៨.កណ្តាលព្រៃចោរ

នៅពេលថ្ងៃត្រង់នាថ្ងៃមួយ ខណៈដែលព្រះអាទិត្យកំពុងចាំងរស្មីពេញដួង អាកាសធាតុក្តៅរហែង រហាង មានក្មេងកម្លោះម្នាក់ដើរទ្រេតទ្រោតក្រោមអាកាសធាតុក្តៅចែសចូលទៅក្នុងភូមិ កាលិកគ្រាមដែលតាំងនៅទិសខាងជើងនៃដែនកោសល សម្បុរកាយរបស់គេក្រៀមក្រទាំងស្លេក ស្លាំង សក់វែងបោះច្រោងស៊ើងទ្រើង ខោអាវរដេចរដាច់ រូបរាងស្គមកំព្រឹងកំព្រយ ប្រៀបដូចជា មនុស្សទើបនឹងជាស្រោះស្រោងពីជម្ងឺ កម្តៅថ្ងៃនិងសម្រេកស្រេកឃ្លានធ្វើឲ្យគេស្រវាំងភ្នែក មើល មិនដឹងថាអ្វីជាអ្វីទេ គេទើបដើរពារទៅលើក្មេងៗអ្នកភូមិដែលកំពុងតែដេកនៅក្រោមដើមឈើក្បែរ ផ្លូវ ក្មេងម្នាក់ស្ទុះក្រោកឡើងដោយអាការក្រេវក្រោធយ៉ាងខ្លាំង ស្ទុះហេទៅចាប់ដើមដៃក្មេងមុខ ចម្លែកម្នាក់នោះ ហើយកំញើញសំឡុតថា “ថីបានជាឯងហ៊ានដើរជាន់អញ ឯងខ្វាក់ភ្នែកទេឬ បានជាមើលមិនឃើញមនុស្សដែលកំពុងតែដេកឬមួយឯងធ្វើឫកឡូយដាក់អញ” ក្មេងចម្លែក ម្នាក់នោះសម្រុតខ្លួនចុះហើយប្រះខ្លួនដេកដោយមិនបានហាមាត់ឆ្លើយតបអ្វីសោះ ។
“ឱ ! មើលទៅប្រហែលជាឆ្កួតមែនហើយ”ក្មេងម្នាក់ឧទានឡើង “សង្កេតមើលភ្នែកវាចុះ ឡើងក្រហមក្រឡែតក្រឡង់គួរឲ្យខ្លាចមែនទែន ឮគេថា មនុស្សកំពុងតែវក់ខ្លាំងមានភ្នែកយ៉ាង នេះឯង” ។
លុះបានដឹងថាក្មេងម្នាក់នោះជាមនុស្សឆ្កួត ក្មេងៗអ្នកស្រុកក៏នាំគ្នាសស្រាំមកចោមរោមមើល ជាហ្វូងធំ ក្មេងចម្លែកនោះនៅតែដេកធ្មឹងដដែល មិនបានអើពើនឹងពួកក្មេងក្មាងដែលមកចោម រោមគេនោះទេ ក្មេងមួយចំនួនគិតចង់លេងសប្បាយ ក៏យកឈើមកបុកញល់រាងកាយរបស់គេ គេមានអារម្មណ៍ថាក្មេងទាំងនោះរំខានណាស់ ទើបលើកជើងឡើងរកកល់នឹងធាក់ ធ្វើឲ្យហ្វូង ក្មេងនាំគ្នាថយក្រោយក្រាក មួយសន្ទុះក៏ត្រឡប់ទៅឈររោមមើលគេទៀត ក្មេងម្នាក់ក៏ចាប់គេ អូសលេងទៅមកដោយអារម្មណ៍ស្រណុក លុះក្មេងចម្លែកនោះក្រោកឡើងនឹងតស៊ូ គេក៏ ទម្លាក់ចោលហើយថយក្រោយទៅ ក្មេងខ្លះទៀតក៏នាំគ្នាយកដីមកបាចរោយរាយលើក្បាល របស់គេ ហើយក៏បន្លឺសម្លេងស្រែកហ៊ោទ្រៀវកញ្ច្រៀវខ្ញៀវខ្ញារយ៉ាងសប្បាយក្អាកក្អាយជាលើក ជាគ្រា ។
ខណៈនោះ មានបុរសម្នាក់ដើរឆ្ពោះមកកាន់ទីនោះដែរ កាលបើបានឃើញក្មេងៗកំពុងតែឈរ មើលអ្វីមួយ ហើយក៏ឈាងចូលទៅសួរថា “ក្មួយៗកំពុងរោមមើលអីហ្នឹង” ក្មេងទាំងនោះនាំគ្នា ឆ្លើយថា “ពួកខ្ញុំទាំងអស់គ្នាកំពុងមើលមនុស្សឆ្កួត” ។
បុរសនោះក៏វែកជ្រែកហ្វូងក្មេងចូលទៅឈរមើលក្មេងចម្លែកម្នាក់នោះ ហើយសួរក្មេងៗទាំង នោះថា “ក្មេងឆ្កួតម្នាក់នេះជាអ្នកណា មកពីណា?” ប៉ុន្តែគ្មានសម្លេងឆ្លើយតបឡើយ គាត់ក៏ប្រាប់ ឲ្យក្មេងទាំងនោះថយទៅក្រោយ ហើយក៏អង្គុយគិតពិចារណាក្បែរក្មេងចម្លែកម្នាក់នោះ ចំណែកឯក្មេងចម្លែកម្នាក់នោះនៅតែដេកស្តូកត្រង់កន្លែងដើមដដែលដោយអាការល្ហិតល្ហៃពន់ប្រមាណ បើទោះជាភ្នែករបស់គេមានពន្លឺផ្លេកផ្លាប់ក្រឡាប់ក្រឡែតពិតមែន ប៉ុន្តែក៏មានប្រាកដ ទឹកភ្នែកហូររហេញចេញមក បុរសម្នាក់នោះឃើញហើយក៏មានសន្តានចិត្តអាណិតអាសូរ ពន់ពេក គេគិតថាក្មេងម្នាក់នេះមិនមែនជាមនុស្សឆ្កួតទេ ទើបយកដៃទៅបបោសធូលីដីចេញពី ក្បាលរបស់គេ ហើយក៏ទាញយកសំពត់មកបក់ឲ្យគេដោយការុញ្ញចិត្តអាណិតអាសូរ ក្មេងទាំង នោះបានឃើញបុរសនោះធ្វើដូច្នោះក៏មានចិត្តចង់ធ្វើដែរ ទើបនាំគ្នាអង្គុយចុះជួយបក់ដែរ បុរសនោះបង្គាប់ឲ្យក្មេងម្នាក់ទៅដងទឹកមក ហើយក៏យកផ្តិលទៅផ្អឹបមាត់ក្មេងចម្លែកនោះ គេក៏ ស្ទុះស្ទាផឹកទឹកភ្លាមដោយសម្រេកស្រេកឃ្លាន ទឹកដែលនោះសល់ គាត់ក៏យកមកលុបលាង តាមថ្ងាសតាមដងខ្លួន និងតាមដៃរបស់ក្មេងចម្លែកនោះដើម្បីបន្ទោបង់កម្តៅថ្ងៃ គាត់សង្កេត ឃើញថាកែវភ្នែករបស់ក្មេងចម្លែកពោរពេញទៅដោយសញ្ញានៃអំណរអរគុណ ភ្លាមនោះ អាការៈរបស់គេក៏ប្រសើរជាងមុន ។
“ឯងជាអ្នកណា មកពីណា?” បុរសនោះចាប់ផ្តើមសួរនៅពេលដែលឃើញអាការៈរបស់គេ អន្រើបឡើងហើយ “ខ្ញុំបាទមកពីក្រុងសាវត្ថី “ក្មេងចម្លែកនោះឆ្លើយតបដោយសម្លេងខ្សាវ ប៉ុន្តែ រាបស្មើជាប្រក្រតី ធ្វើឲ្យគាត់កាន់តែជឿជាក់ឡើងថែមទៀតថា ក្មេងម្នាក់នោះមិនមែន ជាមនុស្សឆ្កួតទេ គាត់ដេញដោលតទៅទៀតថា “ឯងមកម្នាក់ឯងទេឬ ចុះឯងឆ្លងកាត់ព្រៃហ័ត ព្រៃហោងមកយ៉ាងម៉េចបាន?”
“ត្រូវហើយ ខ្ញុំបាទមកតែម្នាក់ឯងទេ គ្មានអ្នកណាជាគ្នាទេ ខ្ញុំបាទដើរឆ្លងកាត់ព្រៃហ័តព្រៃហោង មកអស់ពេល ២ ថ្ងៃ គ្មានជួបមនុស្សសោះ និងអត់ ២ ថ្ងៃមកហើយ ខ្ញុំបាទល្ហិតល្ហៃល្ងមខ្លាំង ណាស់នៅពេលមកដល់ទីនេះ ខ្ញុំបាទសន្លប់មិនដឹងខ្លួនទេ” ។
ឥឡូវនេះ គ្រប់គ្នានៅទីនោះក៏ប្រាកដក្នុងចិត្តថា គេមិនមែនឆ្កួតទេ ម្នាក់ៗនាំគ្នាអាណិតអាសូរ គេគ្រប់គ្នា ។
“ឯងឈ្មោះអី គិតនឹងទៅណា?បានជាខំធ្វើដំណើរឆ្ងាយមកដល់ទីនេះ”
“ខ្ញុំបាទឈ្មោះ រេវត្តៈ ពីមុន រស់នៅក្នុងទីក្រុងសាវត្ថីជាមួយនឹងឪពុកម្តាយ ប៉ុន្តែពេល នេះពួកគាត់បានភៀសខ្លួនមករស់នៅភាគខាងជើងនេះ ប៉ុន្តែមិនដឹងថានៅទីណាទេ ខ្ញុំបាទធ្វើ ដំណើរមកនេះក៏ដើម្បីស្វែងរកឪពុកម្តាយហ្នឹងឯង” ទឹកមុខរបស់គេស្រងូតស្រងាត់ជាខ្លាំង នៅពេលនិយាយមកដល់ត្រង់នេះ គេខះខំពន្យល់ប្រាកប់លក្ខណៈភិនភាគរបស់ឪពុកម្តាយគេ ព្រមទាំងប្រាប់ឈ្មោះហើយក៏សួរថា ” មានអ្នកណាជួបនៅទីណាខ្លះទេ?” គេច្រត់ដៃច្រានខ្លួន ក្រោកឡើង អង្កុយចាំមើលមនុស្សគ្រប់ៗគ្នាដើម្បីស្តាប់ចម្លើយដោយអន្ទះសាចង់ដឹង នៅពេល ដែលអ្នករាល់គ្នានៅទីនោះឆ្លើយថាមិនដែលបានឃើញ គេក៏ផ្តួលខ្លួនដេកតទៅទៀត ទាំងដក ដង្ហើមធំយ៉ាងណែនដើមទ្រូងទាំងពោលរងាំរង៉ូវនូវអ្វីពីរបីម៉ាត ។
បុរសនោះបង្គាប់ឲ្យក្មេងខ្លះទៅរកអាហារមកឲ្យគេបរិភោគ ទាំងនិយាយលួងលោមគេឲ្យ ស្បើយទុក្ខថា ​”កុំសោកសង្រេងអី ក្មួយអើយ ! សឹមពូជួយប្រដុងប្រជាក្មួយ ពូនឹងនាំក្មួយដើររក ឪពុកម្តាយឲ្យទាល់តែឃើញ ជឿថា ឪពុកម្តាយរបស់ក្មួយប្រហែលជានៅម្តុំក្រុងកបិលព័ស្តុ បាវា ឬ កុសិនារា ក្រុងណាមួយ មិនយូរទេ នឹងជួបពួកគាត់មិនខាន” ។
រេវត្តកុមារក្រោកឡើងអង្គុយហើយក្រាបសំពះក្បែរជើងរបស់បុរសអ្នកមានចិត្តបុណ្យនោះ ព្រោះតែគាត់ រេវត្តកុមារទើបរួចផុតពីការអុកឡុកឆាឆៅ ហើយពេលនេះគាត់ថែមទាំងស្នើខ្លួនជា អ្នកនាំរេវត្តកុមារដើររកឪពុកម្តាយទៀត គាត់ពិតជាមនុស្សពោរពេញទៅដោយមេត្តាករុណា មែនហ្ន !
“ពូក៏មិនមែនជាអ្នកស្រុកនេះដែរ ផ្ទះពូក៏នៅឯភាគខាងជើងនោះដែរ សម្រាកយកកម្លាំងពីរបីថ្ងៃ សិនទៅហើយសឹមចេញដំណើរទៅជាមួយគ្នា ពីព្រោះពេលនេះក្មួយនឿយហត់ណាស់ ក្រែងលោ ដើរផ្លូវទៅមិនរួច” ។
គាត់នាំរេវត្តកុមារទៅស្នាក់នៅឯផ្ទះញាតិរបស់គាត់ដែលស្ថិតនៅក្នុងភូមិកាលិកគ្រាមនោះឯង ឲ្យងូតទឹក ឲ្យស្លៀកដណ្តប់សំពត់ថ្មី ឲ្យបរិភោគអាហារដ៏មានឱជារស យកចិត្តទុកដាក់មើល ថែរក្សាគេដូចជាកូនបង្កើតរបស់ខ្លួន រេវត្តកុមារកើតមានសេចក្តីស្រឡាញ់រាប់អាននឹងបុរស ដែលមានសន្តានចិត្តល្អនោះយ៉ាងក្រៃលែង គេប្តេជ្ញាចិត្តថានឹងដើរតាមបុរសនោះទៅគ្រប់កន្លុក កន្លែងទាល់តែជួបនឹងឪពុកម្តាយរបស់គេ ត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ រេវត្តកុមារក៏ធូរ ស្បើយមាំមួនឡើង ល្មមនឹងធ្វើដំណើរបានហើយ គេទាំងពីរទើបចាប់ផ្តើមធ្វើដំណើរតម្រង់ ឆ្ពោះទៅភាគខាងជើង ។

loading…

ប្រជានុរាស្ត្រនៃដែនកោសលទាំងមូលល្បីរន្ទឺឮតៗគ្នាមកថា ក្នុងព្រៃស្រោងម្តុំភាគខាងជើង នោះសម្បូរទៅដោយពពួកចោរដែលចាំស្ទាក់ប្លន់ឈ្មួញដង្ខៅ និង ថ្មើរជើងទាំងឡាយ ប៉ុន្តែ រេវត្តកុមារ គ្មានអារម្មណ៍ថាខ្លាចរអាបន្តិចសោះឡើយ ព្រោះមានគ្នាទៅជាមួយ ហើយម្យ៉ាង ទៀត គ្មានទ្រព្យសម្បត្តិអ្វីដែលនឹងឲ្យចោរប្លន់យកនោះទេ គេជឿថា ចោរទាំងនោះគ្មានចិត្ត អាក្រក់ដល់ថ្នាក់ប្លន់យកអាយុជីវិតរបស់គេនោះទេ បុរសទាំងពីរនាក់នោះនាំគ្នាធ្វើដំណើរ បន្តរហូត ដល់បាក់រសៀលជ្រាលជ្រេទេរបាំងភ្នំឯទិសខាងលិចទៅហើយ ក៏នៅតែគ្មានសញ្ញា ថានឹងផុត ព្រៃស្រោងនោះសោះ បុរសអ្នកនាំផ្លូវប្រាប់ថា យើងត្រូវឈប់ស្នាក់ដេកយប់នៅ ក្នុងព្រៃស្រោងនេះឯង ព្រោះមិនអាចទៅឲ្យផុតព្រៃស្រោងនេះនៅថ្ងៃនេះបានទេ អ្នកទាំងពីរ ទើបឈាងចូលទៅក្បែរខាងផ្លូវដើម្បីរកកន្លែងសម្រាកកាយ ប៉ុន្តែរក កន្លែងដែលគួរសមមិន បាន សោះ បុរសអ្នកនាំផ្លូវទើបនាំគេដើរឈ្មៀតជ្រៀតលុយចូលទៅក្នុងព្រៃតទៅទៀត ហាក់ នឹងថាគ្មានតាំងចិត្តនឹងនាំគេទៅរកកន្លែងស្នាក់នោះទេ រេវត្តកុមារកើតសេចក្តីសង្ស័យក្នុងចិត្ត ថា គាត់កំពុងនាំទៅណា នៅក្នុងចិត្តចង់នឹងសួរឲ្យដឹងជើងការដែរ ប៉ុន្តែមិនហ៊ានទើបបង្ខំចិត្ត ដើរតាមក្រោយគាត់តទៅមុខ ទាំងពីរនាក់ក៏បានមកដល់ទីស្រឡះអជ្ឈោកាសនាកណ្តាលព្រៃ មួយកន្លែង បុរសអ្នកនាំផ្លូវក៏ឈប់ឈរទ្រឹង ហើយយកម្រាមដៃស៊កចូលទៅក្នុងមាត់ផ្លុំកង្កួចឲ្យ កើតជាសម្លេងឮ ៣ ដង ខ្លាំងៗ សម្លេងស្រួចឆ្មារនោះលាន់ឮទៅឆ្ងាយលន្លោច មួយសន្ទុះ ក្រោយមក រេវត្តកុមារក៏បានឮសម្លេងដូចគ្នានោះលាន់ឮឡើងជាសញ្ញាឆ្លើយតបមកវិញអំពី ចម្ងាយ គេចាប់ផ្តើមកើតសេចក្តីចម្លែកចិត្តសង្ស័យចំពោះទង្វើរបស់បុរសនោះជាខ្លាំង ប៉ុន្តែក៏ មិនហ៊ានសួរដេញដោល បានត្រឹមតែដើរតាមគេតទៅ អស់ចម្ងាយផ្លូវឆ្ងាយបង្គួរ បុរសមគ្គុទេសក៍នោះក៏ឈប់ម្តងទៀត
“ក្មួយឈប់ចាំពូនៅកន្លែងនេះសិនហើយ ពូទៅនោះមូយភ្លែត” គាត់បង្គាប់រេវត្តកុមារ ហើយក៏ ដើរចូលទៅក្នុងព្រៃខាងៗនោះបាត់ទៅ ។
រេវត្តកុមារអង្គុយចាំគាត់នៅកន្លែងដើមដដែល ពេលនោះហៀបនឹងព្រលប់ទៅហើយ នៅនាកណ្តាលភាពស្ងប់ស្ងាត់នៃព្រៃធំនោះ រេវត្តកុមារបានស្តាប់ឮមនុស្សជាច្រើននាក់សន្ទនា គ្នាមកពីចម្ងាយ គេផ្ទៀកត្រចៀកស្តាប់ដោយយកចិត្តទុកដាក់ ប៉ុន្តែក៏ស្តាប់មិនយល់សេចក្តី គេនឹកចម្លែកចិត្តខ្លាំងណាស់ថាហេតុអ្វីបានជានៅក្នុងព្រៃឆ្ងាយដាច់ស្រយាលយ៉ាងនេះនៅតែ មានមនុស្សមនាអាស្រ័យនៅទៀត ក្មេងកម្លោះចាប់ផ្តើមកើតមានសេចក្តីភ័យខ្លាចទាំងគិតរាយ មាយផ្សេងៗ គេមានអារម្មណ៍ហាក់ដូចជាខ្លួនគេត្រូវបាន បោះបង់ចោលនៅកណ្តាលព្រៃ ដែលបរិបូរដោយព្រាយបិសាច និង សត្វព្រៃតែម្នាក់ឯង នៅទីបំផុត បុរសនោះក៏ត្រឡប់មកវិញ ហើយនាំគេដើរលុយកាត់ចូលទៅក្នុងព្រៃតទៅ រេវត្តកុមារសង្កេតឃើញពន្លឺភ្លើងជាច្រើនដួង ភ្លឺ ពព្រាយនៅខាងមុខ នៅពេលដើរចូលទៅជិត គេសង្កេតឃើញខ្ទមជាច្រើនខ្នង តាំងនៅ ត្រៀបត្រាក្នុងព្រៃ មានហ្វូងមនុស្សដើរពពាក់ពពូនទៅមក ស្រដៀងនឹងទិដ្ឋភាពនៅក្នុងភូមិ តូចមួយ ដូច្នេះ នៅពេលដែលរេវត្តកុមារដើរតាមបុរសនោះទៅ មនុស្សស្ទើរតែទាំងអស់ តាមសម្លឹងមើលគេដោយមិនដាក់ភ្នែក គេទាំងពីរដើរចូលទៅក្នុងខ្ទមមួយខ្នងដែលតាំងនៅ កណ្តាលខ្ទមទាំងពួង ហើយបានទៅបង្ហាញខ្លួននៅចំពោះមុខបុរសមជ្ឈិមវ័យម្នាក់
“ត្រឡប់មកវិញហើយឬ កោលិតៈ​ ! ” បុរសម្ចាស់ខ្ទមសួរដោយសម្លេងកំបុតកំបុយ អាកប្បកិរិយារបស់គេគួរឲ្យខ្លាចញញើតសម្រាប់រេវត្តកុមារ គេអង្គុយយ៉ាងសង្ហានៅលើជើង តាំងក្បែរភ្នក់ភ្លើងទាំងខ្លួនទទេ ធ្វើឲ្យមើលឃើញរាងកាយមាំទាំក្រអាញរបស់គេបានយ៉ាង ច្បាស់ប្រត្យ័ក្ស កន្ទុយភ្នែករបស់គេមុតស្រួចដូចភ្នែកស្ទាំង សមនឹងទឹកមុខស្រស់ស្ងួត ទាំងស្រមូមស្រមាមដោយពុកមាត់ពុកចង្កា បុរសនោះគឺជាមេកន្ត្រាញចោរដ៏ល្បីរន្ទឺឮនាមថា ជេដ្ឋកៈ ដែលពាណិជ្ចករថលពាណិជ្ជទូទាំងដែនកោសលកោតក្រែងនិងខ្លាចរអា ភូមិនៅកណ្តាលព្រៃស្រោងនោះ គឺជា បន្ទាយអចិន្ត្រៃយ៍ និង កន្លែងលាក់ខ្លួនរបស់ពួកគេ ដែលកងទ័ពរបស់ព្រះបាទបសេនទិកោសលព្យាយាមនឹងបង្រាប ប៉ុន្តែមិនអាចសម្រេចបាន
រេវត្តកុមារបានភ្លាត់ខ្លួនមកនៅកណ្តាលហ្វូងចោរទៅហើយហ្ន​ !
“ក្មេងម្នាក់ហ្នឹងជាអ្នកណា?” មេកន្ត្រាញចោរជេដ្ឋកៈសួរឡើងទាំងសម្លក់មើលរេវត្តកុមារស្ទើរ តែស៊ីសាច់
“គេជាក្មេងអនាថា កំព្រាឪពុកម្តាយ” បុរសអ្នកនាំផ្លូវរេវត្តកុមារដែលមានឈ្មោះថា កោលិតៈ ឆ្លើយ “ខ្ញុំបាទបានជួបគេនៅកណ្តាលផ្លូវ ហើយក៏នាំគេមក បើនាយម្ចាស់មិនថាអីទេ ខ្ញុំបាទនឹង ចិញ្ចឹមគេទុកដើម្បីប្រើការតទៅ គេមានគុណសម្បត្តិសមនឹងរស់នៅជាមួយនឹងពួកយើង”
“ឯងប្រាកដច្បាស់ក្នុងចិត្តថា វានឹងស្មោះត្រង់ និង មានភក្តីភាពជាមួយនឹងពួកយើងឬ?” មេលំចោរនិយាយទាំងស្រពិចស្រពិលសង្ស័យក្នុងចិត្ត គេសាកសួរមើលថ្ងៃ-ខែ-ឆ្នាំកំណើត របស់រេវត្តកុមារហើយអង្គុយគន់គូរមើលមួយសន្ទុះរួចហើយនិយាយចេញមកយ៉ាងពេញចិត្តថា “ប្រពៃណាស់ កោលិតៈ ! ជ្រោមជ្រែងគេចុះ ហើយខំបង្ហាត់បង្រៀនក្បាច់គុនផ្សេងៗដល់គេ ដើម្បីនឹងបានជាប្រយោជន៍ដល់ពួកយើងតទៅ ” ។
កោលិតៈជម្រាបលាចៅហ្វាយនាយ ហើយក៏នាំរេវត្តកុមារត្រឡប់ទៅកាន់ខ្ទមរបស់គេវិញ
“ទីនេះឯងគឺជាលំនៅរបស់យើង យើងនឹងរស់នៅទីនេះរហូតទៅលុះត្រាតែនឹងស្លាប់ចោលគ្នា”
“ប៉ុន្តែខ្ញុំបាទត្រូវតាមរកឪពុកម្តាយ”រេវត្តកុមារនិយាយជំទាស់ឡើងដោយទឹកមុខក្រៀមក្រំបំផុត កោលិតៈរៀបចំខ្ទមរបស់គេបណ្តើរនិយាយបណ្តើរថា “រឿងហ្នឹងចាំនិយាយគ្នាថ្ងៃក្រោយចុះ ខ្ញុំជឿថា ឯងនឹងបានជួបឪពុកម្តាយរបស់ឯងមិនខាន” ។
បន្ទាប់ពីនោះមក កោលិតៈក៏ចាត់ចែងចំណីអាហារយកមក ហើយគេទាំងពីរនាក់ក៏បរិភោគ អាហារទាំងនោះព្រមគ្នាដោយគម្លាន រេវត្តកុមារបានសង្កេតឃើញថា អាហាររបស់កោលិតៈ សុទ្ធតែបណីតាហារដែលមិនគួរឲ្យជឿសោះថានឹងរកមកបាននៅកណ្តាលព្រៃភ្នំទ្រនំថ្មបែបនេះ កោលិតៈបានសង្កេតឃើញរេវត្តកុមារបរិភោគអាហារយ៉ាងឆ្ងាញ់ពិសា ទើបនិយាយឡើង ថា “យើងរស់នៅទីនេះ មិនដែលអត្តខាត់ខ្វះខាតបច្ច័យ ៤ ទេ យើងបរិភោគអាហារល្អៗ ស្លៀកពាក់សម្លៀកបំពាក់តម្លៃថ្លៃៗ មានមាសប្រាក់សម្រាប់ចាយវាយ យើងចិញ្ចឹមជីវិតយ៉ាង ស្រណុកសុខស្រួល ឯងរស់នៅជាមួយនឹងពួកយើង មិនយូរទេ ឯងនឹងដឹងច្បាស់មិនខាន” ។
ខាងក្នុងផ្ទៃបន្ទប់របស់កោលិតៈ រេវត្តកុមារបានប្រទះឃើញលំពែង ដាវ ធ្នូ និង អាវុធយុទ្ធភណ្ឌ ផ្សេងៗទៀតព្យួរនៅរណែងរណោងតាមជញ្ជាំងខ្ទម ក្រៅពីនោះនៅមានសំពត់ក្រណាត់ថ្លៃៗនិង គ្រឿងអលង្ការដ៏ហើយដោយមាស ប្រាក់ ត្បូង ពេជ្រជាច្រើនទៀត ។
“ឯងត្រូវការអី ចូរយកទៅប្រើតាមចិត្តចុះ” កោលិតៈនិយាយបើកដៃ ប៉ុន្តែរេវត្តកុមារមិនបានចាប់ យកអ្វីទេពីព្រោះតាំងពីកើតមក គេមិនដែលបានប្រើប្រាស់របស់អស់ទាំងនោះឡើយទាំងមិន គិតចង់បានផង លុះចំណេរកាលតមក រេវត្តកុមារក៏បានរស់នៅជាមួយនឹងពួកចោរយ៉ាងសុខ សាន្ត ចោរទាំងនោះចាប់ផ្តើមស្គាល់ស្និទ្ធស្នាលនិងស្រឡាញ់រាប់អានគេខ្លាំងឡើង បើចោរណា ម្នាក់មានចំណីចំណុកឬរបស់ប្រើប្រាស់អ្វីប្លែកៗមក ក៏នាំយកមកឲ្យរេវត្តកុមារទុកជា វត្ថុអនុស្សាវរីយ៍ ធ្វើឲ្យរេវត្តកុមារមានគំនិតគិតថា ទោះបីជាពួកគេជាចោរចិត្តឃោរឃៅលួចឆក់ ប្លន់ដណ្តើមទ្រព្យរបស់អ្នកដទៃមកចិញ្ចឹមជីវិតក៏ដោយ គេក៏នៅមិនប្រាសចាកសេចក្តីមេត្តា ករុណាទាំងស្រុងនោះឡើយ គេបានខំប្រព្រឹត្តខ្លួនឲ្យជាទីស្រឡាញ់របស់ពួកចោរទាំងនោះខ្លាំង ឡើងរហូតដល់កិត្តិនាមរបស់គេបានលេចឮទោដល់មេកន្រ្តាញចោរហើយមេលំចោរនោះ សម្តែងចេតនាចង់បានរេវត្តៈទៅនៅជាមួយ កោលិតៈក៏សុខចិត្តឲ្យរេវត្តៈទៅនៅជាមួយនឹង មេកន្រ្តាញចោរដោយស្រួល បានសេចក្តីថា រេវត្តៈក៏បានទៅរស់នៅជាមួយនឹងមេលំចោរ ចាប់តាំងពីពេលនោះមក មេកន្ត្រាញចោរក៏ខះខំបង្ហាត់បង្រៀនវិជ្ជាគុនរបស់ចោរទៅឲ្យគេគ្រប់ យ៉ាងមានសិល្បៈក្នុងការប្រើអាវុធជាដើម នៅពេលជាមួយគ្នានោះដែរ គេក៏បានទទួលការអប់រំ ឲ្យក្លាយជាចោរសាហាវយង់ឃ្នងរូហាន(ដូច)ចោរទាំងឡាយ ជួនកាលគេក៏បានអមដំណើរ មេចោរចេញទៅឆក់ប្លន់តាមភូមិស្រុកតុចៗដែលនៅឆ្ងាយដាច់សង្វែង គេបានប្រឈមមុខនឹង ការតស៊ូនិងភយន្តរាយផ្សេងៗស្ទើរតែមិនផុតពីជីវិតន្តរាយ រឹតតែបានឆ្លងកាត់ក្តីលំបាក និង ភយន្តរាយច្រើនប៉ុនណា ចិត្តគំនិតរបស់គេក៏រឹតតែរឹងក្រអាងឡើងប៉ុនណោះគួរនាដូចជាដែក ដែលជាងស្មិតលត់និងដំជារឿយៗដូច្នោះ គេមានអារម្មណ៍ថាអផ្សុកតុកសិកនៅពេលមិនបាន ចេញទៅប្លន់ និងរីករាយត្រេកអរនៅពេលបានប្រល័យជីវិតម្ចាស់ទ្រព្យហើយក៏ជញ្ជូនយកទ្រព្យ សម្បត្តិទៅ រេវត្តៈបានក្លាយជាចោរទៅហើយទាំងស្រុង គេជាចោរកម្លោះហាវហានរលុះ រលាញ និងជាទីប្រោសប្រាណរបស់មេកន្ត្រាញចោរពន់ពេក ។
រេវត្តៈបានក្លាយជាមហាចោរទៅហើយទាំងកាយនិងចិត្ត កាលពីមុន គេគ្រាន់តែជាក្មេង ចណ្ឌាលស្នាក់អាស្រ័យនៅក្នុងគេហដ្ឋានរបស់លោកសុមង្គលគ្រហបតីនៃក្រុងសាវត្ថីក្នុងឋានៈ ជាបេសនការី(អ្នកបម្រើ)ម្នាក់ប៉ុណ្ណោះ ឥឡូវនេះ គេបានក្លាយជាកំពូលមហាចោរអ្នកមានចិត្ត ត្រេកអរក្នុងការប្លន់យកទ្រព្យសម្បត្តិនិងជីវិតរបស់អ្នកដទៃ មានសេចក្តីសុខសម្រាន្តក្សាន្តចិត្ត ក្នុងភាវៈជាចោរ ភ្លេចភ្លាំងអស់សេចក្តីលំបាកកាយរកាំចិត្តដែលធ្លាប់ឆ្លងកាត់និងជួបប្រទះមក ក្នុងអតីតកាល សូម្បីតែឪពុកម្តាយដែលធ្លាប់ស្រមើស្រមៃរក ពេលនេះគេយល់ឃើញថាមិនចាំ បាច់គិតគូរតទៅទៀតទេ គិតតែពីយោងអាត្មារៀងៗខ្លួនទៅ គេបានចំណាយពេលវេលាឲ្យអស់ ទៅដោយការស៊ីផឹក លេងល្បែងស៊ីសង និងចេញប្លន់អ្នកជំនួញពាណិជ្ជដែលធ្វើដំណើរឆ្លង កាត់ព្រៃមក បានធនសារសម្បត្តិហើយក៏ចែករំលែកគ្នាក្នុងចំណោមពួកចោររួចហើយក៏មានការ ជប់លៀងស៊ីផឹក និងលេងល្បែភ្នាល់យ៉ាងស្រណុកស្រណាន រេវត្តកុមារបានចំណាយ ជីវិតាយុកាលឲ្យអស់ទៅដោយវិធីនេះអស់វេលា ៣​ ឆ្នាំពេញ លុះឈានចូលដល់ឆ្នាំទី ៤ វិថីជីវិតរបស់គេក៏បានប្រែប្រួលទៅកាន់គន្លងថ្មីមួយទៀត ។

72 total views, 2 views today

Facebook Comments