ព្រះសង្ឃគួរតម្កល់ខ្លួនបែបណាលើផ្លូវនយោបាយ

2

តួនាទីព្រះសង្ឃមិនចំបាច់ត្រូវចូលបក្សនយោបាយឬបម្រើអំណាចអោយបុគ្គលណាទេ ផ្ទុយទៅវិញត្រូវឈរនៅកណ្ដាល ប្រកាន់យកសច្ចធម៌និងភាពត្រឹមត្រូវ ប៉ុន្តែមិនមែនសម្ងំនៅស្ងៀមដូចដែលមនុស្សភាគច្រើនយល់ឃើញនោះទេ ព្រោះការសម្ងំនៅស្ងៀមដោយមិនបញ្ចេញសកម្មភាពអ្វីនោះនឹងនំាប្រទេសជាតិឆ្ពោះទៅកាន់ហាយនភាពសាបសូន្យ។ ព្រះពុទ្ធសាសនា មិនមែន ទូន្មាន ប្រៀនប្រដៅ ឬ អប់រំមនុស្សអោយរស់នៅដោយមេត្តាធម៌រហូតដល់ស្លូត “សំាង” ដូចសត្វនោះទេ ។ ផ្ទុយទៅវិញ ព្រះសង្ឃគួរប្រព្រឹត្តខ្លួនជាគម្រូ តម្កល់ខ្លួនជាកណ្ដាលចំពោះបក្សនយោបាយ ដើម្បីឆ្លុះបញ្ចំាងនូវសច្ចធម៌និងភាពត្រឹមត្រូវដល់អ្នកនយោបាយ ប៉ុន្តែមិនមែនធ្វើជាអ្នកនយោបាយ ឬលេងនយោបាយទេ ។
ពាក្យថា “កណ្ដាល” មិនមែន “ទទឹង” ទេ ព្រោះប្រជាជនខ្មែរភាគច្រើន តែងនិយាយថា “ព្រះសង្ឃត្រូវតម្កល់ខ្លួនជាកណ្ដាល មិនលំអៀងចំពោះបក្សនយោបាយ មិនត្រូវនិយាយរឿងនយោបាយ មិនត្រូវដើរតួជាអ្នកនយោបាយ ឬលេងនយោបាយទេ ប៉ុន្តែគួរលះបង់ផ្លូវលោកិយ៍

3

កាលបួសជាសង្ឃហើយត្រូវផ្ដោតការរំលត់កិលេសតែម្យ៉ាងប៉ុណ្ណោះ ។ ការនិយាយដោយមិនដឹងដូច្ឆេះ វាផ្ទុយនឹងព្រះពុទ្ធសាសនាទំាងស្រុង ព្រោះភាពជាកណ្ដាល គឺ ធម៌ ដែលភាពត្រឹមត្រូវ ហៅថា “សច្ចសាកលនិយម” ។
ដូច្ឆេះ ភាពជាកណ្ដាល ឬផ្លូវកណ្ដាល ការតម្កល់ខ្លួនជាកណ្ដាល បានដល់ការធ្វើខ្លួនអោយស្ថិតនៅជាមួយនឹងធម៌ បានន័យថា ធម៌នៅជាមួយបក្ស បុគ្គលណា ព្រះសង្ឃត្រូវឈរនៅខាងបក្ស បុគ្គលនោះ ។ ភាពជាកណ្ដាលយ៉ាងនេះមិនចាត់ជាការចូលបក្សពួក (នយោបាយ) ទេ ហើយអ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះគឺ ភាពជាកណ្ដាលរបស់ព្រះសង្ឃដែលមនុស្សភាគច្រើនយល់នោះគឺ ការនៅស្ងៀមស្ងាត់  ។ ការពិត ការនៅស្ងៀមស្ងាត់យ៉ាងនេះ មិនហៅថា ការតម្កល់ខ្លួនជាកណ្ដាលទេ គួរហៅថា ការតម្កល់ខ្លួនជាទទឹងទៅវិញ ទើបត្រឹមត្រូវជាង ព្រោះធ្វើខ្លួនជាទទឹង រំាងខ្ទប់សេចក្ដីល្អ មិនអោយកើតឡើងក្នុងសង្គម នេះជាការគួរអោយសង្វេគចិត្ត និងព្រួយបារម្ភណាស់ ដែលសង្គមខ្មែរកាន់ព្រះពុទ្ធសាសនាមានផ្នត់គំនិត គិតរាក់កំភែលថា ការតម្កល់ខ្លួនជាកណ្ដាលគឺការនៅស្ងៀម ៗ មានចិត្តស្ងប់រម្ងាប់ ហើយព្យាយាមពង្រីកផ្នត់គំនិត ទស្សននិយមបែបល្ងង់ខ្លៅបែបនេះ អោយរីកសាយ ចម្រើនដុះដាល ពាសពេញ ទូទំាងប្រទេសកម្ពុជា ។
សួរថា: ហេតុអ្វី?
ចម្លើយ: ត្រូវបែរមកពិនិត្យមើលប្រព័ន្ធការសិក្សាអប់រំផ្នែកអាណាចក្រនិងពុទ្ធចក្ររបស់ប្រទេសកម្ពុជាយ៉ាងម៉េចបានជានំាគ្នាសិក្សារៀនសូត្រយូរទៅៗ បែរជាមានវិថីរស់នៅដោយមេត្តាធម៌ ស្លូតត្រង់ ស្ងៀមស្ងប់ខ្លំាងរហូតដល់ថ្នាក់ “សំាង” ដូចសត្វចិញ្ចឹមកាន់តែខ្លំាងឡើង ៗ ព្រះពុទ្ធសាសនា សាកលវិទ្យាល័យ សារពត៌មាន ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរ បានសាបព្រោះបណ្ដុះបណ្ដាលមនុស្សឲ្យស្រគត់ស្រគំស្ងៀមស្ងាត់  ស្ងប់រម្ងាប់ចិត្តបានល្អក៏ពិតមែន ក៏ប៉ុន្តែមិនមែនសាបព្រោះមិនឲ្យមានសេចក្ដីក្លាហានក្នុងការប្រឈមមុខ ប្រឆំាងនឹងភាពអយុត្តិធម៌ លុបបំបាត់អំពើអាក្រក់ឬកម្ចាត់មនុស្សអាក្រក់ចោលនោះទេ ក្រឡេកមើលវប្បធម៌សន្ទនារវាងគណបក្សនយោបាយ គឺ ប្រជាជនកម្ពុជា និងសង្គ្រោះជាតិ ក៏សុទ្ធសឹងតែពោរពេញទៅដោយល្បិចកិច្ចកល តំាងខ្លួនជាឆ្កែចចកក្នុងសង្គម អ្នកដឹកនំាមានអំណាច បក្សពួកនិយម ធ្វើខ្លួនហាក់ដូចជាកងចោរប្លន់ប្រទេស សម្លាប់អ្នកស្នេហាជាតិ បង្ហាញមុខយ៉ាងគឃ្លើន គ្មានច្បាប់ដោះស្រាយ រកយុត្តិធម៌ឡើយ នេះជារបបតិរច្ឆានដោយពិត

khmer_monk_13

សង្គមពោរពេញទៅដោយមនុស្សតម្កល់ខ្លួនជាកណ្ដាលដោយការនៅស្ងៀម ៗ មិនខុសអ្វីពីការបើកផ្លូវអោយប្រទេសជាតិដើរទៅកាន់ហាយនភាពដោយបរិបូរណ៍ពេញលេញនោះទេ ព្រោះសេចក្ដីស្ងប់ស្ងៀមប្រាសចាកបញ្ញាដូចសព្វថ្ងៃនេះ គឺជាសេចក្ដីសុខក្នុងស្មសាន ដែលជាទីកន្លែងសម្រាប់បញ្ចុះសាកសព មិនមែនជាសេចក្ដីសុខនៃអារ្យជនឡើយ ព្រោះថាការនៅស្ងៀម ៗបែបស្ងប់រម្ងាប់ចិត្តដែលកើតចេញពីមូលដ្ឋាននៃសេចក្ដីភ័យខ្លាចនោះ ក៏មិនខុសអ្វីពីការនៅស្ងៀមរបស់សត្វតោនៅតាមវត្តអារាមនោះទេ ។
ក្នុងសម័យពុទ្ធកាល ព្រះពុទ្ធជាម្ចាស់ទ្រង់ជាអ្នកប្រជាធិប្បតេយ្យ អ្នកសិទ្ធិមនុស្ស ទ្រង់ធ្វើការតស៊ូ លុបបំបាត់ពាក្យប្រៀនប្រដៅរឿងព្រះព្រហ្ម របបវណ្ណៈ ជាដើម ។ ពិសេសជាងនេះ ព្រះអង្គថែមទំាងបានសម្ដែងធម៌ដែលពាក់ព័ន្ធនឹងនយោបាយទុកជាច្រើនសន្ធឹកសន្ធាប់ ទ្រង់ហាមកងទ័ពរវាងរដ្ឋនានា មិនអោយប្រយុទ្ធគ្នា ព្រមទំាងត្រាស់ចង្អុលបង្ហាញអំពីវិស័យសេដ្ឋកិច្ចតាមផ្លូវកណ្ដាល(មជ្ឈិមា បដិបទា) ផ្ដោតទៅលើការបរិភោគ ការប្រើប្រាស់ដើម្បីរស់ជាជាងការបរិភោគការប្រើប្រាស់ដើម្បីភាពហ៊ឺហា រាយមាយដោយគ្មានទីបញ្ចប់ ។
សរុបសេចក្ដីមក ពាក្យដែលនិយាយថា ព្រះសង្ឃមិនគួរពាក់ព័ន្ធនឹងនយោបាយអ្វីទំាងអស់នោះ មិនត្រឹមត្រូវទេ ព្រោះសេចក្ដីពិតតាមគោលព្រះពុទ្ធសាសនា ព្រះសង្ឃគួរឆ្លុះបញ្ចំាង ឬ ផ្ដល់ធម៌ដល់អ្នកនយោបាយ ប៉ុន្តែមិនលេងនយោបាយទេ ត្រូវធ្វើខ្លួនជាគម្រូ តម្កល់ខ្លួនជាកណ្ដាលដោយការឈរនៅខាងធម៌ ពោលគឺធម៌មាននៅទីកន្លែងណា ត្រូវឈរនៅទីកន្លែងនោះ ៕

ដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ

191 total views, 12 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.