២១.យុវកម្លោះប្រកាសសង្គ្រាមស្នេហ៍

ដោយកិច្ចសហការពីនាងព្រហ្មណីជាម្តាយ សុវឌ្ឍនកុមារបានជួបនឹងលីលាវតីក្រោមម្លប់ដើម អសោកប្របមាត់ស្រះក្នុងសួនច្បារខាងក្រោយគហដ្ឋាន ចាប់តាំងពីពេលដែលរេវត្តភិក្ខុភៀស ខ្លួនចេញពីក្រុងសាវត្ថីនិងម្តាយបង្គាប់ឲ្យរៀបការនឹងសុវឌ្ឍនកុមារ លីលាវតីស្រីកម្សត់ក៏កើតទុក្ខអង្គុកអង្គុល នាងមិនចង់នឹងរៀបការជាមួយនឹងសុវឌ្ឍនកុមារឬបុរសណាក្នុងលោកនេះទេ ព្រោះនាងនៅមានភក្តីភាពចំពោះរេវត្តភិក្ខុ ដើម្បីបន្ធូរបន្ថយទុក្ខសោកដល់ខ្លួនឯង នាងច្រើនតែវេះចេញ ពីភាពច្របូកច្របល់ក្នុងគេហដ្ឋានទៅអង្គុយលេងលើមាត់ស្រះក្នុងសួនច្បារខាងក្រោយផ្ទះ នាងប្រាប់ថាត្រង់កន្លែងនោះវាធ្វើឲ្យស្បើយពីអារម្មណ៍ស្មុគស្មាញ ផ្កាឈូកដែលរីកសំពោងព្រោងព្រាតនៅក្នុងស្រះ ផ្ទាំងថ្មដ៏ត្រជាក់ត្រជំក្រោមស្រមោលដើមអសោកជួយឲ្យ នាងស្រាកស្រាន្តចិត្តបានខ្លះ ប៉ុន្តែដោយទឹកចិត្តពិត លីលាវតីទៅកន្លែងនោះដើម្បីស្រូបយក បរិយាកាសដ៏កក់ក្តៅនៃអតីតកាលកាលពី ១០ ឆ្នាំកន្លងមក ធ្លាប់ជាលំនៅរបស់​រេវត្តៈប្រុសកម្លោះកំពូលដួងចិត្តរបស់នាង ជាកន្លែងដែលនាងបានជួបនឹងគេជាគ្រាដំបូង លីលាវតីអង្គុយ ត្រង់កន្លែងនោះយ៉ាងស្រគត់ស្រគំ សម្លឹងមើលហ្វូងមច្ឆជាតិកំពុងហែបហែលទៅមកក្នុងទឹកថ្លា និងហ្វូងភមរជាតិដែលហើរឆ្វាត់ឆ្វែលចូលត្រឹបកេសរផ្កាឈូកទាំងបណ្តែតចិត្តឲ្យអណ្តែតលឿនលយទៅដោយឥតទិសដៅ…
សុវឌ្ឍនកុមារកម្លោះវក់ស្នេហ៍ទ្រោមខ្លួនអង្គុយចុះក្បែរលីលាវតី ទាំងឆ្មៀងភ្នែកមើលទៅ លីលាវតីហើយនិយាយសុំសេចក្តីយល់ចិត្តពីនាងដោយសម្លេងតិចៗបែបអង្វរកថា
“ហៃលីលាវតី ! ខ្ញុំសូមនិយាយនឹងនាងដោយស្មោះអស់ពីដួងចិត្ត ខ្ញុំបានត្រាច់ចរទៅសិក្សាសិល្បវិជ្ជាក្នុងកន្លែងជាច្រើន បានពើបពះប្រទះស្រ្តីភេទមកជាច្រើន ប៉ុន្តែគ្មានស្ត្រីណាអាចយក ឈ្នះចិត្តរបស់ខ្ញុំបានដូចនាងទេ គ្រាន់តែខ្ញុំបានជួបនាងជាបឋមទស្សន៍ឯទ្វារទេវាល័យ ក្នុងថ្ងៃនោះ ខ្ញុំបានបាក់ចិត្តស្រឡាញ់នាងយ៉ាងងប់ងល់ភ្លាម ចាប់តាំងពីថ្ងៃនោះមក ដេកមិនបានខានចំណីព្រោះអីគិតដល់នាង ខ្ញុំត្រេកអរជាអតិបរមាដែលបានមកជួបនាងក្នុងថ្ងៃនេះ”
កាលបានឃើញលីលាវតីនៅតែអង្គុយធ្មឹងសម្លឹងមើលផ្កាឈូក គេក៏រ៉ាយរ៉ាប់ប្រាប់ស្នេហាតទៅទៀតថា
“ខ្ញុំគិតថាព្រះអាទិទេពលើសុរាល័យមុខជាសាងខ្ញុំមកដើម្បីធ្វើជាទាសករស្នេហារបស់នាង ជាពិសេសក្នុងជាតិនេះ ខ្ញុំទំនងជារស់នៅដោយគ្មាននាងមិនបានទេ យល់ចិត្តខ្ញុំខ្លះទេ លីលាវតី ! ”
“ខ្ញុំចង់នឹងយល់ចិត្តនាយដែរ”ស្រីក្រមុំនិយាយយ៉ាងវ្ហោះវ្ហើយ ភ្នែកនៅសម្លឹងមើលទៅឯផ្កាឈូកខាងមុខ “ប៉ុន្តែយើងទើបនឹងស្គាល់គ្នាថ្មីៗ សូមឲ្យយើងសេពគប់គ្នាឲ្យយូរជាងនេះបន្តិចទៀត ជួនកាល ខ្ញុំអាចនឹងយល់ចិត្តនាយបាន”
ពាក្យសម្តីចុងក្រោយរបស់លីលាវតី ធ្វើឲ្យយុវកម្លោះញញឹមបានបន្តិច ហើយគេក៏និយាយថា
“ទម្រាំនឹងនាងយល់ចិត្តខ្ញុំ ខ្ញុំទំនងជាស្លាប់ចោលមុនព្រោះអំណាចនៃសេ្នហាមិនខាន នៅមាន អ្វីខ្វះទៀតឬដែលខ្ញុំត្រូវធ្វើដើម្បីផ្គាប់ចិត្តនាង សូមប្រាប់ខ្ញុំមកចុះ ខ្ញុំជាទាសករស្នេហារបស់នាងហើយទាំងកាយនិងចិត្ត”
“នាយមិនបាច់ធ្វើអ្វីទាំងអស់ ក្រៅតែពីរងចាំពេលវេលាជាគ្រឿងអារកាត់”
“ហៃលីលាវតី ! ក្នុងពិភពផែនដីនេះ មានមនុស្សនិករជាច្រើន ដែលមាត់និងចិត្តមិនត្រូវគ្នា ប៉ុន្តែខ្ញុំមិនមែនជាមនុស្សប្រភេទនោះទេ ខ្ញុំសូមធានាដោយកិត្តិយសគ្រួសារ និង សិប្បាចារ្យ ទិសាបាមោក្ខនៃក្រុងតក្កសិលា លំពាំងខ្លួនខ្ញុំនៅមិនគ្រប់គ្រាន់ទៀតឬ?”
“ខ្ញុំចង់នឹងជឿសម្តីនាយដែរ ប៉ុន្តែចាស់បូរាណពោលថា
១.សម្តីរបស់គូវិវាទក្នុងរឿងក្តី
២.សម្តីរបស់ទូតអ្នកមកចរចាកិច្ចការនយោបាយ
៣.សម្តីរបស់ឈ្មួញអ្នកលក់ទំនិញ
៤.សម្តីរបស់ប្រុសកម្លោះដែលកំពុងតែស្រឡាញ់ស្រីក្រមុំ
ទាំង ៤ យ៉ាងនេះកុំអាលជឿឲ្យុច្រើនពេក”
ប្រុសកម្លោះអង្គុយស្ងៀមធ្មឹងសម្លឹងមើលលីលាវតីដោយចម្លែកចិត្តចំពោះសម្តីថ្វីមាត់ដ៏មានគតិធម៌របស់នាង លីលាវតីមិនត្រឹមតែស្អាតដោយរូបរាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លៀវឆ្លាតនិងមានចំណេះវិជ្ជាជ្រៅជ្រះទៀតផង
“ណ្ហើយចុះ ! បើប្រការនេះនឹងធ្វើឲ្យនាងពេញចិត្តបាន ខ្ញុំត្រេកអរនឹងរងចាំ”ប្រុសកម្លោះ​និយាយយ៉ាងទន់ភ្លន់ហើយក៏ក្រោកឈរឡើង “ខ្ញុំសូមលានាងទៅសិនហើយ ថ្ងៃក្រោយសឹមជួបគ្នាទៀត”
លីលាវតីធូរស្បើយចិត្តដែលសុវឌ្ឍនកុមារត្រឡប់ទៅវិញ ព្រោះនាងនឹងបានស្វែង រកសេចក្តីសុខពីការគិតដល់រឿងចាស់តទៅទៀតដោយគ្មានអ្នកណាឆាឆៅ ជំនោរខ្យល់ត្រជាក់បក់ផាត់មកមួយវ៉ឺត ធ្វើឲ្យត្របកផ្កាឈូកដែលនៅខាងមុខរួងរុះ ជ្រុះចុះព្រាតអណ្តែតលើផ្ទៃទឹកពព្រាយ អព្ភូតហេតុធម្មជាតិនេះធ្វើឲ្យលីលាវតីនឹក  ភ្នកមកដល់ជីវិតខ្លួនឯង ពេលវេលាកន្លងទៅ ជីវិតរបស់នាងក៏កន្លងទៅដែរ រូបរាង ដែលកំពុងតែស្រស់ស្អាតក៏រុះរោយទៅរាល់ថ្ងៃ មិនយូរប៉ុន្មាន ក៏ដល់នូវកិរិយាបែកធ្លាយទៅ គឺ ផុតរលត់ទៅបីដូចជាត្របកផ្កាឈូកដែលរួងរុះជ្រុះកាន់ផ្ទៃទឹកដូច្នោះ សូមដូចពាក្យបូរាណពោលថា
យុវតីស្រីឆើតស្រស់សម្រស់ស្អាត ដូចរុក្ខជាតិលាតលូតលាស់ស្រស់គួរគាប់ លុះចាស់ឡើងស្បែកជ្រីវជ្រួញរួញស្រពាប់ លែងគួរគាប់នឹងគយគន់ទស្សនា ។ រីបុប្ផាផ្ការីកស្រស់អស់ទាំងព្រៃ យុវវ័យថ្លៃវិសេសគួរស្នេហា
ដល់រូបរោយបាក់សម្រស់អស់កាលណា ប្រុសស្នេហាថ្លែងវាចាថាធុញទ្រាន់ ។
លុះគិតដល់សច្ចធម៌នេះហើយ ស្រីក្រមុំនឹកស្រយុតចិត្តនិងនឿយណាយក្នុងជីវិត នាងត្រឡប់ទៅគេហដ្ឋានវិញដោយចិត្តក្រៀមក្រំ សុវឌ្ឍនកុមារតែងមករកលីលាវតីរាល់ថ្ងៃ មួយអន្លើដោយកាដូដ៏មានតម្លៃផ្សេងៗ ប៉ុន្តែគេក៏ស្ពាយយកកំហកបំណងត្រឡប់ទៅផ្ទះវិញរាល់ថ្ងៃដែរ លីលាវតីគ្មានផ្តល់ក្តីសង្ឃឹមអ្វីដល់គេទេ ក្រៅតែពីពាក្យថា “ចាំមើលសិន” ចំណែកខាងម្តាយចំាំឃ្លាំ មើលលទ្ធផលទំនាក់ទំនងរវាងកូនស្រីនិងប្រុសកម្លោះ កាលបើមិនឃើញមានលទ្ធផលអ្វីកើតឡើង ក៏នឹកខ្វល់ចិត្តជាខ្លាំង នាងតុះតុញគំនិតមិនអាចនឹងរក វិធីសាស្រ្តណាមកនិយាយអន្ទងលួងលោមកូនស្រីឲ្យយល់ព្រមតាមបានទេ នាងគិតថា ហេតុផលតែមួយគត់ដែលរារាំងនាងមិនឲ្យទទួលបានផលសម្រេច គឺ រេវត្តភិក្ខុ ប៉ុន្តែនាងព្រាហ្មណីក៏បិទបាំងទុកមិនបានប្រាប់ឲ្យសុវឌ្ឍនកុមារដឹងទេ ព្រោះខ្លាចក្រែងជាការអាប់ឱន ពីព្រោះរេវត្តភិក្ខុជាចណ្ឌាល និង ជាអតីតមហារចោរ ។
“ហៃលីលាវតី ! នាងឲ្យខ្ញុំរងចាំដល់ពេលណា”សុវឌ្ឍនកុមារនិយាយយ៉ាងក្រៀមក្រំ ចិត្តនៅរសៀលថ្ងៃមួយ “ខ្ញុំរងចាំនាងមកយូរគួរសមហើយ ប៉ុន្តែនាងនៅមិនទាន់សម្តែងអាកប្បកិរិយាថាយល់ចិត្តខ្ញុំនៅឡើយ នាងប្រហែលជាមានអ្នកដទៃនៅក្នុងបេះដូងហើយទេដឹង បានតែត្រឹមធ្វើបាបបេះដូងខ្ញុំលេង”លីលាវតីវិះនឹងភ្លាត់មាត់ថា នាងស្រឡាញ់ភិក្ខុពនេចររួចហើយ ប៉ុន្តែក៏ទប់ចិត្តបាន ទើបឆ្លើយថា
“ប៉ុន្តែនាយគួរតែយល់ចិត្តខ្ញុំខ្លះដែរ រឿងរបស់យើងជារឿងធំ មិនអាចយល់ស្របគ្នាដោយរហ័សរហួនបានទេ ព្រោះបើភ្លាំងភ្លាត់ទៅ ក៏មិនអាចនឹងកែកុនបានឡើយ នឹងត្រូវទ្រោមចិត្តរហូតមួយជីវិត សូមអត់ធ្មត់សង្កត់ចិត្តបន្តិចចុះ”
យុវកម្លោះពីក្រុងតក្កសិលាដកដង្ហើមធំហ៊ឺ ហើយក៏និយាយដោយសម្លេងខ្លាំងរនិងរនាំងថា “ក៏ព្រោះតែអត់ធន់នេះឯង ជីវិតរបស់ខ្ញុំទើបយឺតយូរបានរហូតមកដល់ឥឡូវនេះ បើខ្វះអំណត់អត់ធ្មត់ទេ ខ្ញុំមុខជាស្លាប់ទៅយូរហើយ នាងមិនចាត់ទុក ខ្ញុំជារឿងសំខាន់ នាងលេងល្បែងទុក្ខព្រួយរបស់ខ្ញុំ ក្លែងធ្វើបាបចិត្តខ្ញុំលេងស្រួលៗ ប៉ុណ្ណោះ”និយាយហើយប្រុសកម្លោះក៏ក្រោកឡើងដើរទៅមកក្រោមម្លប់ដ៏ត្រឈឹងត្រឈៃនៃដើមអសោកយ៉ាងក្រវល់ក្រវាយចិត្ត ។
លីលាវតីក៏អង្គុយមើលរលកទឹកក្នុងស្រះព្រងើយ ជួនកាលក៏ឆ្ពាមយកផ្កាអសោកពណ៌ក្រហមស្រស់ដែល ជ្រុះនៅលើផ្ទៃដីឡើងមកញក់ញីលេងទាល់តែល្អិតខ្ទេចខ្ទី ហើយក៏មូរជារមូរបោះចោលទៅក្នុងស្រះ នាងចាប់ ចិត្តនិងសម្លឹងមើលហ្វូងមច្ឆជាតិតូចៗចោមរោមដណ្តើមគ្នាស៊ីនុយរបស់នាងជាជាងនឹងចាប់អារម្មណ៍ចំពោះសុវឌ្ឍនកុមារ មួយស្របក់ធំកន្លងទៅដោយបរិយាកាសតានតឹង ប្រុសកម្លោះទើបដើរទៅអង្គុយចុះលើមាត់ ស្រះខាងមុខលីលាវតីហើយនិយាយឡើងទាំងទឹកមុខមិនស្រស់បស់ថា
“ហៃលីលាវតី ! តាមធម្មតា មនុស្សយើងចូលចិត្តថ្កោលទោសអ្នកដទៃ មិនសូវមើលឃើញទោសកំហុសខ្លួន ឯងទេ ជួនកាល ខ្ញុំអាចមានចំណុចឆ្គាំឆ្គងខ្វះចន្លោះជាច្រើនដែលខ្លួនឯងមើលមិនឃើញ ប៉ុន្តែនាងអាចនឹង មើលឃើញបាន​ សូមប្រាប់ខ្ញុំមកចុះ ខ្ញុំមានចំណុចខ្វះចន្លោះអ្វីខ្លះ ប្រាប់តាមត្រង់មក កុំក្រែងចិត្តអី ខ្ញុំរីករាយ នឹងស្តាប់យកទៅពិចារណាកែលម្អខ្លួន” ស្រីក្រមុំនឹកស្ងើចសុភលក្ខណ៍របស់គេនៅក្នុងចិត្ត ហើយឆ្លើយថា
“នាយមិនខ្វះចន្លោះអ្វីទេ បើនិយាយដល់ត្រកូល នាយជាត្រកូលព្រាហ្មណ៍មហាសាល បើនិយាយដល់ទ្រព្យ សម្បត្តិ នាយក៏មានស្មើនឹងខ្ញុំ ឬ ច្រើនជាងទៅទៀត បើនិយាយដល់ចំណេះវិជ្ជា នាយទើបនឹងរៀនចប់មកពី សម្នាក់សិប្បាចារ្យទិសាបាមោក្ខនៃក្រុងតក្កសិលា បើនិយាយដល់រូបសម្បត្តិ នាយក៏ល្អទាំងអស់ ជាទីត្រូវ ភ្នែកគាប់ចិត្តស្រីក្រមុំទូទៅ”
“ប៉ុន្តែវាមិនត្រូវភ្នែកអ្នកនាងមែនទេ?”ប្រុសកម្លោះនិយាយកាត់ឡើង ធ្វើឲ្យលីលាវតីភាន់ភាំងស្មារតី ប៉ុន្តែនាង ក៏ឆ្លើយតបដោយប្រតិភាណវាងវៃថា “រូបរាងដូចម្តេចក៏ត្រូវចិត្តខ្ញុំទាំងអស់ ព្រោះខ្ញុំមិនដែលប្រកាន់យក រូបសម្បត្តិជាធំ ឬ បុណ្យសក្តិជាធំទេ លាភយសប្រៀបដូចជាសុបិន រូបឆោមស្រស់បស់ប្រៀបដូចជាផ្កាឈើ ប៉ុន្តែខ្ញុំប្រកាន់យកគុណសម្បត្តិ ឬ គុណធម៌ជាធំ”
“បើអញ្ចឹង ខ្ញុំមុខជាគ្មានគុណសម្បត្តិណាៗផ្គាប់ចិត្តនាងបានទេ”
“មិនមែនអញ្ចឹងទេ តាមដែលខ្ញុំសេពគប់រាប់រកនាយមកយូរ ក៏បានប្រទះឃើញគុណសម្បត្តិនាយជាច្រើន យ៉ាង ប៉ុន្តែនាយប្រាកដជាមានច្រើនជាងនោះ ខ្ញុំសុំពេលចាំមើលតទៅមុខបន្តិចទៀត រូបសម្បត្តិមើលមួយ ភ្លែតក៏ដឹងបាន ប៉ុន្តែគុណសម្បត្តិត្រូវចំណាយពេលគន់មើលយូរបន្តិចទើបដឹងបាន សង្ឃឹមថានាយច្បាស់ជា យល់ចិត្តលីលាវតីណៈ”
ប្រុសកម្លោះអង្គុយដាក់មុខចុះស្ងៀមដោយទញ់ទាល់ចំពោះហេតុផលរបស់លីលាវតី ជំនោរខ្យល់បក់ផាត់មកប៉ះដើមអសោកឮសូរសម្លេងភឹបៗហាក់ដូចជាទះដៃឲ្យជ័យជម្នះដល់លីលាវតី ក្នុងខណៈដែលអ្នកទាំងពីរកំពុងតែអង្គុយស្ងៀមនោះឯង នាងទាសីជំនិតរបស់លីលាវតីបានរត់ចូលមក យ៉ាងត្រហេបត្រហបលុតជង្គង់ចុះក្បែរលីលាវតីហើយរាយការណ៍យ៉ាងកន្ទះរាថា
“បពិត្រអ្នកនាងម្ចាស់ ! នាងខ្ញុំសូមជូនដំណឹងធំមួយឲ្យអ្នកនាងបានដឹង គឺថា នាងខ្ញំបានឃើញរេវត្តៈ ទាំងស្គាល់លំនៅរបស់លោកទៀត”
គ្រាន់តែបានឮពាក្យថា”រេវត្តៈ”ប៉ុណ្ណោះ ស្រីក្រមុំក៏ស្ទុះក្រោកឡើងឈរដោយអររអឹករអាំជាទីបំផុតទាល់តែ ភ្លេចសុវឌ្ឍនកុមារដែលកំពុងអង្គុយនៅក្បែរនោះ
“នាងឃើញលោកនៅឯណា សុវណ្ណា ! ប្រាប់ខ្ញុំមកមើល៍”ស្រីក្រមុំសួរទាំងសម្លេងញ័ររនដោយមោទកភាព
“ឯបុព្វារាម ក្បែរទ្វារក្រុង ទិសខាងកើតហ្នឹងឯង អ្នកនាង ! ខ្ញុំបានជួបលោកកណ្តាលថ្នល់ទិសខាងកើត នោះ ខណៈដែលលោកកំពុងនិមន្តបិណ្ឌបាត ទើបតាមប្រកិតពីក្រោយទៅឆ្ងាយទាល់តែដល់កុដិលោក ក្នុងវត្តបុព្វារាម”
សុវឌ្ឍនកុមារអង្គុយស្តាប់ការសន្ទនាគ្នារវាងចៅហ្វាយនិងបាវព្រាវយ៉ាងយកចិត្តទុកដាក់ ទឹកមុខរបស់គេ មើលទៅស្រងូតស្រងាត់ និង ក្រៀមក្រំជាងមុន គេញញឹមម្តងម្កាល ប៉ុន្តែជាស្នាមញញឹមបង្កប់ដោយ កំហឹង អំណររបស់លីលាវតីបានក្លាយជាអំណន់អន់ចិត្តរបស់សុវឌ្ឍនកុមារ នៅពេលនាងរលឹកស្មារតីបាន ថា សុវឌ្ឍនកុមារកំពុងអង្គុយជាមួយនឹងខ្លួន ស្រីក្រមុំប្រញាប់ដោះដៃចេញពីទាសីបែរមកខាង សុវឌ្ឍនកុមារវិញម្តងហើយនិយាយសូមទោសដោយទឹកមុខញញឹមញញែមជាលើកដំបូង ប៉ុន្តែប្រុស កម្លោះក្រោកឡើងឈរហើយនិយាយពត់សម្លេងជាធម្មតាថា
“ហៃលីលាវតី ! ទីបំផុត ការពិតក៏ត្រូវបកអាក្រាត ខ្ញុំទើបនឹងដឹងអម្បាញ់មិញនេះថា បេះដូងរបស់នាងជា របស់អ្នកដទៃទៅហើយ នាងបញ្ឆោតខ្ញុំឲ្យនៅចាំខាតពេលអស់ជាយូរ គ្រាន់តែដើម្បីក្លែងធ្វើបាបបេះដូង ខ្ញុំលេងប៉ុណ្ណោះ លាសិនហើយ ថ្ងៃក្រោយសឹមជួបគ្នាទៀត”និយាយហើយគេក៏ដើរចាកចេញទៅ បណ្តោយឲ្យលីលាវតីនិងនាងទាសីនិយាយសន្ទនាគ្នាតទៅត្រង់ក្រោមម្លប់ដើមអសោកក្បែរមាត់ស្រះនោះឯង ។
សុវឌ្ឍនកុមារឡើងទៅលើប្រាសាទដើម្បីជួបនាងគ្រហបតានីជាម្តាយរបស់លីលាវតីហើយរាយការណ៍ លទ្ធផលឲ្យនាងបានដឹងដូចដែលធ្លាប់ធ្វើមក ព្រោះនាងចូលខាងប្រុសកម្លោះយ៉ាងស៊ប់ ជាអ្នកចាំឲ្យពាក្យ ណែនាំផ្សេងៗ តាំងចិត្តស្តាប់លទ្ធផលជានិច្ច សម្រាប់គ្រានេះ នាងនឹកចម្លែកចិត្តណាស់ដែលសុវឌ្ឍនកុមារ មករកនាងដោយទឹកមុខស្រងូតស្រងាត់ខុសប្រក្រត្រី
“បពិត្រអ្នកម៉ាក់ ! សូមប្រាប់ខ្ញុំមកមើលថាតើរេវត្តៈហ្នឹងជាអ្នកណា?” គេសួរភ្លាម ធ្វើឲ្យនាងព្រាហ្មណីភាំង ស្រឡាំងកាំង ហាមាត់ចង្គ្រង់ដោយស្លន់ចិត្តព្រោះនាងមិនធ្លាប់គិតថាសុវឌ្ឍនកុមារដឹងរឿងអាថ៌កំបាំងដែល នាងព្យាយាមបិទបាំងនោះទេ
“មេកូនទុយ៌ស ! ទៅបង្ហើបប្រាប់រឿងកំបាំងឲ្យគេស្តាប់អស់ ហើយកេរិ៍្តឈ្មោះរបស់វង្សត្រកូលបាត់បង់អសោច នៅគ្រានេះឯង” នាងគិតក្នុងចិត្តដោយកំហឹង នាងជឿជាក់ថាគ្មានអ្នកណាផ្សេងនិយាយប្រាប់ឲ្យ សុវឌ្ឍនកុមារស្តាប់ក្រៅពីលីលាវតីនោះទេ ប៉ុន្តែដើម្បីឲ្យកាន់តែច្បាស់ក្នុងចិត្តឡើង នាងទើបសួរ សុវឌ្ឍនកុមារម្តងទៀតថា
“ហៃសុវឌ្ឍនៈ ! អ្នកណាជាអ្នកប្រាប់រឿងនេះដល់ឯង ចូរប្រាប់មកចុះ”
“ខ្ញុំមិនប្រាប់ទេទាល់តែអ្នកម៉ាក់ប្រាប់ខ្ញុំថារេវត្តៈហ្នឹងជាអ្នកណាសិន”ប្រុសកម្លោះឆ្លើយអះអាងយ៉ាងម៉ឺងម៉ាត់ នាងព្រាហ្មណីនៅញីញញូញ សូចិនាឲ្យឃើញថា នាងកំពុងតែក្រវល់ក្រវាយចិត្តយ៉ាងខ្លាំង
“អ្នកម៉ាក់មិនបាច់ប្រាប់ខ្ញុំក៏បានដែរ ការពិត ខ្ញុំក៏ដឹងរឿងនេះស្ទើរទាំងអស់ហើយ ប៉ុន្តែគ្រាន់តែចង់សាកចិត្ត   អ្នកម៉ាក់មើលប៉ុណ្ណោះ ឥឡូវនេះ ខ្ញុំដឹងហើយថាអ្នកម៉ាក់សហការជាមួយនឹងលីលាវតី ចាត់ឆាកល្ខោនបោក ប្រាស់ខ្ញុំយ៉ាងស្តែង បើខ្ញុំដឹងតាំងពីដំបូងមកថាលីលាវតីមានគូស្នេហ៍ហើយ ម្លោះខ្ញុំនឹងមិនមកបង់កម្លាំងទាក់ ទងទេ ប៉ុន្តែអ្នកម៉ាក់បិទបាំងរឿងនេះទុកមិនឲ្យខ្ញុំដឹងដើម្បីឆបោកខ្ញុំលេងសើច”
“កុំអាលសិនណៈ សុវឌ្ឍនៈ ! “នាងព្រាហ្មណីនិយាយជំទាស់ដោយទ្រាំមិនបាន
“ឯងកំពុងតែយល់ច្រឡំ ម៉ាក់មិនដែលមានចេតនាបែបនោះទេ ឯងមួលបង្កាច់ជ្រុលពេក ការពិត ម៉ាក់គ្មាន កំហុសអបការក្នុងរឿងនេះទេ ម៉ាក់តាំងចិត្តទុកយូរហើយថានឹងតំណាលឲ្យឯងស្តាប់ ប៉ុន្តែមិនទាន់មាន ឱកាស ព្រោះគិតថាឯងនឹងអាចយកឈ្នះចិត្តលីលាវតីបាន ប៉ុន្តែកាលបើឃើញថា លីលាវតីនៅតែគិត ស្រមើស្រមៃយ៉ាងពានត្រោកពានត្រាំងដដែលយ៉ាងនេះ ម៉ាក់នឹងតំណាលការពិតឲ្យឯងស្តាប់ ឥឡូវនេះ “នាងព្រាហ្មណីក៏ចាប់ផ្តើមតំណាលដល់សម្ពន្ធភាពរវាងលីលាវតីឲ្យប្រុសកម្លោះស្តាប់យ៉ាងល្អិតល្អន់ ប៉ុន្តែនាងព្រាហ្មណីមិនបានប្រាប់គេថារេវត្តៈជាចណ្ឌាលឬជាអតីតចោរនោះទេ  នាងព្រាហ្មណីនិយាយ សរុបនៅចុងក្រោយថា
“រឿងនេះដូច្នេះឯង ម៉ាក់បានព្យាយាមគ្រប់មធ្យោបាយហើយដើម្បីឲ្យលីលាវតីដោះដៃចេញពីរេវត្តៈ ប៉ុន្តែនាងនៅតែស្រឡាញ់ឈ្លក់វក់នឹងលោកអង្គនោះយ៉ាងងប់ងល់ទាល់តែម៉ាក់សុញគំនិតគិតមិនយល់ថា នឹងធ្វើយ៉ាងបានទេ”
សុវឌ្ឍនកុមារទ្រឹងស្តាប់នាងព្រាហ្មណីតំណាលឲ្យស្តាប់យ៉ាងយកចិត្តទុកដាក់ សូម្បីបើនាងព្រាហ្មណី តំណាលចប់ទៅហើយ គេក៏នៅតែអង្គុយស្តឹកដូចជាអ្នកគិតច្រើនរាប់រយជំពូក ឧបសគ្គតែមួយគត់ដែល ពាំងរាំងផ្លូវជីវិតរបស់គេ គឺ រេវត្តៈ បើគ្មានរេវត្តៈ អ្វីៗប្រាកដជានឹងបានសម្រេចយ៉ាងរលូន ។
“ណ្ហើយចុះ ! រឿងនេះអ្នកម៉ាក់មិនបាច់ខ្វល់ទេ”ប្រុសកម្លោះស្រដីឡើងនៅទីបំផុត “សូមឲ្យជាមុខនាទី របស់ខ្ញុំ ចាំតែមើលចុះថាតើខ្ញុំនឹងចាត់វិធានការជាមួយនឹងលោកអង្គនេះយ៉ាងម៉េច ខ្ញុំសូមលាសិនហើយ” និយាយហើយគេក៏ប្រញាប់វិលត្រឡប់ទៅវិញ ។
សុវឌ្ឍនកុមារបានរៀបចំផែនការអាក្រក់មួយដើម្បីកម្ចាត់រេវត្តភិក្ខុកម្សត់ឲ្យផុតពីផ្លូវស្នេហារបស់គេ ។

loading…

186 total views, 1 views today

Facebook Comments