រឿងកំប្លែងខ្លី : តូច តែ ធំ

តូច តែ ធំ (រឿងកំប្លែងខ្លី)

តូច ជាមិត្តភក្តិរបស់ធំ តាំងពីនៅតូច។ តែក្រោយមក តូច និងធំ បានបែកគ្នាមួយរយៈ ព្រោះតូចខ្វះថវិការៀនសូត្រ ឯធំ ត្រូវបានឪពុកម្តាយបញ្ជូនឲ្យមករៀននៅភ្នំពេញ រហូតក្លាយ ជា អភិបាលខេត្តមួយ។
ថ្ងៃមួយ ដោយសារអផ្សុកពេក ធំ បានទូរស័ព្ទ ទៅលេងតូច ដោយនិយាយពាក្យចំអន់លេងថា ម្តងនេះ ពេលគេមកលេងស្រុក គេនឹងធ្វើឲ្យតូចលូនក្រាប និងសំពះខ្លួនគេ ដូចតូច ធ្លាប់សំពះឪពុកម្តាយដែរ។ ភ្លាមនោះ តូចក៏តបវិញថា មិនអីទេធំអើយ គ្នាខ្លាចតែអ្វីៗ មិនដូចជាធំឯងគិត ។ ខ្លាចតែ គ្នាមិនលូនក្រាបសំពះឯង បែរជាឯងក្រាបសំពះគ្នាទៅវិញ។
ឮពាក្យនេះភ្លាម ធំ ដែលជាអភិបាលខេត្តថ្មី ក៏ខឹង ក្តៅត្រចៀកតូង ហើយនឹកក្នុងចិត្តថា ខែ ក្រោយនេះ នឹងនាំភរិយាទៅស្រុកកំណើត ធ្វើបុណ្យឲ្យអ៊ឹកធឹក និងចែកអំណោយដល់អ្នកភូមិ ដោយធ្វើយ៉ាងណា ឲ្យតូចនេះ នឹកស្ងើចសរសើរ និងលើកដៃសំពះដូចអ្នកភូមិផ្សេងទៀតដែរ។ គិតហើយ ធំក៏និយាយទៅកាន់តូចវិញថា មិនអីទេចឹង ឯងចាំតែមើលចុះ។
មួយខែក្រោយមក ធំក៏បានមកស្រុកកំណើត ដើម្បីរៀបចំពិធីបុណ្យបច្ច័យបួន។ នៅក្នុងពិធី បុណ្យ មានចាត់ចែង ការចែកអំណោយជូនជនចាស់ជរា និងជនក្រីក្រ ដោយឡែក តែតូច មិន ឃើញមកទទួលអំណោយនឹងគេឡើយ ទោះបីខ្លួនក្រីក្រក្តី។ ឃើញដូចនេះ ធំ នឹកក្នុងចិត្តថា តូច ពិតជាចិត្តធំមែន មិនព្រមទទួលអំណោយខ្លួន ហើយបានសួរទៅ តាអាចារ្យថា តា អាតូចវាទៅណា បានជាមិនឃើញវាមកទទួលអំណោយខ្ញុំចឹង?។ ឮធំ ជេរ តូចដូច្នេះ តាអាចារ្យបើកភ្នែកធំៗ ដោយការភ្ញាក់ផ្អើល តែឆ្លើយទៅធំវិញថា មិនទាន់ដល់ម៉ោងគេមក តែដល់ម៉ោង នឹងមកដល់ហើយ កុំបារម្ភអី។ និយាយចប់ តាអាចារ្យ ក៏បញ្ជាក់ ប្រាប់ទៅធំវិញថា អូហ៍ ច្រឡំ រឿងហ្នឹង បើក្មួយមិនទៅដោយផ្ទាល់ទេ តូចនឹងមិនមកទីនេះទេ។ ឮដូច្នេះ ធំកាន់តែខឹងខ្លាំង ហើយនឹងក្នុងចិត្តថា យឺស អាពួកម៉ាកថ្លើមយោល គ្រាន់តែប៉ុណ្ណឹង មកមកជួបអញ ហើយចង់ ឲ្យអញទៅជួបទៀត។ ចាំស៊ីផេះទៅអាឯង។ គិតហើយ ធំ និយាយទៅកាន់អាចារ្យដោយពាក្យ ទ្រគោះបោះបោកថា អញ្ចឹងវានៅណា? វាធ្វើអី ម៉េចក៏រឹកធំម៉្លេះ?។ តាអាចារ្យ បើកភ្នែកកាន់តែធំៗទៀត រួចនិយាយថា តូច គ្មានធ្វើការងារអីទេ តែបន្តិចទៀត គេនឹងមកដល់ហើយ ក្មួយ ចង់ជួបខ្លាំងណាស់ទៅឬ?។ ធំ ងក់ក្បាល ព្រោះត្រូវការ ឲ្យតូច មកលុតក្រាបចំពោះមុខគេ។
លុះថ្ងៃត្រង់ឡើង ការវេរចង្ហាន់ប្រគេនព្រះសង្ឃក៏មកដល់។ ព្រះសង្ឃជាច្រើន អង្គ បាននិមន្ត មក ចំណែក ឯងធំ និងភរិយា ក៏ចាប់ផ្តើម ប្រគេនស្លាដក់ដល់ព្រះសង្ឃ មួយអង្គស្លាដក់មួយៗ លុះមកដល់ព្រះសង្ឃក្រោយគេ ធំ និងភរិយា ដ៏ស្រស់ស្អាត ក៏លុតជង្គង់ថ្វាយបង្គំបីដង មុនពេលប្រគេនស្លាដក់នោះ។ ថ្វាយបង្គំហើយ ធំ ក៏ងើយមុខមើលព្រះភក្រ្តព្រះសង្ឃអង្គនោះ ព្រះសង្ឃអង្គនោះក៏ញញឹមតប រួចមានសង្ឃដិកាតិចៗថា ម៉េចហើយធំ? ជឿអាត្មាហើយឬនៅ ថា អាត្មាតូចមែនតែធំ។ អាត្មា ថាហើយថា ប្រយ័ត្ន មិនអាត្មាថ្វាយបង្គំ បែរមកថ្វាយបង្គំអាត្មាវិញ? ឥឡូវថាមែនៗ…។
ធំ ពេលឮសង្ឃដិកានេះ ក៏នឹកខ្មាសខ្លួនឯង មិនគួរមើលងាយមិត្តភក្តិ។ ការពិត ទោះយើងមានឋានៈធំប៉ុណ្ណា ក៏មិនគួរមើលងាយគេទេ។ ទោះយើងមិនគោរពមនុស្ស ក៏យើងគោរព ស្បង់ចីពរដែរ។ កុំថាឡើយចៅហ្វាយខេត្ត សូម្បីឧបនាយករដ្ឋមន្រ្តី ក៏ត្រូវតែថ្វាយបង្គំព្រះសង្ឃដែរ នេះហើយខ្លឹមសារ នៃពាក្យថា តូច តែធំ…

กราบพระ

ដោយអ្នកនិពន្ធ សំរែ

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.