ក្បត់ជាតិ

deforest_05

ពាក្យថា ក្បត់ជាតិ ជាពាក្យធ្ងន់ធ្ងរបំផុតក្នុងសង្គមខ្មែរ ខ្មែរណាបើត្រូវបានអ្នកដទៃចោទប្រកាន់ថា ក្បត់ជាតិ ច្បាស់ជាខឹងក្រេវក្រោធជាខ្លាំង បើមានអាវុធណានីមួយនៅក្បែរដៃ ក៏អាចនឹងសម្លាប់បុគ្គលនោះចោលភ្លាម ដោយអំណាចនៃកំហឹង ។
ពាក្យនេះច្រើនតែប្រើក្នុងន័យនយោបាយចោទប្រកាន់គ្នាទៅវិញទៅមកដោយបំណងអាក្រក់ ឬ ដោយកំហឹង របស់អ្នកចោទប្រកាន់ ដើម្បីបំផ្លាញ ឬ កម្ទេចគូប្រជែង ដូច្នេះ ពាក្យថា ក្បត់ជាតិ នេះ បើប្រែទៅតាម ន័យសង្គម ប្រែថា មិនស្មោះត្រង់ ឬ មិនដឹងគុណផែនដីជាទីអាស្រ័យកើត ។
ពាក្យថា ក្បត់ ប្រើភ្ជាប់ទៅនឹងស័ព្ទដទៃទៀត ដូចជា ក្បត់សន្យា មានន័យថា មិនគោរពតាមសន្យា ឬ មិនមានសច្ចៈចំពោះពាក្យសន្យាដែលបានធ្វើជាមួយគ្នា អ្នកដែលខូចប្រយោជន៍ ឬ មិនបានទទួលប្រយោជន៍តាមដែលខ្លួនប្រាថ្នាចង់បាន ក៏ប្រើពាក្យនេះចោទប្រកាន់ទៅគូសន្យា
ពាក្យថា មិនដឹងគុណផែនដី បានដល់ រមិលគុណផែនដី ឬថា កាយកប់លុបលាងគុណរបស់ផែនដី ។
តើផែនដីមានគុណចំពោះមនុស្សឬ?

deforest_01
ឆ្លើយថា ប្រាកដជាមានគុណ ក្រោយពីយើងកើតហើយ យើងបានអាស្រ័យផែនដីរស់នៅ យើងបានបរិភោគ ធនធានដែលកើតមាននៅនឹងផែនដី យើងអាស្រ័យផែនដីបន្ទោបង់អាហារចាស់ចោលជាច្រើន ដូច្នេះយើង បានជំពាក់បំណុលផែនដីពីព្រោះផែនដីបានឲ្យអ្វីៗមកដល់យើង ការមិនដឹងគុណផែនដី ឬ រមិលគុណផែនដី ចាត់ជាទោសកំហុសមួយរបស់អ្នកមានគុណធម៌ យើងធ្លាប់បរិភោគធនធានរបស់ផែនដីអស់ជាច្រើន យើង គប្បីសងគុណផែនដីវិញ ដូចជា ការដាំដើមឈើសងផែនដីវិញ សាងធនធានដែលបាត់បង់ទៅសងផែនដី វិញជាដើម បើធ្វើបានយ៉ាងនេះហៅថា ដឹងគុណផែនដីហើយសងគុណវិញ ត្រូវនឹងពាក្យបាលីថា កតញ្ញូកតវេទី ផ្ទុយទៅវិញ បើមនុស្សដែលកើតនៅលើផែនដីហើយ មិនដែលនឹកនាសងគុណផែនដីដែលខ្លួនអាស្រ័យរស់ នៅទេ គិតតែពីបំផ្លាញ និង បរិភោគធនធានដែលកើតចេញពីផែនដីតែម្យ៉ាង បុគ្គលប្រភេទនេះលោកហៅថា មនុស្សមិនដឹងគុណផែនដី ឬ មនុស្សអកតញ្ញូចំពោះផែនដី ឬ មនុស្សរមិលគុណចំពោះផែនដី ម្យ៉ាងទៀត លោកហៅថា ក្បត់ជាតិ ហ្នឹងឯង ជាតិនៅទីនេះ សំដៅដល់ផែនដីជាទីអាស្រ័យកើត បើយើងអាស្រ័យផែនដីណាកើត ផែនដីនោះឯង ឈ្មោះថា ជាតិប្រទេសជាតិ ប្រទេសជាទីកើត ឬ កន្លែងជាទីកើត វេវចនៈ គឺ មាតុភូមិ បិតុភូមិ ផែនដីកំណើត
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាមេចលនាក្បត់ជាតិ ពីព្រោះព្រះអង្គក្រោយពីប្រសូតហើយ ក៏ទ្រង់ប្រកាស ឯករាជ្យដោយអាសភិវាចាថា
អគ្គោហមស្មិ លោកស្ស ជេដ្ឋោ សេដ្ឋោហមស្មិ
អយន្តិមា មេ ជាតិ នត្ថិទានិ បុនព្ភវោ ។
យើងជាកំពូលនៃលោក យើងជាបុគ្គលចម្បងជាងគេក្នុងលោក យើងជាបុគ្គលប្រសើរជាងគេក្នុងលោក ជាតិនេះជាកំណើតចុងក្រោយបំផុតរបស់យើង អំណើះតទៅមុខ យើងនឹងលែងកើតទៀតហើយ ។

deforest_04
ពាក្យប្រកាសឯករាជ្យនេះ សបញ្ជាក់ឲ្យឃើញថា ព្រះអង្គនឹងលែងគោរពជាតិតទៅទៀតហើយ ព្រះអង្គនឹង បង្កើតចលនាក្បត់ជាតិមួយ ដើម្បីមិនឲ្យជាតិគ្របសង្កត់ព្រះអង្គបាន ក្រោយពីព្រះអង្គធ្វើសង្គ្រាមច្បាំងជាមួយ នឹងស្តេចគឺកិលេសដែលគ្រប់គ្រងជាតិមក ព្រះអង្គក៏បានសម្លាប់ស្តេចគឺកិលេសនោះចោល ដូច្នេះព្រះអង្គក៏លែងមានខ្មាំងសត្រូវតទៅទៀតសមដូចពាក្យដែលព្រះអង្គបានប្រកាសឯករាជ្យមែន ម៉្យាងទៀត មានពាក្យបាលីមួយហៅព្រះអរហន្តថា អកតញ្ញូ ប្រែថា អ្នកក្បត់ជាតិ គឺ អ្នកដែលសម្លាប់ស្តេច គឺ កិលេសដែលគ្រប់គ្រងជាតិបានហើយ(អ្នកស្គាល់និព្វាន) ដូច្នេះ ទាំងព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទាំងព្រះអរហន្តសាវ័កសុទ្ធតែជាមេចលនា ឬ ក្រុមចលនាសម្លាប់ស្តេច គឺ កិលេសដែលគ្រប់គ្រងជាតិដើម្បីឡើងសោយរាជ្យ គឺ ព្រះនិព្វានទាំងអស់ ។

និយមន័យរបស់ពាក្យថា ជាតិ

ជាតិ ន. ផែនដី

ជាតិ ន. ប្រទេសជាតិ, ប្រទេសជាទីកើត, ជាតិភូមិ, ភូមិកំណើត, ស្រុកកំណើត, ផែនដីកំណើត, កំណើត ។


 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.