មារជ្រែក

Obstacle

នៅខណៈពេលដែលបុគ្គលមួយកំពុងធ្វើអំពើល្អ ប៉ងសាងប្រយោជន៍ ច្រើនតែមានមនុស្សមួយប្រភេទទៀត ទ្រាំមិនបាន ច្រណែនឫស្យារកផ្លូវបន្ទច់បង្អាក់ ចាំបញ្ឈឺឌឺដង ចាក់ចុចអុជអាល ព្យាយាមបញ្ឆោតថាជារឿងឥតបានការអសារប្រយោជន៍ មិនគួរធ្វើឡើយ បើឃើញគេឈប់ធ្វើអំពើល្អ ក៏ញញឹមញញែមរីករាយ ប៉ុន្តែបើឃើញគេនៅ តែធ្វើអំពើល្អដដែល ក៏ថ្នាំងថ្នាក់រអាក់ចិត្ត មនុស្សប្រភេទនេះលោកហៅថា មារ

មារមាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ជាពិសេស នៅពេលដែលអ្នកដទៃធ្វើអំពើល្អ មារក៏ក្តៅក្រហាយចិត្តចេញមកប្រាកដតាមផ្លូវកាយ ឬ វាចា រកផ្លូវរារាំងបាំងខ្ទប់ ចាំសង្កេតមើលមនុស្សណាជាប្រភេទមនុស្សមារមិនពិបាកសង្កេតឡើយ ។
នៅសម័យមួយ ព្រះដ៏មានព្រះភាគជាម្ចាស់ប្រថាប់នៅក្នុងទីក្រុងសិលាវតី ដែនសក្កៈ សម័យនោះ ភិក្ខុជាច្រើនរូប មិនប្រមាទ មានសេចក្តីព្យាយាម ឧទ្ទិសកាយ និង ចិត្ត នៅក្បែរព្រះបរមសាស្តា ។
គ្រានោះ មារគម្រក់ ក្រឡាខ្លួនជាព្រាហ្មណ៍ ពាក់ជដាធំ ស្លៀកស្បែកខ្លា ជាមនុស្សចាស់ខ្នងកោង ដកដង្ហើមឮ គ្រូកគ្រាក កាន់ឈើច្រត់ធ្វើពីដើមល្វា ចូលទៅរកភិក្ខុទាំងនោះដល់ទីន្លែងហើយពោលថា” បព្វជិតទាំងឡាយ អើយ ! ពួកលោកជាអ្នកបួសនៅក្មេងល្ហក់ មានសក់ខ្មៅរលើប តាំងនៅក្នុងវ័យស្ទាវកំពុងចម្រើន ប៉ុន្តែត្រឡប់ជា មិនភ្លើតភ្លើនក្នុងកាមគុណទៅវិញ សូមពួកលោកបរិភោគកាមរបស់មនុស្សចុះ កុំលះបង់ចោលកាមដែលមាន នៅចំពោះមុខរត់ទៅរកកាមទិព្វ ដែលមាននៅតាមកាលឡើយ ” ។
ភិក្ខុទាំងនោះឆ្លើយតបថា “នែព្រាហ្មណ៍ ! ពួកអាត្មាមិនមែនលះបង់ចោលកាមដែលមាននៅចំពោះមុខរត់ទៅ រកកាមទិព្វដែលមាននៅតាមកាលទេ ប៉ុន្តែពួកអាត្មាលះបង់ចោលកាមទិព្វដែលមាននៅតាមកាលរត់មករក ព្រះធម៌ដែលមាននៅចំពោះមុខទេតើ នែព្រាហ្មណ៍ ព្រោះកាមទាំងឡាយដែលមាននៅតាមកាល ព្រះដ៏មាន ព្រះភាគត្រាស់ទុកថាមានទុក្ខច្រើន មានសេចក្តីថ្នាំងថ្នាក់ច្រើន ក្នុងកាមនេះមានទោសក្រៃលែង ឯព្រះធម៌នេះ ជាធម៌ដែលអ្នកបដិបត្តិគប្បីឃើញច្បាស់បានដោយខ្លួនឯង ជាធម៌ទំនើបទាន់សម័យ គួរឲ្យពិសោធសាកល្បង មើល គួរបង្អោនចូលមកក្នុងខ្លួន វិញ្ញូជនគប្បីដឹងបានចំពោះខ្លួន ” កាលបើភិក្ខុទាំងនោះពោលយ៉ាងនោះហើយ មារគម្រក់ក៏គ្រវីក្បាល លៀនអណ្តាត ធ្វើមុខជ្រួញ 3 ដង ច្រត់ឈើច្រត់ដើរចេញទៅ
ភិក្ខុទាំងនោះនាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគជាម្ចាស់ដល់ទីប្រថាប់ ថ្វាយបង្គំ គង់ត្រង់កន្លែងសមរម្យហើយ ទើបក្រាបទូលរឿងនោះឲ្យទ្រង់ជ្រាប

ob
ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ថា “ភិក្ខុទាំងឡាយ ! ហ្នឹងមិនមែនជាព្រាហ្មណ៍ទេ ជាមារគម្រក់ទេតើ មកបញ្ឆោតពួកលោកឲ្យយល់ទាសផ្តាស” ។
ផ្ទៃផែនដីនៅកន្លែងនីមួយៗបើមនុស្សមិនចូលទៅពង្រាបឲ្យរាបស្មើទេ ក៏សុទ្ធតែរដិបរដុប រគុបរគើល ខ្ពស់ទាប ផ្សេងៗគ្នាទៅ ប៉ុន្តែផ្ទៃផែនដីទាំងនោះត្រឡប់ទៅជាទស្សនីយភាពដ៏ស្រស់ស្អាតតាមធម្មជាតិទៅវិញ គួរឲ្យ គយគន់ គួរឲ្យទស្សនា ផ្សេងពីទីកន្លែងខ្លះដែលមនុស្សចូលទៅពង្រាបទាល់តែរលីងណិលត្រងិលត្រងោល មើលទៅដាច់ស្រយាលអន្លង់អន្លោច ។
ការបណ្តើរជីវិតរបស់យើងក៏ដូចគ្នា តើមានប៉ុន្មាននាក់ដែលបណ្តើរជីវិតរបស់ខ្លួនទៅលើវិថីជីវិតបានរាបស្មើ គ្មានឧបសគ្គរារាំង មិនមានជោរនាចនោះ ម្នាក់ៗប្រាកដជាពើបប្រទះឧបសគ្គរបស់ជីវិតមកទាំងអស់ មិនច្រើន ក៏តិច សម្រាប់អ្នកមានបញ្ញាមើលឃើញថាជាគ្រឿងសំលៀងបញ្ញាឲ្យមុតស្រាវ សម្រាប់អ្នកតស៊ូជីវិតមើល ឃើញថាជាគ្រឿងរុញច្រានជីវិតឲ្យរុលទៅមុខយ៉ាងមានរសជាតិ សមដូចពាក្យថា “បារមីចាស់ក្លា ព្រោះថា មានមារ” មារនិយាយដោយបរិយាយសំដៅដល់ ឧបសគ្គរារាំងហ្នឹងឯង វាជាចំណោទសាកល្បងកម្លាំង ឬ សតិបញ្ញារបស់មនុស្សថាតើយើងរឹងមាំប៉ុនណា ប្រឡងទៅរួច ឬ មិនរួច បើរឹងមាំ ក៏អាចទៅរួចបាន បើមិនរឹង មាំទេ ក៏មិនអាចទៅរួចឡើយ យើងតែងតែជួបមារជ្រែកជាដរាប ដែលធ្វើឲ្យងាករេដើរខុសគន្លងធម៌ បើទៅ ធ្វើបុណ្យដាក់ទានដល់ព្រះសង្ឃ មារក៏ជ្រែកថា “ឲ្យលោកអស់ទទេ ចូលបារល្អជាង” ឬ បើទៅបដិបត្តិធម៌ អង្គុយសមាធិ មារក៏ជ្រែកថា “ទៅអង្គុយសម្កុកម្ងៃៗបានអីខ្លះ” ទោះបីជាមារខំជ្រៀតជ្រែកយ៉ាងណា ក៏ចូរកុំ ញាប់ញ័រចំពោះការធ្វើអំពើល្អ ខំសាងអំពើល្អទៅជារឿយៗ ទីបំផុត មារច្បាស់ជាចាលចាញ់មិនខាន ។

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.