តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ? 2

khmer_monk

ព្រះសង្ឃដែលស្ថិតនៅក្នុងព្រះធម្មវិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏បំពេញមុខងាររបស់ខ្លួនដូចយ៉ាងមនុស្សទូទៅដែរ ពោលគឺ ត្រូវសិក្សារៀនសូធ្យពុទ្ធវចនៈ វិជ្ជាផ្លូវលោក និងជំនាញផ្សេង ៗតាមតែឱកាស និងប្រព្រឹត្តបដិបត្តិខ្លួនក្នុងសម្មាបដិបត្តិ ព្រមទាំងបង្រៀនប្រជាជនឲ្យតាំងនៅក្នុងផ្លូវត្រូវនិងផ្លូវល្អតាមចេតនារម្មណ៍ដែលសង្គមត្រូវការ ។

នៅក្នុងសង្គម មនុស្សតែងធ្វើការងារផ្សេង ៗគ្នាទៅតាមជំនាញរៀង ៗ ខ្លួន កាលបើនិយាយដល់អ្នកធ្វើការងារ ត្រូវបែងចែកជា ៣ ប្រភេទ គឺ

  1. អ្នកធ្វើការងារដោយប្រើកម្លាំងកាយ (skilled or unskilled labor)
  2. អ្នកធ្វើការងារដោយប្រើខួរក្បាល(Mental labor)
  3. អ្នកធ្វើការងារដោយទទួលខុសត្រូវ(Responsible labor)

ការងារទាំង ៣ យ៉ាងខាងលើ ព្រះសង្ឃអាចធ្វើបានគ្រប់យ៉ាង ទោះប្រើកម្លាំងកាយ ខួរក្បាល ឬ ទទួលខុសត្រូវក៏ដោយ ព្រះសង្ឃអាចធ្វើបានទាំងអស់ ព្រះសង្ឃក្នុងជនបទក្រៅពីកិច្ចការរៀនសូធ្យ ត្រូវសាងកុដិ សាលា  វិហារ ឬ ជួនកាលត្រូវធ្វើជាជាងឈើ ជាងចម្លាក់ដោយខ្លួនឯង ឬជួនកាលត្រូវជីកប្រឡាយ ជីកស្រះសម្រាប់ស្តុកទឹកប្រើប្រាស់ថែមទៀត ។

ទោះបីជាយ៉ាងនោះក៏ដោយ ក៏នៅតែមានពាក្យចោទប្រកាន់ទៀតថា ការសិក្សារៀនសូធ្យក្តី ការបដិបត្តិក្តីរបស់ព្រះសង្ឃចាត់ជារឿងផ្ទាល់ខ្លួន មិនបានធ្វើឲ្យសង្គមប្រសើរឡើងនោះទេ ទាំងចោទប្រកាន់ទៀតថា ការដែលព្រះសង្ឃអាចបង្រៀនប្រជាជន បាននោះក៏មានត្រឹមតែព្រះសង្ឃតិចតួចប៉ុណ្ណោះដែលអាចបង្រៀនប្រជាជនបាន ក្រៅពីនោះមិនអាចបង្រៀនបានទេ មានតែកឹបកេងផលប្រយោជន៍ដែលព្រះសង្ឃដទៃបានធ្វើ ចាត់ជាបញ្ញើក្អែករបស់ព្រះសង្ឃដែលធ្វើការងារមួយជាន់ទៀត ។

khmer_monks

loading…

ត្រង់ចំណុចនេះសូមបកស្រាយថា ការសិក្សារៀនសូធ្យរបស់ព្រះសង្ឃប្រៀបដូចជាការសិក្សារៀនសូធ្យរបស់សិស្ស និស្សិតទូទៅហ្នឹងឯង គឺ បើសម្លឹងមើលតែសម្បកក្រៅរាក់ ៗ មិនគិតគន់ឲ្យវែងឆ្ងាយ ហាក់នឹងឃើញថាជាប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែបើសម្លឹងមើលឲ្យស៊ីជម្រៅទៅនឹងឃើញថាជាប្រយោជន៍សង្គមផងដែរ ព្រោះការសិក្សាធ្វើឲ្យមនុស្សក្នុងសង្គមឆ្លាតឈ្លាសវៃ ភាពឆ្លាតឈ្លាសវៃធ្វើឲ្យមនុស្សក្នុងសង្គមមានសមត្ថភាពចំណេះជំនាញកើនឡើង ចំណេះជំនាញរបស់ប្រជាជនតែងបានជាប្រយោជន៍ដល់សង្គមជាតិ ប្រទេសជាតិដែលរីកចម្រើនជឿនលឿនក៏ព្រោះតែមានមនុស្សឆ្លាតឈ្លាសវៃដែលហៅថា ធនធានមនុស្សច្រើនហ្នឹងឯង  ម្យ៉ាងវិញទៀត ការសិក្សារៀនសូធ្យរបស់ព្រះសង្ឃប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ក្សេមក្សាន្ត ការប្រព្រឹត្តបដិបត្តិរបស់ ព្រះសង្ឃក៏ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់សុខសាន្តរបស់ខ្លួននិងមហាជន សេចក្តីស្ងប់សុខសាន្តនេះឯងតែងជាទីត្រូវការរបស់សង្គម តើសង្គមណាខ្លះដែលមិនត្រូវការសេចក្តីស្ងប់សុខសាន្តនោះ? ហេតុនោះ សេចក្តីស្ងប់សុខសាន្តពេញជាតម្រូវការរបស់សង្គមនិងប្រទេសជាតិយ៉ាងពិតប្រាកដ មួយវិញសោត ចំណេះជំនាញកាលបើត្រូវគ្រប់គ្រងដោយការបដិបត្តិត្រឹមត្រូវ ឬ ដោយសីលធម៌ហើយតែងសាងប្រយោជន៍យ៉ាងធំធេងដល់មហាជន ព្រះសង្ឃដែលមានចំណេះចេះដឹងបានល្អ និង មានសមត្ថភាពល្អបានយកចំណេះជំនាញទាំងនោះទៅប្រើក្នុងសង្គម សង្គមជាតិបានអាស្រ័យព្រះសង្ឃទាំងនោះយ៉ាងច្រើនហួសវិស័យនឹងគណនា ។

maha_thong

ត្រង់ចំណុចថា មានតែព្រះសង្ឃតិចតួចប៉ុណ្ណោះដែលអាចបង្រៀនប្រជាជនបាន ភាគច្រើនមិនអាចបង្រៀនឬទេសនាបានទេ គួរតែរក្សាទុកចំពោះតែព្រះសង្ឃដែលអាចបង្រៀនប្រជាជនបានប៉ុណ្ណោះ ក្រៅពីនេះមិនចាំបាច់ទេ !

ត្រង់ចំណុចនេះសូមបកស្រាយប្រៀបប្រដូចទៅនឹងឈើក្នុងព្រៃ មានច្រើនពូជ ច្រើនប្រភេទ ឈើខ្លះចេញផ្កា ចេញផ្លែ ទុំហើយ រង់ចាំថ្ងៃរុះរោយទៅក៏មាន ឈើខ្លះកំពុងតែចេញផ្កា ចេញផ្លែក៏មាន ឈើខ្លះនៅជំទង់ នៅខ្ចីនឹងចេញផ្កា ចេញផ្លែ ឬ នឹងចោលម្លប់ត្រឈៃក្នុងកាលអនាគតក៏មាន អ្នកចម្ការដែលឆ្លាតឈ្លាសវៃតែងថ្នមរក្សាការពារឈើទាំងនោះទុក យ៉ាងណាមិញ ព្រះសង្ឃក្នុងព្រះពុទ្ធសាសនានេះក៏យ៉ាងនោះដែរ ព្រះសង្ឃខ្លះក៏បានបំពេញប្រយោជន៍ច្រើនហើយ អង្គខ្លះកំពុងតែបំពេញប្រយោជន៍ អង្គខ្លះទៀតកំពុងតែរៀនវិធីសាងប្រយោជន៍ និងត្រៀមខ្លួនទទួលភារកិច្ចបន្តវេនតទៅអនាគត ប្រជាជនដែលឆ្លាតឈ្លាសវៃតែងឧបត្ថម្ភជ្រោមជ្រែងដើម្បីជាប្រយោជន៍ដល់សង្គមជាតិតទៅ ។

226 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS