តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(4)

2016maha_04
ព្រះសង្ឃបានបំពេញប្រយោជន៍ដល់សង្គមយ៉ាងច្រើនហួសវិស័យនឹងគណនា ជាដំបូង យើងត្រូវទទួលស្គាល់ថា ប្រទេសកម្ពុជាជាប្រទេសមិនទាន់រីកចម្រើន ឬកំពុងតែរីកចម្រើន ប្រជានិករភាគច្រើនជាអ្នកស្រែអ្នកចម្ការដែលក្រីក្រ មិនអាចបញ្ជូនកូនចៅឲ្យទៅសិក្សារៀនសូធ្យក្នុងកម្រិតខ្ពស់បានទេ ព្រោះខ្វះ ធនទ្រព្យ សូម្បីតែមធ្យមសិក្សាក៏ឲ្យកូនចៅសិក្សាសឹងតែមិនបាន ក្មេងភាគច្រើនចប់ត្រឹមបឋមសិក្សាថ្នាក់ទី ៦ ហើយក៏ចេញទៅធ្វើស្រែធ្វើចម្ការចិញ្ចឹមជីវិត ដូចយ៉ាងបុព្វបុរសរបស់ខ្លួន ក្មេងខ្លះមានខួរក្បាល ល្អប៉ុន្តែខ្វះឱកាសទើបមិន អាចបន្តការសិក្សាបាន ធ្វើឲ្យខួរក្បាលនិងសមត្ថភាពរបស់គេមិនអាចលូត លាស់ទៅបាន គួរនាដូចជា ពេជ្រដែលកប់លិចក្នុងភក់ជ្រាំ ក្នុងចំណោមគ្រាប់ពេជ្រទាំងនោះ គ្រាប់ពេជ្រខ្លះបានអាស្រ័យព្រះសង្ឃយកទៅកែច្នៃឲ្យកើតពន្លឺភ្លឺត្រកាលឡើង សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ បើគ្មានព្រះសង្ឃជា ទីពឹងអាស្រ័យសិក្សារៀនសូធ្យទេ គង់នឹងស្ថិតក្នុងវាលស្រែឬចម្ការដូចយ៉ាង ក្មេងខ្សត់ឱកាសដទៃទៀត គង់នឹងមិនអាចមានសមត្ថភាពសរសេរអត្ថបទផ្សាយជូនដល់ក្រសែភ្នែកខ្មែរទូទាំងពិភពលោកនេះបានទេ ឃើញថា ស្ថាប័នសង្ឃបានជួយប្រស់ជីវិតថ្មីឲ្យដល់ស្មេរអ្នកសរសេរអត្ថបទនិងព្រះសង្ឃដទៃទៀតជាច្រើន ។
maha_thong

ការដែលស្ថាប័នសង្ឃបានជាទីអាស្រ័យសិក្សារៀនសូធ្យបានវែងឆ្ងាយនេះឯងតែងកើតជាគុណប្រយោជន៍ដល់សង្គមមនុស្សនិងប្រទេសជាតិ ។

ក្មេងខ្សត់ឱកាសខ្លះត្រូវបានព្រះសង្ឃយកមកបំបួសជាសាមណេរនិងបួសរហូតមួយជីវិតព្រោះស្រឡាញ់ផ្តេកផ្តិតក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់និងបំពេញប្រយោជន៍ដល់សង្គមជាតិយ៉ាងទូលំទូលាយតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលរួមទាំងមានតទៅអនាគតកាលទៀត  ។

ព្រះថេរៈដែលបំពេញប្រយោជន៍ដល់សង្គមជាតិភាគច្រើនចេញមកពីគ្រួសារទុរគត អ្នកខ្លះបួសបានមួយរយៈពេលហើយក៏លាសិក្ខចេញទៅ បានជាកម្លាំងយ៉ាងប្រសើរសម្រាប់ប្រទេសជាតិមានឧទាហរណ៍ឲ្យឃើញយ៉ាងច្រើនក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ។

khmer_samane
ក្រៅពីនេះនៅមានក្មេងខ្លះដែលត្រូវការសិក្សារៀនសូធ្យក្នុងកម្រិតខ្ពស់ឡើង ប៉ុន្តែខ្វះលំនៅអាស្រ័យសម្រាប់បន្តការសិក្សា អាណាព្យាបាលក៏នាំក្មេងទាំងនោះទៅផ្ញើទុកក្នុងវត្តក្រោមការមើលថែរបស់ព្រះសង្ឃ ព្រះសង្ឃក៏ទទួលឲ្យស្នាក់នៅក្នុងវត្តនិងជួយអប់រំប្រៀនប្រដៅឲ្យប្រព្រឹត្តខ្លួនក្នុងផ្លូវល្អ ស្គាល់បាបបុណ្យគុណទោស វត្តក្នុងក្រុងនិងខេត្តក្រៅតែងមានក្មេងវត្តស្នាក់អាស្រ័យនៅរៀនជាច្រើន ព្រះសង្ឃត្រូវទទួលបន្ទុកមើលថែក្មេងទាំងនោះ ព្រោះថាក្មេងទាំងនោះគឺជាអនាគតរបស់សង្គមជាតិ ឃើញថា ព្រះសង្ឃនិងស្ថាប័នព្រះពុទ្ធសាសនាបានជួយកសាងអនាគតបស់សង្គមជាតិយ៉ាងច្រើន ទាំងប្រទេសជាតិក៏បានទទួលធនធានមនុស្សដែលមានគុណភាពទាំងផ្នែកចំណេះដឹងនិងសីលធម៌ដោយដើមទុនតិចទៀតផង ។

buas2

loading…

ប្រការសំខាន់មួយទៀតគឺថា ព្រះសង្ឃជាធ្នាក់កណ្តាលរវាងអ្នកមាននិងអ្នកក្រ គម្លាតរវាងអ្នកមាននិងអ្នកក្រក្នុងសង្គមខ្មែរនៅមានឆ្ងាយណាស់ ព្រះសង្ឃនេះឯងបានទទួលយកទ្រព្យរបស់អ្នកមានមកឲ្យអ្នកក្រដោយផ្ទាល់ ដោយមិនធ្វើឲ្យអ្នកមានត្រូវក្តៅក្រហាយឡើយ អ្នកមានធ្វើដោយសេចក្តីស្ម័គ្រចិត្តប៉ុន្តែធ្វើតាមរយៈព្រះសង្ឃ ដូចជា អ្នកមានបរិច្ចាគទ្រព្យសាងកុដិ ឧបដ្ឋានសាលា វិហារ សេនាសនៈសង្ឃ  សាធារណស្ថានឲ្យដល់ព្រះពុទ្ធសាសនា អ្នកក្រក៏បានចូលទៅនៅអាស្រ័យ ដូចជា ក្មេងវត្តជាដើម ភិក្ខុសាមណេរដែលភាគច្រើនចេញមកពីត្រកូលក្រីក្រក៏បានចូលទៅស្នាក់អាស្រ័យសិក្សារៀនសូធ្យមុខវិជ្ជាតាមដែលខ្លួនពេញចិត្ត   នៅពេលអ្នកមានសាងអណ្តូងទឹកឬអាងស្តុកទឹកឧទ្ទិសចំពោះវត្តអារាម ក្មេងក្រីក្រក៏បានអាស្រ័យអណ្តូងឬអាងទឹកនោះបរិភោគ ព្រោះហេតុនេះ ព្រះសង្ឃទើបបានជាធ្នាក់កណ្តាលរវាងអ្នកមាននិងអ្នកក្រ ទទួលយកទ្រព្យរបស់អ្នកមានមកប្រគល់ឲ្យអ្នកក្រដោយផ្ទាល់ដោយវិធីសាស្រ្តឈ្លាសវៃបំផុត បើប្រៀបធៀបនឹងរថយន្ត ព្រះសង្ឃប្រៀបដូចជាស្នូលរថយន្តដែលប្រតោងកង់ទាំង ៤ ឲ្យវិលទៅមុខយ៉ាងរលូន វត្តអារាមទើបក្លាយទៅជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើនដល់សង្គមជាតិ ។

mahaphirum_pic_04
សម្លឹងមើលវត្ថុបុរាណ បុរាណស្ថាន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ សិល្បកម្មដែលលើកស្ទួយមុខមាត់របស់ប្រទេសជាតិ ភាគច្រើនជាវត្តអារាម ឬ សាសនស្ថានរហូតដល់ពិភពលោកខាងក្រៅទទួលស្គាល់ថា ប្រទេសកម្ពុជាគោរពកាន់ព្រះពុទ្ធសាសនានិងមានវត្តអារាមជាច្រើនទូទាំងប្រទេសដូចយ៉ាងប្រទេសដែលកាន់ព្រះពុទ្ធសាសនាដទៃទៀតដែរ ។

mahaphirum_tour10

សរុបសេចក្តីមកថា ព្រះសង្ឃនិងស្ថាប័នព្រះពុទ្ធសាសនាពិតជាមានគុណតម្លៃដល់ប្រជាជនខ្មែរ សង្គមខ្មែរ ហួសវិស័យនឹងពិពណ៌នា ព្រះសង្ឃពិតជាពុំមែនជាឈ្លើងឬបញ្ញើក្អែករបស់សង្គមជាតិឡើយ ព្រះសង្ឃជួយបំពេញប្រយោជន៍ដល់សង្គមជាតិយ៉ាងច្រើនអនេក ទាំងជាអ្នកលះបង់យ៉ាងខ្ពង់ខ្ពស់ អ្នកដែលធ្លាប់បួសរៀនក្នុងសម្នាក់ព្រះពុទ្ធសាសនាប៉ុណ្ណោះទើបដឹងថា ព្រះសង្ឃត្រូវត្រដរតស៊ូអត់ធ្មត់និងលះបង់ប៉ុនណាដើម្បីព្រះពុទ្ធសាសនានិងសង្គមជាតិ ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

866 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS