៩.មេ-សកាលីស្រេកឈាម

សម្លេងផ្លុំស្នែងសត្វបានលាន់ឮរំពងឡើងចេញពីខ្ទមមេចោរជេដ្ឋកៈក្នុងសាយណ្ហសម័យនាថ្ងៃមួយវាជាសញ្ញាដែលពួកចោរដឹងច្បាស់ កាលបើសម្លេងផ្លុំស្នែងស្ងាត់បាត់ទៅមិនយូរប៉ុន្មាន ទីលានខាងមុខខ្ទមរបស់មេចោរជេដ្ឋកៈ ក៏កកកុញទៅដោយស្មុនកូនចោររាប់រយនាក់ដែល មករងចាំទទួលពាក្យបញ្ជា មេចោរជេដ្ឋកៈមួយអន្លើដោយកូនចោរជំនិត ៣ នាក់បានដើរចេញ ពីខ្ទមហើយ ទៅបង្ហាញខ្លួននៅចំពោះមុខបរិវាររបស់ខ្លួន នៅពេលឃើញចៅហ្វាយនាយ របស់ខ្លួនដើរចេញមក កូនចោរទាំងអស់ក៏ក្រោកឈរទទួល មេចោរយ៉ាងព្រមព្រឺសស្រុះគ្នា មេលំចោរបានបក់ដៃឲ្យបរិវាររបស់ខ្លួនអង្គុយចុះ រួចហើយក៏ចោលក្រសែភ្នែកដ័មុតស្រួចសម្លឹង មើលនាយអាយ ក្រសែភ្នែកម្នាក់ៗគយគន់មើលទៅចៅហ្វាយនាយរបស់ខ្លួនដោយសេចក្តី គោរពក្រែងរអែង
“មកព្រមគ្នាហើយឬនៅ?”មេលំចោរស្រែកសួរដោយសម្លេងខ្លាំងៗមានចុងសម្លេងគួរឲ្យខ្លាច កាលបើមានអ្នកឆ្លើយថា “មកព្រមហើយ លោកនាយ​ !” ក៏និយាយតទៅទៀតថា
“ម្នាលគ្នាយើង ! ថ្ងៃនេះ ខ្ញុំមានដំណឹងមកប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹង វាជាដំណឹងល្អដែល ខ្ញុំបានឮមកជាច្រើនខែហើយ ដំណឹងនេះពាក់ពានលើសំណាងនិងសម្បូរណភាពនៃសុខរបស់ ពួកយើងទាំងអស់គ្នា គឺថា គិញរបស់យើងដែលនៅប្រចាំឯភូមិឧត្តរគ្រាមបានមករាយការណ៍ ឲ្យខ្ញុំដឹងថា ខណៈនេះមានពួកជំនួញមួយក្រុមធំកំពុងសម្រាកត្រៀមខ្លួននៅឯភូមិនោះ ២ ថ្ងៃបន្ទាប់ពីនេះទៅ ពួកគេនឹងលើកក្បួនរទេះឆ្លងកាត់មកដល់ព្រៃស្រោងរបស់យើង បានសេចក្តីថា លាភមហាសាលកំពុងនឹងរត់មករកពួកយើងហើយ យូរៗទើបយើងបានលាភធំ ដ៏ត្រចះត្រចង់បែបនេះម្តង យើងនឹងលើកកម្លាំងទាំងអស់ទៅអែបពួននៅពាក់កណ្តាលផ្លូវ ចាំស្ទាក់ប្នន់ពួកជំនួញទាំងនោះ ប៉ុន្តែកនយើងអើយ ! គ្នារបស់យើងបានរាយការណ៍ឲ្យដឹងថា ពួកជំនួញទាំងនោះមានគ្នីគ្នាច្រើនណាស់ ទាំងមានអាវុធល្អគ្រប់ដៃហើស្ទាត់ជំនាញក្នុងការ តស៊ូទៀត ជាពិសេស មេដង្ខៅរបស់ពួកឈ្មួញទាំងនោះជាព្យត្តជនឆ្លៀវឆ្លាត និង ក្លាហាន ចំណាប់ណាស់ ធ្លាប់មានបទពិសោធន៍ឆ្លងកាត់គ្រោះថ្នាក់សឹងតែគ្រប់ប្រភេទ ហេតុដូច្នេះ យើងនឹងចាត់វិធានការនៅលើកនេះដោយសេចក្តីប្រមាទធ្វេសប្រហែសមិនបានទេ ខ្ញុំនឹងរៀបចំផែនការនៅលើកនេះឲ្យបានល្អិតល្អន់ជាទីបំផុត ខ្ញុំនឹងជម្រាបប្រាប់ឲ្យគ្នាយើងដឹង ម្តងទៀត សូមឲ្យគ្នាយើងប្រុងប្រៀបរៀបចំអាវុធឲ្យបានល្អ និង ហាត់សមឲ្យស្ទាត់ជំនាញសិន ទៅ” មេកន្ទ្រាញចោរនិយាយដាស់ទឹកចិត្តបរិវាររបស់ខ្លួន មួយសន្ទុះធំក្រោយមកក៏បិទប្រជុំ ពួកស្មុនម្នាក់ៗក៏បែកញែកផ្លូវគ្នាត្រឡប់ទៅខ្ទមរៀងៗខ្លួនវិញ ហើយកាន់យកអាវុធរបស់ខ្លួនមក ត្រួតពិនិត្យមើលដោយមោទកភាពដែលមានឱកាសនឹងបានប្រឈមមុខតទល់នឹងពួកជំនួញ ដោយប្រការដូច្នេះ ។
“យើងនឹងរៀបចំផែនការយ៉ាងម៉េចល្អ” មេលំចោរចាប់ផ្តើមប្រឹក្សាជាមួយនឹងចោរកម្លោះរេវត្តៈ សំណព្វចិត្តរបស់ខ្លួន “សាកជួយបញ្ចេញយោបល់បន្តិចទៅមើល៍” រេវត្តៈទ្រឹងគិតមួយស្របក់ ហើយក៏និយាយថា “មើលទោដូចជាពួកឈ្មួញមានគ្នីគ្នាច្រើនជាងពួកយើងដល់ទៅ ២០០ នាក់ ទាំងជាអ្នកស្ទាត់ស្ទាញក្នុងការប្រឈមមុខនឹងស្កុនភយន្តរាយផ្សេងៗទៀតផង បើយើងលើក កម្លាំងពលទៅប្លន់ត្រង់ៗដូចដែលធ្លាប់ធ្វើកន្លងមក អាចនឹងភ្លាំងភ្លាត់ចំពោះពួកគេក៏ថាបាន ផ្ទុយទៅវិញ បើយើងអាចចូលវាយសម្រុកនៅពេលយប់បានដោយមិនឲ្យពួកឈ្មួញទាំងនោះ ដឹងខ្លួន ទើបជាការប្រសើរជាង ”
“ប៉ុន្តែឈ្មួញទាំងនោះច្រើនតែបោះជំរំយ៉ាងរ៉ឹងមាំមុនពេលព្រលប់ជានិច្ច”នាយចោរនិយាយកាត់ “កាលបើពួកគេបោះទីតាំងយ៉ាងរ៉ឹងមាំរួចហើយ នឹងជាការពិបាកក្នុងការចូលវាយប្រហារ ​លុះនឹងចូលប្លន់នៅពេលមានពន្លឺថ្ងៃ កម្លាំងរបស់យើងមានគ្នាតិចជាង គង់នឹងមិនរួចពី ភយន្តរាយទេ យើងនឹងប្រើកលល្បិចយ៉ាងណាឲ្យឈ្មួញទាំងនោះ ត្រូវធ្វើដំណើរទៅនៅពេល យប់បាន”
“ឮដំណឹងមកថា ពួកគេនឹងចេញអំពីភូមិឧត្តរគ្រាមពីព្រឹកព្រហាម ហេតុដូច្នេះទម្រាំនឹងមកដល់ កណ្តាលព្រៃត្រង់កន្លែងដែលយើងឈរជើង ប្រហែលជាជិតព្រលប់ ព្រោះរទេះធ្វើដំណើរ យឺតយូរជាមនុស្សណាស់ “រេវត្តៈចាប់ផ្តើមបញ្ចេញយោបល់
“ពួកឈ្មួញអាចនឹងឈប់សម្រាកនៅកណ្តាលព្រៃនេះក៏ថាបាន ប៉ុន្តែបើយើងអាចធ្វើឲ្យពួក គេគិតថាមិនធានាសុវត្ថិភាពបាន ពួកគេនឹងមិនឈប់ទេ ខ្ញុំបាទគិតថា នៅពេលពួកគេហៀប នឹងបោះជំរំស្នាក់មុនពេលព្រលប់ យើងគួរតែចាត់ពួកយើងមួយក្រមឲ្យធ្វើកូដោបាយបំភាន់ ដូចជាមានកម្លាំងពលចូលមកប្លន់ ពួកគេនឹងរូតរះធ្វើដំណើរតទៅមុខទាំងយប់ងងឹត ពួកដែលដេញតាមពីក្រោយមកក៏ចូលវាយប្រហារខាងចុងក្បួនរទេះ ពួករទេះដែលទៅខាងមុខ នៅពេលដឹងថាក្បួនក្រោយត្រូវវាយប្រហារ នឹងបញ្ឈប់រទេះទុក ហើយបកត្រឡប់ទៅជួយ ក្បួនក្រោយ នៅពេលនោះពួកយើងមួយក្រុមទៀតក៏ចូលវាយប្រហារត្រង់ខាងមុខក្បួនរទេះ ”
“អើ ! វិធីសាស្ត្រនេះប្រសើរណាស់ “នាយចោរនិយាយរ៉ាប់រងយ៉ាងស្វាហាប់ មានការពិចារណា ផែនការប្លន់យ៉ាងល្អិតល្អន់ជាដំណាក់កាលចុងក្រោយ ហើយក៏បែកខ្ញែកគ្នាទៅដេករៀងៗខ្លួន ។
ព្រឹកស្អែកឡើងនាយចោរបានកោះហៅបរិវាររបស់ខ្លួនមកប្រជុំម្តងទៀតហើយបែងចែកពលចោរ ជា ២ ក្រុម ហើយចោរម្នាក់ៗត្រូវបានប្រគល់តួនាទីឲ្យតាមផែនការ មុននឹងរំកិលកម្លាំង ចោរចេញពីបន្ទាយ នាយចោរបានអញ្ជើញទេវរូបមេ-សកាលីចេញមកប្រតិស្ឋាននៅខាងក្រៅ ហើយបានធ្វើ ពិធីបន់ស្រន់ដើម្បីជ័យជម្នះរបស់ពួកចោរ ថា”ប្រសិនបើពួកយើងបានទទួល ជ័យ ជម្នះយ៉ាងសុវត្ថិភាព ពួកយើងនឹងថ្វាយតង្វាយដល់ម្ចាស់ម៉ែដោយឈាមក្នុងបំពង់ករបស់ មេដង្ខៅ ពាណិជ្ជករ” បន្ទាប់ពីនោះមក ពួកចោរក៏បានកេណ្ឌពលរបស់ខ្លួនចេញពីបន្ទាយទៅ អែបពួនសម្ងំលាក់ខ្លួននៅក្បែរផ្លូវដែលពួកឈ្មួញពាណិជ្ជនឹងធ្វើដំណើរឆ្លងកាត់មក ពួកគេបានបែង ចែកកម្លាំងជា ២ ក្រុមលាក់ខ្លួនពួនអាត្មាក្នុងរយៈចម្ងាយពីគ្នាល្មមនឹងចក្ខុវិស័យ លុះដល់វេលា ជិតនឹងព្រលប់ ក្បួនរទេះដ៏វែងអន្លាយរបស់ពួកឈ្មួញថលពាណិជ្ជសំណាង អាក្រក់ក៏បានមកដល់ទីកន្លែងដែលពួកចោរក្រុមទី ១ លាក់ខ្លួន ប៉ុន្តែពួកចោរក្រុមនោះ ក៏បណ្តោយឲ្យពួកឈ្មួញបររទេះឆ្លងហួសទៅតាមផែនការ ខណៈនោះឯង មានបុរសចម្លែក ២ នាក់បានបំផាយសេះ បោលមកពីក្រោយតាមក្បួនរទេះពួកជំនួញនោះ លុះទៅដល់រទេះចុង ផុត គេក៏បានចូលទៅរាក់ ទាក់ប្រាស្រ័យជាមួយនឹងសារថីអ្នកបររទេះ ហើយក៏បានថ្លែងប្រាប់ ដំណឹងអាក្រក់ឲ្យពួកគេជ្រាបថា
“ខ្ញុំបាទមកពីភូមិឧត្តរគ្រាម”បុរសជិះលើខ្នងសេះស្រដីឡើងយ៉ាងត្រហេប​ត្រហប
“នៅពាក់កណ្តាលផ្លូវដែលធ្វើដំណើរមក យើងទាំងពីរនាក់បានប្រទះឃើញហ្វូងចោរចំនួន ច្រើនណាស់ សូមឲ្យពួកលោកប្រញាប់ប្រញាល់ធ្វើដំណើរតទៅមុខ កុំឈប់បោះបន្ទាយស្នាក់ យប់ក្នុងព្រៃនេះឲ្យសោះ បើពួកលោកបន្តដំណើទៅមុខឲ្យលឿន ពួកចោរនឹងមិនអាចតាមមក ទាន់ពួកអស់លោកបានទេ ខ្ញុំបាទប្រាប់នេះដោយបំណងល្អទេ” និយាយហើយបុរសទាំងពីរ នាក់ក៏បំបោលសេះធ្វើដំណើរនាំមុខពួករទេះបាត់ទៅ បុរសទាំងពីរនាក់នោះ គឺជាទូតនាំសារ របស់ពួកចោរនោះឯង ដំណឹងនេះបានទទួលបម្រាប់ប្រាប់តៗគ្នាទៅគ្រប់រទេះ ដង្ខៅដែល ជាប្រធានបានបង្គាប់បញ្ជាឲ្យធ្វើដំណើរបន្តទៅមុខ ម្នាក់ៗបានសង្ខុញគោរបស់ខ្លួនឲ្យពន្លឿនថ្វី ជើងកាន់តែលឿនជាងមុនឡើង តមកមិនយូរប៉ុន្មានក៏មានបុរសជិះសេះ ៣ នាក់ទៀតបានមក ប្រាប់ដំណឹងដដែលនោះទៀត ហើយក៏បំផាយសេះហួសទៅមុខទៅ ធ្វើឲ្យពួកពាណិជ្ជទាំង នោះកាន់តែមានជំនឿរឹងមាំឡើង ។
លុះបរិយាកាសងងឹតឈ្លប់ចូលមកដល់ហើយ មេក្រុមចោរទី ១ ដែលដេញជាប់តាមពីក្រោយ មកក៏ចេញបញ្ជាឲ្យពួកស្មុនកូនចៅសម្រុកចូលវាយប្រហារត្រង់ចុងក្បួនរទេះ ភ្លាមនោះហ្វូង ចោរក៏នាំគ្នាសម្រុកចូលកាប់ប្រហារពួកពាណិជ្ជករ ចលាចលបានកើតឡើងនៅឯចុងក្បួនរទេះ ពួកជំនួញម្នាក់នាំគ្នាចាប់អាវុធចូលទប់ទល់តស៊ូយ៉ាងអង់អាច ហ្វូងគោក៏ផ្អើលដាក់នឹមរត់ចូល ព្រៃស៊្រូ លុះបានដឹងថាពួកក្រោយត្រូវបានចោរសម្រុកចូលប្លន់ ពួកអ្នកជំនួញូដែលនៅខាងមុខ ក៏ស្ទុះចាប់អាវុធលោតចេញពីរទេះត្រឡប់ទៅជួយ រំពេចនោះចោរក្រុមទី ២ ក៏ចូលវាយប្រហារ ក្បួនខាងមុខ ការតស៊ូបានប្រព្រឹត្តទៅយ៉ាងឃោរឃៅ ពួកពាណិជ្ជករដែលមិនបានដឹងខ្លួនជា មុនជាអ្នកចាញ់ប្រៀប ទទួលរងសស្ត្រាវុធរបស់ពួកចោរដែលស្ទាត់ជំនាញជាងដេកដួលស្លាប់ ទាំងរងរបួសជាច្រើន ពួកអ្នកនៅមានជីវិតក៏រត់រប៉ែករប៉ាយចូលព្រៃយកប្រាសអាយូស មេជំនួញធំត្រូវចាប់ខ្លួនបាន ហើយត្រូវនាំទៅកាន់បន្ទាយចោរ ពួកចោរជួយគ្នាដឹកជញ្ជូនទ្រព្យ សម្បត្តិចេញពីរទេះរហូតទល់ភ្លឺ ការតស៊ូចប់ទៅដោយពួកចោរជាអ្នកមានជ័យជម្នះយ៉ាង ងាយស្រួល ។
លុះពេលល្ងាចថ្ងៃស្អែកឡើង ពួកចោរបានចាត់ឲ្យមានពិធីជប់លៀងយ៉ាងឱឡារិក ជាការជប់ លៀងឆ្លងជ័យជម្នះដែលពួកគេមានលើអ្នកជំនួញ បរិយាកាសក្នុងបនចោរពោរពេញទៅដោយ ក្លិនស្រា និង សម្លេងសើចហ៊ោទ្រៀវខ្ញៀវខ្ញារ ម្នាក់ៗសប្បាយរីករាយរអាករពាយណាស់សា សម្លេងហាសហាក្អាកក្អាយស្ងប់ចុះនៅពេលមេកន្ត្រាញចោរបានប្រកាសឡើងដោយសម្លេង ខ្លាំងៗថា
“អស់លោកសម្លាញ់ទំាងឡាយ ! ជ័យជម្នះដ៏ល្អត្រកាលដែលបានទទួលមកនៅពេលនេះ យើងបានទទួលមកដោយអំណាចរបស់ម្ចាស់ម៉ែកាលីដោយពិត នៅមុនពេលដែលយើងនឹង រំកិលកម្លាំងចេញពីបន្ទាយ យើងបានបន់ស្រន់ម្ចាស់ម៉ែទុកថា បើសិនជាបានជ័យជម្នះ នឹង ថ្វាយតង្វាយដល់ម្ចាស់ម៉ែដោយលោហិតក្នុងបំពង់ករបស់មេជំនួញ នៅពេលនេះ យើងក៏បាន ជ័យជម្នះសមតាមបំណងហើយ យើងនឹងត្រូវលាបំណន់ដល់ម្ចាស់ម៉ែ ចូរនាំខ្លួនឈ្លើយសឹក របស់យើងមកឥឡូវនេះ” ។
មេជំនួញបានត្រូវនាំខ្លួនមកកាន់ទីជំនុំ រូបសំណាកមេ-សកាលីស្រេកឈាមកំពុងឈរញែក ចង្កូមនៅលើទែនបូជាដោយអាកប្បកិរិយាកំពុងក្រេវក្រោធជាខ្លាំង ជុំវិញហ៊ឹងបូជារបស់ ម្ចាស់ម៉ែអ្នកមានលលាដ៍ក្បាលមនុស្សជារង្វេលពេញទៅដោយគ្រឿងសំណែនផ្សេងៗ ភ្នក់ភ្លើងដែលពួកចោរបំពក់ ទុកនៅក្បែរខាងទែនបូជានោះ កំពុងឆេះក្រហមសន្ធោសន្ធៅឡើង គួរនាដូចជាក្រសែភ្នែកម្ចាស់ម៉ែ ដែលស្ទើរតែលៀនថ្លៃចេញមកក្រៅត្របក មេដង្ខៅអភ័ព្វនោះ កំពុងអង្គុយសំយុងកចុះនៅក្បែរចោរមាឌធំស្រមាក់ ២ នាក់ដែលចាប់ប្រកៀកគាត់មក ទឹកមុខរបស់គាត់សៅហ្មងស្រងូតស្រងាត់ សម្តែងសេចក្តីអស់សង្ឃឹមក្នុងជីវិត គាត់ដឹងខ្លួន ច្បាស់ថា មុខជាត្រូវពួកចោរហៃរិកចាប់យកមកអារ កទាំងរស់ឲ្យលោហិតបាញ់បញ្ចូល ព្រះឱស្ឋរបស់មេ-សកាលីដែលកំពុងស្រេកឈាមនោះមិនខាន ទោះបីជានៅរស់រានមានជីវិត
គាត់មានអារម្មណ៍ហាក់នឹងថាស្លាប់ទៅហើយ កាលបើបានឃើញអាកប្បកិរិយារបស់មេឈ្មួញ ហើយ ចោរទាំងឡាយទោះជាចិត្តខ្មៅឃោរឃៅយ៉ាងណា ក៏អត់នឹងអាណិតអាសូរគាត់មិន បាន ជាពិសេសចោររេវត្តៈស្មុនបក្សសំណព្វចិត្តរបស់មេកន្ត្រាញចោរនោះឯង មានចិត្តចាប់ អារម្មណ៍ចំពោះមេឈ្មួញពាណិជ្ជករជាខ្លាំង គេសម្លឹងភ្នែកមើលអាកប្បកិរិយារបស់មេជំនួញ យ៉ាងសំណំសំនួនព្រោះហាក់បីដូចជាមានអ្វីមកបង្គាប់គេឲ្យធ្វើដូច្នោះ ។

loading…

ទឹកដោះរាវត្រូវបានគេជះផ្សាចទៅលើភ្នក់ភ្លើង ធ្វើឲ្យអណ្តាតភ្លើងភ្លឺរន្ទាលឡើងជាងមុន ជាឱកាសឲ្យរេវត្តៈបានឃើញផ្ទៃមុខឈ្លើយសឹកគ្រោះអាក្រក់នោះកាន់តែច្បាស់ឡើង គេចាប់ ផ្តើមអន្ទះអន្ទែងច្រាស់ច្រាល់ចិត្តជាខ្លាំងហាក់នឹងថាគេធ្លាប់បានឃើញមុខមេជំនួញនោះមកពី មុន គេរំកិលខិតចូលទៅជិតមេឈ្មួញនោះរួចហើយផ្ចង់ភ្នែកមើលយ៉ាងពិនិត្យពិគ្រោះ នៅទីបំផុត ស្មារតីចងចាំក្នុងអតីតកាលក៏ប្រាកដឡើងដល់គេ គេនៅចាំបានយ៉ាងជាក់ច្បាស់ថា ឈ្លើយសឹករបស់គេនោះមិនមែនអ្នកណាផ្សេងទេក្រៅពីលោកសុមង្គលគ្រហបតីនៃក្រុងសាវត្ថី ដែលគេធ្លាប់បានទៅនៅអាស្រ័យជាមួយនោះឯង កាលបើប្រាកដក្នុងចិត្តថាជាលោកគ្រហបតី ហើយ រេវត្តៈស្ទើរតែភ្លេចខ្លួនលូនចូលទៅក្រាបសំពះបាទជើងលោកដើម្បីសុំអភ័យទោស គេនឹកខ្លោចចិត្តជាខ្លាំងចំពោះទង្វើរបស់គេកន្លងមក ពីព្រោះគេក៏មានចំណែកចូលរួមក្នុងការ រៀបចំផែនការប្លន់លោកគ្រហបតីអ្នកមានឧបការគុណរបស់ខ្លួនដែរ ។
ចោរដែលជាអ្នកប្រកបពិធីបូជាព្រះម៉ែដោយលោហិតក្នុងបំពង់ករបស់មេជំនួញបានមកដល់ កន្លែងប្រកបពិធីហើយ មិនយូរប៉ុន្មាន លោកគ្រហបតីនឹងត្រូវគេចាប់អារកសម្រក់ឈាមមិនខាន រេវត្តៈបានរិះរកឧបាយកលនានាដើម្បីជួយរំដោះលោកគ្រហបតីឲ្យរួចផុតពីមច្ចុរាជ គេមិនអាច ស៊ូទ្រាំនៅឈរមើលអ្នកមានព្រះគុណំត្រូវគេសម្លាប់យ៉ាងទារុណឃោរឃៅបានទេ គេសម្រេចចិត្តថា នឹងជួយរំដោះទុក្ខលោក​ ទោះបីជាខ្លួនស្លាប់ក៏សុខចិត្តដែរ ខណៈដែលចោរជាអ្នកប្រកបពិធី កាន់ដាវដ៏មុតច្រោកដើរស្លៅសំដៅទៅរកលោកគ្រហបតីនោះ រេវត្តៈក៏ក្រោកឈរឡើង ធ្វើសាមីចិកម្មគំនាប់មេចោរ ហើយប្រកាសឡើងដោយសម្លេងខ្លាំងៗថា
“បពិត្រនាយម្ចាស់ ! ខ្ញុំបាទសូមអង្វរដល់នាយម្ចាស់ឲ្យជួយប្រកាសបង្គាប់រម្ងាប់ពិធីកម្មនេះ ទុកបណ្តោះអាសន្នសិន” រំពេចនោះស្រាប់តែចោរទាំងឡាយបានស្ងាត់បាត់សម្លេងអ៊ុលអាល់ ភ្លាម ម្នាក់ៗនាំគ្នាបែរមកសម្លឹងមើលរេវត្តកុមារដោយក្រសែភ្នែកតែមួយ
“ខ្ញុំបាទមិនអាចធន់ទ្រាំនៅមើលមុខមេឈ្មួញម្នាក់នេះត្រូវគេចាប់អារ-កនៅចំពោះមុខបានទេ ត្បិតថា មេឈ្មួញម្នាក់នេះ គឺ លោកសុមង្គលគ្រហបតីនៃក្រុងសាវត្ថី លោកធ្លាប់មានព្រះគុណ ដ៏ខ្ពង់ខ្ពស់ចំពោះខ្ញុំបាទ” ចោរទាំងអស់ស្ងាត់បាត់សម្លេងប៉ើម ម្នាក់ៗអាំងឡាំងមិងមាំងចំពោះ ហេតុការណ៍ដែលកើតឡើងយ៉ាងទាន់ហន់នេះ មេឈ្មួញពាណិជ្ជងើយមុខឡើងសម្លឹងមើល រេវត្តកុមារដោយក្រសែភ្នែកក្រឡែតក្រឡង់ ជាលក្ខណៈសម្តែងអំណរអររអឹករអាំទាំងភ្លាត់មាត់ ហៅឈ្មោះរេវត្តៈ ៣ ដងបណ្តើរដោយរំភើប រេវត្តៈនិយាយតទៅទៀតដោយឥតញាប់ញ័រថា
“ប្រសិនបើនាយម្ចាស់មិនអាចរម្ងាប់ពិធីកម្មនេះបានទេ សូមមេត្តាពិឃាតខ្ញុំបាទបូជាព្រះម៉ែ ជំនួសលោកគ្រហបតីចុះ ខ្ញុំបាទរីករាយលះបង់ជីវិតជូនលោកអ្នកមានព្រះគុណនេះ” រេវត្តកុមារនិយាយបានប៉ុណ្ណេះហើយក៏ឈប់ឈរទ្រឹងស្ងៀមស្រតឹក ភាពស្ងាត់បាត់សម្លេង សូន្យគ្រប់ដណ្តប់ទូទាំងបរិវេណកន្លែងនោះ  នៅទីបំផុត មេចោរជេដ្ឋកៈក៏និយាយទម្លាយ និស្សទ្ទភាព(quietness) ថា
“រេវត្តៈ ! ឯងកំពុងតែមកទម្លាយពិធីកម្មដ៏សំខាន់របស់យើងហើយ ប៉ុន្តែណ្ហើយចុះ រឿងរបស់ឯង មុខគួរឲ្យយល់ចិត្តដែរ ដើម្បីយោគយល់ដល់ឯង យើងសូមរម្ងាប់ពិធីកម្មនេះសិន ឯងជាមនុស្ស ស្គាល់គុណូបការៈរបស់លោកអ្នកមានគុណ យើងក៏ស្គាល់គុណូបការៈរបស់ឯងវិញដែរ ព្រោះ ឯងបានជួយជ្រោមជ្រែងយើងមកច្រើន យើងសូមឲ្យអភ័យទោសដល់ឯងម្តង ទាំងដល់មេ ដង្ខៅនោះផង” នាយចោរនិយាយទាំងចង្អុលដៃទៅខាងលោកគ្រហបតីផង ។
“ជាព្រះគុណដ៏ខ្ពង់ខ្ពស់សម្រាប់ខ្ញុំបាទ”រេវត្តៈនិយាយឡើងយ៉ាងលំអុតលំឱន “ខ្ញុំបាទនឹងចារឹក ការុញ្ញចិត្តរបស់នាយម្ចាស់ទុកក្នុងជម្រៅបេះដូងរបស់ខ្ញុំបាទនឹងចងចាំទុកមិនភ្លេចឡើយ” នាយចោរបញ្ជាឲ្យដោះលែងលោកគ្រហបតីចេញពីចំណង គ្រាន់តែមានសេរីភាពភ្លាម លោកក៏ស្ទុះចូលទៅឱបរឹតរេវត្តៈដោយរន្តិភាពត្រេកអរ មានប្រសាសន៍ចេញមកទាំងក្តុកក្តួលអួល ដើម-ក ថា
“រេវត្តៈអើយ ! មិននឹកស្មានសោះថាបានជួបឯងនៅកណ្តាលព្រៃស្តុកយ៉ាងនេះទេ ប្រសិនបើមិន បានជួបឯងទេ ថ្មើរនេះប៉ាមុខជាក្លាយទៅជាសាកសពទៅហើយ កូនឯងមកទីនេះតាំងពីអង្កាល់ ហើយមកយ៉ាងម៉េចបាន អ្វីៗដូចជាអច្ឆរិយហេតុពន់ពេកណាស់ ប៉ាភ័ន្តភាំងចំពោះហេតុការណ៍ នេះអស់ហើយ សូមឯងជួយពន្យល់ឲ្យច្បាស់លាស់ដល់ប៉ាផង ឬថា នេះគ្រាន់តែជាសុបិន ប៉ុណ្ណោះទេ រេវត្តៈកូនប៉ា !” រេវត្តៈអមគមលោកសេដ្ឋីឲ្យអង្គុយចុះ ហើយក្រាបចុះទៀបបាទា របស់លោក តមក គេក៏តំណាលរឿងរ៉ាវដំណើរដើមទងតាំងពីដើមដំបូងឲ្យលោកគ្រហបតី ស្តាប់ ចាប់ផ្តើមតាំងពីចាកចេញពីទីក្រុងសាវត្ថីរហូតមកក្លាយខ្លួនធ្វើជាចោរនៅកណ្តាលព្រៃ កាលបើតំណាលដល់រឿងរ៉ាវក្នុងអតីតកាល ចិត្តរបស់គេក៏ភ្នកគិតដល់លីលាវតីដែលគេបាន បំភ្លេចចោលអស់ពេលជាយូរមកហើយ រេវត្តៈនៅតែក្រលប់លាក់ទុករឿងនេះជាការសម្ងាត់ ដដែល មិនបង្ហើបប្រាប់ដល់លោកគ្រហបតីទេ ទាំងរឿងដែលគេត្រូវនាងព្រាហ្មណី និង កណិការបៀតបៀនពាធាផង គេក៏មិនបង្ហើបប្រាប់ដែរ គេប្រាប់ថាមូលហេតុដែលត្រូវភៀសខ្លួន ចេញពីទីក្រុងសាវត្ថីមកក៏ដើម្បីជាប់តាមរកឪពុកម្តាយប៉ុណ្ណោះ ។
“រេវត្តៈអើយ ! ប៉ាសុខចិត្តឲ្យអភ័យទោសសព្វបែបយ៉ាងចំពោះអំពើរបស់ឯង ចូរត្រឡប់ទៅរស់នៅជាមួយនឹងប៉ាវិញចុះ ប៉ានឹងប្រគល់ទ្រព្យសម្បត្តិ និង សេចក្តីសុខដល់ឯង យ៉ាងគ្រប់គ្រាន់ ឯងនឹងមានសេចក្តីសុខច្រើនជាងមកធ្វើជាចោរ ឆក់ប្លន់គេចិញ្ចឹមជីវិតនៅក្នុង ព្រៃយ៉ាងនេះ”
“ខ្ញុំប្របាទមិនអាចនឹងទៅរួមរស់ជាមួយនឹងព្រះតេជព្រះគុណបានទេ”រេវត្តៈនិយាយ “ខ្ញុំប្របាទ ក្លាយជាបាបជនទៅហើយ ជាអ្នកអ៉ាប់ប៉ត្រាប់ទាំងកាយនិងចិត្ត មិនសមគួរនឹងនៅរួមសង្គម ជាមួយនឹងសាធុជនដូចយ៉ាងព្រះតេជព្រះគុណទេ ខ្ញុំប្របាទជាចោរប្លន់ទ្រព្យសម្បត្តិនិងជីវិត មនុស្សអស់ជាច្រើនអនេក កំហុសអបការរបស់ខ្ញុំប្របាទធ្ងន់ធ្ងរណាស់ សូម្បីតែការប្រហារ ជីវិតក៏នៅស្រាលពេកណាស់សម្រាប់ទោសកំហុសរបស់ខ្ញុំប្របាទនេះ ប្រសិនបើខ្ញុំប្របាទត្រឡប់ទៅរស់នៅក្នុងទីក្រុងសាវត្ថីជាមួយនឹងព្រះតេជព្រះគុណវិញ ខ្ញុំប្របាទនឹងត្រូវរាជបុរសចាប់ខ្លួនយកទៅដាក់ទោសទណ្ឌតាមនីតិវិធី ហើយទុក្ខក្តៅក្រហាយ នេះនឹងរីករាលដាលមករកព្រះតេជព្រះគុណ ខ្ញុំប្របាទអាក្រក់ សូមឱនក្បាលធ្វើទៅតាម ផ្លូវអាក្រក់របស់ខ្ញុំប្របាទតទៅ”លោកគ្រហបតីព្យាយាមទទូចអង្វរឲ្យរេវត្តៈត្រឡប់ទៅនៅជា មួយវិញ លោកធានារ៉ាប់រងថានឹងទូលសុំព្រះរាជអភ័យទានពីព្រះបាទបសេនទិកោសលដល់ គេ មិនឲ្យគេត្រូវទទួលទោសទណ្ឌទេ ប៉ុន្តែរេវត្តៈនៅតែមិនព្រមទៅ ដោយទឹកចិត្តស្មោះស គេចង់នឹងបោះបង់ចោលអាជីពចោរនេះដែរ ប៉ុន្តែគេមិនចង់ទៅមើលមុខនាងគ្រហបតានីនិង នាងកណិការទៀតទេ គេស្ទើរតែនឹងប្រាប់ពំនិតការពិតរឿងនេះដល់លោកគ្រហបតីទៅហើយ ប៉ុន្តែនៅទប់សង្កត់ចិត្តទាន់ ខណៈដែលចៅហ្វាយនាយ និង បាវព្រាវសន្ទនាគ្នានោះ ពួកចោរ ក៏នាំគ្នារាំរែកស្រែកច្រៀងឆ្លងជ័យជម្នះតទៅ រហូតដល់ស្រវឹងអាបឡាបដេកដួលស្តូកស្តឹង ត្រៀបត្រាពាសពេញទាំងបរិវេណកន្លែងនោះ នៅមុនពេលបិទពិធីជប់លៀងត្រឡប់ទៅកាន់ ខ្ទមវិញ នាយចោរនិងកូនបក្សព្រនាក់បំពង់សំខាន់ម្នាក់បានពិគ្រោះយោបល់គ្នា ហើយសម្រេច ចិត្តដាក់ទណ្ឌកម្មដល់រេវត្តៈថា ព្រឹកស្អែកនេះ រេវត្តៈត្រូវតែទៅរកចាប់មនុស្សណាម្នាក់ឲ្យខាង តែបាន ដើម្បីយកមកអារ-កបូជាលាបំណន់ម្ចាស់ម៉ែកាលីជំនួសលោកគ្រហបតី ប្រសិនបើរក មិនបានខាងក្នុងកំឡុងថ្ងៃព្រឹកស្អែកនេះទេ មិនរេវត្តៈក៏មេជំនួញនឹងត្រូវចាប់អារ-កមិនខាន ។
រេវត្តៈសន្យានឹងនាយចោរថានឹងរកមកឲ្យខាងតែបាន បើមិនបានទេ គេសុខចិត្តស្លាប់ជំនួស លោកអ្នកមានព្រះគុណ !

61 total views, 2 views today

Facebook Comments