យុទ្ធនាការ ១០០ រាត្រី របស់លោកបណ្ឌិត កែម ឡី ត្រូវរលាយ

kemley_wipe_your_tears

យុទ្ធនាការ១០០ រាត្រី របស់លោក កែម ឡី ត្រូវរលាយ

១០០ រាត្រីមានបងប្អូនខ្លះ បានជេរខ្ទមអុកថា លក់ក្បាល ឬត្រូវគណបក្សកាន់អំណាចទិញក្បាលបានហើយ ប៉ុន្តែយើងចង់ប្រាប់ថា អ្នកដែលអាចទិញ ឬបញ្ជាយើងអោយទៅស្លាប់បាន មានតែមនុស្សម្នាក់គត់ នោះគឺ ម្ចាស់ប្រទេសនេះ, រាស្ត្រខ្មែរ។ ហើយម្យ៉ាងទស្សនៈជុំវិញការសម្លាប់ លោក កែម ឡី គឺ មិនមែនជាទស្សនៈខ្ទមអុកទេ តែជាទស្សនៈរបស់ស្មេរម្នាក់ គឺ រូបខ្ញុំ សូរ សមយុទ្ធ។ ហេតុអ្វី បានជាខ្ញុំហ៊ានអះអាងយ៉ាងដូចនេះ ខាងក្រោមនេះ ជាហេតុផលងាយៗ មួយចំនួន៖
ទី១. និយាយឲ្យត្រង់ចុះ ទោះជាមនុស្សលើលោកជេរមេទ័ពជំរុំទេវតា ថាលក់ជាតិ ក្បត់ជាតិ ។ល។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែមិនជឿដាច់ខាត់  មូលហេតុមិនជឿ ព្រោះខ្ញុំជឿថា ហ៊ុន សែន ជាខ្មែរ។

កែមឡីអាវ

១៩៧៩ រហូតដល់ឆ្នាំ ២០១៦ អ្វីដែលយើងមើលឃើញ គឺជាការបត់បែនយុទ្ធសាស្ត្រដើម្បីរំដោះប្រទេសចេញពីវៀតណាម ។ ប្រសិនបើមិនប្រើវិធីរបស់ ហ៊ុន សែន ប៉ុន្តែប្រើវិធីរបស់ ប៉ែន សុវណ្ណ និង ចាន់ សុី គឺ មិន ត្រឹមតែអាចជួយជាតិ ថែមទាំងស្លាប់ទាំងខ្លួនឯងទៅទៀត។ បើខ្លួនឯងជាប់ឈ្មោះថា វីរបុរសជាតិ តែជាតិរលាយបាត់ហើយ តើមានប្រយោជន៍អ្វី ។ ខ្មែរមិនសម្លាប់ខ្មែរទេ ។ ហ៊ុន សែន ជាខ្មែរ ដូច្នេះ ហ៊ុន សែន មិនសម្លាប់ខ្មែរទេ ។
ទី២. នៅក្នុងកម្លាំង ហ៊ុន សែន មាន “គេ” ដែលសូម្បីពេលខ្លះ ហ៊ុន សែន ខ្លួនឯងក៏ពិបាកទប់ទល់ដែរ ។ ចុះសួរថាបើ ហ៊ុន សែន ដឹងហើយ ហេតុអ្វីមិនកម្ចាត់កម្លាំងបង្កប់ចេញ ។ ដកអ្នកចាស់ “គេ” នឹងដាក់អ្នកថ្មីមកទៀត។ ដដែលជាដដែល ។ ដូច្នេះទុកអ្នកចាស់ដែលមានប្រពន្ធ មានកូន មានផ្ទះ មានញាតិ នឹងមានមនោសញ្ចេតនាខ្លះ នឹងទឹកដីនេះ ហើយងាយស្រួលគ្រប់គ្រង។ ប្រើផង គំរាមផង ។ ហ៊ុន សែន ចង់បានដៃគូនយោបាយមួយ ដែលទុកចិត្តដើម្បីធ្វើការងារនេះ ប៉ុន្តែដៃគូនយោបាយទាំងនេះ មិនយល់ចិត្តគ្នា ហ៊ុន សែន មិនយល់ចិត្ត សម រង្សី កឹម សុខា ហើយ កឹម សុខា សម រង្សី ក៏មិនយល់ចិត្ត ហ៊ុន សែន បើទោះបីពួកគេធ្វើនយោបាយជាមួយគ្នាជាង ២០ ឆ្នាំហើយក៏ដោយ ។
ទី៣. ហេតុអ្វីបានទើបមកបាញ់សម្លាប់ កែម ឡី នៅពេលនេះ។

kemley_car

ផែនការយុទ្ធសាស្ត្រល្អ ត្រូវការពេលវេលាយុទ្ធសាស្ត្រល្អ ដើម្បីអនុវត្ត ។ ក្នុងចំនោមបញ្ញវន្តខ្មែរ មានតែ កែម ឡី ទេ ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងចំនោមមហាជននិងនិស្សិត ហើយដែលមានសក្គានុពលបង្កចលនាប្រឆាំងដ៏ខ្លាំងមួយ ដូច្នេះត្រូវកាត់ក្បាលពស់ ។ ប៉ុន្មានសប្តាហ៍មុន ប្រធានាធិបតី វៀតណាម មក គេនិយាយរឿងពីរ គឺ ការពារជនជាតិវៀតណាម និង បញ្ចប់រឿងព្រំដែន ។

ដូច្នេះយុទ្ធនាការ ១០០ រាត្រី គឺ ប៉ះពាល់ចំណុចសំខាន់ទាំងពីរនេះ ទើប ១០០ រាត្រី ក្លាយជារាត្រីចុងក្រោយរបស់លោក បណ្ឌិត កែម ឡី ។ តាំងពីថ្ងៃដំបូង ដែលគាត់បង្កើតយុទ្ធនាការ ខ្លួនខ្ញុំផ្ទាល់តែងតែប្រាប់គាត់ ថានេះជាជំហានអត្តឃាតខ្លួនឯង ប៉ុន្តែឧត្តមគតិបណ្ឌិត ម៉េចនឹងខ្លាចញញឹតនឹងគ្រោះថ្នាក់ផ្ទាល់ខ្លួន ជាជាងស្លាប់ជាតិនោះ ។ សម្លាប់ កែម ឡី អាចធ្វើកម្ពុជាក្រឡាប់ចាក់បាន ។ តើអ្នកណាចំនេញជាងគេបំផុត?

kemley_death_news
ទី៤. យុទ្ធនាការ ១០០ រាត្រី ចុះតាមភូមិជាប់ព្រំដែន ធ្វើស្ថិតិជនអន្តោប្រវេសន៍វៀតណាម ធ្វើប្រជាសាស្ត្រ មើលប្រវត្តិភូមិសាស្ត្រថា វៀតណាមចូលមករស់នៅពេលណា លើសពីនេះក៏ពិនិត្យមើលបន្ទាត់ភូមិសាស្ត្រជាក់ស្តែងតាមព្រំដែន ព្រមទាំងកំណត់ចងក្រងឯកសារស្តីពីកោះទាំង ៦៤ របស់ខ្មែរ បន្ទាប់មក នឹងបោះពុម្ភរបាយការណ៍នេះ ។ ថាមើល តើពេលរបាយការណ៍នេះចេញ តើអ្នកណាប៉ះពាល់ជាងគេ គឺ មិនមែន ហ៊ុន សែន ទេ ប៉ុន្តែ គឺ ប៉ះពាល់ដល់វៀតណាមយ៉ាងធ្ងនធ្ងរ ពីព្រោះយើងលាតត្រដាងផែនការឥណ្ឌូចិនថ្មីរបស់គេ ។ ប្រធានាធិបតីគេមក អោយយើងចាត់ការ តែខ្មែរមិនសម្លាប់ខ្មែរទេ ដូច្នេះគេប្រើកម្លាំងបង្កប់ និងចារកម្មរបស់គេ ដើម្បីអនុវត្តការងារដោយផ្ទាល់ ។ ហេតុអីត្រូវធ្វើពេលនេះ ព្រោះរបាយការណ៍ Global Witness ទើបចេញ ហើយ កែម ឡី ទើបធ្វើអត្ថាធិប្បាយរឿងនេះ តាមវិទ្យុ ដូច្នេះបើ កែម ឡី ស្លាប់ គឺ យើងទាំងអស់គ្នាច្បាស់ជាចោទលោក ហ៊ុន សែន ថាជាប់ពាក់ព័ន្ធ ។
ទី៥. វៀតណាម ចង់ប្រមាននិងធ្វើ ក. លោក ហ៊ុន សែន ពីព្រោះ លោក ហ៊ុន សែន និង គណបក្សប្រជាជន បានថ្លែងផ្ទាល់មាត់ និងចេញសេចក្តីថ្លែងការណ៍ ថ្លែងផ្ទាល់មាត់ពីរដង ហើយចេញសេចក្តីថ្លែងការណ៍មួយជាផ្លូវការពីគណបក្ស ។ កាសែតចិន គេបានយកចិត្តទុកដាក់ប្រមូលនូវមតិគាំទ្រពីបណ្តាប្រទេសក្នុង អាស៊ានផ្ញើទៅចិន ទាក់ទងនឹងសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តិកម្មអន្តរជាតិ លើបណ្តឹងរបស់ប្រទេសហ្វីលីពីន ចោទ ចិន ថារំលោភយកកោះរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង ព្រោះហ្វីលីពីនប្តឹងទៅឡាអេ អោយបកស្រាយច្បាប់សមុទ្រអន្តរជាតិ ថាតើអ្នកណាមានសិទ្ធិលើបណ្តាកោះ Scarborough Shoal ជិតប្រទេសហ្វីលីពីន ។

kemley_children
ទី៦. ពាក្យថា “បិទក្រោលសេះ” ដែលលោក ហ៊ុន សែន និយាយថ្ងៃនេះ ខ្ញុំយល់ថា ហ៊ុន សែន ចង់ជូនដំណឹងដល់កម្លាំងសន្តិសុខខ្មែរ ទប់ស្កាត់បង្រ្កាបកម្លាំងបង្កប់និងចារកម្មវៀតណាម មុនពេលពួកគេចេញពីក្រោល ធ្វើសកម្មភាពអុកឡុកសន្តិសុខផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ កាន់តែច្បាស់ មកពី លោក ហ៊ុន សែន ភ្ជាប់រឿងការបាញ់សម្លាប់ លោក កែម ឡី ទៅនឹងការបាញ់សម្លាប់ លោកឧកញ៉ា អឹង ម៉េងជឺ ដោយក្រុមរបស់ឧកញ៉ា ថោង សារ៉ាត កន្លងទៅ ។ កាលនោះ កម្ពុជាបើកយុទ្ធនាការចាប់ជនជាតិវៀតណាមបញ្ចូនទៅស្រុកគេវិញ ក៏ផ្ទះអំពើចោរកម្ម បាញ់ប្លន់ប្រដាប់អាវុធកក្រើកប្រទេសកម្ពុជា នោះហើយគឺ សេះ ដែលមានក្រោលនៅស្រុកខ្មែរ តែខ្សែញាក់ពីហាណូយ។ លោក ហ៊ុន សែន ថែមទាំងបានសួរខ្លួនឯងទៀតថា តើនេះជាការផ្ចាញ់ផ្ចាលលោកឬយ៉ាងណា នៅពេលដែល ខ្ញុំ (លោក ហ៊ុន សែន) កំពុងតែជជែកពីសន្តិភាព និងការរីកចម្រើន ។
ទី៧. ពេលលោក កែម ឡី ស្លាប់ ធ្វើអោយខ្មែរមួយក្រុមចោទថា គឺ លោក ហ៊ុន សែន អ្នកបញ្ជា ហើយពេលដែលលោក ហ៊ុន សែន ថា បើចង់ដឹងថា អ្នកណាអ្នកសម្លាប់ ត្រូវសួរថា តើអ្នកណាបានផលចំណេញពីការស្លាប់របស់លោក កែម ឡី ក៏ស្រាប់តែអ្នកគាំទ្របក្សប្រជាជនថា គឺមានអ្នកណាទៀត អ្នកដែលចំនេញ គឺ បក្សប្រឆាំង ហើយអ្នកខ្លះថែមទាំងចោទថា គឺ បក្សប្រឆាំងអ្នកសម្លាប់ កែម ឡី ហើយទម្លាក់កំហុសលើលោក ហ៊ុន សែន ។

ក្រុមគាំទ្រទាំងពីសុទ្ធតែយល់ខុស ។ កន្លែងនឹងហើយដែលថា “គេ” ប្រើនយោបាយបំបែកបំបាក់ ហើយយើងក៏ហែកជាតិយើងឲ្យគេដៃពីរ។ គ្មានអ្នកណាម្នាក់ចំនេញទេ ខាតទាំងអស់គ្នា ហើយជាតិនឹងស្លាប់ដោយសារទឹកចិត្តស្នេហាជាតិខ្វះការពិចារណារបស់យើង។ ខ្ញុំមិនព្យាយាមបង្វែរការចាប់អារម្មណ៍ ឬការទទួលខុសត្រូវពីគណបក្សប្រជាជនទៅវៀតណាមទេ ហើយក៏មិនការពារ លោក ហ៊ុន សែន ដែរ ប៉ុន្តែ ខ្ញុំគ្រាន់តែការពារជាតិខ្មែរ ហើយចង់អោយខ្មែរយល់អំពីនយោបាយដែលគេគូសបន្ទាត់អោយយើងវៃគ្នាស្អប់គ្នា ។ ហើយកុំភ្ជាប់ អ្នកទទួលខុសត្រុវលើករណីស្លាប់លោក កែម ឡី និងអ្នកស្លាប់ពីមុន ។ ករណីរបស់ កែម ឡី គឺជាករណីពិសេស ករណីដោយឡែក ដែលមើលពីយុទ្ធសាស្ត្រទាល់តែបក្សប្រជាជនឆ្កួត ទើបធ្វើបែបនេះ ។ សម្ពាធដែលលោក ហ៊ុន សែន ទទួលមួយរយៈចុងក្រោយនេះធ្ងន់ណាស់ទៅហើយពីអន្តរជាតិ និងមហាជនខ្មែរ មានរឿងអី ទៅបង្កើតភ្លើងបន្ថែម បើចង់បង្កើតព្រឹត្តិការណ៍ទៅសម្លាប់ព្រឹត្តិការណ៍ ក៏ត្រូវរើសរឿងល្អជាងនេះដែរ ពីព្រោះបើមិនអីចឹងទេតម្លៃបង់ខាត វាមិនស្មើនឹងផលចំនេញ ។

kemley_light
ទី៨. មួយរយៈចុងក្រោយ យើងបើកនយោបាយការបរទេសទៅរុស្សី ទៅឡាវ ទៅថៃ និងបណ្តាប្រទេសមួយចំនួនជាយុទ្ធសាស្ត្រ ស្របនឹងបន្ទាត់នយោបាយទីក្រុងប៉េកាំង ដែលធ្វើអោយវៀតណាម គេព្រួយបារម្ភថាយើងកំពុងជួយចិន យកឡាវ យកថៃ ។ល។ ដើម្បីហ៊ុំព័ទ្ធវៀតណាម ។ ធាតុមួយទៀតដែលយើងគួរយកមកមើល ក្នុងពេលធ្វើវិភាគករណីនេះ គឺ ហេតុអ្វីបានជាចិន លុបចោលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លី ឃឺជាង មកកាន់កម្ពុជានៅចុងខែសីហា ឆ្នាំ ២០១៦  ។ អាមេរិកកាំង អឺរ៉ុប ដាក់សម្ពាធកម្ពុជាខ្លាំង។ លោក ហ៊ុន សែន គាំទ្រជំហរចិនទាំងតុលាការមជ្ឈត្តិកម្មអន្តរជាតិ នៅក្រុងឡាអេ មិនទាន់ចេញសេចក្តីសម្រេច ។ អាមេរិកកាំង ជន ឃឺរី នឹងមកចុងខែសីហា ឆ្នាំ ២០១៦ ។ ចិនថាមកដែរ តែក្រោយមក លុបចោលវិញ ។ មកដើម្បីរឿងអ្វី។ ដើម្បីកម្ពុជា ឬមកស្ទាបស្ទង់ជំហរកម្ពុជា រឿងសមុទ្រចិន មុនពេលពួកគេឡើងទៅប្រជុំជំនួបកំពូលអាសុីពូពា៌ (East Asia Summit) នៅប្រទេសឡាវ ដែលជាប្រធានប្តូវេនរបស់អាស៊ាន។ ការវៃតម្លៃស្ថានការណ៍ក្នុងស្រុក ការបត់បែន និងទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាង មិនអាចមើលរំលងនូវជំហាន ឬរបត់ របស់បណ្តាប្រទេសអ្នកលេងនយោបាយការទូតក្នុងតំបន់ និងក្នុងពិភព លោកបានទេ (Diplomatic Key Players)។ រឿងជាតិយើង តូចតាច កុំខឹងគ្នា កុំគុំគួនគ្នា កុំស្អប់គ្នា កុំប្រជែងគ្នាស្លាប់រស់ ហើយដោះស្រាយទៅងាយៗទេ ។ រៀបចំផែនការជាតិ និងកម្លាំងជាតិ ដើម្បីទប់ទល់នឹងព្យុះនយោបាយមហាសមុទ្រប៉ាសុីហ្វិកវិញទើប (Pacific Political Tsunami) ចាំបាច់ជាង។ បត់មិនទាន់គេ គឺ ជាតិយើងងាប់ ។

kemleyclose
ទី៩. គ្រប់អ្នកនយោបាយណាក៏ដោយ មិនគួរបន្ថែមសាំងលើភ្លើងទេ ហើយក៏មិនគួរនិយាយពាក្យសំដីណាដែលនាំអោយខ្មែរបែកបាក់គ្នាដែរ។ តែផ្ទុយទៅវិញ គួរនិយាយពាក្យ និងប្រែក្លាយព្រឹត្តិការណ៍ ដូចករណី ការស្លាប់ របស់លោក កែម ឡី ទៅជាសាមគ្គីជាតិ ឯកភាពជាតិ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងបញ្ចប់ការឈឺចាប់របស់ជាតិ។ យល់ចិត្តគ្នា ហើយជួយគ្នាដោយស្មោះត្រង់ដើម្បីប្រឆាំងនឹង “គេ” ទន្ទឹមនឹងការប្រើប្រាស់នយោបាយសុចរិតដើម្បប្រជេញអំណាចគ្នាក្នុងប្រទេស។ បើជាតិងាប់បាត់ តើយកអំណាចមកធ្វើអី ។

ខ្ញុំនៅតែនិយាយពាក្យដដែលថា ពេលនេះស្ថានភាពនយោបាយតំបន់ គឺកាន់តែគ្រោះថ្នាក់ខ្លាំងណាស់ វាតម្រូវអោយយើងបញ្ចប់ជម្លោះនយោបាយក្នុងស្រុកអោយ បានកាន់តែឆាប់កាន់តែល្អ ដើម្បីសល់ពេលវេលាជាតិ នាំគ្នាត្រៀម និងចេញទៅធ្វើការងារខាងក្រៅ។ រៀបចំកិច្ចការក្នុងសិន មុនចេញវៃក្រៅ ។ ពាក្យសំដីបែកបាក់ខ្លះ បើសិនជា ឬបើទោះបីជាពិតក៏ដោយ បើនិយាយចេញមក ក៏គ្មានចំនេញអ្វីដល់ជាតិដែរ។

kemley_raisinghand

សូរ សមយុទ្ធ
ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ ខេត្តកំពង់ឆ្នាំង
បញ្ជាក់៖ ទស្សនៈផ្ទាល់ខ្លួន មិនឆ្លុះបញ្ចាំងទស្សនៈរបស់ “ខ្ទមអុក – សមាគមអ្នកយុទ្ធសាស្ត្រ” ឡើយ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.