ធ្វើចិត្តឲ្យស្រួលទទួលពាក្យរិះគន់

blame1

បុថុជ្ជនអ្នកនៅមានកិលេសតែងតែមានអសុក្រិតភាពជាច្រើនដែលត្រូវកែតម្រូវ ប៉ុន្តែថានឹងមើលឃើញ អសុក្រិតភាពនោះឬក៏អត់ សុខចិត្តកែតម្រូវឬទេ ប៉ុន្តែមនុស្សភាគច្រើនច្រើនតែកាន់ជើងខ្លួនឯង អ្វីដែលខ្លួនធ្វើ យល់ថា សុទ្ធតែល្អទាំងអស់ មិនឃើញមានអសុក្រិតភាពណាមួយទេ ហើយក៏មិនចាំបាច់ឲ្យមានអ្នកណាមក ចង្អុលប្រាប់ដែរ បើមើលមិនឃើញអសុក្រិតភាពរបស់ខ្លួនទេ ក៏គួរតែបើកឱកាសឲ្យអ្នកដទៃជួយចង្អុលប្រាប់ ការបើកបេះដូងឲ្យទូលាយដើម្បីឲ្យអ្នកដទៃដាស់តឿនក្នុងកាលៈទេសៈខ្លះ ការទទួលស្តាប់ពាក្យដាស់តឿនទាំង នោះក្នុងករណីខ្លះ ឃើញថាមានផលល្អច្រើនជាងផលអាក្រក់ សំខាន់នៅត្រង់ថា មានចិត្តបើកទូលាយប៉ុនណា សុខចិត្តត្រងត្រាប់ស្តាប់ពាក្យដាស់តឿនបានប៉ុនណា បុថុជ្ជនអ្នកនៅមានកិលេសមើលទៅដូចជាពិបាកបន្តិច ប៉ុន្តែ សម្រាប់លោកអ្នកដែលជាព្រះអរហន្តមិនមានបញ្ហាឡើយ
នៅសម័យមួយ ព្រះដ៏មានព្រះភាគជាម្ចាស់ប្រថាបនៅក្នុងវត្តបុព្វារាម ជាអារាមរបស់នាងវិសាខាមិគារមាតាក្បែរ ទីក្រុងសាវត្ថី មួយអន្លើដោយភិក្ខុសង្ឃជាច្រើនប្រមាណជា ៥០០ រូប សុទ្ធតែជាព្រះអរហន្តទាំងអស់ នៅសម័យ នោះទ្រង់មានភិក្ខុសង្ឃហែហម ប្រថាប់គង់នៅកណ្តាលវាលដើម្បីទ្រង់បវារណាក្នុងថ្ងៃឧបោសថតិថី ១៥ កើត
ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ត្រួតពិនិត្យមើលភិក្ខុសង្ឃដែលគង់នៅស្ងប់ស្ងៀម ទើបត្រាស់ហៅភិក្ខុទាំង ឡាយ ថា ម្នាលភិក្ខុទាំងឡាយ ! តថាគតសូមបវារណាចំពោះលោកទាំងឡាយ លោកទាំងឡាយមិនរិះគន់ ទង្វើណាមួយតាមផ្លូវកាយ ឬ វាចារបស់តថាគតខ្លះទេឬ? នៅពេលព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់យ៉ាងនេះ ព្រះគុណម្ចាស់សារីបុត្រក៏ក្រោកចេញពីអាសនៈ គ្រងចីពរឆៀងស្មា ប្រណមក្រពុំម្រាមដៃទៅកាន់ព្រះដ៏មានព្រះភាគជាម្ចាស់ដែលកំពុងប្រថាប់គង់ ក្រាបទូលថា បពិត្រព្រះអង្គទ្រង់ចម្រើន ! ពួកខ្ញុំព្រះអង្គរិះគន់ទង្វើណាមួយតាមផ្លូវកាយ ឬ វាចារបស់ព្រះអង្គមិនបានឡើយ ពីព្រោះព្រះអង្គទ្រង់ត្រួសត្រាយផ្លូវដែលមិនទាន់មានឲ្យមានឡើង ទ្រង់ត្រួសត្រាយផ្លូវដែលមិនទាន់កើតឲ្យកើតឡើង ទ្រង់ចង្អុលប្រាប់ផ្លូវដែល គ្មានអ្នកណាចង្អុលប្រាប់ ទ្រង់ស្គាល់ផ្លូវយ៉ាងច្បាស់លាស់ ទ្រង់ស្ទាត់ជំនាញក្នុងការប្រាប់ផ្លូវ ព្រះអង្គទ្រង់ចម្រើន !

Blame

ពួកសាវ័កនាំគ្នាដើរតាមផ្លូវដែលត្រួសត្រាយនោះមកខាងក្រោយ ឥឡូវនេះ ខ្ញុំព្រះអង្គសូមបវារណាចំពោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ព្រះអង្គមិនរិះគន់ទង្វើណាមួយតាមផ្លូវកាយ ឬ វាចារបស់ខ្ញុំព្រះអង្គខ្លះទេឬ?
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ថា សារីបុត្រ តថាគតរិះគន់ទង្វើណាមួយតាមផ្លូវកាយ ឬ វាចារបស់លោក មិនបានទេ លោកជាបណ្ឌិត មានបញ្ញាច្រើន ទូលំទូលាយ រីករាយ រហ័សរហួន ស្រួចស្រាល់ ទម្លាយកិលេស ព្រះរាជបុត្រច្បងរបស់សេ្តចចក្រពត្តិពង្វិលអាណាចក្រដែលព្រះរាជបិតាទ្រង់ឲ្យវិលទៅហើយ ឲ្យវិលត្រិលទៅ ដោយប្រពៃ យ៉ាងណាមិញ លោកក៏ពង្វិលធម្មចក្រដែលតថាគតឲ្យវិលទៅហើយ ឲ្យវិលត្រិលទៅដោយប្រពៃ យ៉ាងនោះដែរ
ព្រះគុណម្ចាស់សារីបុត្រក្រាបទូលម្តងទៀតថា បពិត្រព្រះអង្គទ្រង់ចម្រើន ! បើព្រះអង្គមិនរិះគន់ទង្វើណាមួយ តាមផ្លូវកាយ ឬ វាចារបស់ខ្ញុំព្រះអង្គទេ ចុះព្រះអង្គមិនរិះគន់ទង្វើណាមួយតាមផ្លូវកាយ ឬ វាចារបស់ភិក្ខុ 500 រូប ទាំងនេះខ្លះទេឬ?
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ថា សារីបុត្រ តថាគតមិនរិះគន់ទង្វើណាមួយតាមផ្លូវកាយ ឬ វាចារបស់ភិក្ខុ ទាំង ៥០០ រូបនេះទេ ពីព្រោះបណ្តាភិក្ខុទាំង ៥០០ រូបនេះ ភិក្ខុ ៦០ រូប បានវិជ្ជា ៦, ៦០ រូបទៀត បានអភិញ្ញា ៦, ៦០ រូបទៀបានឧភតោភាគវិមុត្តិ ឯនៅសល់បានបញ្ញាវិមុត្តិ

 

blame2
ធម្មជាតិរបស់ក្រសែភ្នែកមនុស្សច្រើនតែបាញ់ចេញទៅខាងមុខ មិនដែលបាញ់ឡងមកមើលខ្លួនឯងទេ កាលបើចោលក្រសែភ្នែកចេញទៅមុខ អ្វីទាំងពួងក៏ហៀរហូរចូលមកាន់គន្លងភ្នែក មនុស្សទើបមើលឃើញតែ អ្វីៗដែលនៅខាងក្រៅខ្លួន មើលមិនឃើញអ្វីៗដែលនៅខាងក្នុងខ្លួនម្តងណាឡើយ ព្រោះហេតុនេះបានជា មនុស្សចេះតែមើលឃើញចំណុចខ្វះចន្លោះរបស់អ្នកដទៃច្រើនជាងចំណុចខ្វះចន្លោះរបស់ខ្លួនឯង មនុស្ស ភាគច្រើនចូលចិត្តរិះគន់តែអ្នកដទៃច្រើនជាងរិះគន់ខ្លួនឯង ចង់កែលម្អអ្នកដទៃច្រើនជាចង់កែលម្អខ្លួនឯង
សម្រាប់ជនជាបណ្ឌិតចូលចិត្តហាត់ពត់លត់ដំខ្លួនឯង ចូលចិត្តសង្កេតមើលចំណុចខ្វះចន្លោះរបស់ខ្លួនឯង នៅពេលមើលមិនឃើញចំណុចខ្វះចន្លោះរបស់ខ្លួនឯងក៏សួរអ្នកដទៃ ឲ្យជួយជាកញ្ចក់ឆ្លុះមើលឲ្យ ទាំងត្រេកអរ ទទួលស្តាប់ពាក្យដាស់តឿនរបស់អ្នកដទៃដើម្បីយកទៅកែលម្អឲ្យប្រសើរឡើង

blame3
ព្រោះហេតុនេះព្រះពុទ្ធសាសនាទើបមានប្រពៃណីសំខាន់មួយ ភិក្ខុទាំងឡាយទាំងអាយុច្រើនទាំងអាយុតិច កាលបើនៅចាំវស្សាគ្រប់ 3 ខែរហូតដល់ថ្ងៃបវារណាចេញវស្សា ក្នុងថ្ងៃបវារណាចេញវស្សានោះ ភិក្ខុនីមួយៗត្រូវបើកឱកាសឲ្យភិក្ខុដទៃដាស់តឿនក្រើនរំលឹកបានដោយមិនបាច់ក្រែងរអែងចិត្ត ការធ្វើដូច្នេះក៏ ដើម្បីនឹងយកចំណុចខ្វះចន្លោះនោះទៅកែតម្រូវហ្នឹងឯង ចំពោះរឿងនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់ធ្វើជាគំរូយ៉ាង ប្រសើរដែលឆ្លុះបញ្ចាំងឲ្យឃើញភាពជាអ្នកដឹកនាំដែលបើកឱកាសឲ្យអ្នកតូចនិយាយដាស់តឿនបាន និង មិនចំពោះតែក្នុងថ្ងៃបវារណាចេញវស្សាប៉ុណ្ណោះទេ ព្រះអង្គបើកឱកាសឲ្យដាស់តឿនបានគ្រប់ពេលវេលា ត្បិតថា ព្រះអង្គទ្រង់គង់នៅក្នុងទីស្រឡះ មិនបិទបាំងអ្វីទាំងអស់ គ្មានកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហេតុនេះបានជាព្រះអង្គមិនខ្លាចញញើតចំពោះពាក្យរិះគន់ណាៗទាំងអស់ បើកឱកាសឲ្យត្រួតពិនិត្យបាន ជានិច្ច ផ្សេងពីមនុស្សទូទៅដែលច្រើនតែបិទបាំងខ្លួន និង លាក់ការសម្ងាត់ បិទបាំងបាបកម្ម ទើបមិនហ៊ាន បើកឱកាសឲ្យអ្នកដទៃដាស់តឿនក្រើនរំលឹក ខ្លាចក្រែងគេដឹងការសម្ងាត់ និង បាបកម្មរបស់ខ្លួន
ព្រះពុទ្ធជាម្ចាស់ទ្រង់គ្រប់គ្រងសាវ័កដោយរបបប្រជាធិបតេយ្យ ឲ្យសាវ័កមានសិទ្ធិស្មើគ្នាក្នុងការដាស់តឿន គ្នាទៅវិញទៅមក ព្រះពុទ្ធសាសនាចាត់ជាលទ្ធិប្រជាធិបតេយ្យចាស់ទុំបំផុតដែលមិនធ្លាប់មានមកក្នុងលោកក៏អាចនឹងថាបាន ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.