ត្រូវការហិង្សវិធី ឬ សន្តិវិធី?

crackdown02

អាវុធយុទ្ធោបករណ៍មានដើម្បីច្បាំងតតាំងនឹងបច្ចាមិត្រ ការពារជាតិមិនឲ្យអ្នកណារុករានទន្រ្ទានចូល និង បង្ក្រាបភេរវជន មិនមែនមានដើម្បីហាត់ពត់លត់ដំខ្លួនឡើយ

ការដែលនឹងហ្វឹកហាត់ពលរដ្ឋឲ្យជាមនុស្សល្អមានគុណធម៌ មិនចាំបាច់ត្រូវប្រើអាវុធយុទ្ធោបករណ៍ណាៗឡើយ ហើយក៏មិនត្រូវប្រើអាវុធមកសម្លុតគំរាមគំហែងឲ្យបាក់បបខ្លប ខ្លាចនោះទេ ពុំនោះសោតទេច្បាស់ជានឹងមានការក្រោកប្រឆាំងតតាំងបកវិញមិនខាន ពីព្រោះសេចក្តីខ្លបខ្លាច បើឈានដល់កម្រិតហើយ ក៏អាចនឹងក្លាយទៅជាសេចក្តីក្លៀវក្លាវិញ កាន់តែប្រើហិង្សវិធី ក៏កាន់តែធ្វើឲ្យមនុស្សខ្វះអំណត់អត់ធ្មត់ច្រើន ឡើង ការដែលនឹងហ្វឹកហាត់មនុស្សឲ្យសុភាពរាបសាទន់ភ្លន់ គួរហ្វឹកហាត់ដោយចិត្ត ។
ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ស្តេចយាងទៅប្រោសអង្គុលីមាល៍ឲ្យក្រឡាស់ចិត្ត ឈប់សម្លាប់ប្រជាជនតទៅ ទៀត ទាំងទ្រង់បានបំបួសឲ្យជាភិក្ខុក្នុងពុទ្ធសាសនាហើយ ក៏ទ្រង់អនុញ្ញាតឲ្យ លោកមក គង់នៅឯវត្តជេតវ័ន ក្បែរទីក្រុងសាវត្ថី ព្រះបាទបសេនទិកោសលទ្រង់ជ្រាបពត៌មានថា អង្គុលីមាល៍ជាចោរសាហាវឃោរឃៅ មាន បាតដៃប្រឡាក់ឈាម សម្លាប់មនុស្សកាត់យកម្រាមដៃមកក្រងជាកម្រងផ្កាប្រហកពាក់ក ទើបទ្រង់កែនកងទ័ព ព្រមទាំងក្បួនសេះប្រមាណជា 500 ក្បាលចេញទៅបង្ក្រាប មុនពេលស្តេចយាងចេញទៅបង្ក្រាប ក៏ទ្រង់ឈាង ចូលទៅគាល់ព្រះដ៏មានព្រះភាគជាម្ចាស់ឯវត្តជេតវ័ន លុះទ្រង់ថ្វាយបង្គំ ប្រថាប់គង់ត្រង់កន្លែងសមរម្យហើយ ក៏ក្រាបទូលឲ្យព្រះអង្គបានជ្រាបថា ស្តេចនឹងយាងទៅបង្ក្រាបអង្គុលីមាល៍

ព្រះដ៏មានព្រះភាគជាម្ចាស់ទើបត្រាស់សួរថា “បពិត្រមហារាជ ! បើព្រះអង្គជួបអង្គុលីមាល៍ចម្រើនព្រះកេសា បួសជាបព្វជិត ស្លៀកដណ្តប់សំពត់កាសាវពស្រ្តរៀបរយ វៀរបង់ការសម្លាប់សត្វ លួចទ្រព្យ និយាយកុហក ឆាន់អាហារមួយពេល ប្រព្រឹត្តព្រហ្មចារ្យ មានសីលមាន កល្យាណធម៌ ចុះព្រះអង្គនឹងធ្វើយ៉ាងណាចំពោះ លោក?”
“បពិត្រព្រះអង្គទ្រង់ចម្រើន ! ខ្ញុំព្រះអង្គនឹងថ្វាយបង្គំ ក្រោកទទួល និមន្តឲ្យគង់ ប្រគេនលោកដោយចីវរ បិណ្ឌបាត សេនាសនៈ និង គិលានភេសជ្ជបច្ចយបរិក្ខារ ឬ ផ្តល់ការការពារតាមផ្លូវច្បាប់ ប៉ុន្តែចោរអង្គុលីមាល៍ នោះជាចោរសាហាវឃោរឃៅ មិនអាចទៅរួចឡើយដែលចោរមកសង្រួមដោយសីលយ៉ាងនេះ ” ព្រះបាទបសេនទិកោសលទូល ។
ព្រះដ៏មានព្រះភាគទ្រង់លើកព្រះហស្ថស្តាំឡើងចង្អុលទៅព្រះអង្គុលីមាល៍ដែលគង់នៅមិនឆ្ងាយពីព្រះអង្គ ត្រាស់ប្រាប់ព្រះបាទបសេនទិកោសលថា “បពិត្រមហារាជ ! នុះឯង គឺ អង្គុលីមាល៍ ”
ភ្លាមនោះ ព្រះបាទបសេនទិកោសលទ្រង់ស្លន់ស្លុតព្រះទ័យភ័យខ្លាចជាខ្លាំង ព្រះលោមជាតិព្រឺព្រួច(បះរោម) ព្រះដ៏មានព្រះភាគទ្រង់ជ្រាបថាព្រះបាទបសេនទិកោសលទ្រង់ភ័យខ្លាច ទើបត្រាស់សម្រួលថា “កុំខ្លាចឡើយ មហាបពិត្រ អង្គុលីមាល៍នេះមិនមានគ្រោះថ្នាក់ចំពោះព្រះអង្គទេ ” ព្រះបាទបសេនទិកោសលទ្រង់រម្ងាប់កម្លាច បានហើយទើបយាងចូលទៅសួរព្រះអង្គុលីមាល៍ថា “ព្រះគុណម្ចាស់ឈ្មោះអង្គុលីមាល៍ មែនទេ?””មែន មហាបពិត្រ ” ព្រះអង្គុលីមាល៍ថ្វាយព្រះពរ(និយាយ) ។
ព្រះបាទបសេនទិកោសលទ្រង់បែរមកក្រាបទូលព្រះដ៏មានព្រះភាគជាម្ចាស់ថា “ព្រះអង្គទ្រង់ចម្រើន ! ពិតជាអស្ចារ្យមែន មិនដែលមានសោះ ព្រះដ៏មានព្រះភាគទ្រង់ហ្វឹកហាត់បុគ្គលដែលគ្មាននរណាហ្វឹកហាត់ បាន ទ្រង់បង្ក្រាបបុគ្គលដែលគ្មាននរណាបង្ក្រាបបាន ទ្រង់កែប្រែបុគ្គលដែលគ្មាននរណាកែប្រែបាន ទោះបីខ្ញុំព្រះអង្គមានសស្ត្រាវុធយុទ្ធោបករណ៍គ្រប់បែបយ៉ាង ក៏មិនអាចហ្វឹកហាត់អ្នកណាមួយបាន ប៉ុន្តែព្រះដ៏មានព្រះភាគទ្រង់មិនមានសស្ត្រាវុធណាមួយឡើយ ត្រឡប់ជាហ្វឹកហាត់មនុស្សបាន”
ការធ្វើឲ្យមនុស្សទទួលស្គាល់ និង គោរពបូជា ចាំបាច់ឬ?ក្នុងការប្រើហិង្សវិធី
ក្នុងកំឡុងពេលកន្លងមក មានការកាប់សម្លាប់គ្នាខាងសាសនា គ្រាន់តែព្រោះបុគ្គលនោះបដិសេធពាក្យប្រៀន ប្រដៅ មានគំហើញផ្សេងពីខ្លួន សម្លុតគំរាមគំហែងគេឲ្យទទួលស្គាល់ និង គោរពបូជាដោយសស្ត្រាវុធ បើទទឹងទាស់មិនទទួលស្គាល់ទេ ក៏ត្រូវតែសំឡេះជីវិតចោល ដោយសេចក្តីភ័យខ្លាចពីមរណភ័យ គេទើបបង្ខំ ចិត្តទទួលស្គាល់ សាសនាដែលលូនចូលមកទាំងចុងកាណុងឲ្យសម្លាប់បាន បើបដិសេធ ឬ ចេញក្រៅរង្វង់ បែបនេះ សមគួរនឹងហៅថា “សាសនា”ឬទេ? ម្យ៉ាងទៀតថា ជ័យជម្នះដែលបានមកដោយការសំឡេះ សម្លាប់ជីវិតអ្នកដទៃ ឈ្មោះថាជា ជ័យជម្នះនៃហិង្សវិធី សាសនាជារឿងរបស់ចិត្តវិញ្ញាណ គេព្រម ប្រគល់កាយ ប៉ុន្តែមិនព្រមប្រគល់ដូងចិត្តឲ្យឡើយ តើសាសនាបែបនេះស្អាតស្អំទេ?
មិនធ្លាប់មានសង្គ្រាមក្នុងនាមនៃព្រះពុទ្ធសាសនាឡើយ ពីព្រោះប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាបានចារឹកទុកថា ព្រះបរមសាស្តាទ្រង់ចរយាត្រាដោយមេត្តាករុណា ទ្រង់តាំងនៅក្នុងអហិង្សធម៌ជាដរាប ទ្រង់សម្តែងធម៌នាំសន្តិភាពជូនដល់ប្រជាជន ឲ្យប្រជាជនទទួលស្គាល់ និង គោរពបូជាដោយសេចក្តីពេញចិត្ត មានសទ្ធាជ្រះថ្លា ដោយបញ្ញា មិនធ្លាប់ប្រើសស្ត្រាវុធសម្លុតគំរាមគំហែងឡើយ សូម្បីពុទ្ធសាវ័កក៏បដិបត្តិតាមបែបយ៉ាងរបស់ ព្រះបរមគ្រូយ៉ាងប្រុងប្រយ័ត្នដោយតាំងនៅក្រោមម្លប់នៃព្រះធម៌ ស្ងប់ស្ងៀម ស្រគត់ស្រគំ ហេតុដូច្នេះបានជា
មិនមានអំពើព្រៃផ្សៃ ឬ សង្គ្រាមក្នុងនាមនៃព្រះពុទ្ធសាសនា ។
គោលបំណងរបស់មនុស្សមានតែមួយ គឺ សន្តិភាព តើត្រូវចាប់ផ្តើមត្រង់ចំណុចណា? ត្រូវចាប់ផ្តើម ត្រង់មនុស្សធម៌ ឬ ហិង្សធម៌? បើចាប់ផ្តើមត្រង់ហិង្សធម៌ នឹងបញ្ចប់ទៅដោយសន្តិភាពមិនបានឡើយ ចុះពាក្យថា សន្តិវិធី មានដើម្បីអ្វី? មានដើម្បីចរចារម្ងាប់ហិង្សា ឬ បង្កហិង្សា?

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.