ពង្សាវតារយួន១១

yuanhist01

លុះអុងទើងកុងដឹងថា អុងឈាងស៊ឺមានជម្ងឺ ក៏ឡើងទៅសួរសុខទុក្ខអុងឈាងស៊ឺ ហើយយកថ្នាំកញ្ចប់ទៅជាមួយផង គ្រាន់តែចូលទៅដល់កន្លែងក្បែរខាងវាំងននដែលអុងឈាងស៊ឺសម្រាន្ត អុងឈាងស៊ឺក៏រួសរាយរាក់ទាក់ថា អុងទើងកុងមកសួរសុខទុក្ខខ្ញុំឬ អុងទើងកុងឆ្លើយថា ខ្ញុំដឹងថាអម្ចាស់ឈឺ ទើបចូលមកសួរសុខទុក្ខ ហើយយកថ្នាំមកឲ្យអម្ចាស់ពិសា ចង់ឲ្យសះស្បើយដោយឆាប់រហ័ស និយាយហើយក៏លូកដៃចាប់យកកញ្ចប់ថ្នាំហុចឲ្យអុងឈាងស៊ឺពិនិត្យមើល ហើយក៏ហៅចាប់ចៀវមកយកទៅស្ងោរ គ្រាន់តែឃើញថា បានចង្វាក់ក៏ស្រាយយកថ្នាំពុលដាក់ចូលទៅ ស្រិតទឹកថ្នាំចូលក្នុងពែងហើយក៏ហុចឲ្យអុងឈាងស៊ឺ ៗ ឃើញសេចក្តីពិតដូចយ៉ាងគិតស្មានទុកហើយក៏ទទួលយកពែងថ្នាំមក យកចង្កៀងល្ងជ្រមុជចុះទៅក៏ដិតដាមជាស្នាមខ្មៅ ទើបដឹងប្រាកដថាថ្នាំពុល ចាក់ចោលក្នុងកន្ថោរហើយក៏គោះកន្ថោរឡើងជាសញ្ញា អ្នកជំនិតបានឮហើយក៏ចេញមកជួយគ្នាចាប់អុងទើងកុងបានហើយយកទៅសម្លាប់ចោលនៅថ្ងៃនោះឯង ។

loading…

អុងឈាងស៊ឺទើបនិយាយថា ពួកចិនដែលជាបក្សពួករបស់អុងទើងកុងមិនអាចទុកបានទេ តោងតែចាប់យកទៅសម្លាប់ចោលទាំងអស់ ។

ចិនចែ ចិនឡេកជាឈ្មួញធំក្នុងក្រុងព្រៃនគរទើបចូលទៅតវ៉ានឹងអុងឈាងស៊ឺថា លោកឲ្យសម្លាប់ពួកចិនក្នុងក្រុងព្រៃនគរនោះ  តើពួកគេនឹងសុខចិត្តស្លាប់ឬ? ពួកគេប្រាកដជានឹងក្បត់ បះបោរប្រឆាំង ហើយពួកតៃសឺននឹងចូលមកវាយយកក្រុងព្រៃនគរវិញ សឹកខាងក្រៅមិនទាន់ស្ងប់ សឹកខាងក្នុងក៏កើតឡើងទៀតទ្វេដង សូមឲ្យលោកយកចិត្តពួកចិនទាំងនេះសិន ។

អុងឈាងស៊ឺយល់ស្រប ទើបឲ្យបញ្ឈប់ ។

ចំណេរកាលតមក ពួកតៃសឺនទើបចាត់មន្រ្តីយោធានាំកងទ័ពលើកមកតាមផ្លូវគោក ចូលមកវាយក្រុងព្រៃនគរ ។

អុងឈាងស៊ឺដឹងខ្លួនទើបប្រឹក្សាជាមួយបក្សពួកថា បើយើងច្បាំងតស៊ូជាមួយពួកតៃសឺន យើងនឹងត្រូវជួបកង្វល់ពីរ មិនអាចទុកចិត្តបានទេ បើធ្វើដំណើរទៅនៅខណៈជាប់ដៃច្បាំងតស៊ូ ពួកចិននឹងក្បត់ខាងក្រោយខ្នង នឹងពិបាកដកខ្លួន ហេតុនោះ យើងចាំបាច់ត្រូវភៀសខ្លួនទៅពឹងព្រះបារមីឯក្រុងបាងកកសិន ហើយសឹមគិតគូរកតាំងខ្លួនឯងជាថ្មី ព្រោះបើតស៊ូនៅពេលនេះ នឹងធ្លោយឱកាស ។

លុះប្រឹក្សាយោបល់យល់ព្រមគ្នាហើយក៏ចុះទូកភៀសខ្លួនតាមពាមទឹកស្មិថ័រ បរមកដល់កោះក្របីក៏ចូលចតនៅទីនោះ ពញាជលបុរី ព្រះរយ៉ង បានទៅជួបហើយបបួលឲ្យមកចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ។

ចប់កំណត់ហេតុពង្សាវតារយួនត្រឹមប៉ុណ្ណេះ

119 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS