២៧.ធម៌អហិង្សា

ម្នាលលោកដ៏មានអាយុ ! អស់រយៈពេល ៣ ខែឯកោកិលាគ្រាម ខ្ញុំព្រះករុណាបានជួបប្រទះហេតុការណ៍ ជាច្រើន ទោះបីជាភូមិតូចៗប្រកបដោយគ្រួសារមិនដល់រយក៏ដោយ ប៉ុន្តែក៏ពោរពេញទៅដោយមនុស្សដែល មានគំនិតចេះគិតគន់ មានប្រុសវ័យចំណាស់ម្នាក់ឈ្មោះកុម្ភកៈមានអាយុប្រហែល ៦០ ឆ្នាំក្នុងភូមិនេះ កាលពី នៅយុវវ័យ គាត់ធ្លាប់រស់នៅក្នុងក្រុងរាជគ្រឹះដែលជារាជធានីនៃសាស្ត្រាចារ្យនិងមេលទ្ធិផ្សេងៗអស់ជា   ច្រើនឆ្នាំ ក្រោយមក បានផ្លាស់លំនៅមកតាំងលំនៅឋានក្នុងភូមិនេះ កុម្ភកៈមានអ្នកស្រុកអ្នកភូមិគោរពរាប់ អានជាច្រើនព្រោះតែបដិភាណប្រីជាឈ្លាសវៃរបស់គាត់ កុម្ភកៈបានក្លាយទៅជាអ្នកដឹកនាំចិត្តវិញ្ញាណរបស់ អ្នកស្រុក នៅពេលដែលខ្ញុំព្រះករុណាធ្វើដំណើរដើរផ្លូវទៅដល់ភូមិនោះទាំងរស់នៅជាប្រចាំរហូតត្រៃមាសនៃ វស្សានរដូវក្នុងភូមិនោះផង គាត់បានក្លាយជាគូសន្ទនាមុខគួរឲ្យស្ញើបស្ញប់ស្ញែងរបស់ខ្ញុំព្រះករុណាភ្លាម កុម្ភកៈ មួយអន្លើដោយក្មួយប្រុសតូចម្នាក់ចូលចិត្តទៅរកខ្ញុំព្រះករុណាស្ទើរតែរាល់ថ្ងៃរសៀលហើយធ្វើធម្មសាកច្ឆាជាមួយគ្នារហូតដល់ថ្ងៃល្ងាចទើបលាត្រឡប់ទៅផ្ទះវិញ ដំបូងៗនៅពេលដែលខ្ញុំព្រះករុណាទៅដល់ កុម្ភកៈបាន សម្តែងអាការៈមើលងាយមើលថោកយ៉ាងច្បាស់ក្រឡែត ព្រោះជាធម្មតា មនុស្សដែលមានប្រាជ្ញាក្លាខ្លាំង កាលបើឃើញប្រុសកម្លោះស្របាលកូនស្របាលចៅក៏តែងតែវាយតម្លៃទាបទុកជាមុន ប៉ុន្តែក្រោយពីបាន សន្ទនាជាមួយនឹងខ្ញុំព្រះករុណាអស់រយៈពេលប្រហែលកន្លះខែមក គាត់ក៏កើតមានសេចក្តីស្រឡាញ់និង គោរពខ្ញុំព្រះករុណាយ៉ាងស្មោះអស់ពីចិត្ត ទាំងអស់នេះមិនមែនខ្ញុំព្រះករុណាលេងប៉ាហ៊ីអ្វីទេ ប៉ុន្តែព្រោះតែ ខ្ញុំព្រះករុណានិយាយការពិតតាមខ្សែស្របពុទ្ធធម៌ជាមួយនឹងគាត់ ពំនិតនិងតម្រូវតែងមាននៅជានិច្ច ប៉ុន្តែ មនុស្សមិនយល់ពំនិតទើបបានជាប្រកែកគ្នា ខ្ញុំព្រះករុណាមិនប្រកែកនឹងកុម្ភកៈទាំងមិនលើកតម្កើងកុម្ភកៈដែរ  ព្រោះការប្រកែកនិងការប្រឆាំងគ្នាកើតមកពីការប្រកាន់ទិដ្ឋិមានះ ខ្ញុំព្រះករុណាមិនលើកជើងគាត់ទេ ព្រោះ ការលើកជើងកើតមកពីការភ័យខ្លាច ប៉ុន្តែខ្ញុំព្រះករុណានិយាយទៅតាមសភាពពិត នេះគឺជាគោលការណ៍ ក្នុងការសន្ទនាធម៌ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រួសត្រាយទុកមកហើយ ។
“ព្រះតេជព្រះគុណ ! ការសម្លាប់សត្វបាបឬទេ?”វយជនកុម្ភកៈចាប់ផ្តើមសន្ទនាជាមួយនឹងខ្ញុំព្រះករុណាក្នុង រសៀលថ្ងៃមួយ
សំណួររបស់គាត់ធ្វើឲ្យខ្ញុំព្រះករុណាចម្លែកចិត្តព្រោះមិនគួរនឹងសួរសំណួរងាយៗបែបនេះទេ ការសម្លាប់ សត្វនរណាៗក៏ដឹងដែរថាជាបាបទាំងអស់ ប៉ុន្តែជួនកាលអាចជារណ្តៅកំបាំងបញ្ឆោតឲ្យខ្ញុំព្រះករុណាធ្លាក់ ទៅក៏បាន ព្រោះកុម្ភកៈមានកលល្បិចច្រើនណាស់ មនុស្សពេញទាំងស្រុកគ្មាន អ្នកណាហ៊ានប្រកែកវីវែក នឹងគាត់ទេ ប៉ុន្តែនៅទីបំផុត ខ្ញុំព្រះករុណាក៏ឆ្លើយទៅតាមមូលភាពថា
“ការសម្លាប់សត្វចាត់ជាបាបយ៉ាងពិតប្រាកដ”
“ឧបមាថា យើងមិនបានរៀបរបសម្លាប់ដោយខ្លួនឯងទេ ប៉ុន្តែបញ្ជាឲ្យអ្នកដទៃសម្លាប់ជំនួស អញ្ចឹងចាត់ ជាបាបទេ?”
“បាបដែរ”
“ឧបមាថា យើងមិនបានសម្លាប់ដោយខ្លួនឯងទេ ទាំងមិនបានបញ្ជាឲ្យអ្នកណាសម្លាប់ជំនួសទេ ប៉ុន្តែយើងធ្វើអ្វីម៉្យាងដែលជាការជ្រោមជ្រែងឲ្យគេសម្លាប់ដោយប្រយោល តើយ៉ាងនេះបាបទេ?”
“បាបដែរ” ខ្ញុំព្រះករុណាអះអាង
វយជនកុម្ភកៈញញឹមយ៉ាងបានចង្វាក់ ហើយនិយាយឡើងយ៉ាងម៉ឺងម៉ាត់ថា
“បើអញ្ចឹង ព្រះតេជព្រះគុណក៏ធ្វើបាបរាល់ថ្ងៃហ្នឹងឯង”
“អាត្មាធ្វើបាបយ៉ាងម៉េច?”ខ្ញុំព្រះករុណាសួរទាំងមិនយល់
“ក៏ព្រះតេជព្រះគុណឆាន់សាច់សត្វរាល់ថ្ងៃនេះឯង”
“ការឆាន់សាច់សត្វចាត់ជាបាបដែរឬ?”
“ចាត់ជាបាបយ៉ាងពិតប្រាកដណាស់”
“បាបយ៉ាងម៉េច អាត្មាមិនដែលគិតសន្ទិះសង្ស័យថាជាបាបទេ”
“ព្រះតេជព្រះគុណក៏ព្រមទទួលហើយថាការសម្លាប់សត្វខ្លួនឯងក្តី ការបញ្ជាឲ្យអ្នកដទៃសម្លាប់ជំនួសក្តី ការជ្រោមជ្រែងឲ្យគេសម្លាប់ដោយវិធីណាមួយក្តីចាត់ជាបាបទាំងអស់ ការឆាន់សាច់សត្វនេះចាត់ជាអំពើ ជួយជ្រោមជ្រែងឲ្យគេសម្លាប់”កុម្ភកៈអធិប្បាយយ៉ាងម៉ឺងម៉ាត់ក្នុងចិត្ត
“អាត្មាមិនទាន់មើលឃើញថាជាអំពើជ្រោមជ្រែងយ៉ាងម៉េចទេ”
“ចុះព្រះតេជព្រះគុណមិនដឹងសោះឬថា ព្រោះតែមានការបរិភោគទើបមានការសម្លាប់ ព្រោះតែមានការ បរិភោគសាច់សត្វទើបមានគេសម្លាប់សត្វយកសាច់ បើគ្មានមនុស្សបរិភោគ ក៏គ្មានមនុស្សសម្លាប់ដែរ ព្រោះហេតុនោះ ការបរិភោគចាត់ជាអំពើជ្រោមជ្រែងការសម្លាប់”
“ម្នាលឧបាសក ! ក្នុងរឿងនេះ មានមនុស្សពាក់ព័ន្ធគ្នា ៣ នាក់ គឺ អ្នកសម្លាប់ ១ អ្នកទិញយកទៅបរិភោគ ១ អ្នកទទួលយកពីអ្នកទិញទៅបរិភោគ ១ ហៅឲ្យងាយយល់ថា អ្នកទី ១ អ្នកទី ២ អ្នកទី ៣ បើអ្នកទី ៣ អន្ទោកអន្ទោលអ្នកទី ២ ហើយអ្នកទី ២ ទៅអន្ទោកអន្ទោលអ្នកទី ១ ឲ្យសម្លាប់ យ៉ាងនេះទាំង ៣ នាក់បានបាបដូចគ្នា ព្រោះជ្រោមជ្រែងគ្នាយ៉ាងច្បាស់ក្រឡែត ប៉ុន្តែបើអ្នកទី ២ ទៅជ្រោមជ្រែងអ្នកទី ១ ឲ្យសម្លាប់សត្វហើយទិញ យកសាច់សត្វនោះមកបរិភោគចំណែកផ្ទាល់ខ្លួននិងគ្រួសារ អ្នកទី ៣ មិនដឹងរឿងអ្វីទេ ដើរៗទៅអ្នកទី ២ បានឃើញហើយនឹកអាណិត ទើបចែករំលែកចំណិតសាច់នោះឲ្យទទួលទានខ្លះ អ្នកទី ៣ ទទួលយកទៅ បរិភោគល្មមចិញ្ចឹមជីវិត យ៉ាងនេះអាត្មាយល់ឃើញថាអ្នកទី ៣ មិនបាបទេ
អាត្មានិងភិក្ខុក្នុងព្រះពុទ្ធសាសនាទាំងឡាយប្រៀបដូចជាអ្នកទី ៣ នៅវេលាព្រឹក អាត្មាស្ពាយបាត្រដើរទៅ តាមលង្វែកផ្ទះដោយតាំងចិត្តថានឹងទទួលអាហារពីអ្នកមានចិត្តបុណ្យមកឆាន់ល្មមញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ មួយថ្ងៃៗប៉ុណ្ណោះ ទោះបីជាអ្នកស្រុកនាំអាហារបែបណាមកដាក់ក្នុងបាត្រក៏ដោយ ក៏ទទួលយកទៅដោយ អាការសម្រួមរវាំង មិនដែលគិតថាសូមឲ្យអ្នកស្រុកយកអាហារបែបនោះៗមកដាក់បាត្រនោះទេ លុះបាន អាហារល្មាក់ល្មមហើយ ក៏ត្រឡប់ចេញមកឆាន់ បានរបស់ណាក៏ឆាន់របស់នោះ បានអាហារល្អក៏មិនត្រេកអរ បានអាហារអន់ក៏មិនអន់ចិត្ត តាំងចិត្តបរិភោគតែដើម្បីបំបាត់គ្លាន(ឃ្លាន)ប៉ុណ្ណោះ ព្រះពុទ្ធជាម្ចាស់ត្រាស់ ថាសេចក្តីគ្លានចាត់ជារោគម្យ៉ាង ថ្នាំបំបាត់សេចក្តីគ្លាន គឺ អាហារ អាត្មាឆាន់អាហារដូចជាការឆាន់ថ្នាំ កាលបើរោគគ្លានបាត់ហើយ អាត្មាក៏ឈប់ភ្លាម មិនដឹងមិនឃើញមិនឮថា គេសម្លាប់សត្វឯណា និង នៅពេលណាទេ ទាំងមិនគិតថាគេសម្លាប់ដើម្បីអាត្មាដោយចំពោះផង បើអាត្មាបានឃើញគេសម្លាប់ បានឮគេសម្លាប់ ទាំងដឹងថាគេសម្លាប់ដើម្បីអាត្មាដោយចំពោះទៀត អាត្មានឹងមិនឆាន់ជាដាច់ខាត បើនៅតែឆាន់ ប្រាកដជាខុសពុទ្ធប្បញ្ញត្តិមិនខាន កាលបើអាត្មាប្រព្រឹត្តខ្លួនបែបនេះ តើឈ្មោះថាជាបាបដូចម្តេចបាន !”
“ណ្ហើយចុះ ! ទោះបីជាព្រះតេជព្រះគុណមិនបាបព្រោះតែមិនបានជ្រោមជ្រែងដោយកាយ វាចា និង ចិត្ត ដោយផ្ទាល់ក៏ដោយ ប៉ុន្តែព្រះតេជព្រះគុណក៏ត្រូវបាបក្នុងការឆាន់របស់មិនបរិសុទ្ធ”វយជននៅអះអាង គំហើញរបស់ខ្លួនដដែល
“របស់មិនបរិសុទ្ធយ៉ាងម៉េច?”ខ្ញុំព្រះករុណាសួរ
“ឧបមាថា ប្រុសម្នាក់ទៅប្លន់សម្លាប់ម្ចាស់ទ្រព្យយករបស់គេមកប្រគេនព្រះតេជព្រះគុណ ព្រះតេជព្រះ គុណក៏ដឹងថារបស់នោះ គេបានមកពីការប្លន់មិនបរិសុទ្ធ ប៉ុន្តែព្រះតេជព្រះគុណក៏នៅតែទទួលយករបស់ មិនបរិសុទ្ធនោះ បើយ៉ាងនេះតើឈ្មោះថា ព្រះតេជព្រះគុណប្រព្រឹត្តត្រឹមត្រូវឬរួចផុតចាកបាបយ៉ាងម៉េច បាន?”
“បើដឹងថារបស់នោះគេប្លន់សម្លាប់ម្ចាស់ទ្រព្យហើយយកមកប្រគល់ឲ្យ ហើយនៅតែទទួលយកដោយចិត្ត ត្រេកអរ យ៉ាងនេះមិនផុតពីបាបទេ ព្រោះស្មើនឹងជ្រោមជ្រែងចោរកម្ម ត្រេកអរក្នុងបាបកម្មនោះ”
“បើអញ្ចឹង ព្រះតេជព្រះគុណឆាន់សាច់សត្វក៏បាបដែរព្រោះសាច់ជារបស់មិនបរិសុទ្ធ ជារបស់បានមកពី ការប្លន់សម្លាប់ជីវិតរាងកាយរបស់សត្វដទៃ គ្មានសត្វណាសុខចិត្តប្រគល់រាងកាយរបស់ខ្លួនឲ្យមនុស្ស ងាយៗទេ ទម្រាំនឹងមនុស្សសម្លាប់វាបាន វាត្រូវតស៊ូរើបំរះប្រះននាលទាល់តែអស់កម្លាំង កាលបើ ទប់ទល់កម្លាំងមនុស្សមិនឈ្នះទើបសុខចិត្តស្លាប់ដោយទាំងចិត្តក្រោធខឹងនិងព្យាបាទចងអាឃាតយ៉ាង ខ្លាំងក្លា ព្រោះហេតុនោះសាច់គ្រប់ប្រភេទដែលព្រះតេជព្រះគុណឆាន់ទើបឈ្មោះថាបានមកដោយការ ប្លន់ ជារបស់មិនបរិសុទ្ធ កាលបើព្រះតេជព្រះគុណឆាន់របស់មិនបរិសុទ្ធបែបនេះនឹងមិនបាបយ៉ាង ម៉េចបាន?”
ហេតុផលរបស់កុម្ភកៈស្រួចស្រាល់គួរឲ្យស្តាប់ណាស់ បើមិនដែលគិតគន់មកពីមុនទេក៏អាចនឹងទញ់ទាល់ ចំពោះហេតុផលរបស់គាត់បាន ប៉ុន្តែប្រស្នាបែបនេះបានជាទីប្រាកដជាក់ច្បាស់ដល់ខ្ញុំព្រះករុណាយូរ ហើយ ទើបឆ្លើយតបឧបាសកកុម្ភកៈយ៉ាងសប្បាយ
“ម្នាលឧបាសក ! បាបឬបុណ្យអាស្រ័យទៅលើចិត្តជាសម្លាក់សំខាន់ បើចិត្តមិនត្រេកអរក្នុងបាប ទោះត្រូវ គេបង្គាប់ឲ្យធ្វើបាបក៏មិនបាបដែរឬបាបតិចតួច ប៉ុន្តែបើត្រេកអរតាមគេក៏ឈ្មោះថាបាបពិតមែន សាច់ដែលអាត្មាឆាន់ជារបស់បានមកពីការប្លន់ ជារបស់ចោរ អាត្មាដឹងថាគេប្លន់យកមកពីសត្វ ប៉ុន្តែអាត្មាមិនដែលត្រេកអរក្នុងការទទួលសាច់នោះទេ មិនដែលត្រេកអរសាទរក្នុងការឆាន់សាច់នោះទេ ទាំងមិន ដែលពេញចិត្តនឹងអំពើដែលគេសម្លាប់នោះទេ ការដែលគេសម្លាប់យកសាច់នោះបានមកមិនដែលគិតអរ គុណអ្នកសម្លាប់ទេ ផ្ទុយទៅវិញ អាត្មានឹកអាណិតសត្វជាម្ចាស់សាច់នោះខ្លាំងណាស់ នឹកស្លុតរន្ធត់ចិត្ត ចំពោះទង្វើព្រៃផ្សៃរបស់អ្នកសម្លាប់ ប៉ុន្តែត្រូវតែឆាន់ដោយចំណាំបាច់ ឆាន់ដោយសេចក្តីស្លុតចិត្ត សង្វេគចិត្ត គួរនាដូចជាម្តាយដែលបរិភោគសាច់កូនខ្លួនឯងដូច្នោះ”
“ម្នាលឧបាសក ! អាត្មានឹងតំណាលរឿងមួយឲ្យញោមស្តាប់ ក្នុងអតីតកាលព្រេងនាយយូរមកហើយ មាន ២ នាក់ប្តីប្រពន្ធបីកូនតូចធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់ ច្រើនថ្ងៃកន្លងមក គ្មានសញ្ញាថានឹងអាចឆ្លងផុតតំបន់ វាលខ្សាច់បានទេ ស្បៀងអាហារក៏អស់រលីងគ្មានសល់ សេចក្តីស្រេកឃ្លានព្រោះដាច់អាហារបានគាបសង្កត់ ធ្វើឲ្យបុរសជាឪពុកគិតនឹងសម្លាប់កូនតូចនោះបរិភោគ កាលបើប្រឹក្សាជាមួយនឹងភរិយាមើលក៏ត្រូវប្រឆាំង យ៉ាងដាច់អហង្ការ ព្រោះថាធម្មតាអ្នកជាម្តាយតែងមានចិត្តទន់អាណិតកូន មិនហ៊ានធ្វើបែបនោះទេ ទោះបីខ្លួនស្លាប់ក៏សុខចិត្តដែរ ប៉ុន្តែគម្លានមិនអាចធ្វើឲ្យប្រុសជាប្តីអត់ទ្រាំតទៅទៀតបានទេ នៅរាត្រីថ្ងៃមួយ លុះភរិយាសម្រាន្តលក់ស្កប់ហើយ គេក៏សម្លាប់កូនតូចនោះលឿយយកសាច់អាំង កាលបើភរិយាភ្ញាក់ឡើង មិនឃើញកូនតូចទាំងឃើញសាច់ជាច្រើនក៏ស្លុតរន្ធត់ចិត្ត សម្លឹងមើលទៅក្បែរៗខាង ក៏មិនប្រទះឃើញស្លាក ស្នាមកូនតូចនោះទេ ប្រទះឃើញតែវាលខ្សាច់ល្វឹងល្វើយផុតកន្ទុយភ្នែក នាងក៏ដឹងភ្លាមថា ប្តីរបស់នាងបានសម្លាប់កូនតូចទៅហើយ នាងទើបខ្យល់ចាប់ដួលសន្លប់ចុះភ្លាម កាលបើដឹងខ្លួនមក ក៏យំយែកស្រែករកកូនតូចស្ទើរតែប្រេះទ្រូងស្លាប់ នៅពេលដំបូងៗ នាងមិនព្រមប៉ះពាល់សាច់កូនតូចរបស់នាងទេ ប្តីបរិភោគម្នាក់ឯង ចំណេរកាលតមក លុះត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ខ្លាំងឡើង ទើបសុខចិត្តបរិភោគ ប៉ុន្តែរាល់ពេល ដែលឆ្ពាមចាប់សាច់កូនលើកយកមកបរិភោគ នាងក៏យំអណ្តឺតអណ្តកដោយនឹកអាឡោះអាល័យចំពោះកូន បរិភោគសាច់កូនខ្លួនឯងទាំងទឹកភ្នែករហេមរហាមគ្រប់គ្រាវេលាទាល់តែឆ្លងផុតវាលខ្សាច់ទៅ
ម្នាលឧបាសក !  នៅខណៈដែលឆាន់សាច់សត្វនោះ អាត្មាតែងតែដាស់តឿនចិត្តខ្លួនឯងឲ្យភ្ញាក់រលឹកជានិច្ច គួរនាដូចជាលំនឹកគិតរបស់ម្តាយដែលបរិភោគសាច់កូនខ្លួនឯងក្នុងវាលខ្សាច់ដូច្នោះ ឆាន់ដោយស្លុតរន្ធត់ចិត្ត ឆាន់ដោយសេចក្តីចាំបាច់បង្គាប់សុទ្ធសាធ កាលបើដូច្នេះ ចិត្តរបស់អាត្មាមិនត្រេកអរក្នុងបាបបន្តិចណាឡើយ តើអាត្មានឹងបានបាបដូចម្តេចទៅ” ពាក្យអធិប្បាយព្រមទាំងរឿងនិទានបុគ្គលាធិដ្ឋានរបស់ខ្ញុំព្រះករុណាបាន ផលជាក់ស្តែង ត្បិតថាវយជនកុម្ភកៈយល់ស្របតាមភ្លាម
“ខ្ញុំកណាមិនដែលបានស្តាប់ពាក្យអធិប្បាយហេតុផលច្បាស់លាស់បែបនេះមកពីមុនទេ ហេតុនោះបានជា យល់ស៊ប់ថាការបរិភោគសាច់ចាត់ជាបាបទាំងស្រុង ប៉ុន្តែតាមការពិត បរិភោគឲ្យកើតបាបក៏បាន បរិភោគ មិនឲ្យកើតបាបក៏បាន វាសំខាន់នៅនឹងចិត្តនេះឯង”
ចាប់តាំងពីពេលនោះមក ព្រឹទ្ធជនកុម្ភកៈអ្នកដឹកនាំចិត្តវិញ្ញាណរបស់អ្នកភូមិកោកិលាគ្រាម បែរមកគោរពរាប់អានខ្ញុំព្រះករុណាយ៉ាងស្មោះស្ម័គ្រ ។

 

loading…

198 total views, 7 views today

Facebook Comments