ការឆ្លើយតបពាក្យរិះគន់នានារបស់លោក ម៉ៅ វុត្ថា

viet_visit_03

ថ្ងៃរកស៊ីមិនសូវបានព្រោះអាជ្ញាធរបិទផ្លូវស្ទើរពេញមួយថ្ងៃដោយសារដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមលោកអញ្ជើញមក ចឹងហើយមានពេលបានបើកមើល Facebook ខ្លះ។ តែនៅពេលដែលបើកមើលហើយ ឃើញមាន Post ជាច្រើនរបស់ប្អូនយុវវ័យមួយចំនួន គាត់រិះគន់ពីការតាំងរូបព្រះឆាយាលក្ខណ៍របស់ព្រះករុណា ស្មើនឹងប្រធានាធិបតីវៀតណាម ហើយនឹងហេតុអីបានវៀតណាមមកទស្សនកិច្ចញយដងម្ល៉េះ? បានអាន និងមើល Post និង Comment ដ៏ច្រើនហើយ ខ្ញុំផ្ទាល់ខ្លួនគឺពិតជាគួរឲ្យចង់សើចខ្លាំងណាស់ តែនៅមានចិត្តមួយទៀតអាណិតពួកគាត់។ ខ្ញុំចង់សើចនឹងពួកគាត់ដោយសាររិះគន់អ្វីមួយមិនបានគិត និងស្វែងយល់ត្រឹមត្រូវ និយាយតាំងខ្លួនដូចជាខ្លួនឯងហ្នឹងថ្នាក់បណ្ឌិត និងមានមនសិការជាតិលើសគេលើសឯង។ ខ្ញុំអាណិតពួកគាត់គឺដោយសារស្តាយអនាគត និងកិច្ចប្រឹងប្រែងរបស់គាត់ បើឲ្យតែរបៀបនេះ មិនដឹងជាទៅជាយ៉ាងណាទេប្អូនអើយ? ឆ្លៀតទំនេរហើយនោះខ្ញុំសូមចូលរួមបន្តិចចុះទាក់ទាងនឹងបញ្ហាដែលប្អូនៗបានលើកឡើងនោះ ហើយសង្ឃឹមថាប្អូនៗទាំងនោះអាចមើលឃើញ ហើយសិក្សាបន្ថែមទៀត៖

១. ការតាំងរូបស្មើគ្នារវាងព្រះឆាយាលក្ខណ៍ និងរូបថតប្រធានាធិបតី ៖ អត់មានអីខុសទេប្អូនអើយ។ បើគិតតាមក្បូនពិធីការ និងកិច្ចការបរទេសគឺប្រធានាធិបតី គឺមានឋានៈស្មើនឹងព្រះករុណាព្រះមហាក្សត្រជាប្រមុខរដ្ឋ។ សម្រាប់ប្រទេសដែលកាន់របបរាជានិយម គឺព្រះមហាក្សត្រគឺជាព្រះប្រមុខរដ្ឋ រីប្រទេសដែលគ្មានស្តេច ហើយកាន់របបមិនថាកុម្មុយនីស្ត ឬប្រជាធិបតេយ្យទេ បើសិនជាមានប្រធានាធិបតី គឺគាត់នោះជាប្រមុខរដ្ឋ។ ដូច្នេះហើយគឺមានឋានៈស្មើគ្នាក្នុងទំនាក់ទំនងរដ្ឋជាមួយរដ្ឋ។

២. មានប្អូនខ្លះគាត់ថាបើចង់ដាក់រូបគូរជាមួយនឹងវៀតណាម ហេតុអីមិនដាក់រូបសម្តេចតេជោនាយករដ្ឋមន្រ្តី? បើដាក់តាមប្អូនគឺកាន់តែខុស ណាប្អូន ព្រោះថាវៀតណាមក៏គេមិនព្រម ហើយអ្នកដ៏ទៃប្រាកដជានឹងសើចយើង ព្រោះយើងមិនដឹងខ្យល់អី? សូមបញ្ជាក់ថាប្រទេសវៀតណាមគឺមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តី។ ដូចបានជម្រាបហើយ ប្រធានាធិបតីគឺប្រមុខរដ្ឋ រីឯនាយករដ្ឋមន្រ្តីគឺជាប្រមុខរដ្ឋាភិបាល បើសិនជានាយករដ្ឋមន្រ្តីគាត់អញ្ជើញមក គឺយើងត្រូវតាំងរូបសម្តេចតេជោជាមួយនឹងនាយករដ្ឋមន្រ្តីរបស់គេ។

៣. អ្នកខ្លះគាត់ថាតាំងរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រនៅកណ្តាលប្រៀបបានដូចចាញ់ប្រៀបគេ ហើយប្រពន្ធប្រធានាធិបតីស្លៀកពាក់យួនគឺប៉ះពាល់ដល់វប្បធម៌ខ្មែរ។ ខ្ញុំថាប្អូនឯងដូចជាប្រឆាំងជ្រុលពេកហើយ លើសពីផ្កាប់មុខ តែកប់ទាំងខ្លួនទៀត។ សូមបញ្ជាក់ថាព្រះករុណាគឺទ្រង់នៅលីវ ដូច្នេះហើយគឺមានតែនៅកណ្តាល ប៉ុន្តែបើទ្រង់មានមហេសីវិញគឺគេតែងតែតាំងរូបទាំងមហេសីផងដែរ ដែលជានិច្ចជាកាលតែងតែឆ្លាស់គ្នា។ ហើយការដែលប្រពន្ធប្រធានាធិបតីគេស្លៀកពាក់ប្រពៃណីរបស់គេនោះគឺអត់មានខុសអីទេ ព្រោះគឺជាអត្តសញ្ញាណជាតិសាសន៍នីមួយៗ រីមួយចង់ឲ្យគេស្លៀកសំលៀកបំពាក់បុរាណខ្មែរ បានប្អូនថាត្រូវ?

៤. ចំនុចមួយទៀតដែលគណៈប្រតិភូវៀតណាមមកទស្សនៈកិច្ចបែបនេះមិនមែនជាការខុសធម្មតានោះទេ។ ជាទូទៅនៅពេលដែលប្រទេសណាមួយមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ គឺប្រមុខតែងតែត្រូវធ្វើដំណើរទស្សនៈកិច្ចទៅប្រទេសជិតខាងដើម្បីណែនាំខ្លួន និងពង្រឹងមិត្តភាព។ នរណាៗក៏គេធ្វើដូច្នោះដែរ។

ចុងក្រោយនេះសូមផ្តាំថាបើប្អូនៗចង់ដឹងពីពិធីការទាំងនេះច្បាស់លាស់មុននឹងរិះគន់ មានឯកសារ ៣ដែលគួរមើល៖ ១. ទម្រង់ពិធីការ ២. ទំនាក់ទំនងការបរទេស ៣. វិទ្យាសាស្រ្តនយោបាយ។ សៀវភៅទាំងនេះរកទិញបាននៅស្ទើរគ្រប់តូបលក់សៀវភៅ និងបណ្ណាគារនានា ។

viet_visit_02 viet_visit_01

 

ដោយម៉ៅ វុត្ថា

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.