២២.មិត្តានុសាសនី

ម្នាលលោកដ៏មានអាយុ ! នៅពេលបានដំណឹងពីនាងទាសីថា ខ្ញុំព្រះករុណាគង់នៅឯវត្តបុព្វារាម លីលាវតីក៏ អែបមកជួបខ្ញុំព្រះករុណានៅយប់នោះឯង នាងតវ៉ាចំពោះខ្ញុំព្រះករុណាជាខ្លាំងដែលភៀសខ្លួនចេញពីវត្ត ជេតវ័នដោយមិនបានប្រាប់ និង ឲ្យចម្លើយដល់នាងក្នុងកំឡុង ៣ ថ្ងៃតាមពាក្យមត់ណាត់ ប៉ុន្តែលុះខ្ញុំព្រះ ករុណាព្រមទទួលកំហុសហើយ នាងក៏ទន់ចិត្ត ការទទួលកំហុសគឺជាកូនសោរនៃសន្តិភាពដែលខ្ញុំព្រះករុណា តែងតែបដិបត្តិមកជានិច្ច មនុស្សយើងកាលបើខុសហើយព្រមទទួលថាខុសក៏គ្មានបញ្ហាវែងឆ្ងាយតទៅ ទៀតទេ មនុស្សភាគច្រើនមិនសូវព្រមទទួលកំហុសព្រោះខ្លាចខូចនូវអ្វីដែលហៅថា កិត្តិយស អញ្ចឹងទេ រឿងស្មុគស្មាញទាំងឡាយបានជាកើតឡើងមក ការដែលលីលាវតីមកជួបខ្ញុំព្រះករុណាម្តងទៀត ក្រោយពីបែកគ្នាមក យូរហើយ មើលទៅដូចជាធ្វើឲ្យនាងមានសេចក្តីសុខច្រើនណាស់ ប៉ុន្តែនៅពេលសន្ទនាគ្នាដល់បញ្ហាជីវិត សេចក្តីសុខនោះក៏ថមថយចុះជាលំដាប់ទាល់តែរសាត់បាត់ទៅហើយសំណោកសោកសង្រេងក៏ចូលមក ជំនួសវិញ នាងព្យាយាមទទូចអង្វរខ្ញុំព្រះករុណាយ៉ាងគួរឲ្យយល់ចិត្តបំផុត
“បពិត្រលោកបងជាទីស្រឡាញ់ ! តាមដែលខ្ញុំកណានិយាយមកទាំងអស់នេះ លោកបងពិតជាយល់ហើយថា លីលាវតីស្មោះភក្តីចំពោះលោកបងប៉ុនណា លីលាវតីមិនធ្លាប់ក្បត់ទុយ៌សចំពោះលោកបងទេ សូម្បីតែ ដោយការគិត ប៉ុន្តែអ្នកម៉ាក់ព្យាយាមបង្គាប់ឲ្យរៀបការជាមួយនឹងសុវឌ្ឍនកុមារឲ្យបាន ខ្ញុំកណាព្រួយចិត្តខ្លាំង ណាស់ បើលោកបងនៅអាណិតលីលាវតី សូមឲ្យលោកបងប្រញាប់សម្រេចព្រះទ័យជួយអនុគ្រោះលីលាវតី ឬមួយលោកបងបណ្តោយឲ្យលីលាវតីធ្លាក់ទៅក្នុងកណ្តាប់ដៃអ្នកដទៃ”
ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាជាមនុស្សចិត្តរឹងដូចថ្ម ប៉ុន្តែកាលបានឃើញមុខលីលាវតីហើយ បានស្តាប់សម្តីរបស់នាងហើយ ខ្ញុំព្រះករុណាក៏ក្លាយទៅជាមនុស្សចិត្តទន់ ខ្ញុំព្រះករុណានឹកអាណិតលីលាវតី យ៉ាងខ្លាំងស្ទើរតែទទួលសម្តីរបស់នាងទៅហើយថានឹងលាផ្នួស
ប៉ុន្តែនៅទប់ចិត្តបានមិនទាន់និយាយចេញមកតាមវាចាទេ ប៉ុន្តែតាមផ្លូវចិត្តវិញនោះ ខ្ញុំព្រះករុណាទទួល យកទាំងស្រុង ខ្ញុំព្រះករុណាមិនអាចស៊ូទ្រាំមើលលីលាវតីរងទុក្ខព្រួយចំបែងចិត្តព្រោះតែការរងចាំខ្ញុំព្រះ ករុណាទៀតបានទេ កាលបើលីលាវតីត្រឡប់ទៅវិញហើយ ខ្ញុំព្រះករុណាក៏ត្រៀមបរិក្ខារភ្លាម តាំងចិត្តថា ព្រឹកព្រហាមឡើង នឹងទៅក្រាបលាព្រះឧបជ្ឈាយ៍នៅឯវត្តជេតវ័ន ។
នៅរាត្រីថ្ងៃនោះ ខ្ញុំព្រះករុណាសិងគិតដូចសព្វមួយដង សេចក្តីសុខក្រោមម្លប់កាសាវពស្ត្រវិលត្រឡប់មក ធ្វើឲ្យខ្ញុំព្រះករុណារួញរាស្ទាក់ស្ទើរចិត្តម្តងទៀត ប៉ុន្តែសេចក្តីអាណិតលីលាវតីក៏អាចបង្រាបវាបាន ខ្ញុំព្រះករុណាកាត់ចិត្តយ៉ាងក្លាហានម្តងទៀតថានឹងសឹកទៅរស់នៅជាមួយនឹងលីលាវតី សុវឌ្ឍនកុមារមាន ចំណែកជួយជម្រុញសេចក្តីសម្រេចចិត្តនៅគ្រានេះយ៉ាងសំខាន់ បើគេមិនមកជ្រៀតជ្រែកក្នុងរឿងនេះទេ ខ្ញុំព្រះករុណាប្រហែលជាមិនអាចសម្រេចចិត្តបានទេ មនុស្សយើងនេះប្លែកណាស់ លោកដ៏មានអាយុ ! កាលបើគ្មានគូប្រជែងទេ ច្រើនតែធ្វើអ្វីលែនលនស្មោះងារ គ្រាន់តែមានគូប្រជែង ក៏ខំធ្វើយ៉ាងស្វាហាប់ ហ៊ឹកហ៊ាក់ សេចក្តីស្រឡាញ់របស់ខ្ញុំព្រះករុណាបែរជារស់រវើកឡើងវិញព្រោះយល់ថាខ្លួនមានគូប្រជែង ។
ខ្ញុំព្រះករុណាទៅវត្តជេតវ័នក្នុងពេលព្រឹកព្រហាមឡើង វត្តជេតវ័នក្នុងដើមវស្សន្តរដូវត្រជាក់ត្រជុំសុខដុម រមនា គួរឲ្យរស់នៅណាស់ ដើមឈើគ្រប់ដើមកំពុងចេញផ្កាផ្លែព្រោងព្រាត សម្លឹងមើលទៅត្រជាក់ស្រេប ភិក្ខុសង្ឃមានចំនួនច្រើនត្រៀបត្រាកុះករពីព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បានស្តេចយាងត្រឡប់មកពីក្រុង សាកេតុ ប្រថាប់នៅប្រចាំក្នុងវ័តជេតវ័ននេះហើយ មុននឹងទៅក្រាបលាព្រះឧបជ្ឈាយ៍ ខ្ញុំព្រះករុណាបាន ឈាងចូលទៅលេងសុមនភិក្ខុដែលធ្លាប់ជាមិត្តនឹងគ្នាកាលនៅជាចោរ មិត្រចាស់ដែលបែកគ្នាទៅយូរ កាលបើត្រឡប់មកជួបគ្នាម្តងទៀត ក៏ជាសេចក្តីសុខម៉្យាងដែរ ខ្ញុំព្រះករុណាបានតំណាលរឿងដែលមាន ក្នុងចិត្តរបស់ខ្ញុំព្រះករុណាឲ្យមិត្រភក្តិស្តាប់យ៉ាងបើកចំហ ព្រមទាំងប្រាប់តំណាំងចិត្តថានឹងសឹកទៀតផង សម្លាញ់របស់ខ្ញុំព្រះករុណាទ្រឹងស្តាប់យ៉ាងយល់ចិត្ត ប៉ុន្តែមិនបញ្ចេញទស្សនៈណាៗទេ
“សម្លាញ់អើយ ! ជីវិតក្នុងព្រះពុទ្ធសាសនារបស់ខ្ញុំកូណាគង់នឹងចប់សូរេចនៅគ្រានេះឯង ចុះសម្លាញ់វិញ នៅរឹងមាំចំពោះឧត្តមគតិរបស់សាសនាល្អទេ?”
“ពេលនេះ នៅរឹងមាំល្អទេ ប៉ុន្តែនៅឯភ្នែក មិនដឹងជាយ៉ាងណាទេ ប៉ុន្តែបើស្ថិតក្នុងសភាពបែបនេះរហូត ខ្ញុំកូណាគិតថាល្មមនឹងបួសឧទ្ទិសជីវិតក្នុងសាសនារបស់ព្រះបរមសាស្តាបាន”
“ជាការល្អហើយ ខ្ញុំកូណាសូមអនុមាទនាផង ចុះលោកចម្រើនធម៌អ្វីជាប្រចាំឬ បានជាមានចិត្តរឹងមាំ បែបនេះ?”
“តាមធម្មតា ខ្ញុំកូណាចម្រើនមរណស្សតិ គឺ ខិតខំនឹករលឹកដល់សេចក្តីស្លាប់ជារឿយៗ គិតថា ជីវិតនេះ ខ្លីណាស់ ជីវិត គឺ ការធ្វើដំណើរដើរផ្លូវទៅរកសេចក្តីស្លាប់រាល់ថ្ងៃ យប់ថ្ងៃកន្លងទៅ គឺ ជំហាននីមួយៗ ដែលនាំយើងដើរទៅរកមច្ចុរាជរាល់ចង្វាក់ កាលបើស្លាប់ហើយក៏កើតទៀត លុះកើតហើយក៏ស្លាប់ទៀត យើងកើតស្លាប់ទៅយ៉ាងនេះ មិនដឹងជាប៉ុន្មានសែនជាតិទៀតទេ សភាពច្រំដែលបែបនេះចាត់ជាភាវៈគួរ ឲ្យធុញទ្រាន់សម្រាប់ព្រះអរិយបុគ្គលទាំងឡាយ លោកទើបភៀសខ្លួនចេញពីសេចក្តីស្លាប់និងកំណើត ដែលមិនចេះចប់មិនចេះហើយនេះ កាលបើខ្ញុំកូណាគិតគន់តាមវិធីនេះ ក៏ចាប់ផ្តើមមើលឃើញថា ជីវិតជា ធម្មជាតតិចតួចណាស់ អាយុប្រមាណ ៦០-៧០ ឆ្នាំដែលយើងរស់នៅក្នុងលោកនេះ បើប្រៀបធៀបទៅ នឹងអនេកជាតិដែលយើងធ្លាប់កើតមក និង រាប់សែនជាតិតទៅមុខទៀតដែលយើងត្រូវកើត ក៏ស្មើនឹង ចម្ងាយផ្លូវតែមួយជំហានក្នុងសែនយោជន៍ប៉ុណ្ណោះ ជីវិតនេះតិចតួចខ្លាំងណាស់ សម្រាប់ខ្ញុំកូណា មិនល្មមនឹងឆ្លៀតពេលចេញទៅរកសេចក្តីភ្លើតភ្លើនពីលោកីយ៍បានទេ ខ្ញុំកូណាតាំងចិត្តថានឹងរូតរះទៅឲ្យ ដល់ទិសដៅ គឺ ព្រះនិព្វាន នឹងបានបញ្ឈប់រង្វិលកើតរង្វិលស្លាប់ដ៏គួរឲ្យធុញទ្រាន់នេះ”
“សម្លាញ់អើយ ! គិតអញ្ចឹងត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំកូណាឃើញថានឹងត្រូវធ្លាក់ខ្លួនជាទាសករនៃ កិលេសវដ្តៈយូរតទៅទៀតហើយ ព្រោះឃើញថាចិត្តនៅខ្វល់ខ្វក់នឹងលោកនេះខ្លាំងណាស់ ខ្ញុំកូណា ឈ្លក់វង្វេងនឹងស្ត្រីភេទ” ។
ខ្ញុំកូណាក៏ធ្លាប់ឈ្លក់វង្វែងនឹងស្ត្រីភេទដូចសម្លាញ់ដែរ ប៉ុន្តែក្រោយមក ខ្ញុំកូណាក៏សួរខ្លួនឯងថា​ ការដែល យើងស្រឡាញ់ស្ត្រីនោះ តើយើងស្រឡាញ់អ្វីរបស់គេ? កាលបើគិតគន់មើលដោយចិត្តតាមផ្លូវធម៌ ឃើញ ថា រូបរាងរបស់គេជាប្រការទីមួយ ព្រោះរាល់ខណៈដែលប្រទះឃើញ ស្ត្រីភេទណាឲ្យតែមានរូបរាងស្អាត ខ្ញុំកូណាក៏នឹកស្រឡាញ់ភ្លាម ប៉ុន្តែបើប្រទះឃើញស្ត្រីភេទណាមានរូបរាងអបលក្ខណ៍មិនស្អាត ខ្ញុំកូណាមិននឹកស្រឡាញ់ទេ កាលបើដឹងច្បាស់ថាខ្លួនស្រឡាញ់ចូលចិត្តរូបរាងស្អាតបែបនេះ ក៏គិតតទៅ ទៀតថា  សម្រស់គឺជាអ្វី? សម្រស់ហ្នឹងនៅឯណា? បញ្ហា ២ ចំណុចនេះ ខ្ញុំកូណាពិបាកគិតរកចម្លើយ ខ្លាំងណាស់ ជាដំបូង ខ្ញុំកូណាព្យាយាមកំណត់ចំណាំលក្ខណៈកែវភ្នែកដែលខ្ញុំកូណាយល់ថាស្អាតបំផុត ហើយក៏យកទៅអធិប្បាយឲ្យមិត្រភក្តិស្តាប់ កែវភ្នែកដែលស្អាតត្រូវមានលក្ខណៈយ៉ាងនេះៗ ហើយគេ ក៏អធិប្បាយលក្ខណៈកែវភ្នែកដែលគេចូលចិត្តឲ្យខ្ញុំកូណាស្តាប់ដែរ ខ្ញុំកូណាបានលើកយកចំណែក ផ្សេងៗនៃរាងកាយទៅស្នើសុំយោបល់ពីមនុស្សជាច្រើននាក់ ប្រាកដឃើញថា ម្នាក់ៗបញ្ចេញទស្សនៈ ផ្សេងៗគ្នាតាមដែលខ្លួនចូលចិត្ត ការដែលមានគំហើញត្រូវគ្នាតិចតួចណាស់ កាលបើដូច្នេះ ខ្ញុំកូណាទើប យល់ឃើញថាសម្រស់ស្រស់ស្អាតដែលជាធម្មជាតិពិតជាក់លាក់នោះគ្មានទេ សម្រស់ស្រស់ស្អាត វាអាស្រ័យទៅលើសេចក្តីពេញចិត្តនៃមនុស្សម្នាក់ៗ អ្នកណាចូលចិត្តយ៉ាងណាក៏ថាយ៉ាងនោះស្អាតទៅ សម្រស់ស្រស់ស្អាតនៅឯណា? សំណួរនេះជាបញ្ហាសាញចាក់ស្រែះមួយទៀតដែលពិបាកនឹងអះអាង ថាសម្រស់នោះនៅត្រង់ណេះនៅត្រង់ណោះខ្លាំងណាស់ បើយើងប្រកាន់ថាសម្រស់របស់ស្ត្រីនៅ ត្រង់ច្រមុះ ច្រមុះក៏គួរតែស្អាតជារហូតទៅ មិនថានៅត្រង់កន្លែងណាទេ ប៉ុន្តែបើយើងកាត់ច្រមុះទៅទុក មួយអន្លើសិន សម្រស់ត្រង់ច្រមុះនោះក៏បាត់ទៅភ្លាម ក្រោយពីគិតគូរអស់ពេលជាយូរ ក៏ល្មមនឹងឃើញ បានថា សម្រស់នោះកើតឡើងព្រោះអវយវៈគ្រប់ផ្នែកនៅរួមគ្នាជាពួកជាក្រុម បើខ្វះផ្នែកណាមួយ សូម្បីផ្នែកដទៃទៀតនៅសល់ក៏ដោយ ក៏មើលទៅមិនស្អាតដែរ ឧទាហរណ៍ដូចជា ស្ត្រីស្អាត់ៗទាំង ឡាយ បើយើងកាត់ច្រមុះចេញ ក៏អស់សម្រស់ភ្លាម ស្ត្រីស្អាតៗនេះឯងបើយើងលឿយយកស្បែកទៅ គរទុកមួយអន្លើ លឿយសាច់ទៅគរទុកមួយអន្លើ កោរសក់ទៅគរទុកមួយអន្លើ យកពោះវៀនពោះតាំង ទៅគរទុកមួយអន្លើ យកឆ្អឹងទៅគរទុកមួយអន្លើ ហើយក៏ឈរសម្លឹងមើលឲ្យឆ្ងាយបន្តិច ច្បាស់ជានឹង មិនឃើញកន្លែងណាស្រស់ស្អាតដូចដែលចិត្តនឹកគិតនោះទេ សម្លាញ់អើយ ! កាលបើខ្ញុំកូណាគិតឆ្អិន ឆ្អៅដូច្នេះហើយ ខ្ញុំកូណាទើបយល់ឃើញថា សម្រស់ស្រស់ស្អាតគ្រាន់តែជាធម្មជាតិឆបោកកែវភ្នែក មនុស្សយើងដែលមានស្បែកលាបលននៅខាងក្រៅប៉ុណ្ណោះ បើយើងសម្លឹងមើលតែផ្នែកខាងក្រៅតែ ម៉្យាង ក៏ប្រទះឃើញសម្រស់ស្រស់ស្អាតអញ្ចឹងមែន ប៉ុន្តែបើមើលឲ្យល្អិតល្អន់តទៅទៀត នឹងពុំប្រទះ ឃើញសម្រស់ស្រស់ស្អាតឡើយ ព្រះបរមសាស្តាបង្រៀនឲ្យយើងសម្លឹងមើលអ្វីៗឲ្យគ្រប់ជ្រុងជ្រោយ មើលគ្រប់ៗផ្នែក មើលដោយចិត្តជាឧបេក្ខា ទើបមើលឃើញសេចក្តីពិតបាន បើមើលសើៗតែសម្បកក្រៅ ទេ នឹងមើលឃើញតែរូបភាពបញ្ឆោតកែវភ្នែកប៉ុណ្ណោះ នាំឲ្យកើតសេចក្តីយល់ឃើញខុស ភាន់ស្រឡាញ់ ភាន់ស្អប់ ភាន់ខ្ពើម ភាន់ខ្លាច ប្រៀបបីដូចជាបុរសដើរទៅតាមផ្លូវក្នុងពេលព្រលប់អំព្រឹលៗ ឃើញកន្លុយ ខ្សែនៅច្រងាងលើផ្លូវ មិនទាន់មើលឲ្យល្អិត យល់ច្រឡំថាជាពស់ក៏ខ្លាចញញើត ប៉ុន្តែបើសម្លើងមើលឲ្យ ល្អិតល្អន់ទៅ ក៏ឃើញការពិតថាវាមិនមែនជាពស់ទេ ហើយគេក៏បាត់ខ្លាចភ្លាម ម្យ៉ាងទៀត សម្រស់ស្រស់ ស្អាតនោះមាននៅបណ្តោះអាសន្នប៉ុណ្ណោះ ស្ត្រីភេទមើលទៅស្រស់ស្អាតក៏ព្រោះតែនៅក្មេងខ្ចីប៉ុណ្ណោះ ប៉ុន្តែកាលបើអាយុឈានដល់ ៥០ ឆ្នាំឡើងទៅហើយ សម្រស់ស្រស់ស្អាតក៏រលប់បាត់អស់ សម្រស់ អាស្រ័យនឹងការនៅមានជីវិតរស់ ស្រ្តីរូបស្រស់ទាំងពួងលុះស្លាប់ទៅហើយ សម្រស់ក៏អស់រលីងទៅ គ្មានអ្នកណាត្រូវការទៀតទេ សម្លាញ់អើយ ! កាលបើគិតឃើញដូច្នេះហើយបានជាខ្ញុំកូណាមិនឈ្លក់ វង្វេងចង់បានស្ត្រីភេទដូចមុនទៀត ចិត្តក៏ចេះតែធូរស្បើយជារៀងរហូតមក ។
សម្តីរបស់ភិក្ខុជាសម្លាញ់បានផ្តល់ពន្លឺដល់ខ្ញុំព្រះករុណាយ៉ាងច្រើន ប៉ុន្តែមិនដល់ថ្នាក់ធ្វើឲ្យខ្ញុំព្រះករុណា បំភ្លេចលីលាវតីបានទេ ព្រោះខ្ញុំព្រះករុណាមិនបានស្រឡាញ់នាងដោយរូបសម្បត្តិតែម្យ៉ាងទេ ប៉ុន្តែ ខ្ញុំព្រះករុណាស្រឡាញ់នាងខាងចិត្តស្មោះត្រង់ សុចរិត និង ភក្តីភាពយ៉ាងឆ្នើមរបស់នាង ខ្ញុំព្រះករុណា បានជំនុំគ្នាជាមួយនឹងភិក្ខុជាសម្លាញ់អស់ពេលជាយូរអំពីជីវិតនិងធម៌អាថ៌ សុមនភិក្ខុព្យាយាមចង្អុល បង្ហាញឲ្យខ្ញុំព្រះករុណាមើលឃើញអនិច្ចភាពរបស់វដ្តលោក ដើម្បីញ៉ាំងខ្ញុំព្រះករុណាឲ្យកើតនិព្វិទា(សេចក្តីនឿយណាយ) ប៉ុន្តែឃើញថាបានទទួលលទ្ធផលតិចតួចណាស់ ព្រោះចិត្តរបស់ខ្ញុំព្រះករុណា ក្នុងខណៈនោះកំពុងត្រូវស្នេហាគ្របសង្កត់យ៉ាងស៊ប់មាំទាល់តែហេតុផលរបស់សម្លាញ់មិនអាចនឹងចាក់ ទម្លុះធ្លុះទៅបាន សម្លាញ់របស់ខ្ញុំព្រះករុណាបានព្យាយាមយ៉ាងពេញទំហឹងដើម្បីឲ្យខ្ញុំព្រះករុណា ក្រឡាស់ចិត្តតាមទស្សនគតិរបស់លោក ការដែលខ្ញុំព្រះករុណានឹងសឹកចេញទៅកាន់លោកិយវិស័យ នេះ ក៏ស្មើនឹងការលោតចូលទៅក្នុងអន្លង់នៃទុក្ខ លោកពោលថា
“សម្លាញ់អើយ ! វដ្តលោកនេះពោរពេញទៅដោយភ្លើងទុក្ខ សត្វលោកកំពុងត្រូវភ្លើង គឺ គម្លាន និង សម្រេកឆាបឆេះប្រលោមដួងចិត្ត ម្នាក់ៗកំពុងធ្លាក់ក្នុងសភាពបីដូចជាខ្លាឃ្លានចំណី គឺ ឃ្លានរូប ឃ្លាន សម្លេង ឃ្លានក្លិន ឃ្លានរស និង ឃ្លានសម្ផស្ស កាលបើហេវក៏ស្វះពន្លះរកអ្វីៗទាំងអស់នេះមកសម្រន់ រំហេវ មនុស្សបានធ្លាក់ខ្លួនជាទាសករនៃគម្លាន ត្រដរតស៊ូស្វែងស្វះននះននាលរកអាហារវត្ថុផ្សេងៗមក ចាក់បំពេញគម្លាន បើរកបានក៏ឈ្មោះថាបានសេចក្តីសុខ បើរកមិនបាន ក៏កើតទុក្ខព្រួយ នេះឯងគឺជា សម្រាស់បន្លាដែលមាននៅដេរដាសក្រាស់ក្រែលលើវិថីជីវិតរបស់មនុស្ស កាលបើយកជើងជាន់ទៅ ក៏ ត្រូវជួបប្រទះនឹងសេចក្តីឈឺចាប់ពើតផ្សា គម្លាតដែលឃ្លាតចាកគ្នា គឺ នៅពេលលើកជើងឡើងប៉ុណ្ណោះ   ពេលនេះឯងដែលមនុស្សយល់ថាមានសេចក្តីសុខ ប៉ុន្តែនៅខណៈដែលជើងម្ខាងទៀតឃ្លាតចាកបន្លា ព្រោះលើកឡើងនោះ ជើងម្ខាងទៀតក៏កំពុងតែជាន់បន្លា ព្រោះមនុស្សយើងមិនអាចឈានដើរទៅដោយ ជើងទាំងសងខាងព្រមគ្នាបានទេ ហេតុដូច្នោះបានជាជីវិតនេះសោយសុខខ្លះ រងទុក្ខខ្លះឆ្លាស់គ្នាទៅ
សម្លាញ់អើយ ! គោលដៅធំរបស់មនុស្សគឺសេចក្តីសុខ សត្វលោកយល់ថាមនុស្សមានសេចក្តីសុខបាន ទាល់តែមានទ្រព្យសម្បត្តិ ម្លោះហើយបានជាមនុស្សនាំគ្នាខ្នះខ្នែងស្វែងរកទ្រព្យសម្បត្តិគ្រប់គ្នា ទោះបី ខុសឆ្គងយ៉ាងណាក៏សុខចិត្តដែរ ឲ្យតែខ្លួនបានទ្រព្យសម្បត្តិ លុះបានទ្រព្យសម្បត្តិមកហើយ ជួសនឹង ពេញចិត្តត្រឹមប៉ុណ្ណោះក៏ទេ មិនយូរប៉ុន្មានក៏ធុញទ្រាន់ ចង់បានទ្រព្យថ្មីទៀត មនុស្សយើងគិតឃើញថា បើបានរបស់នេះបានរបស់នោះមកមុខជាមានសេចក្តីសុខមិនខាន លុះបានមកហើយ ជួសនឹងមាន សេចក្តីសុខសមដូចចិត្តប៉ងប្រាថ្នាក៏ទេ បែរជាលះលែងគ្រវែងសេចក្តីសុខចោល ចិត្តក៏ស្ទុះទៅចងកួច នឹងរបស់ដទៃទៀត ហើយក៏ខះខំសន្សំស្វែងរកយ៉ាងកខ្វេសកខ្វាស”
សរុបសេចក្តីមកថា មនុស្សយើងប្រមាញ់ដេញតាមសេចក្តីសុខគ្រប់ពេលវេលា ប៉ុន្តែមិនដែលដេញតាម ទាន់សេចក្តីសុខម្តងណាឡើយ គ្រាន់តែហៀបនឹងទាន់ សេចក្តីសុខក៏លោតប្រូចទៅមុខជារឿយៗ ។
“សម្លាញ់អើយ ! ខ្ញុំកូណាយល់ថាសេចក្តីសុខពិតប្រាកដមិនមាននៅក្នុងលោកនេះទេ ការដែលយើងយល់ ថាសេចក្តីសុខនោះ គឺគ្រាន់តែជាសេចក្តីទុក្ខស្រាលស្កាលចុះតិចប៉ុណ្ណោះ តួខ្លួនរបស់យើងគឺជាកងទុក្ខ ដែលពោរពេញដោយសេចក្តីឈឺចាប់ គម្លាននិងសេចក្តីនឿយហត់ល្ហិតល្ហៃលាយឡំដោយទុក្ខផ្សេងៗ ទៀតសឹងតែរាប់មិនអស់ អ្វីៗដែលនៅជុំវិញខ្លួនយើងសុទ្ធសឹងតែជាគឿងបណ្តោះទុក្ខទាំងអស់ យើង​ស្វែងរកគ្រឿងបណ្តោះទុក្ខគ្រប់ពេលវេលាចាប់តាំងពីភ្ញាក់ពីដំណេករហូតដល់ចូលដំណេក កាលបើហេវ ក៏បរិភោគអាហារ កាលបើឈឺខ្នងឈឺចង្កេះក៏ត្រូវចូលដំណេក កាលបើដេកយូរពេក ក៏ស្ពឹកស្រពន់ត្រូវ ក្រោកឡើងធ្វើការ កាលបើធ្វើការយូរពេកក៏នឿយហត់ត្រូវសម្រាក កាលបើស្រេកទឹកក៏ផឹកទឹក បើងងុយ ក៏ចូលដំណេក កាលបើឈឺដោះទុក្ខសត្វក៏ត្រូវបន្ទោបង់ចេញ កាលបើហេវបាយក៏ត្រូវបរិភោគបាយ ទៀត  បើស្អិតខ្លួនក៏ត្រូវងូតទឹក អ្វីៗទាំងអស់នេះគ្រាន់តែជារឿងបណ្តោះទុក្ខមួយគ្រាៗប៉ុណ្ណោះ គិតៗទៅ  ពិភពលោកយើងនេះស្រដៀងនឹងមហាវេជ្ជគ្រឹះ មនុស្សម្នាក់ៗសុទ្ធតែជាអ្នកជម្ងឺឈឺដោយជម្ងឺទុក្ខ បើសេចក្តីទុក្ខត្រូវគេបន្សាត់បង់ចោលហើយ ក៏ស្រណុកសុខស្រួល មនុស្សក៏យល់ថាខ្លួនមានសេចក្តីសុខ  ណ្ហើយចុះ ទោះបីជាអាចកម្ចាត់ចោលបានទាំងស្រុងហើយក៏ដោយ ទុក្ខ គឺចំណាស់ចាស់គ្រាំគ្រាកំពុងតែ រងចាំនៅខាងមុខ ទុក្ខទាំងពីរយ៉ាងនេះគ្មានអ្នកណាលុបបំបាត់វាបានទេ
សម្លាញ់អើយ ! គ្រាន់តែខ្លួនមួយធ្ងន់ប៉ុនណេះទៅហើយ លីពុនស្ទើរតែមិនរួច ចុះទម្រាំនឹងមានប្រពន្ធមាន កូន មានខ្ញុំប្រុសខ្ញុំស្រី មានចៅហ្វាយនាយ មានគ្នីគ្នាបូកចូលមកឲ្យយើងលីទៀត នឹងមិនធ្ងន់ស្លាប់ទេឬ? ខ្ញុំកណានឹងតំណាលរឿងផ្ទាល់ខ្លួនឲ្យសម្លាញ់ស្តាប់ កាលពី ២ ឆ្នាំមុន ខ្ញុំកូណាបាននឹកស្រឡាញ់ កុលស្ត្រីម្នាក់ក្នុងក្រុងសាវត្ថីនេះ ខ្ញុំកូណានឹកស្រឡាញ់តែម្នាក់ឯងស្ងាត់ៗដោយមិនឲ្យនាងដឹងខ្លួន  នាង តែងតែមកស្តាប់ធម៌ក្នុងវត្តជេតវ័នជាមួយនឹងម្តាយរបស់នាងស្ទើរតែរាល់ល្ងាច សេចក្តីស្រឡាញ់បែបនេះ ធ្វើឲ្យខ្ញុំកូណាមានសេចក្តីសុខខ្លះកាលបើបានឃើញមុខនាងបានឮសម្លេងនាង ប៉ុន្តែកាលបើមិនបាន ឃើញមុខនាង មើលទៅដូចជាខ្ញុំកូណាទទួលរងទុក្ខច្រើនជាងសុខព្រោះសោកសង្រេងចិត្តគិតអាល័យ ដល់នាង ។

ចំណេរកាលតមក កុលស្ត្រីម្នាក់នោះបានរៀបការជាមួយនឹងបុត្រសេដ្ឋីម្នាក់ហើយក៏ផ្លាស់លំនៅទៅរស់ នៅឯក្រុងសាកេតុបាត់ទៅ គ្រាន់តែឮដំណឹងថានាងរៀបការ ខ្ញុំកូណាចំបែងចិត្តជាខ្លាំងទាល់តែឆាន់មិន បានសិងមិនលក់អស់ជាច្រើនថ្ងៃ នៅទីបំផុត ខ្ញុំកូណាទើបសួរខ្លួនឯងថាហេតុអ្វីបានជាអាត្មាអញព្រួយ ចិត្ត ទាំងបានរកឃើញចម្លើយថាហេតុតដែលព្រួយចិត្តព្រោះតែអាត្មាអញយកចិត្តទៅចងកួចនឹង កុលស្ត្រី យកចិត្តទៅចងខខិតទុក កាលបើកុលស្ត្រីនោះទៅមានប្តី ចិត្តរបស់យើងក៏អាន់អន់ស្រពន់ទៅ តាមដែរ មិនថាអ្វីទាំងអស់ បើយើងយកចិត្តទៅផ្ញើទុក ទៅប្រកាន់ទុក លុះរបស់នោះរលារលាញទៅ ចិត្តរបស់យើងក៏ខូចទៅតាមដែរ កាលបើដឹងដូច្នោះ ខ្ញុំកូណាក៏ព្យាយាមដកហូតយកចិត្តចេញពីរបស់ ផ្សេងៗ មិនយកចិត្តទៅប្រកួចប្រកាន់អ្វីៗទាំងអស់ សូម្បីតែរាងកាយរបស់យើង ឃើញថាចិត្តធូរស្បើយ  គ្រាន់បើដែរ ” ។
ភិក្ខុជាសម្លាញ់ជាអ្នកនិយាយម្នាក់ឯងស្ទើរតែរហូត ខ្ញុំព្រះករុណាអង្គុយស្តាប់ទាល់តែដល់ពេលដ៏សមគួរ ហើយទើបនមស្ការលាសម្លាញ់ចូលទៅរកព្រះឧបជ្ឈាយ៍ដើម្បីទូលលា លោកបានទេសនាឲ្យខ្ញុំព្រះ ករុណាស្តាប់មួយកណ្ឌទៀត លោកតិះដៀលសេចក្តីសុខបែបលោកីយ៍យ៉ាងចាស់ដៃខ្លាំងជាងសុមនភិក្ខុ ជាសម្លាញ់របស់ខ្ញុំព្រះករុណាទៅទៀត ប៉ុន្តែកាន់តែតិះដៀលខ្លាំង មើលទៅធ្វើឲ្យខ្ញុំព្រះករុណាកាន់តែ​យល់ចិត្តលីលាវតីខ្លាំងឡើង ខ្ញុំព្រះករុណាត្រូវអត់ធ្មត់យ៉ាងខ្លាំងក្នុងការស្តាប់ឱវាទរបស់លោក ជួនកាល គិតចង់នឹងប្រកែកជាមួយនឹងលោកដែរ ប៉ុន្តែអាស្រ័យសេចក្តីគោរពកោតក្រែងលោកមានច្រើនជាងទើប រម្ងាត់ចិត្តបាន នៅទីបំផុត លោកក៏មិនព្រមឲ្យខ្ញុំព្រះករុណាសឹក លោកឲ្យពេលវេលាដល់ខ្ញុំព្រះករុណាត្រឡប់ទៅគិត ២ ថ្ងៃទៀត ហើយសឹមត្រឡប់មកប្រាប់លោកវិញ ខ្ញុំព្រះករុណាធ្វើតាមលោកដោយល្អតាមដែលធ្លាប់បដិបត្តិមក ។

loading…

166 total views, 1 views today

Facebook Comments