រឿងកំប្លែងទី១៤ ឆ្នាំវកឆ្នាំស្វាមានឱកាសច្រើន

រឿងកំប្លែងទី១៤ ឆ្នាំវកឆ្នាំស្វាមានឱកាសច្រើន

ឆ្នាំនេះឆ្នាំវក ឆ្នាំស្វាមានឱកាសច្រើនឡើងតំណែងធំករណីស្វាប៉ាហ៊ី ហ្វឹកហាត់ រៀនក្បួនយុទ្ធសាស្រ្ត និង ធ្វើអ្វីៗបានសម្រេចស្របទៅតាមសាស្រ្តាចារ្យបង្ហាត់ស្វានៅសកលវិទ្យាល័យរាជសីហ៍ ។

ស្វាជាសត្វមានប្រយោជន៍បំផុត និងត្រូវរក្សាព្រៃឈើ សួនឧទ្យានជាតិ និងតំបន់អភិរក្សសត្វស្វាគ្រប់ប្រភេទ ។ ស្វាមានច្រើនប្រភេទដូចជា ស្វាក្រិស ស្វាខុល ស្វាខោ ស្វាព្រហ្មណ៍ ស្វាអង្កត់ និងជាពិសេសស្វាមួយប្រភេទមានប្រាជ្ញាដែលប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាផងដែរ ចូលចិត្តយកស្វាមកបង្ហាត់ណាស់ព្រោះស្វាខុសពីមនុស្សត្រង់ថានៅពេលហាត់ដល់កម្រិត សត្វស្វាធ្វើតាមគ្រូឬម្ចាស់គ្រប់ដប់ ។

តែមនុស្សតែងតែប្រៀបធៀបស្វាទៅជាមនុស្សខូច មនុស្សឱកាសនិយម ចូលចិត្តធ្វើគ្រប់យ៉ាងឲ្យតែបានតំណែងធំ ហើយធ្វើបាបអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ស្វាក្រិសបានលើកឡើងប្រាប់ស្វាខុលថា ខ្ញុំពេលជួបម្ចាស់ម្តងៗបើទោះមើលឃើញម្ចាស់ប្រព្រឹត្តអំពើពុករលួយក៏ដោយ ក៏ធ្វើមិនឃើញព្រោះខ្លាចអត់បានឡើងធំ និងមិនទទួលបានលាភពីមេ ឬម្ចាស់ ។ មានភ្នែកតែសុខចិត្តធ្វើមិនឃើញ ។

ចំណែកស្វាខុលបានអួតអាងដាក់ស្វាខោថាខ្ញុំបានឮពេញត្រចៀកថាមេខ្ញុំលក់អាគារឬភូមិដ្ឋាន និងបានចំណែកច្រើន តែខ្ញុំុសុខចិត្តបិទត្រចៀកធ្វើមិនដឹងមិនឮដោយសារតែគេឲ្យម្នាក់៥០០ដុល្លារ ទិញចេកឲ្យហូបដែរ ។
ទន្សោងគោព្រៃ តូចសុីតាមតូច ធំសុីតាមធំ សីុតាមតាមជើងភ្នំ ផឹកទឹកដងអូរទាំងអស់គ្នា ។

ស្វាខោបាននិយាយប្រាប់ស្វាព្រហ្មណ៍ដោយក្តីអស់សង្ឃឹមថា ធំក្លិនចំហាយសាយស្អុយចេញពីច្រកព្រំដែននានាតែសុខចិត្តបិទ ច្រមុះ និង ធ្វើមិនដឹងក្លិនឲ្យតែបានលុយប្រាក់លាភខ្លះៗគ្រាន់ចិញ្ចឹមខ្លួន និងគ្រួសារ ។

រីឯស្វាព្រហ្មណ៍វិញមានរូបរាងស្អាតបានលូកដៃស្ទាបទៅដឹងថាមានស្ថានភាពរឹង មិនងាយកែប្រែ និងមិនងាយផ្លាស់ប្តូរភាពឃោរឃៅនេះទេ តែស្វាព្រហ្មណ៍បែរជាប្រាប់ដល់ស្វាកណ្តូងថាមិនអ្វីទេ ទៅបន្តិចម្តងៗ និងនៅទន់ល្អទេ ។

កាយកប់ ត្រឡប់ពីសទៅខ្មៅដើម្បីចោទ ចាប់ សម្លាប់

ស្វាកណ្តូងបានហូបចំណីរស់ជាតិល្វីងក្នុងរបបនេះ តែបែរជាប្រាប់ស្វាអង្កត់ថាផ្អែម ល្អណាស់របបនេះ ។

ចំណែកស្វាអង្កត់មានប្រាជ្ញា ស្មារតីល្អ ឆ្លាតវៃ មានសមត្ថភាព និងគុណភាព តែធ្វើមិនខ្វល់ពីជនរងគ្រោះ ជនក្រីក្រ ចាស់ជរា កុមារកំព្រារាប់សែននាក់ និងជនពិការគ្រប់ប្រភេទទៅវិញ ។ ស្វាអង្កត់បែរជាប្រាប់គេឯងថា ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស ។ធ្វើមិនដឹង មិនឮទៅវិញ និងថែមទាំងថាវិញ្ញាណទាំងប្រាំមួយមិនបានប្រើទេ បើចង់រស់ស្រួលត្រូវធ្វើតែតាមមេទៅ ឬ ស្រេចតែលោកប្រធានសម្រេច ។

ស្វាទាំងប្រាំពីរបានលើកឡើងថា ពួកយើងបានត្រូវសាស្រ្តាចារ្យល្បីនៅសកលវិទ្យាល័យរាជសីបង្ហាត់ឡើងស្ទាត់ជំនាញហើយ យើងត្រូវតែលុត ក្រាបនៅលើវេទិកាសម្តែង ស្វាប៉ាហ៊ីទាំងនោះព្យាយាមរាំច្រៀងតាមចង្វាក់ភ្លេង ដែលគេបានរៀបចំឲ្យសម្ដែង តាមទីក្រុង ជនបទ និងហ៊ានសម្លាប់មនុស្សឲ្យតែម្ចាស់បញ្ជា។ ស្វាប៉ាហ៊ីបន្តថា យើងសុខចិត្តស្ថិតនៅក្រោមបាតជើងមនុស្សម្នាក់ ឲ្យតែបានត្រួតមនុស្សមួយនរគ។

លើសពីនេះទៅទៀត យើងត្រូវតែងាកចុះ ងាកឡើង ងើមចុះ ងើមឡើង ធ្វើមុខស្ញេញស្ញាញ តាមមេបញ្ជា និងខ្សែញាក់ ។

ឆ្នាំវក ឆ្នាំស្វា ពួកយើងមានឱកាសច្រើនក្នុងការទទួលតំណែងថ្មី ករណីធ្វើស្វាប៉ាហ៊ីបានសម្រេច។

មានក្រុមទន្សាយបានមកប្រាប់ពួកស្វាទាំងប្រាំពីរថា ពួកឯងគួរប្រើប្រាស់ការយល់ឃើញ វិញ្ញាណរបស់យើងទាំង៦ ឲ្យបានសមស្រប និងស្អាតស្អំបំផុត និងប្រើប្រាស់សមត្ថភាពខ្លួនឯងផ្ទាល់តាមរយៈការចូលរួម ជៀសជាងតាមបញ្ជាដែលមិនត្រឹមត្រូវ និងនាំឲ្យមហន្តរាយដល់សង្គមជាតិ និងពលរដ្ឋយើង។

ទន្សាយប្រាជ្ញាបានលើកឡើងបន្តថា យើងគ្រប់រូប ត្រូវរក្សានូវគុណតម្លៃ កេរ្តិ៏ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងមានសេចក្តីក្លាហានហ៊ានប្រឈមបញ្ហាគ្រប់បែបយ៉ាង ក៏មិនត្រូវធ្វើស្វាប៉ាហីដែរ ។

សូមបន្តតាមដានរឿងកំប្លែងទី១៥ បន្តទៀត និង រហូតដល់៩៩រឿង

kemley14

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.