បានសុខលើគំនរទុក្ខអ្នកដទៃ

labor

         បរទុក្ខូបធានេន                  យោ អត្តនោ សុខមិច្ឆតិ
      វេរសំសគ្គសំសដ្ឋោ               វេរា សោ បរិមុច្ចតិ ។

ជនណាត្រូវការសេចក្តីសុខដល់ខ្លួនដោយការធ្វើទុក្ខបុកម្នេញអ្នកដទៃ ជននោះឈ្មោះថា ជាប់ជំពាក់ពៀរ តែងមិនរួចផុតពីពៀរបាន ។
ការស្វែងរកសេចក្តីសុខឲ្យដល់ខ្លួនឯង ចាត់ជារឿងធម្មតារបស់មនុស្សគ្រប់គ្នា ពីព្រោះសេចក្តីសុខនោះត្រូវ ស្វែងរក ត្រូវធ្វើដោយខ្លួនឯង សេចក្តីសុខទើបកើតឡើងបាន ប៉ុន្តែការស្វែងរកសេចក្តីសុខឲ្យដល់ខ្លួនឯងនោះ គួរស្វែងរកដោយត្រឹមត្រូវតាមគន្លងធម៌ ដោយសុចរិតយុត្តិធម៌ មិនគួរស្វែងរកមកបានដោយការកេងប្រវ័ញ្ច អ្នកដទៃ ឬ បង្កទុក្ខលំបាកឲ្យអ្នកដទៃឡើយ ពោលគឺ មិនគួរជិះកអ្នកដទៃ ដើម្បីឲ្យខ្លួនឯងបានមកនូវអ្វីដែល ហៅថា សេចក្តីសុខនោះឡើយ សមដូចពាក្យចាស់ទុំពោលថាកុំធ្វើស្រែលើខ្នងមនុស្សនោះឯង ។

vio1
ការប្រកបមុខរបររកទទួលទានដើម្បីឲ្យបានមកនូវធនទ្រព្យក្តី ការឲ្យបានមកនូវតំណែងយសសក្តិក្តី ការធ្វើឲ្យ បានសម្រេចនូវអ្វីដែលខ្លួនប៉ងប្រាថ្នាក្តី បើជាការធ្វើទៅដោយសុចរិតយុត្តិធម៌ មិនបង្កទុក្ខទោសដល់អ្នកដទៃ មិនជាន់កគ្នាឯងបានមក តែងជារបស់ដែលគួរឲ្យសោមនស្សចិត្ត និង មិនក្តៅក្រហាយជាខាងក្រោយ ប៉ុន្តែ បើបានមកដោយការកេងប្រវ័ញ្ចអ្នកដទៃ ឬ ប្រើចំណុចបានប្រៀបរបស់ខ្លួនទោះជាផ្នែកកម្លាំកាយ កម្លាំងទ្រព្យ កម្លាំងសតិបញ្ញា ឬ កម្លាំងយសសក្តិទៅយកប្រៀបអ្នកដទៃដែលអន់ជាងខ្លួនលើគ្រប់វិស័យ ដោយប៉ុនប៉ង លទ្ធផលតែម្យ៉ាង គឺ ឲ្យខ្លួនសម្រេចជោគជ័យតែប៉ុណ្ណោះ ការធ្វើបែបនេះ ទោះជាបានផលឲ្យខ្លួនឯងបាន ទទួលជោគជ័យក៏មែនពិត ប៉ុន្តែឈ្មោះថាបានសាងពៀរទុកជាមួយនឹងអ្នកដទៃ កាលបើយកប្រៀបលើអ្នកដទៃ ឬ ធ្វើទុក្ខបុកម្នេញអ្នកដទៃជារឿយៗ ពៀរក៏កពូនធំឡើងជារឿយៗដែរ ពួកជនដែលខ្លួនបង្កទុក្ខលំបាក ឬ ធ្វើឲ្យ ក្តៅក្រហាយនោះនឹងស្វែងរកមធ្យោបាយសងសឹកបំផ្លាញវិញ ឬ បើគេមិនធ្វើ ពៀរនោះនឹងតាមបំផ្លាញ ធ្វើឲ្យ ខ្លួនក្តៅក្រហាយរងទុក្ខលំបាកជាខាងក្រោយមិនខាន ពីព្រោះពៀរនេះឯងចាត់ជាកម្មម្យ៉ាង ដែលហៅថា កម្មពៀរ គឺ បានទាំងកម្មបានទាំងពៀរ កាលបើក្លាយទៅជាកម្មពៀរហើយ ការដែលនឹងរួចផុតពីកម្មពៀរនោះ មិនអាចមានផ្លូវណាមួយទៅរួចឡើយ ព្រោះថាកម្មពៀរកាលបើបុគ្គលណាសាងហើយ តែងក្លាយជារបស់ បុគ្គលនោះជារៀងរហូតទៅដោយជៀសមិនផុត។

vio2
សេចក្តីសុខ ឬ សមិទ្ធិផលដែលបានមកដោយការបង្កទុក្ខលំបាកឲ្យអ្នកដទៃ ឬ បានមកលើតំណក់ទឹកភ្នែក របស់អ្នកដទៃ ឬ ពាក្យប្រទេចផ្តាស្សារបស់បុគ្គលដែលខ្លួនទៅកេងប្រវ័ញ្ចនោះ តើអាចចាត់ជាសេចក្តីសុខស្អាតស្អំបានឬទេ? ព្រោះថាម្នាក់ៗក៏ត្រូវការសេចក្តីសុខ ប៉ុន្តែត្រឡប់ជាទៅយកប្រៀប សម្លុតគំហែងគេ ធ្វើបាបគេ ឬ ប្រើចន្លោះប្រហោងរបស់ច្បាប់ទៅរឹបអូសយករបស់គេមកដោយគេគ្មានផ្លូវតស៊ូ ទោះបីជាបានអ្វីដែលខ្លួនត្រូវការមកក៏ដោយ ក៏ប្រើប្រាស់របស់នោះទៅដោយមិនស្រួលចិត្តដែរ ព្រោះថា របស់នោះមានជាប់ជំពាក់ដោយកម្មពៀរ មិនយូរមិនឆាប់ក៏នឹងប្រែក្លាយទៅជារបស់អ្នកដទៃមួយជាន់ទៀត ព្រោះបានមកយ៉ាងណា ក៏ទៅវិញយ៉ាងនោះ នេះជាច្បាប់ធម្មជាតិរបស់កម្មពៀរ ។

vio3
បុគ្គលដែលលះបង់ ជួយស្រោចស្រង់ សង្គ្រោះអ្នកដទៃ ចែករំលែកសេចក្តីសុខឲ្យអ្នកដទៃ តែងបានទទួល សេចក្តីគោរពរាប់អានពីមនុស្សទូទៅប៉ុនណា មនុស្សដែលកេងប្រវ័ញ្ច និង បង្កទុក្ខលំបាកដល់អ្នកដទៃ ដើម្បី ប្រយោជន៍សុខផ្ទាល់ខ្លួន ក៏តែងទទួលបានសេចក្តីតិះដៀលរិះគន់ និង សេចក្តីស្អប់ខ្ពើមពីមនុស្សទូទៅប៉ុន ណោះដែរ ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.