ទ័ពខ្មែរ ១ ម៉ឺនជួយសៀមវាយលាវ

khmer_people_killed_royal_servant

លុះខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ច.ស.១១៤០ ម.ស.១៧០០ ព.ស.២៣២២ គ.ស.១៧៧៨ ចៅពញាសុរសីហ៍វិស្ណ្វាធិរាជលើកកងទ័ពធនបុរីចេញទៅ ១ ម៉ឺននាក់ ដល់ក្រុងបន្ទាយពេជ្រ  ក៏ជូនដំណឹងដល់សម្តេចព្រះរាមរាជាថា នឹងឡើងទៅវាយប្រហារក្រុងលាវតាមដងទន្លេមេគង្គរហូតដល់ក្រុងវៀងច័ន្ទ ស្នើសុំរេហ៍ពល ១ ម៉ឺនព្រមទាំងស្បៀងអាហារផង ។

សម្តេចព្រះរាមរាជាត្រាស់ឲ្យកេណ្ឌប្រជាជនក្រុងកំពង់ស្វាយ ក្រុងស្រីសន្ធរ ក្រុងត្បូងឃ្មុំ ប្រមូលបាន ១ ម៉ឺននាក់ ចៅពញាសុរសីហ៍វិស្ណ្វាធិរាជលើកកងទ័ពជើងទឹកទៅខាងក្រុងទន្លេធំ ដល់ក្រុងសំបុកសម្បូរណ៍ ។

ចំណែកខាងសម្តេចព្រះរាមរាជាត្រាស់ឲ្យព្រះពញាព្រះឃ្លាំង ឈ្មោះ ធំ ទៅតាំងកងកិនស្រូវ បញ្ជូនទៅឲ្យកងទ័ពឯក្រុងកំពង់ធំ ក្រុងកំពង់ស្វាយ វាយដំបង្ខំឲ្យប្រជាជនប្រុសស្រីកិនស្រូវ អ្នកខ្លះប្តីទៅធ្វើទាហាន ប្រពន្ធត្រូវកិនស្រូវ ប្រជារាស្រ្តបានទទួលទុក្ខក្តៅក្រហាយយ៉ាងខ្លាំង ទាហានខ្មែរដែលបានទទួលដំណឹងនោះក៏រត់គេចមករកគ្រួសារជាច្រើន ។

សម្តេចព្រះរាមរាជាទ្រង់ជ្រាបថា ទាហានខ្មែរគេចទ័ពត្រឡប់មកវិញ ក៏តាំងឲ្យរាជបាលតាមចាប់អ្នកទាំងនោះមកដាក់ទោស  ។

ប្រជារាស្រ្តព្រួតដៃគ្នាឡោមចាប់រាជបាលនិងពញាព្រះឃ្លាំងសម្លាប់ចោល ហើយសម្តេចព្រះរាមរាជាត្រាស់ឲ្យនាំខ្លួនពញាតេជោ ទែន ពញាសែនទងហ្វា ពាង ពញាមន្រ្តីស្នេហា សោ ដែលគេចទ័ពនោះមកក្រុងបន្ទាយពេជ្រ បញ្ជាឲ្យសម្លាប់ពញាមន្រ្តីស្នេហាចោល ប៉ុន្តែពញាសែនទងហ្វាជាប្អូនពញាតេជោនោះ ត្រាស់ឲ្យសំពង ៥០ រំពាត់ ដកហូតយសទីព្រះពញាតេជោ ហើយបញ្ជូនឲ្យត្រឡប់ទៅនៅក្រុងកំពង់ស្វាយវិញ ។

548 total views, 15 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS