តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(1)

2

ព្រះសង្ឃជាធាតុផ្សំមួយក្នុងចំណោមធាតុផ្សំ ៣ គឺ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ហៅដោយរួមថា ព្រះរតនត្រ័យ មានតែព្រះពុទ្ធ ព្រះធម៌ដោយខ្វះព្រះសង្ឃមិនចាត់ទុកថាជាព្រះរតនត្រ័យ ។ ព្រះសង្ឃគឺជាក្រុមអ្នកបួសតាមពុទ្ធានុញ្ញាត សិក្សានិងបដិបត្តិធម៌តាមសមគួរដល់ឧបនិស្ស័យរៀង ៗខ្លួន ចាត់ជាសមាគមអ្នកឃើញភ័យក្នុងសង្សារវដ្ត ក្រុមអ្នកបួសទាំងនេះត្រូវបានគេចោទប្រកាន់ដោយបទចោទប្រការផ្សេង ៗតាមតែគំនិតយល់ឃើញរបស់គេ ជាពិសេសបទចោទប្រកាន់ត្រង់ចំណុចជីវភាពរស់នៅរបស់ព្រះសង្ឃហ្នឹងឯង ពោលគឺ ព្រះសង្ឃត្រូវបានគេចោទប្រកាន់យ៉ាងពេញក្រអូមមាត់ថាជាឈ្លើងឬបញ្ញើក្អែកសង្គម ព្រោះគេសំអាងហេតុផលថា ព្រះសង្ឃមិនបានជួយផលិតបច្ច័យ ៤ ឲ្យដល់សង្គមជាតិទេ មានតែបរិភោគបច្ច័យ ៤ របស់សង្គមជាតិឲ្យអស់ទៅ ព្រោះតែចាត់ទុកព្រះសង្ឃជាឈ្លើងសង្គម(Social Parasite)នេះឯង ប្រទេសកម្ពុជាទើបជួបវិបត្តិព្រះពុទ្ធសាសនាក្នុងសម័យខ្មែរក្រហម ពោលគឺ ព្រះសង្ឃទាំងអស់ត្រូវបានរបបអាវខ្មៅបង្ខំឲ្យលាសិក្ខមកធ្វើការងារជួយសង្គមផលិតបច្ច័យ ៤ ប៉ុន្តែគោលគំនិតទាំងនេះបានបំផ្លាញចោលទាំងស្រុងនូវស្ថាប័នព្រះពុទ្ធសាសនាដែលចាក់ឫសយ៉ាងជ្រៅក្នុងប្រទេសកម្ពុជាតាំងពីពុទ្ធសតវត្សទី ៣ មកទាំងបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ដោយការមិនយល់ជាក់ក្នុងស្ថាប័នព្រះពុទ្ធសាសនា ។

 

សេចក្តីស្រមើស្រមៃរបស់ម្ចាស់មនោគមវិជ្ជានៃរបបសង្គមសមូហភាពមួយត្រូវរលំរលាយទៅមួយអន្លើដោយគំនរសាកសពមនុស្សរាប់លាននាក់ ។

ចំណុចចោទប្រកាន់ថា ព្រះសង្ឃមិនបានជួយផលិតអ្វីឲ្យដល់សង្គម មានតែបរិភោគបច្ច័យរបស់សង្គមឲ្យអស់ទៅនោះ ឆ្លើយថា តាមគោលការណ៍សេដ្ឋកិច្ច  ការផលិតមាន ២ យ៉ាង គឺ ការផលិតដោយផ្ទាល់(direct production) និង ការផលិតដោយប្រយោល(indirect production) ការផលិតដោយផ្ទាល់ ដូចជា ក្សេត្រករផលិតស្រូវ អ្នកចម្ការផលិតផ្លែឈើជាដើម ផលិតផលរបស់អ្នកស្រែឬអ្នកចម្ការនេះ ហៅថា គ្រឿងបរិភោគ ចំណែកខាងគ្រឿងឧបភោគ ដូចជា ចាន ឆ្នាំង ឬ ឧបករណ៍ប្រើប្រាសឹ់ផ្សេង ៗ ត្រូវបានពួកឧស្សាហករក្នុងរោងចក្រ សហគ្រាស ឧស្សាហកម្មតូចខ្លះធំខ្លះជួយគ្នាផលិតឡើង។

សូធ្យមន្ត
សូធ្យមន្ត
loading…

សង្កេតឃើញថានៅមានក្រុមមនុស្សជាច្រើនទៀតដែលមិនបានជួយផលិតគ្រឿងឧបភោគបរិភោគអ្វីទេ ដូចជា គ្រូបង្រៀន ប៉ូលិស ទាហាន មន្រ្តីរាជការគ្រប់ក្រសួងមន្ទីរ និយាយឲ្យខ្លី គឺ ក្រៅពីកសិករ អ្នកចម្ការ ឧស្សាហករ ជាងសំណង់ និងជាងបច្ចេកទេស នៅមានក្រុមមនុស្សជាច្រើនទៀតដែលមិនបានផលិតអ្វីដោយផ្ទាល់ឲ្យដល់សង្គមទេ បើចោទប្រកាន់ព្រះសង្ឃថាជាឈ្លើងសង្គមព្រោះហេតុតែមិនបានជួយផលិតគ្រឿងឧបភោគបរិភោគនោះ ពួកមន្រ្តីរាជការ ប៉ូលិស ទាហាន គ្រូបង្រៀន សិស្សានុសិស្ស ឈ្មួញ ដង្ខៅ អាជីវករទាំងឡាយនឹងមិនក្លាយទៅជាឈ្លើងរបស់សង្គមអស់ទេឬ? ប៉ុន្តែយើងត្រូវទទួលស្គាល់ថា មនុស្សទាំងអម្បាលនោះជាទីត្រូវការរបស់សង្គមដោយមិនអាចខ្វះបាន ។

សូធ្យមន្ត
សូធ្យមន្ត

ទោះបីមនុស្សទាំងនោះមិនបានផលិតដោយផ្ទាល់ក៏មែនពិត ក៏ប៉ុន្តែអ្នកទាំងនោះក៏បានបំពេញមុខងាររបស់ខ្លួន ៗតាមឋានៈរៀង ៗខ្លួន ចាត់ទុកថាជាអ្នកជួយផលិតដោយប្រយោល គឺ ជួយឲ្យផលិតកម្មដោយផ្ទាល់បានទទួលទិន្នផលតាមវត្ថុបំណង ពោលគឺ ជួយផលិតករដោយផ្ទាល់បានចែកចាយផលិតផលរបស់ខ្លួនឲ្យខ្ជរខ្ចាយចេញទៅ ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

206 total views, 2 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS