ឆ្នាំថ្មីឆ្នាំស្វា បញ្ញាកើត

monkey_year

ឆ្នាំមុន យើងមានកម្មវិធីលើកតំកើងអម្សមយក្ស ទោះបីយើងយល់ថាយក្សក្នុងអក្សរសិល្ប៍ជាតួអង្គតំណាងឲ្យអំណាច ភាពរឹងប៉ឹឹង សេចក្ដីក្រោធ មោហោ និងអវិជ្ជាក៏ដោយ ហើយក្នុងន័យអម្សមយក្សនេះ សោត “យក្ស” ប្រែថា”ធំ” នេះបើតាមទស្សនគតិរបស់អ្នកប្រាជ្ញសម័យថ្មី។ បន្ដិចទៀត នឹងឈប់ប្រើពាក្យថា “ធំ” តែប្រើពាក្យថា “យក្ស” ជំនួស ។ ឧ.គោយក្ស អង្គរយក្ស (អង្គរធំ) ប្រាសាទយក្ស ជាដើម។ គិតម៉េចដែរ អស់លោកអ្នកផ្នែករៀបចំកម្មវិធីយក្ស ?

ឆ្នាំនេះ ឆ្នាំវក វប្បធម៌យក្សនៅតែជាស្រមោលអន្ទោលតាមប្រាណ មានអំណាចលើស្វា បង្គាប់បញ្ជាសា្វ បើមិនទៅ មិនធ្វើទេ យក្សនឹងចាប់ស្វាស៊ី។ ស្វាជាជនរងកម្ម គ្មានភពគ្មានកំណើតក្រៅពីជាចំណីរបស់យក្សជាអាហារយ៉ាងឱជារស។

កាលដើមឡើយបព្វបុរសយើង យល់ឃើញថា យក្ស ជាជនសាហាវព្រៃផ្សៃ តែដោយគុណធម៌ដ៏ខ្ពស់នៃប្រមុខរដ្ឋ បានយកយក្សមកប្រើជាប្រយោជន៍ដើម្បីការពារនិងផ្ដល់សេចក្ដីសុខដល់រាស្ដ្រ ហើយដើម្បីសាមគ្គីធម៌ និងសាមានច្ឆន្ទល្អដែលជាចំនុចផ្ដើមនៃការកសាងសន្ដិភាពយ៉ាងពិតប្រាកដូច្នោះ ដូនតាខ្មែរ បានផ្សំវប្បធម៌ក្ដៅនិងត្រជាក់ឲ្យនៅជាមួយនឹងគ្នា។ក្ដៅខ្វះត្រជាក់ក៏មិនបាន ត្រជាក់ខ្វះក្ដៅក៏មិនបាន ដូច្នេះ ទាំងក្ដៅនិងត្រជាក់មានធាតុស្មើគ្នា លើសខ្វះក៏មិនបានដាច់ខាត់។ ក្នុងទីនេះ សំដៅលើតួអង្គយក្ស តំណាងឲ្យធាតុក្ដៅ ចំណែកឯទេវតា តំណាងឲ្យធាតុត្រជាក់ ហេតុដូច្នោះ បានដូនតាខ្មែរអង្គរកសាងធាតុពីរឲ្យនៅជាមួយគ្នា ដូចជាករណីរឿងកូរសមុទ្រទឹកដោះ នៅប្រាសាទអង្គរវត្ដ ស្ពានចូលក្នុងបរិវេណអង្គរធំ (គ្រប់ទិស) ជាដើម ក្រៅពីនេះ ដូនតាកសាងគ្រុឌនិងនាគឲ្យនៅជាមួយគ្នាក្នុងរូបតែមួយ ដូចក្នុងករណីប្រាសាទតាព្រហ្ម ជាដើម។

ក្នុងឆ្នាំថ្មី ឆ្នាំស្វានេះ ទោះបីយក្សមានឥទ្ធិពលលើស្វាយ៉ាងណាក៏ដោយ ដោយភាពរពិសរប៉ូច កលល្បិចគ្មានពីរដោយបញ្ញា ស្វានឹងទទួលបាននូវភាពជោគជ័យក្នុងកិច្ចការរបស់ខ្លួនជាមិនខាន។ សូមឆ្នាំថ្មី ឆ្នាំស្វា នាំមកនូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ ភោគផងនិងជ័យជំនះគ្រប់ប្រការ។ សួស្ដីឆ្នាំថ្មី។

By Sothea Yon

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.