេលនេះឯងជាពេលដែលកូនត្រូវតបស្នងសងគុណម្តាយ ចូររៀបការចុះ ណៈកូនមាសម្តាយ ! “លីលាវតីនៅតែអះអាងប្រយោគដើមថា “ឲ្យចំាមើលសិន”ម្តាយនិយាយទាំងមួម៉ៅថា
“មេកូនក្បាលរឹង ! ហងមិនស្តាប់ពាក្យប្រៀនប្រដៅរបស់ម៉ែឪ អញដឹងថាហេតុអីបានជាហងមិន ព្រមរៀបការ ហងនៅស្រឡាញ់រេវត្តៈភិក្ខុមែនទេ? ហងចង់ពន្យាពេលទាល់តែលោកនឹងសឹក អីចឹងឬ?”
សម្តីរបស់ម្តាយបានចុចចំចំណុចខ្សោយរបស់លីលាវតីម៉ាំង នាងមិនអាចរម្ងាប់សតិអារម្មណ៍ ដែលផុសឡើងក្នុងចិត្តបានទេ ទើបក្រោកឡើងដើរគេចចេញពីមុខម្តាយនាង ដើរទៅឈរនៅឯ បង្អួចសម្លឹងមើលចេញខាងមុខដោយឥតគោលដៅ បេះដូងរបស់ស្រីក្រមុំពេលនោះធ្ងន់កណ្តក់ ហាក់បីដូចជាមានផ្ទាំងថ្មដាមកគ្របសង្កត់ដើមទ្រូងដូច្នោះ វាជាឱកាសដែលនាងកំពុងតែ ប្រឈមមុខនឹងបញ្ហាជីវិតដ៏ស្មុគស្មាញបំផុត នាងព្រាហ្មណីអង្គុយសម្លឹងមើលកូនក្រមុំដោយ ចិត្តធ្ងន់កណ្តក់បន្តិចដែរ នាងច្រត់ដៃក្រោកឡើងទ្រើបៗហើយដើរទៅសសោះអន្ទងលួងចិត្ត កូនស្រីម្តងទៀត ម្តាយនិយាយដោយសម្លេងញ័រគួរឲ្យអាណិតថា
“កូនសម្លាញ់ ! កូនមិនស្រឡាញ់ម្តាយទេឬអី?”
“ពុទ្ធោ ! អ្នកម៉ាក់មិនគួរនិយាយដូច្នោះទេ បើកូនមិនស្រឡាញ់ម៉ាក់ ឲ្យកូនស្រឡាញ់អ្នកណា ប៉ុន្តែប្រការដែលកូនមិនព្រមទទួលសម្តី ក៏ព្រោះតែកំពុងគិតកាត់ចិត្តមិនទាន់បាន ម៉ាក់ក៏ដឹង ហើយថាកូនស្រឡាញ់លោកបងរេវត្តៈ កូនមានបេះដូងតែមួយប៉ុណ្ណោះ មិនអាចនឹងទទួល ស្រឡាញ់អ្នកណាទៀតបានទេ”លីលាវតីនិយាយហើយ​ក៏ដកដង្ហើមធំយ៉ាងតឹងទ្រូង
“រឿងនេះម៉ាក់ក៏យល់ចិត្តកូនដែរ”នាងគ្រហបតានីពោល “ប៉ុន្តែជឿម៉ាក់ចុះ សេចក្តីស្រឡាញ់ ដែលកូនមានចំពោះលោករេវត្តៈនោះ គ្មានថ្ងៃណានឹងសម្រេចបានទេ ម៉ាក់ជឿជាក់ថាលោក នឹងមិនសឹកទេ លោកគ្រាន់តែឆឲ្យកូនរងចាំប៉ុណ្ណោះឯង ពេលនេះម៉ាក់បានដឹងថាលោកបាន គេចចេញពីវត្តជេតវ័នទៅហើយ មិនដឹងថានិមន្តទៅទីកន្លែងណាទេ ហេតុដូច្នេះ កូនកុំទៅ សង្ឃឹមអ្វីពីលោកឡើយ បើលោកស្រឡាញ់កូនពិតមែន លោកមុខជាសឹកមករកកូនហើយ បណ្តោយឲ្យលោកទៅតាមផ្លូវរបស់លោកចុះ កុំអាល័យតែនឹករលឹកដល់លោកនាំឲ្យខាត ពេលឡើយ កុំភ្លេចថាតម្លៃថ្លៃថ្នូររបស់មនុស្សស្រីស្ថិតនៅនឹងសម្រស់ក្នុងភាវៈជាស្រីក្រមុំ លុះចាស់ហើយ តម្លៃថ្លៃថ្នូរនោះក៏អាប់អន់ទន់ទាប កូននឹងក្លាយជាក្រុមុំសៅកែគ្មានអ្នកណាគេ មើលទេ កាលបើម៉ាក់ផុតរលត់ទៅក៏នៅសល់កូនម្នាក់ឯង លុះកូនស្លាប់ទៅម្នាក់ទៀត វង្សត្រកូលរបស់យើងនឹងផុតពូជសោះសូន្យ រៀបការចុះណៈកូនសម្លាញ់ម្តាយ ! ”
លីលាវតីនិយាយទាំងអន់ចិត្តថា “អ្នកម៉ាក់ពេញជាមិនអាណិតកូនសោះ អ្នកម៉ាក់បង្គាប់ឲ្យកូន រៀបការជាមួយនឹងប្រុសដែលកូនមិនស្រឡាញ់ វាជាការធ្វើបាបចិត្តកូនយ៉ាងខ្លាំង កូននឹងគ្មាន សេចក្តីសុខឡើយ ជីវិតរបស់កូនទំនងជាមិនយឺនយូរដោយពិត”
“ហៃកូនសម្លាញ់ ! ស្រីក្រមុំម្នាក់ៗមុនពេលរៀបការតែងតែគិតដូចយ៉ាងកូនអញ្ចឹង”ម្តាយនិយាយ “ពីព្រោះមិនទាន់ស្គាល់ជិតដិតជាមួយនឹងប្តីអនាគតរបស់ខ្លួន នៅមិនទាន់ស្រឡាញ់គ្នា ប៉ុន្តែគ្រាន់ តែរៀបការហើយ បានរួមរស់ជីវិតជាមួយគ្នាហើយកើតមានសេចក្តីយល់ចិត្តថ្លើមគ្នា សេចក្តីស្រឡាញ់យ៉ាងល្អូកល្អឹនក៏កើតឡើងដោយស្វ័យប្រវត្តិ ជឿម៉ាក់ចុះ” នាងក្រមុំជំទាស់ថា
“ប៉ុន្តែគេនោះមិនធ្លាប់ស្រឡាញ់អ្នកណាពីមុន ឯកូនវិញមានសេចក្តីស្រឡាញ់មុនរួចទៅហើយ”
“ណ្ហើយចុះ ទោះមានហើយក៏ដោយ ក៏ចូរបំភ្លេចវាចោលទៅ ជាប្រភេទស្នេហាអណ្តែតអណ្តូង គ្មានទិសដៅដូចយ៉ាងស្នេហារបស់កូននិងរេវត្តៈជាតួយ៉ាង កាន់តែបំភ្លេចបានលឿនកាន់តែល្អ”
“ប៉ុន្តែសម្រាប់ស្នេហារបស់កូនគ្មានអំណាចអ្វីនឹងមកធ្វើឲ្យកូនភ្លេចបានទេ”លីលាវតីនិយាយ យ៉ាងស្វាហាប់ ម្តាយសើចហាស ! ពីព្រោះមើលឃើញភាពមិនដឹងរាក់ជ្រៅរបស់កុលធីតាខ្លួន ហើយនិយាយថា
“កូនជឿជាក់លើខ្លួនឯងពេកហើយ ព្រោះកូននៅស្ទើរភ្លើងចំពោះជីវិតលើលោកនេះច្រើន ណាស់ ម៉ាក់កើតមកមុនបានជួបប្រទះបទពិសោធជីវិតច្រើនជាងកូន ម៉ាក់មុននឹងរៀបការ ជាមួយនឹងប៉ាឯង ក៏ធ្លាប់មានសេចក្តីស្រឡាញ់ចំពោះប្រុសម្នាក់ដែរ ប៉ុន្តែលុះបានរៀបការ ជាមួយនឹងប៉ាឯងហើយ មិនយូរប៉ុន្មាន ម៉ាក់ក៏ភ្លេចបុរសនោះឈឹង ចូររៀបការជាមួយនឹង សុវឌ្ឍនកុមារចុះ ហើយកូននឹងឃើញថាសម្តីរបស់ម៉ាក់ពិតឬមិនពិតអម្បាលណា”
ការសន្ទនារវាងម្តាយនិងកូនហាក់ដូចជាប្រព្រឹត្តទៅបានល្អ ម្តាយគិតថាធីតារបស់ខ្លួនចាប់ផ្តើម ចិត្តទន់ហើយ នឹកញញឹមក្នុងចិត្តថា លីលាវតីមុខជាយល់ព្រមរៀបការជាមួយនឹងសុវឌ្ឍនកុមារ មិនខាន ប៉ុន្តែស្ថានការណ៍ត្រឡប់ជាតឹងតែងខ្លាំងឡើងដោយលីលាវតីអះអាងថា
“កូនមិនព្រមរៀបការជាមួយនឹងគាត់នោះជាដាច់ខាត”
ម្តាយនិយាយគំហកថា “ម៉ាក់នឹងបង្គាប់ឲ្យកូនរៀបការ ”
“បើម៉ាក់បង្គាប់ កូននឹងសម្លាប់ខ្លួន”លីលាវតីនិយាយយ៉ាងក្លាហាន ធ្វើឲ្យម្តាយភ័ន្តភាំងព្រោះមិន នឹកស្មានថានឹងបានឮសម្តីបែបនោះពីកុលធីតារបស់ខ្លួន នាងសម្លឹងមើលកូនក្រមុំរបស់ខ្លួន ដោយចិត្តក្តៅឆេវ មួយសន្ទុះធំកន្លងទៅ ទើបព្យាយាមយកទឹកត្រជាក់មកស្រឡាបទៀត
“មានន័យថា កូនមិនព្រមរៀបការជាមួយនឹងសុវឌ្ឍនកុមារអញ្ចឹងឬ? ចុះកូននឹងរៀបការជាមួយ នឹងអ្នកណា? ប្រាប់ម៉ាក់មកមើល៍ បើកូនឃើញប្រុសដែលគួរគាប់ដល់ត្រកូល និងទ្រព្យសម្បត្តិ របស់យើង ចូរប្រាប់ម៉ាក់មកចុះ ម៉ាក់ត្រេកអរនឹងរៀបចំឲ្យ”
“កូនបានប្រាប់ជាច្រើនដងហើយថា នឹងរៀបការជាមួយនឹងលោកបងរេវត្តៈតែមួយប៉ុណ្ណោះ”
“ប៉ុន្តែលោករេវត្តៈបានភៀសខ្លួនចេញពីក្រុងសាវត្ថីទៅហើយ លោកនឹងមិនត្រឡប់មករកកូន ទៀតទេ”
លីលាវតីឆ្លើយយ៉ាងស្វិតស្វាញថា “កូនត្រេកអរនឹងរងចាំលោក”
“ប៉ុន្តែបើលោកមិនសឹកវិញ កូននឹងធ្វើយ៉ាងម៉េច”ម្តាយសួរដោយចំអក
“បើលោកមិនសឹក កូនសុខចិត្តនៅព្រៅអស់មួយជីវិត”
បានសេចក្តីថា កិច្ចចរចារវាងម្តាយនិងកូនត្រូវទទួលបរាជ័យម្តងទៀត ត្បិតថាលីលាវតីមិនព្រម ផ្លាស់ប្តូរឥរិយាបទនោះទេ នាងព្រាហ្មណីសុញគំនិតគិតមិនឃើញថានឹងធ្វើដូចម្តេចបានទើប អាចបង្វិលគំនិតដែលនាងយល់ថាជាគំនិតឆ្កួតឡប់របស់លីលាវតីបាន នាងនឹកខ្វល់អំពល់ចិត្តជាខ្លាំង ប៉ុន្តែលីលាវតីក៏ព្រួយរងួយចិត្តមិនតិចជាងម្តាយរបស់នាងដែរ លីលាវតីក្លាយជា មនុស្សបាត់មាត់បាត់កស្រងូតស្ងៀមស្ងាត់ នាងសម្រេចចិត្តមិនបានថា នឹងជ្រើសយកផ្លូវមួយ ណាល្អ បេះដូងរបស់នាងជារបស់ភិក្ខុពនេចររេវត្តៈទាំងស្រុងទៅហើយ ក្នុងជីវិតនេះ នាងមិន អាចស្រឡាញ់អ្នកណាផ្សេងទៀតបានទេ ប៉ុន្តែសម្រាប់ព្រះគុណរបស់អ្នកម្តាយវិញ នាងនឹងធ្វើដូចម្តេច ឬថានឹងធ្វើសោះអង្គើយមិនអើពើដូចឥឡូវនេះឬយ៉ាងណា លីលាវតីនឹកសញ្ជឹងខ្លាំងណាស់ចំពោះរឿងនេះ រវាងព្រះគុណរបស់ម្តាយបង្កើត និង សេ្នហារបស់ខ្លួន នាងនឹងជ្រើស យកផ្លូវណា នាងព្រាហ្មណីជាម្តាយត្រូវធ្វើការធ្ងន់ម្តងទៀត ព្រោះមិនយូរប៉ុន្មាន ព្រាហ្មណ៍ទាំង ៨ នាក់ដែលជាទូតនាំសាររបស់សុវឌ្ឍនកុមារក៏នឹងមកចែចូវម្តងទៀត ពួកគេជម្រុញសង្ខុញ យកចម្លើយឲ្យបាន ប៉ុន្តែនាងព្រាហ្មណីមិនអាចចរចាសុំពន្យារពេលទៀតបានទេ ផលអកុសល បានធ្លាក់ទៅលើសុវឌ្ឍនកុមារដែលត្រូវភ្លើងស្នេហាឆេះរោលរាលទាល់តែដេកពុំបានសម្រាន្ត មិនលក់ បេះដូងរបស់គេស្រែកដង្ហោយហៅលីលាវតីគ្រប់ពេលវេលា នាងព្រាហ្មណីមិនបាន ប្រាប់ហេតុផលនៃការសុំពន្យារពេលឲ្យព្រាហ្មណ៍ទាំង ៨ នាក់ដឹងទេ នាងបានដោះសាខ្លួនថា នៅមិនទាន់ស្គាល់ចិត្តនិងឧបនិស្ស័យរបស់សុវឌ្ឍនកុមារនៅឡើយ នេះឯងជាហេតុឲ្យ ព្រាហ្មណ៍ទាំង ៨ នាក់អន្ទោកអន្ទោលប្រុសកម្លោះឲ្យឆ្លៀតឱកាសទៅធ្វើសនិទ្ធភាពជាមួយនឹង នាងព្រាហ្មណីនិងលីលាវតី តាមការពិត មិនបាច់អន្ទោកអន្ទោលអ្វីទេ ពីព្រោះប្រុសកម្លោះចង់ ទៅណាស់ហើយ ហេតុនោះ ក្នុងថ្ងៃជាពេលាល្អនាថ្ងៃមួយ សុវឌ្ឍនកុមារលុះងូតទឹកតែងខ្លួន យ៉ាងសង្ហាហើយទើបឡើងជិះអស្សរថទៅកាន់គេហដ្ឋានរបស់លោកគ្រហបតី ។

loading…

173 total views, 1 views today

Facebook Comments