ជីវិតក្នុងផ្នួសរបស់ខ្ញុំចាប់ផ្តើមរង្គើ(2)

mahaphirum2015

ព្រះទិវាករឧទ័យឡើងឯទិសបូព៌ ពន្លឺរស្មីចាំងរន្ទាលមកកាន់ផែនដី ធ្វើឲ្យសព្វជីវិតត្រូវត្រដរតស៊ូតាមវិថីជិវិតរៀង ៗ ខ្លួន

ខ្ញុំកណាភ្ញាក់ពីព្រលឹម ស្រង់ទឹកហើយត្រៀមបាត្រ​ដើម្បីត្រាច់ចរទៅ​តាមលង្វែកផ្ទះ​របស់អ្នកស្រុកតាមផ្លូវអរិយបុគ្គលដែលលោកបានណែនាំ ប៉ុន្តែការដើរបិណ្ឌបាត​របស់ខ្ញុំកណា​នៅថ្ងៃនេះ(៤ មេសា​)ហាក់ដូចជាប៉កល្វើយកន្តើយ  ដើរចច្រប់ទៅបីដូច​ជាគ្មានចិត្តវិញ្ញាណនៅទីនេះទេ ចិត្តរបស់ខ្ញុំកណាបានអណ្តែតត្រសែត​ទៅរួមរស់​នែប​និត្យជាមួយនឹងបវរកញ្ញាក្នុងដួងចិត្តនោះបាត់ទៅហើយ

ខ្ញុំកណានៅសល់តែសំបកកាយត្រាច់ចរទៅតាមលង្វែកផ្ទះរបស់អ្នកស្រុកតែប៉ុណ្ណោះ ទោះជាយ៉ាងណា ខ្ញុំកណាក៏ត្រូវខំញញឹមដាក់ទាយកដែលដាក់ចង្ហាន់តាមតួនាទី ។

លុះត្រឡប់មកដល់កុដិវិញ ខ្ញុំកណាក៏រើសយកអាហារបិណ្ឌបាត​មួយចំណែក​សម្រាប់​ខ្លួនឯង ២​ចំណែកទៀតក៏ចែករំលែកឲ្យកូនសេក្ខដែល​ធ្វើដំណើរទៅជាមួយនិង​ម្នាក់​ទៀតនៅរង់ចាំបោសសម្អាតនៅខាងមុខកុដិ ។

បន្ទាប់ពីឆាន់ចង្ហាន់ព្រឹកហើយ នៅម៉ោង ៨ កន្លះព្រឹក ខ្ញុំកណាក៏ទៅធ្វើកិច្ចវត្តថ្វាយ​បង្គំព្រះតាមបទបញ្ញត្តិរបស់វត្តអារាម

មិត្រសម្លាញ់ទាំងឡាយ ! ឮគេនិយាយថា​ ស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក ទាំងកវីនិពន្ធខ្លះក៏តែងនិពន្ធបែបណែនាំអ្នកមានស្នេហាដែលឈ្លក់វង្វេងនឹងសម្តីផ្អែមល្ហែម ប្រៀបធៀបស្រមោចទៅនឹងស្ករ ថា

ស្រមោចច្រើនស្លាប់នៅក្នុងពាងស្ករ

ពាក្យពេចន៍ផ្អែមល្អច្រើនបង្កគ្រោះ

ពាក្យស្ដីដាស់តឿនច្រើនមិនពីរោះ

តែមានក្លិនរសផ្អែមក្រអូបក្នុង ។

ប៉ុន្តែខ្ញុំកណាសូមជំទាស់ពាក្យនេះ ខ្ញុំកណាឃើញថា មនុស្សខ្វាក់ភ្នែកខ្លះមានស្នេហាច្រើនជាងខ្ញុំកណាទៅទៀត

ម្យ៉ាងវិញទៀត ក្នុងសម័យពុទ្ធកាល ភិក្ខុ ឈ្មោះ ចិត្តហត្ថ និង កុទ្ទាលបណ្ឌិត បួសសឹក ៗ រហូតដល់ទៅ ៦ ដង ព្រោះស្នេហា ចុះហេតុអ្វីក៏ខ្ញុំកណាមិនអាចមានស្នេហាបានបើខ្លួនត្រឹមតែជាភិក្ខុបុថុជ្ជនមួយរូបក្នុងសាសនានេះទាំងគ្មានតួនាទីខាងការដឹកនាំគណៈសង្ឃដែលត្រូវទទួលខុសត្រូវផងនោះ?

ហេតុនោះ ពាក្យពេចន៍ទាំងអស់នោះមិនអាចយកឈ្នះចិត្តរបស់ខ្ញុំកណាបានទេ

ខ្ញុំកណាត្រូវតែធ្វើដំណើរទៅតាមផ្លូវរបស់ខ្លួនឯង សូម្បីតែព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏​ត្រាស់ថា សត្វលោកតែងអន្ទោលទៅតាមកម្ម

ជីវិតរបស់ខ្ញុំកណាក៏ត្រូវតែអន្ទោលទៅតាមអ្វីដែលខ្ញុំកណាគិតថាជាច្រកផ្លូវល្អបំផុតសម្រាប់ជីវិតនេះ ។

green_ricefield

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.