២៨.ដំណើរចរចាកកោកិលាគ្រាម

ម្នាលលោកដ៏មានអាយុ ! នៅទីំបំផុត ខ្ញុំព្រះករុណាក៏ធ្វើដំណើរចាកចេញពីកោកិលាគ្រាមទៅ ពួកអ្នស្រុកតាម ជូនដំណើរខ្ញុំព្រះករុណាអស់ចម្ងាយផ្លូវប្រហែលកន្លះយោជន៍ ទើបវិលត្រឡប់ទៅវិញ សឹងតែទាំងអស់គ្នាមាន ទឹកភ្នែករលីមរលាមដោយស្តាយស្រណោះចំពោះខ្ញុំព្រះករុណា តាមការពិតទៅ ខ្ញុំព្រះករុណាមិនមែនជា សាច់ញាតិផៅសន្តានរបស់ពួកគេទេ ប៉ុន្តែម្នាក់ៗនៅក្នុងភូមិសុទ្ធតែគោរពរាប់អានខ្ញុំព្រះករុណាដោយស្មោះ អស់ពីចិត្ត មិនចង់ឲ្យខ្ញុំព្រះករុណាឃ្លាតឃ្លាចាកពួកគេទេ ចង់ឲ្យខ្ញុំព្រះករុណានៅជាមួយនឹងពួកគេទាល់តែ ក្ស័យជីវិត ប៉ុន្តែខ្ញុំព្រះករុណានៅជាមួយនឹងពួកគេរហូតមិនបានទេ ព្រោះតួនាទីរបស់ខ្ញុំព្រះករុណាគឺ ការត្រាច់ចរទៅក្នុងលោកដ៏ធំល្វឹងល្វើយបីដូចជាបក្សីតូចហាច់ហើរទៅក្នុងនភាកាស គួរនាដូចជាមច្ឆជាតិ ហែបហែលទៅក្នុងមហាសមុទ្រដូច្នោះ សេរីភាពក្នុងដំណើរទស្សនាចរ គឺជាមនោរថរបស់ខ្ញុំព្រះករុណា វីរភាពក្លាហានដាច់ខាតមិនខ្លបខ្លាចស្លាប់គឺជាយានវាហនៈដែលនាំទៅ “អំពើល្អ” គឺជាអាវក្រោះដែលខ្ញុំព្រះករុណាប្រើការពារខ្លួនរហូតមក ព្រោះតែអំពើល្អនេះឯងបានជាមនុស្សដែលស្គាល់ខ្ញុំព្រះករុណាហើយ តែងស្រឡាញ់រាប់អានខ្ញុំព្រះករុណា គេស្រស់ស្រាយសប្បាយចិត្តនៅពេលគេនៅជាមួយ គេទុក្ខព្រួយរងួយ ចិត្តនៅពេលខ្ញុំព្រះករុណាព្រាត់ចាកទៅ អំពើល្អនៅឯណា? នៅនឹងខ្លួនយើងនេះឯង អំពើអាក្រក់នៅនឹងខ្លួន យើងទាំងអស់ ម្នាក់ៗអាចមានទាំងអំពើល្អនិងអំពើអាក្រក់ស្មើគ្នា ប៉ុន្តែហេតុអ្វីបានជាអ្នកនោះជាមនុស្សល្អ អ្នកនោះជាមនុស្សអាក្រក់ ព្រោះមនុស្សល្អគេឈ្លាសវៃ គេកប់ទុកអំពើអាក្រក់ ហើយក៏បារយកតែអំពើល្អ ចេញមកប្រើ យកតែអំពើល្អចេញមកអួតអ្នកដទៃ គេគិតល្អចំពោះអ្នកដទៃ និយាយល្អចំពោះអ្នកដទៃ ធ្វើល្អ ចំពោះអ្នកដទៃ មនុស្សទើបស្រឡាញ់រាប់អានគេ មនុស្សអាក្រក់ជាមនុស្សល្ងង់ គេកប់ទុកអំពើល្អ យកតែ អំពើអាក្រក់ចេញមកប្រើ យកតែអំពើអាក្រក់ចេញមកអួតអ្នកដទៃ គិតអាក្រក់ចំពោះអ្នកដទៃ និយាយអាក្រក់ ចំពោះអ្នកដទៃ ធ្វើអាក្រក់ចំពោះអ្នកដទៃ មនុស្សទាំងឡាយទើបស្អប់ខ្ពើមគេ គេក្លាយជាឧត្បាតចង្រៃក្នុង សង្គមមនុស្ស
ម្នាលលោកដ៏មានអាយុ !  មនុស្សយើងម្នាក់ៗចង់ឲ្យគេស្រឡាញ់ចូលចិត្តខ្លួនដោយវិធីផ្សេងៗ ប្រើអាគមឱម អាមខ្លួះ បង្គាប់បញ្ជាខ្លះ ប្រើទ្រព្យជន្លជន្លេញខ្លះ ប្រើមន្តអាគមខ្លះ អង្វរព្រះអាទិទេពឲ្យជួយ បណ្តាលចិត្តគេខ្លះ ប៉ុន្តែទង្វើទាំងអស់នេះមិនបានទទួលផលពេញលេញទេ ព្រោះវិធីទាំងនេះជាវិធីខាង ក្រៅ សេចក្តីស្រឡាញ់ដែលកើតចេញពីវិធីទាំងនេះជាសេចក្តីស្រឡាញ់សើៗសម្បកក្រៅ រខេករខាកមិន មាំមួនស្ថាពរ វិធីដែលល្អបំផុត គឺ អំពើល្អ គិតល្អចំពោះគេ និយាយល្អចំពោះគេ ធ្វើល្អចំពោះគេ ហើយគេ នឹងស្រឡាញ់រាប់អានយើងយ៉ាងស្មោះអស់ពីចិត្តមាំមួនជារៀងរហូត ​ខ្ញុំព្រះករុណាយកអំពើល្អនេះឯងជាអាវុធការពារខ្លួន បានទទួលសុវត្ថិភាពរហូតរយៈផ្លូវដ៏វែងឆ្ងាយដែលខ្ញុំព្រះករុណាត្រាច់ចរមក ។
ម្នាលលោកដ៏មានអាយុ ! លុះចាកចោលអ្នកស្រុកកោកិលាគ្រាមទៅ ខ្ញុំព្រះករុណាក៏នៅតែគិតដល់ពួក គេទាំងអស់ នេះក៏ព្រោះតែអំពើល្អរបស់ពួកគេហ្នឹងឯង ប៉ុន្តែទុកជាម្លឹងក៏ដោយ ខ្ញុំព្រះករុណាព្យាយាមទប់ ចិត្តទប់ថ្លើមដើម្បីបំភ្លេចពួកគេចោលព្រោះបើអាត់តែពីស្តាយស្រណោះអាឡោះអាល័យដល់ មិនថាឡើយមនុស្សឬវត្ថុទេ តែងធ្វើឲ្យចិត្តសៅហ្មងស្រងូតស្រងាត់ នៅទីបំផុត ពាក្យថា កោកិលាគ្រាម ក៏រលុបរលាយចេញពីស្មារតីចងចាំរបស់ខ្ញុំព្រះករុណាបន្តិចម្តងៗ ខ្ញុំព្រះករុណាធ្វើដំណើរដើរផ្លូវតទៅមុខ យ៉ាងមានសេរីភាព តម្រង់ត្រង់ទៅកាន់ក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋដ៏ល្បីល្បាញ នាកំឡុងពេល ធ្វើដំណើរទៅនោះ  ខ្ញុំព្រះករុណាបានពើបពះប្រទះនឹងមនុស្សគ្រប់ស្រទាប់វណ្ណៈ ខ្ញុំព្រះករុណាបានឈប់ សន្ទនាជាមួយនឹងពួកគេ សម្តែងពុទ្ធធម៌ដល់គេ ញ៉ាំងគេឲ្យរីករាយក្នុងសម្មាបដិបត្តិហើយក៏ដើរហួសទៅ ។
នៅរសៀលថ្ងៃមួយនាដើមគិម្ហរដូវនោះឯង នៅខណៈដែលខ្ញុំព្រះករុណាកំពុងដើរផ្លូវយ៉ាងរហ័សរហួន រហើតរហំាងដើម្បីនឹងទៅឲ្យដល់ភូមិអ្នកស្រុកមុនពេលព្រលប់នោះ អាកាសធាតុមានសភាពក្តៅហេងហាង ពន់ពេកណាស់ កម្តៅថ្ងៃក្តៅរហេងរហាងហាក់នឹងថាព្រះអាទិត្យថែមចំនួនដល់ទៅ ៣ ដួងទៀត ទោះបីជា  មានខ្យល់បក់ផាត់រំភើយមកខ្លះ ក៏សឹងជាខ្យល់ពេញទៅដោយធូលីនិងកម្តៅរបស់ពន្លឺថ្ងៃព្រមទាំងសម្រេកទឹក ធ្វើឲ្យខ្ញុំព្រះករុណាមានសភាពរសេះរសោះអស់ដៃអស់ជើងជាខ្លាំង ទើបត្រូវឈាងចូលទៅសម្រាកក្រោមម្លប់ ឈើក្បែរផ្លូវ គ្រាន់តែអង្គុយចុះទៅមិនយូរប៉ុន្មាន ក៏ភ្លឹកលក់ទៅដោយសាររហិតរហៃ លុះភ្ញាក់ឡើង ក៏ឃើញ ថាពេលល្ងាចណាស់ទៅហើយ ខ្ញុំព្រះករុណាទើបក្រទីក្រទាក្រោកឡើង សម្លឹងមើលទៅជុំវិញខ្លួន ក៏ស្រាប់ តែប្រទះឃើញរូបភាពដ៏គួរឲ្យភ័យតក់ស្លុតឈរនៅចំពោះមុខ ពោលគឺ ខ្លាធំ ១ ក្បាលកំពុងអង្គុយលិឍមាត់ នៅចំពោះមុខខ្ញុំព្រះករុណា ឆ្ងាយចេញទៅប្រមាណជា ៥ ហត្ថ(២ម៉ែត្រកន្លះ) ។
ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាប្រាប់មិនត្រូវដែរថានាពេលនោះមានសភាពចិត្តដូចម្តេចនោះទេ ប៉ុន្តែ ដែលច្បាស់បំផុត គឺ ស្លុតស្លន់ចិត្តទាល់ញ័រខ្លួន អាវុធ ១ ចម្រៀកក៏គ្មានជាប់នឹងខ្លួន នឹងរត់ផាយទៅក៏មិនទាន់ គិតថា នាទីចុងក្រោយរបស់ខ្ញុំព្រះករុណាបានមកដល់ហើយ នៅទីបំផុត ដំណើរដើរផ្លូវឆ្ងាយរបស់ខ្ញុំព្រះ- ករុណានោះចប់សូរេចនៅនឹងមាត់ខ្លានេះឯង ខ្លាធំអង្គុយលិទ្ធមាត់សម្លឹងមើលខ្ញុំព្រះករុណាយ៉ាងស្រេកឃ្លាន កាលបើឃើញថាគ្មានផ្លូវណានឹងយករួចខ្លួនបាន ខ្ញុំព្រះករុណាទើបប្រើវិធីសាស្ត្រដែលព្រះអរិយបុគ្គលទាំង ឡាយនាំគ្នាប្រព្រឹត្តតៗមក ពោលគឺ ខ្ញុំព្រះករុណាខំប្រឹងស្រែកហៅរកជំហរស្មារតីរឹងប៉ឹងម៉ឹងម៉ាត់ទាំងអស់ ត្រឡប់មកទុកក្នុងចិត្តវិញ តាំងចិត្តយ៉ាងមុតមាំហើយុក៏អធិដ្ឋាននៅក្នុងចិត្តថា “ខ្ញុំព្រះករុណាលះបង់ភេទ ឃរាវាសចេញបួសក្នុងព្រះពុទ្ធសាសនាឧទ្ទិសចំពោះព្រះបរមសាស្តា ខ្ញុំព្រះករុណាលះបង់ហើយនូវអ្វីៗសព្វ យ៉ាងលះបង់សូម្បីជីវិតរាងកាយនេះ ប្រសិនបើក្នុងជាតិមុន ខ្ញុំព្រះករុណាធ្លាប់សាងកម្មពៀរវេរាជាមួយនឹង ខ្លានេះ សូមឲ្យខ្លានេះកាច់កស៊ីជាអាហារចុះ ខ្ញុំព្រះករុណាសុខចិត្តលះបង់ជីវិតលាងជម្រះបំណុលកម្មចាស់ ឲ្យអស់ទៅក្នុងជាតិនេះ ប៉ុន្តែបើយើងមិនដែលមានកម្មពៀរវេរាជាមួយគ្នាក្នុងជាតិមុនទេ សូមឲ្យខ្លានេះចៀស ចេញទៅតាមផ្លូវរបស់ខ្លួន ខ្ញុំព្រះករុណានឹងទៅតាមផ្លូវរបស់ខ្ញុំព្រះករុណាតទៅ” ។
ម្នាលលោកដ៏មានអាយុ ! គ្រាន់តែខ្ញុំព្រះករុណាអធិដ្ឋានផុតពីមាត់ប៉ុណ្ណោះ ខ្លាធំនោះក៏លោតភ្លនចូលទៅ ក្នុងព្រៃភ្លាមបីដូចជាបាដិហារ្យ ខ្ញុំព្រះករុណាដកដង្ហើមធំដោយធូរទ្រូងហាក់បីដូចជាមានមនុស្សលើក មមៀលថ្មភ្នំចេញពីខ្លួនដូច្នោះ នៅខណៈនោះ ខ្ញុំព្រះករុណានឹកក្នុងចិត្តថា ខ្លួនឯងហាក់បីដូចជាស្លាប់ ហើយកើតថ្មី ស្រវាចាប់បាត្រនិងក្លស់ ម្នីម្នាដើរចេញទៅដោយឥតងាកក្រោយឡើយ
នេះជាគ្រាដំបូងហើយដែលខ្ញុំព្រះករុណាបានប្រឈមមុខនឹងសត្វសាហាវហើយអាចយោងខ្លួនឲ្យរស់រានមានជីវិតបានយ៉ាងគួរឲ្យស្ញប់ស្ញែង ប៉ុន្តែចំណេរកាលតមក ការប្រឈមមុខនឹងភយន្តរាយបែបនេះ ក៏ក្លាយទៅជារឿងធម្មតាសម្រាប់ខ្ញុំព្រះករុណា ។
លុះមកដល់ភូមិអ្នកស្រុក ឃើញថាព្រលប់ណាស់ទៅហើយ ដោយសារសេចក្តីនឿយហត់អស់កម្លាំងខ្លាំង ខ្ញុំព្រះករុណាទើបសម្រេចចិត្តឈប់សិងយប់ក្នុងភូមិនោះឯង មានខ្ទមដីបូកដោយគោម័យ ១ ខ្នងតាំងនៅ ក្បែរផ្លូវខាងស្តាំដៃ មានពន្លឺភ្លឺផ្លុងៗបាញ់ចេញពីទ្វារដែលបើកចំហ ខ្ញុំព្រះករុណាដើរតម្រង់ទៅកាន់ខ្ទម នោះដើម្បីសុំបិណ្ឌបាតទឹកឆាន់បំបាត់សម្រេក ហើយក៏ទៅរកកន្លែងស្នាក់ខាងក្រៅភូមិ ម្ចាស់ខ្ទមជាប្រុស វ័យកណ្តាលមនុស្ស កិរិយាអាការធំក្រអាញក្រអៅ ប៉ុន្តែទទួលស្វាគមន៍ខ្ញុំព្រះករុណាដោយកិរិយាលំអុត លំឱនពន់ពេកណាស់ ។
“សូមនិមន្តព្រះតេជព្រះគុណចូលមកគង់ខាងក្នុងសិនចុះ ខ្ញុំកណារីករាយនឹងទទួលតាមមានតាមបាន សូមនិមន្តគង់លើជើងម៉ានេះ ខ្ញុំកណានឹងទៅចាត់ស្អីៗមកប្រគេន” ពោលហើយគាត់ក៏ដើរបាត់ទៅខាង ក្រោយខ្ទម រួចហើយគាត់ក៏ត្រឡប់មកវិញមួយអន្លើដោយថាសអាហារ
“សូមនិមន្តឆាន់អាហារទាំងនេះតាមចំណង់ចុះ”គាត់និយាយបណ្តើរដាក់ថាសអាហារចុះខាងមុខខ្ញុំព្រះ ករុណាបណ្តើរ “ខ្ញុំកណាមិនដែលមានឱកាសបានទទួលសមណៈព្រាហ្មណ៍មកយូរហើយ ចាត់ទុកថាជា ព្រេងសំណាងដ៏ប្រសើររបស់ខ្ញុំកណាដែលព្រះតេជព្រះគុណឈាងចូលមកកាន់ខ្ទមរបស់ខ្ញុំកណា”
“អរគុណញោមច្រើនណាស់ ឧបាសក ! ប៉ុន្តែញោមប្រហែលជាមិនយល់ទំនៀមទម្លាប់របស់សមណៈទេ មើលទៅ តាមធម្មតា សមណៈតែងមិនបរិភោគអាហារក្នុងគ្រាវិកាល គឺ ចាប់ពីថ្ងៃត្រង់រហូតដល់អរុណរះ អាត្មាជាសមណៈមិនអាចបរិភោគដារឆ្លងសទ្ធារបស់ញោមនៅពេលថ្មើរនេះបានទេ”
ប្រុសម្ចាស់ផ្ទះសម្លឹងមើលខ្ញុំព្រះករុណាទាំងមិនពេញចិត្តហើយស្រដីឡើងថា
“ប៉ុន្តែព្រះតេជព្រះគុណក៏នឿយហត់ និងស្រេកឃ្លានណាស់ មែនទេ? ហេតុនេះបានជាខ្ញុំកណាយល់ ឃើញថាព្រះតេជព្រះគុណគួរតែបរិភោគអាហារទៅមុខជាគ្មានខូចខាតអ្វីទេ !”
“តាមការពិត ក្នុងការបរិភោគអាហារនេះ គ្មានកំហូចខូតខាតអ្វីទេ កំហូចខូចខាតនៅត្រង់ថា អាត្មាល្មើស វិន័យរបស់សមណៈដែលព្រះបរមសាស្តាទ្រង់បញ្ញត្តទុក”
“ព្រះតេជព្រះគុណដូចជាប្រិតប្រៀងចំពោះរបៀបវិន័យជ្រុលពេកហើយ”ម្ចាស់ផ្ទះនិយាយដោយញឹមៗ
“តឹងតែងពេកទៅធ្វើឲ្យខ្លួនឯងលំបាក ខ្ញុំកណាយល់ឃើញថាគ្រាចំបាច់បែបនេះគួរតែល្មើសបំពានរបៀប វិន័យខ្លះទៅ”
“ម្នាលឧបាសក ! មនុស្សក្នុងលោកនេះមាន ២ ប្រភេទ ប្រភេទទី ១ ទាញយករបៀបវិន័យមករកខ្លួន ប្រកាន់ យកខ្លួនជារឿងសំខាន់ជាងរបៀបវិន័យ កាលបើខ្លួនប្រាថ្នាចង់ធ្វើអ្វី ក៏ធ្វើទៅដោយឥតបើគិតដល់របៀប វិន័យឡើយ មនុស្សរបៀបនេះចាត់ជាមនុស្សបំផ្លាញរបៀបបែបផែនផ្សេងៗដែលគេបញ្ញត្តតែងតាំងទុកដើម្បីសុខ សន្តិភាពដល់មហាជន ក្រិត្យក្រមទាំងពួងត្រូវបានមនុស្សប្រភេទនេះបំផ្លាញបំពារបំពាន ប៉ុន្តែចាត់ទុកបានថា នៅសំណាងល្អដែរដែលមនុស្សប្រភេទនេះមានគ្នាតិចនៅឡើយ ប្រសិនបើមានគ្នាច្រើនវិញ ច្បាប់ប្រទេស ជាតិនឹងត្រូវមនុស្សពួកនេះបំផ្លិចបំផ្លាញចោលអស់ ស្រុកទេសនឹងក្លាយជាស្រុកព្រៃផ្សៃគ្មានច្បាប់គ្មានទម្លាប់ អំពើចលាចលច្របូកច្របល់តែងកើតមានសព្វអន្លើ មនុស្សប្រភេទមួយទៀតចូលចិត្តទាញយកខ្លួនចូលទៅ រករបៀបវិន័យ ប្រកាន់យករបៀបវិន័យសំខាន់ជាងខ្លួនឯង កាលបើនឹងធ្វើអ្វី និយាយអ្វី ត្រូវគិតគន់មើល យ៉ាងហ្មត់ចត់ជាមុនថាការធ្វើ ការនិយាយនោះនឹងទើសទាស់បទបញ្ញត្តិឬច្បាប់មាត្រាណាមួយឬទេ បើ ឃើញថាទើសទាស់ទេ គេមិនធ្វើជាដាច់ខាត ទោះបីខ្លួនទទួលរងទុក្ខលំបាកប៉ុនណា ក៏សុខចិត្តដែរ មនុស្សប្រភេទនេះចាត់ទុកថាជាអ្នកស្ថាបនារបៀបវិន័យសង្គម សង្គមណាមានមនុស្សប្រភេទនេះរស់នៅ    ច្រើន សង្គមនោះមានតែសេចក្តីសុខក្សេមក្សាន្តតរៀងទៅ
ម្នាលឧបាសក ! អាត្មាជាមនុស្សប្រភេទក្រោយនេះ កាលបើបរិភោគអាហារក្នុងគ្រាវិកាលជាការបំពារបំពាន វិនយប្បញ្តត្តិរបស់ព្រះបរមសាស្តា ហេតុនោះបានជាអាត្មាមិនអាចធ្វើបានទេ តាមការពិត អាត្មាហេវខ្លាំង ណាស់ ប៉ុន្តែសុខចិត្តជ្រើសរើសយកសេចក្តីស្លាប់ មិនព្រមចុះចាញ់សេចក្តីស្រេកឃ្លានទេ ព្រោះនឹងធ្វើឲ្យប្រព្រឹត្តកន្លងវិនយប្បញ្ញត្តិរបស់ព្រះបរមសាស្តា” ប្រុសជាម្ចាស់ផ្ទះអង្គុយធ្មឹងអស់ពេលជាយូរ សម្តីរបស់ខ្ញុំព្រះករុណាច្បាស់ជាធ្វើឲ្យគាត់គិតត្រិះរិះ រកហេតុផលខ្លះ ។
គាត់ស្រដីឡើងក្នុងទីបំផុតថា “បពិត្រលោកសមណៈដ៏ចម្រើន ! លុះបានដឹងតំណាំងចិត្តដាច់ខាតរបស់ ព្រះតេជព្រះគុណថានឹងរក្សាវិន័យជាងជីវិតបែបនេះ ធ្វើឲ្យខ្ញុំកណាកាន់តែគោរពកោតក្រែងទ្វេឡើង ទៀត ខ្ញុំកណាសូមអភ័យទោសដែលបបែបបួលឲ្យព្រះតេជព្រះគុណឆាន់ អាហារព្រោះមិនដឹងថា ព្រះតេជព្រះគុណជាមនុស្សទៀងត្រង់មួយអង្គតាមដែលខ្ញុំកណាធ្លាប់ជួបប្រទះមក”
“មនុស្សយើងកាលបើបានកាត់ចិត្តធ្វើជាអ្វីមួយហើយគួរតែជាមនុស្សទៀងត្រង់ទើបបានជាគុណ ប្រយោជន៍ បើជាមនុស្សលែនលនឡេះឡោះទេ កុំធ្វើប្រសើរជាង អាត្មាបានកាត់ចិត្តហើយថាជា អ្នកបួសក្នុងព្រះពុទ្ធសាសនា តោងតែជាអ្នកបួសពិតឥតបន្លែបន្លំ របៀបវិន័យកិ្រត្យកមដែលធ្វើឲ្យខ្លួន ជាអ្នកបួសមាននៅប៉ុន្មានតោងតែបដិបត្តិតាមឲ្យគ្រប់ទាំងអស់ ទើបបានឈ្មោះថាជាអ្នកបួសពេញ លេញ បើបដិបត្តិបានត្រឹមតែពាក់កណ្តាល អ្នកនោះមិនឈ្មោះថាជាអ្នកបួសពេញលេញទេ អ្នកណាប្រកាសខ្លួនថាជាអ្នកបួសពេញលេញថ្វីបើខ្លួនធ្វើតាមរបៀបក្រិត្យក្រមរបស់អ្នកបួសមិនបាន ពេញលេញទេ អ្នកនោះឈ្មោះថា កំពុងបោកបញ្ឆោតមហាជនដោយពិត” ។
“បពិត្រលោកសមណៈដ៏ចម្រើន ! ខ្ញុំកណាយល់ស្របជាមួយនឹងព្រះតេជព្រះគុណទាំងស្រុង ប៉ុន្តែដូចជានៅសង្ស័យថាតើរបៀបវិន័យដែលភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាដូចយ៉ាងព្រះតេជព្រះគុណ គប្បីបដិបត្តិនោះមានចំនួនតិចច្រើនប៉ុនណាទៅ?”
“វិន័យដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានបញ្ញត្តទុកសម្រាប់ភិក្ខុសង្ឃមាន ២២៧ សិក្ខាបទ(មាត្រា)”
បុរសម្ចាស់ផ្ទះសម្តែងអាការចម្លែកចិត្តហើយនិយាយថា “២២៧ សិក្ខាបទពិតជាច្រើនសន្ធឹកសន្ធាប់ណាស់ ចុះព្រះតេជព្រះគុណបដិបត្តិតាមឲ្យគ្រប់បរិបូរណ៍ដូចម្តេចបាន?”
“អាត្មាបដិបត្តិបានយ៉ាងគ្រប់បរិបូរណ៍ដោយស្រួល កុំថាឡើយវិន័យត្រឹម ២២៧ សិក្ខាបទ សូម្បីច្រើនជាង នោះមួយរយដងក៏អាត្មាអាចបដិបត្តិតាមបានដែរ”
“បពិត្រលោកសមណៈដ៏ចម្រើន ! ព្រះតេជព្រះគុណកាន់តែធ្វើឲ្យខ្ញុំកណាមានសន្ទីះសង្ស័យក្នុងចិត្តខ្លាំង ឡើង សូមមេត្តាប្រាប់ខ្ញុំកណាផងថាតើព្រះតេជព្រះគុណរក្សាបានយ៉ាងដូចម្តេច ខ្ញុំកណាជាឃរាវាសរក្សា ត្រឹមតែ ៥ សិក្ខាបទ ក៏សឹងតែរក្សាមិនបានទៅហើយ”
“ម្នាលឧបាសក ! សម្រាប់អ្នកដែលតាំងចិត្តរក្សាហើយ ទោះបីជាមានប៉ុន្មានរយប៉ុន្មានពាន់សិក្ខាបទក៏ដោយ ក៏អាចរក្សាបានដែរ ប៉ុន្តែសម្រាប់អ្នកដែលមិនតាំងចិត្តនឹងរក្សា កុំថាឡើយត្រឹម ៥ សិក្ខាបទ សូម្បីតែ ១ សិក្ខាបទក៏មិនអាចរក្សាបានដែរ “តំណាំងចិត្តរក្សា”ឬ”តំណាំងចិត្តវៀរលែង” នេះឯងគឺ សីលពិត ចំណែកឯទង្វើឆ្គាំឆ្គងដែលចែកជា ៤ ខខ្លះ ៥ ខខ្លះ ១០ ខខ្លះ ៣០ ខខ្លះ ២២៧ ខខ្លះនោះ មិនមែនជាតួសីល ពិតទេ គ្រាន់តែជាប្រភេទនៃទង្វើឆ្គាំឆ្គងដែលបកស្រាយឲ្យដឹងថាត្រូវវៀរចាកអ្វីខ្លះប៉ុណ្ណោះ តួសីលពិតប្រាកដ គឺ សេចក្តីតាំងចិត្តនឹងវៀរបង់ចាកអំពើអាក្រក់ដោយកាយឬវាចា ដែលហៅតាមសមណស័ព្ទថា វិរតិចេតនា អាត្មាប្រៀបធៀបឲ្យយល់ដូចតទៅនេះ ឧបមាថា ញោមជាគង្វាលគោឃ្វាលគោ ២២៧ ក្បាល បើញោមមាន បំណងនឹងកៀងប្រមូលគោទាំងនោះឲ្យនៅរួមជាក្រុមជាហ្វូងក្នុងកន្លែងតែមួយ ញោមអាចធ្វើបាន ២ វិធី
វិធីទី ១ ញោមត្រូវឈរកាន់ដំបងយាមចាំមើលថាតើគោមួយណាកំពុងបែកចាកហ្វូង កាលបើឃើញហើយ ញោមក៏ប្រញាប់រត់ទៅដេញកៀងគោនោះឲ្យត្រឡប់ចូលមកក្នុងហ្វូងវិញ កាលបើគោនោះត្រឡប់ចូលមក ក្នុងហ្វូងវិញហើយ គោឯទៀតក៏ចាប់ផ្តើមចេញពីហ្វូងបន្តទៀត ញោមប្រញាប់រត់ទៅដេញគោនោះ ជួនកាល អាចចេញពីហ្វូងម្តងច្រើនក្បាល ញោមត្រូវធ្វើការយ៉ាងយ៉ាប់យឺន រត់ដេញគោទៅមកដោយឥតឈប់ឈរ ។
វិធីទី ២ ញោមមិបាច់រត់ទៅដេញគោម្តងមួយក្បាលនាំឲ្យនឿយហត់នោះទេ គ្រាន់តែបោះស្នឹងឲ្យមាំចុះទៅ ក្នុងដីហើយយកខ្សែចំណងចងគោទាំង ២២៧ ក្បាលមករួមត្របែងទុកនឹងស្នឹងតែមួយ ដោយវិធីនេះ ញោម មនបាច់រត់វិលវល់វីវក់ចាំដេញកៀងគោទេ ញោមគ្រាន់តែឈរសម្លឹងមើលត្រង់ស្នឹងនោះម្តងម្កាល ដរាបណា ស្នឹងគោនៅរឹងមាំ គោមិនអាចដើរចេញទៅបានជាដាច់ខាត
ម្នាលឧបាសក ! គោដូចពោលក្នុងឧទាហរណ៍នេះប្រៀបដូចជាសីលឬរបៀបវិន័យមួយខៗ ស្នឹងដែលចងគោប្រៀបដូចជាសេចក្តីតាំងចិត្តវៀរចាកអំពើអាក្រក់ដែលហៅថា វិរតិចេតនា បើញោម វិរតិចេតនាហើយ ទោះបីជាសីលមានប៉ុន្មានខក៏ដោយ ញោមក៏អាចរក្សាបានទាំងអស់ ហេតុដូច្នេះ វិធីរក្សាសីលដែលត្រឹមត្រូវ គឺ រក្សាចិត្តរបស់ញោមហ្នឹងឯង ចិត្តដែលត្រេកអរក្នុងបុណ្យកុសល ស្អប់ស្អាយនឿយណាយចំពោះអំពើអាក្រក់គ្រប់ប្រភេទនោះឯង គឺចិត្តដែលមានសីល បេះដូងរបស់ សីលនៅត្រង់កន្លែងនេះឯង បើនឹងរក្សាសីល តោងតែរក្សាត្រង់បេះដូងរបស់សីលនេះឯង ខាងប្រទេសជាតិ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រិត្យកំណត់ច្បាប់រក្សាសន្តិភាពនិងសន្តិសុខ របស់ស្រុកទេសយ៉ាងច្រើន បើរាប់ជាមាត្រាមានរាប់រយមាត្រា ជួនកាល ប្រជារាស្ត្រមិនដឹងថាច្បាប់ អ្វីខ្លះផងទេ មានប៉ុន្មានមាត្រាទេ ប៉ុន្តែពួកគេក៏រស់នៅជាមួយគ្នាបានយ៉ាងសុខសាន្ត ពួករាជបុរសមក ចាប់គេទៅដាក់ពន្ធនាគារមិនបានទេ ព្រោះគេបដិបត្តិតាមច្បាប់បានយ៉ាងត្រឹមត្រុវ តាមការពិត គេមិន ដឹងថាច្បាប់មានអ្វីខ្លះផងទេ​ ប៉ុន្តែហេតុអ្វីបានជាបដិបត្តិបានយ៉ាងត្រឹមត្រូវ​ ពីព្រោះគេបដិបត្តិតាម បេះដូងរបស់ច្បាប់ហ្នឹងឯង ច្បាប់ទាំងអស់មានបេះដូងត្រឹមតែ ២ ប៉ុណ្ណោះ គឺ សុចរិត និង យុត្តិធម៌ ទោះនឹងធ្វើ និយាយអ្វី សូមឲ្យប្រព្រឹត្តសុចរិតនិងយុត្តិធម៌ចុះ ទោះបីជាញោមមិនចេះច្បាប់សោះ ក៏គ្មានថ្ងៃណានឹងខុសច្បាប់ឡើយ ” ។
នៅពេលដែលខ្ញុំព្រះករុណាអធិប្បាយមកបានត្រឹមប៉ុណ្ណេះ ប្រុសម្ចាស់ផ្ទះក៏កើតមានសេចក្តីគោរពជ្រះថ្លា ចំពោះខ្ញុំព្រះករុណាយ៉ាងស្មោះស គាត់និមន្តឲ្យខ្ញុំព្រះករុណាសិងយប់ឯផ្ទះរបស់គាត់ នៅពេលយប់ជ្រៅ យើងបានសន្ទនាគ្នាក្នុងបញ្ហាផ្សេងៗជាច្រើនទៀត ប្រុសម្ចាស់ផ្ទះបានតំណាលប្រាប់ពីជីវភាពអន្តេបអន្តាប ត្រដាបត្រដួសឲ្យខ្ញុំព្រះករុណាស្តាប់ ជីវិតរបស់គាត់ប្រហែលដូចនឹងជីវិតរបស់ខ្ញុំព្រះករុណាដែរ ខ្ញុំព្រះករុណា បានសោះអន្ទងយោងចិត្តគាត់ដោយធម្មោសថ ធ្វើឲ្យគាត់មានកម្លាំងចិត្តក្នុងការតស៊ូដើម្បីជីវភាពរស់នៅតាម ដោយវិថីជីវិតដ៏ត្រឹមត្រូវតាមគន្លងធម៌ គាត់បានតំណាលប្រាប់ទិដ្ឋភាពភូមិស្រុកឲ្យខ្ញុំព្រះករុណាស្តាប់ផងដែរ
“បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! ខ្ញុំកណាឃើញថាទ្រាំរស់នៅក្នុងភូមិនេះមិនបានទៀតទេ ខ្ញុំកណាតាំងចិត្ត ថានឹងគេចទៅរស់នៅកន្លែងផ្សេងឆាប់ៗនេះហើយ”
” ថី ឧបាសក ! “ខ្ញុំព្រះករុណាសួរ
“ការប្រកបរបរនៅទីនេះកាក់កបស្រួលមិនមែនឬ?”
“ស្រួលណាស់ ប៉ុន្តែទុកជាម្លឹង ខ្ញុំកណាយល់ឃើញថា តោងតែទៅព្រោះមានរឿងខ្លះដែលខ្ញុំកណាមិនចូល ចិត្តក្នុងភូមិនេះ ហើយខ្ញុំកណាគ្មានផ្លូវយកឈ្នះរឿងនេះបានទេ”គាត់និយាយទាំងយកដៃលូកចង្កាដោយ យោនិសោមនសិការ សង្កេតឃើញសញ្ញានៃសេចក្តីមិនស្រស់ស្រាយខ្លះក្នុងកែវភ្នែករបស់គាត់ ធ្វើឲ្យខ្ញុំព្រះករុណាចង់ដឹងចង់ឮឡើងភ្លាម
“ម្នាលឧបាសក ! បើញោមគិតថាអាត្មាល្មមជាទីទុកចិត្តបាន សូមតំណាលឲ្យអាត្មាស្តាប់ផង ជួនកាលអាត្មា អាចមានផ្លូវជួយសង្គ្រោះញោមបាន”
“អរព្រះគុណជាពន្លឹកចំពោះបំណងល្អរបស់ព្រះតេជព្រះគុណ” និយាយហើយគាត់ក៏ចូលមកក្បែរៗគ្រែរបស់ ខ្ញុំព្រះករុណា ហើយតំណាលរឿងរ៉ាវរបស់គាត់ឲ្យខ្ញុំព្រះករុណាស្តាប់ដោយសម្លេងតិចៗថា
“បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! រឿងមួយដែលខ្ញុំកណាមិនចូលចិត្តក្នុងភូមិនេះ គឺ ប្រធានភូមិ ហ្នឹងឯង គាត់ជាមេភូមិស្តុកស្តម្ភ មានដីស្រែចម្ការច្រើនជាអនេក អ្នកស្រុកទាំងអស់ប្រវាស់ស្រែគាត់ ធ្វើទទួលទានចិញ្ចឹមជីវិតដោយបែងចែកផលិតផលឲ្យគាត់ពាក់កណ្តាលរាល់ឆ្នាំ ឆ្នាំខ្លះកាលបើធ្វើស្រែ មិនបានផល អ្នកស្រុកក៏ធ្លាក់ក្នុងស្ថានភាពលំបាកត្រដាបត្រដួស ព្រោះមិនល្មមទទួលទាន ត្រូវទៅខ្ចី បុលស្រូវមេភូមិមកចិញ្ចឹមបុត្រភរិយា លុះដល់រដូវចម្រូត ផលិតផលស្រូវដែលបានមកក៏ល្មមតែ សម្រាប់សងបំណុលមេភូមិប៉ុណ្ណោះ អ្នកស្រុកខ្លះបានក្លាយទៅជាខ្ញុំកញ្ជះរបស់គាត់ទៅហើយទាំង ស្រុង បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! មេភូមិរបស់យើងជាមនុស្សមានចិត្តសាហាវឃោរឃៅ ណាស់ គ្មានការុញ្ញចិត្តអាណិតអាសូរអ្នកណាម្នាក់ឡើយ គាត់ប្រកាន់ថាគាត់មានអំណាច មានទ្រព្យ សម្បត្តិ មិនបាច់ពឹងពាក់អាស្រ័យអ្នកណាទេ គាត់ចង់ធ្វើអ្វីក៏ធ្វើទៅតាមចំណង់របស់គាត់ ឥតគិតគូរថា អ្នកដទៃនឹងក្តៅក្រហាយដូចម្តេចឡើយ សូមឲ្យតែខ្លួនឯងធូរធារក៏ជាការគ្រប់គ្រាន់ សព្វថ្ងៃនេះ ខ្ញុំកណាហាក់បីដូចជាកំពុងស្ថិតនៅក្នុងគុក ឆ្នាំក្រោយសូមឲ្យព្រះពិរុណបង្អុរចុះមកឲ្យបានជោកជាំ ធ្វើស្រែបានស្រូវល្មមសងបំណុលមេភូមិអស់ហើយ ខ្ញុំកណានឹងភៀសចេញពីភូមិនេះភ្លាម” ។
រឿងរ៉ាវរបស់មេភូមិនិងប្រុសម្ចាស់ផ្ទះធ្វើឲ្យខ្ញុំព្រះករុណាត្រូវគិតពិចារណាយ៉ាងចំណាប់ម្តងទៀត នឹក អាណិតគាត់និងអ្នកស្រុកជាខ្លាំង ចង់ជួយឲ្យគាត់រួចផុតពីស្ថានភាពដ៏គួរឲ្យអាសូរនេះ ប៉ុន្តែជួនកាល គិតថាវាជារឿងធម្មតារបស់សត្វលោក យើងបានលាងដៃជ្រះពីរឿងទាំងអស់នេះហើយ មិនគួរនាំខ្លួន ចូលទៅប្រឡាក់ប្រឡូកទៀតទេ ប៉ុន្តែសេចក្តីអាណិតអាសូរមានកម្លាំងខ្លាំងជាង ខ្ញុំព្រះករុណាទើប ដាច់ចិត្តជួយគាត់តាមដែលអាចជួយទៅបាន
“ម្នាលឧបាសក ! អាត្មានឹកអាណិតញោមខ្លាំងណាស់ អាត្មាព្យាយាមរកផ្លូវជួយញោមនិងអ្នកស្រុក ទាំងអស់ ប៉ុន្តែនឹងជួយដោយវិធីណានោះចាំឲ្យអាត្មាគិតមើលសិន”
បន្ទាប់ពីនោះមក ខ្ញុំព្រះករុណាក៏សិងគិតរកកុសលោបាយ ប្រុសម្ចាស់ផ្ទះក៏សម្រាន្តលក់ទៅ ព្រោះយប់ ជ្រៅណាស់ទៅហើយ ។

loading…

173 total views, 1 views today

Facebook Comments