ចាប់ព្រះរាមរាជាជ្រមុជទឹកបឹងខ្យង

arest_ramaking

នៅច.ស. ១១៤១ ម.ស.១៧០១ ព.ស.២៣២៣ គ.ស.១៧៧៩ ឆ្នាំកុរ ឯកស័ក ពញាតេជោ ទែន ពញាសែនទងហ្វាជាប្អូន បំភៀសគ្រួសារភៀសទៅនៅក្រុងយួន ។

កងទ័ពសម្តេចចៅពញាមហាក្សត្រសឹកនិងចៅពញាសុរសីហ៍វិស្ណ្វាធិរាជវាយប្រហារក្រុងលានជាងបានហើយ បញ្ជាឲ្យប្រមូលទ្រព្យសម្បត្តិ កាំភ្លើងធំ កាំភ្លើងតូច និង គ្រួសារចូលមកកាន់ក្រុងពាន់ប្រាវ ហើយឲ្យកងទ័ពហ្លួងព្រះបាងទៅវាយក្រុងទន្ត  យួនហៅថា ក្រុងសឺងី ក្រុងម៉យ  ២ ក្រុងនេះជាលាវខ្មៅ នៅមាត់ច្រកព្រំដែនក្រុងយួន បានគ្រួសារលាវខ្មៅជាច្រើន នាំគ្រួសារលាវវៀង លាវខ្មៅចុះមកដល់ក្រុងនៅខែបុស្ស ឆ្នាំកុរ ឯកស័កនុះឯង ។

លាវខ្មៅទ្រង់ប្រោសព្រះរាជទានឲ្យទៅតាំងលំនៅឯក្រុងពេជ្របុរី, លាវវៀង លាវជាប់ព្រំដែនខាងកើតទ្រង់ប្រោសព្រះរាជទានឲ្យទៅតាំងលំនៅឯក្រុងស្រៈបុរីខ្លះ ក្រុងរាជបុរីខ្លះ តាមទីក្រុងភាគខាងលិចខ្លះ នៅក្រុងចន្ទបុរីខ្លះទើបមានសែស្រឡាយរហូតមកដល់សព្វថ្ងៃនេះ ។

ចំណែកខាងក្រុងខ្មែរ សម្តេចព្រះរាមរាជាទើបត្រាស់ឲ្យពញាហ្វាទឡ្ហៈ ឈ្មោះ មូ នាំកម្លាំងពលទៅចាប់ពញាតេជោ ទែន ពញាសែនទងហ្វា ។

លុះពញាហ្វាទឡ្ហៈទៅជួបពញាតេជោ ពញាសែនទងហ្វា ក៏និយាយប្រឹក្សាគ្នាថា នៅគ្រាមុន យើងគិតគូររាជការយកផែនដីថ្វាយសម្តេចព្រះនារាយណ៍រាជា(អ្នកអង្គតន់)បានបាញ់សម្តេចព្រះរាមរាជា(អ្នកអង្គនន់)ត្រូវត្រង់ដើមទ្រូង ប៉ុន្តែមិនគ្រោះថ្នាក់ ។ ពួកយើងចាប់ខ្លួនបាន ហើយច្រកទ្រុង មានអ្នកគាស់ទ្រុងហើយនាំភៀសខ្លួនទៅបាន ចងអាឃាតព្យាបាទយើង ទោះយើងនៅបម្រើរាជការតទៅទៀត ក៏គង់នឹងសម្លាប់យើងចោលនៅថ្ងៃណាមួយ ។

លុះគិតព្រមចិត្តគ្នាហើយ ក៏កេណ្ឌរេហ៍ពលតាំងបន្ទាយរាយទ័ពត្រួតក្រវែលមកដល់ក្រុងពាមសែន  ។

សម្តេចព្រះរាមរាជាទ្រង់បានជ្រាបដំណឹងថា ពញាហ្វាទឡ្ហៈទៅរួមគំនិតក្បត់ជាមួយពញាតេជោ ក៏លើករេហ៍ពលទៅប្រយុទ្ធជាមួយពួកក្បត់ទាំងនោះ ។

loading…

ចំណែកខាងពញាវិបូល្យរាជ សូ ដែលរក្សាការពារក្រុងបន្ទាយពេជ្រនោះត្រឡប់ជាគិតក្បត់ដែរ   ប្រើឲ្យពញាវរជុន ឈ្មោះ ឡុង ទៅរកអុងហាវគុន សុំកងទ័ពយួននិងកងទ័ពព្រះអាទិត្យវង្សា ឈ្មោះ លួត ចៅក្រុងបាស័ក លើកមកក្រុងភ្នំពេញ ជ្រោយចង្វា ពញាវិបូល្យរាជនាំកងទ័ពមកដល់ក្រុងបន្ទាយពេជ្រ យាងអ្នកអង្គអេង បុត្រអ្នកអង្គតន់សម្តេចព្រះនារាយណ៍រាជាព្រះជន្មាយុ ៧ ឆ្នាំ និងម្ចាស់ក្សត្រី ៥ អង្គ ចុះទូកងែអូ ហើយឡើងទៅប្រមូលយកព្រះរាជទ្រព្យ ហើយចាប់បុត្រសម្តេចព្រះរាមរាជា ៤ អង្គសម្លាប់ចោល យកភ្លើងដុតរាជវាំងឆេះខ្ទេចអស់ ។

ចំណែកខាងបក្សពួករបស់សម្តេចព្រះរាមរាជាគេចទៅក្រាបទូលសម្តេចព្រះរាមរាជាឯក្រុងកំពង់ធំ លុះទ្រង់ជ្រាបសេចក្តីហើយ សម្តេចព្រះរាមរាជាក៏ដកថយទ័ពមកដល់ក្រុងកំពង់ឆ្នាំង ជួបទ័ពយួន ទ័ពខ្មែរនៅព្រែកព្រៃពាំង ។

សម្តេចព្រះរាមរាជាតស៊ូមិនឈ្នះ ក៏រត់ឡើងលើគោក បោះបង់ទូកចោល ទៅនៅក្រុងភ្នំកំរែង ។

កងទ័ពយួន កងទ័ពខ្មែរក៏ដេញទៅតាមចាប់ខ្លួនបាន ហើយច្រកទ្រុងជ្រមុជទឹកនៅបឹងខ្យង នៅខែផគ្គុណ ឆ្នាំកុរ ឯកស័កនុះឯង ។

សម្តេចព្រះរាមរាជាបានគ្រងរាជ្យមកតាំងពីឆ្នាំមមែ សប្តស័ក បាន ៥ ឆ្នាំ ព្រះជន្មាយុបាន ៤០ ឆ្នាំ ។

 

344 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS