ផ្តើមរឿងលីលាវតី

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%82%e1%9f%a1

ឆ្ងាយពីជ្រោះភ្នំហិមាល័យទៅទិសទក្សិណនៃដែនដីភារតរដ្ឋ(ឥណ្ឌា)ប៉ែកទិសឧត្តរមានទីក្រុងមួយ ឈ្មោះថា គោរក្ខបុរៈ តអំពីក្រុងនេះទៅទិសពាយ័ព្យតាមផ្លូវអយស្ម័យយានក្នុងបល្លកញ្ចៈ មានចម្ងាយផ្លូវប្រមាណជា ៦ យោជន៍៍ ពួកបូជនីយេសក៍នឹងធ្វើដំណើរទៅដល់ច្រាំងស្ទឹងធំ អចិរវតី ដែលជាស្ទឹងធំ ១ ក្នុងចំណោមស្ទឹងទាំង ៥ គឺ មហានទីគង្គា មហានទីអចិរវតី មហានទីយមុនា មហានទីសរភូ និង មហានទីមហី ស្ទឹងធំដែលហៅតាមគម្ពីរថេរវាទថា មហានទីអចិរវតី នេះតែងផ្តល់ជំនោកជោកជាំដល់មធ្យមប្រទេស ប៉ុន្តែឥឡូវនេះនៅសល់តែដីខ្សាច់និងទឹកតិចតួចប៉ុណ្ណោះ ។

ឰដ៏ច្រាំងទិសទក្សិណនៃស្ទឹងនេះ យើងសង្កេតឃើញមានសំណាកបាក់បែកនៃក្រុងសាវត្ថីជារាជធានីនៃកោសលរដ្ឋដ៏ល្បីរន្ទឺក្នុងអតីតកាលដែលត្រូវបានរកឃើញដោយបុរាណវិទូបស្ចឹមប្រទេស ។
កាលពីពុទ្ធសករាជ ២៥៥០ ឆ្នាំប្លាយកន្លងមកហើយ ទីក្រុងសាវត្ថីនាសម័យនោះរុងរឿងថ្កុំថ្កើងណាស់ ក្រៅតែពីក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋចេញគ្មានក្រុងណាក្នុងមធ្យមប្រទេស ប្រៀបផ្ទឹមនឹងក្រុងសាវត្ថីបានឡើយ ចាប់តាំងពីជើងភ្នំហិមាល័យរហូតដល់ច្រាំងស្ទឹងគង្គា ចាត់ជាក្រុងល្អឯកជាងក្រុងដទៃទៀតក្នុងដែនដីជម្ពូទ្វីប ក្រុងពារាណសី សាកេតុ កបិលព័ស្តុ និង ក្រុងផ្សេងៗទៀតសុទ្ធតែស្ថិតនៅក្នុងខណ្ឌសីមា ឬ ជាក្រុងបរិវាររបស់សាវត្ថីទាំងអស់ ប្រៀបបីដូចជាហ្វូងតារាករក្នុងដែននភាល័យជាបរិវាររបស់ព្រះរជនីករដូច្នោះ ។
ក្នុងក្រុងសាវត្ថីនេះឯង ។

%e1%9e%9b%e1%9e%b8%e1%9e%9b%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b8%e1%9e%97%e1%9e%b6%e1%9e%821

ព្រះបរមសាស្តារបស់យើងបានទ្រង់ប្រថាប់នៅអស់រយៈពេល ២៥ ឆ្នាំ យូរជាងកន្លែងណាៗទាំងអស់ ។ ព្រះអង្គប្រថាប់នៅក្នុងវត្តជេតវ័នដែលអនាថបិណ្ឌិក សេដ្ឋីសាងថ្វាយអស់រយៈពេល ១៩ ឆ្នាំ  និង ប្រថាប់នៅក្នុងវត្តបុព្វារាមដែលនាងវិសាខាមហាឧបាសិកាសាងថ្វាយអស់រយៈពេល ៦ ឆ្នាំ ។

ព្រះអង្គទ្រង់បានអាស្រ័យទីក្រុងសាវត្ថីនេះជាទីប្រកាសផ្លូវបរមសុខដ៏ប្រសើរដល់អស់វេនេយ្យសត្វច្រើនរាប់ពុំបានប្រមាណពុំត្រូវ ។

អ្នកក្រុងសាវត្ថីជាច្រើនដែលបដិបត្តិតាមសម្មាមគ្គ ដែលព្រះអង្គត្រាស់បង្រៀនប្រៀនប្រដៅបានចូលដល់សុគតិហើយ ។
ឥឡូវនេះ ក្រុងសាវត្ថីបានក្លាយជាក្រុងអតីតកាលទៅហើយ ប្រាសាទ រាជមន្ទីរ ខ្លោងទ្វារ កូដាគារ និង ទេវាល័យដែលធ្លាប់តែឈរបង្អួតរាងត្រដែតត្រដឹមស្កឹមស្កៃបានប្រែក្លាយជាគំនរឥដ្ឋ គំនរដីដ៏រកប្រយោជន៍គ្មានទៅហើយ ។

ទីក្រុងសាវត្ថីដែលធ្លាប់តែអ៊ឹកធឹកគគ្រឹកគគ្រេងដោយសម្លេងទាំង ៦ គឺ រនាត គងវង់ ស្រឡៃ សម្ភោរ ស្គរធំ និង ពិណ ហើយនិងមីរដេរដាសដោយសេដ្ឋីគ្រហបតី សមណៈព្រាហ្មណាចារ្យ ឈ្មួញដង្ខៅ ជនានុជនគ្រប់ស្រទាប់វណ្ណៈបានប្រែក្លាយទៅជាដងព្រៃដ៏ស្ងាត់ច្រងំ ជាទីសណ្ឋិតនៅនៃពួកព្រាយបិសាច និង សត្វព្រៃ សមដូចពុទ្ធតម្រាស់ថា យ៉ កិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មំ ប្រែថា ធម្មជាតណានីមួយ រមែងមានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះរមែងមានការរលត់ទៅវិញជាធម្មតា ពាក្យពេចន៍នេះ ជាអមតវាចារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។

ទីក្រុងសាវត្ថីបានកើតឡើងហើយក៏រលត់ទៅវិញតាមសភាពរបស់សង្ខារសមដូចពុទ្ធតម្រាស់មែន ប៉ុន្តែក្នុងអតីតកាល ក្រុងសាវត្ថីនេះជាប្រភពនៃធម្មនិទានផ្សេងៗក្នុងព្រះត្រៃបិដក អដ្ឋកថា ជាដើម

តទៅនេះ នឹងលើកយកតែសាច់រឿងខ្លះ ដើម្បីបន្ថែមចំណេះដឹងដល់អ្នកត្រូវការចេះដឹងច្រើនម្យ៉ាង និង ដើម្បីបន្ថែមបីតិប្រាមោទ្យដល់ អ្នកប្រាថ្នានឹងស្រាកស្រាលសម្រាលចិត្តដែលកើតចេញពីអត្ថរសនៃធម៌ក្នុងរឿងលីលាវតីនេះម្យ៉ាង

រឿងលីលាវតីនេះបានចុះផ្សាយនៅក្នុងវេបសាយព្រះពុទ្ធសាសនាខ្មែរត្រង់ធម្មនិទានតាំងពីឆ្នាំ ២០០៩ មកម្លេះ ហេតុនោះ ឥឡូវនេះ ខ្ញុំនឹងចម្លងយកស្នាដៃនោះមកចុះផ្សាយក្នុងវេបសាយបាលីខ្មែរវិញម្តងដើម្បីចែករំលែករឿងនេះឲ្យទូលំទូលាយថែមទៀត ។

ការចុះផ្សាយថ្មីនេះមានការកែតម្រូវពាក្យពេចន៍មួយចំនួនដែលខុសឆ្គង ហើយក៏អំពាវនាវឲ្យអ្នកអានដែលអានទៅហើយឃើញថាខុសឆ្គងពាក្យ ឃ្លា ឬ ប្រយោគត្រង់កន្លែងណាមួយ អាចវិចារនៅក្រោមអត្ថបទនោះ ៗ បាន ខ្ញុំនឹងកែតម្រូវពាក្យខុសនោះ ៗ និងសូមថ្លែងអំណរគុណដែលចូលរួមចំណែកកែតម្រូវដើម្បីប្រយោជន៍ដល់យើងទាំងអស់គ្នា ។

សម្រាប់អ្នកដែលត្រូវការអានតាំងពីដើមទីរហូតដល់ទីបញ្ចប់ សូមចូលទៅអាននៅវេបសាយព្រះពុទ្ធសាសនាខ្មែរត្រង់ធម្មនិទាននោះចុះ ឬ ត្រូវការអានភាសាថៃអាចរកជាវសៀវភៅទៅអានបានតាមរូបភាពដែលផូសផ្សាយជូនខាងលើ ។

 

loading…

125 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS