ជំហរមិនច្បាស់ បះជើងមិនខាន

rainsy_mono

យស្សាសមាហិតំ ចិត្តំ     សោ តជ្ជិតោ បលាយតិ.

ជំហរមិនច្បាស់រត់បះជើង

រយៈកាលកន្លងមក មានការរិះគន់កញ្ញា កឹម មនោវិទ្យា យ៉ាងច្រើនទាក់ទងនឹងការដែលនាងរិះគន់លោកសម រង្សី

ជាទូទៅ តាំងពីលោក សម រង្សី ក្លាយជាតួឯកខាងបក្សប្រឆាំងមក  គាត់ច្រើនតែដោះស្រាយការវាយលុករបស់ភាគីបដិបក្សដោយការនិរទេសខ្លួនឯង គាត់ពុំសូវហ៊ានប្រឈមនឹងការវាយលុករបស់គូបដិបក្សទេ ទោះបីដឹងថា ខ្លួនមិនខុសឆ្គងក៏ដោយ ។

ការមិនហ៊ានប្រឈមនេះឯងក្លាយជាចំណុចខ្សោយរបស់គាត់ ប៉ុន្តែក្លាយជាចំណុចខ្លាំងរបស់គូបដិបក្ស ។

គូបដិបក្សដឹងច្បាស់ណាស់ថា បើត្រូវការសម្រេចគោលបំណងផ្នែកនយោបាយ គ្រាន់តែប្រើវិធីគំរាមកំហែងតួឯករបស់ខ្លួនទៅ ក៏នឹងបានជោគជ័យ ហេតុនោះ ក្នុងរយៈកាលជាង ២០ កន្លងមកនេះ គូបដិបក្សរបស់លោក សម រង្សី ច្រើនតែប្រើមធ្យោបាយច្រំដែល ហើយលោក សម រង្សី ក៏ប្រើមធ្យោបាយច្រំដែលដូចគ្នា គឺ និរទេសខ្លួន ។

ទោះបីលោក សម រង្សី និង លោក កឹម សុខា ក្លាយជាក្បាលម៉ាស៊ីនគណបក្សប្រឆាំងដ៏ធំមួយទាំងមានអ្នកគាំទ្រប្រហាក់ប្រហែលនឹងគូប្រកួតរបស់ខ្លួនក៏ដោយ ក៏លោក សម រង្សី នៅតែប្រើមធ្យោបាយច្រំដែល ។

នយោបាយច្រំដែលរបស់លោក សម រង្សី នៅពេលនេះធ្វើឲ្យខាតបង់ ៣ ចំណុច គឺ

១.ខាតបង់ទំនុកចិត្តពីអ្នកគាំទ្រ

២.ខាតបង់ទំនុកចិត្តពីក្រុមបញ្ញវន្ត

៣.ខាតបង់ក្បាលម៉ាស៊ីនបក្ស

បណ្តាកំហាតបង់ទាំង ៣ ប្រការ កំហាតបង់ក្បាលម៉ាស៊ីនបក្សសំខាន់ជាងគេ ទាំងគូប្រកួតក៏វាយលុកត្រង់ចំណុចទី ៣ នេះឯង ត្រូវនឹងក្បួនយុទ្ធសាស្រ្តថា វាយពស់ ឲ្យវាយត្រង់ក្បាល ចាប់ចោរ ឲ្យចាប់មេ

លោក សម រង្សី ត្រូវគូប្រកួតបំបែកចេញពី លោក កឹម សុខា បានយ៉ាងជោគជ័យ ។

ហេតុនោះ ការនិរទេសខ្លួនរបស់លោក សម រង្សី គឺជាការដើរស្របនឹងក្បួនយុទ្ធសាស្រ្តរបស់គូប្រកួត  ការដើរនយោបាយស្របនឹងគូប្រកួតនេះឯង គឺ ការបរាជ័យទោះបីរយៈខ្លី  ឬ វែងក៏ដោយ ។

ចម្ងល់មួយដែលបន្សល់ទុកដល់ក្រុមបញ្ញវន្ត គឺ លោក សម រង្សី មានអភ័យឯកសិទ្ធិដូចលោក កឹម សុខា ដែរ ប៉ុន្តែហេតុអ្វីក៏គាត់នៅតែប្រើវិធីនិរទេសខ្លួនទៀត?

តាមពិតទៅ គូប្រកួតរបស់ខ្លួនដឹងច្បាស់ណាស់ថា គេមិនអាចលេងអ្វីនឹងលោក សម រង្សីបានទេនៅអាណត្តិនេះ ប៉ុន្តែគេនៅតែសាកល្បង ហើយក៏បានសម្រេចជោគជ័យដោយមិននឹកស្មានដល់ស្រដៀងនឹងការសាកល្បងមុនចូលសភានៅឆ្នាំ ២០១៣ ដែរ ។

ចំណុចនេះឯងគេនឹងបន្តលេងជាមួយនឹងលោក សម រង្សីទៀត ទោះបីលោក សម រង្សីជាអ្វីក៏ដោយ ។

ឧបមាថា លោក សម រង្សី ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តើលោកអ្នកជឿជាក់ទេថា លោក សម រង្សី នឹងសុខចិត្តស្លាប់រស់ជាមួយនឹងពលរដ្ឋខ្មែរ បើមានបញ្ហាដូចតទៅនេះ

១.ប្រទេសទិសខាងកើត ឬ ខាងលិចត្រៀមកម្លាំងយ៉ាងធំធេងត្រៀមវាយលុកកម្ពុជា ព្រោះមានបញ្ហាព្រំដែនជាមួយនឹងរដ្ឋាភិបាលថ្មី

២.មានកងកម្លាំងប្រឆាំងរដ្ឋាភិបាលលោក សម រង្សី កើតឡើងនៅតំបន់ណាមួយ

៣. មានការគំរាមកំហែងអាយុជីវិតលោក សម រង្សី ដោយក្រុមជនអនាមិក

៤.មានភេរវកម្មកើតឡើងនៅកណ្តាលទីក្រុងភ្នំពេញ ជាដើម

អ្វីទាំងអស់នេះគ្រាន់តែជាសេចក្តីសន្និដ្ឋានប៉ុណ្ណោះ ពុំមែនជាការពិតទេ ប៉ុន្តែអ្វីដែលត្រូវការឲ្យអ្នកគាំទ្រឆ្លើយ គឺ តើលោកអ្នកជឿលើជំហររបស់ លោក សម រង្សីដែលមានប្រវត្តិប្រើមធ្យោបាយនិរទេសខ្លួនឬទេ?

  • កម្លាំងចិត្តរបស់កូនទាហានអាស្រ័យលើមេទ័ព បើមេទ័ពរត់ចោលកូនទាហាន តើកូនទាហានបានកម្លាំងចិត្តតស៊ូមកពីណា?
  • កម្លាំងចិត្តរបស់អ្នកគាំទ្រអាស្រ័យលើជំហរក្បាលម៉ាស៊ីនបក្ស បើក្បាលម៉ាស៊ីនបក្សមានជំហរស្រពិចស្រពិល តើអ្នកគាំទ្របានកម្លាំងចិត្តមកពីណា?
  • កម្លាំងចិត្តរបស់កូនអាស្រ័យលើឪពុកម្តាយ បើឪពុកម្តាយប៉ោឡែ មិនចូលផ្ទះ ឬ មានបញ្ហាគ្រួសារ តើកូនបានកម្លាំងចិត្តមកពីណា?

តាមពិត សកម្មភាពរបស់លោក សម រង្សី និង លោក កឹម សុខា ដែលដើរចុះមូលដ្ឋានសព្វកន្លែងកន្លងមកនោះ គឺជាចំណុចខ្លាំងដែលគូប្រកួតភ័យខ្លាច និង តក់ស្លុត ហេតុនោះ គូប្រកួតទើបប្រើវិធីបំបែកក្បាលម៉ាស៊ីនចេញពីគ្នា ហើយក៏បានសម្រេចដូចបំណង ។

ការដែលកញ្ញា កឹម មនោវិទ្យាបញ្ចេញមតិរឿងការនិរទេសខ្លួនរបស់លោក សម រង្សីនោះគ្មានអ្វីដែលខុសឆ្គងទេ ព្រោះនាងមានចេតនាត្រូវការបង្រួបបង្រួមក្បាលម៉ាស៊ីនទាំង ២ ឲ្យជាប់គ្នាវិញ ដើម្បីក្លាយជាចំណុចខ្លាំងទប់ទល់នឹងគូប្រកួត ប៉ុន្តែដោយសារតែមនោសញ្ចេតនារបស់អ្នកគាំទ្រដែលមិនយល់គោលបំណងរបស់នាង ទើបធ្វើឲ្យកើតបញ្ហាប្រឆាំងគ្នាឯងឡើង ដែលទង្វើនេះដើរផ្ទុយនឹងគោលដៅរួមទាំងដើរចូលប្លង់របស់គូបដិបក្សដែលចង់បានថែមទៀត ។

សរុបសេចក្តីមក លោក សម រង្សីដើរស្របតាមគោលបំណងរបស់គូបដិបក្ស ប៉ុន្តែដើរផ្ទុយនឹងទឹកចិត្តអ្នកគាំទ្រ ទោះបីគាត់មានអភ័យឯកសិទ្ធិជាក្រោះការពារដូចលោក កឹម សុខា ទាំងមានអ្នកគាំទ្រច្រើនប្រហាក់ប្រហែលនឹងគូប្រកួតក៏ដោយ ចំណុចកែកុនរបស់ លោក សម រង្សី គឺ ភាពរឹងមាំ ពោលគឺ ពង្រឹងជំហរប្រឈមនឹងគូប្រកួតឲ្យបានដូចមុនពេលនិរទេសខ្លួន ទោះត្រូវសន្លប់លើសង្វៀនក៏ដោយ ពុំនោះទេ ជីវិតនយោបាយរបស់លោកបានត្រឹមតែជាអ្នកប្រឆាំងក្រៅសង្វៀនប៉ុណ្ណោះ ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ

loading…

361 total views, 12 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS