ចៅពញាអភ័យភូបេស្សរទៅទប់ក្រុងខ្មែរ

udong

ចំណែកឯក្រុងខ្មែរតាំងពីពញាយមរាជ បែន នាំអ្នកអង្គអេងចូលមករស់នៅបាងកក ហើយគ្មានចៅហ្វានាយ ក្លិង្គទួនសែត តាំងខ្លួនឡើងជាធំនៅកោះល្វាឯម ហើយតែងតាំងក្លិង្គចាមជាបក្សពួករបស់ខ្លួនឡើងជាមន្ត្រីតូចធំជាច្រើន ចំណែកខាងពញាតេជោ ទែន ប្អូនហ្វាទឡ្ហៈ មូ តាំងខ្លួនឡើងជាហ្វាទឡ្ហៈ  ឲ្យពញាក្រៃ ឈ្មោះ ក្រក  ឡើងស្តីទីពញាតេជោរក្សាក្រុងបន្ទាយពេជ្រ បន្ទាប់ពីនោះក៏លបមកក្លៀវក្លមមន្រ្តីខ្មែរចាស់ ៗ ហើយលើកទៅលួចធ្វើឃាតក្លិង្គទួនសែត  ហើយហ្វាទឡ្ហៈ ទែន និង ពញាខ្មែរក៏មានលិខិតពិតទូលចូលមក ស្នើសុំអ្នកអង្គអេងទៅធ្វើជាស្តេច ។
ព្រះករុណាជាម្ចាស់ជីវិតទើបទ្រង់ព្រះមេត្តាប្រោសឲ្យមានត្រាឆ្លើយតបទៅថា អ្នកអង្គអេងនៅក្មេងណាស់ មិនអាចរក្សាការពារខ្លួនបានទេ ខ្លាចក្រែងមានភយន្តរាយ ពួជរាជវង្សក្រុងកម្ពុជាមាននៅតែមួយព្រះអង្គនេះឯងដូចពេជ្រកាត់ថ្លៃមិនបាន លុះចម្រើនវ័យហើយសឹមឲ្យទៅគ្រងរាជ្យ ប៉ុន្តែឥឡូវនេះ ឲ្យពញាយមរាជ បែន ដែលទំនុកបម្រុង ឲ្យជាចៅពញាអភ័យភូបេស្សរចេញទៅធ្វើរាជការបណ្តើរ ៗ សិន  ទើបទ្រង់ព្រះមេត្តាប្រោសឲ្យចៅពញាអភ័យភូបេស្សរចេញទៅ ។

loading…

លុះចៅពញាអភ័យភូបេស្សរទៅដល់ក្រុងបាត់ដំបង ក៏ចាត់ឲ្យពញាចក្រី កែប ទៅរក្សាក្រុងពោធិ៍សាត់ ឲ្យពញាយមរាជ កាន់ ទៅរក្សាក្រុងសៀមរាប ហើយចៅពញាអភ័យភូបេស្សរទើបផ្លាស់ទៅតាំងនៅក្រុងឧដុង្គឮជ័យ  នៅឆ្នាំរោង ឆស័ក ច.ស.១១៤៦ ម.ស.១៧០៦ ព.ស. ២៣២៨ គ.ស.១៧៨៤ ឲ្យធ្វើជាបន្ទាយរនាត បន្ទាយស្លាបក្អែកមានប៉មប្រាការ ឲ្យជីកគូរហូតទៅ ខាងជើងដល់ពោឃ្លោង ខាងត្បូងដល់វត្តសំពោច(សំភោជ)  ។

គ្រានោះ ចៅពញាអភ័យភូបេស្សរឲ្យពញាខ្មែរយកព្រះខ័នរាជ្យតាំងពីសម័យព្រះបាទបទុមសុរិយវង្សចូលមកក្រាបបង្គំទូលថ្វាយ នៅថ្ងៃនោះ ក៏កើតព្យុះធំមហិមា ភ្លៀងបង្អុរចុះយ៉ាងខ្លាំង រន្ទះបាញ់ត្រូវសាលាលូកខុនក្នុង ។

 

233 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS