ប្រវត្តិស្នេហារបស់លោកបណ្ឌិត កែម ឡី

ស្នេហាកែមឡី

លោកបណ្ឌិត កែម ឡី កាលនៅយុវវ័យបានរៀបរាប់ពីរឿងរ៉ាវទំនាក់ទំនងស្នេហាររវាងរូបលោក និងភរិយាឈ្មោះ ប៊ូ រចនា ប្រាប់លោក ជុន ច័ន្ទបុត្រ និងក្រុមគ្រួសារ ក្នុងពេលជួបគ្នាក្នុងពិធីទទួលទានបាយល្ងាចមួយជាលក្ខណៈគ្រួសារ ។

ខាងក្រោម នេះ ជាប្រវត្តិរឿងរ៉ាវស្នេហាសង្ខេបរបស់លោក កែម ឡី ដែលរៀបរាប់ដោយលោក ជុន ច័ន្ទបុត្រ ហើយសម្រេចដកស្រង់ផ្សាយជូនលោកអ្នកអានបានស្វែងយល់ ។

ថ្ងៃមួយ កំលោះ កែម ឡី មានបេសកកម្មធ្វើដំណើរតាមទូកទៅខេត្តក្រចេះ ប៉ុន្តែមុននឹងទៅដល់ខេត្តក្រចេះ ទូកត្រូវចូលចតនៅកំពង់ដជំនីកសិន ដើម្បីដាក់អ្នកដំណើរដែលត្រូវចុះនៅស្រុកនេះ និងទទួលអ្នកដំណើរថ្មីដែលត្រូវចេញពីជំនីកទៅក្រចេះ ។ នេះក៏ជាឱកាសល្អមួយសម្រាប់អ្នកដំណើរបានស្រស់ស្រូបអាហរ ព្រោះទម្លាំដល់ជំនីកថ្ងៃត្រង់ល្មម ។

wife01

គ្រាន់តែទូកចតដល់ មាត់ច្រាំងភ្លាម អ្នកលក់បាយកញ្ចប់ នំនែក និងចំណីអាហារដែលងាយកាន់បរិភោគនាំគ្នាសម្រុកចុះទូកប្រជែងគ្នា លក់ទំនិញរបស់ខ្លួន ។ ថ្វីដ្បិតតែកំលោះ កែម ឡី ចង់ទិញបាយដើម្បីបំពេញការស្រេកឃ្លានពេញមួយព្រឹកទៅហើយក្ដី ក៏លោកបែរជាទៅទាក់ចិត្តនឹងអ្នកលក់ពងទាស្ងោរជាងគេ ។ អ្នកលក់ពងទាស្ងារនោះមានទឹកមុខញញឹមញញែម ឫកពារម្យទម នាងមានសម្បុរស្រអែម សក់ស្លូតវែងប្រះស្មា ។ នាងហាក់ទើបឈានចូលដល់វ័យពេញរូបពេញរាង ដែលបង្ហាញនូវសម្រស់ដ៏ផូរផង់ពីធម្មជាតិរបស់នាង ។

កំលោះ កែម ឡី មិនអាចដកភ្នែកចេញពីសម្រស់ដ៏គ្មានពីររបស់ក្រមុំលក់ពងទាស្ងោរ នេះឡើយ ហើយក៏សម្រេចចិត្តហៅអ្នកលក់ពងទាស្ងោរមកទិញ តែបើទិញហើយឱ្យលុយភ្លាម លោកនឹងបាត់ឱកាសបានគយគន់ និងជជែកស្វែងយល់ពីនាង ។ លោកចាប់ផ្ដើមរើសពងទាស្ងោរផង និងជជែកពីនេះពីនោះផង ។ ធ្វើដំណើរតែម្នាក់ឯងសោះ តែលោករើសពងទាស្ងោរសឹងអស់ពីថាស រើសបានហើយ លោកក៏នៅមិនទាន់ឱ្យលុយនាងភ្លាមទេ គឺនៅសួរពីនេះពីនោះទៀត ។

wife03

នាង អៀនណាស់ ! នាងមិនត្រូវការសំណួរអីច្រើនពេកទេ បើទិញហើយឱ្យលុយមកដើម្បីនាងបានទៅលក់ទៀត តែនាងរក្សាការគួរសមរហូត ។

អ្នកដំណើរដែលត្រូវចុះនៅជំនីកក៏ ចុះអស់ ឯអ្នកឡើងថ្មីក៏ឡើងមកបំពេញ ។ អ្នកដំណើរដទៃទៀត ក៏បានទិញអាហារថ្ងៃត្រង់រៀងៗខ្លួន។ អ្នកលក់ទាំឡាយចុះពីទូកវិញអស់ហើយ នៅឡើយតែនាងក្រមុំលក់ពងទាស្ងោរ កំពុងរង់ចាំទទួលលុយពីម៉ូយកំលោះដែលហាក់ដូចជាកំពុងភ័ន្តភាំងមិន ព្រមដកលុយចេញរួចសងថ្លៃពងទានាងសោះ ។

ដោយគិតថា អ្នកលក់ចុះអស់ពីទូកហើយ អ្នកបើកបរទូកក៏ចាប់ផ្ដើមបើកចាកចេញពីច្រាំងទៅ ។ ប្រឈមមុខនឹងស្ថានភាពនេះ លែងនៅចង់បានលុយទៀតហើយ នាងប្រញាប់ប្រញាល់ស្ទុះសំដៅទ្វារចេញ រួចលោតចូលទឹកប្រូងហែលសំដៅទៅមាត់ច្រាំងវិញ ចោលថាសពងទា និងលុយដែលមិនទាន់ទារបាននៅឡើយ ។

មកទល់ពេលនេះ ទើបកំលោះ កែម ឡី ភ្ញាក់ខ្លួន ហើយស្ពាយក្រោយចំពោះការដែលបានបង្ទច់បង្អាក់ដំណើរនាងលក់ពងទារ ហូតដល់នាងលោតចោលថាស និងលុយ ។ លោកបន្តសម្លឹងមើលនាងហែលរហូតដល់ច្រាំងឡើងគោកវិញ ទើបលោកដកភ្នែកបាន ។ លោកបន្តដំណើរទៅខេត្តក្រចេះ ដោយនាំទាំងថាសពងទាស្ងោរ និងវប្បដិសារីទៅជាមួយផង ។

លោក កែម ឡី បំពេញការងារលើកនេះទាំងចិត្តវិលវល់នឹកភ្នកដល់នាងក្រមុំលក់ពងទា ស្ងោរនៅស្រុកក្រូចឆ្មារ មិនភ្លេចមួយវិនាទីណាឡើយ ។ ម្យ៉ាង គិតដល់កំហុសដែលបានធ្វើឱ្យនាងខកខានមិនបានចុះទូកទៅវិញបាន ត្រឹមត្រូវ ម្យ៉ាងស្តាយមិនបានសួរឈ្មោះ និងផ្ទះរបស់នាងដើម្បីបានយកថាស និងលុយទៅសងនាងវិញ ។ បួនប្រាំថ្ងៃក្រោយមក បន្ទាប់ពីកំលោះអ្នកស្រាវជ្រាវបញ្ហាសង្គមនេះបញ្ចប់ការងារនៅ ខេត្តក្រចេះ លោកក៏ធ្វើដំណើរតាមទូកត្រឡប់មកភ្នំពេញ កាត់តាមជំនីក ស្រុកក្រូចឆ្មារ ដដែល ។ កំលោះ កែម ឡី សង្ឃឹមថា នេះជាឱកាសមួយដែលលោកបានជួបនាងលក់ពងទាស្ងោរម្តងទៀត ដើម្បីបានប្រគល់ថាស និងសងលុយនាងវិញ ។

kemley10

គ្រាន់តែទូកចតចូល ច្រាំងភ្លាម លោកខំសម្លឹងរកនាង ។ អ្នកខ្លះប្រញាប់ប្រញាល់ប្រជែងគ្នាចុះទូក ។ កំលោះ កែម ឡី មិនចាប់អារម្មណ៍នឹងអ្នកណាទាំងអស់ ភ្នែកគាត់រំពៃរកមើលតែអ្នកលក់ពងទាស្ងោរដែលគាត់ជំពាក់ទាំងលុយ ជំពាក់ទាំងចិត្តតែប៉ុណ្ណោះ ។ អ្នកលក់ចុះមកអស់ហើយ ម្តេចឡើយបាត់តែនាងមិនឃើញមកលក់នឹងគេ ? តិចនាងអស់ចុងអស់ដើម ហើយរកទុនមកលក់លែងបាន ? តិចនាងត្រូវឪពុកម្តាយដាក់ទណ្ឌកម្មពីការលក់អស់ចុងអស់ដើម អស់ទាំងថាស ហើយលែងឱ្យមកលក់ទៀតទៅ ? ដួងចិត្តលោកច្របូកច្របល់ណាស់ ! សួរអ្នកលក់ដទៃទៀត ក៏គេហាក់មិនចាប់អារម្មណ៍នឹងសំណួររបស់លោកទេ ។ ម្នាក់ៗគេគិតតែពីខំលក់ទំនិញ នឹងអាលឆាប់បានចេញពីទូកវិញ ។ គ្មានអ្នកណាម្នាក់យល់ពីដួងចិត្តតក់ក្រហល់របស់លោកសោះ ។ អ្នកលក់ចេញពីទូកវិញម្តងមួយៗហើយ នៅតែរកនាងមិនឃើញនៅឡើយ ។ ទូកបញ្ឆេះម៉ាស៊ីនរៀបបន្តដំណើរទៅភ្នំពេញវិញ ។

kemley12

លោក កែម ឡី មិនអាចចាកចេញពីទីនេះដោយមិនបានសងលុយ និងថាស និងមិនបានសុំទោសនាងទេ ។ ទីបំផុត លោកសម្រេចចិត្តថា ត្រូវតែចុះនៅទីនេះសិន ដើម្បីស្វែងរកនាង ។ លោកបានសាកសួរគេឯង ។ នៅពេលដែលស្ងប់ពីការរវល់លក់ ទើបអ្នកលក់មានឱកាសស្តាប់សំណួររបស់កំលោះ កែម ឡី ។ គេបានប្រាប់លោកថា នាងមិនមានអ្នកណាធ្វើបាបធ្វើកម្ម ឬក៏ខាតចុងខាតដើមអ្វីទេ ។ ព្រឹកនេះនាងជាប់រៀន ទើបនាងខកខានមិនបានមកលក់ ។ បានឮដំណឹងនេះ កំលោះ កែម ឡី ក៏ស្ងប់អារម្មណ៍ណាស់ដែរ ។ លោកបានសួរដឹងពីផ្ទះរបស់ម្ចាស់ថាស រួចក៏ស្កាត់ទៅជួបអាណាព្យាបាលនាង ប្រគល់ទាំងថាស និងប្រាក់សំណងដល់ម្តាយនាង ។

ចាប់ពីពេលនោះមក លោកក៏នៅតែបន្តទំនាក់ទំនងរហូតដល់ចូលស្តីដណ្តឹងនាងជាភរិយារហូតមក ៕

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.