ដំណើរទស្សនាចរលើទឹកដីអាមេរិក

ការមកស្នាក់នៅប្រទេសសហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនាចរ សន្ទនាប្រាស្រ័យទំនាក់ទំនង ជាមួយនឹងប្រជាជនអាមេរិក និងជនបរទេសដែលមកទេសចរណ៍ក្នុងសហរដ្ឋអាមេរិក។

តាមទម្លាប់អ្នកទស្សនាចរ ចំបាច់ត្រូវពង្រីកពិភពលោក និងទស្សនវិស័យអោយបានទូលំទូលាយ ដោយការសន្ទនាប្រាស្រ័យ ស្គាល់គ្នាទៅវិញទៅមក ដើម្បីអោយដឹងថា ពួកគេមកពីណា? ធ្វើអ្វី? ចូលចិត្តអ្វីជាពិសេស? ។ សរុបសេចក្ដីមក គឺការចងសម្ព័ន្ធមិត្ត ក្នុងន័យបែងចែក រំលែកបទពិសោធ ទស្សនៈ គំនិត ជាមួយនឹងបរទេសហ្នឹងឯង ។

លទ្ធផលដែលទទួលបានពីការសន្ទនា គឺពួកគេ ហាក់ដូចជាមានមោទនៈចំពោះជាតិអាមេរិកខ្លំាងណាស់ ការមានមោទនភាពចំពោះជាតិនេះ គឺជាកត្តាសំខាន់ដែលនំាមកនូវសេចក្ដីស្រឡាញ់ជាតិ (ស្នេហាជាតិ)។ ធ្វើអោយខ្ញុំនឹកដល់សម័យ នៅវ័យកុមារ ចូលចិត្តមើលភាពយន្តជីពចរ (តុក្កតា) ជប៉ុន ដែលស្ដីអំពីកំពូលមនុស្ស ជាច្រើនរឿង សង្កេតឃើញឆាករបស់ប្រទេសជប៉ុន ពេលខ្លះ ត្រូវរងការវាយប្រហារពីមនុស្សពិភពផ្សេង ជួបគ្រោះភ័យផ្សេង ៗ ដែលមកវាយលុកប្រទេសជប៉ុនមុនគេបង្អស់ ហាក់បីដូចជាប្រទេសជប៉ុនជាមជ្ឈមណ្ឌល កណ្ដាលរបស់ពិភពលោកដូច្ឆោះ។

ផ្នត់គំនិតនេះ ត្រូវបានបន្តពូជ សាបព្រោះដល់ប្រជាជនជប៉ុន ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទុកដាស់ត្រឿន ក្រើនរំឭកស្មារតីអោយចងចំាថា “ប្រទេសជប៉ុនគឺជាកំពូលនៃពិភពលោក”។ តាមរយះភាពយន្តនេះ ក្រឡេកមកមើលសង្គមខ្មែរវិញ ជាពិសេស ក្រុមយុវជន ដែលជាអនាគតរបស់ជាតិ កំពុងឈ្លក់វង្វេង និយមវប្បធម៌បរទេស បន្លោកតម្លៃវប្បធម៌ជាតិខ្លួនឯង ។

ការទស្សនាចរគ្រាេនះ បានជួបជាមួយនឹងជនជាតិអាឡឺម៉ង់ម្នាក់ កំពុងជិះកង់តាមជើងភ្នំ ហើយក៏បាន សួរគាត់ថា

ធ្លាប់មកអាមេរិកប៉ុន្មានដងហើយ ?

គាត់ឆ្លើយថា ទើបតែម្ដងទេ ។

សួរគាត់បន្តទៀតថា យ៉ាងម៉េចដែរអាមេរិក ?

គាត់ឆ្លើយថា មិនចូលអាមេរិកាំងទេ។ ហេតុអ្វី ? គាត់ឆ្លើយថា ព្រោះអាមេរិកំាង ចូលចិត្តតំាងខ្លួនជាបងធំពិភពលោក ទៅណាមកណា ត្រូវអោយគេគោរព កោតក្រែងវា ទំាងខ្លួនវានោះ អាចគ្រាន់តែជាកម្មករលក់ពលកម្មប៉ុណ្ណោះ ។

ត្រង់ចំណុចនេះ ខ្ញុំសន្និដ្ឋានថា អាឡឺម៉ង់ក្ដី កូរ៉េក្ដី ជប៉ុនក្ដី គង់នឹងមានមោទនភាពចំពោះជាតិខ្លួនយ៉ាងនេះដូចគ្នាមិនខាន។ ប៉ុន្តែមកនឹកឆ្ងល់ថា ផ្នត់គំនិតបែបនេះ ហេតុអ្វីបានជាមិនមានចំពោះជនជាតិខ្មែរខ្លះផង ? ខ្ញូំគិតទៀតថា ព្រោះហេតុអ្វី បានជាខ្មែរស្រឡាញ់ជាតិតែនឹងម៉ាត់? ឪពុកម្ដាយ គ្រូ ឬលោកទេសនា បង្រៀន ប្រៀនប្រដៅ អប់រំ ទូន្មានមក អោយទន្ទេញចំាជាប់មាត់ថា “ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ” តែប៉ុណ្ណឹងទេឬ ?

ការឈរគោរពទង់ជាតិនៅតាមសាលារៀន ឬកន្លែងនានា ធ្វើអោយខ្ញុំគិតថា គ្រាន់តែធ្វើទៅតាមទម្លាប់និងការទន្ទេញចំាមាត់ប៉ុណ្ណោះ។ ការពិតណាស់កុមារ ៗ ក៏មិនដឹងថា ទង់ជាតិខ្មែរ មានអត្តសញ្ញាណជាខ្មែរយ៉ាងណាឡើយ តែក៏ឈរគោរពទង់ជាតិដោយមិនដឹងថា ស្រឡាញ់ជាតិយ៉ាងម៉េចថែមទៀត ទើបកងទ័ពខ្មែរក្លាយជាកម្មសិទ្ធិជនផ្ដាច់ការ។

ទោះជាយ៉ាងណាក៏ដោយ ការទន្ទេញរហូតដល់បែកពពុះមាត់ថា ស្នេហាជាតិ មោទនភាពជាតិ វាមានតែនៅក្នុងមាត់ខ្មែរប៉ុណ្ណោះទេ ផ្ទៃដីប្រទេសកម្ពុជា សូម្បីតែមួយមីលីម៉ែត្រ ក៏សុទ្ធសឹងតែបានមកដោយយកញើស ឈាម បូជាសាច់ស្រស់របស់បុព្វបុរសខ្មែរ ទើបយើងបានរស់នៅសព្វថ្ងៃនេះ ប៉ុន្តែយើងរាល់គ្នា មិនដែលជ្រោតជ្រាបហេតុការណ៍វីរភាព ការលះបង់របស់បុព្វបុរសទំាងនោះទេ ព្រោះវាកន្លងទៅរាប់រយពាន់ឆ្នាំហើយ គ្រាន់តែបានដឹងនិងទន្ទេញចំាតែនឹងមាត់ប៉ុណ្ណោះ ។ ផ្នែកការសិក្សាវិញ ភាសាខ្មែរដែលជាភាសាជាតិ ក្លាយជាភាសាព្រងើយ មិនសូវមានអ្នកចាប់អារម្មណ៍ទេ កូនមន្រ្តីធំៗ អ្នកមានលុយ ត្រូវបញ្ជូនកូនអោយទៅសិក្សានៅសាលាអន្តរជាតិ រៀនភាសាអង់គ្លេស ភាសាចិន កូរ៉េ ឬបញ្ជូនទៅរៀននៅឯបរទេស លុះដល់ចប់មកហើយនិយាយខ្មែរមិនច្បាស់ សរសេរភាសាជាតិវិបត្តិ ខុស ៗ ត្រូវ ៗ ទើបចាត់ថា ជាអ្នកពូកែ។ កូនអ្នកនយោបាយទំាងឡាយ សូម្បីតែកូន សម រង្សីុ, កឹម សុខា ដែលតែងអះអាងថា ខ្លួនស្នេហាជាតិនោះ សុទ្ធសឹងតែមានរសនិយមបរទេស មិនត្រឹមតែសិក្សាយកចំណេះដឹងប៉ុណ្ណោះទេ ថែមទំាងយកជនបរទេស ដើម្បីបង្កាត់ពូជបរទេស កាត់បន្ថយជាតិខ្មែរថែមទៀតផង។ ការលើកយកចំណុចនេះ មកនិយាយ មិនមែនព្រួយបារម្ភនឹងរឿងអ្វីផ្សេង ក្រៅពីក្រែងជាតិខ្មែរនឹងផុតពូជឆាប់ ៗ ឡើយ ។

សួរថា តើនៅមានអ្វីខ្លះដែលជាទីមោទនភាពជាតិខ្មែរ ដែលយើងជាខ្មែរហ៊ានហែកទ្រូង ប្រកាសអោយពិភពលោកដឹងថា “ខ្ញុំគឺជាខ្មែរ” មិនមែនមោទនភាពនឹងលាបសក់ក្រហម

ស្លៀកពាក់ខើចលើ ខើចក្រោម ចោះត្រចៀក ចោះច្រមុះ បណ្ដើរប្រុសបរទេសនោះទេ។

សព្វថ្ងៃនេះ ខ្មែរវង្វេងពិភពនៃសេចក្ដីពិត ដែលនឹងនំាគ្រោះថ្នាក់ដល់ប្រទេសជាតិដោយ ចៀសមិនផុតពីប្រវត្តិសាស្ត្រ និងការឈឺចាប់ដដែល ៗ ហើយគ្មានថ្ងៃបញ្ចប់បានទេ ដរាបណាខ្មែរ មិនយល់ដឹងអំពីសម្ពន្ធភាពរវាងជាតិ សាសនា ព្រះមហាក្សត្រ ដែលជាស្ថាបន័កំពូល កើតបរិគណ្ហិតារម្មណ៍ក្នុងសន្តាន ស្រឡាញ់ ហួងហែង ការពារ ហ៊ានគិត ហ៊ានធ្វើ ហ៊ានដឹកនំា និងទទួលខុសត្រូវ ដើម្បីតបស្នងសងគុណមាតុប្រទេសរបស់ខ្លួន រហូតដល់អវសាននៃជីវិតទេ សង្គមខ្មែរក៏នឹងនៅតែជាអាយ៉ងបរទេស ត្រូវបរទេសដឹកច្រម៉ុះ ពង្វក់ក្បាល បង្វិលគំនិត អោយឈ្លក់វង្វេងស្មារតីមិនស្គាល់អ្វីដែលជាមោទនភាពជាតិពិតប្រាកដឡើយ៕

mahaophat01

 

ដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.