២៦.អគ្គីភ័យ

ម្នាលលោកដ៏មានអាយុ ! ក្រោយពីចម្រើនពរលាស្ត្រីជរាក្នុងគ្រានោះមក ខ្ញុំព្រះករុណាបានទៅស្នាក់នៅគង់ ចាំវស្សាក្នុងកោលិកាគ្រាមនៃក្រុងរាជគ្រឹះ ពួកអ្នកស្រុកជាសប្បុរសជនជួយគ្នាកសាងកុដិតូច ១ ខ្នង ឲ្យខ្ញុំព្រះ ករុណាគង់នៅត្រង់ជើងភ្នំក្បែរដងអូរ ខាងក្រោយកុដិជាទំនួលខ្ពស់ឡើងទៅ ខាងមុខកុដិមានធ្លាថ្មធំល្វើយរាប ស្មើ បរិវេណជុំវិញកុដិមានដើមឆត្ររួតខ្នាតធំដុះទ្រុលទាំងបែកមែកសាងញ៉ាងគ្របដណ្តប់ពីលើ ធ្វើឲ្យផែនថ្ម ត្រជាក់ស្រេប គួរឲ្យសម្រាកលេងពន់ពេក បន្ទាប់ពីផែនថ្មនេះទៅជាទីធ្លាធំទូលាយគួរសម ត្រង់ទីធ្លាដីនេះ មានកូនកុដិតូច ១ ខ្នងទៀតសម្រាប់ជាលំនៅរបស់ឧបាសកម្នាក់ដែលអ្នកស្រុកចាត់តាំងគាត់ឲ្យនៅចាំបម្រើ ខ្ញុំព្រះករុណា តពីនេះទៅជាផែនថ្មខ្ពស់ខ្លះ ទាបខ្លះ រៀងរាយខ្ពស់ទាប តម្រៀបគ្នាតាមលំដាប់លំដោយ ហាក់ បីដូចជាជណ្តើរធម្មជាតិលាតសន្ធឹងដល់ដងអូរ ត្រង់ដងអូរមានដើមឈើធំ ១ ដើមដួលរលំចុះដោយកម្លាំង ខ្យល់ព្យុះជាយូរមកហើយ លាតចង្គ្រាងនៅកណ្តាលដងអូរ ក្លាយជាស្ពានធម្មជាតិសម្រាប់ខ្ញុំព្រះករុណាដើរ ឆ្លងទៅបិណ្ឌបាតក្នុងភូមិដែលនៅឆ្ងាយប្រមាណជា ៥០០ ដងធ្នូ បរិវេណម្តុំនោះសម្បូរទៅដោយសត្វព្រៃ មានប្រភេទផ្សេងៗចាប់តាំងពីភាណកសត្វតូចល្អិត ដែលយំស្រែកសម្រែកស្រួចឆ្មារក្នុងរាត្រីកាលរហូត ដល់សត្វ មាន់ព្រៃនិងសត្វទទាមកដើរកកាយរកចំណីស៊ីក្បែរកុដិ ដោយពុំបានសម្តែងឧត្តាសភាពភ័យ ខ្លាចអ្នកដែលមានចិត្តពេញព្រៀបដោយមេត្តាធម៌ឡើយ ខ្ញុំព្រះករុណាប្រាយរាយគ្រាប់បាយដែលសល់ ពីឆាន់ក្បែរកុដិ បណ្តោយឲ្យសត្វទាំងឡាយមកកកេះកកាយស៊ីក្នុងមជ្ឈន្តិកសម័យថ្ងៃត្រង់ លំនៅរបស់ ខ្ញុំព្រះករុណាពោរពេញទៅដោយធម្មជាតិរស់រវើក ប៉ុន្តែក្នុងសំវរីកាលវិញ ស្ងាត់ច្រងំដូចព្រៃស្មសាន បើទុកជាដូច្នោះក៏ដោយ ក៏មិនបានធ្វើឲ្យខ្ញុំព្រះករុណាអផ្សុកអប្បាន្តទេ ឧបាសកម្នាក់ សត្វមាន់ព្រៃ  សត្វទទា រៃកណ្តឹងនិងរុក្ខជាតិសែនត្រឈឹងត្រឈៃល្មមគ្រប់គ្រាន់ហើយសម្រាប់ផ្តល់កំណក់កក់ក្តៅដល់ ខ្ញុំព្រះករុណា នៅពេលនោះ អ្នកស្រុកម្នាក់កាលបើមកឃើញលំនៅរបស់ខ្ញុំព្រះករុណាហើយក៏នាំគ្នា ហាមាត់សរសើរគ្រប់ៗគ្នាថា ត្រជាក់ត្រជុំស្ងប់ស្រួល គួរឲ្យរស់នៅមែនទែន ខ្ញុំព្រះករុណានិយាយប្រាប់គេ ថាព្រៃធំក្រំថ្មគឺជាលំនៅដើមរបស់មនុស្ស លុះបានមកឃើញលំនៅដើមវិញហើយទើបយល់ថាគួរឲ្យរស់ នៅ ។
នៅកំឡុងពាក់កណ្តាលវស្សានោះឯង ហេតុការណ៍សោកនាថកម្មមួយបានកើតឡើងនាពេលអធ្រាត ដាស់ទំនៃរាត្រីកាលថ្ងៃមួយ នៅខណៈដែលខ្ញុំព្រះករុណាពិចារណាធម៌លើផែនថ្មខាងមុខកុដិ ខ្ញុំព្រះករុណា បានសង្កេតឃើញអណ្តាតភ្លើងឆាបឆេះសន្ធោសន្ទៅភ្លឺធ្លោឡើងឯភូមិកោលិកាគ្រាម ព្រមដោយសូរសម្លេង រឡូងរឡាងរវ៉េសរវ៉ូសរបស់អ្នកស្រុកបានលាន់ឮទ្រហឹងអឺងកងឡើង ខ្ញុំព្រះករុណាគិតក្នុងចិត្តថា មុខជា មានអគ្គីភ័យឆាបឆេះផ្ទះរបស់អ្នកណាម្នាក់មិនខាន ភ្លើងឆាបឆេះអស់ពេលជាយូរទើបថ្ងបស្ងប់ចុះ ។
លុះថ្ងៃព្រឹកឡើង ប្រធានភូមិបានចូលមករកខ្ញុំព្រះករុណាដោយទាំងទឹកភ្នែក ហើយរាយការណ៍សាស័ព្ទ ប្រាប់អស់អាថ៌សេចក្តីថា “បពិត្រព្រះតេជព្រះគុណជាទីគោរព ! យប់មិញនេះ បានកើតមានហេតុការណ៍ ភ្លើងផ្ទះខ្ញុំកណា ផ្ទះសម្បែង និង ទ្រព្យសម្បត្តិទាំងអស់ត្រូវភ្លើងឆេះបំផ្លាញខ្ទេចខ្ទីអស់ហើយ ខ្ញុំកណា ក្លាយជាមនុស្សទុគ៌តកម្សត់ហើយ សូមព្រះតេជព្រះគុណប្រោសប្រាណអនុគ្រោះខ្ញុំកណាផង”

“មិនបាច់ខ្វល់ទេ ញោម ! អាត្មានឹងជួយញោមទាល់តែអស់ពីសមត្ថភាព”

“សូមជួយឲ្យរហ័សមក ពុំនោះសោតទេ ខ្ញុំកណាព្រមទាំងកូនប្រពន្ធនឹងអត់បាយដាច់ពោះស្លាប់មិនខាន”

ប្រធានភូមិនិយាយយ៉ាងតក់ក្រហល់

“អាត្មារៀបរបជួយឥឡូវនេះឯង ប៉ុន្តែសូមឲ្យញោមរំងាប់ចិត្តបំភ្លេចរឿងភ្លើងឆេះផ្ទះហ្នឹងមួយស្របក់សិន”

ឧបាសកជាប្រធានភូមិអង្គុយជ្រប់មុខបិទភ្នែកចុះដោយកិរិយាសម្រួមដោយល្អ បន្ទាប់មក ខ្ញុំព្រះករុណា ក៏ចាប់ផ្តើមជួយអនុគ្រោះគាត់ដោយធម្មោសថដូចតទៅនេះ

“ម្នាលឧបាសក ! ចូរតាំងចិត្តឲ្យស្ងប់ ហើយចាំស្តាប់រឿងដែលអាត្មានឹងតំណាលឲ្យស្តាប់ នៅកំឡុងពេល ដែលអាត្មាដើរផ្លូវត្រាច់រង្គត់សាត់អណ្តែតមកតាមលំដាប់លំដោយនោះ នៅថ្ងៃមួយ អាត្មាបានឈាងចូល ទៅសិងសម្រាកពេលយប់ក្នុងភូមិមួយ ព្រឹកព្រលឹមឡើង ក៏ចូលទៅបិណ្ឌបាតក្នុងភូមិនោះតាម សមណវិស័យ ក្នុងខណៈដែលកំពុងតែដើរតាមផ្លូវទៅនោះ អាត្មាបានសង្កេតឃើញហ្វូងមនុស្សចោម រោមមើលអ្វីម្យ៉ាងជាហ្វូងធំ ទើបដើរប្រជ្រៀតចូលទៅក្បែរខាង ដើម្បីមើលឲ្យដឹងថាមានរឿងអ្វីកើតឡើង អាត្មាបានឃើញមនុស្ស ២ ឬ ៣ នាក់កំពុងតែចាប់អូសប្រុសម្នាក់ទៀតយ៉ាងទីណាត់ទីណែងចេញពី កុម្ភការដ្ឋាន(រោងផលិតក្អម)របស់ស្មូនឆ្នាំង(កុម្ភការី) ប្រុសដែលគេអូសទាញចេញនោះតស៊ូរើបម្រះ ចង់ត្រឡប់ចូលទៅកុម្ភសាលាវិញទាំងស្រែកតវ៉ាថា”ខ្ញុំមិនទៅទេ ខ្ញុំមិនទៅទេ នេះជារោងក្អមរបស់ ខ្ញុំ ឲ្យខ្ញុំទៅណា”ចំណែកឯមនុស្សជាច្រើនមិនព្រមស្តាប់សម្រែករបស់ប្រុសនោះទេ ព្យាយាមច្រានគេ ចេញទៅព្រមទាំងស្រែកថា អាឆ្កួត ! អាឆ្កួត ! បានឃើញហេតុការណ៍ឆ្លែកនោះហើយ អាត្មាបានសួរ ប្រុសម្នាក់ទៀតថាមានរឿងអីឬ គេអធិប្បាយឲ្យស្តាប់ថាមនុស្សប្រុសដែលគេទាញចេញនោះជាមនុស្ស ប្លែកមុខ មកពីណា មិនស្គាល់ទេ កាលពីយប់មិញនេះបានចូលទៅសុំស្នាក់អាស្រ័យក្នុងផ្ទះស្មូនឆ្នាំង ប្រាប់ថា ព្រឹកស្អែក នឹងចេញដំណើរដើរផ្លូវតទៅទៀត សុំស្នាក់អាស្រ័យតែមួយយប់ទេ ស្មូនឆ្នាំងក៏ ត្រេកអរ ចាត់កន្លែងស្នាក់ឲ្យដោយអធ្យាស្រ័យមេត្រីចិត្ត រករបស់ប្រើប្រាស់ផ្សេងៗមកឲ្យ លុះព្រឹកឡើង ប្រុសប្លែកមុខម្នាក់នោះត្រឡប់ជានិយាយប្រែសម្តីថា រោងក្អមនិងអ្វីៗខាងក្នុងនោះជាសម្បត្តិរបស់ខ្លួន មិនព្រមចេញពីរោងក្អមនោះទេ  អ្នកស្រុកគិតថាគេបានក្លាយទៅជាមនុស្សឆ្លួតទៅហើយ ទើបជួយគ្នា ទាញដៃទាញជើងប្រុសនោះចេញដូចដែលព្រះតេជព្រះគុណកំពុងតែឃើញនោះឯង”

ម្នាលឧបាសក ! បើញោមទៅជួបហេតុការណ៍បែបនោះ តើញោមគិតយ៉ាងណា? ញោមគិតថាប្រុស នោះជាមនុស្សឆ្កួតឬមនុស្សជា?

ប្រធានភូមិឆ្លើយតបយ៉ាងស្រងូតស្រងាត់ថា “ប្រុសនោះប្រាកដជាឆ្កួត ព្រោះនិយាយម៉ៅយករបស់គេ ជារបស់ខ្លួនយ៉ាងប៉ាតណាប៉ាតណី ថ្វីបើខ្លួនពុំមានសិទ្ធិអំណាចគ្រប់គ្រងកម្មសិទ្ធិនោះក៏ដោយ”

“បើប្រុសនោះឆ្កួត មនុស្សភាគច្រើនក៏ឆ្កួតដែរ អាត្មាសូមពន្យល់ហេតុផលដូចតទៅនេះ”

“ពិភពលោកនេះប្រៀបដូចជារោងជាងរបស់ស្មូនឆ្នាំង មនុស្សម្នាក់ៗគ្រាន់តែជាអ្នកមកសុំស្នាក់អាស្រ័យ បណ្តោះអាសន្នប៉ុណ្ណោះ មិនយូរមិនឆាប់ក៏ចាកចោលទៅ យើងធ្វើដំណើរមកកាន់ពិភពលោកនេះ ដោយខ្លួនទទេ សូម្បីតែសម្បត្តិមួយចម្រៀកក៏គ្មានបានយកមកជាប់នឹងខ្លួនដែរ សម្បតិ្តផ្សេងៗដូចជា ផ្ទះសម្បែង ស្រែចម្ការ សំពត់សំពិន មាសប្រាក់ សុទ្ធតែយើងរកវាយកមកជាខាងក្រោយទាំងអស់ លុះដល់គ្រាដែលយើងត្រូវលាលាកពីលោកនេះទៅ យើងត្រូវបោះបង់ទ្រព្យសម្បត្តិទាំងអស់នេះចោល ជាខាងក្រោយ ទោះបីមានតិចច្រើនប៉ុនណា ក៏យកទៅតាមខ្លួនមិនបានដែរ បើឧបមាថា មនុស្ស ទាំងអស់ស្លាប់គ្មានសល់ ទ្រព្យសម្បត្តិក៏ស្ថិតនៅនឹងផែនដីនេះឯង វាត្រូវត្រឡប់ទៅរកម្ចាស់ដើម គឺ ផែនដីនេះវិញ យើងទាំងអស់គ្នាមិនមែនជាម្ចាស់កម្មសិទ្ធិពិតប្រាកដទេ យើងគ្រាន់តែជាអ្នកដំណើរដែល មកសុំស្នាក់អាស្រ័យបណ្តោះអាសន្នប៉ុណ្ណោះ មិនយូរមិនឆាប់យើងក៏ឃ្លៀងឃ្លាលាចេញទៅ លះលែង រវែងបង់របស់របរផ្សេងៗឲ្យដល់អ្នកមកស្នាក់អាស្រ័យក្រោយប្រើប្រាស់តទៅ កាលបើសច្ចភាពប្រាកដ មានបែបនេះ តើទ្រព្យសម្បត្តិរបស់យើងនៅឯណា ទ្រព្យរបស់យើងគ្មានទេ ប៉ុន្តែមនុស្សភាគច្រើននៅតែ យល់ថានេះជាផ្ទះរបស់អញ នេះជាមាសប្រាក់របស់អញ នេះជាសម្លៀកបំពាក់របស់អញ នេះជាស្រែ ចម្ការរបស់អញ នៅប្រកាន់ស្អិតប្រិតនឹងវត្ថុទាំងនេះ មិនចង់ឲ្យខ្លួននិរាសប្រាសចេញពីវត្ថុទាំងនេះទេ មិនចង់ឲ្យវត្ថុទាំងនេះព្រាត់ចេញពីខ្លួនទេ កាលបើកើតមានវិធុរភាព(separation) មនុស្សក៏កើតមាន សំណោកសោកសង្រេង យំខ្សឹកខ្សួលរំជួលចិត្ត គួរនាដូចជាប្រុសប្លែកមុខដែលចូលទៅសុំស្នាក់អាស្រ័យ ក្នុងរោងជាងរបស់ស្មូនឆ្នាំងហើយតោងទាមថាជារបស់ខ្លួនត្រូវគេបញ្ចេរឲ្យចេញទៅក៏មិនព្រមចេញទៅ ដូច្នោះ ហេតុនោះបានជាអាត្មាពោលថាមនុស្សភាគច្រើនក៏ឆ្កួតដូចប្រុសនោះដែរ”

“ម្នាលឧបាសក ! កុំព្រួយចិត្តឡើយដែលញោមត្រូវបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិព្រោះត្រូវភ្លើងឆេះ ព្រោះហេតុថាវត្ថុទាំងនេះមិនមែនជារបស់យើង យើងខ្ចីគេមកប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ឥឡូវ នេះដល់ពេលដែលគេត្រូវទាមទារយករបស់គេទៅវិញហើយ យើងគួរតែសងឲ្យគេវិញដោយចិត្តរីករាយ កាលបើជីវិតសង្ខាររបស់យើងនៅមាន ក៏ស្វែងរកមកថ្មីទៀតបាន ព្រោះហេតុនោះ ចូរកុំសោកសៅក្តៅ ក្រហាយចិត្តឡើយ ធ្វើចិត្តឲ្យរឹងប៉ឹងក្នុងជីវិតឡើង មិនយូរទេ ញោមនឹងអាចសាងឋានៈរបស់ញោមឲ្យរឹង មាំបានដូចដើមវិញមិនខាន” ។

មេភូមិនៅតែរិះគិតអស់ពេលជាយូរ ហើយទើបឱនចុះក្រាបអភិវាទខ្ញុំព្រះករុណាហើយនិយាយដោយ សម្លេងច្បាស់ស្រឡះជាងមុនថា “បពិត្រព្រះតេជព្រះគុណជាទីគោរព ! ធម៌ទេសនារបស់ព្រះតេជព្រះ គុណបានចាំងពន្លឺភ្លឺស្វាងដល់ចិត្តដ៏ងងឹតងងល់របស់ខ្ញុំកណាច្រើនណាស់ ខ្ញុំកណាមិនដែលបានស្តាប់ ហេតុផលបែបនេះមកពីមុនទេ ទើបយល់ថាទ្រព្យសម្បត្តិទាំងអស់ជារបស់ខ្លួនពិតមែន ប៉ុន្តែតាមសភាព ពិត វាគ្រាន់តែជាវត្ថុធាតុដែលយើងសុំខ្ចីគេមកប្រើប្រាស់បណ្តោះអាសន្នក្នុងកំឡុងពេលដែលយើងមក ស្នាក់អាស្រ័យក្នុងពិភពលោកនេះប៉ុណ្ណោះ លុះយល់ហេតុផលនេះច្បាស់ហើយធ្វើឲ្យខ្ញុំកណាធូរស្បើយ ចិត្តច្រើនណាស់”ពោលហើយគាត់ក៏ឱនកចុះក្រាបអភិវាទខ្ញុំព្រះករុណាដោយលំអុតលំឱនម្តងទៀត

“ម្នាលឧបាសក ! សាមញ្ញជនគ្រប់រូបតែងតែស្ថិតនៅក្រោមអំណាចនៃមោហៈ គឺ សេចក្តីវង្វេង ឬ សេចក្តី យល់ឃើញខុសពីសច្ចភាពដែលជាសភាវៈពិតជាក់លាក់ ប៉ុន្តែគេច្រើនតែមើលឃើញសច្ចភាពទៅជា ប្រការផ្សេងទៅវិញ ហើយក៏ប្រកួចប្រកាន់ថាវាពិតជាក់លាក់តាមគំហើញខុសរបស់ខ្លួននោះ តើយល់ ខុសចំពោះរឿងអ្វីខ្លះ? យល់ខុសចំពោះរឿងទ្រព្យហ្នឹងឯងថាជាទ្រព្យរបស់ខ្លួនពិតមែន ថ្វីបើទ្រព្យហ្នឹង ត្រឹមតែជាធនធានធម្មជាតិដែលប្រាកដមាននៅនឹងផែនដីប៉ុណ្ណោះ កាលបើគិតថា ទ្រព្យនោះជារបស់ខ្លួន ក៏ប្រកាន់ប្រកួចជាប់ស្អិតនៅនឹងទ្រព្យនោះ វីវក់ឈ្លក់វង្វេងនឹងទ្រព្យ ធ្វើអំពើអាក្រក់ថោកទាបព្រោះទ្រព្យ ហើយក៏កើតទុក្ខព្រួយរងួយចិត្តព្រោះទ្រព្យ បុគ្គលខ្លះបានស័ក្តិយសហើយឈ្លក់វង្វេងនឹងស័ក្តិយស គិតថា ស័ក្តិយសជាតំណែងឋិតថេរ ក្រាញននៀលនឹងស័ក្តិយស វីវក់ឈ្លក់វង្វេងនឹងស័ក្តិយស ធ្វើអំពើបាប ព្រោះស័ក្តិយស ហើយក៏រងទុក្ខទោម្នេញព្រោះស័ក្តិយសនោះ តាមការពិត ឋានន្តរស័ក្តិនានាគ្រាន់តែ ជាថ្នាក់ងារដែលត្រូវសង្គមមនុស្សសន្មតកំណត់ឡើងប៉ុណ្ណោះ គ្មានតួខ្លួនប្រាណវាពិតប្រាកដទេ មេជាង អាចយកដីស្អិតទៅសូនជាឆ្នាំង ជាក្រឡ ជាចានគោម ជាពាងទឹក ជារូបសត្វផ្សេងៗ និង អ្វីៗផ្សេងៗ ទៀត ប៉ុន្តែនៅទីបំផុត វាបានត្រឹមតែជាដីដដែលប៉ុណ្ណោះឯង យ៉ាងណាមិញ មនុស្សយើងទោះបីជា សន្មតកំណត់ជាព្រហ្មណ៍ ជារាជា ជាព្រៃងារ ជាអ្នកងារ ជាចណ្ឌាល ជាចៅហ្វាយស្រុក ជាទាហាន ជាឧកញ៉ា ជាសេនាបតី ឬជារដ្នមន្ត្រីតំណែងអ្វីៗដទៃទៀតជាច្រើនក៏ដោយ ប៉ុន្តែនៅទីបំផុត គេគ្រាន់តែ ជាមនុស្សម្នាក់ដូចនឹងមនុស្សទូទៅក្នុងពិភពលោកនេះដែរ ដែលត្រូវកើត ចាស់ ឈឺ ស្លាប់ដូចៗគេឯងដែរ ស័ក្តិយសទាំងឡាយគ្រាន់តែជាមុខងារដែលត្រូវបានសន្មតឡើងប៉ុណ្ណោះ ស័ក្តិយសពិតប្រាកដរបស់ មនុស្ស គឺ “សត្វលោក” ដែលស្រឡាញ់ជីវិត មិនគិតចង់ស្លាប់ ប្រាថ្នាសេចក្តីសុខ ស្អប់ស្អាយនឿយ ណាយទុក្ខ បើមនុស្សយើងគិតជានិច្ចថាខ្លួនគ្រាន់តែជាសត្វលោកម្នាក់ប៉ុណ្ណោះ ប្រហែលជាមិនឈ្លក់ វង្វេងនឹងស័ក្តិយសខាងក្រៅដែលមនុស្សនាំគ្នាសន្មតកំណត់ឲ្យនោះទេ ប្រហែលជាមិនមមើមមាយផ្តេស ផ្តាសនោះទេ ប្រហែលជាយោគយល់មនុស្សជាតិដូចគ្នាច្រើនជាង ហើយក៏ធ្វើតែអំពើល្អ ផលដែលកើតពីការធ្វើល្អ គឺ សេចក្តីសុខ សន្តិភាពក៏កើតឡើងក្នុងសង្គមមនុស្ស”

“ម្នាលឧបាសក ! ក្រៅពីទ្រព្យនិងស័ក្តិយសដូចពោលមកនេះ មនុស្សនៅភាន់ច្រឡំ យល់ខុសផ្តេសផ្តាស ក្នុងរឿងផ្សេងៗជាច្រើនសន្ធឹកសន្ធាប់ទៀត ទាល់តែពិពណ៌នាមិនអស់ ប៉ុន្តែល្មមនឹងសរុបបានថា អ្នកណាមានរបស់ណាក៏ច្រើនតែស្រវឹងស្រវល់ខ្វល់ខ្វក់នឹងរបស់នោះ ងប់ងល់វល់វក់នឹងរបស់នោះ”

“បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! “មេភូមិពោលប្រជ្រួសឡើង “ហេតុផលរបស់ព្រះតេជព្រះគុណបាន ឲ្យពន្លឺភ្លឺស្វាងដល់ខ្ញុំកណាច្រើនណាស់ ខ្ញុំកណានៅភាន់ច្រឡំអ្វីៗជាច្រើនទៀត សូមមេត្តាជួយអធិប្បាយ ពន្យល់វិធីរម្លស់មោហៈដល់ខ្ញុំកណាផង”

“ម្នាលឧបាសក ! វិធីរម្លស់មោហៈបាំងអាចធ្វើបាន មិនពិបាកទេ កាលបើញោមដឹងខ្លួនឯងថាជាអ្នកវង្វេង ហើយបែបនេះ ក៏រឹតតែស្រួលនឹងរម្លស់រម្លីងទៅទៀត ដូចជា មនុស្សវង្វេងផ្លូវ បើដឹងខ្លួនឯងថាវង្វេងផ្លូវ ក៏នឹងអាចរកផ្លូវត្រូវឃើញបាននៅពេលមិនយូរ ផ្ទុយទៅវិញ បើមិនដឹងខ្លួនឯងថាវង្វេងផ្លូវទេ ហើយ ចេះតែដើរតាមផ្លុវខុសនោះទៅជារឿយៗ គ្មានថ្ងៃណានឹងអាចទៅដល់ទិវដៅដែលខ្លួនប៉ងប្រាថ្នាបាន ឡើយ ញោមដឹងហើយថាមោហៈ គឺ សេចក្តីវង្វេង បានដល់ សេចក្តីមិនស្គាល់ពំនិតហើយយល់ខុស មូលហេតុដែលមិនដឹងការពិត ព្រោះចិត្តងងឹតសូន្យសុង(មោហ៍បាំង) បុព្វហេតុដែលងងឹតសូន្យសុង ព្រោះមានអារម្មណ៍ខាងក្រៅចូលមកជ្រៀតជ្រែកក្នុងចិត្តគួរនាដូចជាទឹកដែលពេញដោយផង់ធុលីតែង មិនថ្លាយង់ដូច្នោះ ប្រៀបដូចជាមនុស្សដែលមានធុលីចូលភ្នែកធ្វើឲ្យស្រវាំងភ្នែក មើលអ្វីឃើញមិនសូវ ច្បាស់ ហើយយល់ថា​ខ្សែជាពស់ គឺ មិនមែនជាការពិត ចុះធ្វើយ៉ាងណាទៅទើបដឹងការពិត?”

“ចម្លើយ គឺថា យើងអាចធ្វើបាន ២ វិធី គឺ
វិធីទី ១ ត្រូវសិក្សាសង្កេតសង្កាអ្វីដែលយើងយល់ថាជាពស់នោះយ៉ាងល្អិតផ្ចិតផ្ចង់ ដោយយកឈើឆ្កឹះមើល ខ្លះ យកឈើស៊កលើកឡើងខ្លះ បើឃើញថាមិនកម្រើកទេ យើងនឹងដឹងសាជាថ្មីថាពស់នោះងាប់ ធម្មតា ពស់ ងាប់ហើយមិនអាចចឹកនរណាៗបានទេ កាលបើដូច្នោះ យើងចាប់មកពិសោធមើលដោយដៃ ស្ទាបច្របាច់ មើលឲ្យសព្វគ្រប់ នៅទីបំផុត ដំណឹងដឹងច្បាស់ក៏កើតឡើងក្នុងដួងចិត្តថានោះជាខ្សែទេ គ្រាន់តែដឹងថាជាខ្សែ ប៉ុណ្ណោះ សេចក្តីភ័យខ្លាច សេចក្តីសង្ស័យអល់អែកក៏រលុបរលត់ទៅដូចជាគេជីកកប់ ។
វិធីទី ២ ត្រូវយកកម្ទេចធូលីចេញពីភ្នែកសិនពីព្រោះនៅពេលដែលកម្ទេចធូលីចេញពីភ្នែកហើយ សេចក្តី ស្រវាំងភ្នែកក៏បាត់ឈឹងទៅ កែវភ្នែកនឹងភ្លឺស្រឡះមើលអ្វីៗបានច្បាស់លាស់តាមសភាពពិតជានិច្ច វិធីនេះប្រសើរជាងវិធីទី ១ ព្រោះជាដំណោះស្រាយដើមហេតុពិតប្រាកដ លុះកែវភ្នែកភ្លឺច្បាស់ស្រឡះហើយ ក៏នឹងមើលអ្វីៗបានយ៉ាងច្បាស់ក្រឡែតទាំងអស់ មិនធ្វើឲ្យយល់ខុសទៀតទេ វិធីដំបូងជាដំណោះស្រាយចុង ហេតុ ទោះបីយល់ត្រូវអំពីពស់ក៏ដោយ ក៏អាចយល់ខុសពីអ្វីផ្សេងទៀតបាន ត្រុវពិសោធស៊ើបអង្កេតតទៅ ទៀតគ្មានថ្ងៃណាចប់បានទេ ទុកជាម្លឹងក៏ដោយ ក៏នៅគ្រាន់បើជាងមិនធ្វើសោះ ” ។
“ម្នាលឧបាសក ! មនុស្សភាគច្រើនដែលភាន់វង្វេងអ្វីៗផ្សេងៗក្នុងលោកនេះក៏ព្រោះតែកែវភ្នែកគឺចិត្តរបស់គេ ពោរពេញទៅដោយផង់ធូលីដែលជាហេតុធ្វើឲ្យចិត្តល្អក់ល្អន់គន់មើលអ្វីៗឃើញមិនច្បាស់ទើបយល់ខុស កាលបើយល់ខុសក៏ធ្វើខុស និយាយខុស លទ្ធផលដែលហុចឲ្យ គឺ ទុក្ខ កាលបើយល់ខុសហើយនៅតែមិន ដឹងខ្លួនថាខុស មិនគិតពិសោធការពិត ហើយចេះតែដើរទៅតាមផ្លូវខុសនោះរហូតទៅ កម្ទេចធូលីដែលធ្វើឲ្យចិត្តល្អក់កករ គឺអ្វី?  ញោមគប្បីដឹងលក្ខណៈរបស់ចិត្តសិន ចិត្តរបស់មនុស្សយើងជាប្រក្រតីមានលក្ខណៈភ្លឺ ស្វាងឬភ្លឺផ្លេកត្រជាក់ត្រជុំស្ងប់ស្ងាត់ គិតអ្វីក៏ធ្លុះធ្លាយស្រឡះស្រឡំ បើគិត ក៏គិតល្អ បើនិយាយចេញមកក្នុង លោកនេះក៏ជាសម្តីល្អ ធ្វើការងារអ្វីក៏ជាការងារល្អ កាលបើគិតល្អ និយាយល្អ ផលល្អក៏កើតឡើង”
“ម្នាលឧបាសក ! ជួនកាល ចំណង់ចង់បាន(លោភៈ) សេចក្តីអន្ទះសាខ្វារកនឹងចូលមកពុះជ្រែកដួងចិត្ត ធ្វើឲ្យ ចិត្តក្រវល់ក្រវាយអន្ទះអន្ទែងបីដូចជាខ្លាឃ្លានចំណីដែលជាប់នៅក្នុងទ្រុងដូច្នោះ ជួនកាលសេចក្តីថ្នាំងថ្នាក់ ឃ្នើសចិត្តនឹងចូលមកឈ្មៀតជ្រៀតដួងចិត្តធ្វើឲ្យចិត្តឈឺចាប់ខ្លោចផ្សាហាក់បីដូចជាត្រូវគេចាក់ដោតដោយ ដែកអណ្តោតដ៏ស្រួចរលែម ជួនកាលសំណោកសោកសៅចូលមកគ្របសង្កត់ចិត្ត ធ្វើឲ្យចិត្តក្រៀមក្រំ ស្រពាប់ស្រពោន ជួនកាលតម្រកត្រេកត្រអាលចូលមកទំរុំព័ទ្ធចិត្ត ធ្វើឲ្យចិត្តឡើងចាងឡើងជំនោរ ប៉ុន្តែ ងងឹតងងល់បីដូចជាដំរីចុះប្រេងដែលខ្វាក់ភ្នែក ចំណង់ចង់បាន គឺ លោភៈ កំហឹងខឹងក្រោធ គឺ ទោសៈ សេចក្តីច្រណែនឈ្នានីស គឺ ឥស្សា តម្រេកត្រេកត្រអាល គឺ រាគៈ សំណោកសោកសង្រេង គឺ សោកៈ ជាដើម កិលេសជាតិទាំងអស់នេះជាកម្ទេចធូលីរបស់ចិត្ត ធ្វើឲ្យចិត្តល្អក់កករ មើលឃើញអ្វីមិនច្បាស់ លាស់ ប្រៀបទៅនឹងមនុស្សដែលមានផង់ធូលីចូលភ្នែកដូច្នោះ”
“វិធីដោះស្រាយ គឺ ត្រូវមានសតិស្មារតីភ្ញាក់រលឹកកុំភ្លឹកភ្លេចខ្លួន យកសតិជាឆ្មាំយាមចាំសង្កេតមើលចិត្ត របស់ខ្លួន ត្រួតត្រាមើលចិត្តរបស់ខ្លួនជានិច្ចថាផូរផង់ជាប្រក្រតីឬល្អក់ល្អន់ បើឃើញថាល្អក់ល្អន់ព្រោះមាន អ្វីមកជ្រែកជ្រាប កម្រោធ សម្អប់ សេចក្តីលោភលន់ ឬ ទំនុញធុញទ្រាន់ សេចក្តីច្រណែន ឬ សេចក្តី ស្រឡាញ់ កាលបើដឹងថា អារម្មណ៍ណានីមួយកំពុងគ្របសង្កត់ចិត្ត ដូចជាទោសៈ ចូរប្រុងប្រៀបសតិទុក ឲ្យមុតមាំ កុំភ្លឹកភ្លេចខ្លួនតាមដានចលនាការរបស់ទោសៈគ្រប់ចង្វាក់មើលថាតើទោសៈនោះកើតឡើង ដល់កម្រិតណាហើយ ខេខឹងតិចតួច ឬ គ្រាន់តែឆេវឆាវឆុងឆាំង ឬ ឆេះដុំផ្គុំជាភ្លើងទាំងស្រុង ចូរខិតខំទប់ ទល់ចិត្ត កុំឲ្យចិត្តគិតគន់អ្វី ព្រោះចិត្តដែលពោរពេញទៅដោយទោសៈតែងតែគិតគន់អាក្រក់ ចូរហាមឃាត់់ មាត់កុំឲ្យនិយាយ បើមាត់និយាយក្នុងខណៈដែលកំពុងឡើងកំហឹង ពាក្យនិយាយចេញមកជាពាក្យ អសុរោះ ចូរទប់ដៃទប់ជើងកុំឲ្យធ្វើសកម្មភាព បើធ្វើសកម្មភាពក្នុងខណៈដែលមានកំហឹង ក៏ជាសកម្មភាព អាក្រក់ លទ្ធផល គឺ សេចក្តីទុក្ខ សេចក្តីហិនហោច បើមានសតិស្មារតីដឹងខ្លួនឯងយ៉ាងនេះ មិនយូរមិន ឆាប់ កំហឹង គឺ ទោសៈនោះនឹងរសាយ ឬ ស្ងប់ចុះវិញបាន ចិត្តក៏ត្រឡប់ទៅជាផូរផង់ដូចដើមវិញ បន្ទាប់ពី នោះ ទោះជានឹងគិតអ្វី និយាយអ្វី ធ្វើអ្វី ក៏គិតបានល្អ និយាយបានល្អ និង ធ្វើបានល្អដែរ ហានីយផលនឹង មិនកើតមានឡើយ” ។
“ម្នាលឧបាសក ! អារម្មណ៍ប្រភេទផ្សេងៗដូចជាលោភៈ សេចក្តីច្រណែនជាដើមអាចរម្ងាប់ឲ្យស្ងប់បាន ក៏ដោយវិធីនេះដែរ មនុស្សភាគច្រើនខ្វះសតិស្មារតីទប់សង្កត់ចិត្តនៅពេលកំហឹងជាដើមកើតឡើង ហើក៏បណ្តោយឲ្យកំហឹងនោះរាលដាលដរធរទៅតាមសម្រួល ចាប់ផ្តើមតាំងពីចិត្តរហូតដល់កាយ ចិត្តដែលត្រូវទោសៈគ្របសង្កត់តែងពុះកញ្ជ្រោលក្តួលក្តៅទាំងងងឹតងងល់មិនយល់ហេតុផលណាៗទាំងអស់ ក្លាយជាចិត្តយក្សចិត្តមារ ចិត្តបែបនេះតែងបញ្ជាឲ្យមាត់ជេរបញ្ចោរ បញ្ជាឲ្យកាយវាយសំពងទូងដំពិឃាត យ៉ាងឃោរឃៅ ជួនកាលសម្លាប់សូម្បីតែឪពុកម្តាយជាអ្នកបង្កើតក្បាលរបស់ខ្លួនក៏មាន ជួនកាលក៏វាយ បំផ្លាញរបស់របរដែលមានតម្លៃដែលខ្លួនធ្លាប់ហួងហែងក៏មាន នៅពេលដែលកំហឹងស្ងប់ចុះ ហេតុផល ត្រឡប់មកវិញហើយនោះ ទោះបីជាគេសោកស្តាយយ៉ាងណាក៏ដោយក៏គ្មានប្រយោជន៍ដែរ ព្រោះជ្រុលហួស ទៅហើយ នេះឯងគឺជាទោសនៃការខ្វះសតិស្មារតីទប់សង្កត់ចិត្តតែងបង្កទុក្ខទោម្នេញឲ្យដល់គ្នាមិនតិចជាង ទោសៈឡើយ” ។
“ម្នាលឧបាសក ! កាលបើញោមជ្រាបហើយយ៉ាងនេះ ចូរសម្ភីត្រួតត្រាមើលចិត្តជានិច្ច ចូរមានសតិស្មារតីទប់ សង្កត់ចិត្តនៅពេលមានអារម្មណ៍ផ្សេងៗជ្រែកចូលមក ព្យាយាមរក្សាឲ្យស្ថិតនៅក្នុងសភាពផូរផង់ជានិច្ច  នឹងបានសប្បាយចិត្តគ្រប់ពេលវេលា”
ខ្ញុំព្រះករុណាបានទេសនាប្រៀនប្រដៅប្រធានភូមិឲ្យមានចិត្តផូរផង់ បាត់សំណោកសោកសង្រេង ហើយក៏ឃ្លុំចីពរចូលទៅក្នុងភូមិ ទិដ្ឋភាពដែលបានឃើញនៅពេលមកដល់ភូមិគឺ ប្រទះឃើញគេហដ្ឋានរបស់ ប្រធានភូមិក្លាយជាផេះផង់ធូលីទៅហើយ កូនប្រពន្ធរបស់ប្រធានភូមិកំពុងអង្គុយយំមើលគំនរផេះធ្យូង ក្រោយម្លប់ដើមឈើក្បែរៗនោះ មានអ្នកស្រុកមកសង្កេតមើលហេតុការណ៍និងសម្តែងសំណោកសោកស្តាយ ជាមួយនឹងប្រធានភូមិយ៉ាងច្រើនកុះករ ប្រុសអ្នកស្រុកម្នាក់និយាយថា “បពិត្រលោកប្រធានភូមិ ! ខ្ញុំបាទនឹក សោកស្តាយខ្លាំងណាស់ចំពោះគ្រោះកម្មរបស់់លោក ប៉ុន្តែមិនដឹងជាធ្វើយ៉ាងម៉េចបានទេ ណ្ហើយចុះ ! លោក កុំខ្វល់ចិត្តឡើយ ពួកយើងត្រេកអរនឹងជួយសង្គ្រោះលោក”
“អរគុណណាស់ដែលមានសន្តានចិត្តប្រាថ្នាល្អចំពោះខ្ញុំ”ប្រធានភូមិបែរទៅនិយាយជាមួយនឹងគេដោយ សម្លេងធម្មតា “ផ្ទះនេះមិនមែនជាផ្ទះរបស់យើងទេ សម្លៀកបំពាក់និងទ្រព្យសម្បត្តិគ្រប់ប្រភេទដែលត្រូវ  ភ្លើងឆេះអស់ព្រមទាំងផ្ទះនេះក៏មិនមែនជាផ្ទះរបស់យើងដែរ យើងខ្ចីរបស់ធរណីមកប្រើប្រាស់បណ្តោះ អាសន្នក្នុងកំឡុងពេលដែលយើងមកស្នាក់អាស្រ័យក្នុងលោកនេះប៉ុណ្ណោះ ម្ចាស់ដើម គឺ ផែនដី វាត្រូវការ ទាមទារយករបស់វាទៅវិញ វាទើបប្រើភ្លើងមកទារយក យើងក៏បានសងវាទៅហើយ នឹងបាច់ស្តាយស្រណោះទៅថ្វី ជីវិតនៅមានក៏ស្វែងរកមកទៀតបាន” សម្តីដ៏ប្រិមប្រីយ៍របស់ប្រធានភូមិធ្វើឲ្យហ្វូងមនុស្ស ដែលមកចោមមើលហេតុការណ៍ភាំងស្រឡាំងកាំង
“បពិត្រនាយម្ចាស់ ! លោកនិយាយគួរឲ្យចាប់ចិត្តមែនទែន”
“មិនមែនជាសម្តីរបស់ខ្ញុំទេ ជាសម្តីរបស់ព្រះគុណម្ចាស់របស់យើងអង្គនេះ”ប្រធានភូមិនិយាយទាំងចង្អុលដៃមកខាងខ្ញុំព្រះករុណា
“មិនមែនជាសម្តីរបស់អាត្មាទេ”ខ្ញុំព្រះករុណាប្រញាប់និយាយឡើង “ប៉ុន្តែជាសម្តីរបស់ព្រះបរមសាស្តា សម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គជាអ្នកត្រាស់ដឹងអរិយសច្ចៈ ធម្មតា របស់ពិតតែងតែគួរឲ្យស្តាប់ជានិច្ច”
ខ្ញុំព្រះករុណាបានទេសនាដឹកនាំអ្នកស្រុកអ្នកភូមិឲ្យតាំងនៅក្នុងសាមគ្គីធម៌ល្មមសមគួរហើយក៏វិលត្រឡប់ទៅកាន់កន្លែងស្នាក់វិញ ។

 

loading…

138 total views, 3 views today

Facebook Comments