៧.លោកឪពុកអ្នកម្តាយនៅឯណា?

ចម្ងាយផ្លូវពីខ្លោងទ្វារក្រុងដល់ភូមិចណ្ឌាលមិនជិតប៉ុន្មានទេ ប៉ុន្តែរេវត្តកុមារតាំងចិត្តថានឹងទៅឲ្យ ដល់នៅយប់នេះឯង គេមិនចង់នៅក្នុងក្រុងឬសូម្បីតែបរិវេណជិតក្រុងរបស់ពួកព្រាហ្មណ៍តទៅ ទៀតឡើយ ចង់នឹងភៀសខ្លួនចេញទៅឲ្យឆ្ងាយជាទីបំផុតតាមដែលអាចភៀសទៅឆ្ងាយបាន គេប្រញាប់ដើរទៅយ៉ាងលឿននៅកណ្តាភាពងងឹតអន្ធការ និង សេចក្តីស្ងាត់ច្រៀបនៃរាត្រីកាល ជួនកាលគេក៏ដើរចំពង់ដុំថ្មនៅលើផ្លូវរដិបរដុបដួលជ្រហិតជ្រហមនៅនឹងដី ធ្វើឲ្យបង្វេចខោអាវ ខ្ទាត់ឆ្លោយចេញដៃ ក្មេងកម្លោះប្រឹងខាំធ្មេញព្រយុងខ្លួនក្រោកឡើង រាវរកបង្វេចខោអាវដោយ អាស្រ័យពន្លឺព្រឹលៗរបស់ផ្កាយ ទម្រាំនឹងរកឃើញក៏ត្រូវចំណាយពេលជាច្រើន សម្លេងខ្លែង ស្រាកយំចចាចនៅខាងក្រោយខ្នង នាំឲ្យកម្លោះចណ្ឌាលនឹកគិតថាលីលាវតីកំពុងតែរត់តាម មក គេភ្លឹកភ្លាំងងាកបែរក្រោយហើយក៏ឈប់ឈរនៅចាំនាង ប៉ុន្តែគ្រាន់តែដឹងថាវាជាសម្លេង ស្រែករបស់ខ្លែងស្រាក គេក៏រូតរះធ្វើដំណើរតទៅ ។
នៅទីបំផុត រេវត្តកុមារក៏ចូលទៅដល់ភូមិចណ្ឌាល អ្នកភូមិនាំគ្នាសម្រាន្តលក់អស់ហើយ ឆ្ដែចាស់ពីរបីក្បាលក្រោកឡើងមកភ្រុសសន្ធាប់តាមក្រោយកែងជើងរបស់គេ ប៉ុន្តែក្មេងកម្លោះ មិនអើពើទេ គេដើរតទៅ រហូតទាល់តែមើលឃើញផ្ទះរបស់ឪពុកឈរនៅស្ទុងៗក្នុងភាពងងឹត សមន្ធការ រេវត្តកុមារត្រេកអរណាស់ ប្រញាប់ស្ទុះទៅគោះទ្វារហៅឪពុកថា “ពុក ! បើកទ្វារ ទទួលកូនផង កូនមកហើយ ពុក ! ” គេហៅទាំងគោះទ្វារដោយចង្វាក់រន្ថើន ប៉ុន្តែខាងក្នុងនៅតែ ស្ងាត់ច្រៀប ស្ងាត់ឈឹងហាក់នឹងថាគ្មានជីវិតនៅខាងក្នុងសោះ គេនៅតែគោះទ្វារហៅតទៅ “ពុក ! សូមបើកទ្វារទទួលកូនផង” ។
នៅទីបំផុត ក៏មានសម្លេងសង្ឍកចេញមកពីខាងក្នុងថា “អ្នកណាគេហ្នឹង មកដាស់ធើអីនៅយប់ អធ្រាតអញ្ចឹង”
“កូនទេ រេវត្តៈណៈ ! ចាំសម្លេងកូនមិនបានទេឬ ”
“រេវត្តៈ !”សម្លេងចេញពីខាងក្នុងបន្លឺហៅឈ្មោះគេតិចៗ ជាវិធីនឹកគិតហើយក៏មានសម្រឹបជើង ផ្ទប់នឹងផ្ទៃក្តារដើរសំដៅមកទ្វារ ទ្វារត្រូវបានបើកចេញមកហើយអ្នកទាំងពីរក៏ប្រទល់មុខគ្នា
“ឯងជាអ្នកណា មកពីណា?” បុរសដែលបើកទ្វារសួរ តែរេវត្តៈមិនបានឆ្លើយទេ គេចាប់ផ្តើម ចម្លែកចិត្ត ព្រោះគិតឃើញថាបុរសម្នាក់នេះមិនមែនជាឪពុករបស់គេទេ ព្រោះមើលទៅមានពុក មាត់ស្រមូមស្រមាមចាស់ជាងឪពុករបស់គេឆ្ងាយណាស់ ទាំងអាកប្បកិរិយាដែលសម្តែងចេញ ចំពោះគេ ក៏បញ្ជាក់ច្បាស់ថាជាអ្នកព្រៀងលាន រេវត្តកុមារដើរតាមម្ចាស់ផ្ទះចូលទៅខាងក្នុង ដោយសេចក្តីសង្ស័យស្ទាក់ស្ទើរជាខ្លាំង “ឪពុករបស់ខ្ញុំផ្លាស់ប្តូរដល់ថ្នាក់នេះម្លេះឬ” គេគិតនៅ ក្នុងចិត្ត នៅពេលដែលអ្នកទាំងពីរមកអង្គុយនៅមុខចង្រ្កានភ្លើងព្រមគ្នាហើយ ការពិតក៏ប្រាកដ ឡើង បុរសម្នាក់នោះមិនមែនជាឪពុករបស់គេទេ ប៉ុន្តែជាបុរសប្លែកមុខដែលរេវត្តកុមារមិន ដែលឃើញមកពីមុន ។
“អូ ! ខ្ញុំបាទចូលផ្ទះច្រឡំទេ”គេឧទានឡើងទាំងម្នីម្នាចេញទៅក្រៅ ប៉ុន្តែគេត្រូវត្រឡប់ចូលមកម្តង ទៀត ពីព្រោះផ្ទះនោះពិតជាផ្ទះរបស់គេពិតមែន គេនៅចាំបានច្បាស់ បើអញ្ចឹង ឪពុករបស់គេទៅ ណា? បុរសនោះជាអ្នកណា?
“ឪពុកម្តាយរបស់ខ្ញុំបាទទៅណា?”គេសួរបុរសមានវ័យចំណាស់នោះយ៉ាងតក់ក្រហល់
“ឪពុកម្តាយរបស់ឯងជាអ្នកណា សាកប្រាប់មកមើល៍”
“ឪពុករបស់ខ្ញុំបាទឈ្មោះ ពន្ធុមៈ ម្តាយឈ្មោះ សុជានី ”
“ឱ ! “វយជនឧទានឡើងទាំងងក់ក្បាលថាយល់ហើយ
“ឯងចង់សំដៅដល់ប្តីប្រពន្ធ ២ នាក់ដែលធ្លាប់ជាម្ចាស់ផ្ទះនេះមែនទេ ឯងឈ្មោះរេវត្តៈ កូនប្រុស របស់លោកពន្ធុមៈមែនទេ គេធ្លាប់ដំណាលឲ្យតាស្តាប់ជារឿយៗដែរថា មានកូនប្រុសម្នាក់រស់ នៅជាមួយនឹងលោកសុមង្គលគ្រហបតីឯក្រុងសាវត្ថី ”
“ត្រូវហើយ ខ្ញុំបាទជាកូនរបស់គាត់ សូមមេត្តាប្រាប់ខ្ញុំបាទផងថាតើពេលនេះពួកគាត់នៅឯណា”
ក្មេងកម្លោះអន្ទោកអន្ទោល
ព្រឹធជនលើកដៃអង្អែលពុកចង្កា ភ្នែកមៀងមើលទៅពិតានដោយយោនិសោមនសិការគិតរិះ រកមើលហើយមានប្រសាសន៍ថា “គាត់ចាកចេញពីភូមិនេះទៅយូរហើយ តាខ្លួនឯង ក៏មិនដឹង ថាគាត់ទៅណាដែរ ប្រហែលជាឡើងទៅនៅភាគខាងជើងក្បែរជើងភ្នំហិមាល័យ ប៉ុន្តែមិនដឹង ថាជាភូមិអ្វីប្រាកដទេ មុនពេលទៅ គាត់មិនបានប្រាប់ឯងឲ្យដឹងទេឬ?”
“មិនបានប្រាប់ទេ ខ្ញុំបាទទើបតែដឹងអម្បាញ់មិញនេះឯង អនិច្ចា ! លោកឪពុកអ្នកម្តាយមិនគួរ បោះបងចោលកូនដោយរបៀបនេះសោះ ខ្ញុំបាទខំពុះពារមកទីនេះដោយលំបាកលំបិន ក៏ព្រោះតែសង្ឃឹមថានឹងបានរស់នៅក្រោមរង្វង់ដៃដ៏កក់ក្តៅរបស់ឪពុកម្តាយ ប៉ុន្តែបែរជាខុស បំណង ព្រះអាទិទេពមិនអាសូរខ្ញុំបាទសោះ” គេយកដៃទាំង ពីរខ្ទប់មុខឱន ចុះហើយមាន សម្លេងសសឹកយំដោយសំណោកសោកសៅ ។
“កុំទួញសោកអី ចៅអើយ ! ទោះបីជាចៅមិនបានជួបឪពុកម្តាយ ប៉ុន្តែបានជួបតា ក៏ស្មើនឹង ឪពុកម្តាយដែរ តានៅម្នាក់ឯង គ្មានកូនចៅទេ នៅជាមួយតាចុះ តានឹងអាណិតស្រឡាញ់មើល ចៅ ឲ្យដូចជាកូនចៅរបស់តាអញ្ចឹង”
“ជាព្រះគុណយ៉ាងខ្ពស់ដែលតាមានចិត្តករុណាដល់ខ្ញុំបាទ ប៉ុន្តែខ្ញុំបាទនៅជាមួយនឹងតាមិន បានទេ”រេវត្តកុមារនិយាយទាំងកំពុងខ្សឹកខ្សួល
“ចៅឯងនឹងទៅណា?”តាចាស់សួរ
“នឹងទៅគ្រប់ច្រកល្ហកដែលឪពុកម្តាយរបស់ខ្ញុំបាទរស់នៅ បើពួកគាត់នៅទិសខាងជើង ខ្ញុំបាទ នឹងទៅទិសខាងជើង”ក្មេងកម្លោះអះអាង
វុទ្ធជនសម្លឹងមើលមុខគេដោយញញឹមពេបជ្រាយចំពោះសេចក្តីប្តេជ្ញាចិត្តដែលឥតគិតគូរអ្វី សោះរបស់ក្មេងសុពលឈាមរាវ ហើយក៏មានប្រសាសន៍ថា
“ឯងមានចិត្តមោះមុតណាស់ហ្ន ចៅប្រុស !​ ប៉ុន្តែថាចៅឯងស្គាល់ផ្លូវទៅទិសខាងជើងស្ទើរ ពេកហើយ ចាំតាប្រាប់ឯងតាមការពិតទៅចុះថា ទិសខាងជើងនៃភូមិប្រទេសគ្របដណ្តប់ទៅ ដោយព្រៃភ្នំក្រំថ្មក្រាស់ទ្រុបទ្រុល និង ដេរដាសទៅដោយខ្មោចព្រាយបិសាច និងសត្វសាហាវ ជាច្រើន មនុស្សមនាធ្វើដំណើរទៅមកដោយមានគ្នាជាហ្វូងជាក្រុម មានអាវុធគ្រប់ដៃទើបគេច ផុតពីអន្តរាយនៃជីវិតបានដោយសុវត្ថិភាព​ បើទៅតែម្នាក់ឯង គង់ប្រហែលនឹងមិនរួចជីវិតឡើយ បើចៅទៅផ្សងព្រេងតែម្នាក់ឯង តាខ្លាចក្រែងថាអាចនឹងមានគ្រោះថា្នក់ដល់ជីវិតបាន នៅជាមួយនឹងតាទីនេះហើយ មិនបាច់ទៅទេ ជួនកាលឪពុកម្តាយរបស់ឯងអាចនឹងវិលត្រឡប់ មកវិញក៏បាន” ។

loading…

រេវត្តកុមារនៅតែទទូចថានឹងទៅតែម្យ៉ាង តាចាស់ខំព្យាយាមអធិប្បាយពន្យល់លើកហេតុផល ដើម្បីឃាត់ខាំងក្មេងកម្លោះឲ្យនៅជាមួយ ប៉ុន្តែមិនអាឃាត់ខាំងចិត្តរបស់រេវត្តកុមារបានឡើយ
“តាមចិត្តចុះ ​បើអញ្ចឹង ” តាចាស់សុខចិត្តចុះចាញ់តំណាំងចិត្តរបស់រេវត្តៈ ហើយក៏បែកខ្ញែកគ្នា ទៅរកកន្លែងគេងរៀងៗខ្លួន អ្វីៗស្ថិតនៅដូចសភាពដើមទាំងអស់ ប្លែកតែលើកនេះ គេនៅឯកោ ម្នាក់ឯង គ្មានឪពុកម្តាយនៅជាមួយទេ ស្ថិតនៅក្នុងឋានៈជាភ្ញៀវប្លែកទ្រនំ គ្មានសិទ្ធិជាម្ចាស់ផ្ទះ ដូចមុនទេ រេវត្តកុមារមានអារម្មណ៍ស្រងោចចិត្តបីដូចជាកំពុងគេងនៅក្នុងព្រៃដាច់ស្រយាល គេចង់រត់គេចចេញទៅនៅយប់នេះឲ្យបាត់ ប៉ុន្តែដោយសភាពទន់ល្ងមអស់កម្លាំងរហាំងរហែង ទាំងកាយនិងចិត្តទើបលង់លក់ទៅ នៅពេលដេកលក់ គេសុបិនឃើញឪពុកម្តាយរបស់គេ មមើ ស្រមើស្រមៃដល់ឪពុកម្តាយរហូតបានឮដល់ត្រចៀកតាចាស់ជាម្ចាស់ផ្ទះ ធ្វើឲ្យគាត់នឹក អាណិតអាណោចគេយ៉ាងស្រមុតចិត្ត គាត់ក្រោកឡើងផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុក ដាក់មួយសន្ទុះ ក្មេងកម្លោះក៏មមើឡើងទៀត គេទួញសោកដល់ឪពុកម្តាយ ប៉ុន្តែពេលខ្លះក៏ដូច ជាមិនមែនជាឪពុកម្តាយរបស់គេទេ ជាឈ្មោះមនុស្សផ្សេងដែលតាចាស់មិនធ្លាប់បានឮមកពី មុន ហើយមិនយល់អត្ថន័យនៃពាក្យនោះផង គឺ ពាក្យថា “លីលាវតី” ។
លុះដល់ថ្ងៃព្រឹកឡើង រេវត្តកុមារក៏ជម្រាបលាតាចាស់ជាម្ចាស់ផ្ទះធ្វើដំណើរតទៅ នៅពេលដើរ កាត់ភូមិ ពួកអ្នកស្រុកភូមិ និង មិត្តភក្តិចាស់ៗនាំគ្នាស្រែកសួរដំណើរដំណឹងហើយក៏ស្នើសុំឲ្យ នៅជាមួយនឹងពួកគេ ប៉ុន្តែរេវត្តកុមារមិនបានតបស្នងសុភាមនោរថរបស់អ្នកណាឡើយ គេធ្វើដំណើរឆ្ពោះទៅមុខ ឆ្លងកាត់ក្សេត្រភូមិព្រៃព្រឹក្សាករ និង និគមជនបទជាច្រើនអនេក ចូលដល់ភូមិណា ក៏សាកសួរអ្នកភូមិនោះរកឪពុកម្តាយរបស់គេ នៅពេលមិនជួប ក៏ធ្វើដំណើរតទៅមុខ ។

220 total views, 2 views today

Facebook Comments